កម្ពុជានឹងប្រារពព្រឹត្តិការណ៍ធំៗចំនួន៣ទាក់ទងនឹងវិស័យទេសចរណ៍នៅចុងឆ្នាំនេះ និងឆ្នាំ២០២២

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍៍ទេសចរណ៍ធំៗចំនួន៣ នៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខនេះ។
ព្រឹត្តិការណ៍ធំៗទាំងបីនោះរូមមាន កម្មវិធីប្រណាំងទូកក្តោងនៅកម្ពុជានាខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី នាឱកាសព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022)ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខ និងរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតជាងគេក្នុងសាកលលោក និងកម្មវិធីបុណ្យសមុទ្រនាចុងឆ្នាំ២០២២ ផងដែរ។

លោកផាក ឃឿងយ៉ុងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េបានថ្លែងក្នុងជំនួបជាមួយ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍៍កាលពីសប្តាហ៍មុន ដោយបានកោតសរសើរដល់ការរៀបចំរបស់ក្រសួងទេសចរណ៍ ជាពិសេសលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ព​ស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី យុទ្ធសាស្ត្របើកទេសចរណ៍ចាក់វ៉ាក់សាំង វិធានគោលនយោបាយទេសចរណ៍ផ្ទៃក្នុង ដោយចាត់ទុកផែនការយុទ្ធសាស្ត្រខាងលើជាមូលដ្ឋានគន្លឹះ ដែលនឹងចូលរួមជំរុញទេសចរកូរ៉េមកកាន់កម្ពុជាកាន់តែច្រើននាពេលខាងមុខ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍។

លោកគាំទ្រជំរុញសហការលើគំនិត ផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ដែលជាការអបអរសាទរខួបលើកទី២៥ នៃចំណងការទូតកម្ពុជា-កូរ៉េ ដើម្បីទាក់ទាញទេសចរ និងវិនិយោគកូរ៉េមកកម្ពុជា។ លោកក៏បានអញ្ជើញក្រសួងទេសចរណ៍ចូលរួមព្រឹត្តិការណ៍អន្តរជាតិធំៗ ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌមេគង្គ-កូរ៉េផងដែរ។

ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជា រដ្ឋាភិបាលសាធារណកូរ៉េនឹងពិចារណាជំរុញការរៀបចំឱ្យផ្ដល់បង្គន់អនាម័យសាធារណៈបន្ថែម ឆ្ពោះទៅការផ្សព្វផ្សាយភាពស្អាត និងអនាម័យ ព្រឹត្តិការណ៍ SEA Game នៅឆ្នាំ២០២៣ និងបន្តរៀបចំបន្ថែមតាមគោលដៅទេសចរណ៍ជាពិសេសខេត្តភូមិភាគឦសាន៕

គំរោងស្ពានធំៗចំនួន៥ដែលគ្រោងសាងសង់នាពេលខាងមុខ តើស្ពានមួយណានឹងលេចរូបរាងមុនគេ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ បាននិងកំពុងបន្តជាផែនការអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ ក៏៏ដូចជារត់ប្រណាំងជាមួយប្រទេសក្នុងតំបន់ផង និងសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាផ្ទៃក្នុងផង។

ដោយហេតុនេះ ទើបនៅឆ្នាំ២០២២ខាងមុខ គំរោងហេដ្ឋារចនាសម្ព័ន្ឋចំនួន៦របស់រដ្ឋាភិបាល ស្ថិតក្នុងផែនការអាទិភាពដែលត្រូវខ្ចិកម្ចីពីដៃគូអភិវឌ្ឍន៍នានា។

តាមផែនការរបស់រដ្ឋាភិបាល ដែលមានក្រសួងសាធារណៈការ និងដឹកជញ្ជូនជាសេនាធិការបានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះនាពេលខាងមុខ ដោយរង់ចាំតែកាលវិភាគរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះស្ពាននេះបានសិក្សាបញ្ចប់រួចហើយ។

