សម្ដេចតេជោស្នើចិនសិក្សាវិនិយោគផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្តេចចង់ឱ្យរដ្ឋាភិបាលចិន ជំរុញអ្នកជំនាញរបស់ខ្លួនមកសិក្សា និងបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅក្នុងប្រទេស ដើម្បីសម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្លួនឯងផង និងសម្រាប់លក់ទៅប្រទេសជិតខាង និងប្រទេសដែលមានតម្រូវការវ៉ាក់សាំងផង។

សម្ដេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីទទួលវ៉ាក់សាំង២លានដូស ជាជំនួយរបស់ប្រទេសចិនកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា២០២១នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សម្តេចបន្តថា ចិនបានផ្ដល់វ៉ាក់សាំងមកកម្ពុជា សរុបចំនួន៣៦,៨លានដូសហើយ ក្នុងនោះ៨,៣លានជាជំនួយរបស់ចិន និង២៨,៥លានដូសគឺជាការបញ្ជាទិញរបស់កម្ពុជាពីភាគីចិន។

តាមរយៈវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគេចផុតពីកូវីដ១៩ ហើយបើឆ្លងកូវីដ១៩ ក៏មិនធ្វើឱ្យជំងឺក្លាយទៅជាធ្ងន់ធ្ងរដែរ ។

តាមរយៈសំណើររបស់សម្ដេចតេជោហ៊ុនសែន ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោរំពឹងថាអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងជម្រាបទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសចិន ជាពិសេសប្រធានាធិបតីស៊ីជិនពីង ដើម្បីឱ្យអ្នកជំនាញមកសិក្សាក្នុងប្រទេសកម្ពុជា លើការផលិតវ៉ាក់សាំងនេះសម្រាប់ខ្លួនឯង និងប្រជាជាតិក្នុងតំបន់​ និងពិភពលោកដែលមានតម្រូវការវ៉ាក់សាំងផងដែរ ។

សម្ដេចមានប្រសាសន៍ថា “យើងមិនបានដឹងថាវីរុសកូវីដ១៩ វានឹងបាត់រលត់នៅពេលណាមួយនោះទេ ប៉ុន្តែបើសិនជាយើងមានវ៉ាក់សាំង ប្រឆាំងកូវីដគ្រប់គ្រាន់វាក៏បានធ្វើឱ្យប្រជាពលរដ្ឋអាចគេចផុតពីកូវីដ១៩បាន និងជួយដល់សេដ្ឋកិច្ចយើងផងដែរ”។

សម្ដេចបន្ថែមថា បណ្ដាប្រទេសមួយចំនួនបានធ្វើរួចហើយ គឺយកវត្ថុធាតុដើមវ៉ាក់សាំងពីប្រទេសធំៗ មកផលិតក្នុងប្រទេសខ្លួនដូចជាឥណ្ឌូនេស៊ី និងប្រទេសថៃជាដាដើម ហើយកម្ពុជាក៏មានលទ្ធភាព ក្នុងការដឹកស៊ីណូវ៉ាក់ ឬស៊ីណូហ្វាមមកផលិតនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងអន្តរជាតិ៕

ប្រធាន CVEA ជូនដំណឹងពីការរៀបចំសមាជលើកទី២៣នៃសមាគមអចលនទ្រព្យអាស៊ាន និងអញ្ជើញអ្នកពាក់ព័ន្ឋចូលរួម

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​លោកច្រឹក សុខនីមសូមជម្រាបជូនដំណឹង ដល់ប្រធានក្រុមហ៊ុនសមាជិកសមាគមអំពីការរៀបចំសមាជសមាគមអចលនទ្រព្យអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី២៤ ដល់២៥ វិច្ឆិកាខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមបានឲ្យដឹងថា សមាគម CVEA ត្រូវបានធ្វើជាម្ចាស់ផ្ទះ នៅក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន។(ASEAN Valuers Association – AVA) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ – ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។

កិច្ចប្រជុំកំពូលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេស នៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ប្រធានក្រុមហ៊ុនជាសមាជិក មេត្តាជ្រាបជាពត៌មាន និងចូលរួមដោយការគួរ។

