លោកគួច ចំរើនស្នើសុំជប៉ុនជំរុញឱ្យវិនិយោគិនរបស់ខ្លួនចូលមកបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើសុំឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាជួយផ្សព្វផ្សាយ និងជំរុញអ្នកវិនិយោគជប៉ុន មកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើងថែមទៀត បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ មានការធូរស្បើយ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូចជប៉ុននៅថ្ងៃទី១៦ វិច្ឆិកានេះ ដោយលោកបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេស ដើម្បីទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង គ្រប់ដូសតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយគ្រាន់តែតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ ។

លោកគួច ចំរើន បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលជប៉ុន និងបន្តចែករំលែកបទពិសោធ បច្ចេកទេសដល់កម្ពុជា ពិសេសខេត្តព្រះសីហនុ ជាត្រីវិស័យក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុនាពេលខាងមុខ។

ក្នុងឱកាសនោះលោកមីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ដោយភាគីទាំង២នឹងបន្តកិច្ចសហការ ពិសេសជួយជំរុញក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយខេត្តព្រះសីហនុ មានផ្លូវស្អាត កាកសំណល់ត្រូវបានដោះស្រាយ ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរៀបចំផែនការមេអភិវឌ្ឍខេត្ត ដើម្បីប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង វាមានសារ:សំខាន់ក្នុងការទាញវិនិយោគ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះឱ្យដឹងថា គិតត្រឹមដំណាច់ខែតុលា២០២១ កម្ពុជាទទួលគម្រោវិនិយោគជប៉ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនយន ១៤៦គម្រោង ដោយមានទុនវិនិយោគសរុបប្រមាណ២,៨៥ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន៦៦មានទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងមានទុនវិនិយោគប្រមាណ៣៤០លានដុល្លារអាមេរិក៕

ស្ពានហាលប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនៅចុងឆ្នាំនេះហើយ

ដោយ: ម៉ាលីស

សៀមរាបៈ តាមការផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរាបានអោយដឹងថា ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងមមាញឹកបង្ហើ​យការងារ ដែលនៅសេសសល់ ក្នុងការដ្ឋានជួសជុល “ស្ពានហាល”ប្រាសាទអង្គរវត្តនេះ ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុង នៅចុងឆ្នាំ២០២១ខាងមុខនេះ។

លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត មានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ គម្រោងជួសជុលនេះ សម្រេចបានជិត១០០ភាគរយហើយ។ លោកអនសុភាព បន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយ ចំណែកនៅផ្នែកខាងក្រោម នៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុង នៅចុងឆ្នាំ២០២១នេះ។

ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹក នៅផ្នែកខាងជើងនឹងត្រូវបន្តជួសជុល ដែលគម្រោងនេះ អាចនឹងប្រើពេលមួយឆ្នាំទៀត ដើម្បីជួសជុលឱ្យចប់រួចរាល់។

គម្រោងជួសជុល “ស្ពានហាល”អង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ មានប្រវែងសរុប៩៤ម៉ែត្រ បានចាប់ផ្តើមដំណើរការ កាលពីឆ្នាំ២០១៦ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន៕

តើរាជធានីភ្នំពេញនឹងរីកដល់ណារហូតដល់ឆ្នាំ២០៣៥?

ដោយ: ម៉ាលីស

ភ្នំពេញៈ រាជធានីភ្នំពេញនឹងត្រូវពង្រីកបន្ថែមទៀត ដោយសារការកើនឡើងកត្តាប្រជាសាស្រ្ត យានយន្ត កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យមានសម្ពាធផ្នែករូបនីយកម្ម។

យោងតាមសៀវភៅ “វិថីអចលនទ្រព្យ” របស់គាម សៀកឡុងបានអោយដឹងថា នៅខែធ្នូឆ្នាំ២០១៥ គណៈរដ្ឋមន្ត្រីបានអនុម័តលើផែនការមេ (ប្លង់គោល) ប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥នេះ“ភ្នំពេញជារាជធានី ជាបេះដូងរបស់ប្រទេសកម្ពុជាស្ថិតនៅលើចំណុចពិសេស នៃប្រាសាទទន្លេបួនហៅថា “ទន្លេបួនមុខ” អាចជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពល ប្រកួតប្រជែងជាមួយការអភិវឌ្ឍមួយ ប្រកបដោយវឌ្ឍនភាពសមធម៌ និងចីរភាព”។

