តើគួរវិភាគលើកត្តាអ្វីខ្លះ មុនពេលគិតពីផែនការពង្រីករាជធានីភ្នំពេញ?

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ផែនការ ក្នុងការពង្រីកផ្ទៃរាជធានីភ្នំពេញមានអង្កត់ផ្ចិតរហូតដល់១០០គីឡូម៉ែត្រ ប៉ុន្តែអ្នកជំនាញមើលឃើញថាលទ្ធភាព នៃការពង្រីកផ្ទៃដីរាជធានីភ្នំពេញតូចធំឬលឿនរហ័ស វាអាស្រ័យលើអត្រាកំណើនប្រជាជនលឿនឬយឺត។

ទោះជាយ៉ាងណាក្រុមអ្នកជំនាញបានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើ​ងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូល ភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។

លោកប៉ូ អ៊ាវគង់នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការពង្រីកក្រុងភ្នំពេញ វាអាចលឿនរហ័ស អាស្រ័យលើកំណើនប្រជាជនលឿនឬយឺតដូចគ្នា។ បើសិនជាកំនើនលឿន លទ្ធភាពនៃការពង្រីកក៏កាន់តែលឿនដែរ តែបើសិនជាកំណើនប្រជាជននៅរាជធានីភ្នំពេញកើនយឺត ក៏លទ្ធភាពនៃការពង្រីករាជធានីក៏យឺតដូចគ្នាដែរ ។

លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ខ្ញុំគិតថា ទឹកដីរាជធានីវាមិនអាចពង្រី​កឱ្យផុតទឹកដីខេត្តកណ្ដាលទេ បើយើងគិតតាមប្រជាសាស្ត្រ ពីព្រោះការពង្រីក ការពង្រីកក្រុង ដើម្បីឱ្យវាមានប្រសិទ្ធភាព គឺទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធ និងការរៀបចំប្លង់មេត្រឹមត្រូវ”។ លោកបន្ថែមថា “បើពុំមានផែនការច្បាស់លាស់ទេ ការបង្កើតក្រុងមានឈ្មោះតែនៅក្នុងក្រុងភ្នំពេញ តែការរស់នៅវិញគឺមិនខុសពីនៅខេត្តទេ”។

លោកប៉ូ អ៊ាវគង់បានបន្តថា ទាក់ទងនឹងការរៀបចំប្លង់មេ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធវិញក៏ត្រូវការពេលវេលា និងថវិកាច្រើនផងដែរ ដូច្នេះភ្លាមៗវាពិតជាមិនអាចទៅរួចនោះដែរ។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Land Station ក៏បានលើកឡើងផងដែរថា ការពង្រីករាជធានីភ្នំពេញ អាចធ្វើទៅបានគឺមានតែការកាត់យកដីខេត្តនៅជាប់រាជធានីភ្នំពេញ មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ ។

លោកបន្តថា “នៅពេលរដ្ឋាភិបាលពង្រីកទីក្រុងភ្នំពេញជាបន្តបន្ទាប់ នឹងធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់ជាប់រាជធានីភ្នំពេញស្ទុះងើបមួយកម្រិតទៀតផងដែរ”។

លោកបន្តថា តម្លៃដីធ្លីនៅខេត្តជាប់រាជធានីភ្នំពេញ នៅពេលនេះគេអាចរកទិញបានក្នុងតម្លៃមួយទាប ប៉ុន្តែនៅពេលដែលមានការពង្រីករាជធានីភ្នំពេញ តម្លៃដីធ្លីនឹងមានការកើនឡើងទ្វេដង ឬអាចច្រើនជាងនេះបន្ថែមទៀត អាស្រ័យទៅលើសក្ដានុនៃតំបន់ទាំងនោះ។ ជាក់ស្ដែងតម្លៃដីធ្លីនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីមុនគេឃើញថា ក្នុងកម្រិតមួយទាបហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ដែរ តែពេលដែលមានការអភិវឌ្ឍឡើង តម្លៃដីធ្លីក៏ហក់ងើបឡើងជាមុនគួរឱ្យកត់សម្គាល់ផងដែរ៕

ប្រទេសឡាវទទួលបានចំណូលរាប់ពាន់លានដុល្លារពីការនាំចេញអគ្គសនីមកក​ម្ពុជា និងប្រទេសមាជិកអាស៊ានដទៃទៀត

ដោយៈសុខុម

ប្រទេសឡាវ៖ ប្រទេសឡាវ រកចំណូលបានច្រើនរហូតដល់ទៅ២.០១២លានដុល្លារអាមេរិក ពីការនាំចេញអគ្គិសនីមកកាន់ប្រទេសនានា ក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងនៅឆ្នាំ២០២១ ដោយកើនឡើង១២%បើធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃទី១៨ វិច្ឆិកា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Sonexay Siphandone បានថ្លែងទៅកាន់រដ្ឋសភាថា ប្រទេសឡាវ បាននាំចេញថាមពលអគ្គិសនីចំនួន២៦.៩៧២លានគីឡូវ៉ាត់ម៉ោង (kWh) ទៅកាន់ប្រទេសផ្សេងទៀត។

លោកបញ្ជាក់ថា ថាមពលអគ្គិសនីសរុប៧.២៥៣លានគីឡូវ៉ាត់ម៉ោង (kWh) ក៏ត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុកផងដែរ។

