អ្នកឧកញ៉ាលី ហួរ បើកសម្ភោធគំរោងវីឡាតម្លៃខ្អង់លានដុល្លារជាលើកដំបូងនៅតំបន់ផ្សារទំនើប AEON Mall2

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក បានបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់ គម្រោងដ៏ប្រណិតទី១៥ របស់ខ្លួនបន្ថែមទៀតគឺ “ឌឹសេនត្រល ខាប់ភីថល៣ ការសាងសង់ ឌឹសេនត្រល ខាប់ភីថល II នេះដោយសារតែតម្រូវការវិស័យអចលនទ្រព្យកើនឡើង និងមានលំនឹងល្អសម្រាប់ប្រទេសកម្ពុជាផងដែរ។

ការបញ្ចុះបឋមសិលានិងបុកគ្រឹះសាងសង់ គម្រោងដ៏ប្រណិតទី១៥ ឌឹសេនត្រល ខាប់ភីថល II របស់បុរីវិមានភ្នំពេញក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក និងលោកជំទាវ ព្រមទាំងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុនផងដែរ។

គម្រោងដ៏ប្រណីតទី១៥ ឌឹសេនត្រល ខាប់ភីថល II នេះ សាងសង់នៅលើផ្ទៃដីទំហំ១១ហិចតា ដែលមានទីតាំងជាប់ គម្រោងឌឹសេនត្រល ខាប់ភីថលI ដែលទើបបើកសម្ភោធកាលពីដើមឆ្នាំ២០២១ ដែលគម្រោងទាំងពីរសាងសង់លើផ្ទៃដី ទំហំសរុប៣១ហិចតា ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ជិតស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់គម្រោងឌឹសេនត្រល ខាប់ភីថល II នៅព្រឹកនេះ អ្នកឧកញ៉ា លី ហួរ ដែលជាប្រធានក្រុមព្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក បានប្រាប់អ្នកសារព័ត៌មានថា “ការសម្រេចចិត្តវិនិយោគ គម្រោងដ៏ប្រណិតទី១៥ ឌឹសេនត្រល ខាប់ភីថល II នេះឡើងដោយសារបច្ចុប្បន្ន លោកមើលឃើញស្ថានភាពទូទៅ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា មានកំណើនល្អគួបផ្សំជាមួយនឹងស្ថេរភាពនយោបាយ សេដ្ឋកិច្ចមានលំនឹងនាំអោយការធ្វើវិនិយោគលើ វិស័យអចលនទ្រព្យនៅតែមានតម្រូវការខ្ពស់”។

អ្នកឧកញ៉ាបន្តថា “សំណង់របស់បុរីវិមានភ្នំពេញទាំងអស់ គឺជាសំណង់ដែលសាងសង់ឡើង ដោយក្រុមវិស្វករ ស្ថាបត្យករ និងកម្មករខ្មែរសុទ្ធសាធ ហើយការសាងសង់តែងផ្តោតជាសំខាន់ទៅលើគុណភាពជាចម្បង”។ លោកបន្តថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍របស់ បុរីវិមានភ្នំពេញ បានគ្របដណ្តប់លើតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏បានធ្វើការសាងសង់លំនៅឋានបែបទំនើប ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងតម្រូវការតាមតំបន់នីមួយៗ ហើយក្រុមហ៊ុនក៏មានគម្រោងធំៗជាច្រើនទៀត ដែលត្រូវធ្វើជាបន្តបន្ទាប់”។

អ្នកឧកញ៉ា លី ហួរ សូមធ្វើការបង្ហាញពីសមិទ្ធិផលមួយចំនួន របស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ អគារលំនៅឋាន បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្នមានរយៈពេល១០ឆ្នាំ និងបានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើន សម្រាប់លក់ជូនប្រជាពលរដ្ឋគ្រប់កម្រិ​តជីវភាពដែលអគារ និងផ្ទះទាំងនោះមានដូចជា អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យមផងដែរ។

អ្នកឧកញ៉ាបានបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក បង្កើតបានចំនួន១៥គម្រោង ស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតគម្រោងបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។

កត្តាដែលធ្វើឱ្យក្រុមហ៊ុន អាចបោះទុនវិយោគអភិវឌ្ឍន៍សាងសង់ អគារលំនៅឋានបានរហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុនបានយកចិត្តទុកដាក់ ទៅលើគុណភាពសេវាកម្ម គុណភាពសំណង់ ទីតាំងអភិវឌ្ឍន៍ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួ​លស្របទៅតាមស្ថានភាព កម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ ហើយអ្វីដែលមិនអាចខ្វះបាន គឺប្រទេសមានសុខសន្តិភាព និងការគាំទ្រពីសំណាក់ អតិថិជនជាច្រើន។

