វិភាគៈអាស៊ាន ចិនឆ្ពោះទៅមុខមួយជំហ៊ានទៀតក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់់ជ្រុងជ្រោយ

ដោយៈគង់សិរីជេស៊ីកា

ភ្នំពេញៈ ដំណើរកាន់តែឈានមករកភាពស្អិតរមួត ក្នុងសហគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍ បាននិងកំពុងលេចចេញជារូបរាង តាមរយៈការសម្រេចបាននូវភាពជាដៃគូយុទ្ឋ​សាស្រ្តគ្រប់ជ្រុងជ្រោយរវងាមហាយក្សចិន និងប្លុកអាស៊ាន។

ការប្រជែងផ្នែកភូមិសាស្រ្តនយោបាយ កាន់តែក្តៅគកុក និងផលប្រយោជន៍ចំពោះមុខ មេដឹកនាំអាស៊ានបានសម្រេចជាឯកច្ឆ័ន្ទ ដើម្បីប្រកៀកស្មាជាមួយប្រទេសចិន ក្នុងគោលដៅស្វែងរកវិបុលភាពរួមគ្នា។

ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធផលសំខាន់ៗ នៅក្នុងគ្រប់វិស័យនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ជាង ៣០ឆ្នាំកន្លងមកនេះ ចាប់តាំងពីឆ្នាំ១៩៩១ មក។

ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោ​យដោយការទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនងដែលប្រកប ដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក នឹងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់”។

ប្រធានាធិបតីចិនដ៏មានឥទ្ឋិពល លោកស៊ី ជីនពីងបានដាក់សំណើដែលមានប្រាំចំណុច ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន រួមមាន ទី១ កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេច ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិ​បត្តិការនៅក្នុងវិស័យការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។

ទីកសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិនដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកប​ដោយប្រសិទ្ធភាព ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ ទី កសាងផ្ទះមួយដែលមានវិបុលភាពជាមួយគ្នា ខណៈចិន នឹងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់១,៥ ប៊ីលានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញ ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។

ទីកសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ និងទី កសាងផ្ទះមួយដែលប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង។

សម្រាប់បញ្ហាសន្តិសុខ-នយោបាយ ថ្នាក់ដឹកនាំអាស៊ាន-ចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះពហុភាគីនិយម និងការថែរក្សាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ដែលបើកចំហ និងប្រកបដោយបរិយាប័ន្ន។

អាស៊ានបានសម្តែងការកោតសរសើរចំពោះចិន ដែលបានគាំទ្រដល់មជ្ឈភាព អាស៊ាន និងតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត ដើម្បីឆ្លើយតបទៅនឹងការប្រឈមរបស់តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាក់ព័ន្ធនានា ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (AOIP) ដើម្បីអភិវឌ្ឍជំនឿទុកចិត្តជាយុទ្ធសាស្រ្ត ដែលបានលើកកម្ពស់រួច និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅក្នុងចំណោមប្រទេសនានានៅក្នុងតំបន់។

នៅក្នុងការដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្រោយជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង រួមទាំងតាមរយៈការគាំទ្រក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) ផងដែរ។ ថ្នាក់ដឹកនាំបានចែករំលែកទស្សនៈដែលថា ការផ្ដល់សច្ចាប័ន និងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឱ្យបានឆាប់រហ័ស នឹងពន្លឿនដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

ថ្នាក់ដឹកនាំអាស៊ាន និងចិន ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ភាពជាដៃគូ អាស៊ាន-ចិន ដល់កម្រិតថ្មី តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុង វិស័យនានា ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់សន្តិភាព សន្តិសុខ វិបុលភាព និងនិរន្តរភាព”។

