ផ្នែកឯកជនកំពុងផ្សព្វផ្សាយពីការបើកប្រទេសឡើងវិញដល់បណ្តាញទេសចរណ៍ក្នុងតំបន់អាស៊ាន និងសហគមន៍អឺរ៉ុប

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញទេសចរណ៍កម្ពុជា កំពុងធ្វើការផ្សព្វផ្សាយពីការបើកប្រទេ​សឡើងវិញរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដល់បណ្តាសមាគម និងទីភ្នាក់ងារទេសចរណ៍ក្នុងតំបន់អាស៊ាន និងសហគមន៍អឺរ៉ុប។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រ​សាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមកថា បច្ចុប្បន្នសហគមន៍ទេសចរណ៍ក្នុងតំបន់អាស៊ាន បានអបអរសាទរ និងជជែកគ្នាយ៉ាងច្រើនពីការបើកប្រទេសឡើងវិញរបស់ប្រមុខរដ្ឋាភិបាល ដែលប្រទេសទាំងនោះ កំពុងពិភាក្សាគ្នាដើរតាមគន្លងរបស់កម្ពុជា។

កាលពីថ្ងៃទី១៤ វិច្ចិកាកន្លងមកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែនបានប្រកាសបើកប្រទេសឡើងវិញ ដោយមិនតម្រូវឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិធ្វើចត្តាឡីស័កឡើយ ករណីពួកគេបានចាក់វ៉ាក់សាំងរួចហើយ។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា “វិស័យឯកជនមានការអបអរសាទរយ៉ាងខ្លាំង ពេលប្រមុខរដ្ឋាភិបាលបើកប្រទេសឡើងវិញ ព្រោះយើងមិនចង់ឃើញវិស័យនេះនៅមាន​បញ្ហាបន្តទៀតនោះទេ”។ លោកស្រីបន្តថា “យើងមានការព្រួយបារម្ភថា បើសិនជាស្ថានភាពអូសបន្លាយពេល អ្នកជំនាញក្នុងវិស័យនេះ នឹងទៅបំពេញការងារលើវិស័យផ្សេងទៀត នឹងធ្វើឲ្យយើងបាត់បង់ភ្ញៀវទេសចរណ៍”។

លោកស្រីបន្ថែមថា ការបើកក្រុងព្រះសីហនុ កោះរ៉ុង និងតំបន់តារាសាគរកន្លងមក មិនមានភ្ញៀវទេសចរណ៍ កក់សំបុត្រយន្តហោះមកទស្សនាកម្ពុជាទេ ព្រោះមិនមានការភ្ជាប់ជើងហោះហើរទៅកាន់ក្រុងព្រះសីហនុ ហើយបើធ្វើដំណើរតាមផ្លូវគោកត្រូវចំណាយពេលចន្លោះពី៤ទៅ៥ម៉ោង ពួកគេមិនចាប់អារម្មណ៍នោះទេ។

ជាមួយគ្នានេះ លោកហូ វណ្ឌីអ្នកជំនាញទេសចរណ៍មួយរូប និងជាទីប្រឹក្សាសមា​គមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការប្រកាសបើកដំណើរការឡើងវិញរបស់ប្រទេស ពីប្រមុខរដ្ឋាភិបាលនិងពេលវេលាជាក់ស្តែង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាច្រើន វាហាក់ប្រថុចញុចពេក ហេតុនេះបើចង់មើលលទ្ឋផលបែបណា វាទាមទាររយៈពេលបីខែទៀត។

លោកបន្តថា “ក្រុមការងារផ្នែកឯកជន កំពុងធ្វើការជាមួយបណ្តាញការីទេសចរ​ណ៍នៅទូទាំងពិភពលោកបណ្តើរៗហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា”។

បើតាមលោកហូ វណ្ឌីបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway, Lanmei Airline បានកំណត់ពេលវេលាជាក់លាក់ហោះហើរពីកម្ពុជា ទៅកាន់ទីក្រុងបាងកក និងហោះហើរពីទីក្រុងបាងកក មករាជធានីភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត ក៏បាននិងកំពុងត្រៀមខ្លួនហោះហើរមកកាន់កម្ពុជាផងដែរ៕

ក្រុមហ៊ុនកម្ពុជាមួយទទួលបានពានរង្វាន់ចំនួន៧ក្នុងកម្មវិធី PropertyGuru Cambodia Property Awards

