សម្ដេចតេជោ ហ៊ុន សែនបានថ្លែងថា សម្តេចនឹងសាងសង់ស្ពាន២ទៅ៣គីឡូម៉ែត្រមួយ

ដោយ៖ សុធារី

ត្បូង ឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” និងពិធីប្រកាសបេីកការដ្ឋានសាងសង់ផ្លូវជាតិលេខ “៧១C” បានមានប្រសាសន៍បង្ហាញពីផែនការរបស់សម្តេចក្នុងការកសាងស្ពានឆ្លងកាត់ស្ទឹងនិងទន្លេបន្ថែមទៀត ដោយដាក់ ២ទៅ៣គីឡូម៉ែត្រមួយ។

សម្តេចបានមានប្រសាសន៍ថា កូវីដ១៩បានធ្វើស៊ីស្ពានរបស់កម្ពុជាអស់ជាង២០ស្ពាន នេះបើតាមការគិតតម្លៃខ្ពស់ៗ។ សម្រាប់ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” បានចំណាយថវិកាប្រមាណ៥៦លានដុល្លាអាមេរិក ដែលជាជំនួយពីមិត្តចិន និងថវិកាសរុបតាមការគណនារបស់ក្រសួងសេដ្ឋកិច្ចសរុបប្រមាណ៧១លានដុល្លាអាមេរិក។

សម្តេចបានបង្ហើបថា រដ្ឋាភិបាលបានត្រៀមថវិកាជាទឹកប្រាក់សន្សំក្នុងផែនការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រមាណ ៣៥០០លានដុល្លាអាមេរិក ដោយមានគោលដៅ២ភាគ៣សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយដាក់គោលដៅការកសាង២គីឡូម៉ែត្រស្ពានមួួយ។

សម្តេចបានថ្លែងថា “នៅពេលប្រាក់សន្សំរបស់យើងកើនដល់កម្រិតមួយហើយ ខ្ញុំនឹងចង្អុលការណ៍យកតែម្តង ធ្វើស្ពាននេះ ធ្វើស្ពាននោះ។ ខ្ញុំចង់លេងថាដូចជា ព្រែកត្នោត ខ្ញុំចង់ឱ្យព្រែកត្នោត២គីឡូស្ពានមួយៗ ទន្លេតូច ស្ទឹងពោធិ៍សាត់ ស្ទឹងមង្គលបូរី ស្ទឹងសង្កែ ស្ទឹងដែល២គីឡូស្ពានមួយ៣ គីឡូស្ពានមួយ។”

សម្តេចបានបន្តថា “ស្ពានមួយថាអស់១លានដុល្លាចុះ ប្រើតែមួយរយលានបាន១០០ស្ពាន។” សម្តេចតេជោក៏បញ្ជាក់ថានឹងកសាងស្ពានឆ្លងកាត់ ទន្លេមេគង្គនិងទន្លេបាសាក់បន្ថែមទៀត តែជាអកុសល កូវីដ១៩ បានទាញយកថវិកាអស់ប្រមាណ២៣០០លានដុល្លាអាមេរិក៕

អ្នកជំនាញសេដ្ឋកិច្ចៈការចំណាយរបស់ភ្ញៀវទេសចរក្នុងស្រុកជាចលករជំរុញដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា

ដោយៈ សុធារី

ភ្នំពេញៈ ក្រោយពេលរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ ស្របពេលជោគជ័យ នៃយុទ្ធនាការចាក់វ៉ាក់ស៊ាំងកូវីដ១៩ ប្រជាជនក្នុងស្រុកចាប់ផ្តើមដើរលេងកម្សា​ន្តយ៉ាងច្រើនស្ធឹកសន្ធាប់។

ការណ៍នេះបណ្តាលឱ្យអ្នកជំនាញមើលឃើញថា សេដ្ឋកិច្ចកម្ពុជានឹងមានដំណើរការល្អប្រសើរ ស្របពេលដែលទេសចរកក្នុងស្រុក ចាប់ផ្តើមការចំណាយច្រើនជាងមុន។

លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា ការចំណាយរបស់ប្រជាពលរដ្ឋ ឬភ្ញៀវទេ​សចរក្នុងស្រុកនេះ អាចចាត់ទុកថា ជាចលករដ៏សំខាន់មួយ សម្រាប់ជំរុញដល់ការងើបឡើងវិញនៃដំណើរការសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា ក្នុងអំឡុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ លំហូរនៃភ្ញៀវទេសចរដើរលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស មានកំណើនច្រើនគួរឱ្យកត់សម្គាល់។

បើតាមការព្យាករណ៍របស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការចំណាយជាមធ្យមរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ការដើរលេងកម្សាន្ត ការហូបចុក ការស្នាក់នៅ គឺមានចន្លោះចាប់ពី៥០ដុល្លារដល់២០០ដុល្លារក្នុងម្នាក់។