ក្នុងចំណោមវិស័យផ្សេងៗទៀត ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើកិច្ចសហការគ្នា ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក សន្តិសុខអ៊ីនធឺណិតនិងទិន្នន័យ ភាពជាដៃគូកាន់តែជិតស្និទ្ធក្នុងវិស័យវិទ្យាសាស្ត្រ ការអភិវឌ្ឍបច្ចេក- វិទ្យានិងនវានុវត្តន៍ បច្ចេកវិទ្យាថាមពលថ្មីនិងការវិនិយោគបៃតង ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះដែរ តបតាមការអញ្ជើញរបស់លោកស៊ី ជីនពីងដែលជាសហប្រធាននៃកិច្ចប្រជុំនេះ។ នៅក្នុងកិច្ចប្រជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចិនចំពោះការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ជាតិរបស់ខ្លួន ក្នុងការកសាងសង្គមមួយប្រកបដោយវិបុលភាពក្នុងកម្រិតមធ្យម និងវឌ្ឍនភាព ប្រកបដោយស្ថិរភាព ឆ្ពោះទៅរកគោលដៅសតវត្សរ៍ទីពីររបស់ខ្លួន។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្ម​របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធ្វើឱ្យមានភាពរស់រវើកឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងពិភពលោកទាំងមូល។ សម្តេចតេជោ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ លោក ស៉ី ជីនពីង ព្រោះថាគំនិតផ្តួចផ្តើមនេះ នឹងក្លាយជាការគាំទ្រដ៏សំខាន់មួយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច-សង្គម ក្រោយពីជំងឺកូវីដ-១៩ និងការលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។

សម្តេចតេជោ បានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។

ចំពោះវិស័យសេដ្ឋកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ចិន ឱ្យគាំទ្រដល់ការចាប់ផ្តើមឡើងវិញ នៃការធ្វើដំណើររវាងអាស៊ាន និងចិន ដើម្បីពង្រឹងនិងលើកកម្ពស់វិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការ ក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការបន្ស៊ីគ្នារវាងផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ សម្តេចតេជោបានលើកទឹកចិត្តដល់ភាគីទាំងពីរ អាស៊ាននិងចិន ឱ្យព្យាយាមទាញយកផលប្រយោជន៍ជាអតិបរមា ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងនាំមកនូវវិបុលភាព រួម ស្របតាមចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ២០៣០។

ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាប្រព័ន្ធពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដោះស្រាយរាល់បញ្ហាប្រឈមរួមនៅក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី ឈរលើស្មារតីជឿជាក់ និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រផងដែរចំពោះគំនិតផ្តួចផ្តើមដើម្បីអបអរសាទរខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) នៅឆ្នាំ២០២២៕

ផ្សារទំនើបធំមួយលើមហាវិថីសហព័ន្ឋរុស្ស៊ីគ្រោងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​​ផ្សារទំនើប​សិនជូរីផ្លាហ្សា​ ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី បាន​បញ្ចប់​ការសាងសង់​គ្រោង​អគារ​រួចរាល់​ហើយ ដោយ​គ្រោង​បើក​ដំណើរការ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។

គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​សិនជូរី ផ្លាហ្សា បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ២៧ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ លើ​ទីតាំង​ចាស់​នៃ​ផ្សារ​សិនជូរីផ្លាហ្សា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន JLECC និង​មាន​កម្ពស់ ៦ ​ជាន់​។ ជាន់​ផ្ទាល់​ដី គ្រោង​ប្រើប្រាស់​ជា​កន្លែង​លក់​ត្រី សាច់ បន្លែ ផ្លែឈើ​, ជាន់​ទី​ ១ កន្លែង​លក់ទំនិញ​ទូទៅ (​គ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ គ្រឿងអលង្ការ​), ជាន់ទី​ ២ ហាង​ប្រណីត កន្លែង​ថែរក្សា​សុខភាព និង​សម្ផស្ស​, ជាន់​ទី​ ៣ ភោជនីយដ្ឋាន ជាន់​ទី​ ៤, ៥ និង​ ៦ ជា​សណ្ឋាគារ​លំដាប់​ផ្កាយ ៤ ព្រមទាំង​មាន​សួនច្បារ​នៅ​ខាងលើ​ផងដែរ​។

អភិបាលរងរាជធានីភ្នំពេញ លោកននួន ផារ័ត្នបានមានប្រសាសន៍ក្នុងពិធី​ប្រកាស​បញ្ចប់​ជា​ស្ថាពរ​ការសាងសង់​ផ្នែក​គ្រឿង​បង្គុំ​សំណង់ ​នៃ​គម្រោង​សាងសង់​អគារ​ផ្សារ​ទំនើប​សិនជូរីផ្លាហ្សា កាលពីពេលថ្មីៗនេះថា នៅពេល​បើក​ឱ្យ​ដំណើរការ​ផ្សារ​ទំនើប​សិនជូរីផ្លាហ្សា​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយទៀត​ ដែល​ជួយ​លើកស្ទួយ​កិត្យា​នុភាព​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ធំៗ ​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ក៏ដូចជា​ការប្រកួត​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០២៣ ខាងមុខ​ផងដែរ​។

ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ចំណុចខ្លាំង​របស់​ផ្សារ​ទំនើប​សិនជូរីផ្លាហ្សា គឺ​ស្ថិតនៅ​ទីតាំង​មាន​មនុស្ស​រស់នៅ​ច្រើន និង​ជិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ជា​កន្លែង​មាន​ការធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​។ ដោយសារ​អគារ​ផ្សារទំនើប​នេះ​នឹងត្រូវ​ប្រើប្រាស់​ជា​លក្ខណៈ​ចម្រុះ​រាប់​ចាប់តាំងពី​កន្លែង​លក់​ម្ហូបអាហារ ហាង​ទំនើបៗ និង​សណ្ឋាគារ​នោះ ដូច្នេះ​ទីនោះ​នឹង​អាច​មាន​អតិថិជន​ច្រើន​ពេល​បើក​ដំណើរការ​។

អ្នកនាង​បន្តថា “​ជាមួយ​នឹង​សក្តានុពល​ទីតាំង ខ្ញុំ​គិតថា​ផ្សារ​ទំនើប​នេះ​អាច​នឹង​ឆាប់​ទទួល​ជោគជ័យ”៕

 

អង់គ្លេស គ្រោងសាងសង់ស្ពានឬផ្លូវក្រោមដីតម្លៃច្រើនពាន់លានដុល្លារដើម្បីតភ្ជាប់ស្កុតលែន ជាមួយអៀរឡង់ខាងជើង

ដោយៈសុខុម

អន្តរជាតិ: ប្រទេសអង់គ្លេស មានគម្រោងសាងសង់ស្ពាន ឬផ្លូវក្រោមដីដើម្បីតភ្ជាប់ស្កុតលែន (Scotland) ជាមួយអៀរឡង់ខាងជើង (Northern Ireland) ហើយគម្រោងនេះទទួលបានការគាំទ្រពេញទំហឹង ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២២ វិច្ឆិកា នេះ។

ទោះជាយ៉ាងណា ពេលនេះអនាគតនៃគម្រោងខ្នាតយក្សនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ដោយសារទំហំចំណាយច្រើនពេក ហើយមានបញ្ហាប្រឈមខ្លាំងផ្នែកវិស្វកម្ម។

កាសែត The Daily Telegraph បានចុះផ្សាយជាលើកដំបូងថា អ្នកជំនាញខាងវិស័យដឹកជញ្ជូនលោក Sir Peter Hendy ដែលរដ្ឋាភិបាល បានស្នើឱ្យជួយពិនិត្យមើលលទ្ធភាពគម្រោងតភ្ជាប់រវាងតំបន់ផ្សេងៗនៃប្រទេសអង់គ្លេស បានធ្វើការសន្និដ្ឋានថា គម្រោងនេះគឺមិនអាចទៅរួចឡើយនៅពេលបច្ចុប្បន្ន។

ប្រភពមួយចេញពីរដ្ឋាភិបាលបានទម្លាយឱ្យដឹងថា លោក Sir Peter Hendy បានពិនិត្យមើលខ្ទង់ចំណាយនៃគម្រោងស្ពាន ឬផ្លូវក្រោមដីនេះ ហើយបានរកឃើញថា”គម្រោ​ងនេះមានបញ្ហាប្រឈមខ្លាំង ផ្នែកបច្ចេកទេសនៅពេលនេះ”។

ប្រភពដដែលបានបន្ថែមទៀតថា “នេះមិនមែនបានន័យថា គម្រោងនេះនៅថ្ងៃអនាគត នឹងមិនអាចទៅរួចនោះឡើយ ប៉ុន្តែពេលនេះវាមានការលំបាកខ្លាំង ហើយខ្ទង់ចំណាយគឺច្រើនពេក”។

ក្រសួងដឹកជញ្ជូនរបស់អង់គ្លេស បានប្រាប់សារព័ត៌មាន BBC ថា “ពេលនេះយើងសុំមិនធ្វើអត្ថាធិប្បាយនោះទេជុំវិញការរំពឹងទុក ខណៈលទ្ធផលនៃការត្រួតពិនិត្យលើគម្រោងនេះនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ”។

អ្នកជំនាញខ្លះបានវាតម្លៃថា គម្រោងបែបនេះ នឹងត្រូវចំណាយអស់ប្រមាណ ២០ពាន់លានដុល្លារអាមេរិក ខណៈអ្នកផ្សេងទៀតនិយាយថា គម្រោងនេះនឹងត្រូវចំណាយអស់ប្រមាណ ២៧ពាន់លានដុល្លារអាមេរិកឯណោះ។