Date : 25 November 2021 Venue : Webinar

Ticket Fee : Free of charge

Registration : Link to register

(https://us02web.zoom.us/webinar/register/WN_D6_p4bjFSUGkNOxaU_ogZA)

For more information : www.cvea.org.kh/avacambodia

E-mail : [email protected] Tel:+855 17 615 894, +855 92 666 280។

សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ( ASEAN Valuers Association – AVA ) ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៨១ មានសមាជិកចំនួន៨ប្រទេស ក្នុងតំបន់អាស៊ានដែលរួមមានប្រទេសកម្ពុជាផងដែរ តំណាងដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។

យោងកិច្ចប្រជុំ AVA Governing Council លើកទី២២ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០  កម្ពុជាត្រូវបានជ្រើសរើសធ្វើជាប្រធានប្តូរវេន នៃសមាគមអ្នកវាយតម្លៃអចល​នវត្ថុអាស៊ាន (AVA) និងជាម្ចាស់ផ្ទះក្នុងការរៀបចំសមាជលើកទី២៣។ កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធកម្មវិធី Webinar (Zoom) ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិក និងសមាជិក ព្រមទាំងធ្វើការពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល។

លោក​ច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ មានសមាជិកសមាគម អ្នកពាក់ព័ន្ឋក្នុងវិស័យអចលនទ្រព្យចុះឈ្មោះ ចូលរួមជាង១០០០នាក់ហើយ ប៉ុន្តែយើងចង់បានអ្នកចូលរួមកាន់តែច្រើនជាងនេះ ដើម្បីបានសិក្សាស្វែងយល់ពីវិស័យនេះ ក៏ដូចជាបច្ចេកទេសផ្សេងៗ នៃការវាយតម្លៃអចលនទ្រព្យក្នុងតំបន់អាស៊ាន ដែលអាចយកមកធ្វើជាបទពិសោធន៍ ពង្រីកចំណេះដឹង ក្នុងន័យចូលរួមចំណែកលើកកំពស់ និងបង្កើនទំនុកចិត្តក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែប្រសើរថែមទៀត៕

សម្តេចតេជោអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិន ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូសបន្ថែមទៀត នៅក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កន្លងទៅ វ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិន ទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុបប្រមាណ៣៤លាន៨សែនដូស។ ក្នុងនោះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប៦លាន៨០ម៉ឺនដូស។ ក្នុងនោះក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយចំនួន៥០ម៉ឺនដូស។

គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងផែនការ។ ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ៏លឿននេះ បានធ្វើឱ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងឈានដល់ការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញដូចពេលបច្ចុប្បន្ននេះ។

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញការប្តេជ្ញាចិត្តមុតមាំថា រដ្ឋាភិបាលនិងប្រជាជនចិន នៅតែបន្តផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខារពេទ្យផ្សេងៗទៀតដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ថៃព្យាករណ៍ថាសេដ្ឋកិច្ចរបស់ខ្លួននឹងងើបឡើងត្រឹម១,២ភាគរយសម្រាប់ឆ្នាំ២០២១

ដោយៈ សុផារី

ប្រទេសថៃៈ សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងកើនឡើង១,២% នៅឆ្នាំនេះ ដោយស្ទុះងើបឡើងវិញពីការធ្លាក់ចុះ៦,១% ក្នុងឆ្នាំ២០២០ និងមានពីការកើនឡើងចន្លោះ៣,៥-៤,៥% ក្នុងឆ្នាំក្រោយ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC)។

យ៉ាងណាក៏ដោយ អង្គភាពផែនការរដ្ឋបានព្រមានថា ក្នុងឆ្នាំក្រោយ រដ្ឋាភិបាលត្រូវផ្តោតលើការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងស្រុក និងទប់ស្កាត់ការកើតឡើងវិញ ដោយបន្តជួយដល់អាជីវកម្ម និងវិស័យសេដ្ឋកិច្ច ដែលរងគ្រោះដោយជំងឺរាតត្បាត រក្សាសន្ទុះកំណើន ការចំណាយពីគ្រួសារ និងទេសចរណ៍ក្នុងស្រុក និងជំរុញការនាំចេញបន្ថែម។ រដ្ឋាភិបាលក៏គួរជំរុញការវិនិយោគឯកជន រក្សាសន្ទុះកំណើនពីការចំណាយ និងការវិនិយោគរបស់រដ្ឋាភិបាល និងតាមដានយ៉ាងដិតដល់ នូវការប្រែប្រួលសេដ្ឋកិច្ចសកល ដែលអាចធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក។