ដោយៈ សុធារី

ភ្នំពេញៈ ក្រុមហ៊ុន Urbanland ទទួលបានពានរង្វាន់សរុប៧ ដែលក្នុងនោះរួមមានពានរង្វាន់ធំជាងគេគឺពានរង្វាន់ Best Developer សម្រាប់គម្រោងអភិវឌ្ឍន៍បុរីដំបូងគេបង្អស់របស់ខ្លួនគឺ គម្រោងបុរី ចន្ទគីរី នៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ២០២១។

ក្រុមហ៊ុនUrbanland ជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ ច្រើនជាងគេប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នាំនេះ ដូចជា Best Developer ដែលជាពានរង្វាន់ធំជាងគេប្រចាំកម្មវិធី ពានរង្វាន់ Best Housing Development (Cambodia) ពានរង្វាន់ Best Housing Development (Phnom Penh) ពានរង្វាន់ Best Housing Architectural Design ពានរង្វាន់ Best Housing Landscape Architectural Design ពានរង្វាន់ Special Recognition in ESG (CSR) ពានរង្វាន់ Special Recognition in Sustainable Design and Construction។

លោក កាំង ហុកស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុននេះមានប្រសាសន៍ថា “វាពិតជាសំណាងរបស់ខ្ញុំ ដែលខ្ញុំអាចអភិវឌ្ឍគម្រោងក្នុងក្តីស្រមៃនេះឡើងបាន ជាពិសេសខ្ញុំអាចធ្វើការ ជាមួយក្រុមការងារមួយក្រុមដែលមានឆន្ទៈ និងទេពកោសល្យខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាលើគម្រោងនេះ”។

លោកបន្តថា “សមិទ្ធផលទាំងអស់អាចកើតឡើងទៅបាន ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមការងារយើង ក្នុងការរៀបចំផែនការ រចនា និងសាងសង់បុរីចន្ទគីរី ទៅតាមទស្សន: វិស័យដែលពួកយើងបានកំណត់កន្លងមក”។

លោកបន្ថែមថា “យើងកំពុងដើរលើមាគ៌ាដែលត្រឹមត្រូវមួយ និងគួរឲ្យរំភើបមួយ គឺការរចនា និងសាងសង់គេហដ្ឋាន សម្រាប់ការរស់នៅកាន់តែប្រសើរជាងមុនសម្រាប់យើងម្នាក់ៗ”។

កម្មវិធី PropertyGuru Cambodia Property Awards លើកទី៦ នេះគឺជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាព និងមានប្រកួតប្រជែងបំផុត សម្រាប់ក្រុមហ៊ុនអច​ល​នទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ គឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០០៥៕

ស្ថានីយរថភ្លើងចិន-ឡាវទាំង១០ ក្នុងប្រទេសឡាវបញ្ចប់ការសាងសង់រួចរាល់ហើយ

ដោយៈសុធារី

ភ្នំពេញៈ ស្ថានីយរថភ្លើងចិន-ឡាវទាំង១០ នៅក្នុងប្រទេសឡាវ បានបញ្ចប់ការសាងសង់រួចរាល់ហើយ នេះបើតាមក្រុមហ៊ុន Laos-China Railway Co., Ltd. (LCRC) បានប្រាប់កាសែតស៊ីនហួរកាលពីថ្ងៃសុក្រ។

យោងតាម Laos-China Railway Co., Ltd. (LCRC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា និងមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ទទួលបន្ទុកសាងសង់ និងប្រតិបត្តិការផ្លូវដែក បានប្រាប់ឱ្យដឹងថា ស្ថានីយ៍ចុងក្រោយនៅទីក្រុងហ្លួងប្រាបាង ដែលមានចម្ងាយប្រហែល២២០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងវៀងចន្ទន៍ សាងសង់ដោយក្រុមហ៊ុន China Railway Construction Group Co., Ltd. ( CRCG) បានបញ្ចប់ការតុបតែងផ្នែកខាងក្រៅរបស់ខ្លួន កាលពីថ្ងៃពុធ។