តាមពិតទៅ ផែនការតភ្ជាប់បែបនេះរវាងស្កុតលែន និងអៀរឡង់ខាងជើង មិនមែនទើបតែមានពេលនេះទេ ពោលគឺមានតាំងពីទសវត្សរ៍ឆ្នាំ១៨៩០ មកម៉្លេះ ប៉ុន្តែគ្រាន់តែមិនដែលបានចេញជារូបរាង៕ BBC ៕

ដំណឹងរីករាយៈកម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកយុវជនអាស៊ីនៅឆ្នាំ២០២៩ខាងមុខ

ដោយៈជេស៊ីកា

ភ្នំពេញៈ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបា​លរាជធានីភ្នំពេញ បានធ្វើការចុះហត្ថលេខាទទួលសិទ្ធធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ជាផ្លូវការហើយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងពីទីក្រុង Dubai ថា ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Hilton នាទីក្រុង Dubai ប្រទេសអារ៉ាប់រួម រវាងថ្នាក់ដឹកនាំប្រតិភូកីឡាកម្ពុជា ជាមួយប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដោយលោករដ្ឋមន្ដ្រី ថោង ខុន ក្នុងនាម NOCC បានចុះហត្ថលេខា ក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ ខណៈលោកឃួង ស្រេង បានចុះហត្ថលេខាក្នុងនាមម្ចាស់ផ្ទះ ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ។

លោកបន្ដថា “នេះគឺជាមោទនភាពរបស់កម្ពុជា ហើយមោទនភាពនេះ បានមកពីចក្ខុវិស័យ និងការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា មកចុះហត្ថលេខា និងទទួលសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។លោកបន្តថា វាក៏ជាសំណាងសម្រាប់យុវជនរបស់យើង និងប្រទេ​សយើង ដែលមានសមត្ថភាពស្មើមុខមាត់លើឆាកអន្ដរជាតិផងដែរ

ទន្ទឹមជាមួយគ្នា ថ្នាក់ដឹកនាំក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចលនាអូឡាំពិកអាស៊ីទាំង ៤៥ប្រទេស សុទ្ធតែបានសម្ដែងការអបអរសាទរ និងកោតសរសើរ ចំពោះសកម្មភាពនៃការអភិវឌ្ឍចលនាកីឡាក្នុងតំបន់ និងទ្វីបអាស៊ីរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានបណ្ដាប្រទេសជាច្រើន បានបើកភ្លើងខៀវជួយដល់កម្ពុជា ក្នុងការរៀបចំ និងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ី ៥ឆ្នាំម្ដងនេះទៀតផង។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបន្ថែមថា ដើម្បីលើកទឹកចិត្ដល់ប្រទេសកម្ពុជា ដែលបានខិតខំអភិវឌ្ឍវិស័យ​កីឡា ក៏ដូចជា ការត្រៀមធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានផ្ដល់នូវគម្រោងសាងសង់ មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum) មួយដល់កម្ពុជា សម្រាប់រក្សានូវសាវតារ និងស្នាដៃកីឡាជាតិ រួមទាំងសកម្ម​ភាពចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ៕

តើតំបន់ច្រករបៀងភាគខាងត្បូងមហាអនុតំបន់ទន្លេមេគង្គ ដែល ADB កំពុងផ្តោតនៅកម្ពុជាស្ថិតនៅចំណុចណាខ្លះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងផែនការអភិវឌ្ឍន៍រយៈពេលមធ្យមឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តោតសំខាន់ លើការអភិវឌ្ឍន៍នៅតាមច្រករបៀងភាគខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ។

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំខាងលើនេះធ្វើងលើន្គ ៍នៅតាមច្រករបៀងភាគខាងត្បមច្រករបៀងគាំទ្រដល់កំណើនសេដ្ឋកិច្ច នៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង នៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) ដែលរួមមានក្រុងបាវិត កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និង ប៉ោយប៉ែត គឺជាច្រកចូលទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ហើយទីក្រុងកំពង់ផែកំពតបានក្លាយជាគោលដៅទេសចរណ៍។

នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងនេះនឹងគាំទ្រដល់ការស្តារប្រឡាយ ដែលមានស្រាប់ និង ការ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និង កន្លែងចាក់សំរាម។ នៅក្រុង កំពតគម្រោងនេះនឹងពង្រីកបណ្តាញលូទឹកស្អុយ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការ ផ្តល់សេវាកម្មគ្រប់គ្រាន់។