បច្ចុប្បន្នប្រទេសឡាវ មានប្រភពថាមពលអគ្គិសនីចំនួន៨៦ ប្រភពជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នា សរុបជាង១០.៤០០មេហ្គាវ៉ាត់ (MW) ដោយក្នុងនោះ៨០%ផលិតចេញពីទំនប់វារីអគ្គិសនី។ ប្រភពថាមពលអគ្គិសនីផ្សេងៗទៀត រួមមាន រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ជីវម៉ាស និងសូឡា (ថាមពលពន្លឺព្រះអាទិត្យ) ផងដែរ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល Daovong Phonekeo បានថ្លែងទៅកាន់រដ្ឋសភាថា រោងចក្រថាមពលអគ្គិសនីបន្ថែមទៀត កំពុងស្ថិតក្រោមដំណើរការសាងសង់ សម្រាប់ផលិតអគ្គិសនី លក់ទៅឱ្យបណ្ដាប្រទេសជិតខាង និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ដទៃទៀត។

ការលក់អគ្គិសនី គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់មួយ របស់ប្រទេសឡាវ ជាពិសេសតាមរយៈការលក់ទៅឱ្យប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។

ប្រទេសសិង្ហបុរី ក៏បានប្រកាសកាលពីខែកញ្ញាដែរថា ខ្លួននឹងសាកល្បងនាំចូលអគ្គិសនីពីប្រទេសឡាវ តាមរយៈប្រទេសថៃ និងប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនអគ្គិសនីសិង្ហបុរី Keppel Electric និងអគ្គិសនីឡាវ (Electricite du Laos)៕ Laotian Times៕

លោកបណ្ឌិតគីម ហ៊ាងបង្ហើបពីវិធីសាស្រ្តចំនួនបីដើម្បីទីផ្សារដីធ្លីងើបឡើងវិញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យកំពុងជាប់ផុងក្នុងវិបត្តិ អ្នកជំនាញជើងចាស់ក្នុងវិស័យនេះ បានបង្ហើបនូវកត្តាដំណោះស្រាយចំនួន៣ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញល្អប្រសើរ ពិសេសការវិនិយោគលើដីធ្លី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ដើម្បីឲ្យទីផ្សារអចលនទ្រព្យ ពិសេសសេដ្ឋកិច្ចងើបឡើងវិញទាមទារនូវដំណោះស្រាយចំនួនបី ទី១ ការវិនិយោគពីអ្នកមានក្នុងស្រុកឲ្យបានច្រើន ទី២ អ្នកមាននៅបរទេសចូលមកវិនិយោគ ក្នុងស្រុកឲ្យបានច្រើន និងទី៣ អ្នកមាននៅក្នុងស្រុក ដែលយកលុយទៅផ្ញើរនៅបរទេស ជួយបង្វែរលុយទាំងនោះមកវិនិយោគក្នុងស្រុកវិញ។

លោកបន្តថា “បើពឹងតែអ្នកវិនិយោគក្នុងស្រុកតែមួយមុខ ទីផ្សារអចលនទ្រព្យមិនអាចដើរបានល្អទេ វាទាមទារនូវលំហូរទុនវិនិយោគ ពីគ្រប់ប្រទេសមកកាន់កម្ពុជា និងអ្នកមាននៅបរទេស និងក្នុងស្រុកចាប់ផ្តើមវិនិយោគនៅកម្ពុជា”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបន្តថា ក្នុងរយៈពេលជិត២ឆ្នាំហើយ មិនសូវឃើញមានអ្នកលក់ដីបានតម្លៃ១០លានដុល្លារ ហើយយកលុយនោះទៅវិនិយោគបនន្តទេ ព្រោះធម្មតា អ្នកលក់ដីបាន១០លានដុល្លារ ពួកគេអាចនឹងចំណាយ៥លានដុល្លារទិញដីឡើងវិញ ទិញដីធំជាងមុន អាចឆ្ងាយជាងមុន។ ចំណែកអ្នកលក់ដីបាន៥លានដុល្លារ អាចយកលុយ២ទៅ៣លានដុល្លារ ហើយអ្នកលក់ដីបាន៣លានដុល្លារ អាចចំណាយប្រាក់១លានឬ២លានដុល្លារដើម្បីទិញដីវិនិយោគបន្ត។

លោកបន្តថា “ប៉ុន្តែក្នុងស្ថានភាពនេះ អ្វីៗហាក់បានស្ងប់ស្ងាត់ ប៉ុន្តែវាជាពេលដែលអ្នកមានលុយច្រើន មានឱកាសចំណេញច្រើន ព្រោះពួកគេអាចទិញដីបានតម្លៃល្អៗច្រើន និងមានផលចំណេញខ្ពស់”៕