កន្លងមក ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញឯ.ក បានចូលរួម ចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញមួយផ្នែកដែរ ដោយកែប្រែតំបន់មួយចំនួន ដែលជាទីតាំងដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅ ក្រុមហ៊ុនបានកែប្រែតំបន់នោះ ដោយសាងសង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទីប្រជុំជន មានមនុស្សអ៊ូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាត ជាក់ស្តែងក្រុមហ៊ុនបានគូសប្លង់ឲ្យមានផ្លូវមួយខ្សែ ឆ្លងកាត់បុរីផ្នែកខាងមុខពីផ្លូវ៥៩៨ ទៅផ្លូវ៣០ម៉ែត្រថ្មី ដែលទើបនឹងអភិវឌ្ឍន៍ទាំងអស់នេះហើយ ជាកម្លាំងចលករមួយក្នុងការចូលរួម ចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចជាសង្គមជាតិទាំងមូលហើយនៅថ្ងៃនេះផងដែរ៕

ដំំណឹងល្អៈ រដ្ឋបាលក្រុងភ្នំពេញកំពុងគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅស្ទឹងព្រែកត្នោត

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់រោងចក្រលិតទឹកស្អាតថ្មីមួយ ដើម្បីឆ្លើ់យតបនឹងតម្រូវការទឹកស្អាត ដែលកើនឡើងនៅបំពេញតម្រូវការនៅតំបន់ជាយក្រុងមួយចំនួន ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយ។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានបើកកិច្ចប្រជុំជាមួយលោកសូ ណារ៉ូអគ្គនាយករដ្ឋករទឹកស្វបយ័តក្រុងភ្នំពេញកាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងមកនេះ និងបានស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពិចារណា សាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅលើស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាត ដល់ខណ្ឌចំនូន៣ នៅជាយរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមិនទាន់មានទឹកស្អាតប្រើគ្រប់គ្រាន់នៅឡើយ។

លោកបានបន្តថា “ចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ នៅខណ្ឌកំបូលខណ្ឌ ដង្កោ និង ពោធិ៍សែនជ័យ”។

រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ ក៏បានបង្ហាញផែនការបង្កើនការផលិតទឹកស្អាតបន្ថែម៣ម៉ឺនម៉ែត្រគូប សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រឹមឆ្នាំ ២០២៤ និង ៦ម៉ឺនម៉ែត្រគូប ត្រឹមឆ្នាំ២០៣០។
បច្ចុប្បន្ន តម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតទឹកស្អាតពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានបរិមាណតែជាង៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។

តើ ACMECS បង្កើតឡើងពីពេលណា និងមានគោលដៅយ៉ាងដូចម្តេច?

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ ACMECS (កិច្ចពិភាក្សា យុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទីបី តាមប្រព័ន្ធវីដេអូពីចម្ងាយ។
កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមកិច្ចសម្របសម្រួលពីលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងស្វែងយល់ ពីវិធីផ្តល់គុណតម្លៃជាយុទ្ធសាស្ត្រ ដល់ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ACMECS ក្នុងការបំពេញបន្ថែមដល់យន្តការអនុតំបន់ផ្សេងទៀត ក៏ដូចជាដើម្បីប្រមូល ធាតុចូល និងមតិយបល់ពីភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការពិនិត្យពិចារណាមុនកិច្ចប្រជុំឧត្តមមន្ត្រី ACMECS។

ថ្លែងសន្ទរកថាទៅកាន់អង្គប្រជុំនាឱកាសនោះ លោកស៊ុន ចាន់ថុលបានគូសបញ្ជាក់ពីតួនាទីយ៉ាង សំខាន់របស់ ACMECS ក្នុងការជួយបំពេញបន្ថែមទៅលើការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និង បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផល និងបញ្ហាអាទិភាពដែលជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន ដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។

ស្ថាប័ន ACMECS ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ មានប្រទេសជាសមាជិកចំនួន ប្រាំរួមមាន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ មានគោលបំណងតភ្ជាប់គម្លាតសេដ្ឋកិច្ចក្នុង ចំណោមប្រទេសទាំងអស់ជាសមាជិក និងលើកកម្ពស់វិបុលភាពនៅក្នុងអនុតំបន់ប្រកបដោយនិរន្តរ ភាព។