ដោយឡែក សម្រាប់ការចំណាយជាលក្ខណៈគ្រួសារវិញ លោក ហុង វណ្ណៈ អះអាងថា គឺស្ថិតក្នុងចន្លោះពី៤០០ទៅដល់ ៦០០ដុល្លារ និងគ្រួសារដែលមានជីវភាពធូរធារខ្លាំង អាចចំណាយពីចន្លោះ៧០០ទៅ១០០០ដុល្លារ។

ពលរដ្ឋចំណាយថវិកាច្រើន នៅក្នុងអំឡុងពេលពិធីបុណ្យអុំទូកឆ្នាំនេះ ដោយសារ ទី១ ពលរដ្ឋខកខានដើរកម្សាន្តអស់រយៈពេលយូរ និងទី២ គឺដោយសារតែភាពសម្បូរបែបនៃម្ហូបអាហារ និងទំនិញជាដើម។

ក្រៅពីនេះ អ្នកជំនាញសេដ្ឋកិច្ចដដែល ក៏បានលើកឡើងទៀតថា វត្តមាននៃភ្ញៀវទេសចរដើរលេងកម្សាន្តនៅទូទាំងប្រទេស អាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិបានក្នុងបរិមាណមួយផ្នែកធំ។ ក្នុងនោះ វាបានជំរុញឱ្យសកម្មភាពអាជីវកម្មជាច្រើនដែលជួបបញ្ហានាពេលកន្លងមក ចាប់ផ្តើមមានដង្ហើមដកឡើងវិញ ហើយសរសៃឈាមសេដ្ឋកិច្ចដែលធ្លាប់កកស្ទះហូរមិនរួច ក៏ធ្វើការឡើងវិញផងដែរ ជាពិសេសសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍ ដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍នានាជាដើម។

ចំណែកបុគ្គលិកក្នុងវិស័យទេសចរណ៍ ក៏មានឱកាសត្រឡប់មកបម្រើការងារនៅក្នុងវិស័យនេះឡើងវិញ។

ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមើលឃើញថា ក្នុងឱកាសបុណ្យអុំទូកបីថ្ងៃនេះ ប្រជាពលរដ្ឋក្នុងស្រុក បានចេញដើរលេងកម្សាន្តពាសពេញផ្ទៃប្រទេស ដែលនេះធ្វើឱ្យអ្នកធ្វើការ ក្នុងវិស័យទេសចរណ៍ផ្តើមមានសង្ឃឹម។

លោកស្រីប្រមើលមើលឃើញថា ការកើនឡើងចំនួនទេសចរ ទាំងតំបន់មាត់សមុទ្រ តំបន់អេកូទេសចរណ៍ ឬតំបន់ទេសចរណ៍នោះឡើយ គឺកើនឡើងជាទូទៅ។ ប៉ុន្តែ លោកស្រី ឆាយ ស៊ីវលីន ក៏មានក្តីព្រួយបារម្ភខ្លះដែរ ដែលភ្ញៀវខ្លះ មិនបានគោរពតាមក្បួន”វិធានាការសុខភាព” មិនពាក់ម៉ាក់ និងមិនរក្សាគម្លាត។

ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរផ្ទៃក្នុង និងបរទេសផ្ទៃក្នុងប្រមាណ១លាននាក់ បានដើរលេងកម្សាន្តនៅទូទាំងប្រទេស។ ខេត្តដែលមានគោលដៅសំខាន់ជាងគឺ រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កំពត កែប៕

យុទ្ធសាស្រ្តភូត កុហកចំនួន៦ប្រភេទ ដែលអ្នកវិនិយោគអចលនទ្រព្យមួយចំនួនគួរប្រុងប្រយ័ត្ន

ដោយ: ម៉ាលីស

ភ្នំពេញៈ អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួន នៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រកុហក ដើម្បីជំរុញទៅការលក់ទិញឬជួលអចលនទ្រព្យ ដើម្បីសម្រេចជោគជ័យរបស់ពួកគេ។

ដូចនេះ សូមលើកយកយុទ្ធសាស្ត្រកុហកទាំងនោះ មកបង្ហាញជាព័ត៌មាន ដើម្បីលោកអ្នកត្រឹះរឹះពិចារណាដូចតទៅ:

១ កុហកថាគម្រោងរបស់ពួកគេលក់អស់ជាច្រើនហើយ
ម្ចាស់គំរោងបុរីផ្ទះល្វែង និងខុនដូខ្លះ បានបំប៉ោងព័ត៌មានអតិថិជន ដើម្បីទទួលបានភាពទាក់ទាញ និងជំរុញដល់ការលក់របស់ពួកគេថា គម្រោងរបស់ពួកគេលក់អស់ច្រើនហើយដល់ ៧៥% ៨០% ៩០% ៩៥%…។ តែការពិតកុហកសោះ ពួកគេទើបតែលក់បាន១០% ទៅ១៥%ប៉ុណ្ណោះ។ ពួកគេព្យាយាមកុហកតាមតែអាចធ្វើទៅបានដូច្នេះអ្នកគួរប្រុងប្រយ័ត្នស្វែងរកព័ត៌មានឲ្យច្បាស់ជាក់លាក់។

២ កុហកថាលក់ប្រញាប់
ដោយសារតែពាក្យថា “ប្រញាប់លក់ លក់ប្រញាប់” ធ្វើឲ្យអតិថិជន គិតថាម្ចាស់អចលនទ្រព្យត្រូវការលុយ រឺមានបញ្ហាចាំបាច់ណាមួយកើតឡើង ប្រាកដជាពួកគេលក់ថោកនោះ ក៏បានធ្វើឲ្យអតិថិជនចាប់អារម្មណ៍យ៉ាងខ្លាំង អំពីផ្លាកសញ្ញានេះ ដោយរំពឹងថាអាចអចលនទ្រព្យ ដែលកំពុងពពាយនាយលក់នោះ ច្បាស់ជាមានតំលៃថោកជាងទីផ្សារដែលជាឱកាសធ្វើឲ្យពួកគេចំណេញ។

តែការពិតទៅវាមិនមែន សុទ្ធតែពិតប្រាកដទាំងអស់នោះទេ ហើយភាគច្រើនគឺជារឿងកុហក ពួកគេគ្មានប្រញាប់អីផងគេលក់ក្នុងតម្លៃខ្ពស់ដដែល។

៣ កុហកថាតម្លៃទីផ្សារខ្ពស់
ម្ចាស់អចលនទ្រព្យខ្លះ បានដាក់ស្លាកលេខទូរសព្ទលក់ដីរបស់ខ្លួន កន្លែងណាមួយ ហើយដីនៅជុំវិញនោះក៏មានដាក់លក់ដែរ ដោយស្លាកនោះមានលេខទូរសព្ទខុសគ្នា ដែលបន្លំថាជាដីរបស់អ្នកដទៃ។ ការពិតដីរបស់គាត់ទាំងអស់ ធ្វើបែបនេះ ដើម្បីឲ្យអតិថិជនទូរស័ព្ទទៅសួរតម្លៃដីជុំវិញនោះ ដើម្បីដឹងតម្លៃទីផ្សារ ហើយពួកគេនឹងឆ្លើយទៅកាន់អតិថិជននូវតម្លៃខ្ពស់ដើម្បីឲ្យ អតិថិជនគិតថាទីផ្សារតម្លៃខ្ពស់។

រីឯដីដែលពួកគេចង់លក់នោះ គឺតម្លៃទាបជាងគេដែលជាឱកាសចំណេញហើយសម្រេចចិត្តទិញ។

៤ បង្កើតជំលោះ
អចលនទ្រព្យខ្លះមានម្ចាស់កម្មសិទ្ធិពីរនាក់ ឬច្រើននាក់ពួកគេបានបង្កើតជាឆាកល្ខោន ធ្វើជាមានជម្លោះនឹងគ្នា មិនអាចសហការរកស៊ីជាមួយគ្នាបានទៀតទេ ហើយក៏សំរេចចិត្តលក់ដីដើម្បីចែកលុយគ្នាបែកផ្លូវគ្នា។ ពេលអតិថិជនឃើញព្រឹត្តិការណ៍បែបនេះស្មានថាអចលនទ្រព្យ និងមានតំលៃថោក អាចនឹងសម្រេចចិត្តទិញយ៉ាងឆាប់រហ័ស តែការពិតតម្លៃមិនថោកឯណា ត្រូវប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត ពីព្រោះព្រឹត្តិការណ៍ខ្លះជាគ្រោះថ្នាក់ជាជាងឱកាស។

៥ កុហកថាអចលនទ្រព្យទាំងនេះអ្នកធំទិញ
ម្ចាស់ខុនដូនិងបូរីខ្លះ ដែលកំពុងតែផ្សព្វផ្សាយលក់គម្រោងរបស់ខ្លួន ឱ្យឆាប់អស់ បានប្រើយុទ្ធសាស្ត្រកុហកថា ផ្ទះរឺខុនដូរបស់ខ្លួន មានអ្នកធំឬជនល្បីមានឥទ្ធិពលមួយចំនួនបានទិញ ឬកក់នៅត្រង់នេះត្រង់នោះ.. ។ ការពិតពួកគេគ្រាន់តែបញ្ចូលឈ្មោះចោលតែប៉ុណ្ណោះ ដើម្បីទាក់ទាញប្រជាប្រិយ៍ភាពបុរីរបស់ខ្លួន។