សម្តេចតេជោនឹងអញ្ជើញសម្ភោធសមិទ្ធផលផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ នៅដើមខែធ្នូខាងមុខនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធផ្លួវចំំនួន ៣៤ខ្សែ​នៅក្រុងព្រះសីហនុ នាថ្ងៃទី ២ធ្នូខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញឲ្យដឹងថា កាលពីថ្ងៃទី​១៨​ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ និងជាប្រធានគណកម្មការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែ​ និងពិនិត្យទីតាំងសម្រាប់ត្រៀម សម្ពោធខ្សែផ្លូវទាំង ៣៤ខ្សែ​ នាថ្ងៃទី២​ ខែធ្នូ​ ខាងមុខនេះ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបង្ហាញប្លង់ស្ថាបត្យកម្មលើបុរីធំមួយនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់អន្តរជាតិ Zhucun Design ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បាននិងកំពុងបង្ហាញស្នាដៃ ក្នុងការរចនាប្លង់សម្រាប់គម្រោងបុរីដ៏ធំមួយនៅកម្ពុជា ខណៈក្រុមហ៊ុននេះទទួលបានរង្វាន់ជាច្រើន កម្មវិធីទាក់ទងនឹងរចនាប្លង់ និងស្ថាបត្យកម្ម។

ក្រុមហ៊ុន Zhucun Design ដែលបានបង្កើតឡើងនៅឆ្នាំ២០០៩ ទទួលបានពានរង្វាន់ជាច្រើនកម្មវិធី Design Award 2021 ពានរង្វាន់ពី A’Design Award & Competition ពានរង្វាន់ពី German Design Award 2021 ពានរង្វាន់ពី Architecture Masterprizeពានរង្វាន់ពី K-Design’20 ពានរង្វាន់ពី Good Design Award 2020 និងពានរង្វាន់ជាច្រើនទៀត។

ម្រោងដែលក្រុមហ៊ុន Zhucun Design រចនាប្លង់ជូន គឺបុរីថ្មីមួយ GB Residence បាននិងកំពុងបង្ហាញវត្តមាននៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងកាលពីពេលថ្មីៗនេះថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាពប្រណីតភាព និងភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។​ លោកបន្តថា “ផ្ទះក្នុងគំរោង GB Residence មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។

បុរី GB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ៕

ប្រជាពលរដ្ឋអាស៊ី កំពុងសម្រុកទិញអចលនទ្រព្យនៅអង់គ្លេស ជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់

ដោយៈសុខុម

សិង្ហបុរី: បច្ចុប្បន្នពលរដ្ឋអាស៊ី កំពុងសម្រុកទិញអចលនទ្រព្យ នៅក្នុងប្រទេសអង់គ្លេស ជាពិសេសលំនៅដ្ឋាន ជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យក្នុងប្រទេសអឺរ៉ុប មួយនេះហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ វិច្ឆិកា។

ចំនួនផ្ទះនៅអង់គ្លេស និងវ៉េលស៍ (Wales) ដែលកាន់កាប់ដោយអ្នកទិញនៅក្រៅប្រទេសបានកើនឡើងជិត៣ដង ក្នុងទសវត្សរ៍ចុងក្រោយនេះ នៅពេលពលរដ្ឋអាស៊ី សម្រុ​កហក់ចូលក្នុងទីផ្សារលំនៅដ្ឋានរបស់អង់គ្លេស។ ទោះជាយ៉ាងណា ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភថា បណ្ដាវិនិយោគិននៅក្រៅប្រទេស ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ កំពុងធ្វើឱ្យតម្លៃអចលនទ្រព្យហក់ឡើងកាន់តែខ្ពស់ ដែលធ្វើឱ្យប្រជាជនក្នុងស្រុកគ្មានលទ្ធភាពទិញ។

បញ្ហាកម្មសិទ្ធិរបស់ជនបរទេសលើអចលនទ្រព្យ នៅតែចោទជាបញ្ហាដ៏ចម្រូ​ង​ចម្រាសនៅក្នុងប្រទេសនេះ។ ទិន្នន័យផ្លូវការស្ដីពីបញ្ហានេះមានតិចតួចណាស់ ប៉ុន្តែការវិភាគដោយអង្គការ មិនស្វែងរកប្រាក់ចំណេញមួយ ដែលមានឈ្មោះថា Centre for Public Data (CFPD) បានបង្ហាញថា ចំនួនជនបរទេសដែលទិញអចលនទ្រព្យបានហក់ចូលក្នុងទីផ្សារអង់គ្លេស កាន់តែច្រើនឡើងៗ។

ការវិភាគនេះបានបង្ហាញពីការព្រួយបារម្ភថា អ្នកទិញជាជនបរទេសជាអ្នកធ្វើឱ្យតម្លៃអចលនទ្រព្យ ក្នុងប្រទេសនេះហក់ឡើងខ្ពស់។ យោងតាមទិន្នន័យផ្លូវការឱ្យដឹងថា តម្លៃលំនៅដ្ឋាននៅអង់គ្លេស បានហក់ឡើងពីកម្រិតមធ្យម២២៥.០០០ដុល្លារអាមេរិក ក្នុង១ខ្នងនៅដើមឆ្នាំ២០១០ រហូតដល់៣៥៥.០០០ដុល្លារអាមេរិក នៅត្រឹមខែសីហា ឆ្នាំ២០២១។

យោងតាមអង្គការ CFPD បានឱ្យដឹងថា អចលនទ្រព្យប្រភេទលំនៅដ្ឋានជិត២៥០.០០០ខ្នងនៅអង់គ្លេស និងវ៉េលស៍ (Wales) ត្រូវបានកាន់កាប់ដោយជនបរទេស បើធៀបនឹងតួលេចតិចជាង៨៨.០០០ខ្នងនៅក្នុងឆ្នាំ២០១០។

