ក្រុងតាខ្មៅក្លាយជាទិសដៅនៃការអភិវឌ្ឍលំនៅឋានជាបុរីពីសំណាក់វិនិយោគិនក្នុងស្រុក

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈជាបុរី បានចាប់ផ្ដើមសម្លឹងរកការវិនិយោគរបស់ខ្លួននៅក្រុងតាខ្មៅជាបន្តបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះ វិនិយោគិនក្នុងស្រុក បានបញ្ចេញសកម្មភាព ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនៅក្រុងតាខ្មៅ ជាពិសេសក្រោយពេលរដ្ឋាភិបាល បានប្រកាសពីការបើកប្រទេសឡើងវិញ ។

គម្រោងបុរីធំៗដូចជា បុរីភ្នំពេញថ្មី ដែលមានបទពិសោធន៍លើអភិវឌ្ឍន៍បុរីជាង១០ឆ្នាំមកហើយក៏បានបង្ហាញវត្តមានរបស់ខ្លួន នៅទឹកដីក្រុងតាខ្មៅ នៃខេត្តកណ្ដាលផងដែរ ក្នុងនោះក៏បានប្រកាសបើកលក់ និងបើកការដ្ឋានសាងសង់លំនៅឋានបែបអាជីវកម្មជាច្រើនរយល្វែងចំកណ្ដាលនៃក្រុងតាខ្មៅ ។

កញ្ញាវ៉ាន់ ស្រីអូន តំណាងបុរីភ្នំពេញថ្មី ក្រុងតាខ្មៅបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ វិច្ឆិកានេះថា ក្រោយពេលរាជរដ្ឋាភិបាលបានប្រកាស ពីការបើកប្រទេសឡើងវិញ ក្រុមហ៊ុន ក៏បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងនៅក្រុងតាខ្មៅ និងចាប់ផ្ដើមប្រកាសលក់គម្រោងជាផ្លូវការផងដែរ ។ ជាការកត់សម្គាល់ ចាប់តាំងពីក្រុមហ៊ុនបានបើកលក់កាលពីថ្ងៃទី៦ វិច្ឆិកា២០២១ឃើញថាមានអតិថិជនជាច្រើន បានចាប់អារម្មណ៍មកលើគម្រោងដែលធ្វើឱ្យការលក់គម្រោង ទទួលបាន២០ភាគរយនៃគម្រោងទាំងមូលផងដែរ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance Realty បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃដដែលថា ក្រុងតាខ្មៅបានក្លាយជាតំបន់មួយ ដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍលើលំនៅឋាន សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះផង និងប្រជាពលរដ្ឋដែលចេញពីភ្នំពេញ ទៅរកតំបន់ជាយៗរាជធានីភ្នំពេញផង ។ ម្យ៉ាងទៀតក្រុងតាខ្មៅ ក៏នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ដែលធ្វើឱ្យពលរដ្ឋធ្វើការនៅក្រុងភ្នំពេញ ហើយមកសម្រាកនៅផ្ទះនាក្រុងតាខ្មៅវិញ ។

លោកបន្តថា “ក្រុងតាខ្មៅក៏មានគម្រោងផ្លូវក្រវ៉ាត់ក្រុងរត់កាត់ ព្រមជាមួយនឹងការអភិវឌ្ឍផ្លូវជាច្រើនខ្សែទៀត ធ្វើឱ្យតំបន់នេះក្លាយជាតំបន់ទាក់ទាញ ដល់ការរស់នៅនិងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ”។ លោកបន្តថា “តំបន់នេះក៏មានការអភិវឌ្ឍទៅលើគម្រោងអគារខុនដូរួចស្រេចហើយ ដូច្នេះមិនយូរទេវានឹងមានការអភិវឌ្ឍ លើខុនដូជាបន្តបន្ទាប់ដូចគ្នាដែរ”។

ចំណែកលោក ឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានឱ្យដឹងផងដែរថាការអភិវឌ្ឍផ្លូវធំៗ និងការអភិវឌ្ឍគម្រោងធំៗមួយចំនួន ដូចជា គម្រោងរោងចក្រស្រាបៀររបស់ក្រុមហ៊ុនវឌ្ឍនៈ បានជំរុញឱ្យក្រុងតាខ្មៅ កាន់តែមានការទាក់ទាញបន្ថែមទៅសក្ដានុពលលំនៅឋាននិងពាណិជ្ជកម្ម ។

លោកបន្តថា “នៅពេលអនាគតក្រុងតាខ្មៅ នឹងមានការទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតទៅលើលំនៅឋាន ហើយការអភិវឌ្ឍនេះ ក៏ត្រូវមានការបែងចែកជាលំនៅឋានសម្រាប់អ្នកមានចំណូលខ្ពស់ និងលំនៅឋានសម្រាប់អ្នកមានចំណូលទាប និងមធ្យមផងដែរ”៕

ប្រទេសថៃស្រូបទាញភ្ញៀវទេសចរបរទេសជិត ៤៤,៧៧៤នាក់តាំងពីប្រទេសបានបើកដំណើរការឡើងវិញ

ដោយៈ សុផារី

ប្រទេសថៃៈ ភ្ញៀវបរទេសសរុបចំនួន៤៤,៧៧៤នាក់ បានមកទស្សនាប្រទេសថៃ ចាប់តាំងពីប្រទេសនេះ បានបើកដំណើរការឡើងវិញ សម្រាប់ទេសចរណ៍អន្តរជាតិជាច្រើនសប្តាហ៍មុន នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក Thanakorn Wangboonkongchana បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានបង្ហាញសេចក្តីរីករាយនឹងកំណើនចំនួនភ្ញៀវបរទេស ដែលរំពឹងថានឹងបន្តកើនឡើង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនពីមជ្ឈិមបូព៌ា និងអឺរ៉ុប កំពុងស្នើសុំកន្លែងចុះចតកាន់តែច្រើននៅក្នុងប្រទេស។