លោក Danucha Pichayanan អគ្គលេខាធិការ NESDC បាននិយាយថា “សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងមានការងើបឡើងវិញខ្លាំង នៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ ដោយសារការបើកដំណើរការឡើងវិញ របស់ប្រទេសនៅដើមខែនេះ”។

លោកបន្ត “កំណើននៅឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណសម្រេចបានក្នុងអត្រា១,២% និង៣,៥-៤,៥% នៅឆ្នាំក្រោយ ដោយការងើបឡើងវិញនៃតម្រូវការក្នុងស្រុក និងផលិតកម្មផលិតកម្ម បន្ទាប់ពីការកែលម្អស្ថានភាពកូវីដ-19 និងការរីកចម្រើនលើការចែកចាយវ៉ាក់សាំង ការត្រលប់មកវិញ នៃទេសចរក្នុងស្រុកបន្ទាប់ពីការបន្ធូរបន្ថយ គោលនយោបាយធ្វើដំណើរអន្តរជាតិ និងការពង្រីកការនាំចេញ”។

តម្លៃនៃការនាំចេញទំនិញជាដុល្លារអាមេរិក ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,៩% នៅឆ្នាំក្រោយ ដោយការប្រើប្រាស់ឯកជន និងការវិនិយោគឯកជនរំពឹងថា នឹងកើនឡើង៤,៣% និង៤,២% រៀងគ្នា។ អតិផរណាត្រូវបានគេប៉ាន់ប្រមាណថា ស្ថិតក្នុងចន្លោះពី០,៩-១,៩%។

នៅក្នុងសេណារីយ៉ូមូលដ្ឋាន ប្រាក់ចំណូលពីភ្ញៀវទេសចរបរទេស នៅឆ្នាំ២០២២ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់៤៤០ពាន់លានបាត ធៀបនឹង១៣០ពាន់លានបាតក្នុងឆ្នាំ២០២១កើនឡើង២៣៨%។ សម្រាប់ការអភិវឌ្ឍដែលពាក់ព័ន្ធទាំង​ឡាយ កាលពីថ្ងៃចន្ទ NESDC បានរាយការណ៍ថា សេដ្ឋកិច្ចថៃបានធ្លាក់ចុះ ០,៣% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី៣ឆ្នាំ២០២១ ធៀបនឹងកំណើន ៧,៦% នៅក្នុងត្រីមាសមុន។ ការធ្លាក់ចុះនេះភាគច្រើន បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

បន្ទាប់ពីការកែតម្រូវតាមរដូវកាល សេដ្ឋកិច្ចបានធ្លាក់ចុះ១,១% ពីត្រីមាសទីពីរ។ ក្នុងរយៈពេលប្រាំបួនខែ ដំបូងនៃឆ្នាំ២០២១ សេដ្ឋកិច្ចថៃបានកើនឡើង១,៣% ។

លោក Danucha បាននិយាយថា សេដ្ឋកិច្ចថៃនៅក្នុងត្រីមាសទី៣ បានឃើញការធ្លាក់ចុះតិចជាងការព្យាករណ៍ ដោយវិទ្យាស្ថានព្យាករណ៍សេដ្ឋកិច្ចជាច្រើន ដោយសារវិធានការជំរុញរបស់រដ្ឋាភិបាល ត្រូវបានអនុវត្តក្នុងអំឡុងពេលនេះ ដូចជាគម្រោងឧបត្ថម្ភធនរួម ការផ្តល់សាច់ប្រាក់ដល់អ្នកកាន់ប័ណ្ណសុខុមាលភាព និងជំនួយសម្រាប់កម្មករនៅក្រោមផ្នែកទី៣៣, ៣៩ និង៤០ នៃច្បាប់សន្តិសុខសង្គម។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេដ្ឋកិច្ចគួរកើនឡើង១% នៅឆ្នាំនេះ និង៤% នៅឆ្នាំ២០២២។ យោងតាមលោក Arkhom រដ្ឋាភិបាលគ្រោងនឹងបញ្ចូលទឹកប្រាក់ប្រហែល៣,៧ ពាន់ពាន់លានបាតទៅក្នុងសេដ្ឋកិច្ច រួមទាំងថវិកាចំណាយចំនួន៣,១ពាន់ពាន់លានបាត និងប្រហែល៣០០ពាន់លានបាត ក្រោមកម្រិតកម្ចីបន្ទាន់។