ទិន្នន័យបង្ហាញថា ចំនួន២ភាគ៣នៃការទិញផ្ទះ ពីសំណាក់ជនបរទេសគឺមកពីប្រទេសប្រមាណជាង១០។ ហើយក្នុងចំណោមពលរដ្ឋអាស៊ីទាំងនោះ ពលរដ្ឋហុងកុង ទិញច្រើនជាងគេបង្អស់ ដោយផ្ទះដែលពួកគេទិញនៅអង់គ្លេស និងវ៉េលស៍ (Wales) មានចំនួនរហូតដល់ទៅ២៣.៥២៤ខ្នង បើធៀបនឹងចំនួន២.១៧០ខ្នងក្នុងឆ្នាំ២០១០។ ទន្ទឹមនេះ ពលរដ្ឋសិង្ហបុរី និងម៉ាឡេស៊ី ក៏ស្ថិតក្នុងចំណោមអ្នកទិញច្រើនផងដែរ៕ CNA៕

ហេតុអ្វីទើបអ្នកគួរតែវិនិយោគលើសួនពាណិជ្ជកម្មណាឌី?

ដោយសហការី

ភ្នំពេញ៖ អចលនទ្រព្យពាណិជ្ជកម្មគឺជាការវិយោគដ៏មានឥទ្ធិពលបំផុតមួយសម្រាប់អ្នកវិនិយោគទាំងអស់។ នៅក្នុងថ្ងៃនេះយើងក៏បាននាំមកជូនលោកអ្នកនូវបណ្ដុំអចលនទ្រព្យពាណិជ្ជកម្មនៃបុរី ណាឌីគឺ “សួនពាណិជ្ជកម្មណាឌី”។

សួនពាណិជ្ជកម្មណាឌីមានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសន្ទុះនៃការអភិវឌ្ឍខ្លាំងគឺខណ្ឌជ្រោយចង្វារ។ អ្នកតំណាងផ្ទាល់ពីបុរី ណាឌីបានរៀបរាប់ក្នុងព្រឹត្តិការណ៍សម្ពោធសួនពាណិជ្ជកម្មណាឌីអំពីការផ្ដល់ជូននូវសេវាកម្មឡានក្រុងដែលនឹងបម្រើដល់អ្នកមកទស្សនាកម្សាន្តជាង 10,000 នាក់ក្នុងមួយថ្ងៃ ហើយទីនេះមាន ចម្ងាយ ត្រឹមតែ 2 គីឡូម៉ែត្រប៉ុណ្ណោះពីពហុកីឡដ្ឋានដែលនឹងប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ទាំងនេះបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់អ្នកអភិវឌ្ឈចំពោះម្ចាស់គេហដ្ឋានទាំងអស់។ ក្រៅអំពីនេះ សួនពាណិជ្ជកម្មណាឌី ក៏មានក្រុមហ៊ុនអន្តរជាតិជាង 10 ត្រៀមជួលទីតាំងរួចជាស្រេចរួមមាន ភោជនីយដ្ឋានKabukicho, Luk Hot Pot, Hong Kong Restaurant, Singapore Bak Kut Teh, Bioplus Health Centre, GC Pest Control ហើយក៏កំពុងអញ្ជើញក្រុមហ៊ុនលំដាប់ពិភពលោកដូចជា៖ Starbucks Coffee, Burger King, Adidas Outlet, Nike Outlet, Breadtalk ជាដើមមកចូលរួម។ ទាំងនេះសបញ្ជាក់ឲ្យឃើញថាម្ចាស់អាជីវកម្មទាំងអស់អាចឈប់បារម្ភអំពីចំនួនអ្នកមកទស្សនាកម្សាន្តដោយសារតែភាពល្បីល្បាញនាពេលអនាគតរបស់សួនពាណិជ្ជកម្មណាឌីនៅពេលដែលក្រុមហ៊ុនទាំងនេះចូលមកដល់។

មិនតែប៉ុណ្ណោះបន្ទាប់ពីការប្រគល់ផ្ទះ សហគមន៍ណាឌី នឹងមានអ្នករស់នៅមិនក្រោម 5,000នាក់បន្ថែមទៀតសម្រាប់ជាអតិថិជនរបស់អាជីវកម្មទាំងអស់។

សម្រាប់ប្រជាជនកម្ពុជាដែលចង់ធ្វើការវិនិយោគចម្រុះ និងចង់ប្រើប្រាស់ធនធានក្នុងការវិនិយោគ លើអចលនទ្រព្យពាណិជ្ជកម្មគម្បីធ្វើការជ្រើសរើសទីកន្លែងឲ្យបានត្រឹមត្រូវដើម្បីធានាផ្ដល់ជូននូវផលចំណេញប្រកបដោយចីរភាព និងភាពនឹងនរផងដែរ។ លោកអ្នកគម្បីសម្លឹងមើលលក្ខខណ្ឌ ខ្លះៗមុននឹងធ្វើការវិនិយោគដែលមានដូចជា៖