ជាមួយគ្នានេះ រដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ពីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង និងតភ្ជាប់ទៅកាន់ខេត្តកំពង់ធំផងដែរ ដែលស្ពាននេះបានសិក្សាបញ្ចប់ហើយ និងបានដាក់សំណើរស្នើសុំជំនួយ ពីរដ្ឋាភិបាលចិនរួចផថងដែរ ប៉ុន្តែតើភាគីចិន ជួយផ្តល់កម្ចីបែបឥណទានសម្បទាននៅពេលណា មិនទាន់មានការបញ្ជាក់ ឲ្យដឹងពីក្រុមមន្រ្តីនៅឡើយទេ។

ស្ពាននេះពេលសាងសង់ចប់ នឹងអាចក្លាយជាស្ពានវែងជាងគេនៅកម្ពុជា ដោយមានប្រវែងប្រមាណជិត ៣០០០ម៉ែត្រ។

ចំណែកស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ផ្លូចជាតិលេខ១ ទៅតំបន់អារិយក្សត្រ មិនទាន់មានការសិក្សា និងប្រកាសជាផ្លួវការថាបញ្ចប់ការសិក្សឬយ៉ាងណាឡើយ ដោយគ្រាន់តែមានការបង្ហើបពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះថា គំរោងសាងសង់និងពង្រីកបន្ថែមផ្លូវក្រវ៉ាត់់ក្រុងទី៣នាពេលខាងមុខ នឹងមានការសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ និងស្ពានតភ្ជាប់ពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អាផងដែរ។

ចំណែកស្ពានតភ្ជាប់តំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ បាននិងកំពុងស្ថិតក្នុងការសិក្សាកម្រិតបឋមរបស់អ្នកជំនាញការកូរ៉េ និងកម្ពុជាបណ្តើរៗហើយ ដើម្បីរកទីតាំងសាងសង់ និងទំហំនៃការចំណាយជាក់ស្តែង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានបន្តថា ក្នុងចំណោមស្ពានធំៗខាងលើ និងរវាងស្ពានតភ្ជាប់ពីក្រុងក្រចេះ ទៅកាន់ខេត្តកំពង់ធំ និងស្ពានឆ្លងកាត់ទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង តាមផែនការគឺស្ពាន​ឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះនឹងលេចរូបរាងមុនមិនខាន។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីពេលថ្មីៗនេះបានបង្ហើបថា រដ្ឋាភិបាលគ្រោងសាងសង់ស្ពានធំៗ ឆ្លងកាត់ទនហលេមេគង្គចំនួន៥ទៀត នាពេលខាងមុខនេះ៕

ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា ជម្រុញឲ្យបញ្ចប់ការស្ថាបនាផ្លួវ ៣៨ខ្សែនៅក្រុងសៀមរាបចំព្រឹត្តិការណ័ជាប្រវត្តិសាស្រ្តមួយនៅកម្ពុជា

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ារដ្ឋមន្រ្តីក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់នេះឱ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងពេលលោកអមដំណើរ​សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសូងការពារជាតិ ដែលបានចុះពិនិត្យការដ្ឋានសាងសង់ផ្លួវចំនូន៣៨ខ្សែ និងការកែលំអរស្ទឹងសៀមរាបកាលពី​ចុងសប្តាហ៍មុន។

លោកបន្តថា “វាជាថ្ងៃចងចាំមិនអាចបំភ្លេចបាន និងបានស្នើឱ្យអាជ្ញាធរខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ៣៨ខ្សែ ចូលរួមដាំស្មៅបន្ថែម ដើម្បីបង្កើនសោភ័ណភាពដងផ្លូវ និងចូលរួមចំណែកថែរក្សា ដើម្បីកែប្រែមុខមាត់ទីក្រុង យើងដើម្បីទទួលភ្ញៀវទេសចរនៅពេលខាងមុខនេះ”។

បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមន្ទីរជុំវិញខេត្តរួមមាន មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ជួយសម្រប សម្រួលបញ្ហានេះជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យគាត់បានចូលរួមសកម្មភាពនេះ និងបានស្នើឱ្យអាជ្ញាធរខេត្តបង់ជូនប្រជាពលរដ្ឋវិញ នូវសេវាតភ្ជាប់តំណលូឱ្យបានគ្រប់ចំនួន១០០% ដែលពួកគាត់បានបង់ជូន សម្រាប់ការតភ្ជាប់តំណលូពីផ្ទះគាត់ទៅកាន់ប្រព័ន្ធលូមេកន្លងមក ដោយសារយើងបានទទួលការអនុម័ត ជាគោលការណ៍ពីសម្ដេចនាយករដ្ឋមន្ត្រីតេជោរួចហើយ។