គម្រោងនេះក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង ដែល កំពុងពឹងផ្អែកយ៉ាងខ្លាំង លើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិ ដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវនឹង រួមបញ្ចូលកំណែទម្រង់ពន្ធគយ ដើម្បីចំណាយលើប្រតិបត្តិការ និងការថែទាំទីក្រុង និងផែនការដើម្បីធានា បាននូវការផ្តល់សេវាប្រកប​ដោ​យប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យ ឯកជន។

គម្រោងថ្មីរបស់ADBនេះ នឹងត្រូវបានគាំទ្រដោយជំនួយបច្ចេកទេស ចំនួន២លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេក ទេសនេះនឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើ ឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដីក៏ដូចជាសមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។

ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការសម្របសម្រួលជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ។

ក្នុងគោលដៅជម្រុញការអភិវឌ្ឍន៍ដោយចីរភាព កាលពីសប្តាហ៍មុនធនាគារអភិ​វឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន៣នៅកម្ពុជា ធ្វើឱ្យប្រសើរនូវហេដ្ឋា រចនាសម្ព័ន្ធទីក្រុង និង បង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីពេលថ្មីៗនេះ។

សេចក្តីប្រកាសឱ្យដឹងថា គម្រោងវិនិយោគដើម្បីទីក្រុង ដែលអាចរស់នៅបាននេះ នឹងជួយប្រជាពលរដ្ឋជាង១៤ ម៉ឺននាក់នៅក្រុងបាវិត កំពត និងប៉ោយប៉ែត ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និងសំណល់រឹងបានល្អប្រសើរ។ វានឹងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យ ប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និង ប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។

លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន កំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដា​ប់ទីពីរ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឱ្យជីវភាពរស់ នៅកាន់តែពិបាក និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង”។

លោកស្រីបន្តថា គម្រោងនេះនឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអជ្ញាធរក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ៕

សិក្សាលើ៤ចំណុចសំខាន់ៗរបស់លោកដូណាល់ ត្រាំក្នុងការស្វែងរកទីតាំងអចលនទ្រព្យ

ដោយៈកុសមា

ភ្នំពេញៈ យោងតាមសៀវភៅ “វិថីអចលនទ្រព្យ” របស់លោកគាម សៀកឡុង បានអោយដឹងថា ចំនុចសំខាន់ៗចំនួន៤ របស់លោក ដូណាល់ត្រាំ ក្នុងការស្វែងរកទីតាំងដើម្បីធ្វើវិនិយោគអចលនទ្រព្យ។

អតីតប្រធានាធិបតីអាមេរិក និងជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យមួយរូប ដែលលោកគាម សៀកឡុងលើកយកមកចែករំលែកនូវចំណុចសំខាន់ៗចំនួន៤ រួមមានដូចជា៖

១ ទេសភាពស្អាត:
មានទេសភាពស្អាតអាចមើលឃើញទន្លេ សួនសាធារណៈ រឺតំបន់ទាក់ទាញ រឺអគារសំខាន់ៗជាច្រើនទៀតនៅក្នុងក្រុង។ សារៈសំខាន់នៃទេសភាព វាអាស្រ័យលើគោលបំនង នៃការប្រើប្រាស់អចលនទ្រព្យ ដែលយើងមានក្នុងចិត្ត ហើយគ្មានអ្នកណាម្នាក់ចង់រស់នៅ ជិតតំបន់ចាក់សំរាម រឺតំបន់អសន្តិសុខ ជិតវត្ត ជិតកន្លែងបូជាសព រឺមោងខ្មោចនោះទេ។

នៅទីក្រុងឡុងប៊ិចសហរដ្ឋអាមេរិក ដែលខ្ញុំបានទៅដល់ ផ្ទះដែលមានតម្លៃថ្លៃ ហើយជាតំបន់ដែលអ្នកមានធនធានច្រើនរស់នៅ គឺខាងមុខមានទឹក ខាងក្រោយមានភ្នំ គឺដូចនឹងហុងស៊ុយរបស់ជនជាតិចិនអញ្ចឹងដែរ។