ជាមួយនឹងការព្យាករណ៍ថា កំណើនប្រជាជនកើនឡើងទ្វេរដងក្នុងឆ្នាំ ២០៣៥ដល់ចំនួនជាង៦លាននាក់ ដោយសារតែការធ្វើចំណាកស្រុកពីជនបទ មកទីក្រុងនិងឆ្ពោះមកកាន់តំបន់រាជធានីភ្នំពេញ ដូចនេះផ្ទៃដីទីក្រុងនឹងត្រូវពង្រីកបន្ថែម។ ផ្ទៃដីរាជធានីភ្នំពេញសរុបបច្ចុប្បន្នមានចំនួន៦៧៨,៤១៦ គីឡូម៉ែត្រការ៉េ ដែលនៅមានលក្ខណៈ តូចចង្អៀតនៅឡើយ បើប្រៀបធៀបទៅនឹងផ្ទៃដីនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

ដើម្បីឲ្យមានមាត្រដ្ឋានដែនដីមួយដូចគ្នា និងទំហំនៃក្រុងពីរខាងលើ ព្រំដែនរាជធានីភ្នំពេញ អាចត្រូវពង្រីកក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្ដាល នៅពេលនោះទីក្រុងភ្នំពេញ នឹងត្រូវគ្របដណ្ដប់លើផ្ទៃដី ខាងជើងស្ទើរតែទាំងអស់ នៃខេត្តកណ្ដាល។

ការបញ្ចូលគ្នារវាងសាលារាជធានីភ្នំពេញ ជាមួយនឹងផ្នែកខាងជើងនៃខេត្តកណ្ដា​លនៅជាមួយខេត្តកណ្ដាលទាំងមូល ដើម្បីបង្កើតឲ្យបានរាជធានីភ្នំពេញធំមួយ ជាមួយនឹងលក្ខន្តិកៈ ពិសេសគឺរាជធានីដែលមានស្វយ័តភាព ហិរញ្ញវត្ថុមួយយ៉ាងធំដែលរួមបញ្ចូលទាំងការធ្វើវិនិយោគទុន និងលទ្ធភាពនៃការខ្ចីស្វ័យ័តភាពប្រាក់ផងដែរ នេះបើតាមខ្លឹមសារនៃអនុក្រឹត្យនេះ។ សូមបងប្អូនអានបន្ថែមនូវ ខ្លឹមសារនៃអនុក្រឹតនេះទាំងស្រុង ដែលអាចរកបានតាមប្រព័ន្ធអ៊ីនធឺណិត។

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីពេលថ្មីៗនេះ បានពីផែនការមេប្រើប្រាស់ដីធ្លីរហូតដល់ឆ្នាំ២០៣៥ ដែលក្នុងផែនការនេះ រដ្ឋាភិបាលនឹងពង្រីករាជធានីភ្នំពេញបន្ថែមទៀតនាពេលខាងមុខ ដែលបណ្តាស្រុកនានាដែលស្ថិតនៅជាប់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងខេត្តកណ្តា​លនាពេលបច្ចុប្បន្ននេះ អាចនឹងកាត់ចូលរាជធានីភ្នំពេញនាពេលអនាគត៕

សម្ដេចតេជោៈវិបត្តិកូវីដ១៩គឺជាច្រកនៃកាលានុវត្តភាពសម្រាប់កែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា នៅរាល់វិបត្តិដែលកើតឡើងមាន តែងតែបង្កប់នូវកាលនុវត្តភាព ដែលយើងមិនត្រូវមើលរំលងនោះឡើយ។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៦ វិច្ឆិកា២០២១នេះ ជំងឺកូវីដ១៩គឺជាច្រកនៃកាលានុវត្តភាពសម្រាប់ការកែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជា អាទិភាព នានាសម្រាប់ដំណើរការអភិវឌ្ឍរបស់យើង។

សម្ដេចមានប្រសាសន៍ថា “ការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គ់ង និងផលិតកម្ម សន្ទុះដ៏លឿននៃបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចចក្រា និងកំណើនបៃតង គឺជាកាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលប្រទេសទាំងអស់ត្រូវតែចាប់យកឱ្យខាងតែបាន”។

សម្តេចបន្តថា ក្នុងន័យនេះ ការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី និងបញ្ចូលនូវនិន្នា​ការទាំងនេះ ជារបៀបវារៈនៃការកែទម្រង់របស់យើង ហើយយើងមានសុទិដ្ឋិនិយមថា និន្នាការទាំងនេះ នឹងក្លាយទៅជាអត្តសញ្ញាណរួម នៃការងើបឡើងវិញរបស់ពិភពលោកនៅក្រោយវិបត្តិ ។

សម្ដេចបន្តទៀតថា “យើងមិនមានពលវេលាច្រើននោះទេ ពោលគឺយើងនៅសល់ពេលត្រឹមតែ៩ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមការគ្រោងទុក”។ សម្តេចបន្ថែមថា “នាកាលៈទេសៈបច្ចុប្បន្ននេះ មានតែការកៀរគរ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយ ជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ មុននឹងឈានទៅដល់ការសម្រេចបានគោលដៅ អភិវឌ្ឍន៍នេះ” ។