ថ្លែងក្នុងមតិស្វាគមន៍នៅពេលចាប់ផ្តើមកិច្ចប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ពីទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ ជួយសម្រួលដល់ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់ប្រជាពលរដ្ឋ មកកាន់ប្រព័ន្ធលូមេដោយឥតគិតថ្លៃ តាមរយៈគណៈកម្មការអន្តរក្រសួង៕

សម្ដេចតេជោផ្ដល់ថវិកាជិត ៤លានដុល្លារសម្រាប់តភ្ជាប់បណ្ដាញលូទឹកភ្លៀង ទឹកកក្វក់ និងចំណតរថយន្ដ នៅក្រុងសៀមរាប

ដោយៈ ម៉ាលីស

សៀមរាបៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ថវិកាជាង ៣,៨លានដុល្លាបន្ថែមទៀត សម្រាប់តភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ពីផ្ទះប្រជាពលរដ្ឋចូលប្រព័ន្ធលូសាធារណ:របស់រដ្ឋ នៅលើគម្រោងផ្លូវ៣៨ខ្សែ និងដើម្បីធ្វើចំណតរថយន្ដ ក្នុងក្រុងសៀមរាប។

សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងបន្ទប់ស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបបានថ្លែង ឲ្យដឹងកាលពីសប្តាហ៍មុនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានផ្ដល់វិកាចំនួនជាង៣លាន៨សែនដុល្លាបន្ថែមទៀត សម្រាប់គម្រោងតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ចូលប្រព័ន្ធលូររដ្ឋ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវ៣៨ខ្សែនោះ ហើយប្រជាពលរដ្ឋមិនត្រូវចំណាយថវិកាខ្លួនឯងនោះទេ។

សម្ដេចលើកឡើងថា “ប្រព័ន្ធលូរទឹកភ្លៀង និងទឹកកខ្វក់ មានចំនួនប្រមាណ១ម៉ឺន២ពាន់កន្លែង ដែលនៅតាមសងខាងគម្រោងផ្លូវចំនួន៣៨ខ្សែ និងចំណរថយន្ដមានប្រវែងជាង២ពាន់ម៉ែត្រ ហើយគម្រោងថវិកាសម្ដេចតេជោ ជាង៣លានដុល្លានេះ គឺជាចំណងដៃថ្មីមួយទៀត សម្រាប់អ្នកខេត្ដសៀមរាប បន្ទាប់ពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ”។

គម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប មានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤៩.២១៦.៥៩៥ដុល្លារអាមេរិក និង ​ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

គម្រោងនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដំណឹងល្អ៖ សម្ដេចតេជោប្រកាសបើកឱ្យភ្ញៀវទេសចរ និងវិនិយោគិនបរទេសចូលមកកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ដោយមករា

ភ្នំពេញ ៖ ដើម្បីសម្រួលដល់ការបើកប្រទេសឡើងវិញ និងសម្រួលដល់ភ្ញៀវទេសចរបរទេសដែលចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបើកឱ្យភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ ខណៈពីមុនកម្ពុជាប្រកាសថាភ្ញៀវទេសចរបរទេសដែលចូលកម្ពុជាតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងរយៈពេលកំណត់ណាមួយ ។

សម្ដេចតេជោបានមានប្រសាសន៍ក្នុងសារជាសំឡេងនៅរសៀលថ្ងៃទី១៤ វិច្ឆិកា២០២១ថា ដើម្បីសម្រួលដល់បងប្អូនយើងដែលកំពុងរស់នៅក្រៅប្រទេស ចង់មកលេងស្រុកទេដើម្បីជួបជុំក្រុមគ្រួសារ និងសម្រួលដល់វិនិយោគិនដែលមកដល់ក្នុងព្រះរាជាណាចក្រកម្ពុជា យើងនឹងកែសម្រួលដល់លក្ខខណ្ឌមួយចំនួនចំពោះបរទេស ឬជនជាតិខ្មែររស់នៅក្រៅប្រទេសចូលកម្ពុជា ។