ស្ថានីយ៍ហ្លួងប្រាបាង ដែលជាស្ថានីយ៍ធំទីពីរបន្ទាប់ ពីស្ថានីយ៍វៀងច័ន្ទមានពីរស្ថានីយ៍ដែលមានផ្លូវចំនួនបួន។
កាសែតដដែលបានរាយការណ៍ថា វិស្វករពីក្រុមហ៊ុន China Railway Construction Group Co., Ltd. ( CRCG) ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប ក្នុងការសាងសង់ស្ថានីយ៍ក្នុងប្រទេសចិន បានរួមបញ្ចូលនូវរចនាប័ទ្មទ្វារបែបស្ថាបត្យកម្មចិនបុរាណជាមួយនឹងធាតុផ្សំនៃផ្កាជាតិឡាវ គឺផ្កាចំប៉ា ក្នុងការរចនានិងការសាងសង់បង្គោលទ្វាររបស់ស្ថានីយ៍ ធ្នឹមទ្វារ និងផ្នែកខាងមុខ ដែលឆ្លុះបញ្ចាំងពីវប្បធម៌សោភ័ណភាពនៃប្រទេសទាំងពីរ។

ផ្លូវដែកចិន-ឡាវ គឺជាគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្ររបស់ឡាវ ដើម្បីបំប្លែងខ្លួនពីប្រទេសព័ទ្ធដោយផ្លូវគោក ទៅជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវគោក។

ផ្លូវរថភ្លើងដឹកអ្នកដំណើរ និងដឹកទំនិញ ត្រូវបានសាងសង់ឡើងជាមួយនឹងការគ្រប់គ្រង និងស្តង់ដារបច្ចេកទេសរបស់ចិន។ ការសាងសង់គម្រោងនេះ បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់ និងបើកឱ្យធ្វើចរាចរណ៍នៅខែធ្នូ ឆ្នាំ២០២១៕

ក្រុមហ៊ុនទ្រី ភាព បានទទួល ស.ជ.ណ ពីរដ្ឋាភិបាលអភិវឌ្ឍន៍លើកោះទន្សាយទំហំប្រមាណ ១៤០ហិកតា

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ខេត្តកែបបានឲ្យដឹងថា ក្រុមហ៊ុនទ្រីភាពបានទទួលស ជ ណពីរាជរដ្ឋាភិបាល ដើម្បីវិនិយោគលើកោះទន្សាយ ក្នុងទំហំផ្ទៃដីប្រមាណ១៤០ហិកតា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងធ្វើសកម្មភាពមួយចំនួនហើយ។

អភិបាលនៃគណអភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមកថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនទ្រីភាពបានដាក់គ្រឿងចក្រ ត្រាស់សេ ផ្លូវ និងការដ្ឋានមូយចំនួនហើយ ដោយក្រុមហ៊ុននេះបានធ្វើសកម្មភាពវិនិយោគពិតប្រាកដ មិនមែនបានទទួលពីរដ្ឋាភិបាលហើយ ទុកចោកនោះទេ។

លោកបន្តថា “យ៉ាងណាក៏ដោយក្រុមហ៊ុននេះ មិនទាន់បានចុះកិច្ចព្រមព្រៀងជាមួ​យរដ្ឋាភិបាលនៅឡើយទេ ដោយសារក្រុមហ៊ុននេះកំពុងសិក្សា និងរៀបចំប្លង់គោលអភិវឌ្ឍន៍ឲ្យបានជាក់លាក់ជាមុនសិន”។ លោកបន្តថា “ទោះជាបានទទួលទំហំដីជាគោ​ល​​ការណ៍ប្រមាណ១៤០ហិកតាក្តី តែក្រុមហ៊ុននេះអាចអនុញ្ញាត្តឲ្យធ្វើសកម្មភាពអភិវឌ្ឍតែចន្លោះពី៣០ ទៅ៤០ភាគរយប៉ុណ្ណោះ ព្រោះតំបន់មួយចំនួនជាភ្នំ ព្រៃឈើដែលត្រូវការអភិរ័ក្ស និងថែររក្សាសោភ័ណភាពរបស់កោះនេះ”។

លោកសោម ពិសិដ្ឋបានបន្តទៀតថា ក្រុមហ៊ុនទ្រី ភាពនឹងអភិវឌ្ឍន៍កោះនេះជាសណ្ឋាគារ បឹងហ្កាឡូ ភៅជនីយដ្ឋាន មជ្ឈមណ្ឌលកំសាន្ត ទីលានវាយកូនហ្គោលខ្នាតតូចជាដើម ស្របពេលកោះទន្សាយជាកោះល្បីល្បាញ និងមានភាពស្រស់ស្អាត ហើយបើអ្នកមកកាន់ខេត្តកែប មិនស្គាល់កោះទន្សាយដូចជាមិនបានមកដល់ខេត្តកែប។