លោកបានព្យាករណ៍ថា វិស័យទេសចរណ៍នឹងងើបឡើងវិញជាបណ្តើរៗ នៅឆ្នាំក្រោយ ខណៈដែលការនាំចេញត្រូវបានគេរំពឹងថា នឹងនៅតែមានការប្រកួតប្រជែងដោ​យសារតែកម្រិតប្រាក់បាតអំណោយផល ហើយរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៕

ប្រធានាធិបតីចិនព្រមានចូ បៃឌិន លើចលនាទាមទារឯករាជ្យតៃវ៉ាន់មិនឲ្យផ្លោះរំលងបន្ទាត់ក្រហម

ដោយៈ សុធារី

អន្តរជាតិៈ ក្នុងជំនួបតាមប្រព័ន្ធវីដេអូប្រមាណជាង៣ម៉ោង នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ក្នុងនោះប្រធានបទក្តៅគគុកបំផុត ត្រូវបានគេមើលឃើញថា ជាបញ្ហាពាក់ព័ន្ធកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា “លោកប្រធានា​ធិបតី ចូ បៃដិន បានលើកឡើងនូវក្តីបារម្ភ អំពីបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង តំបន់ទីបេ និងទីក្រុងហុងកុង ហើយលោកថែមទាំងបានប្រាប់លោក ស៊ី ជិនពីង ថា សហរដ្ឋអាមេរិកនៅតែគោរព គោលនយោបាយចិនតែមួយទាក់ទងនឹងតៃវ៉ាន់”។

ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានសន្យាធ្វើការជាមួយគ្នា លើបញ្ហាផ្នែកថាមពល និងអាកាសធាតុផងដែរ។
បើតាមសេចក្តីរាយការណ៍របស់កាសែតដដែលបានឲ្យដឹងថា លោកស៊ី ជិនពីង បានឆ្លើយតបប្រាប់លោក ចូ បៃដិន វិញថា ប្រទេសចិននឹងចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ ប្រសិនបើចលនាទាមទារឯករាជ្យរបស់តៃវ៉ាន់ ហ៊ានឈានជើងផ្លោះរំលងខ្សែបន្ទាត់ក្រហម។

លោកស៊ី បានសង្កត់ធ្ងន់ប្រាប់លោក បៃដិនថា “ការគាំទ្ររបស់អាមេរិក ចំពោះចលនាឯករាជ្យតៃវ៉ាន់ នឹងប្រៀបដូចជាការប្រលែងលេងជាមួយភ្លើងយ៉ាងដូច្នោះ”។

ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ ក៏បានលើកឡើងពីភាពទទួលខុសត្រូវរៀងៗខ្លួន សម្រាប់ពិភពលោក ដើម្បីបញ្ចៀសសង្រ្គាម។

លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា “សម្រាប់លោក ក្នុងនាមជាមេដឹកនាំចិន និងសហរដ្ឋអាមេរិក គឺត្រូវធានាឲ្យបានថា ការប្រកួតប្រជែងរវាងប្រទេសយើង នឹងមិនប្រែក្លាយទៅជាការផ្ទុះសង្រ្គាមឡើយ ទោះដោយចេតនាឬអចេតនាក៏ដោយ”។

ចំណែក លោកស៊ី បានថ្លែងថា “ក្នុងនាមជាមហាអំណាច សេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក និងជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រទេសចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត”៕