លោកបាននិយាយថា ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ចំនួន១៨ បន្ថែមទៀតបានបន្តជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋានសុវណ្ណភូមិ ដែលនាំឱ្យចំនួនជើងហោះហើរសរុប ដែលបម្រើមជ្ឈមណ្ឌលអាកាសចរណ៍ សំខាន់របស់ទីក្រុងបាងកកកើនដល់២,០០៨។

លោកបាននិយាយថា ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ចំនួន១៩ កំពុងដំណើរការជើងហោះហើរចំនួន៧៩៣ជើងក្នុង និងក្រៅអាកាសយានដ្ឋានភូកេត ក្នុងខែនេះ ដែលជាការកើនឡើង៣៩% ពីខែតុលា ដោយដកស្រង់តួលេខពីវិទ្យុអាកាសចរណ៍ថៃ។

ក្នុងចំណោមភ្ញៀវបរទេសចំនួន៤៤,៧៧៤នាក់ មាន៣១,៦៦៦នាក់បានចូលមក ក្រោមកម្មវិធី “Test and Go” ខណៈដែល១០,៩៦៤នាក់ បានចូលប្រទេស តាមរយៈកម្មវិធីទេសចរណ៍ ដែលកំពុងដំណើរការនៅក្នុងខេត្តចំនួន១៧។ ទន្ទឹមនឹងនេះ ភ្ញៀវទេស​ចរណ៍ ដែលនៅសល់ចំនួន២,១៤៤នាក់ត្រូវឆ្លងកាត់ចត្តាឡីស័ក មុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរក្នុងប្រទេស។

លោកបាននិយាយថា មានតែភ្ញៀវបរទេសចំនួន៥២នាក់ប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ១៩ នៅពេលមកដល់ ឬប្រហែល0.១២% នៃភ្ញៀវទាំងអស់។

គិតត្រឹមថ្ងៃសៅរ៍ ទេសចរចំនួន១៧៣,៦៣៧នាក់ បានដាក់ពាក្យស្នើ QR Code បណ្ណឆ្លងកាត់របស់ប្រទេសថៃ តាមរយៈគេហទំព័រ tp.consular.go.th ។ លោកបន្តថា ជាសរុបពាក្យសុំចំនួន១៣៤,០៨៦ ត្រូវបានអនុម័ត។

លោក Thanakorn បាននិយាយថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យ Digital Economy and Society (DES) បង្កើនល្បឿនដំណើរការអនុម័ត សម្រាប់បណ្ណឆ្លងកាត់ប្រទេសថៃ៕

រដ្ឋាភិបាលកម្ពុជាដាក់ចេញសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា១៥ចំណុច

ដោយៈ សុផារី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ក្រោមអធិបតីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះដឹកនាំ ដោយលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ឋ។

យោងតាមរបាយការណ៍ស្តីពី សេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ ១៩ តាមកន្លងប្រក្រតីភាពថ្មី បានឲ្យដឹងពីស្ថានភាព ទស្សនវិស័យ ការកែទម្រង់ និងវិធានការស្តារលើវិស័យកសិកម្ម ដែលបានគូសរំលេចបញ្ជាក់ថា វិស័យកសិកម្មនៅបន្តមានសក្តានុពលខ្ពស់ ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ជាពិសេសការគាំទ្រកំណើន និងការស្រូបយកអ្នកអត់ការងារធ្វើ។

ក្នុងសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩ រាជរដ្ឋាភិបាល នឹងផ្តោតជាអាទិភាពលើគោលនយោបាយ កម្មវិធី និងវិធានការចម្បងដូចជា ទី១. ការផ្តល់ឥណទានបន្ថែមជូនដល់វិស័យឯកជន ដែលស្ថិតក្នុងបណ្ដាវិស័យអាទិភាព សំដៅជំរុញដល់ការរស់រាន ផលិតភាព និងការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈការចាប់យកនូវបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវយន្តការហិរញ្ញប្បទាន ដល់វិស័យឯកជន តាមរយៈត្រៀមថវិកាប្រមាណ២៥០លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ៥,៥% សម្រាប់វិស័យសំខាន់ដូចជាការដាំយ័ន ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត និងជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាព នៃការផ្ដល់ការធានាភ្ជាប់ជាមួយលក្ខ​ខណ្ឌអនុគ្រោះ។

ទី២ រៀបចំគម្រោងសាកល្បង នៃការផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគ (Grant – Matching) ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់/ សំណាញ់សម្រាប់ការដាំបន្លែលើផ្ទៃដី ចាប់ពី-០៥ ហិកតាឡើងទៅ និងកំពុង ឬគ្រោងនឹងអនុវត្តកសិកម្ម តាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ឬផ្តល់កម្ចីក្នុងអត្រាការប្រាក់៤%។

ទី៣. រៀបចំយន្តការលើកលែង ឬព្យួរអាករលើតម្លៃបន្ថែម (VAT) និងពន្ធនាំចូល (Tariff) លើសម្ភារៈសម្រាប់សាងសងផ្ទះកញ្ចក់ សំណាញ់ ទុយោតំណក់ទឹក ទុយោបាចសាច បំពង់ទីបជ័រ ដែលបម្រើដល់ការដាំដុះបន្លែ សម្ភារៈ គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ ផលិតផលកសិកម្ម  រម្ងាប់ដង្កូវរុយចោះផ្លែស្វាយ និងមឿនប៉ៃលិន មាស៊ីនសម្រាប់បំពាក់ក្នុងបន្ទប់ត្រជាក់ផ្ទុកស្វាយស្រស់ (Chiller Machine) ប្រព័ន្ធកង្ហាត្រជាក់បំពាក់រោងចិញ្ចឹមសត្វ និងប្រព័ន្ធដាក់ចំណីសត្វស្វ័យប្រវត្តិ។