៦ លើកគម្រោងប្លង់មេ
ម្ចាស់ដីខ្លះបានធ្វើគម្រោងប្លង់មេរួមមាន ផ្ទះ ផ្សារ សាលារៀន ធនាគារ.. ដាក់លើផ្ទាំងយ៉ាងធំ ដើម្បីផ្សព្វផ្សាយលក់គំរោងរបស់ខ្លួន តែការពិតទៅពួកគេគ្មានគម្រោងធ្វើដាក់លក់នោះទេ។ ពួកគេគ្រាន់តែចង់ពុះដីឡូលក់ ឬលក់ខ្យល់តែប៉ុណ្ណោះ។ យុទ្ធសាស្ត្រនេះអាចធ្វើអតិថិជនជាប់ផុង នៅក្នុងរង្វង់ដីឡូត៍របស់ខ្លួន៕

កម្ពុជាសិក្សាបច្ចេកទេសលើគំរោងផ្លូវចំនួន៦ខ្សែដើម្បីស្នើសុំឥណទានពីប្រទេសថៃ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានពិនិត្យលើវឌ្ឍនភាពការងារស្ដីពី ការសុំជំនួយបច្ចេកទេស ក្នុងការសិក្សាគម្រោងផ្លូវចំនួន៦ខ្សែសម្រាប់ស្នើសុំកម្ចីឥណទានពីព្រះរាជាណាចក្រថៃឡង់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង រវាងលោករដ្ឋលេខាធិការប្រចាំការ តូច ចាន់ កុសល និងលោក Col Saranyu Viriyavejakul D. Sc អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃឡង់ដ៏(NEDA)។

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២១នេះ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា បានស្នើសុំឱ្យទីភ្នាក់ងារ NEDA ជួយសិក្សាលើខ្សែផ្លូវចំនួន៦ខ្សែ ឋិតនៅក្នុងភូមិសាស្រ្តទឹកដីខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយ មានជ័យ និងខេត្តបាត់ដំបងដើម្បីតភ្ជាប់ការដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

រដ្ឋាភិបាលចិនចាប់ផ្ដើមណែនាំឱ្យធនាគារនានាផ្ដល់ឥណទានបន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដើម្បីបន្ធូរវិបត្តិ

ដោយៈសុខុម

ប៉េកាំងៈ ប្រភពច្បាស់ការបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទ ទី២២ វិច្ឆិកា ថា ក្រុមនិយ័តករហិរញ្ញវត្ថុចិន បានចេញសេចក្ដីណែនាំឱ្យធនាគារចិន មួយចំនួន ផ្ដល់ឥណទានបន្ថែមដល់ បណ្ដាក្រុមហ៊ុនអចលនទ្រព្យ សម្រាប់ការអភិវឌ្ឍគម្រោង ដើម្បីបន្ធូរវិបត្តិសាច់ប្រាក់នៅក្នុងវិស័យអចលនទ្រព្យទាំងមូល។

ក្រុមនិយ័តករហិរញ្ញវត្ថុចិន មិនទាន់បើកភ្លើងខៀវជាសាធារណៈនៅឡើយទេថានឹងបន្ធូរបន្ថយ “ខ្សែបន្ទាត់ក្រហមទាំង៣” ជាលក្ខខណ្ឌហិរញ្ញវត្ថុ ដែលធនាគារកណ្ដាលចិន បានដាក់ចេញកាលពីឆ្នាំមុនថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញឱ្យបាន ដើម្បីទទួលបានឥណទានថ្មីៗពីធនាគារ។

ប៉ុន្តែស្រាប់តែកាលពីពេលថ្មីៗ ធនាគារនានាបានធ្វើការកែសម្រួល ការអនុវត្តផ្ដល់ឥណទានរបស់ខ្លួន ដើម្បីឱ្យស្របទៅនឹងសេចក្ដីណែនាំចុងក្រោយ របស់ធនាគារប្រជាជនចិន (PBOC) ជាធនាគារកណ្តាលចិន ដែលជំរុញឱ្យ “បំពេញតម្រូវការហិរញ្ញប្បទានជាប្រក្រតី” ដល់វិស័យអចលនទ្រព្យ។

ប្រភព២ចេញពីធនាគារផ្សេងគ្នា ដែលទទួលបានការណែនាំនេះ ពីក្រុមនិយ័តករចិន បានលើកឡើងថា ថ្វីដ្បិតតែមានការបន្ធូរបន្ថយតិចតួច ចំពោះគោលនយោបាយផ្តល់ឥណទាន ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ក្ដី ក៏នៅតែប្រកាន់ខ្ជាប់គោលការណ៍សំខាន់ ដែលថា “ផ្ទះគឺសម្រាប់រស់នៅ មិនមែនសម្រាប់ទិញទុកលក់យកចំណេញឡើយ”។