សម្ដេចបានមានប្រសាសន៍បន្តថា យើងអនុញ្ញាតឱ្យទេសចរ និងវិនិយោគដែលចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលចូលមកនិងមិនចាំបាច់ធ្វើចត្តាឡីស័ក តែសម្រាប់ជនបរទេសជាវិនិយោគិន ឬទេសចរ និងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស មិនទាន់ចាក់វ៉ាក់សាំង ហើយពេលចូលមកដល់កម្ពុជានឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។

សម្ដេចបន្ថែមថា អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាស ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកម្ពុជា ទាំងរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ តម្រូវឱ្យយកសំណាក និងធ្វើតេស្តនៅម៉ាស៊ីន PCR ។ ក្នុងរយៈពេលនៃការរង់ចាំនៃការធ្វើតេស្ត រកមេរោគកូវីដ១៩ អ្នកទាំងនោះត្រូវរង់ចាំនៅតាមទីតាំងកន្លែងស្នាក់នៅរបស់ខ្លួន ។ បើសិនជាប្រជាជនកម្ពុជាត្រូវរង់ចាំនៅតាមផ្ទះរបស់ខ្លួន បើជាជនបរទេសមានកន្លែងស្នាក់នៅរបស់ខ្លួនក៏ត្រូវរង់ចាំទំរាំចេញលទ្ធផលផងដែរ ។

សម្ដេចថា៖ «បើសិនជាលទ្ធផលចេញមកមិនមានកូវីដ១៩ទេ អ្នកទាំងនោះអាចចេញធ្វើដំណើរ ទៅតាមទីកន្លែងនានាដែលខ្លួនចង់ទៅបានតាមចិត្ត »។

ធ្វើដូច្នេះនឹងសម្រួលដល់ប្រជាជនកម្ពុជាទៅក្រៅប្រទេសហើយត្រលប់មកវិញដោយមិនចាំបាច់ធ្វើចត្តាឡីស័ក តែអ្វីដែលត្រូវបំពេញគ្រាន់តែរង់ចាំលទ្ធផលនៃការធ្វើតេស្តរកកូវីដ១៩ប៉ុណ្ណោះ នៅតាមផ្ទះឬទីកន្លែងស្នាក់នៅ៕

ក្រុមហ៊ុន ខេ អេច លែន ប្រគល់រថយន្ត Ford Wildtrak ជូនភ្នាក់ងារលក់ឆ្នើម

ដោយសហការី

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន ខេ អេច លែន បានធ្វើកម្មវិធីប្រគល់រង្វាន់ខ្នាតយក្សរថយន្ត Ford Wildtrak ជូនភ្នាក់ងារលក់ឆ្នើម ប្រចាំគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលជាគម្រោងអភិវឌ្ឍន៍ទី៦ ទំហំ៥០ហិកតា ដែលមានទីតាំងនៅ ភូមិកោះគ្របបាយ និងភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងគម្រោង ទីក្រុងពាណិជ្ជកម្មភ្មំតូច ដែលជាគម្រោងអភិវឌ្ឍន៍ទី៧ មានទំហំរហូតដល់ ១០០ហិកតា ក្រោមវត្តមានរបស់គណៈគ្រប់គ្រង ក្រុមហ៊ុន ខេ អេច លែន ដែលមានលោក ថុន បូរ៉ា ជាអគ្គនាយក រួមទាំងភ្នាក់ងារលក់របស់ក្រុមហ៊ុន CLPR និងភ្ញៀវកិត្តិយស សរុបជាង១០០នាក់។

