កម្ពុជាក្លាយជាប្រទេសទី១ក្នុងតំបន់អាស៊ាន ដែលប្ដេជ្ញាសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០

0

ដោយៈសុខុម

ភ្នំពេញ- ប្រទេសកម្ពុជា បើកទំព័រឆ្នាំថ្មីដោយក្លាយជាប្រទេសទី១ ក្នុងតំបន់អាស៊ាន ដែលបានបោះពុម្ពផ្សាយផែនការ ដើម្បីសម្រេចឱ្យបាននូវ “អព្យាក្រឹតភាពកាបូន” (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ មករា។

ផែនទីបង្ហាញផ្លូវដែលគេស្គាល់ជាផ្លូវការថា “យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន” (Long-term strategy for Carbon Neutrality (LTS4CN)) នេះត្រូវបានដាក់ជូនសន្និបាតអង្គការសហប្រជាជាតិស្តីពីការបម្រែបម្រួលអាកាសធាតុ (United Nations Convention on Climate Change (UNFCCC)) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

នេះគឺជាការបំពេញតាមការសន្យា របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថាលោកនឹងធ្វើបទបង្ហាញផែនការបែបនេះនៅចុងឆ្នាំ២០២១ ហើយវាក៏ជាការបំពេញតាមការសន្យា របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងសន្និបាទអង្គការសហប្រជាជាតិស្តីពី បម្រែប្រួលអាកា​សធាតុCOP26 Glasgow កាលពីខែវិច្ឆិកា ឆ្នាំ២០២១ដែលថា កម្ពុជា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យបានលើសពី៤០% នៅត្រឹមឆ្នាំ២០៣០។

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា “ការអនុវត្តយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូននៅកម្ពុជា ត្រូវបានរំពឹងថានឹងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសយើងជិត៣% ហើយអាចបង្កើតការងារបានចំនួន៤៤៩,០០០កន្លែង នៅត្រឹមឆ្នាំ២០៥០”។ លោក​បន្តថា “កំណែទម្រង់វិស័យព្រៃឈើ ការកាត់បន្ថយកាបូនក្នុងប្រព័ន្ធដឹកជញ្ជូន និងការលើកកម្ពស់ដំណើរការផលិតកម្មកសិកម្ម និងទំនិញដែលមានកាបូនទាប នឹងនាំកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងវិបុលភាពប្រក​ប​ដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា”។

“យុទ្ធសាស្ត្ររយៈពេលវែង សម្រាប់អព្យាក្រឹតភាពកាបូន (LTS4CN)​” របស់កម្ពុជា ត្រូវបានរៀបចំឡើងទុកជាវិធីសាស្រ្តរួមមួយ ដែលស្វែងរកតុល្យភាពកំណើនសេដ្ឋកិច្ច និងយុត្តិធម៌សង្គម ជាមួយការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងភាពធន់ទ្រាំនឹងអាកាសធាតុ។

យុទ្ធសាស្ត្រនេះ មានការចូលរួមផ្ដល់ធាតុចូលពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនរួមមាន Cambodia Climate Change Alliance ធនាគារពិភពលោក (World Bank) អង្គការស្បៀង និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ វិទ្យាស្ថាន Global Green Growth Institute  និង Agence Française de Développement ព្រមទាំងប្រទេសអង់គ្លេស ផងដែរ។

*តើអព្យាក្រឹតភាពកាបូនមានន័យដូចម្តេច?

 

អព្យាក្រឹតភាពកាបូនគឺជាពាក្យ ដែលប្រើដើម្បីពិពណ៌នាអំពីឥន្ធនៈមានជាតិកាបូន ដែលនៅពេលដុតនឹងមិនបង្កើនកាបូនឌីអុកស៊ីត (CO2) នៅក្នុងបរិយាកាសនោះទេ។ ឥន្ធនៈទាំងនេះ មិនរួមចំណែក ហើយក៏មិនបន្ថយបរិមាណកាបូន (បានវាស់វែងនៅក្នុងការចេញឧស្ម័ន CO2) ចូលទៅក្នុងបរិយាកាសនោះដែរ។

កាបូនឌីអុកស៊ីតនៅក្នុងបរិយាកាស គឺជាអាហាររុក្ខជាតិដែលជារឿងល្អ ហើយវាក៏ជួយរក្សាភពរបស់យើងឱ្យក្តៅផងដែរ។ ប៉ុន្តែ CO2 ច្រើនពេកអាចនាំទៅរកបញ្ហាអាក្រក់ នោះគឺអ្វីដែលយើងហៅថា កម្ដៅផែនដី៕  PR Newswire៕

LEAVE A REPLY

Please enter your comment!
Please enter your name here