ការសិក្សាថ្មីៈ ការផ្គត់ផ្គង់ខុនដូនៅឆ្នាំនេះមានកំណើនទាបស្របពេលទីផ្សារនៅស្រពេចស្រពិល

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនអន្តរជាតិCBRE Cambodiaបានរកឃើញថា ការផ្គត់ផ្គង់ខុនដូកាលពីឆ្នាំមុន និងឆ្នាំាំនេះរំពឹងមានកំនើនទាប ដោយសារបញ្ហាជំងឺកូវីដ១៩។

របាយការណ៍របស់ក្រុមហ៊ុននអចលនទ្រព្យCBRE ដែលបានបង្ហាញកាលពីថ្ងៃម្សិលម៉ិញនេះបានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបាន គម្រោងអភិវឌ្ឍន៍ខុនដូថ្មីតែ៤គម្រោងប៉ុណ្ណោះ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩រារាំង ដល់ការធ្វើដំណើររបស់ជនបរទេស ចូលមកកាន់កម្ពុជា។

ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ គម្រោងខុនដូថ្មីៗក៏រំពឹងថានឹងបន្តមានកម្រិតទាបដដែល។

អ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE បានឱ្យដឹងថា ឆ្នាំមុននេះ ការអភិវឌ្ឍគម្រោងខុនដូថ្មីមានតែចំនួន៤ប៉ុណ្ណោះ ហើយឆ្នាំ២០២២នេះ ការអភិវឌ្ឍខុនដូនៅកម្ពុជាក៏រំពឹងថានឹងបន្តស្ថិតក្នុងកម្រិតទាបដដែល ។

អ្នកនាងបន្តថា កត្តាដែលជំរុញឱ្យការអភិវឌ្ឍ នៅតែស្ថិតនៅក្នុងកម្រិតទាបបែបនេះ វាមិនមែនបណ្ដាលមកពីកូវីដ១៩ទាំងស្រុងទេ តែវាជាកត្តាសេដ្ឋកិច្ច ដែលបណ្ដាលមកពីកូវីដ១៩”។កញ្ញាបន្តថា “ជាក់ស្ដែងបណ្ដាប្រទេសជាច្រើននៅលើពិភពលោកនេះ នៅតែរងផលប៉ះពាល់ពីកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីៗជាដើម ដែលធ្វើឱ្យជនបរទេសមិនអាចធ្វើដំណើរចេញចូលប្រទេស ដើម្បីស្វែងរកការវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន”។

អ្នកនាងកេសា បញ្ជាក់ថា ការរឹតបន្តឹងចំពោះវិធានការរបស់ប្រទេសមួយចំនួន នៅតែជាកត្តាដែលរារាំង ដល់ការមកដល់នៃជនបរទេស ក្នុងប្រទេសកម្ពុជា ខណៈជនបរទេសគឺជាអ្នកអភិវឌ្ឍន៍ធំ ទៅលើគម្រោងខុនដូនៅក្នុងប្រទេសកម្ពុជា ដូច្នេះអ្នកអភិវឌ្ឍន៍ក្នុងស្រុកនៅតែសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខុនដូ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានឱ្យដឹងផងដែរថា លោកមើលឃើញថាការអភិវឌ្ឍ វិស័យខុនដូនៅក្នុងប្រ​ទេសកម្ពុជា ប្រហែលជាមិនអាចងើបឡើងខ្លាំង ជាងឆ្នាំ២០២១កន្លងទៅនៅឡើយទេ ហើយសកម្មភាពអភិវឌ្ឍន៍ និងការទិញលក់ខុនដូក្នុងឆ្នាំនេះ វាជាគម្រោងដែលសេសសល់ តាំងពីឆ្នាំចាស់មកតែប៉ុណ្ណោះ ។

លោកបន្តថា សម្រាប់គម្រោងថ្មី ចាប់ផ្ដើមបុកគ្រឹះ និងសាងសង់ក្នុងឆ្នាំ២០២២នេះ នឹងមានចំនួនតិចតួចដដែល ពីព្រោះតែលំហូរវិនិយោគិនចេញចូលប្រទេសកម្ពុជា នៅបន្តជាបញ្ហាពិបាកដដែល ហើយដូចយើងដឹងស្រាប់ហើយ អ្នកអភិវឌ្ឍន៍ខុនដូនៅក្នុងប្រទេសយើងភាគច្រើន ជាជនបរទេស ហើយអ្នកទិញក៏ជាជនបរទេសដែរ។

លោកបន្តថា “គម្រោងខ្លះបានយកទៅលក់នៅបរទេស ក៏ពិតមែន ប៉ុន្តែជនបរទេសដែលចង់ទិញ គម្រោងខុនដូណាមួយ ក៏គេត្រូវការមកមើលទីតាំងជាក់ស្ដែងផងដែរ មុននឹងគេសម្រេចចិត្តទិញ ពីគម្រោងណាមួយនោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here