ក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីនេះ ត្រូវបានរំពឹងថា នឹងដើរតួជាប្លុកអភិវឌ្ឍន៍ និងជំរុញអាស៊ានឱ្យឆ្ពោះទៅមុខ ក្នុងល្បឿនកាន់តែលឿនដោយឈរលើមូលដ្ឋានរឹងមាំ និងពឹងផ្អែកលើខ្លួនឯង និងវិបុលភាពរួមគ្នា៕

រោងចក្រសម្បកកង់យានយន្តលំដាប់ពិភពលោកតម្លៃ ៣៥០លានដុល្លារអាមេរិក បានបើកដំណើរការនៅកម្ពុជាជាផ្លូវការហើយ

ដោយ៖ សុផារី

ស្វាយរៀង៖ ក្រុមហ៊ុនសម្បកកង់យានយន្ត Sialun លំដាប់ពិភពលោកមកពីប្រទេសចិន បានបើកដំណើរការរោងចក្រផលិតសម្បកកង់យានយន្តទី១នៅកម្ពុជាជាផ្លូវការហើយ ដោយប្រើប្រាស់វត្ថុធាតុដើមកៅស៊ូក្នុងស្រុកសុទ្ធ១០០%។

ក្នុងឆ្នាំដំបូង រោងចក្រត្រូវការកៅស៊ូប្រមាណ៥មុឺនតោន ក្នុងមួយឆ្នាំ និងឆ្នាំទី៥ កើនដល់១សែន៥មុឺនតោនក្នុងមួយឆ្នាំ ដែលស្មើនឹង៤៣% នៃផលិតផលកៅស៊ូសរុបនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Cart Tire Co., Ltd ដែលបើករោងចក្រនៅក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជានេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sailun ដែលវិនិយោគក្នុងទឹកប្រាក់សរុបចំនួន៣៥០លានដុល្លារសហរដ្ឋអាមេរិក ។

ផលិតផលសម្បកកង់យានយន្តនឹងត្រូវនាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប ហើយកម្ពុជានឹងក្លាយជាប្រទេសថ្មីមួយទៀតនៅក្នុងពិភពលោកដែលផ្គត់ផ្គង់សម្បកកង់យានយន្តនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ក្រុមហ៊ុនចិនមួយនេះក៏មានរោងចក្រនៅក្នុងប្រទេសវៀតណាមផងដែរតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសម្បកយានយន្តក្នុងទុនវិនិយោគប្រមាណ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង៤,០០០កន្លែងជូនដល់ដល់កម្មករនិយោជិត។

នៅពាក់កណ្តាលឆ្នាំ២០២២ កម្ពុជាក៏ត្រៀមដំណើរការរោងចក្រផលិតសម្បកកង់យានយន្តមួយទៀតនៅក្នុងខេត្ត ព្រះសីហនុ ផងដែរ ក្នុងទុនវិនិយោគជាង២០០លានដុល្លារ របស់ក្រុមហ៊ុន Jiangsu General ដែលមានសមត្ថភាពផលិតសម្បកកង់រហូតដល់៦លាន ក្នុងមួយឆ្នាំ៕

អ្នកជំនាញទីផ្សារខុនដូនឹងវិលត្រលប់ទៅស្ថានភាពដូចដើមវិញក្នុងពេលឆាប់ៗ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យវិនិយោគិននិងទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចរាល់ចូលមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក អ្នកវិនិយោគិននិងអ្នកជំនាញអចលនទ្រព្យ ក្នុងស្រុករំពឹងថា ទីផ្សារខុនដូ នឹងវិលត្រលប់ទៅរកស្ថានភាពដូចដើមឡើងវិញ។

លោកនាក់ សមសែន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ RENT KH បានលើកឡើងកាលពីពេលថ្មីៗនេះថា តម្លៃជួលទាំងខុនដូ និងអាផាតមិន បានថមថយប្រហែល៥ភាគរយ ទៅ១០ភាគរយ ក្នុងអំឡុងពេលកំពុងផ្ទុះកូវីដ-១៩។