1.អត្រាផលចំណេញ
ការវិនិយោគលើទីតាំងឲ្យបានត្រឹមត្រូវគឺជាកត្តាដ៏សំខាន់មួយ។ ក៏ប៉ុន្តែសម្រាប់អត្រាផល ចំណេញអាស្រ័យលើភាពវ័យឆ្លាតនៅក្នុងការគ្រប់គ្រងអចលនទ្រព្យរបស់ម្ចាស់អាគារ។ ប្រសិនបើលោកអ្នកជាម្ចាស់នៃផ្ទះអាជីវកម្មដែលមានកម្ពស់ច្រើនជាន់ លោកអ្នកអាចជ្រើសរើស ជួលផ្ទះទាំងស្រុងឲ្យអ្នកជួលតែម្នាក់ ឬក៏បែងចែកទីតាំងសម្រាប់ជួលឲ្យប្រភេទអាជីវកម្មផ្សេងៗ គ្នាបន្ថែមទៀត។ ជាន់នីមួយៗអាច បែងចែកសម្រាប់ឲ្យអ្នកជួលផ្សេងៗគ្នា។ សម្រាប់ម្ចាស់សួន ពាណិជ្ជកម្មណាឌី លោកអ្នកអាចជ្រើសរើសក្នុងការជួលជាន់ដំបូលឲ្យម្ចាស់ភោជនីយដ្ឋានបែប ស្កាយបារដើម្បីទទួលបានតម្លៃជួលកាន់តែខ្ពស់ជាជាងការជួលឲ្យអ្នកជួលតែម្នាក់។

2. កំណើនលំហូរសាច់ប្រាក់
ការវិនិយោគលើអចលនទ្រព្យដែលឆ្លាតវៃអាចបង្កើននូវចំណូលបន្ថែមទៀតសម្រាប់លោកអ្នក។ ក្នុងពេលជាមួយគ្នានេះផងដែរ ចំណូលពីការជួលអចលនទ្រព្យបែបពាណិជ្ជកម្មធានា បាននូវអត្រាចំណូលខ្ពស់ជាងអចលនទ្រព្យលំនៅឋានផ្សេងៗទៀត។ ជាលទ្ធផល លោកអ្នកក៏ អាចប្រើប្រាស់នូវចំណូលពីការជួលនោះសម្រាប់កម្ចីទិញផ្ទះ និងតម្លៃជុសជុលផ្សេងៗ ទៀត។

3. ការកើនតម្លៃ
លក្ខខណ្ឌនេះអាស្រ័យទៅលើកត្តាទីតាំង ក៏ប៉ុន្តែអ្នកគ្រប់គ្នាសុទ្ធតែបានដឹងជាទូទៅថា អចលនទ្រព្យពាណិជ្ជកម្មមានអត្រាចំណូលជួលខ្ពស់ជាងអចលនទ្រព្យបែបលំនៅឋាន។ ទោះជាយ៉ាងនេះក្ដីអត្រានេះក៏អាស្រ័យទៅលើកត្តាផ្សេងៗទៀតដូចជាចំនួនប្រជាជន ទីតាំង រយៈពេលនៃការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗទៀត និងកត្តានគររូបនីយកម្មជាដើម។ សម្រាប់ទីតាំងសួនពាណិជ្ជកម្ម ណាឌី មានទីតាំងនៅក្បែរនឹងផ្លូវជាតិលេខ 6 ដែលជាតំបន់កំពុងមានសន្ទុះខ្លាំងក្លា រួមមានការិយាល័យរដ្ឋាភិបាល ក្រុមហ៊ុនអន្តរជាតិជាច្រើនបានប្ដូរទៅកាន់តំបន់មួយនេះព្រមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅជាច្រើននៅជុំវិញទីនោះ។ លក្ខខណ្ឌទាំងនេះបានជះឥទ្ធិពលជាវិជ្ជមានជាច្រើនដល់តម្លៃអចលនទ្រព្យនៅក្នុងតំបន់មួយនេះ។

4. កាត់បន្ថយការចំណាយលើការជុសជុល និងគ្រប់គ្រង
ប្រសិនបើយើងសម្លឹងមើលទៅលើការជុសជុល និងគ្រប់គ្រងវិញ អចលនទ្រព្យ ពាណិជ្ជកម្មទាមទារឲ្យមានការថែទាំតិចបំផុតអំពីម្ចាស់ផ្ទាល់។ ជាទូទៅម្ចាស់ផ្ទះគ្រាន់តែជួលផ្ទះទទេរទៅឲ្យអ្នកជួលប៉ុណ្ណោះ។ អ្នកជួលអចលនទ្រព្យបែបពាណិជ្ជកម្មអាចជាអ្នកទទួលខុសត្រូវលើការរចនាដេគ័រ និងការកែកុនទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃអាគារឲ្យសមស្របទៅនឹងតម្រូវការរបស់ ពួកគេ។ ពួកគេក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ថែទាំនូវអាគារទាំងមូលផងដែរ ដោយសារតែនេះជា ទីតាំងសម្រាប់ស្វាគមន៍អតិថិជន។