២ កិត្យានុភាព
អគារ Trump Tower មួយនៅទីក្រុ New York គឺនៅជិតនឹងអាគារអង្គការសហប្រជាជាតិដ៏មានកិត្យានុភាព។
លោក ដូណាត្រាំ បានសាសង់អគារជារបស់គាត់នៅជិតនោះ ព្រោះគាត់ដឹងថារដ្ឋាភិបាលជាច្រើនចង់ទៅស្នាក់នៅអគារប្រណិតៗ នៅក្បែរទីតាំងអង្គការសហប្រជាជាតិសម្រាប់មន្ត្រីជាន់ខ្ពស់របស់ខ្លួន។

៣ តំបន់ដែលមានសក្កានុពលរីកចំរើន
តើតំបន់នេះ មានសក្ដានុពលរីកចម្រើនដែរឬទេ? តើតំបន់នេះមានស្ថេរភាពដែរឬទេ? កាន់តែប្រសើរឡើង រឺកាន់តែថមថយ? តើការវិនិយោគតាមទាន់ពេលវេលា ដែលផ្លាស់ប្ដូរដែរឬទេ? នេះជាសំណួរមួយចំនួនដែលលោកដូណាល់ ត្រាំសួរមុននឹងសម្រេចចិត្តជ្រើសរើសយកទីតាំងឬតំបន់ណាមួយ។

៤ ភាពងាយស្រួល
ទីតាំងដែលមានភាពងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន ដូចជា នៅជិតផ្សារទំនើប កន្លែងសាធារណៈ សាលារៀន មន្ទីរពេទ្យ ហើយក៏ជាកត្តាដែលធ្វើអោយ អចលនទ្រព្យដែលមានទីតាំងនៅ ក្នុងតំបន់ទាំងនេះ មានតម្លៃថ្លៃជាងអចលនទ្រព្យធម្មតាផងដែរ៕

ស្រុកអង្គស្នួលទាក់ទាញក្រុមហ៊ុនធំៗចំនួនពីរបោះទុនវិនិយោគ៤៦០លានដុល្លារ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្រុកអង្គស្នួល ដែលស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺបានទាក់ទាញទុនវិនិយោគកាន់តែច្រើន ដោយក្រុមហ៊ុនធំៗចំនួនពីរបានបោះទុនលើទំហំទឹកប្រាក់៤៦០លានដុល្លារអាមេរិក។

គម្រោងធំពីររួមមាននៅផ្លូវជាតិលេខ៤ រួមមានក្រុមហ៊ុនផលិតស្រាបៀរហនុមាន ដែលបោះទុនវិនិយោគរហូតដល់១៦០លានដុល្លារអាមេរិក និងក្រុមហ៊ុនSomanea ដែលជាក្រុមហ៊ុនរបស់ចិន បានបោះទុនវិនិយោគទឹកប្រាក់៣០០លានដុល្លារ លើគំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន ផ្សារទំនើបនៅតាមផ្លូវជាតិលេខ៤។

គម្រោងធំទាំងពីរដែលមានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួលដែលកំពុងលេចរូបរាងជាបន្តបន្ទាប់នោះ បាននិងកំពុងធ្វើឲ្យតំបន់នេះកាន់តែទាក់ទាញការវិនិយោគ​ច្រើនថែមទៀត។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានមើលឃើញថា តំបន់ណាដែលមានគម្រោងធំៗបោះទីតាំង តំបន់នោះ នឹងទទួលបានការទាក់ទាញការវិនិយោគបន្ថែម និងជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ណា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើនតំបន់នោះ ក៏នឹងមានគម្រោងជាច្រើនទៀតចាប់ផ្ដើមនិងបោះទីតាំងវិនិយោគដែរ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែឬថា លោកមើលឃើញថានៅតំបន់ខាងលិចភ្នំពេញ ជាតំបន់មួយដែលមានការទាក់ទាញលើការអភិវឌ្ឍជាបន្តបន្ទាប់ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់ខាងលិចក៏ត្រូវបានមើលឃើញថា មានប្រជាពលរដ្ឋទៅរស់នៅច្រើនជាមួយនឹងកំណើនបុរីលំនៅឋានជាច្រើនផងដែរ។

ចំណែកលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលវិញបានមានប្រ​សាសន៍ឲ្យដឹងផងដែរថា តំបន់ខាងលិចចេញពីរាជធានីភ្នំពេញ៥០គីឡូម៉ែត្រ តម្លៃដីធ្លីមិនក្រោម១០០ដុល្លារអាមេរិកទេក្នុងមួយម៉ែត្រការ៉េ ដូច្នេះបើនៅជិតរាជធានីវានឹងមានតម្លៃហើយនៅឆ្ងាយពីភ្នំពេញបន្តិច តម្លៃវាក៏រាងទាបជាងគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញថាក្នុងចំណោមគម្រោងអភិវឌ្ឍន៍ ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខេត្តកណ្ដាលគឺស្រុកអង្គស្នួល ជាតំបន់ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដែលបង្ហាញពីសក្ដានុពលកាន់តែខ្ពស់ ក្នុងការអភិវឌ្ឍទាំងឧស្សាហកម្ម លំនៅឋាននិងពាណិជ្ជកម្ម៕