ប្រភពដដែលបញ្ជាក់ថា ក្រុមនិយតករហិរញ្ញវត្ថុចិន បានណែនាំឱ្យធនាគារនានាពន្លឿនការអនុម័ត ជាពិសេសនូវឥណទាន សម្រាប់អភិវឌ្ឍគម្រោងនានា និងដើម្បីធានាថា ឥណទាននៅជំពាក់ (Outstanding Loan) ដែលផ្ដល់សម្រាប់ការអភិវឌ្ឍគម្រោងនឹងបង្ហាញកំណើនវិជ្ជមាន នៅក្នុងបញ្ជីឥណទានរបស់ពួកគេ ក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលា។

ប្រភពទាំង២បានសុំមិនបញ្ចេញ អត្តសញ្ញាណរបស់ខ្លួនឡើយ ដោយសារនេះរឿងនេះជាបញ្ហាដ៏រសើប។
ធនាគារកណ្ដាលចិន PBOC និងគណៈកម្មាធិការនិយ័តកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះឡើយ។

ទិន្នន័យរបស់ធនាគារកណ្តាលចិន បានបង្ហាញថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ឥណទាននៅជំពាក់ (Outstanding Loan) ដែលផ្ដល់សម្រាប់ការអភិវឌ្ឍគម្រោងមានចំនួន១២,១៦ទ្រីលានយ័ន (១,៩១ទ្រីលានដុល្លារអាមេរិក) ដោយកើនឡើង០,០២%បើធៀបនឹងឆ្នាំ២០២០៕ Reuters៕

អភិបាលខេត្តកំពង់ធំ ជំរុញមន្ត្រីជំនាញសាខាពន្ធដារសហការជាមួយអាជ្ញាធរដែនដី ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ

ដោយៈជេស៊ីកា

កំពង់ធំៈ លោកងួន រតនៈអភិបាលខេត្តកំពង់ធំ បានស្នើឲ្យមន្រ្តីជំនាញពន្ឋដារ សហការជាមួយអាជ្ញាធរដែនដី ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យ គិតពន្ធប្រថាប់ត្រាចៀសវាងមានការយល់ច្រលំ។

លោកងួន រនតៈ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សា លើការប្រមូលពន្ធប្រថាប់ត្រា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីជំនាញសាខាពន្ធដាខេត្ត និងអភិបាលក្រុងស្រុក ។

លោកបន្ថែមទៀតថា វិស័យការងារពន្ធដារ និងគយ ពិតជាវិស័យដែលមានសារៈសំខាន់ណាស់ ក្នុងការជួយប្រមូលពន្ធលើអចលនទ្រព្យ ដែលអាចជួយបង្កើនប្រាក់ចំណូ​លថវិកាជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុនបន្តទៀត ។

លោក​បន្តថា ចំពោះការធ្វើបច្ចុប្បន្នភាពនៃតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រានេះសូមមន្ត្រីជំនាញពន្ធដារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការកំ​ណត់តម្លៃ និងកំណត់តំបន់ឲ្យសមស្រប ទៅនឹងភូមិសាស្ត្រទាំងតំបន់ទីប្រជុំជន ជាពិសេសតម្លៃសេដ្ឋកិច្ចដីធ្លីមានលក្ខណៈខុសគ្នា ដើម្បីចៀសវាងនៅពេលចុះអនុវត្តន៍ មានការតវ៉ាពីអ្នកទទួលសេវា ហើយអាជ្ញាធរដែនដីនិងមន្ត្រីជំនាញ សហការគ្នាធ្វើកិច្ចការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកងួន រតនៈបានបន្តថា ចំពោះការងារសេសសល់ត្រូវរៀបចំពន្លឿនការដោះស្រាយ ពាក់ព័ន្ធពន្ធដារនិងសូរិយោដី ជូនអ្នកទទួលសេវា និងជំរះចេញពីឲ្យអស់ចំពោះដីដែលបានធ្វើការវិនិយោគ។

កិច្ចប្រជុំនេះដែរ មានគោលបំណងពិនិត្យឡើងវិញ នូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រនិងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដើម្បីធ្វើការកែសម្រួលនូវភាពខ្វះចន្លោះជាលក្ខណៈបច្ចេកទេស និងតម្លៃឲ្យស្របតាមស្ថានភាពជាក់ស្តែង នៃវិស័យអចនលសទ្រព្យជាពិសេសតម្លៃដីធ្លី មានលក្ខណៈខុសគ្នាទាំងភូមិសាស្រ្តនិងជីវភាពរស់នៅប្រជាពលរដ្ឋ៕