5. ការជួលរយៈពេលវែង
ក្រៅអំពីនេះ ការជួលអាគារនៅសួនពាណិជ្ជកម្មណាឌីភាគច្រើនមានរយៈពេលវែង ដោយសារតែអ្នកអភិវឌ្ឍគម្រោងបាននាំមកជូននូវស្លាកសញ្ញាពាណិជ្ជកម្មដ៏ល្បីល្បាញ ទាំងឧស្សាហកម្មអាហារ និងភេសជ្ជៈ វេជ្ជសាស្រ្ត និងហាងទំនិញដែលធ្វើឲ្យអត្រានៃការ ផ្លាស់ប្ដូរទីតាំងមានកម្រិតទាប។ សម្រាប់អ្នកជួលដែលចំណាយធនធានទៅលើការកែកុននៃអាគារ ច្រើន ការផ្លាស់ប្ដូរទីតាំងសម្រាប់ពួកគេគឺប្រៀបបីដូចជាការចំណាយលុយចោលដូច្នេះឯង។ ក្រៅអំពីការចំណាយខ្ពស់ក្នុងការកែកុនហាងនៅពេលប្ដូរទីតាំងថ្មី សម្រាប់ប្រភេទអាជីវកម្មដែល រកចំណូលបានពីអតិថិជនមកកាន់ហាងដោយផ្ទាល់ដូចជាភោជនីយដ្ឋាន ហាងកាហ្វេ និងហាងទំនិញ លក់រាយប្រាកដជាមិនចង់បាត់បង់អតិថិជនដែលគាត់បានបង្កើតស្រាប់នៅក្នុងទីតាំងដើមនោះទេ។

សួនពាណិជ្ជកម្មណាឌីត្រូវបានរចនាឡើងដោយផ្ដោតលើការបង្កើននូវប្រសិទ្ធិភាពប្រើប្រាស់អាគារ ទីតាំង និងពេលវេលា។ គេហដ្ឋានទាំងអស់មានកម្ពស់ 4 ជាន់ព្រមជាមួយនឹងបន្ទប់គេង 4 និងបន្ទប់ទឹក 5 នៅគ្រប់ផ្ទះទាំងអស់ ព្រមជាមួយនឹងវ៉េរ៉ង់ដាចំនួន 2 សម្រាប់មើលទេសភាពដ៏ ស្រស់បំព្រង។ សួនពាណិជ្ជកម្មណាឌីក៏រួមមាននូវផ្ទះជាន់លើបង្អស់សម្រាប់ឲ្យម្ចាស់លំនៅឋាន ទាំងអស់ប្រើប្រាស់ផងដែរ។ ពួកគេក៏អាចកែប្រែជាន់ដំបូលឲ្យក្លាយទៅជាស្កាយបារផ្ទាល់ខ្លួនផង ឬជួលសម្រាប់ការប្រើប្រាស់ផ្សេងទៀតផង។

តើអ្នកចាប់អារម្មណ៍ពីសួនពាណិជ្ជកម្មណាឌីមែនទេ? ការិយាល័យលក់បុរី ណាឌី បានបន្តបើកដំណើរការបន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់រួចរាល់។ លោកអ្នកអាច អញ្ជើញមកទស្សនាការិយាល័យលក់ផ្ទាល់ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ​6 ហើយនៅក្នុងឱកាសដ៏ពិសេសបំផុតនេះរង្វាន់ថ្លែងអំណរគុណ ការធានាជួលត្រឡប់ ប្រូម៉ូសិនពិសេសៗ និងការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវបានផ្ដល់ជូនទៅអតិថិជនទាំងអស់ ដែលកក់នៅក្នុងពេលនេះ។

សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌីសូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការ៖
– Borey Nadi by GC City: https://www.facebook.com/NADIBYGCC
– Borey Nadi by GC City: https://www.instagram.com/borey_nadi_by_gc_city/
– ឆាណែលតេលេក្រាម – https://t.me/BOREYNADIBYGCCITY
– លេខទូរស័ព្ទ និងតេលេក្រាម: 096 606 6688

ផ្សារជីស៊ី អូរឫស្សីបាននាំមកជូននូវកាត VIP សម្រាប់ម្ចាស់តូបទាំងអស់

ដោយសហការី

ភ្នំពេញ៖ ផ្សារជីស៊ី អូរឫស្សីបាននាំមកជូននូវកាតសមាជិក VIP សម្រាប់ម្ចាស់តូបផ្សារជីស៊ី អូរឫស្សីទាំងអស់។ លោកកាំង នីន នាយកផ្នែកលក់នៃគម្រោងផ្សារជីស៊ី អូរឫស្សីបានមានប្រសាសន៍ថា “ផ្សារជីស៊ី អូរឫស្សីខុសប្លែកអំពីគម្រោងអភិវឌ្ឍដទៃទៀតដោយយើងព្យាយាមស្វែងរក និងនាំមកជូននូវមុខងារថ្មីៗបន្ថែមទៀតសម្រាប់ម្ចាស់តូបទាំងអស់”។