លោកថា “មុនពេលផ្ទុះកូវីដ តម្លៃជួលខុនដូ និងអាផាតមិន អាចជួលក្នុងតម្លៃជាមធ្យម ៦០០ដុល្លារអាមេរិក ទៅ៧០០ដុល្លារអាមេរិក  សម្រាប់បន្ទប់គេងគ្រែ១ និងបន្ទប់គេងគ្រែ២ដាក់ជួលជាមធ្យម១២០០ ទៅ១៣០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែសម្រាប់ស្ថានបច្ចុប្បន្នម្ចាស់ខុនដូ និងអាផាតមិន មួយចំនួនបានដាក់តម្លៃជួល ដូចមុនពេលផ្ទុះកូវីដ-១៩ វិញ”។

លោកបន្តថា នៅពេលឆាប់ៗខាងមុខនេះ ទីផ្សារខុនដូនៅកម្ពុជានឹងវិលត្រលប់ទៅរកដើមវិញ និងអាចមានទីផ្សារខ្លាំងជាងមុនកូវីដ១៩ ទៅទៀត ដូច្នេះតម្រូវការខុនដូ និងអាផាត់មិននៅកម្ពុជា នឹងកាន់តែមានច្រើនឡើង ដោយក្នុងនោះយើងមើលឃើញថាប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន បានផ្លាស់ប្តូរពីការរស់នៅក្នុងផ្ទះល្វែងរឺវីឡា ផ្ទះជាប់ដីទៅជាការរស់នៅក្នុងខុនដូ ឬអាផាត់មិនដែលជាអគារសហកម្មសិទ្ធិវិញ ។

លោកបន្ថែមថា នៅពេលរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ និងអនុញ្ញា​តឱ្យអ្នកដំណើរបរទេស ចូលមដោយមិនធ្វើចត្តាឡីស័ក រំពឹងថាវិនិយោគិននិងទេសចរបរទេសនឹងចូលមកម្ពុជាជាថ្មី ហើយពេលនោះ តម្រូវការជួលខុនដូ អាផាត់មិននៅកម្ពុជានឹងមានកំនើនខ្ពស់ឡើងវិញ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានមានប្រសាសន៍កន្លងមកថា លោករំពឹងដូចគ្នាថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះងើបឡើងវិញ ហើយខ្លាំងជាមុនពេលមានកូវីដ១៩ទៅទៀត ។ គម្រោ​ងមួយចំនួន ត្រូវបានផ្អាកសកម្មនៅក្នុងវិបត្តិកូវីដ ហើយនៅពេលចប់កូវីដ១៩ឬពេលកូវីដ១៩បានធូរស្រាល គម្រោងទាំងនោះនឹងចាប់ផ្ដើមឡើងវិញ ហើយគម្រោងថ្មីៗជាច្រើនទៀតក៏នឹងផ្ដើមអនុវត្តន៍ដូចគ្នាផងដែរ៕

តើអ្វីជាបញ្ហាប្រឈមនៃការធ្វើពាណិជ្ជកម្មកសិផលកម្ពុជា ដើម្បីពង្រីកការនាំចេញ?

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ របាំងពាណិជ្ជកម្មមិនមែនតែជារឿងតែមួយគត់ ដែលកម្ពុជាប្រឈមមុខនឹងការលំបាកលើការនាំចេញ ឬការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ទៅកាន់បណ្តាប្រទេសនានា ពិសេសប្រទេសចិននោះទេ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងមកថា បញ្ហាភូតត្តគាមអនាម័យ ជារឿងមួយអាចដោះស្រាយបាន ឲ្យតែមានក្រុមហ៊ុនជាតិ អន្តរជាតិមកវិនិយោគ ប៉ុន្តែអ្វីសំខាន់គឺកង្វះហេដ្ឋារច​នាសម្ព័ន្ឋគាំទ្រដល់ការនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត។

លោកបានបន្តថា “គោលនយោបាយមានហើយ ច្បាប់យើងមានហើយ តែមិនទាន់អេះចំរមាស់នៅឡើយ ហេតុនេះយើងត្រូវការអ្នកអនុវត្តន៍ផ្ទាល់ ទើបអាចដោះស្រាយបញ្ហានេះបាន”។ លោកបន្តថា “ផលិតផលកសិកម្ម មានរយៈពេលកំណត់មិនដូចផលិតផលងាប់ ដែលទុកបានរាប់ខែនោះទេ គឺការនាំចេញរបស់យើងត្រូវមានទូត្រជាក់ ត្រូវមានកប៉ាល់នាំចេញផ្ទាល់ទៅកាន់ប្រទេសចិន ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនទាន់បាននាំចេញផ្ទាល់ និងមានហេដ្ឋារចនាសម្ព័ន្ឋគាំទ្រគ្រប់គ្រាន់នៅឡើយទេ”។