លោកស៊ុន ចាន់ថុល លើកឡើងពីការរៀបចំគោលនយោបាយសំរាប់រថយន្តដើរដោយថាមពលអគ្គិសនី

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានលើកឡើងពីការរៀបចំគោលនយោបាយ និងការគាំទ្រពេញលេញ សម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) និងការធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូល សម្រាប់ EVs នៅកម្ពុជា។

លោកបានមានប្រសាសន៍ពីបញ្ហានេះ ក្នុងជំនួបជាមួយលោកស្រី Mariam Sharman នាយិកាធនាគារពិភពលោក ប្រចាំ កម្ពុជា ប្រទេសឡាវ និងមីយ៉ាន់ម៉ាកាលពីល្ងាចថ្ងៃទី១៦ វិច្ឆិកកន្លងមកនេះ។

លោកស៊ុន ចាន់ថុលបន្តថា រដ្ឋាភិបាលបាននិងកំពុងគិតគូជាពិសេសស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួល ការបណ្តុះបណ្តាល និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋកម្ពុជា ឱ្យមកពិចារណាលើរថយន្តដើរដោយថាមពលកកើតឡើងវិញ ជំនួសឱ្យរថយន្តដើរដោយឥន្ធនៈ។

ជាមួយគ្នានេះ បានស្នើឱ្យធនាគារពិភពលោក ពិនិត្យលើជំនួយបច្ចេកទេសលើគម្រោងមួយ ចំនួនរួមមាន ការកសាងសមត្ថភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចសហប្រតិបត្តិការជាមួយរវាងធនាគារពិភពលោក និងក្រសួងលើការសិក្សាដល់ទីកន្លែង ដើម្បីកំណត់ទំហំថវិកាឱ្យបាន ជាក់លាក់សំដៅសាងសង់ផ្លូវឱ្យបានរឹងមាំ និងផែនការមេទាក់ទងទឹកកខ្វក់ទូទាំងប្រទេស និងបានស្នើឱ្យធនាគារពិភពលោក បញ្ជូនអ្នកជំនាញការរបស់ខ្លួន មកសិក្សាឱ្យបានច្បាស់លាស់ ដើម្បីឈានទៅ បង្កើតផែនការមេចម្រោះទឹកកខ្វក់នេះ។

ជាមួយគ្នានោះផងដែរ លោកស្រីនាយិកា បានថ្លែងការកោតសរសើរដល់ក្រសួង ដែលបានសហការល្អ ជាមួយធនាគារពិភពលោកទាក់ទង នឹងទាក់ទងនឹងការអនុវត្តគម្រោង RAMP II ដែលរួមមាន គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៧ និងបានលើកឡើងផងដែរទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ការដឹកជញ្ជូនបៃតងដោយប្រើថាមពលក កើតឡើងវិញនៅទីក្រុងសៀមរាប ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ និងការតភ្ជាប់តំបន់ផងដែរ៕

ផែនការពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣បន្ថែម ត្រូវបានលើកយកមកពិភាក្សាហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងបាននិងកំពុងសិក្សាលើប្លង់ និងតម្រាយផ្លូវក្រវាត់ក្រុងទី៣ បែកខាងកើត ដែលអាចនឹងតភ្ជាប់ពីតំបន់ស្រុកល្វាឯម ឆ្លងកាត់កោះដាច់ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ហើយ។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផែនការផ្លូវក្រវាត់ក្រុងទី ៣បែកខាងកើតនេះ គឺការបំពេញបន្ថែមលើផ្លូវក្រវាត់ក្រុងទី៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ន ទិសដៅដើម្បីបង្កើតជាក្រវាត់ក្រុងពេញរង្វង់។

លោកបន្តថា “ក្រសួងកំពុងស្ថិតក្នុងការសិក្សា និងកំពុងតែគូសប្លង់តម្រាយផ្លូវ ប៉ុន្តែមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយថា ផ្លូវនឹងត្រូវឆ្លងកាត់ទីតាំងណាខ្លះនៅឡើយទេ”។