ផ្សារជីស៊ី អូរឫស្សីត្រូវបានរចនាឡើងប្លែកពីគេដោយបានរួមបញ្ចូលគ្នានូវរចនាបទដែលជាកម្ចីពី ប្រវត្តិសាស្រ្តផងដោយបម្លែងឲ្យទៅជារចនាបទទំនើប ប៉ុន្តែនៅរក្សាបាននូវស្ថាបត្យកម្មប្រពៃណីខ្មែរបុរាណ។ ផ្សារក្នុងស្រុកនេះត្រូវបានបង្កើតឡើងជាពិសេសស្របទៅតាមបរិបទរស់នៅនៃប្រជាជនក្នុងស្រុក បរិយាកាស និងឥរិយាបទអ្នកប្រើប្រាស់ ហើយការរចនាក៏បានយកចិត្តទុកដាក់លើដំណើរការនៃលំហូរខ្យល់ និងបែងចែកពន្លឺធម្មជាតិបានកាន់តែប្រសើរឡើង ដែលនេះជាកត្តាដ៏សំខាន់មួយសម្រាប់ធាតុអាកាសក្នុងតំបន់ត្រូពិច ក្នុងការធ្វើយ៉ាងណាឲ្យមានម្លប់ច្រើន និងការពារផ្នែកខាងក្នុងពីទឹកភ្លៀង។

នៅក្នុងថ្ងៃនេះផ្សារជីស៊ី អូរឫស្សីបាននាំមកនូវកាតសមាជិក VIP ដែលជាកាតត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ម្ចាស់តូបទាំងអស់។ កាតសមាជិក VIP ជាអ្នកសម្របសម្រួលដល់ប្រតិបត្តិការរវាងម្ចាស់តូបទាំងអស់ និងក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មឲ្យដំណើរការកាន់តែមានប្រសិទ្ធិភាព មានភាពប្រសើរឡើង និងពោរពេញដោយតម្លា ភាពផងដែរ។ លោកកាំង នីនបានបញ្ជាក់ថា សម្រាប់រាល់អតិថិជនទាំងអស់ដែលបានកក់តូបផ្សារជីស៊ី អូរឫស្សីនៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូករហូតដល់ចុងខែវិច្ឆិកានេះ នឹងទទួលបាននូវកាតសមាជិក VIP ផ្សារជីស៊ី អូរឫស្សីព្រមជាមួយ 500 ពិន្ទុរួចជាស្រេច។ ម្ចាស់តូបអាចប្រើប្រាស់ពិន្ទុនេះដើម្បីបង់តម្លៃសេវាគ្រប់គ្រង និតម្លៃចំណាយផ្សេងៗទៀតនាពេលអនាគត។ លោកកាំង នីនក៏បានបន្ថែមទៀតថា “ផ្សារជីស៊ី អូរឫស្សី ទទួលបាននូវការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចាប់ពីការបើកទទួលចុះឈ្មោះរើសតូបនៅក្នុងខែឧសភាមកដល់ពេលបច្ចុប្បន្ននេះ។ ​ក្រុមការងាររបស់យើងកំពុងតែបន្តធ្វើការស្វែងរក និងនាំមកជូននូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ផ្សេងទៀតសម្រាប់ម្ចាស់តូបទាំងអស់”។ លោកបានសង្កត់ធ្ងន់ថា “ផ្សារជីស៊ី​ អូរឫស្សីមិនត្រឹមតែជាផ្សារបោះដុំប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាទីកន្លែងដែលរក្សាទុកនូវទ្រព្យសម្បត្តិដ៏មានតម្លៃ បំផុតរបស់ប្រជាជនកម្ពុជា។ យើងរក្សារនូវទំនៀមទម្លាប់ ជំនឿ និងវប្បធម៌ពីអតីតកាលមកដល់បច្ចុប្បន្នកាល។ យើងព្យាយាមធ្វើជាអ្នកអភិវឌ្ឍដែលផ្ដល់នូវជំនួយឲ្យបានកាន់តែច្រើនទៅកាន់ម្ចាស់អាជីវកម្មទាំងអស់ឲ្យទទួលបានជោគជ័យ”។

ផ្សារជីស៊ី អូរឫស្សី បានផ្ដល់ជូននូវឱកាសវិនិយោគដែលមិនធ្លាប់មានពីមុនមក។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 សម្រាប់រាល់អតិថិជនដែលកក់នូវតូបផ្សារចំនួន 2 យូនីត នឹងទទួលបានការរចនាប្រភេទ Diamond ដោយឥតគិតថ្លៃ ហើយសម្រាប់អ្នកកក់ 1 យូនីតក៏អាចទទួលបានការរចនាប្រភេទ Silver ព្រមជាមួយនឹង កាតសមាជិក VIP 500 ពិន្ទុរួចជាស្រេចទៀតផង។

សម្រាប់ព័ត៌មានលម្អិតពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើង៖

មន្រ្តីជាន់ខ្ពស់ចុះពិនិត្យទីតាំងដើម្បីរៀបចំសម្ភោធស្ពានស្តឹងត្រង់ ក្រុចឆ្មារក្រោមអធិបតីសម្តេចតេជោហ៊ុន សែន

ដោយៈ ជេស៊ីកា

កំពង់ចាម/ត្បូងឃ្មុំៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ ការចុះត្រួតពិនិត្យ ទីតាំងសម្រាប់ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានគម្រោងស្ថាបនាសាងសង់ ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងសម្រាប់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តឡើងបានយ៉ាងរលូន តាមផែនការដែលបានគ្រោងទុក។

នាឱកាសនោះ លោកលឹម ស៊ីដេនីនបានណែនាំឱ្យក្រុមហ៊ុន រួមទាំងក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗ ឱ្យបានច្បាស់​លាស់ និងធ្វើការសហការគ្នាឱ្យបានជិតស្និទ្ធ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីអាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពការងារ។