ជាមួយគ្នានេះ លោកបានឲ្យដឹងផងដែរថា ក្រុមហ៊ុនទ្រី ភាពមិនមានគំរោងសាងសង់ខ្សែកាប មានកន្រ្តកយោងចេញពីក្រុងកែប ទៅកាន់កោះទន្សាយនោះទេ ដែលព៌ត​មាននេះបានត្រឹមតែជាការលើកឡើងតគ្នាប៉ុណ្ណោះ។
ខេត្តកែបត្រូវបានរដ្ឋាភិបាល ពិសេសផែនការមេរបស់ក្រសួងទេសចរណ៍រៀបចំ​ផែនការអភិវឌ្ឍន៍ ជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ដោយមិនអនុញ្ញាត្តឲ្យមាន​ការសាងសង់រោងចក្រ សហគ្រាសដែលបង្ហុយផ្សែងនាំដល់ការបំពុលបរិស្ថាននោះទេ៕

អ្នកវិនិយោគអន្តរជាតិ ពិសេសចិនបានចាប់ផ្តើមមកកាន់កម្ពុជាឡើងវិញហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានអះអាងថា អ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិន បានចាប់ផ្តើមត្រលប់មកកម្ពុជា ឡើងវិញបណ្តើរៗហើយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមកថា រហូតមកទល់ពេលនេះ អ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគចិនបានចាប់ផ្តើមវិលត្រលប់មក​កម្ពុជាឡើងវិញហើយ។

លោកបន្តថា “អ្នកវិនិយោគចាស់ៗ ដែលមានគំរោងនៅកម្ពុជា និងអ្នកវិនិយោគដែលមានគំរោងចង់វិនិយោគនៅកម្ពុជា បានវិលត្រលប់មកវិញ ពិសេសអ្នកវិនិយោគចិន ជប៉ុនជាដើម”។ លោកបន្តថា “ជាមួយគ្នានេះ អ្នកវិនិយោគជប៉ុនកាន់តែច្រើននឹងវិនិយោគ​នៅកម្ពុជា ដោយសារទីផ្សារកម្ពុជាមានភាពទាក់ទាញ ហើយពួកគេមិនបោះបង់ទីផ្សារនេះទេ”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអនុញ្ញាត្តឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកដំណើរអន្តរជាតិចង់បាន។ លោកបន្តថា ការដែលថ្នាក់ដឹកនាំលើកលែងការធ្វើចត្តាឡីស័កនេះ ឆ្លុះបញ្ចាំងពីការធ្វើយុទ្ឋនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានទទួលជោគ​ជ័យ និងអាចគ្រប់គ្រងជំងឺនេះបានហើយ ទើបសម្តេចបើកបែបនេះ។

លោកបន្តថា “នេះជាឱកាសល្អហើយ ដែលយើងអាចទទួលទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគបរទេសអាចចូលមកកាន់កម្ពុជា ដែលពួកគាត់បានទន្ទឹងរង់ចាំជាយូរមកហើយ”។លោកបន្តថា “អ្នកវិនិយោគខ្លះបានទទួលការអនុម័តគំរោងពីក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជារួចហើយ តែដោយសារជំងឺកូវីដពួកគេមិនហ៊ានធ្វើដំណើរ ដូច្នេះការបើកទូលាយនេះ ពួកគាត់នឹងមកកាន់កម្ពុជាឡើងវិញហើយ”៕

ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិនជំរុញទំហំពាណិជ្ជកម្មឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្ដេជ្ញាក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន១០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងពេលឆាប់ៗខាងមុខនេះ។

ការប្ដេជ្ញារបស់ភាគីធ្វើឡើង ក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោកលី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូកាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា២០២១ ។