ផលិតផលកសិកម្មសក្តានុពលចំនួន១០មុខត្រៀមនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយ: ម៉ាលីស

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមពិភាក្សាលើការកំណត់មុខទំនិញកសិក​ម្មសក្តានុពល ដើម្បីនាំចេញទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង នូវមុខទំនិញចំនួន ១០មុខត្រូវបានកំណត់ដើម្បីនាំចេញ។

ការត្រៀមផលិតផលនាំចេញនេះ ស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភា​គី និងពហុភាគី។ ផលិតផលកសិកម្មសក្តានុពុលទាំងនោះ រួមមាន ស្រូវ អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច។ យោងតាមក្រសួងពាណិជ្ជកម្ម ទំនិញ១០មុខ ជាទំនិញសក្តានុពលក្នុងកញ្ចប់ទី១ ហើយជំហានបន្ទាប់ក្រសួងនឹងពិនិត្យពិចារណាលើទំនិញបន្ថែមទៀត។

កម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយ ចិន កាលពីឆ្នាំមុន និង ជាមួយកូរ៉េខាងត្បូង នៅខែតុលាឆ្នាំ២០២១។ កម្ពុជាក៏រំពឹងថា នឹងបើកទីផ្សារកាន់តែធំសម្រាប់ទំនិញកម្ពុជា នៅពេលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច តំបន់គ្រប់ជ្រុងជ្រោយ (RCEP) ចូលជាធរមាននៅដើមឆ្នាំក្រោយ៕

សម្តេចតេជោលើកទឹកចិត្តឱ្យប្រទេសចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ក្នុងក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ

ដោយៈសុធារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកទឹកចិត្តឱ្យប្រទេសចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ជាពិសេសផ្ដល់ការគាំទ្រចំពោះ ក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុង ជ្រោយរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនានាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកនូវអនុសាសន៍មួយចំនួន សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន។ សម្តេចបន្តថា ក្នុងពេលចំពោះមុខនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេសរវាងតំបន់ទាំងពីរអាស៊ាន-ចិនឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

សម្តេចបានថ្លែងថា ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រ​សើ​រ កម្ពុជាសូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្ដារនិងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើនប្រមាណ​៩,៨ភាគរយ ក្នុងរយៈពេល ត្រឹមតែ៩ខែដំបូងក្នុងឆ្នាំ២០២១នេះ ។ កន្លងមក ចិនបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។

សម្តេចក៏បន្តលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពលំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន។ ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) គួរត្រូវបានជំរុញ និងយកចិត្តទុកដាក់បន្ថែម ដែលការណ៍នេះ នឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច សម្រាប់រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនឆ្នាំ២០៣០។

បន្ថែមលើសនេះ សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាគាំទ្រលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជមកំពូលអាស៊ាន-ចិន ដើម្បីរំម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូអាស៊ាន-ចិន និង ស្វាគមន៍ផងដែរនូវគំនិតផ្ដួចផ្ដើម ការអភិវឌ្ឍសកលរបស់លោក ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់ សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។

សម្តេចបានបន្តថ្លែងថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រ​ឈ​មរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កានៅក្នុងតំបន់។ កម្ពុជាសូមគាំទ្រគំនិតផ្ដួចផ្ដើមប្រារព្ធខួប ២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ២០២២ខាងមុងនេះ។ កម្ពុជាក៏វាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកការបញ្ចប់ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឺមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់៕