លោកបន្តថា ធម្មតា វាមាន Alignment (តម្រាយផ្លូវ) របស់វា។ គម្រោងផ្លូវក្រវាត់ក្រុងទី៣ ខាងកើតនេះ វាអាចនឹងឆ្លងកោះដាច់ កោះអន្លង់ចិន រួចត្រូវឡើងទៅផ្លូវជាតិលេខ៦ ប៉ុន្តែយើងមិនទាន់កំណត់ជាក់ច្បាស់ទេ ព្រោះក្រសួងកំពុងធ្វើតម្រាយប្លង់ផ្លូវ២ ទៅ៣ជម្រើស សម្រាប់ទីតាំងដែលផ្លូវនេះត្រូវឆ្លងកាត់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកាលពីខែ សីហា កន្លងមកនេះថា រដ្ឋាភិបាលនឹងផ្ដោតលលើផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើតជាមុនសិន ដោយគំរោងនេះនឹងសាងសង់ស្ពានតភ្ជាប់រវាងតំបន់ក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រ និងស្ពានចេញពីកោះដាច់ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤អា មុនពេលគិតគូពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤៕

ជប៉ុនផ្តល់កម្ចីសម្បទានទំហំ ២០០លានដុល្លារដើម្បីពង្រីកកំពង់ផែក្រុងព្រះសីហនុ

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានបន្តផ្តល់កម្ចីសម្បទាន ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ ដើម្បីពង្រីកលើសាងសង់កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ជាការពង្រីកមូល ដ្ឋាន​នៃការដឹកជញ្ជូនរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងដូច្នេះក្នុងពេលចុះទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយលោកលូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ វិច្ឆិកា កន្លងមកនេះ។

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់កំពង់ផែ រួមទាំងគម្រោង ODA របស់ជប៉ុន និងការប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស (SEZ) ផងដែរ។

លោកទូតបានសន្យាថា “នឹងបន្តជួយអភិវឌ្ឍកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាស ម្ព័ន្ធគ្រប់គ្រងសំរាម ក៏ដូចជាបរិស្ថាន ក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបទៅកំណើនសក្ដានុពលនៃខេត្តនេះនាពេលអនាគត”។

សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសាងសង់អាចនឹងផ្ដើមនៅឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងគូសប្លង់។

យោងតាមផែនការឆ្នាំ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នឹងមានការអភិវឌ្ឍសរុប៥ជំហាន។

ក្រៅពីបានពិនិត្យកំពង់ផែ ជប៉ុនក៏បានចុះទៅពិនិត្យទីតាំង គ្រប់គ្រងសំណល់មួយចំនួនក្នុងក្រុងព្រះសីហនុ ជាមួយនឹងក្រសួងបរិស្ថាន និងUNDP ប្រចាំកម្ពុជា។ ជប៉ុនប្ដេជ្ញាទៀតថា នឹងបន្ដគាំទ្រគម្រោងទប់ស្កាត់ សំណល់ប្លាស្ទិកក្នុងសមុទ្រ ទិសដៅលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុងព្រះសីហនុ៕

តើនិតិវិធីនៃការចុះបញ្ជីរដីធ្លីឲ្យបានត្រឹមត្រូវ ត្រូវឈរលើមូលដ្ឋានអ្វីខ្លះ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គេហទំព័រ Propertyarea.asia តែងតែលើកចំណេះដឹងជារឿយៗទាក់​ទងនឹងនិតិវិធីនានាក្នុងការចុះបញ្ជីដីធ្លី ឬផ្នែកផ្សេងៗទៀតក្នុងវិស័យអចលនទ្រព្យ។

ថ្ងៃនេះយើងសូមលើកយកនិតិវិធី និងឯកសារទាក់ទងនឹងទិដ្ឋភាពផ្លូវច្បាប់ចំនួន ដើម្បីចែកជូនលោក អ្នកបានសិក្សាស្វែងយល់។

១. បំពេញឯកសារនៅការិយាល័យភូមិបាល
ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។

គូភាគី ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖
កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់)
លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់)
អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ)
សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ)
ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….)
និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។

២. ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់
បន្ទាប់ពីបំពេញឯកសារ នៅការិយាល័យភូមិបាលរួចរាល់ ម្ចាស់ដី ត្រូវយកឯកសារ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។

៣.កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង
ក្រោយពីប្រថាប់ត្រារួចហើយ ម្ចាស់ដី ត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។