ការប្ដេជ្ញានឹងជំរុញឱ្យបាន១០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំក៏ធ្វើឡើងក្នុងពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន នឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះដែររ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ ពីការបង្កើតបក្សកុម្មុយនិស្តចិន កាលពីខែ កក្កដា ឆ្នាំ២០២១ និងបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិនលុបបំបាត់ទាំងស្រុង នូវភាពទីទាល់ក្រក្នុងសង្គមចិន និងបានអបអរសាទរផងដែរ ចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់រយៈពេល៩ខែដំបូង នៅឆ្នាំ២០២១ ហើយសម្តេចជឿជាក់ថា ក្រោមការដឹកនាំរបស់ ប្រធានាធិបតីស៊ី ជីនពីង និងការចូលរួមដោ ថ្នាក់ដឹកនាំចិន នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើង។

នៅក្នុងជំនួបនេះ សម្ដេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។

ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងលោក លី ខឺឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។ ដោយឡែក លើវិស័យកសិកម្ម លោក លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន គប្បីណាទាក់ទាញធ្វើឱ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ែន សុវិជាតិ ក៏បានរំពឹងថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនចូលជាធរមាននឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារបានកាន់តែច្រើនជាងមុន នឹងអាចធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជានិងចិនកាន់តែមានសន្ទុះនិងទំហំធំឡើង។

លោកបន្តថា មិនតែប៉ុណ្ណោះ កម្ពុជាក៏អាចទទួលបានវិនិយោគចិន ចូលវិនិយោគកាន់តែច្រើនបន្ថែមទៀតផងដែរ ខណៈបច្ចុប្បន្នចិនគឺជាវិនិយោគធំជាងគេទៅហើយ៕

ដំណឹងល្អៈកំពង់ផែកោះទន្សាយសម្រេចបាន ៨០ភាគរយហើយ និងអាចប្រើប្រាស់

ដោយៈសិរីជេស៊ីកា

កែបៈ អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ស្ពានតភ្ជាប់រវាងក្រុងកែប ទៅកាន់កោះទន្សាយសម្រេចបាន៨០ភាគរយហើយ និងអាចប្រើប្រាស់បណ្តោះអាសន្ន។

លោកអភិបាលខេត្តបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ វិច្ឆិកានេះថា ដំណើរការសាងសង់កំពង់ផែនេះ សម្រេចបានតាមការគ្រោងទុក ដែល​អាចប្រើប្រាស់បណ្តើរៗបានហើយ ខណៈការងារជាច្រើនទៀតបាននិងកំពុងធ្វើ ក្នុងនាមអភិបាលខេត្ត ដែលជាការត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនាពេលខាងមុខនេះ។

លោកបន្តថា “ជាមួយគ្នានេះ ខេត្តបានចាក់ដីពង្រីកតំបន់លំហែរ នៅឆ្នេរសមុទ្រ ដើម្បីទទួលរៀបចំតំបន់កំសាន្តសាធារណៈក្នុងខេត្ត និងការកសាងហេដ្ឋារចនាសម្ព័ន្ឋជា​ច្រើនទៀតបាននិងកំពុងធ្វើ”។ លោកបន្តថា “កំពង់ផែកោះទន្សាយនឹងជាផ្នែកមួយទាក់ទាញទេសចរណ៍អន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ ព្រោះកំពង់ផែនេះអាចទទួលការចត​កប៉ាល់ទេសចរណ៍កម្រិតមធ្យមបានផងដែរ”។

លោកសោម ពិសិដ្ឋបានបន្តទៀតថា អាជ្ញាធរខេត្តក៏បាននិងកំពុងរៀបចំសួនច្បារ ផ្សាររាត្រី តំបន់កំសាន្តជាច្រើនទៀត ដើម្បីជម្រុញការលើកកំពស់សោភ័ណភាពខេត្តផង ទាក់ទាញទេសចរណ៍ផង និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ៕

ផ្លូវជាតិលេខ៧១C ប្រវែង ១១៥គីឡូម៉ែត្រ តម្លៃ ១៣០លានដុល្លារនឹងបើកការដ្ឋានសាងសង់ដោយសម្តេចតេជោ

ដោយៈស៊ីវ ម៉េង

កំពង់ចាម ត្បុងឃ្មុំៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវមូយតភ្ជាប់ច្រករបៀងភាគខាងកើត និងខាងជើងប្រទេស។