ប្រធាន CVEA: សកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមវិវត្តន៍ទៅរកភាពកាន់ល្អប្រសើរ

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)​ លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពនៃការទិញ លក់ក្នុងវិស័យអចលទ្រព្យកំពុងមានការវិវត្តល្អប្រសើរ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីថ្ងៃទី២២ វិច្ឆិកាកន្លងមកថា បច្ចុប្បន្នយើងមើលឃើញថា អ្នកនៅក្នុងវិស័យនេះ បានចាប់ផ្តើមមមាញឹកឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ។

លោកបន្តថា “វិស័យនេះចាប់ផ្តើមមានសញ្ញាល្អ និងវិលត្រលប់ទៅរកភាពប្រក្រតីវិញនៅឆ្នាំ២០២២ ២០២៣ខាងមុខនេះ”។ លោកបន្តថា “សកម្មភាពដែលលេចធ្លោជាងគេក្នុងវិស័យអលនទ្រព្យ គឺការទិញលក់ដីធ្លីមានភាពមមាញឹកជាងគេ”។

លោកច្រឹក សុខនីមបានបន្តថា វិស័យអចលនទ្រព្យនឹងបន្តក្លាយជាមូលដ្ឋានស្នូល ដែលជួយលើកស្ទួយសេដ្ឋកិច្ចជាតិ សម្រាប់រយៈពេលវែងបន្តទៀត ខណៈអ្នកវិនិយោគចិនបាននិងកំពុងចាប់ផ្តើមវិល ត្រលប់មកកម្ពុជាបណ្តើរៗឡើងវិញហើយ។

លោកបន្តថា “អ្វីសំខាន់ដែលយើងឃើញនាពេលនេះ គឺប្រជាពលរដ្ឋបានធ្វើដំណើរដែលបាននាំាំឲ្យមានការកកស្ទះចរាចរណ៍៍ លើដងផ្លូវឡើងវិញហើយ”៕

សម្តេចតេជោអញ្ជើញជាអធិបតីបើកសម្ភោធដាក់ឲ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនៅថ្ងៃនេះ

ដោយៈគង់ សិរីជេស៊ីកា

កំពង់ចាម/ត្បូងឃ្មុំៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការសម្ភោធបើកឲ្យដំណើរការស្ពានមិត្តភាពកម្ពុជា ចិនស្ទឹងត្រង់ ក្រូចឆ្មារ និងបើកការដ្ឋានស្ថាបនាផ្កូវជាតិលេខ៧១C នៅព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចនាយករដ្ឋមន្ត្រី ពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដី នៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។

ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង អាម៉េ ប្រើរយៈពេលសាងសង់ចំនួន៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក។

ស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់​ សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើ ដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័សដែលកន្លងមក ពួកគាត់ធ្វើដំណើរឆ្លងកាត់តំបន់នេះ តាមរយៈការឆ្លងសាឡាង និងជាស្ពានផ្តល់សក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ៕

លោក ថោង ខុនៈ ការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាពេលបុណ្យអុំទូកនេះ ជាសញ្ញាថាកម្ពុជាអាចទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចបានហើយ

ដោយៈ សុធារី

ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការវាយតម្លៃលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ ហើយក៏បានប្រកាសថា ផ្អែកលើការគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាពេលបុណ្យអុំទូកនេះគឺមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខាន់ ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច។

លោកថោង ខុន បានឱ្យដឹងថា ចំពោះឥរិយាបថភ្ញៀវទេសចរ ក៏មានប្រែប្រួលខ្លះដែរធៀបនឹងពេលកន្លងមក ដោយក្នុងនោះពួកគាត់មួយចំនួន បានងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់ នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមានកម្រិតខ្ពស់ និងការចូលទទួលទានអាហារ ដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង ខណៈដែលនាពេលកន្លងមកពួកគាត់ច្រើនតែត្រៀមសម្ភារៈ និងម្ហូបអាហារដាក់តាមខ្លួនច្រើនជាង ចូលទទួលទានផ្ទាល់នៅក្នុងហាង។

លោកបានបញ្ជាក់ថា កត្តាទាំងអស់នេះ សបញ្ជាក់ឲ្យឃើញនូវដំណើរត្រលប់ទៅរកប្រក្រតីភាពថ្មី និងធ្វើឲ្យមានចរន្តសេដ្ឋកិច្ច មានដំណើរការឡើងវិញ ពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន ដែលបានផ្អាកសកម្មភាពនាពេលកន្លងមក។ ចំនួនភ្ញៀវទេសចរដ៏ច្រើននេះ ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងផ្តល់ជាប្រាក់ចំណូល និងក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។

លោកបានកត់សម្គាល់ឃើញថា រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ “៣កុំ និង ៣ការពារ” ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញ ចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការ ក៏ទទួលបានការចាក់វ៉ាក់សាំងពេញលេញផងដែរ។