ការណ៍នេះ ក៏ទាមទារឱ្យមានជាចាំបាច់នូវស្មារតី សេរីភាវូបនីយកម្មដ៏ស្វាហាប់ លើផ្នែកពាណិជ្ជកម្ម និងការវិនិយោគក៏ដូចជាការរក្សាបានលំនឹង ខ្សែច្រវាក់ផ្គត់ផ្គង់និងផលិតកម្មសំដៅតភ្ជាប់ និងជំរុញសមាហរណកម្មនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរតំបន់ ឱ្យកាន់តែមានភាពស៊ីជំរៅបន្ថែមទៀត ។

សម្ដេចបន្ថែមថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី -អឺរ៉ុប នាថ្ងៃនេះ គឺជាសញ្ញាដ៏រឹងមាំមួយដែលសបញ្ជាក់ថា យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ឈានឆ្ពោះទៅរករបៀបវារៈជាអាទិភាពនៃយន្តការពហុភាគីនិយម ហើយសម្ដេចជឿជាក់ថា គណៈប្រតិភូទាំងអស់នឹងបញ្ចេញនូវគតិបណ្ឌិត មតិយោបល់និងគំនិតផ្ដួចផ្ដើមនានា ដើម្បីជំរុញឱ្យកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប នេះទទួលបាននូវលទ្ធផលជោគជ័យជាទីមោទនភាព៕

ដំណឹងល្អៈតម្លៃប្រេងឥន្ធនៈលើទីផ្សារកម្ពុជាធ្លាក់ចុះបន្តិចវិញក្នុងពាក់កណ្ដាលខែវិច្ឆិកានេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា២០២១នេះ រហូតដល់ដំណាច់ខែ តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារនៃប្រទេសកម្ពុជា បានធ្លាក់ចុះបន្តិចបើធៀបនឹងដើមខែវិច្ឆិកា។

ចាប់ពីពាក់កណ្តាលខែវិច្ឆិកា តម្លៃប្រេងសាំងធម្មតា បានធ្លាក់ចុះពី៤៥៥០រៀលក្នុងមួយលីត្រកាលពីដើមខែ មកត្រឹម៤៤៥០រៀលក្នុងមួយលីត្រ ពោលគឺបានធ្លាក់ចុះ១០០រៀល និងប្រេងម៉ាស៊ូត បានធ្លាក់ចុះពី៤១០០រៀល ក្នុងមួយលីត្រមកនៅ៤០៥០រៀលក្នុងមួយលីត្រ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១៦ វិច្ឆិកា២០២១។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌​មានកាលពីពេលថ្មីឱ្យដឹងថា កម្ពុជាជាប្រទេសនាំចូលប្រេង ដូច្នេះទីផ្សារប្រេងឥន្ធនៈនៅកម្ពុជាឡើងចុះ អាស្រ័យលើទីផ្សារអន្តរជាតិ ហើយសូម្បីតែប្រទេសខ្លះដែលអាចផលិតប្រេងខ្លួនឯង បានក៏តម្លៃប្រេងត្រូវឡើងថ្លៃដែរ ពីព្រោះតែផលិតភាពរបស់ខ្លួនមិនអាចផ្គត់ផ្គង់បាន និងត្រូវការនាំចូលពីប្រទេសក្រៅមកបំពេញ។

លោកបន្តថា ដោយសារតែទីផ្សារប្រេងអន្តរជាតិបានឡើងខ្ពស់ កាលពីចុងខែមុននិងដើមខែនេះ ធ្វើឱ្យអង្គការប្រទេសផលិតប្រេង បានកោះប្រជុំនិងរកដំណោះស្រាយ ក្នុងនោះអាមេរិក បានស្នើឱ្យអង្គការបង្កើនផលិតភាពបន្ថែមទៀត ដើម្បីទប់ស្កាត់ការឡើងថ្លៃ ។ យ៉ាងណាអង្គការ OPEC បានយល់ព្រមបង្កើនផលិតភាពប្រេងត្រឹមតែ ជាង៤០ម៉ឺនបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ។

លោកបន្តទៀតថា ការបង្កើនផលិតភាពប្រេង របស់អង្គការអន្តរជាតិមួយនេះរំពឹងថានឹងធ្វើឱ្យតម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះហើយនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ធ្លាក់ចុះផងដែរ ទោះតិចឬក៏ច្រើនក្ដី គឺចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ។