តើផ្លូវជាតិដ៏សំខាន់ថ្មីមួយនេះ តភ្ជាប់ពីតំបន់ណាទៅតំបន់ណា? លោកវ៉ាស៊ីម សូរិយាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៥ វិច្ឆិកានេះថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិដ៏សំខាន់នេះ ជាមួយនឹងការសម្ភោធបើកដំណើរការស្ពានមិត្តភាពកម្ពុជា ចិនតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនៅថ្ងៃទី២៣ វិច្ឆិកាខាងមុខនេះ។

លោកបន្តថា “ផ្លូវជាតិលេខ៧១C នឹងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចប្រធាតុ ក្នុងស្រុកពញ្ញាក្រែក មកកាន់ស្រុកក្រូចឆ្មារ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ចំការលើ ខេត្តកំពង់ចាម និងបន្តតភ្ជាប់ទៅកាន់ខេត្តកំពង់ធំ ដែលជាចំណុចកណ្តាលនៃប្រទេស។លោកបន្តថា “ផ្លូវជាតិនេះមានប្រវែង១១៥គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ទំហំ១៣០លាន​ដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់មិត្តចិន”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវជាតិនេះ នឹងតភ្ជាប់ជាមួយស្រុកក្រូចឆ្មារ តាម​រយៈឃុំឈូក ដែលតំបន់នេះជាតំបន់លិចទឹកនៅខែវស្សា ដែលទាមទារឲ្យមានការលើកទំនប់កាន់តែខ្ពស់ ដើម្បីបញ្ចៀសការលិចទឹកនៅពេលរដូវធ្លាក់ភ្លៀងចូលមកដល់។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋយ៉ាងច្រើន ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជាផង តភ្ជាប់ជាមួយប្រទេសក្នុងតំបន់ផង ដើម្បីពង្រីកនូវកាលានុវត្តន៍ភាពសេដ្ឋកិច្ចកម្ពុជា។

សេដ្ឋវិទូម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយ ក្នុងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់ ហេតុនេះទើបរដ្ឋាភិបាលបាននិងកំពុងខិតខំ ដើម្បីជម្រុញការវិនិយោគ​ក្នុងវិស័យនេះ ទោះបីជាចំណាយប្រាក់ច្រើនយ៉ាងណាក្តី។

លោកបន្តថា “ដើម្បីឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ”៕

ក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរបានកំណត់ពេលវេលាជាក់លាក់ភ្ជាប់ជើងហោះហើរមកកម្ពុជា ខណៈមួយចំនួនទៀតកំពុងត្រៀម

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ចំនួន២ បានកំណត់ពេលវេលាជាក់លាក់ ភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាហើយ  ខណៈក្រុមហ៊ុនជាច្រើនទៀត កំពុងរៀបចំផែនការហោះហើររបស់ខ្លួន។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា លោកហូ វណ្ឌីដែលបានធ្វើការរយ៉ាងជិតស្និទ្ឋ ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍នានាបានសម្តែងក្តីរីករាយ បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រកាស ពីការបើកទទួលភ្ញៀវទេស​ចរណ៍ អ្នកដំណើរនានាដែលបានចាក់វ៉ាក់សាំង និងមិនធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៤ វិច្ឆិកាកន្លងមក។

លោកបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី នឹងធ្វើការហោះហើរត្រង់ទៅកាន់ក្រុងបាងកក ពីរាជធានីភ្នំពេញនៅថ្ងៃទី២០ វិច្ឆិកាសប្តាហ៍ក្រោយនេះ ខណៈក្រុមហ៊ុន Bangkok Airway នឹងចាប់ផ្តើមហោះហើរត្រង់ពីទីក្រុងបាងកក មកកាន់រាជធានីភ្នំពេញនៅថ្ងៃទី១ ធ្នូខាងមុខនេះផងដែរ។

លោកបន្តថា លើសពីនេះក្រុមហ៊ុន Cambodia Angkor Air, Thai Smile, Philipine Airline, Thai Airwayបាននិងកំពុងត្រៀមហោះហើរមកកាន់កម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកហូ វណ្ឌីបានសំណូមពរឲ្យរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយសម្រួលបែបបទនិតិវិធីនានា ដើម្បីជួយសម្រួលឲ្យមានការភ្ជាប់ជើងហោះហើរពីអាកាសចរណ៍នានាផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាកើនឡើង និងជម្រុញវិស័យនេះឲ្យមានភាពរីកចម្រើន ព្រោះពេលណាវិស័យទេ​សចរណ៍រីកចម្រើន វានឹងមានឥទ្ឋពលជួយដល់វិស័យដទៃទៀត ឲ្យងើបឡើងព្រមគ្នាផងដែរ។