ចំពោះភ្ញៀវទេសចរ លោកសង្កេតឃើញជារួមថា ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍ធូរស្រាលក្នុងចិត្ត ក្នុងការដើរកម្សាន្តបានពេញលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រលប់ ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ។

លោកបានវាយតម្លៃថា “ការគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាឱកាសព្រះរាជពិធីបុណ្យអុំទូកនេះមានភាពល្អប្រសើរច្រើន និងអាចចាត់ទុកថាជាបុរេលក្ខខណ្ឌមួយដ៏សំខា​ន់ក្នុងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ សុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួច”។

លោកបានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍បានប្ដេជ្ញា បន្តខិតខំពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងSOP និងវិធានការចាំបាច់នានា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មីនៃជំងឺកូវីដ១៩៕

តើខុនដូ និងអាផាតមិនមានសេវាកម្មនិងទំហំខុសគ្នាយ៉ាងណាខ្លះ?

ដោយៈ សុធារី

ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរមួយចំនួន ប្រហែលទើបតែលឺពាក្យខុនដូ (Condo) ឬអាផាតមិន (Apartment) ដែលជាភាសាបរទេស ដែលយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅពេលដែលមានវត្តមានអគារខ្ពស់ៗជាច្រើនបានរីកដុះដាលនៅក្នុងទីក្រុងភ្នំពេញ។

ប្រជាពលរដ្ឋខ្មែរមួយចំនួន ហាក់មិនទាន់យល់ដឹងងច្បាស់ពីមុខងារ នៃការប្រើប្រាស់ខុនដូ (Condo) ឬអាផាតមិន (Apartment)នេះ នៅឡើយទេ ខណៈសំណង់អាគារស្នាក់នៅ ដែលពេញនិយមបំផុត គឺចែកចេញជាពីរប្រភេទធំៗគឺ ខុនដូ និងអាផាតមិន។ តើសំណង់ទាំងពីរប្រភេទនេះ មានភាពខុសគ្នាដូចម្តេចខ្លះទៅ?

ខាងក្រោមនេះគឺជាចំនុចខុសគ្នាធំៗនៃអាគារទាំងពីរប្រភេទ

១.ទំហំអាគារ ជាទូទៅខុនដូច្រើន តែមានទំហំធំៗជាងអាផាតម៉ិន ព្រោះផ្ទះល្វែងធម្មតាក៏អាចចាត់ទុកជាអាផាតមិនផងដែរ។

២. ភាពជាម្ចាស់កម្មសិទ្ធិ ខុនដូជាសំណង់អាគារធំៗ ដែលបើកលក់ជាបន្ទប់មួយ (Unit) ឲ្យទៅភ្ញៀវដោយភ្ញៀវទាំងនោះ គឺទទួលបានសិទ្ធិជាម្ចាស់ផ្ទះតែម្តង ខណះដែលអាផាតមិន គឺជាបន្ទប់ (Unit) សម្រាប់ជួលទៅអោយភ្ញៀវស្នាក់នៅ ខុនដូជាធម្មតាត្រូវបានគ្រប់គ្រងដោយសមាគមម្ចាស់ផ្ទះ (HOA)។

ប្រភេទឬផ្នែកនីមួយៗ មានម្ចាស់ដាច់ដោយឡែកពីគ្នា។ អ្នកមានជម្រើសក្នុងការទិញខុនដូដូចការទិញផ្ទះដែរ។ រីឯអាផាតមិនវិញអ្នកមិនអាចទិញឯកតានីមួយៗ ដាច់ដោយឡែកពីគ្នាទេបានទេ ហើយជាទូទៅអគារនីមួយៗមានម្ចាស់តែម្នាក់គត់ ដែលភាគច្រើនជាក្រុមហ៊ុនអចលនទ្រព្យ។

៣. តម្លៃ ថ្លៃជួលអាផាតមិនតែងមានភាពឋិតឋេរ ក្នុងកំឡុងពេលអ្នកកំពុងជួល ប៉ុន្តែមានករណីខ្លះ ដែលវាអាចឡើងថ្លៃជាពិសេស នៅពេលដែលជិតដាច់កុងត្រាដែលភាគច្រើនមានសុពលភាព១ឆ្នាំ។ រីឯតម្លៃវិញគឺអាស្រ័យទៅលើអត្រាទីផ្សារនិងចំនួនឯកតា ហើយអាផាតមិនតម្រូវអោយអ្នកបង់ថ្លៃធ្វើក្រដាសស្នាម ធានារ៉ាប់រង សេវាកម្មសន្តិសុខ និងសត្វចិញ្ចឹមជាដើម។ ចំណែកឯខុនដូវិញ តម្លៃគឺសម្រេចដោយម្ចាស់ខុនដូហើយតម្លៃឡើងចុះ អាស្រ័យលើការព្រមព្រៀងរវាងអ្នកនិងម្ចាស់អគារ។