ក្រុមហ៊ុន ខេអេច លែន មានការរីកចំរើននិងនៅតែបន្តការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះបាន អាស្រ័យលើការខិតខំ ប្រឹងប្រែងពីគ្រប់ផ្នែកពាក់ព័ន្ធ បុគ្គលិកគ្រប់ជាន់ថ្នាក់ រួមទាំងការគាំទ្ររបស់អតិថិជនទូទាំប្រទេស។ ក្នុងនោះ ភ្នាក់ងាលក់ ក៍ជាតួអង្គសំខាន់មួយ ដែលជួយជំរុញអោយការលក់របស់ក្រុមហ៊ុន ខេអេច លែន បានសម្រេចគោលដៅគួរជាទីកត់សម្គាល់។

គួបញ្ជាក់ផងដែរថា ជ័យលាភីភ្នាក់ងារលក់ឆ្នើម ប្រចាំគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលទទួលបានរង្វាន់រថយន្ត Ford Wildtrak បានទៅលើលោក បាន់​ ឆេង ដែលជាភ្នាក់ងារលក់របស់ក្រុម C ក្រោមការគ្រប់គ្រងនិងសម្របសម្រួល ដោយលោក ផូន សុអុនដែន។

ក្រុមហ៊ុន ខេអេច លែន សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ដៃគូសហការ និងអតិថិជនទូទាំងប្រទេស នៅតែបន្តការគាំទ្រគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនតទៅមុខទៀត៕

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃជាង៥០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់ នាចុងខែវិច្ឆិកានេះ

ដោយ៖ សុផារី

ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យខ្នាតយក្ស ប្រកបដោយបរិក្ខារទំនើប កសាងឡើងក្នុងទំហំទឹកប្រាក់ជាង ៥០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដោយបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។

នេះបើតាមការប្រកាសព័ត៌មានក្នុងការអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ និងបំពាក់ឧបករណ៏បរិក្ខាពេទ្យរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមដំណើរដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងសាលាខេត្ត-មន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

បើតាមលោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ ឲ្យដឹងថា មន្ទីរពេទ្យនេះ មានអគារចំនួន៨ខ្នង ០៥ជាន់ កំម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អាគាររដ្ឋបាលនិងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់ ដែលមានផ្ទៃដីសរុប៧៥,៥៧០ម៉ែត្រការ៉េ សាងសង់លើផ្ទៃដីចំនួន៥៥,៨១៤ម៉ែត្រការ៉េ អាគារមន្ទីរពេទ្យមានចំនួន២៤.៣០០ម៉ែត្រការ៉េ ៕

វិនិយោគិននិងធុរជនរំពឹងថាតម្លៃសំបុត្រយន្តហោះពីចិននឹងធ្លាក់ចុះវិញ អាចនាំចិនចូលកម្ពុជាឡើងវិញ

ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖តម្លៃសំបុត្រយន្តហោះពីប្រទេសចិនមកកម្ពុជាបានហក់ឡើងខ្ពស់កប់ពពក ដែលធ្វើឱ្យមានរារាំងដល់ការធ្វើដំណើររបស់វិនិយោគិននិងទេសចរចិនចូលកម្ពុជា ។ យ៉ាងណាក្ដី វិនិយោគិននិងធុរជនកម្ពុជារំពឹងថាសំបុត្រយន្តហោះពីចិនមកកម្ពុជានឹងចុះវិញនៅពេលឆាប់ៗនេះ ហើយនឹងអាចឱ្យវិនិយោគិននិងទេសចរចិនចូលកម្ពុជាដូចដើមឡើងវិញ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ការឡើងថ្លៃសំបុត្រយន្តហោះពីប្រទេសចិនមកកម្ពុជាវាមិនអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់វិនិយោគិននោះទេ ពីព្រោះថាវិនិយោគិនដែលមានការចាំបាច់និងត្រូវការមើលទៅលើអាជីវកម្មនិងជំនួញរបស់គេធំៗ គេនឹងចូលកម្ពុជាដដែល ក្រោយពេលរដ្ឋាភិបាលបានប្រកាសបើកប្រទេស ។

លោកបន្តថា ពាក់ព័ន្ធនឹងតម្លៃយន្តហោះឡើងថ្លៃនេះ វានឹងចុះវិញនៅពេលឆាប់ៗនេះហើយ ជាពិសេសនៅពេលស្ថានភាពកូវីដ១៩បានថមថយនិងប្រសើរជាសាកល ដូច្នេះវាមិនអាចនៅឡើងខ្ពស់ដដែលនោះទេ ។