លោកវេង​ សាខុនបានបន្តថា ការដឹកតាមទូកុងទីណ័រទៅកាន់ប្រទេសចិន មានទំនិញ ប៉ុន្តែពេលមកវិញកុងទីណ័រទទេ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនយើងថ្លៃ តម្លៃអគ្គិសនីយើងថ្លៃ ដែលមិនផ្តល់ឲ្យអ្នកវិនិយោគនូវផលចំណេញ យើងមិនទាន់មានទីតាំាំងពិសេសសំរាប់ទុកសម្រាប់តែកសិផល និងការនាំចេញ។

លោកបន្តថា “កសិផលនាំចេញត្រូវការពេលវេលាកំណត់មួយ ដោយក្នុងកុងទីណ័រនិមួយៗ ត្រូវមានម៉ាស៊ីនភ្លើងចំនួនពីរ ដើម្បីរក្សាភាពត្រជាក់របស់វា បើពុំនោះទេវានឹង​ខូច ហើយអ្វីសំខាន់យើងមិនមាន ការដឹកជញ្ជូនផ្ទាល់ទៅកាន់ប្រទេសចិន បើសិនជាមានគឺមានតែមួយឬពីរលើ់កប៉ុណ្ណោះក្នុងមួយខែ។

លោកបន្តថា “ភូតត្តគាមអនាម័យមិនមែនជាបញ្ហាទេ សំខាន់មានក្រុមហ៊ុនមកវិនិយោគ ពួកគេនឹងរៀបចំវវិធីសាស្រ្តសំអាត និងរៀបចំស្តង់ដាដាំដុះបែបណា ដើម្បីអាចធានាបានគុណភាព និងស្តង់ដាហើយ”។លោកបន្តថា “ប៉ុន្តែអគ្គិសនីយើងថ្លៃ គ្មានហេដ្ឋា​រចនាសម្ព័ន្ឋគាំទ្រ ជាហេតុធ្វើឲ្យអ្នកវិនិយោគគេមិនមក ពួកគេទៅកាន់ប្រទេសវៀតណាម ដែលមានការលើកទឹកចិត្ត មានហេដ្ឋារចនាសម្ព័ន្ឋគ្រប់គ្រាន់ និងតម្លៃភ្លើងទាប។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងដីកសិកម្ម និងប្រព័ន្ឋធារាសាស្រ្តនឹងធ្វើឲ្យការងារលើកកំពស់ការផលិត ក្នុងវិស័យកសិកម្មបានល្អប្រសើរ ​និងមានប្រសិទ្ឋភាពខ្ពស់ ពិសេសការលើកកំពស់ភូត្តគាមអនាម័យ នឹងជួយដល់ការនាំចេញផង ជួយដល់ការកាត់បន្ថយភាពក្រីក្រផង។

លោកបន្តថា “ដោយសារបញ្ហាភូត្តគាមអនាម័យ មានកម្រិត ប្រជាជនបរិភោគនាំឲ្យមានជម្ងឺ ប៉ុន្តែបើយើងលើកកំពស់ភូត្តគាមអនាម័យបាន ពួកគេញាំចំណីអាហារមិនសូវឈឺ មិនទៅពេទ្យ គឺចំណេញទាំងពេលវេលា និងប្រាក់កាស”។ លោកបន្តថា “ច្បាប់យើងមានហើយ ប៉ុន្តែសំខាន់គឺការអនុវត្ត ពិសេសទាមទារឲ្យការអនុវត្តកិច្ចសន្យាកសិកម្ម និងក្រុមហ៊ុនមានប្រសិទ្ឋភាព ដើម្បីធានាបាននូវនិរន្តរភាពនៃការនាំចេញ”៕

រយៈពេលជាង ២០ឆ្នាំ កូរ៉េបណ្ដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កូរ៉េគឺជាវិនិយោគិនធំមួយនៅក្នុងចំណោមវិនិយោគិនធំៗ ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ននេះកូរ៉េបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារអាមេរិក។