ទី៤. ជំរុញការវិនិយោគឯកជនលើប្រព័ន្ធដឹកជញ្ជូនត្រជាក់ តាមរយៈយន្តការនៃការលើកលែង ឬព្យួរពន្ធនាំចូល និងអាករលើតម្លៃបន្ថែម សម្រាប់ទូកុងតឺន័រត្រជាក់ ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផ្លែចេកអំបូងលឿង និងស្វាយស្រស់ ទៅទីផ្សារអន្តរជាតិ ទី៥. ជំរុញផលិតកម្មគ្រាប់ពូជគ្រឹះ (Foundation Seeds) និង គ្រាប់ពូជវិញ្ញាបនបត្រ (Certified Seeds) នៃប្រភេទស្រូវក្រអូប ផ្ការំដួល និងសែនក្រអូប ពូជដំណាំដំឡូងមី និងស្វាយចន្ទី ដែលមានគុណភាព និង ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ទី៦. ពង្រឹងសមត្ថភាពក្រុមផលិត សមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្ម តាមកិច្ចសន្យារវាងក្រុមផលិត សមាគមនិងសហគមន៍កសិកម្ម ឧស្សាហកម្ម និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃផលិតផលកសិកម្ម លើអនុវិស័យដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ ទី៧. ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ(GAP) និងការបំពេញលក្ខខណ្ឌតម្រូវអនាម័យ និងភូតតាមអនាម័យ សម្រាប់ផលិតផលស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូបទៅដល់កសិករក្រុមផលិត និងសហគមន៍កសិ     កម្ម។

ទី៨. បន្តជំរុញការវិនិយោគ និងថែទាំប្រព័ន្ធស្រោចស្រពខ្នាតតូច ដែលតភ្ជាប់ពីប្រឡាយមេ និងផ្លូវលំជនបទតាមយន្តការ នៃគម្រោងសាច់ប្រាក់ពលកម្ម (Cash for Work)។៩. វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម (Quality control and certification systems including e-phyto) ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល (Traceability system) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cold storage facility) តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅលើទីតាំងដែលជាកម្មសិទ្ធិរបស់រដ្ឋ និង/ឬឯកជន ដែលមានសក្តានុពលខ្ពស់ ក្នុងការប្រមូលផ្តុំបន្លែចំនួន៣ កន្លែងសាកល្បងក្នុងជំហានទី ១ ដូចជា តំបន់ជាយក្រុងភ្នំពេញ ខេត្តបាត់ដំបង និងត្បូងឃ្មុំ

១០. ជំរុញការវិនិយោគសាធារណៈ លើមជ្ឈមណ្ឌលចែកចាយត្រីកម្រិតសហគមន៍ – រដ្ឋបាលជលផល និងហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផលដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cold storage facility) និងកន្លែងធ្វើតេស្តគុណភាព (quality testing facility)។ ទី១១. ពិនិត្យលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្ម (Agro-Industrial Park) – ឧត្តមក្រុមប្រឹក្សាជាតិក្នុងខេត្ត ដែលមានសក្តានុពលផលិតផលកសិកម្ម តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាព សេដ្ឋកិច្ចនៃសហគ្រាសកែច្នៃផលិតផលកសិកម្ម។

ទី១២.  ជំរុញការចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យសម្រាប់ នាំចូលផ្លែមៀនប៉លិន, ទុរេន, ម្រេច, ដូងក្រអូប និងការចរចាលើការលើកលែង ការតម្រូវឱ្យបង់ពន្ធនាំចូលលើផលិតផលកៅស៊ូ ជាមួយភាគីចិន

ទី១៣. ធ្វើសុខដុមនីយកម្ម និងសមាហរណកម្មផែនការសកម្មភាព និងគម្រោងនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលគាំទ្រដោយថវិការដ្ឋ និងថវិកាដៃគូ ក្នុងយុទ្ធសាស្ត្រស្តីពីការកែទម្រង់ការគ្រប់គ្រងការវិនិយោគសាធារណៈ

ទី១៤. សិក្សាថ្លៃធាតុចូលក្នុងវិស័យកសិកម្មដូចជា ដី ថ្នាំ ចំណីសត្វ និងពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល និងទី១៥. ជំរុញការរៀបចំ និងដាក់ឱ្យអនុវត្ត “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម  ២០២១-២០៣០។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគ ក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យរីកចម្រើន។ វិធានការណ៍នេះ បានជួយឱ្យកម្ពុជាលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបង្កើនការនាំចេញ ផលិតផលកសិកម្មបានកាន់តែច្រើន។

មួយវិញទៀត ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច  រាជរដ្ឋាភិបាលនឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហា ប្រឈម ជារចនាសម្ព័ន្ធ (structural issues) ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់ កំណើនសេដ្ឋកិច្ចដែលអាចបង្កើតនូវតម្លៃបន្ថែម ក្នុងរយៈពេលខ្លី (២០២១-២០២៣) និងជំរុញការស្ទុះងើបឡើងវិញសកម្មភាពសង្គម-សេដ្ឋកិច្ចជាតិ ទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស ជាពិសេសចំនួនបួន រួមមានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកម្មនសាលមិនមែនកាត់ដេរ។

នៅក្នុងពេលមានវិបត្តិកូវិដ-១៩ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានចាត់ទុកថា ជាវិស័យដែលមានសក្តានុពលខ្ពស់ ដោយសារតម្រូវការចំណីអាហារ មានការកើនឡើង។ វិស័យនេះមិនបានទទួលរងផលប៉ះពាល់ តែជាវិស័យជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈការផ្តល់ការងារ និងចំណូល។ ជាការវាយតម្លៃរួម វិស័យកសិកម្មនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការណ៍នេះឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតកម្ម និងការនាំចេញ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និង ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