លោកសុវិជាតិ បានបញ្ជាក់ថា កត្តាដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃដូច្នេះ បណ្ដាលមកពីស្ថានភាពកូវីដ១៩ បានប្រសើរនៅបណ្ដាប្រទេសមួយចំនួន ហើយសកម្ម​ភាពចរាចរណ៍ក៏បានចាប់ផ្ដើមមមាញឹកឡើងវិញ។ ជាក់ស្ដែងសកម្មភាពហោះហើររបស់ក្រុមហ៊ុនអាកាសចរមួយចំនួន ក៏បានកម្រើហើយការដឹកជញ្ជូនផ្លូវគោក ក៏ឃើញថាមានសកម្មភាពឡើងវិញផងដែរ ក្នុងនោះកម្ពុជាក៏ឃើញថាបានងើបឡើងវិញដែរ៕

ភាពតានតឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសចិន អាចធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោកកាន់តែរង្គោះរង្គើរ

ដោយៈ ម៉ាលីស

ប្រទេសចិនៈ ភាពតានតឹងរវាងទំនាក់ទំនងរបស់អាមេរិក ជាមួយប្រទេសចិនជាមួយនឹងកម្លាំងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួន គឺជាបញ្ហាប្រឈមដ៏លំបាកបំផុតមួយរបស់ប្រធានាធិបតីអាមេរិក Joe Biden ។

នៅពេលដែលគាត់ធ្វើកិច្ចប្រជុំកំពូល តាមប្រព័ន្ធអនឡាញរវាងប្រធានាធិបតី Joe Biden ជាមួយប្រធានាធិបតី Xi Jinping ម្តងទៀតនៅថ្ងៃចន្ទ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ ការឧបត្ថម្ភធន និងពន្ធ ការដកថយនៅក្នុងវិស័យអចលនទ្រព្យដ៏ធំរបស់ប្រទេសចិន និងវិបត្តិថាមព​លសកល។

ក្រុមធុរកិច្ចកំពុងដាក់សម្ពាធលើរដ្ឋបាល Biden ដើម្បីពិចារណាដកពន្ធលើប្រទេ​សចិន ដើម្បីជួយសម្រួលដល់អតិផរណាដែលកំពុងកើនឡើង។

រដ្ឋលេខាធិការរតនាគារ Janet Yellen បាននិយាយនៅលើកម្មវិធី “Face the Nation” របស់ CBS កាលពីថ្ងៃអាទិត្យថា វិធានការបែបនេះ កំពុងស្ថិតក្រោមការពិចារណា។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន

លោក Janet Yellen ក៏បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាលកំពុងឃ្លាំមើលវិស័យអចលនទ្រព្យ ដែលកំពុងប្រឈមបញ្ហានៅក្នុងប្រទេសចិន ហើយបានព្រមានអំពីផលវិបាកជាសកលដែលអាចកើតមាន ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសចិន “ធ្លាក់ចុះច្រើនជាងការរំពឹងទុក”។ GDP របស់ប្រទេសនេះ បានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងឆ្នាំមុនកាលពីត្រីមាសមុន។

Yellen បាននិយាយថា “វាជាអ្វីមួយដែលសំខាន់ ដែលយើងកំពុងតាមដានយ៉ាងដិតដល់” នៅពេលសួរថាតើនាងមានទំនុកចិត្តថា ប្រទេសចិនអាចគ្រប់គ្រងការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុនៃការធ្លាក់ចុះអចលនទ្រព្យដែរឬទេ។

ទីផ្សារហិរញ្ញវត្ថុមានភាពរង្គោះរង្គើក្នុងខែកញ្ញា បន្ទាប់ពីអ្នកអភិវឌ្ឍន៍ Evergrade បានព្រមានថា វាអាចនឹងសងបំណុលរហូត៣៥០ពាន់លានដុល្លារ។ នោះបានបង្កឱ្យមានការភ័យខ្លាច នៃការឆ្លងរាលដាលពាសពេញឧស្សាហកម្មអចលនទ្រព្យ ដែលមានរហូតដល់ 30% ផលិតផលក្នុងស្រុករបស់ប្រទេសចិន។

ថ្មីៗនេះ Evergrande បានគ្រប់គ្រងការទូទាត់ការប្រាក់មួយចំនួន និងទប់ទល់នឹងការដួលរលំ។ ប៉ុន្តែភ្នំនៃកាតព្វកិច្ចបំណុលនឹងមកដល់នៅឆ្នាំក្រោយ។ អ្នកអភិវឌ្ឍន៍ចិនមួយចំនួនទៀត ស្ថិតក្នុងស្ថានភាពស្រដៀងគ្នានេះ ដោយសារតម្រូវការអចលនទ្រព្យធ្លាក់ចុះ។

Yellen បាននិយាយថា “វិស័យអចលនទ្រព្យរបស់ប្រទេសចិន ជាមួយនឹងក្រុមហ៊ុនដែលប្រើប្រាស់លើសតម្រូវការ ហើយវាជាអ្វីមួយដែលរដ្ឋាភិបាលចិន កំពុងព្យាយាមដោះស្រាយ” ។