លោក Part Heung-Kyeoung ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំវេទិកាកម្ពុជា-កូរ៉េឆ្នាំ២០២១កាលពីពេលថ្មីៗនេះថា ទំហំពាណិជ្ជកម្មប្រទេសទាំង២ កាលពីឆ្នាំ២០១៩ សម្រេចបានជាង១ពាន់លានដុល្លារ ខណៈប្រទេសកូរ៉េគឺជាអ្នកវិនិយោគធំជាងគេទី២ នៅកម្ពុជាដោយបានបណ្តាក់ទុនជិត៧ពាន់លានដុល្លារ គិតពីឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ន ។

លោកមានសុទិដ្ឋិនិយមថា “ការដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសទាំង២ គ្រោងនឹងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីនាពេលខាងមុខ នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការលើកកម្ពស់ការដោះដូរទំនិញទ្វេភាគី និងរំហូរវិនិយោគទុនផ្ទាល់ (FDI) ពីកូរ៉េមកកម្ពុជានាពេលដ៏ខ្លីខាងមុខ”។

លោកបន្តថា ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េរួមជាមួយនឹងការចូលជាធរមាន នៃកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ ពិតជានឹងមានកំណើនកាន់តែខ្ពស់ជាក់ជាមិនខាន។

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានសំដែងការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានតាក់តែងច្បាប់វិនិយោគថ្មីនេះឡើង និងទទួលបានការឡាយព្រះហត្ថលេខា របស់ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្របពេលដែលកម្ពុជា-កូរ៉េ កំពុងស្ថិតក្នុងដំណើរការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលបណ្តាលមកពីកូវីដ ១៩។

លោកស្រីបន្តថា ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងកម្ពុជា និងកូរ៉េកាលពីចុងខែកន្លងទៅ បានធ្វើឱ្យទំនាក់ទំនងពាណិជ្ជ កម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នឹងកើនឡើងមួយកម្រិតទៀត ដែលនឹងចូល រួមលើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ ១៩ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំង ២ ក្នុងការបង្កើនរំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្នុងរយៈពេល៦០ ថ្ងៃបន្ទាប់ពីភាគីទាំងពីជូនដំណឹងឱ្យគ្នាទៅវិញទៅមក តាមរយៈការទូតអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័ន។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងទាក់ទាញការវិនិយោគពីប្រទេសកូរ៉េបន្ថែមទៀត នឹងជំរុញ ឱ្យលំហូរវិនិយោគកូរ៉េមកកម្ពុជាកាន់តែច្រើនឡើង៕

ហ្សបហោស៍ ម៉ាជេស្ទីក ស្ថិតនៅលើដងវិថីពាណិជ្ជកម្ម ផ្តល់ជូនតម្លៃកាន់តែពិសេស ជាមួយនឹងការបង់ប្រាក់កាន់តែងាយស្រួល

ដោយសហការី

ភ្នំពេញ៖ ពិតជាពិសេសមែន!!! ហ្សបហោស៍ ម៉ាជេស្ទីក ស្ថិតនៅលើដងវិថីពាណិជ្ជកម្ម ក្នុងតំបន់ដ៏មានសក្តានុផល ផ្តល់ជូនតម្លៃកាន់តែពិសេសចាប់ពី 274,148 ដុល្លារឡើងទៅ ជាមួយនឹងការបង់ប្រាក់កាន់តែងាយស្រួល។ ក្នុងនោះផងដែរ​ អតិថិជននឹងទទួលបានកម្ចីដែលមិនធ្លាប់មានពីមុនមក 100% រហូតដល់25ឆ្នាំ ជាមួយធនាគារ CIMB។ ប្រញាប់រួសរាន់ឡើង ការផ្តល់ជូននេះ ផុតកំណត់ត្រឹមដំណាក់ខែវិច្ឆិកានេះ តែប៉ុណ្ណោះ។

ហ្សបហោស៍ម៉ាជេស្ទីក ជាហ្សបហោស៍ដ៏ថ្មីសន្លាងមួយ របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប យ៉ាងពិសេស​ដោយផ្តោតលើគុណភាព សោភ័ណភាព និង សាកសមសម្រាប់ការប្រកបអាជីវកម្ម និងការិយាល័យទំនើប មានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ 4.5m x 14m បែងចែកជា 4បន្ទប់គេង និង 5បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ព្រមជាមួយសម្ភារៈបន្ថែមជូនដែលមានដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម​ ស៊ីងលាងចាននិងម៉ាស៊ីនបឺតផ្សែង ផងដែរ។