ស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័សដែលកន្លងមក ពួកគាត់ធ្វើដំណើរឆ្លងកាត់តំបន់នេះ តាមរយៈការឆ្លងសាឡាង និងជាស្ពានផ្តល់សក្តានុពលខ្ព ស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាព រស់នៅកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។

កន្លងមកលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពាននេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៕

ក្រុមហ៊ុនធំចំនួន៤ ចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីទាក់ទាញទាក់ទាញការវិនិយោគមកកាន់ខេត្តព្រះសីហនុ

ដោយៈ គង់ សិរីជេស៊ីកា

ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងគោលដៅទាក់ទាញការវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ។

លោកជា កុកហុង មានប្រសាសន៍ពិធីចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា​កន្លងមកថា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានក្រុមហ៊ុនចំនួន៤ បានផ្តួចផ្តើមចងក្រងសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ។

ផ្តើមចេញពីផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការអភិវឌ្ឍផ្នែកឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវ័យឆ្លាត មានសេវាសាធារណៈល្អ និងការរស់នៅប្រកបដោយរិស្ថានបៃតង។
លោកបន្តថា “ផែនការនេះមានការគិតគូគ្រប់ជ្រុងជ្រោយ រួមបញ្ចូលទាំងការកំណ​ត់តំបន់អភិវឌ្ឍច្បាស់លាស់ ការរៀបចំគោលនយោបាយគាំទ្រ ពង្រឹងសមត្ថភាពស្ថាប័នរបស់ខេត្ត ដើម្បីធានាការទាក់ទាញអ្នកវិនិយោគពីបរទេស និងក្នុងស្រុក ប្រកបដោយគុណភាព ចីរភាព និងនិរន្តភាព”។

លោកបន្តថា “រាជរដ្ឋាភិបាល បានជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ សិន ជិន ជាវិទ្យាស្ថានដឹកមុខ ក្នុងរៀបចំផែនការអភិវឌ្ឍទីក្រុង សិន ជិននិងមានបទពិសោធន៍ បានរៀបចំគម្រោងប្រមាណ ៥៨០០គម្រោងនៅទូទាំងពិភពលោក។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ និងចូលរួមជាសក្ខីភាព ក្នុងការចុះហត្ថលេខាដែលមានក្រុមហ៊ុនចំនួន៤ សម្រាប់ការជម្រុញគាំទ្រ កៀរ​គរអ្នកវិនិយោគ និងអភិវឌ្ឍនៅខេត្តព្រះសីហនុ។ ប្រទេសជាតិ ក៏ដូចជាពិភពលោកស្ថិតក្នុងការគំរាមកំហែងពីកូវីដ-១៩ ក្នុងរយៈពេលកន្លងមក អត្រាកំណើនសេដ្ឋកិច្ចថយចុះតាមកម្រិត តាមការខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចាក់វ៉ាក់សាំង គិតមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំង៨៨ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេសធៀបនឹងប្រជាពលរដ្ឋ១៦លាននាក់។ ដោយឡែកខេត្តព្រះសីហនុ ចាក់វ៉ាក់សាំងបាន ៩៥ភាគរយ។

ផ្ដើមចេញពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះដែរ សម្ដេចតេជោ បានប្រកាសបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ ចំពោះអ្នកទេសចរបរទេស និងជាតិដែលចាក់វ៉ាក់សាំងពេញលេញមានសិទ្ធិចេញចូលកម្ពុជា គ្រាន់តែធ្វើតេស្តម្តងគត់ អនុញ្ញាតឱ្យគាត់អាចធ្វើដំណើរបាន។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងចាប់អារម្មណ៍ដាក់ចេញផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងដាក់ខេត្តព្រះសីហនុ ជាទីផ្សារហិរញ្ញវត្ថុ ផ្ដល់ភាពទាក់ទាញដល់អ្នកវិនិយោគក្រៅស្រុក និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។

លោកបន្តថា សម្ដេចតេជោបានមើលឃើញ ពីការអភិវឌ្ឍរបស់វិស័យឯកជន ការសាងសង់អគារដ៏ស្កឹមស្កៃខ្ពស់នៅទីនេះ ប៉ុន្តែផ្លូវថ្នល់មានការលំបាក សម្ដេចក៏បានដាក់ចេញនូវគោលនយោបាយពីរ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយដកកញ្ចប់សន្សំថវិការបស់រាជរដ្ឋាភិបាលចំនួន១០០លានដុល្លារ កសាងបណ្ដាញខ្សែផ្លូវ និងអូរប្រឡាយមួយចំនួន។ ទី២ ប្រើប្រាស់គោលនយោបាយស្លឹកត្នោត ខ្ចប់ស្ករត្នោត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៤ខ្សែ ហើយសមិទ្ធផលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្ដើរហើយ នឹងសម្ភោធជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។

ការសាងសង់ស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២ បានដាក់ឱ្យដំណើរការ ដោយស្ថានីយទីមួយមានសមត្ថភាពច្រោះទឹកកខ្វក់៥,២០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ស្ថានីយ៍ទី២ មានសមត្ថភាពច្រោះទឹកកខ្វក់៧,២០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបន្តសាងសង់អាងប្រព្រឹ​ត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពច្រោះទឹកកខ្វក់ ២០,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ​៕