សម្រាប់ខុនដូខ្លះ តម្រូវអោយអ្នកបង់ថ្លៃសេវាកម្មសមាគមម្ចាស់ផ្ទះ (HOA) និងសេវាកម្មផ្សេងៗទៀតរួមមានខ្សែកាប ទឹកភ្លើង អនាម័យ និងចំណតឡានជាដើមដូចអាផាតមិនដែរ។

៤. ច្បាប់ទម្លាប់ ចំពោះអាផាតមិន ការចែងច្បាប់ទម្លាប់គឺចេញដោយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ហើយរាល់ឯកតាទាំងអស់សុទ្ធតែមានច្បាប់ដូចៗគ្នា។ ច្បាប់ទាំងអស់នោះតែងរួមមាន អនុវត្តតាមវិធានការ និងគោលការណ៍ណែនាំនៃការជួល បង់ថ្លៃជួលឱ្យទាន់ពេលវេលា មិនបង្កសម្លេងរំខានដល់អ្នកជិតខាង ចោលសំរាមអោយបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់។ល។

ច្បាប់សម្រាប់ខុនដូត្រូវបានរៀបចំដោយ HOA ជាទូទៅវាមានលក្ខណៈស្រដៀងនឹងអាផាតមិនដែរ។ លើសពីនេះទៅទៀត ម្ចាស់អគារនិមួយៗមានសិទ្ធក្នុងការដាក់ច្បាប់បន្ថែមទៀត ដូចនេះអ្នកគួរតែអានកុងត្រា អោយច្បាស់លាស់មុននឹងសម្រេចចិត្តថា ជួលបន្ទប់។

៥. សម្ភារៈបរិក្ខារប្រើប្រាស់ ខុនដូ តែងតែមានបំពាក់គ្រឿងបរិក្ខារ សម្បូរបែបដូចជាអាងហែលទឹក កន្លែងចតឡាន កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ បន្ទប់ស្ទីមសោណា ឬភោជនីយដ្ឋានជាដើម។ ផ្ទុយទៅវិញ អាផាតមិនអាចមិនមានគ្រឿងបរិក្ខារទាំងនេះ ឬមានត្រឹមតែតិចតួចនៃពួកវាតែប៉ុណ្ណោះ។ ចំណុចដូចគ្នាភាគច្រើនរួមមាន ចំណតរថយន្ត អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងក្មេងលេង ការិយាល័យកណ្តាល។

សោភ័ណភាពនិងគុណភាពសំណង់អគារក្នុងក្រៅ និងគ្រឿងសង្ហារឹមមានការខុសគ្នាទៅតាមតម្លៃ ទីតាំងនិងគម្រោងប្លង់របស់អគារនោះ។ បន្ទប់របស់អាផាតមិនគឺសុទ្ធតែដូចៗគ្នា រីឯខុនដូវិញអាចមានភាពខុសគ្នាខ្លះ អាស្រ័យលើការតុបតែងរបស់ម្ចាស់ឯកតា។

៦. ការថែទាំ និងជួសជុល

អាផាតមិនភាគច្រើន តែងផ្តល់សេវាកម្មជួសជុលដោយឥតគិតថ្លៃ។ ពេលជួបប្រទះបញ្ហា អ្នកគួរទាក់ទងទៅខាងផ្នែកគ្រប់គ្រងអគារ ដើម្បីអោយពួកគេជួយរកដំណោះស្រាយ។ នោះអ្នកមិនចាំបាច់ចំណាយពេល និងថវិការបន្ថែមដើម្បីរកជាងមកជួលជុល។

សម្រាប់អ្នករស់នៅក្នុងខុនដូវិញ ពេលជួបបញ្ហាអ្នកគឺត្រូវទាក់ទងខាងម្ចាស់ផ្ទះ ឬចាត់ការបញ្ហានេះដោយខ្លួនឯង។ នេះមានន័យថា អ្នកអាចនឹងត្រូវចំណាយថ្លៃជួសជុលបន្ថែមលើថ្លៃសេវាផ្សេងៗទៀត ហើយម្យ៉ាងទៀតម្ចាស់ផ្ទះខ្លះអាចពិបាក ក្នុងការទាក់ទងដូច្នេះបញ្ហារបស់អ្នក មិនអាចដោះស្រាយភ្លាមៗនោះឡើយ។

ដូចនេះ អ្នកត្រូវអានកិច្ចព្រមព្រៀងអោយច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវក្នុងការជួសជុលផ្ទះរបស់អ្នកមុននឹងអ្នកសម្រេចចិត្តជួល៕