ហ្សបហោស៍ ម៉ាជេស្ទីក អាចចូលរួមធ្វើឱ្យអាជីវកម្មដ៏សម្បូរបែបរបស់លោកអ្នកជោគជ័យក្នុងពេលអនាគតដ៏ខ្លី ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម ចំណែកឯការរចនាខាងក្រៅដែលមានការច្នៃប្រឌិតបែបក្លាសស៊ិកពិតជាធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ រួមមាន តំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។

សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ1 ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ 5នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះដ៏ថ្មីសន្លាងមួយ និងជាតំបន់សក្តានុពលពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត សម្រាប់ការប្រកបអាជីវកម្ម ក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីមទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង​ ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់ផងដែរ។

គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មី​ដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ1 ឆ្ពោះទៅកាន់  មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង 2 គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ ​និងផ្លូវរត់ Marathon   ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបដំបូងគេ ​និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

ងាកមកតំបន់មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក  ស្ថិតគម្រោង ដឹស្តាដាយមិន ជាគម្រោងមួយក្នុងតំបន់ដ៏មានសក្តានុពលនៃមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំង​គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើអោយការប្រកបអាជីវកម្ម និងការរស់នៅរបស់លោកអ្នកកាន់តែមានភាពសម្បូរបែប។

គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចម្រុះដែលមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ក្នុងគម្រោងផ្ទាល់ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី​អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់​រយ​ប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

ចុងក្រោយតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុង​គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង នៅលើផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដែលមានចំងាយត្រឹមតែ 3 នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (60ម៉ែត្រ) គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង ធំជាងគេ វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា និងទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ដែលផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook:www.facebook.com/boreypenghuoth

គេហទំព័រ Propertyarea ចុះកិច្ចព្រមព្រៀងសហការរយៈពេលវែងជាមួយគំរោង Royal Skyland

ដោយៈគង់ សូរិយា

ភ្នំពេញៈ គេហទំព័រអចលនទ្រព្យឈានមុខគេ នៅកម្ពុជា Propertyarea.asia បានសម្រេចចុះកិច្ចព្រមព្រៀងរយៈពេលវែង ជាមួយម្ចាស់គំរោងអភិវឌ្ឍន៍ខុនដូខ្ពស់ជាងគេ​នៅតំបន់ទួលទំពូង Royal Skyland ជាកិច្ចសហការរយៈពេលវែង។

ការចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyareas.asia និងគេទំព័រ Cambodiafinancialtimes.com និងលោក Liu Quao Zhu ប្រធានផ្នែកផែនការក្រុមហ៊ុន Mingyu Group ដែលកំពុងសាងសង់ខុនដូ Royal SkyLandនៅតំបន់ទួលទំពូល ដែលវានឹងក្លាយជា Landmark ថ្មីមួយសម្រាប់តំបន់នេះ។

លោកយិន លាងគង់អគ្គនាយកគេហទំព័រទាំងពីរខាងលើបានជម្រាបជូនពីប្រវត្តិកកើតនៃគេហទំព័រ Propertyarea.asia ដែលបាននិងកំពុងក្លាយជាស្ថាប័នផ្តល់ព៌តមានអចលនទ្រព្យ ហិរញ្ញវត្ថុ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា និងទទួល​បានការគាំទ្រពីមិត្តអ្នកអានជាតិ និងអន្តរជាតិ ដោយសារតែគេហទំព័រនេះមានព៌តមានចេ ញផ្សាយជាភាសាខ្មែរ និងអង់គ្លេស។

លោកបន្តថា “យើងបាននិងកំពុងដើរតួនាទី កាន់តែមានសារៈសំខាន់ឡើង ក្នុងទិដ្ឋភាពនៃសេដ្ឋកិច្ច អចលនទ្រព្យ ដោយយើងផ្តល់ព៌តមានលឿន រហ័សអាចទុកចិត្តបាន និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ”។ លោកបន្តថា “ គេហទំព័រនេះបាននិងកំពុងឆ្ពោះទៅកាន់ភាពជាស្ថាប័នកម្រិតជាតិ ដែលអ្នកវិនិយោគជាតិ អន្តរជាតិអាចយកព៌តមានរបស់យើងទៅប្រើប្រាស់ និងធ្វើជាមូលដ្ឋានចំណេះដឹង និងវិភាគសម្រាប់ជាចំណេះដឹងផង និងសំរាប់យកធ្វើជាមួលដ្ឋាន សម្រាប់សម្រេចចិត្តវិនិយោគផង”។