អ្នកអភិវឌ្ឍន៍លំនៅឋានចាប់ផ្ដើមសម្រុកទៅប៉ែកខាងត្បូងបន្តក្រោយស្ថានភាពកូវីដ១៩ប្រសើរឡើង

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ហាក់ទទួលបានការចាប់ផ្ដើមបន្ថែមទៀតលើការអភិវឌ្ឍលំនៅឋាន ពីសំណាក់អ្នកវិនិយោគក្នុងស្រុក ក្នុងការសាងសង់និងអភិវឌ្ឍន៍លំនៅឋានផ្គត់ផ្គង់ លើទីផ្សារប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ យើងសង្កេតឃើញថាតំបន់ប៉ែកខាងត្បូង រាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ សកម្មភាពអភិវឌ្ឍន៍លំនៅឋាន ពីសំណាក់វិនិយោគិនបានបន្ថែមល្បឿនកាន់តែខ្លាំង ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស និងស្វាគមន៍វិនិយោគិនបរទេស ចូលមកដោយមិនមានការធ្វើចត្តាឡីស័ក។ ក្នុងនោះដែរ ម្ចាស់គម្រោងដែលមានសកម្មភាពស្រាប់បានបន្ថែមល្បឿនកាន់តែខ្លាំង និងសម្រុកអភិវឌ្ឍន៍លំនៅឋានបន្ថែមទៀត ហើយវិនិយោគិន ដែលមិនទាន់ចាប់ផ្ដើមក៏បានបញ្ចេញសកម្មភាព បានចាប់ផ្ដើមការដ្ឋានសាងសង់ និងប្រកាសផ្សព្វផ្សាយលក់ជាបន្តបន្ទាប់ ។

អ្នកជំនាញវិស័យអចលនវត្ថុកម្ពុជា បានមើលឃើញថាតំបន់ប៉ែកខាងត្បូងមានសក្ដានុពលកាន់តែខ្លាំង នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែនៅតំបន់នេះមានគម្រោងអភិវឌ្ឍន៍របស់រដ្ឋធំៗ លេចរូបរាងជាបន្តបន្ទាប់ ដូចជា គម្រោងផ្លូវក្រវ៉ាតក្រុង គម្រោងសាងសង់ព្រលានយន្តហោះ និងគម្រោងស្ថាបនាលើកកម្ពស់ផ្លូវជាតិលេខ២ជាដើម ។

លោកសាង តូនិក ម្ចាស់គម្រោងបុរីមួយកន្លែងនៅប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោបានឱ្យដឹងថា កាលពីមុនលោកបានអភិវឌ្ឍន៍គម្រោងមួយ នៅប៉ែកខាងត្បូងភ្នំពេញដែរ តាមបណ្ដោយផ្លូវចំការដូង តែក្រោយមកក៏ឃើញថាតំបន់នេះ កាន់តែមានសក្ដានុពល និងមានអ្នកចាប់អារម្មណ៍ច្រើន លោកក៏បានបន្ថែមការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដោយផ្ដោតលើផ្ទះវីឡាប្រណិតតែតម្លៃវិញ គឺសមរម្យសម្រាប់ប្រជាពល​រដ្ឋកម្ពុជាយើង។

ដោយឡែកអ្នកគ្រប់គ្រងបុរីមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ២ អ្នកស្រី បូរី បានឱ្យដឹងថា កត្តាដែលម្ចាស់គម្រោងជ្រើសរើស យកទីតាំងខាងត្បូងភ្នំពេញ ជាទីតាំងអភិវឌ្ឍន៍លំនៅឋាន ដោយសារតែតំបន់ខាងត្បូងបាន និងកំពុងបញ្ចេញសក្ដានុពលកាន់តែខ្លាំង ជាក់ស្ដែងតំបន់នេះមានផ្សារទំនើប មានផ្លូវកាន់តែច្រើន នៅជិតព្រលានយន្តហោះទើបតែសាងសង់ ហើយនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះផងដែរ។

លោកសន សៀប ស្ថាបនិកក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានឱ្យដឹងថា អត្រាកំណើននៃតម្លៃដីធ្លីនៅក្នុងខ័ណ្ឌដង្កោ ក្នុងមានសន្ទុះខ្ពស់ជាងបណ្ដាខណ្ឌ ដទៃទៀតក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យមធ្យមភាគនៃអត្រាកំណើនតម្លៃដី ក្នុងរាជធានីភ្នំពេញនៅតែមានកំនើន​វិជ្ជមាន ហើយតំបន់នេះ ក៏ទទួលបានការវិយោគច្រើនផងដែរ ក្នុងរយៈពេលថ្មីៗនេះ ដោយសារតែតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន មានផ្លូវក្រវ៉ាត់ក្រុងរត់កាត់ច្រើន មានគម្រោងធំៗចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់៕

ព្រះមហាក្សត្រ បានស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ដោយ៖ ម៉ាលីស

ប៉ារីស៖ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រព្រះមហាក្សត្របានអោយដឹងថា មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។

ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌ ពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១៕

ពិធីសម្ភោធជាផ្លូវការផ្ទះគំរូ បុរី វីស្តារ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន

ដោយៈសហការី

ភ្នំពេញៈ ក្នុងឱកាសដដ៏ពិសេសនៃកម្មវិធីសម្ភោធផ្ទះគំរូ កាលពីថ្ងៃទី13ដល់14 ខែ វិច្ឆិកា ឆ្នាំ ២០២១ (ចុងសប្តាហ៏មុន) បុរី វីស្តារ ទទួលបានការចូលរួមនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន បុរី វីស្តារក៏សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់គ្នាដែលបានអញ្ចើញមកក្នុងពិធីសម្ភោធផ្ទះគំរូយ៉ាងច្រើនកុះករ។

ត្រឹមតែរយះពេល២ខែ ប៉ុណ្ណោះបុរី វីស្តារ បានសំរេចគោលដៅរបសល់ខ្លូន ដែលលក់បាន 50% នៃដំណាក់កាល់ដំបូង។