នៅក្នុងរបាយការណ៍ថ្មីៗនេះ ធនាគារកណ្តាលអាមេរិកបានព្រមានថា “ភាពតា​នតឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសចិន អាចធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោក កាន់តែរង្គោះ​ រង្អើរ និងជះឥទ្ធិពលអវិជ្ជមានដល់សហរដ្ឋអាមេរិក”៕

ប្រភព Source: CNN

តម្លៃជួលខុនដូចាប់ផ្ដើមកើនឡើងវិញក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តម្លៃខុនដូ បានវិលទៅរកស្ថានភាពប្រក្រតីឡើងវិញ ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស និងត្រៀមស្វាគមន៍វិនិយោគិន និងទេសចរណ៍អន្តរជាតិចូលមកដោយមិនធ្វើចត្តាឡីស័ក។

លោកនាក់ សមសែន អគ្គនាយកក្រុមហ៊ុន TENT KH បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី១៥វិច្ឆិកា២០២១នេះឱ្យដឹងថា យើងបានសង្កេតឃើញថា នៅក្នុងវិបត្តិកូវីដ១៩តម្លៃជួលខុនដូ និងអាផាត់មិនមានការធ្លាក់ចុះបន្តិច តែមិនធ្លាក់ចុះខ្លាំងណាស់ណាទេ។ នៅមុនកូវីដ១៩ តម្លៃជួលបន្ទប់អាផាត់មិនគ្រែមួយ ដែលមាន៦០០ដុល្លារទៅ៧០០ដុល្លារបានធ្លាក់៥០ដុល្លារទៅ១០០ដុល្លារក្នុងមួយយូនីត ពោលគឺបានធ្លាក់ចុះពី៥ទៅ១០ភាគរយប៉ុណ្ណោះ។

ប៉ុន្តែក្នុងរយៈចុងក្រោយនេះ បន្ទាប់ពីស្ថានភាពកូវីដ១៩ ឃើញថាតម្លៃជួលដែលបានធ្លាក់ចុះនោះ ក៏បានវិលទៅរកតម្លៃដើមដូចមុនកូវីដ១៩វិញហើយ។

លោកបន្តថា “សកម្មភាពនៃការជួលខុនដូ និងអាផាត់ម៉ិន បានចាប់ផ្ដើមត្រលប់ទៅរកដូចមុនកូវីដ១៩វិញ ជាបន្តបន្ទាប់ហើយតម្រូវការនៃការជួល ក៏បានចាប់ផ្ដើមងើបឡើងវិញបន្តិចម្ដងៗផងដែរ”។ លោកបន្តថា “ភ្ញៀវដែលជួលអាផាត់មិន និងខុនដូមានការញែកដាច់ពីគ្នាបន្តិច ។ អ្នកដែលជួលអាផាត់មិនភាគច្រើន គឺជាអ្នកដែលមានគ្រួសារ និងត្រូវការឯកជនភាព និងភាពស្ងប់ស្ងាត់ និងត្រូវការសន្តិសុខ អនាម័យ”។

ចំណែកទីផ្សារខុនដូជាអតិថិជន ដែលនៅតែម្នាក់ឯង ដូចជា ជនបរទេសដែល មកធ្វើការនិងស្នាក់នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា អ្នកដែលរស់នៅក្នុងខុនភាគច្រើន មិនមានគ្រួសារឬកូនៗទេ ហើយការសម្អាតវិញ ក៏មិនទាមទារឱ្យធ្វើឡើងរាល់ថ្ងៃដែរ អ្វីដែលពិសេសតម្លៃជួលខុនដូទាបជាងអាផាត់មិនខ្លះទៅទៀត។

ចំណែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានឱ្យដឹងផងដែរថា តាមរយៈបទពិសោធន៍នៃការលក់ខុនដូ របស់លោកនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នមានអតិថិជនក្នុងស្រុក មានច្រើនជាងអតិថិជនជាជនបរទេស។ សព្វថ្ងៃនេះ អតិថិជនក្នុងស្រុកប្រមាណ៩០ភាគរយទៅហើយ ជាអ្នកទិញញខុនដូ តាមរយៈក្រុមហ៊ុនរបស់ខ្លួន ដូច្នេះលោករំពឹងថា ការវិនិយោគខុនដូ នៅកម្ពុជានឹងមានកំណើនខ្ពស់បន្តទៀត។

លោកបន្តថា “តាមរយៈការបើកជើងហោះហើរឡើងវិញ ក៏ដូចជា ការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាល នឹងធ្វើឱ្យវិនិយោគិនបរទេស ចូលមកវិនិយោគលើវិស័យខុនដូបន្ត ខណៈតម្រូវការក៏ត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ស្រាប់”៕