កិច្ចសហការនេះ Propertyarea.asia នឹងផ្តល់ឲ្យក្រុមហ៊ុន Mingyu Group ដែលកំពុងវិនិយោគគំរោងខុនដូ Royal Skyland នូវកញ្ចប់ព៌តមានជាអត្ថបទ និងវីដេអូព៌តមាន ក្នុងតម្លៃពិសេសមួយ។

លោកយិន លាងគង់បានបន្តថា ទស្សនវិស័យរបស់យើង គឺផ្តល់កិច្ចសហការក្នុងភាពជាដៃគូ ដោយយើងផ្តល់ឲ្យអ្នកវិនិយោគនានា ឬដៃគូពាណិជ្ជកម្មរបស់យើងទទួលបានផលប្រយោជន៍ស័ក្តិសមនឹងទំហំទឹកប្រាក់ ដែលពួកគេចំណាយផ្សព្វផ្សាយជាមួយយើង ពោលគឺយើងឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា។

ចំណែកលោក Liu Quao Zhu ប្រធានផ្នែកផែនការក្រុមហ៊ុន Mingyu Group បានសម្តែងក្តីរីករាយក្នុងការសហការជាមួយគេហទំព័រ Propertyrea.asia ដោយលោកបានមាន​ប្រសាសន៍ថា លោកបានសិក្សា និងស្រាវជ្រាវពីគេហទំព័រព៌តមានរាប់រយនៅកម្ពុជា ហើ​យយើងបានឃើញគេហទំព័រ Propertyarea.asia ជាគេហទំព័រមួយ ដែលមានលក្ខណៈ ផ្តោតលើព៌តមានអចលនទ្រព្យ សេដ្ឋកិច្ច និងមានភាពលេចធ្លោជាងគេនៅកម្ពុជា។

លោកបន្តថា “បទដ្ឋានវិជ្ជាជីវៈរបស់គេហទំព័រនេះ នឹងមានអនាគតដ៏ប្រសើរនៅ ពេលខាងមុខ ហើយយើងនឹងផ្តល់កិច្ចសហការរយៈពេលវែង ជាមួយគេហទំព័រនេះ”។​ លោកបន្តថា “ក្រុមហ៊ុន Mingyu Groupមានគំរោងបន្តបន្ទាប់ទៀត នាពេលខាងមុខ ហេតុនេះយើងនឹងបន្តសហការគ្នា ដើម្បីធ្វើការរួមគ្នាក្នុងគោលដៅពង្រីកការរផ្សព្វផ្សាយ និងការលក់របស់យើង”៕

ហេដ្ឋារចនាសម្ព័ន្ឋ៣៨ខ្សែនៅក្រុងសៀមរាបសម្រេចបានជិត៩០ភាគរយ ស្របពេលមន្រ្តីកំពុងជម្រុញបញ្ចប់តាមផែនការ

ដោយ:ម៉ាលីស

សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនកោះប្រជុំបន្ទាន់ ដើម្បីជំរុញឱ្យអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេស ពន្លឿនគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានចប់មុនថ្ងៃទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីពន្លឿនការអនុវត្តគម្រោងគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានចប់សព្វគ្រប់តាមផែនការ ដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

យោងតាមស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មការ អន្តរក្រសួងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីក្រុងសៀមរាប ខេត្តសៀមរាប អង្គប្រជុំបានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ខិតខំប្រឹងប្រែង បញ្ចប់គម្រោងសាងសង់នេះ ឱ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាថ្ងៃចងចាំមិនអាចបំភ្លេចបាន។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នាឱកាសនេះ លោកសួង ហេង បានជំរុញឱ្យអង្គភាពសាងសង់ខិតខំប្រឹង ប្រែងពន្លឿនការងារ ដែលនៅសេសសល់មួយចំនួនរបស់ខ្លួនរួមមាន ការងារអ៊ុតកៅស៊ូ ការងារត បណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែក កម្រាស់១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀត ដើម្បីឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ បញ្ចប់តាមការគ្រោងទុក និងបានស្នើឱ្យក្រុមហ៊ុនផ្តត់ផ្គង់សម្ភារ:ដូចជា៖ ថ្ម កៅស៊ូ និងសម្ភារៈចាំបាច់ផ្សេងទៀត ជូនអង្គភាពអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ តាមស្តង់ដាដែលបានកំណត់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៩,៣៩%នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)៕