កក្តាដែលធ្វើអោយមានសន្ទុះ នៃការគាំទ្រច្រើនដូចនេះ ក៏ដោយសារបុរី វិស្តារត្រូវបានរចនាដោយអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងត្រូវបានសាងសង់ឡើងដោយវិស្វករជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការងារសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាសោភ័ណ្ឌភាព និងគុណភាពសំណង់របស់យើងស្របទៅតាមបទដ្ឋានស្តាង់ដារត្រឹមត្រូវ។

គម្រោង បុរី វីស្តារ ផ្ដោតសំខាន់ទៅលើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូដវីឡាថ្មីចំនួន២ប្រភេទ រចនាឡើងប្រកបដោយសោភ័ណ្ឌភាព និងកិត្យានុភាព ដែលក្នុងនោះរួមមាន វីឡាទោល វីឡាកូនកាត់ សក្តិសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ។

ទី១ ប្រភេទ វីឡាទោល ជាប្រភេទវីឡារចនាឡើង សម្រាប់ការរស់នៅសម័យថ្មី មានទំហំដីធំទូលាយ 12ម៉ែត្រ គុណ 20ម៉ែត្រ កំពស់បីជាន់, មានបន្ទប់គេង៥, បន្ទប់ទឹក៦ និងបន្ទប់ទទួលភ្ញៀវ១។ វេរ៉ង់ដាធំទូលាយ មាន Sky Bar ផ្ទាល់ខ្លួន សងខាងផ្ទះសល់ដីធំទូលាយអាចបន្ថែមសួរច្បារ និងចំណតរថយន្តធំទូរលាយ។ បង់ប្រចាំខែត្រឹមតែ $2,800/ខែ ស័ក្តិសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ។

ទី២ ប្រភេទវីឡាកូនកាត់  រចនាឡើងតាមបែបទាន់សម័យ មានទំហំដីធំទូលាយ ៦ម៉ែត្រ គុណ១៦ម៉ែត្រ កំពស់បីជាន់, មានបន្ទប់គេង៤, បន្ទប់ទឹក៤ វេរ៉ង់ដាធំទូលាយ មានSky Barផ្ទាល់ខ្លួន មានសួរច្បារ និងចំណតរថយន្តធំទូរលាយ។ បង់ប្រចាំខែត្រឹមតែ $1,100/ខែ អតិថិជននិងទទួលបានគេហដ្នានមួយដែលល្អប្រណិត និងមានផាសុកភាពខ្ពស់ក្នុងការរស់នៅ។

លើសពីនេះទៅទៀត បុរី វីស្តារ បានផ្តល់ជូនអតិថិជន នូវល័ក្ខខ័ណ្ឌ ការបញ្ចុះតំលៃនិងការបង់ប្រាក់យ៉ាងពិសេសបំផុត ដោយមានការបញ្ចុះតំលៃរហូតដល់9% គ្រប់ផ្ទះ , ការថែមជូនប្លងរឹង100%, រំលស់អត់ការប្រាក់រហូត20ខែ និងការផ្តល់ជូនពិសេសជាច្រើនទៀត ដែលពិតជាផ្តល់ភាពងាយស្រួលខ្ពស់ ទៅដល់អតិថិជនរបស់ខ្លួនផងដែរ។

ទីតាំង បុរី វីស្តារ

☞ បុរី វី ស្តារ មានទីតាំង ៖ (ស្ថិតនៅជាប់ផ្លូវជាតិលេខ ២ ) ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

☞ Google Map: https://goo.gl/maps/8ipREhUhkpWoA99s7

☞ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖

  • 081 348 678 • 089 289 456

Telegram: https://t.me/BoreyVistar

#boreyvistar រស់នៅប្រកបដោយផាសុខភាព៕

អ្នកឧកញ៉ា លាង ម៉េងៈការសាកល្បងជាអ្នកដឹកនាំវ័យក្មេងជាមូលដ្ឋាននៃភាពជោគជ័យក្នុងជីវិត

ដោយៈ សុផារី

ភ្នំពេញៈ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង បានចែករំលែកវិធីសាស្ត្រជោគជ័យក្នុងជីវិត សម្រាប់យុវជនវ័យក្មេងកម្ពុជា ដើម្បីទទួ​លបានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ យើងត្រូវហ៊ានទទួលយកបញ្ហាប្រឈមនានា ហើយចាប់យកឱកាសនេះដើម្បីរៀនសូត្រ និងបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើង។

អ្នកឧកញ៉ា លាង ម៉េង បានចែករំលែកនូវបទពិសោធន៍ និងទស្សនទានមូយចំនួន​ដល់យុវជនខ្មែរថា កូនខ្មែរគួរតែរៀនសូត្រពីបទពិសោធន៍នៃអ្នកជំនាញ ដែលអ្នកជំនាញជួយបំពេញចំណុចខ្វះខាតរបស់កូនខ្មែរ ដែលពួកគាត់ចូលមកចែករំលែកបទពិសោធន៍និងមើលពីចំណុចដែលកូនខ្មែរខ្វះខាត និងគួរតែពង្រឹងបន្ថែម។ នេះជាឱកាសឱ្យមនុស្សរីកចម្រើនទៅមុខ និងអាចសាងមូលដ្ឋានគ្រឹះរឹងមាំសមត្ថភាពរបស់គាត់បាន។