៤. សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ
យោងតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៦។ មានការផ្ទេរសិទ្ធិខ្លះគឺមិនជាប់ពន្ធនោះទេ ដូចជា ការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី៖ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។

មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។ ប៉ុន្តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ (ដំណាក់កាលទី ៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។

យោងតាមសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យ ត្រូវជាប់ពន្ធ ៤% ទាំងប្លង់រឹង និងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។

– រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
– រវាងប្តី និងប្រពន្ធ
– រវាងយាយ-តាបង្កើតនិងចៅបង្កើត

៥. ចារឹកឈ្មោះលើប្លង់ដី
កិច្ចបង្ហើយ បន្ទាប់ពីបង់ពន្ធរួច សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវយកឯកសារទាំងអស់មក មន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដី។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិ នៅពេលនីតិវិធីទាំងអស់បានបញ្ចប់។

ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពី បានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុកខណ្ឌ។  លោកអ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យ ដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី៕

មជ្ឈមណ្ឌលសួនកេស “កូល”ប្រមូលបានផ្កាព្រៃជាង៣០០ប្រភេទហើយ

ដោយៈគង់ សិរីជេស៊ីកា

    សៀមរាបៈ រហូតមកទល់ពេលនេះ មជ្ឈមណ្ឌលស្រាវជ្រាវអភិរ័ក្សពូជផ្កាសួនកេស “កូល”សុខ អានបន្ទាយស្រី ប្រមូលបានប្រភេទផ្កាព្រៃជាង៣០០មុខហើយ ក្នុងចំណោមផ្កាព្រៃជាង៥០០មុខ។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភ័ត្រាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៦ វិច្ឆិកាកន្លងមកថា មជ្ឈមណ្ឌលនេះបានបង្កើតឡើងតាំងឆ្នាំាំ២០១៨ ដើម្បីថែរក្សា និងអភិរ័ក្សពូជផ្កាព្រៃនានា ដែលយកមកពីតាមបណ្តារាជធានី ខេត្តចំនួន១០។ លោកបន្តថា ការអភិរ័ក្សនេះ ដើម្បីទប់ស្កាត់ការជួញដូរ និងដើម្បីថែរក្សាពូជកេស កូលផងដែរ។

លោកបន្តថា “មជ្ឈមណ្ឌលសួនកេស “កូល”ក៏ជាការផ្សារភ្ជាប់ខ្សែច្រវ៉ាក់ទេសច​រណ៍ធម្មជាតិរវាងក្រុងអង្គរ មកកាន់ស្រុកបន្ទាយស្រី និងឧទ្យានជាតិភ្នំលែន​ផងដែរ”។លោកបន្តថា “មជ្ឈមណ្ឌលសួនកេស “កូល” បានអនុញ្ញាត្តឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​ចូលទស្សនាដោយឥតគិតថ្លៃ ប៉ុន្តែនាពេលអនាគត យើងនឹងគិតគូជំហ៊ានបន្តទៀត”។

លោកនេត្រ ភ័ត្រាបានបន្តថា ជាមួយគ្នានេះ មជ្ឈមណ្ឌលសួនកេស “កូល” ក៏ជាកន្លែងសំរាកញាំកាហ្វេ របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមុនឡើងភ្នំគូលែន និងចុះពីភ្នំគូលែនផងដែរ ពិសេសពួកកេអាចសិក្សាស្វែងយល់ពីការផ្សព្វផ្សាយ និងអភិរ័ក្សជីវចម្រុះ នៅសួនកេស “កូល”ក្រោមការរៀបចំរបស់ក្រសួងបរិស្ថានផងដែរ។

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ស្រុកបន្ទាយស្រីមានរមណីយដ្ឋានធម្មជាតិ និងកែច្នៃជាង១០០កន្លែង ពិសេសមជ្ឈមណ្ឌលសួនកេស “កូល” មានទទំហំផ្ទៃដី២០០០ហិកតា និងគំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនកោះសសង្សារ នៅក្រុងមូលដ្ឋាននេះ នឹងធ្វើឲ្យស្រុកបន្ទាយស្រីកាន់តែទាក់ទាញការវិនិយោគ និងមានភាពលេចធ្លោផងដែរ៕