លោកជុំ កុសល លើកឡើងពីផលលំបាកនៃការទទួលបានព័ត៌មានប្រកបដោយតុល្យភាព

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងព៌តមាន លោកជុំ កុសលបានលើកឡើងពីផលលំបាក​ នៃការទទួ​លបានព៌តមានប្រកបដោយតុល្យភាព ដែលលោកស្នើឲ្យមន្រ្តីពាក់ព័ន្ឋឆ្លើយតប ការសុំពន្យល់ពី​អ្នកសារ​ព៌តមាន។

លោកជុំ កុសលដែលជាទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាផងដែរនោះ​បានសរសេរលើបណ្តាញទំនាក់ទំនំសង្គមរបស់ខ្លួន នាព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ​ថា ​ចង់បានព៌តមាន​តុល្យ​​ភាព​បាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មាន ជូនដល់អ្នកសារព័ត៎មាន​បានគ្រប់ជ្រុង​ជ្រោ​យ។ លោកបន្តថា ពេលខ្លះអ្នកសារព័ត៌មានពិតជាមានការលំបាក ដោយសារតែទាក់ទងទៅកាន់ភាគី​ពាក់ព័ន្ធ​ក្នុងសាច់រឿងគេ មិនបានសហការក្នុងការផ្តល់ព័ត៌មាន ទើបសម្រេចចិត្តផ្សាយចេញ ហើ​យ​រង់ចាំការបកស្រាយពីភាគីម្ខាងទៀតតាមក្រោយ ។

លោកបានបន្តទៀតថា សាច់រឿងខ្លះបើមានការពាក់ព័ន្ធជាមួយ នឹងមន្ត្រីអាជ្ញាធរ  អស់លោក​មន្ត្រី​ខ្លះ ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទ ទៅសួរនាំសុំការបកស្រាយបំភ្លឺ គាត់បែរជាមិនជាមិនឆ្លើយ​តប ឬក៏ឆ្លើយទាំងពាក្យសំដីមិនសមរម្យ។ល។ នេះហើយដែលជាផលលំបាក របស់អ្នក​សារព័ត៌មាន​បានជួបប្រទះ  ។

លោកជុំ កុសលបានបន្តថា “មិនដាក់ការបន្ទោសខាងមន្ត្រីទេ ជួនកាលមកពីអ្នកសារព័ត៌មានខ្លះ គាត់បង្កការរំខានដល់មន្ត្រីច្រើនពេក ធ្វើឲ្យមន្ត្រីមានការធុញទ្រាន់”។ លោកបន្ថែមថា “បែបហ្នឹងច្រើន​តែអ្នកសារព័ត៌មានខ្វះវិជ្ជាជីវ: ខ្លះបានយកតួនាទីជាអ្នកសារព័ត៌មានទៅប្រើខុសសាច់រឿង”។ សូមអ្នក​សារព័ត៌មានប្រកបការងាររបស់ខ្លួន ដោយឈរលើក្រមសីលធម៌ និងវិជ្ជាជីវ:ឲ្យបានត្រឹមត្រូវ ហើយ​សូមមន្ត្រីអាជ្ញាធរ ចាត់ទុកអ្នកសារព័ត៌មានជាដៃគូសហការដ៏ល្អ ​មិនអាចខ្វះបានក្នុងការផ្សព្វផ្សាយជូន​សាធារណជនបានដឹងឮ។

លោកជុំ កុសលក៏ជាឧត្តមទីប្រឹក្សាគេហទំព័រ Propertyarea.asia និងគេហទំព័រព៌តមានហិរញ្ញវត្ថុឈានមុខគេ Cambodiafinancialtimes.com ផងដែរ៕

អ្នកជំនាញសេដ្ឋកិច្ច អចលនទ្រព្យលើកឡើងពីស្ថានភាពកម្ពុជាក្រោយវិបត្តិកូវីដ តើទីផ្សារនេះនៅតែស្រូបទាញការវិនិយោគ?

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អបអរសាទរសម្រាប់កម្ពុជា ក្រោយប្រមុខរដ្ឋាភិបាលប្រកាសបើកប្រទេ​សឡើងវិញទាំងស្រុង និងទទួលភ្ញៀវទេសចរណ៍ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

តើយុទ្ឋសាស្រ្តបើកចំហរជើងមេឃនេះ នឹងជួយសេដ្ចកិច្ច និងផ្តល់កាលានុវត្តន៍ភាពដូច   ម្តេច ក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស?។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាស​ន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ វិច្ឆិកានេះថា បើធៀបនឹងប្រទេសនានានៅតំបន់អាស៊ី កម្ពុជានៅតែមានភាពទាក់ទាញការវិនិយោគពីវិនិយោគិនបរទេស ដោយសារយើងមានធនធានមនុ​ស្ស កំលាំងពលកម្មនៅមានតម្លៃទាប ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានផ្តល់ផលចំណេញដល់ការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសជិតខាង។