រំលឹកពីអតីតកាលរបស់លោក អ្នកឧកញ៉ាបានមានប្រសាសន៍ថា “ខ្ញុំនៅចាំកាលពីឆ្នាំ១៩៩៣ ១៩៩៤ ស្ថាបនិកនៃក្រុមហ៊ុនជីប ម៉ុង គ្រុប ត្រូវជាម្តាយរបស់ខ្ញុំ បាននាំខ្ញុំទៅជួបធនាគារ”។ អ្នកឧកញ៉ាបានបន្តថា “ដោយសារគាត់មាន Basic Skill មួយដ៏ល្អ គាត់បានទៅភ្ជាប់ជាមួយធនាគារថា គាត់ចង់ខ្ចីលុយធនាគារប្រហែលជា៧ម៉ឺនដុល្លារ ឬ៥ម៉ឺនដុល្លារ ដើម្បីឱ្យកូនគាត់បានបន្តការសិក្សានៅក្រៅប្រទេស។ កន្លែងនេះ ដែលខ្ញុំមិនអាចបំភ្លេចបាន”។

អ្នកឧកញ៉ាបានណែនាំថា យើងអាចធ្វើឱ្យរីកចម្រើនបាន យើងត្រូវធ្វើយ៉ាងណាកសាងជំនាញរឹង (Hard Skill) របស់យើងដើម្បីឱ្យពូកែ។ សំខាន់បំផុត យើងបានពង្រីកសមត្ថភាពរបស់យើងឱ្យទៅជា ក្លាយខ្លួនពីកូនក្មេង (Baby continues to learn.)។ សូមប្អូនៗ កុំគិតថារៀនចប់ពីសាលា ចប់ប៉ុណ្ណឹងនោះទេ។ អ្នកខ្លះរៀនចេញពីសាលាដូចគ្នា ខ្លះក្លាយជាអ្នកដឹកនាំគេ ខ្លះជា CEO ខ្លះជា Director។

អ្នកឧកញ៉ាលាង ម៉េងបញ្ជាក់ថា “ត្រង់ហ្នឹងហើយដែលយើងត្រូវការcommitmentមែនទែន។ កាលពីមុន គេឱ្យយើងសាកល្បងធ្វើអ្វីមួយ បើយើងធ្វើបាននោះគេនឹងសម្គាល់យើងទុក។ ប្រសិនបើយើងធ្វើហើយ យើងកាន់តែខិតខំស្រាវជ្រាវ ឆ្ងល់ មិនយល់ ចេះតែបន្តទៀត យើងនឹងរីកចម្រើន។”

អ្នកឧកញ៉ាក៏ណែនាំដល់យុវជនជំនាន់ក្រោយឱ្យសាកល្បង ប្រសិនបើយើងមានឱកាស យើងត្រូវតែចាប់ផ្ដើមជាអ្នកដឹកនាំសាកល្បងមួយ ជាអ្នកដឹកនាំវ័យក្មេង (Young Leader)។ លោកបានមានប្រសាសន៍ថា អញ្ចឹងប្រសិនបើយើងជួបឧបសគ្គ Challenge ជួប Mistake ត្រូវចាំថានេះជាចំណុចខ្លាំងរបស់យើង ដែលយើងមានឱកាសជាងគេ ដូចទេវតាប្រទានឱ្យយើងជោគជ័យក្នុងជីវិត។

អ្នកឧកញ៉ាបន្ថែមថា “យើងបានជួបបញ្ហា problem ជួប mistake អស់ហ្នឹង ដែលកន្លែងហ្នឹងហើយដែលធ្វើឱ្យប្អូនៗ មានអង់ទីករការពារខ្លួនយើង ធ្វើឱ្យខ្លួនយើងខ្លាំង”៕

អត្ថប្រយោជន៍ចំនួនបីដែលម្ចាស់អចលនទ្រព្យមិនគួរមើលរំលងពីក្រុហ៊ុនអចលនទ្រព្យស្តង់់ដា

ដោយ: ម៉ាលីស

ភ្នំពេញៈ ពិតណាស់ម្ចាស់អចលនទ្រព្យ អាចចាត់ចែងការលក់ឬជួលអចលនទ្រព្យរបស់ខ្លួនទៅដល់អតិថិជនបាន ដោយមិនចាំបាច់ប្រើប្រាស់សេវាកម្ម ក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែវានាំតែខាតបង់ផលប្រយោជន៍ ខណៈដែលអាចចំណេញបាន និងមានភាពងាយស្រួលផងនោះ។

ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ ធ្វើឲ្យម្ចាស់អចលនទ្រព្យ បានអត្ថប្រយោជន៏រួមមាន

១ ចំណេញពេលវេលា
ដល់ថ្នាក់មានអចលនទ្រព្យ រឺក្លាយជាម្ចាស់អចលនទ្រព្យ នរណាធ្លាប់ទៅហើយ ប្រហែលជាពេលវេលាសំខាន់ជាងប្រាក់ទៅទៀត។ កាលណាម្ចាស់អចលនទ្រព្យ ប្រគល់សិទ្ធិលក់ ឬជួលអចលនទ្រព្យទៅក្រុមហ៊ុន អចលនទ្រព្យ ធ្វើការលក់រឺជួល ទៅអតិថិជនធ្វើឱ្យគាត់ចំណេញពេលវេលា ក្នុងការគិតគូរផ្សព្វផ្សាយ ស្វែងរកអតិថិជនជំនួសដោយក្រុមហ៊ុនអចលនទ្រព្យជាអ្នកផ្សព្វផ្សាយ ស្វែងរកអតិថិជនឬបង្កើតយុទ្ធសាស្ត្រលក់ជំនួសខ្លួន។

ធ្វើបែបនេះ គឺធ្វើឲ្យម្ចាស់អចលនទ្រព្យចំណេញពេលវេលា ហើយយកពេលនេះធ្វើឲ្យចិត្តមានប្រយោជន៍ជាង។

