ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលគ្រោងសាងសង់ផ្កូវជាតិថ្មីមួយខ្សែ ដែលតភ្ជាប់ពីតំបន់ល្វាឯម ក្នុងស្រុកខ្សាច់កណ្តាល ទៅកាន់ទីរួមខេត្តព្រៃវែងនាពេលខាងមុខនេះ។
អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី២០ មករាកន្លងមកថា ផ្លូវថ្មីនេះមិនគ្រាន់តែស្ថិតនៅក្នុងផែនការនៅឡើយ មិនទាន់បានសិក្សាច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើផ្លូវនេះសាងសង់ វានឹងជាផ្លូវកាត់មួយពីភ្នំពេញ ទៅកាន់ខេត្តព្រៃវែង ព្រោះផ្លូវជាតិលេខ១មានចម្ងាយឆ្ងាយ។
លោកបន្តថា “មែនទែនទៅផ្លូវនេះ មានខ្សែផ្លូវដែលមានស្រាប់មួយចំនួនហើយ ប៉ុន្តែបើសាងសង់គឺត្រូវសាងសង់ផ្កូវថ្មី ប្រវែងប្រមាណ ២៦គីឡូម៉ែត្រ ដើម្បីតភ្ជាប់ផ្លូវនេះ”។ លោកបន្តថា ទោះជាយ៉ាងណា វាមិនទាន់ស្ថិតក្នុងផែនការអាទិភាពនៅឡើយទេ”។
លោកវ៉ាស៊ីម សូរិយា បានបន្តទៀតថា ការស្ថាបនាផ្កូវជាតិនិមួយៗ ត្រូវធ្វើតាមជំហ៊ាន និងតាមកញ្ចប់ថវិកាអាទិភាពរបស់រដ្ឋាភិបាល ជាក់ស្តែងគំរោងមួយចំនួនត្រូវបានលើកពេល ដោយសារគំរោងអាទិភាពត្រូវបានដាក់ក្នុងផែនការសាងសង់ជាមុន ព្រោះវាជាការបន្ទាន់និងចាំបាច់ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ផង និងលើកស្ទួយសេដ្ឋកិច្ចសង្គមផង៕