អ្នកស្រីបន្តថា “តម្លៃដីនៅកម្ពុជាទាបជាងប្រទេសជិតខាង៥០ភាគរយ ខណៈប្រទេ​សថៃ វៀតណាមមានការប្រកួតប្រជែងខ្ពស់ ដែលធ្វើឲ្យវិនិយោគិនទទួលបានផលចំណេ​ញតិច ប៉ុន្តែទីផ្សារកម្ពុជានៅតែមានឱកាសចំណេញខ្ពស់ពីការវិនិយោគ”។ អ្នកស្រីបន្តថា “ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានជួយសម្រួលដល់បញ្ហាលិខិតស្នាម ដែលការងារ​មានភាពរលូន និងច្បាស់លាស់ជាងមុនផងដែរ”។

អ្នកស្រីអាន សុធីតាបានបន្តឲ្យដឹងទៀតថា ជាមួយគ្នានេះ ទាក់ទងនឹងទំហំដី និងផ្ទៃក្រឡាសំណង់ រដ្ឋាភិបាលក៏បានផ្តល់ភាពអនុគ្រោះដល់វិនិយោគិនជាតិ និងអន្តរជាតិផងដែរ ដែលនេះជាភាពអំណោយផលក្នុងការវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកឧកញ៉ាគីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា បើនិយាយពីវិបត្តិជំងឺកូវីដ១៩ យើងមានភាពធូរស្រាល និងបើកប្រទេស ប៉ុន្តែនៅប្រទេសវៀតណាមកំពុងកើនឡើង នៅប្រទេសថៃជាប់ព្រំដែនកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពទប់ទល់ឬមិនច្បាស់លាស់។ ហេតុនេះទោះបីប្រទេសរបស់យើងបានបើកក្តី ប៉ុន្តែអ្វីៗមិនទាន់ស្រួលទេ។

ជាក់ស្តែងដូចជាប្រទេសកូរ៉េ ជប៉ុន តៃវ៉ាន់ជាដើម ពួកគេមកប្រទេសយើងមិនបាច់ធ្វើចត្តាឡីស័ក តែពេលត្រលប់ទៅប្រទេសពួកគេវិញ រដ្ឋាភិបាលរបស់គេតម្រូវឲ្យធ្វើចត្តាឡីស័ក។

លោកបន្តថា “ការបើកទទួលទេសចរណ៍ អ្នកដំណើរជាតិ អន្តរជាតិដោយមិនធ្វើចត្តាឡីស័កជាសញ្ញាល្អ តែយ៉ាងណាយើងត្រូវការពេលវេលាបន្ថែមទៀត កុំរំពឹងខ្លាំងពេក”។​លោកបន្តថា “បើឆ្នាំ២០២២ អ្នកវិនិយោគដែលមានគំរោង មានអាជីវកម្ម និងទទួល​បានការអនុម័តគំរោងនៅកម្ពុជាត្រលប់មកវិញ ចាត់ទុកជាជោគជ័យមួយធំណាស់”។

លោកឧកញ៉ាបានបន្តទៀតថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជាល្អ ហេតុនេះបើនិយា​យពីភាពវិជ្ជមាន យើងមានភាពអំណោយផលច្រើន ប៉ុន្តែបើនិយាយពីភាពអវិជ្ជមានក៏មានខ្លះៗផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ចរន្តនៃការទិញលក់ អចលនទ្រព្យ និងសកម្មភាពក្នុងអាជីវកម្មនានា បានចាប់ផ្តើមល្អប្រសើរឡើងវិញហើយ ពិសេសអ្នកវិនិយោគបរទេស​បានចាប់ផ្តើមចូលមកវិនិយោគនៅកម្ពុជាផងដែរ។

លោកបន្តថា “ដោយសារយើងគ្រប់គ្រងជំងឺកូវីដបានល្អប្រសើរជាងគេ មានប្រទេ​សខ្លះកំពុងច្រណែនយើង ដែលទាក់ទាញបានវិនិយោគិនចិនច្រើន ព្រោះកម្ពុជាមានសុវត្ថិភាព និងឱកាសច្រើននៅឡើយ”។ លោកបន្តថា “ទីផ្សារកម្ពុជានៅតែស្រូបទាញការវិនិយោគពីបរទេសច្រើន ដោយសារភាពអំណោយផលនៃតម្លៃអចលនទ្រព្យ ការសម្របសម្រួលការវិនិយោគបានល្អប្រសើរ ពិសេសទីផ្សារកម្ពុជានៅតែផ្តល់ផលចំណេញច្រើន”។

លោកច្រឹក សុខនីមបានបន្តថា កម្ពុជាមានតម្លៃអចលនទ្រព្យល្អប្រសើរ ថោកជាងប្រទេសជិតខាង៥០ភាគរយ នេះជាភាពល្អប្រសើរ ដែលអ្នកវិនិយោគអាចរកផលចំណេ ញបាន ព្រោះបើពួកគេមិនអាចរកផលចំណេញបាន ពួកគេក៏មិនអាចមកវិនិយោគនៅកម្ពុជានោះទេ។

ចំណែកលោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រ​សា​សន៍ឲ្យដឹងនៅថ្ងៃដដែលថា ការគ្រប់គ្រងជំងឺកូវីដបានល្អប្រសើរ ដែលអ្នកដំណើរជាតិ អន្តរជាតិ មិនចាំបាច់ធ្វើចត្តាឡីស័កជាចំណូចវិជ្ជមានទីមួយ។ ទី២ ច្បាប់វិនិយោគថ្មីរបស់កម្ពុជាបានផ្តល់ភាពអនុគ្រោះច្រើន ដល់អ្នកវិនិយោគជាតិ អន្តរជាតិ ទី៣ ច្បាប់ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលប្រយោជន៍របស់អ្នកផលិត និងការពារការប្រកួតប្រជែងមិនស្មើភាព ក៏ជាចំណែកមួយដ៏ល្អរបស់កម្ពុជា ក្នុងការផ្តល់ភាពកក់ក្តៅដល់វិនិយោគិនអន្តរជាតិផងដែរ។

ទី៤ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន កូរ៉េ ការទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ (GSP) ពីអាមេរិក អង់គ្លេស និងប្រព័ន្ឋអនុគ្រោះពន្ឋពីអឺរ៉ុប ក៏ជាផ្នែកដ៏សំខា​ន់ដែលផ្តល់ឲ្យទីផ្សារកម្ពុជា ទាក់ទាញការវិនិយោគពីវិនិយោគិនអន្តរជាតិនាពេលខាងមុខផងដែរ។

លោកឧកញ៉ាលឹម ហេងបានបន្តថា “តាមរយៈវេទិការដ្ឋាភិបាល និងវិស័យឯកជន១៨លើកកន្លងមក ប្រមុខរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមយ៉ាងច្រើន ពិសេសផ្តល់ការលើកទឹកចិត្តដល់វិស័យឯកជន”។ លោកបន្តថា “ហេតុនេះយើងនៅតែមានជំនឿជឿជាក់ថា កម្ពុជានឹងបន្តក្លាយជាទីផ្សារដ៏ល្អ និងស្រូវទាញអ្នកវិនិយោគបរទេសកាន់តែច្រើនថែមទៀតនាពេលអនាគតឆាប់ៗនេះ”៕

វិស័យសំណង់កម្ពុជាស្រូបបានទឹកប្រាក់ជិត៥០០០លានដុល្លារអាមេរិកក្នុងរយៈពេល១០ខែ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ សមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានអនុម័តគំរោងសាងសង់ចំនួន៣៥៩៨គំរោង ជាមួយនឹងទំហំទឹកប្រាក់៤៨៧៦លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែឆ្នាំនេះ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​ឲ្យដឹងថា ក្នុងរយៈពេល១០ ខែឆ្នាំ២០២១នេះ ក្រសួង និងរដ្ឋបាករាជធានី ខេត្តទាំង២៥បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន៣,៥៩៨ គម្រោង មានផ្ទៃក្រឡាសំណង់ជិត ១២ លានម៉ែត្រការ៉េ។

លោកឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណ​ង់ បានបា្រប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១កន្លងមកថា “ការវិនិយោគគម្រោងភាគច្រើន ជាប្រភេទសំណង់លំនៅឋាន អគារស្នាក់នៅរួម អគារពហុមុខងារ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង សំណង់អគារផ្សេងៗទៀត”។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះបញ្ជីនិងផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម ដល់សហគ្រាសក្រុមហ៊ុនសិក្សា គម្រោងប្លង់ និងសាងសង់បានចំនួន ២៨៥ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន១៤ និងក្រុមហ៊ុនសាងសង់មានចំនួន២៧១ និងបានចុះបញ្ជីដល់រូបវន្តបុគ្គល សិក្សាគម្រោងប្លង់បានចំនួន៨៧ រូបក្នុងនោះស្ថាបត្យករចំនួន ២៧ រូប និងវិស្វករចំនួន៦០រូបផងដែរ។

លោកឡៅ ទិព្វសីហា បានសម្តែងសុទិដ្ឋិនិយមថា “វិស័យសំណង់ត្រូវបានព្យាក​រណ៍ថា នឹងងើបឡើងវិញនៅឆ្នាំខាងមុខនេះ ដោយការរំពឹងទុកនូវការវិលត្រឡប់មកវិញ នូវរំហូរទុនវិនិយោគពីបរទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញ និងមិនតម្រូវឱ្យអ្នកចេញចូលកម្ពុជាធ្វើចត្តាឡីស័ក្កនោះទេសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់”៕