២ អាចលក់ឬជួលអចលនទ្រព្យបានឆាប់
ម្ចាស់អចលនទ្រព្យ គឺជាអ្នកដែលមានអចលនទ្រព្យនៅក្នុងដៃ ប្រៀបដូចជាមានទំនិញនៅក្នុងដៃ។ ចំណែកភ្នាក់ងារ ឬក្រុមហ៊ុនអចលនទ្រព្យគេមានអតិថិជនជាច្រើននៅក្នុងដៃ ប្រៀបដូចជាមានទីផ្សារដ៏ធំនៅក្នុងដៃ។ ដូច្នេះហើយគេអាចស្វែងរក រឺជ្រើសរើសអតិថិជនតម្រូវអចលនទ្រព្យឆាប់រហ័សជាងគេ។ ពេលវេលាមានតម្លៃខ្លាំងណាស់ ពេលវេលាជាមាសប្រាក់ ប្រសិនបើអចលនទ្រព្យជួល ឬលក់អចនទ្រព្យរបស់ខ្លួនក្រចេញទៅ ដោយប្រើរយៈពេលយូរ គឺជាការខាតដ៏ធំ គឺខាតបង់ប្រាក់ជួល ឬការប្រាក់។

បើផ្ទះជួលក្នុងតម្លៃ ៣០០០ ដុល្លារក្នុងមួយខែការបើជួលមិនដាច់រយៈពេលមួយថ្ងៃមានន័យថាខាតបង់១០០ដុល្លារ។ បើផ្ទះត្រូវលក់តម្លៃមុន ១,០០០,០០០ដុល្លារ ស្មើរការប្រាក់ ១០,០០០ដុល្លារ មានន័យថាមួយថ្ងៃ ៣៣៣,៣៣ដុល្លារ។ បើលក់មិនដាច់មួយថ្ងៃ មានន័យថា ត្រូវខាតបង់ប្រាក់ ៣៣៣,៣៣ ដុល្លារ។

ពិតមែនហើយមានម្ចាស់អចលនទ្រព្យខ្លះ ខ្លាចខាតបង់ប្រាក់កម្រៃជើងសារ ទៅលើភ្នាក់ងារ ឬក្រុមហ៊ុនអចលនទ្រព្យហើយសុខចិត្តស្វែងរក រឺចាំអតិថិជនមកទិញឬជួលដោយខ្លួនឯង។ ការនេះយោងតាមហេតុផលខាងលើ នាំឲ្យមានការខាតបង់ទៅវិញទេការណាក្រមានអតិថិជនមកជួល ឬទិញមានន័យថាការខាតបង់ប្រាក់ឬផលប្រយោជន៍។

៣ ទទួលបានអតិថិជនល្អ
អតិថិជនសំដៅដល់អតិថិជនអ្នកអាចហ៊ានទិញ រឺជួលក្នុងតម្លៃស្តង់ដារនិងមិនបង្កឲ្យមានមហន្តរាយអ្វី ដល់ម្ចាស់អចលនទ្រព្យ ប្រសិនបើម្ចាស់អចលនទ្រព្យបានអតិថិជនល្អនឹងនាំឲ្យគេមានភាពចំណេញស្រាប់។ គេអាចទិញឬជួល ក្នុងតំលៃថ្លៃឬគេអាចហ៊ានជួលក្នុងតម្លៃថ្លៃរយៈពេលយូរ និងគោរពកិច្ចសន្យាបានត្រឹមត្រូវ ដែលសុទ្ធសឹងជាកត្តាដែលនាំឲ្យម្ចាស់ទ្រព្យចំណេញច្រើន ជួនកាលអតិថិជនល្អ ធ្វើអោយតំលៃផ្ទះរបស់អ្នកមានហាងឆេង និងមានកេរ្តិ៍ឈ្មោះល្អទៀតផង៕

ដំណឹងល្អៈ រដ្ឋាភិបាលនឹងបើកទទួលទេសចរណ៍អន្តរជាតិនៅខេត្តសៀមរាបនៅដើមខែមករា ឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា កម្ពុជានឹងបើកទទួលភ្ញៀវទេសច​រណ៍អន្តរជាតិ នៅក្រុងសៀមរាបអង្គរនឹងបើកឡើងវិញនៅខែមករា ឆ្នាំ២០២២ខាងមុខនេះ។

លោកថោង ខុនរដ្ឋមន្រ្តីក្រសូងទេសចរណ៍បានបង្ហើបបែបនេះ ក្នុងជំនួបជាមួយលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាកាលពីចងសប្តាហ៍មុន ដោយបានលើកឡើងថា បន្ទាប់ពីបើកទទួលទេសចរណ៍ នៅក្រុងសៀមរាប អង្គរ​រួច រដ្ឋាភិបាលកម្ពុជា នឹងបន្តពិនិត្យបើករាជធានីភ្នំពេញ និងទូទាំងប្រទេសជាបន្តបន្ទាប់។

លោកថោង ខុនក៏បានរំលឹកផងដែរថា កម្ពុជាគ្រោងនឹងបើកទទួលទេសចរអន្តរជាតិនៅតំបន់ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខផងដែរ ដែលនេះជាការសាកល្បងជំហ៊ានទី១ នៃការ​ស្វាគមន៍ភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំង។

ជាមួយគ្នានេះ ភាគីកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិជាច្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសកូរ៉េ ឱ្យមកទស្សនាកម្ពុជា។

លោកថោង ខុន បានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងប្រមាណជាង ៨០% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ លទ្ធផលនៃការចាក់វ៉ាក់សាំង ការអប់រំប្រជាពលរដ្ឋ ព្រមទាំងភាពស៊ាំក្នុងសហគមន៍ គឺជាមូលដ្ឋានប្រកបដោយកក់ក្តៅក្នុងការបើកសេដ្ឋកិច្ច-សង្គមជាជំហានៗ ដោយការទទួលខុសត្រូវខ្ពស់៕

អគារការិយាល័យខ្ពស់ផ្ដាច់គេនៅនៅទីក្រុងកោះពេជ្រត្រៀមប្រគល់ជូនអតិថិជននៅដំណាច់ឆ្នាំនេះ