ភ្ញៀវទេសចរណ័៍ក្នុងស្រុកចេញដើរកម្សាន្តឱកាសបុណ្យអុំទូកផ្ដល់ក្ដីសង្ឃឹមដល់វិស័យទេសចរណ៍កម្ពុជាឡើងវិញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងរយៈពេល៣ថ្ងៃនេះ ថ្ងៃឈប់សម្រាកបុណ្យអុំទូក អកអំបុក និងសំពះព្រះខែភ្ញៀវទេសចរប្រមាណ៩០ម៉ឹននាក់ បានចេញធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញ ទទួលភ្ញៀវច្រើនជាងគេបន្ទាប់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ខេត្តនៅតំបន់ប៉ែកឦសាន្ត នៃប្រទេសក៏មានភ្ញៀវទេសចរជាច្រើន ទៅសម្រាកនិងកម្សាន្តផងដែរ ។ តាមរយៈការចេញធ្វើដំណើរកម្សាន្ត របស់ភ្ញៀវទេសចរនាពេលនេះ ជាសារមួយផ្ដល់ក្ដីសង្ឃឹម ដល់វិស័យទេសចរណ៍ទាំងមូលផងដែរ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឱ្យដឹងតាមទួរស័ព្ទកាលពីថ្ងៃទី២១ វិច្ឆិកាកន្លងមកថា ក្នុងអំឡុងពេលនៃព្រះរាជពិធី បុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ យើងឃើញថាប្រជាពលរដ្ឋក្នុងស្រុកបានចេញ ធ្វើដំណើរពាសពេញប្រទេសទាំងតំបន់ឆ្នេរ តំបន់អេកូទេសចរណ៍ និងតំបន់ទេស​ចរណ៍វប្បធម៌គឺមានភ្ញៀវច្រើន ទៅសម្រាកនិងកម្សាន្តសប្បាយ ក្នុងឱកាសថ្ងៃឈប់សម្រា​ក។

លោកស្រីបន្តថា “ការចេញធ្វើដំណើរកម្សាន្ត របស់ប្រជាពលរដ្ឋក្នុងស្រុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានផ្ដល់ក្ដីសង្ឃឹមដល់វិស័យទេសចរណ៍ទាំងមូល ដែលបានរងផលប៉ះពាល់អស់រយៈពេលជិត២ឆ្នាំកន្លងមកហើយ”។ លោកស្រីបន្តថា នៅក្នុងរយៈ៣ថ្ងៃកន្លងមកនេះ យើងឃើញថាតំបន់ប៉ែកឦសាន្ត ក៏មានទេសចរជាច្រើនទៅកម្សាន្ត តំបន់វប្បធម៌ខេត្តសៀមរាប ក៏មានភ្ញៀវយ៉ាងច្រើនទៅសម្រាក និងកម្សាន្ត ហើយតំបន់ឆ្នេរក៏មានពលរដ្ឋទៅសម្រាកនិងកម្សាន្តផងដែរ”។

នៅក្នុងខេត្តសៀមរាបយើងឃើញថា ដោយសារតែអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ដូច្នេះនៅក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូកនេះ មានអាជីវកម្មមួយចំនួនក៏មិនទាន់បានត្រៀមខ្លួន ក្នុងការបើកដំណើរការឡើងវិញ ធ្វើឱ្យការផ្គត់ផ្គត់សេវាកម្មជូនពលរដ្ឋមិនទាន់បានពេញលេញនិងគ្រប់គ្រាន់ ។

លោកស្រីឆាយ ស៊ីវលីនបានបន្ថែមថា បន្ទាប់ពីភ្ញៀវបានចេញធ្វើដំណើរនៅក្នុងឱកាសបុណ្យអុំទូក វាក៏ជារឿងមួយដែលល្អសម្រាប់រដ្ឋាភិបាល ក្នុងការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងមកកាន់កម្ពុជា ដោយសុវត្ថិភាព ។ហើយក៏ជាសារមួយសម្រាប់ប្រតិបត្តិករទេសចរណ៍កម្ពុជា ក្នុងការត្រៀមខ្លួនស្វាគមន៍ទេសចរអន្តរជាតិ វ៉ាក់សាំងមកកាន់កម្ពុជាផងដែរ ។

ក្រៅពីវិស័យទេសចរណ៍ ការបើកប្រទេសឡើងវិញ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងផ្ដល់អត្ថប្រយោជន៍ ដល់វិស័យជាច្រើនទៀតផងដែរ ក្នុងនោះគេឃើញថា សន្ទុះនៃការអភិវឌ្ឍវិស័យអចលនទ្រព្យក៏ឃើញថា មានកំណើនឡើងវិញជាបន្តបន្ទាប់ផងដែរ ដោយវិនិយោគិនជាតិ និងបរទេស ដែលមានវត្តមានក្នុងប្រទេសកម្ពុជា ក៏បានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួនឡើងវិញ ចាប់តាំងពីមានការប្រកាសបើកប្រទេសឡើងវិញ ៕