លោកបន្ថែមថាក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនេះ យើងរំពឹងថាវិស័យអចលនទ្រព្យនឹងមានសន្ទុះងើបឡើងខ្លាំង ហើយវានឹងមានសន្ទុះខ្លាំងជាងកាលពីមុនវិបត្តិកូវីដ១៩ទៅទៀត ពីព្រោះថារយៈពេលជិត២ឆ្នាំមកហើយដែលវិនិយោគិនអន្តរជាតិមិនបានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ដូច្នេះនៅពេលប្រទេសណាមួយបើកឱ្យជនបរទេសចូលវិញពេលនោះវិនិយោគិននឹងទៅរកប្រទេសនោះ ។

លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានលើកឡើងផងដែរថា បើសិនជាស្ថានភាពកូវីដ១៩លើពិភពលោកបានថមថយ ពេលនោះអ្នកដំណើរបរទេសនឹងចាប់ផ្ដើមធ្វើដំណើរឡើងវិញហើយនៅពេលមានអ្នកដំណើរតាមអាកាសកាន់តែច្រើន ពេលនោះ ក្រុមហ៊ុនអាកាសចរណ៍នឹងបញ្ចុះតម្លៃសំបុត្រមកទាបវិញ ប៉ុន្តែឆាប់ៗនេះបើសំបុត្រយន្តហោះខ្ពស់បែបនេះវាក៏ធ្វើឱ្យប៉ះពាល់ដល់ទេសចរបរទេសដែលនឹងចូលមកកម្ពុជាពីព្រោះតែពួកគេមិនអាចចំណាយខ្ពស់មកទស្សនានៅកម្ពុជា ដោយគ្រាន់តែជិះយន្តហោះត្រូវចំណាយខ្ពស់កប់ពពកបាត់ទៅហើយ ។

អ្នកជំនាញវិស័យអចលនទ្រព្យជាច្រើនក៏បានបញ្ចេញជាទស្សនៈថា ថ្មីៗក្រោយពីរដ្ឋាភិបាលប្រកាសបើកប្រទេស វិនិយោគិនបរទេសទំនងជាមិនទាន់អាចចូលមកវិនិយោគនៅកម្ពុជាភ្លាមៗនោះទេ តែវិនិយោគិននឹងចូលមករកការវិនិយោគនិងធ្វើសកម្មភាពវិនិយោគរបស់ខ្លួននៅដើមឆ្នាំក្រោយ ៕

កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិជាច្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ពីប្រទេសកូរ៉េឱ្យមកទស្សនាកម្ពុជា ខណៈកម្ពុជា ក៏ត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្នុងក្របខណ្ឌយុទ្ធសាស្ត្របើកទទួលទេសចរចាក់វ៉ាក់សាំង និងដើម្បីពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាក ឃឿងយ៉ុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកថោង ខុន បានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងប្រមាណជាង ៨០% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ លទ្ធផលនៃការចាក់វ៉ាក់សាំង ការអប់រំប្រជាពលរដ្ឋ ព្រមទាំងភាពស៊ាំក្នុងសហគមន៍ គឺជាមូលដ្ឋានប្រកបដោយកក់ក្តៅក្នុងការបើកសេដ្ឋកិច្ច-សង្គមជាជំហានៗ ដោយការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទេសចរណ៍ផ្ទៃក្នុង ដោយមានការអនុវត្តនូវនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ដែលដាក់ចុះដោយក្រសួងទេសចរណ៍ បន្ថែមលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ពស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការយុទ្ធសាស្ត្រដទៃទៀតដែលមានស្រាប់ ដើម្បីឈានទៅការបើកប្រទេសទាំងមូលប្រកបដោយសុវត្ថិភាព។
លទ្ធផលនៃការបើកទេសចរណ៍ផ្ទៃក្នុង គឺជាការដកបទពិសោធន៍ក្នុងការបើកទទួលទេសចរអន្តរជាតិពេញលេញនាពេលខាងមុខ។