ដោយៈសុផារី

ភ្នំពេញៈ អគារការិយាល័យ Morgan Tower នៅកម្ពុជាជាអគារការិយាល័យល្អជាងគេនៅកម្ពុជា មានទីតាំងនៅនៅកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកសាង ដោយក្រុមហ៊ុនអភិវឌ្ឍន៍ Morgan Ford Cambodia Ltd និងគ្រប់គ្រងសេវាដោយ ក្រុមហ៊ុន CBRE ត្រៀមប្រគល់ជូនអតិថិជននៅក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះហើយ។

បច្ចុប្បន្ន Morgan Tower ជាអាគារខ្ពស់ផ្ដាច់គេនៅនៅទីក្រុងកោះពេជ្រ មានកំពស់៤៨ជាន់ ស្មើនឹង២១០ម៉ែត្រ ជាប្រភេទការិយាល័យកំរិត៥A ផ្ទៃដីសរុប២១៣៩.៤៩ ម៉ែត្រការ៉េ ផ្ទៃជួលសុទ្ធ 1445.46ម៉ែត្រការ៉េ ផ្ទៃជួលសរុប 105000 ម៉ែត្រការ៉េ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម មានទាំងការិយាល័យ ខុនដូ និងសេវាកម្មជាច្រើនទៀត Mogan Tower បានរចនាប្លង់់ស្ថាបត្យកម្ម កម្ពស់១២ម៉ែត្រសំរាប់បន្ទប់ទទួលភ្ញៀវ និងនៅជាន់និមួយៗមានកម្ពស់ស្តង់ដារ៣,៩ម៉ែត្រ និងមានចំណតរថយន្ត៦០០កន្លែង ចំណ​តម៉ូតូ៨០០កន្លែង និងបំពាក់ជណ្តើរយន្តល្បឿនលឿន១៥គ្រឿង។

Morgan Tower ជាអគារការិយាល័យកម្រិតA ដែលបានទទួលរង្វាន់ជា “អគារការិយាល័យអេកូឡូស៊ី” ដែលទទួលពានរង្វាន់មាសអន្តរជាតិ LEED។

បន្ទប់ការិយាល័យរបស់ Morgan Tower នីមួយៗ ពោរពេញដោយអុកស៊ីហ្សែននិងប្រព័ន្ធគ្រប់គ្រងពន្លឺ ដោយបច្ចេកទេស Low-E ជាពិសេស បន្ទប់ឆ្លាតវៃគ្រប់គ្រងពន្លឺ។ Morgan Tower មានសាលពាណិជ្ជកម្មដ៏អស្ចារ្យនៅជាន់ទី៤៦-៤៨F ប្រមូលផ្តុំអាជីវកម្ម សាលពិពណ៍ សាលប្រជុំ កន្លែងទទួលភ្លៀវ សាលជប់លៀងលើអាគារខ្ពស់កប់ពពក ក្លឹបហាត់ប្រាណ កន្លែងសម្រាក អាងហែលទឹកលំហអកាស Club កំពូលថ្នាក់ដឹកនាំ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ បន្ទប់អគ្គនាយកប្រតិបត្តិការ សិល្បៈនិងរចនាសម្ព័ន្ធកម្រិតកំពូលអន្តរជាតិ។ ចំណែកសេវាគ្រប់គ្រង មានសន្តិសុខ24ម៉ោង បំពាក់ដោយកាំមេរ៉ាសុវត្ថិភាពគ្រប់តំបន់ ហើយអគារគ្របដណ្ដប់ដោយ WiFi ទាំងមូល។

មជ្ឈមណ្ឌលពាណិជ្ជកម្ម Morgan Tower មានតម្លៃជួលចន្លោះពី២០ដុល្លារ ទៅ ២៨ ដុល្លារ/ម៉ែត្រការ៉ សេវាកម្មគ្រប់គ្រងអាគារមានតម្លៃ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ និង ការិយាល័យធ្វើការនិមួយៗមានទំហំចាប់ពី 50ម៉ែត្រការ៉េ ដល់ 1445ម៉ែត្រការ៉េ។

មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ មានបណ្តុំដោយការិយាល័យ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ប្រជុំពហុមុខងារ បន្ទប់ទទួលភ្ញៀវរបស់ប្រធានក្រុមហ៊ុនភោ​ជនីយដ្ឋាន សាលសិល្បៈអន្តរជាតិ បន្ទប់ VIP មជ្ឈមណ្ឌលតាំងពិពណ៌អន្តរជាតិ SKY BAR ចំណតយន្តហោះ ពិសេសមានប្រព័ន្ឋសុវត្ថិភាព ជាមួយប្រព័ន្ធរោទិ៍ពេលមានអគ្គីភ័យ និងប្រព័ន្ធបាញ់ទឹក ម៉ាស៊ីនត្រជាក់កណ្តាល និងម៉ាស៊ីនបន្សុតខ្យល់។

ហេតុអ្វីត្រូវជ្រើសរើស Morgan Tower ជាការិយាល័យ
មានហេតុផលជាច្រើន ដែលលោក អ្នកគួរជ្រើសរើស Morgan Tower ជាការិ​យាល័យ ទី១ ជាតំបន់ដែលល្បីល្បាញនិងស្ថិតនៅចំកណ្តាលរាជធានី ទី២ ជាតំបន់ដែលមានទេសភាព និងខ្យល់អាកាសបរិសុទ្ឋ ដោយសាររមានទន្លេព័ទ្ឋជុំវិញ ទី៣ ជាតំបន់ពាណិជ្ជកម្មលំដាប់អន្តរជាតិនៅជុំវិញ ដូចជាផ្សារទំនើប AEON Mall1, ផ្សារទំនើបThe Bridgeនិងផ្សារមួយចំនួនទៀត ដែលត្រៀមបើកដំណើរការនាពេលខាងមុខ និងទី៤ ជាតំបន់ស្ថិតនៅក្នុងសហគមន៍ជំនួញមួយ ដែលពោរពេញដោយភាពទាក់ទទាញ។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនងលេខទូរស័ព្ទ 023 995 999៕