លោកក៏សំណូមពរឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ផ្តោតលើការចាប់ផ្តើមហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដើម្បីជម្រុញខ្សែចង្វាក់ធ្វើដំណើរឲ្យមានភាពសកម្ម និងរលូនផងដែរ៕

សេដ្ឋកិច្ចវិទូថា ការងើបឡើងវិញរបស់សេដ្ឋកិច្ចវៀតណាមទាមទារការវិនិយោគសាធារណៈដ៏រឹងមាំ

ដោយៈ សុផារី

វៀតណាមៈ សេដ្ឋវិទូ និងអ្នកបង្កើតគោលនយោបាយវៀតណាម បាននិយាយថា ការផ្តល់ហិរញ្ញប្បទាន ដល់ការវិនិយោគសាធារណៈ ដើម្បីបង្កើតកំណើននាពេលអនាគត និងបង្កើនល្បឿន នៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមនាពេលខាងមុខ។

របាយការណ៍ថ្មីមួយ របស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានលើកឡើងពីចំណុចខ្វះខាត និងកម្រិតមួយចំនួនរបស់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ ចាប់ពីឆ្នាំ២០០២ដល់ឆ្នាំ២០១៩ ការវិនិយោគសាធារណៈ (ជាចំណែកនៃផលិតផលក្នុងស្រុកសរុប) ត្រូវបានគេនិយាយថានឹងធ្លាក់ចុះចន្លោះពី២២ភាគរយទៅ១១ភាគរយ ខណៈពេលដែលតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធកំពុងកើនឡើង។

សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ក៏ត្រូវតែប្តេជ្ញាចិត្តក្នុងការវិនិយោគសំខាន់ៗ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន ពេលវេលាដឹកជញ្ជូន ធ្វើទំនើបកម្មទីក្រុង និងកែលម្អការតភ្ជាប់ឌីជីថល ដើម្បីរក្សាការប្រកួតប្រជែងជាអន្តរជាតិ។ ខណៈពេលដែលមានការរីកចម្រើនខ្លះ ប្រទេសវៀតណាម នៅតែនៅពីក្រោយគូប្រជែងក្នុងតំបន់ ដូចជា ម៉ាឡេស៊ី និងថៃនៅឡើយ។

ចំពោះការច្នៃប្រឌិត វៀតណាមនៅមានភាពយឺតយ៉ាវ។ វៀតណាមជាធម្មតាចំណា​យត្រឹមតែ០,៥ ភាគរយនៃ GDP របស់ខ្លួនលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលទាបជាងអ្វីដែលតម្រូវ ឱ្យរក្សាការប្រកួតប្រជែងនៅក្នុងតំបន់។ បើប្រៀបធៀបទៅប្រទេសថៃចំណាយជាង១ ភាគរយ និងម៉ាឡេស៊ីជិត១,៥ ភាគរយ។

ការបញ្ចេញទុនវិនិយោគសាធារណៈ បានធ្លាក់ចុះដល់កម្រិតមួយ ចាប់តាំងពីដើមឆ្នាំមក ជាពិសេសបន្ទាប់ពីការផ្ទុះឡើងនៃកូវីដ១៩ លើកទីបួននៅក្នុងខែមេសា។

យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា ការបញ្ចេ​ញទុនវិនិយោគសាធារណៈ ក្នុងអំឡុងពេលដប់ខែដំបូងនៃឆ្នាំនេះ មានចំនួន១១,៣ ពាន់លានដុល្លារ ឬជិត៥៥,៨ភាគរយនៃគោលដៅក្នុងឆ្នាំនេះ។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ការព្យាករណ៍កំណើនផលិតផល ក្នុងស្រុកសរុបរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម២,២៥ភាគរយនៅឆ្នាំនេះ។

ការស្ទង់មតិនាពេលថ្មីៗនេះ ដោយមជ្ឈមណ្ឌលសម្រាប់ការវិភាគ និងការព្យា​ករណ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្នុងខែកក្កដាបានបង្ហាញថា៦៣,៥ភាគរយនៃគ្រួសារវៀតណាម បានជួបប្រទះនឹងការធ្លាក់ចុះប្រាក់ចំណូល យ៉ាងហោចណាស់៣០ភាគរយ បើធៀបនឹងកម្រិតមុនកូវីដ១៩។