លោកថោង ខុនបានបន្តថា កម្ពុជាគ្រោងនឹងបើកទទួលទេសចរអន្តរជាតិនៅតំបន់ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយសៀមរាបអង្គរនឹងបើកឡើងវិញនៅខែមករា ឆ្នាំ២០២២ រួចនឹងបន្តពិនិត្យបើករាជធានីភ្នំពេញ និងទូទាំងប្រទេសជាបន្តបន្ទាប់។

ការកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត ផាក ឃឿងយ៉ុង បានគាំទ្រនូវគំនិតផ្តួចផ្តើមលើការបើកទេសចរណ៍អន្តរជាតិ ចាក់វ៉ាក់សាំងពេញលេញ និងចូលរួមជំរុញកិច្ចសហប្រតិបត្តិការជំរុញទេសចរកូរ៉េ មកទស្សនាកម្ពុជាបន្ថែមទៀត ដោយប្រជាពលរដ្ឋនៃប្រទេ​សទាំងពីរមានអត្រាខ្ពស់ ក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ ក្រោមយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចុះ តាមគោលដៅសុវត្ថិភាព ជាពិសេសនៅតាមតំបន់ទេសចរណ៍បែបធម្មជាតិ និងខេត្តសៀមរាបដែលប្រជា​ជនកូរ៉េចូលចិត្តមកទស្សនា៕

ក្រុមហ៊ុន PTT ត្រៀមវិនិយោគ២ពាន់លានដុល្លារផលិតរថយន្តអគ្គិសនីក្នុងពេលឆាប់ៗនេះ

ដោយៈ សុធារី

ប្រទេសថៃៈ ក្រុមហ៊ុនថាមពលដ៏ធំរបស់ប្រទេសថៃ PTT និងក្រុមហ៊ុនរថយន្តអគ្គិសនី Start Up របស់ប្រទេសចិន Hozon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃពុធ។

ភាពជាដៃគូនេះ រួមមាន ការចែកចាយរថយន្តអគ្គិសនី របស់ក្រុមហ៊ុន Hozon និងការស្វែងរកឱកាស សម្រាប់ផលិតកម្មជាមួយនឹងរោងចក្ររបស់ PTT និង Foxconn នៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន PTT បាននិយាយកាលពីមុនថា ខ្លួនគ្រោងនឹងវិនិយោគពី១ពាន់លានដុល្លារទៅ២ពាន់លានដុល្លារក្នុងរយៈពេល៦ ឆ្នាំក្នុងការផលិតរថយន្តអគ្គិសនី ជាមួយនឹងគោលដៅផលិតដំបូងគឺ៥០.០០០ គ្រឿងក្នុងមួយឆ្នាំ។
មន្ត្រីថាមពលជាន់ខ្ពស់ Tarath Sutabutr ដែលធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ បានប្រាប់កាសែតរ៉យទ័រថា “កិច្ចព្រមព្រៀងនេះ បង្ហាញពីសមត្ថភាពផលិតរថយន្តអគ្គិសនី និងសមត្ថភាពក្នុងការពង្រីកទីផ្សារក្នុងតំបន់របស់ប្រទេសថៃ”។

កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន PTT បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Foxconn របស់តៃវ៉ាន់សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងខែកញ្ញាកន្លងមក។

ប្រទេសថៃគឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំជាងគេទីបួន របស់អាស៊ី និងជាមូលដ្ឋានផលិតកម្ម សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូល ដូចជា Toyota និង Great Wall Motor របស់ចិនផងដែរ។

រដ្ឋាភិបាលថៃ ដែលកាន់កាប់ភាគហ៊ុនចំនួន៥១,១% នៅក្នុងក្រុមហ៊ុន PTT បានកំណត់គោលដៅថា៣០% នៃផលិតកម្មរថយន្តក្នុងស្រុកជារថយន្តអគ្គិសនី នៅឆ្នាំ២០៣០។ ការផ្លាស់ប្តូរទៅរថយន្តអគ្គិសនី គឺជាផ្នែកមួយនៃចក្ខុវិស័យថ្មីរបស់ PTT ក្នុងការរីកលូតលាស់អាជីវកម្មថ្មី និងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ៕