លោក Jonathan Pincus អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិជាន់ខ្ពស់របស់ UNDP ប្រចាំតំបន់អាស៊ីអាគ្នេយ៍បាននិយាយថា “ការឆ្លើយតបសារពើពន្ធរបស់វៀតណាមចំពោះជំងឺកូវីដ១៩ គឺមិនគ្រប់គ្រាន់ទេ” ។

លោក Pincus បាននិយាយថា ការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន នឹងបណ្តាល   ឱ្យមានការប៉ះពាល់យ៉ាងខ្លាំង និងបណ្តាលកំណើន GDP យឺតជាងការចាំបាច់។ ការងើបឡើងវិញនឹងយឺតជាងមុន ដោយសារកង្វះខាតនៃតម្រូវការ និងអាចបណ្តាលឱ្យក្ស័យធន។

លោកបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយអនុវត្តន៍ កំណែទម្រង់ហិរញ្ញវត្ថុ និងបង្កើតស្ថាប័នហិរញ្ញវត្ថុថ្មី ដើម្បីបង្កើនការផ្គត់ផ្គង់ឥណទានរយៈពេលវែង ដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងការប្រកួតប្រជែងថ្នាក់ជាតិ។ លោកក៏បានអំពាវនាវឱ្យមានការទប់ស្កាត់ លើការផ្តល់ប្រាក់កម្ចីលើសកម្រិតដល់អចលនទ្រព្យ និងភាគហ៊ុន ដែលជាការបញ្ឈប់លំហូរចូលមូលធន ក្នុងអំឡុងពេលនៃកំណើនឥណទានលើសលប់ និងការចំណាយលើឱនភាព ខណៈដែលតម្រូវការកំពុងធ្លាក់ចុះ។

លោក Võ Trí Thành អតីតអនុប្រធានវិទ្យាស្ថានមជ្ឈិមគ្រប់គ្រងសេដ្ឋកិច្ច (CIEM) និងជាសមាជិកក្រុមប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិបាននិ​យា​យថា ជំងឺកូវីដ១៩ បានបង្ខំវៀតណាមឱ្យពិចារណាឡើងវិញនូវវិធីសាស្រ្ត ការអភិវឌ្ឍន៍ជាតិ និងអនុវត្តគោលនយោបាយ ដែលមិនធ្លាប់មានពីមុនមក។

លោក Thanh បានប្រាប់សារព័ត៌មាន Việt Nam News ថា “កំណើនអវិជ្ជមានប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងពេលពីរត្រីមាសជាប់គ្នាជាវិបត្តិសេដ្ឋកិច្ច។ សម្រាប់វៀតណាម កំណើន២% អាចចាត់ទុកថាជាវិបត្តិសេដ្ឋកិច្ច”។

កំណើន GDP របស់វៀតណាមនៅឆ្នាំនេះត្រូវបានកាត់បន្ថយមកត្រឹម២-២,៥ភាគរយ ខណៈដែលសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើងពី៥ ទៅ៦ភាគរយ។ កាលពីឆ្នាំមុន វៀតណាមបានកត់ត្រាកំណើន ផលិតផលក្នុងស្រុកសរុប២,៩១ភាគរយ ខណៈដែលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងកម្រិតអវិជ្ជមាន៤ភាគរយ។

លោកបានបន្តថា “សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម មិនមែនគ្មានចំណុចល្អនោះឡើយ ដែលរួមមានសូចនាករម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ការនាំចេញដែលកំពុងកើនឡើង និងលំហូរចូលនៃ FDI ដែលមានល្អ”។

ទោះជាយ៉ាងណាក៏ដោយ អាទិភាពរបស់រដ្ឋាភិបាលនាពេលនេះ គឺការជំរុញតម្រូវការ ការវិនិយោគ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Thanh បាននិយាយថា កម្មវិធីស្តារឡើងវិញ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលត្រូវតែគ្របដណ្តប់ និងផ្តោតលើវិស័យសំខាន់ៗរបស់សេដ្ឋកិច្ច ជាមួយនឹងគោលនយោ​បាយសារពើពន្ធ ដើម្បីដើរតួនាទីយ៉ាងសំខាន់៕