សម្តេចតេជោផ្តាំផ្ញើការងារចំនួន៣ ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពង្រឹងការងារកម្មសិទ្ធិដីធ្លី

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងពិធីសម្ភោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការងារចំនួន៣ ជូនទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យខិតខំបំពេញបន្ថែម។

ការងារទាំង៣នោះរួមមាន៖
ការងារទី១ បន្តខិតខំដោះស្រាយការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ខិតខំដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ ឬទើបកើត ដោយប្រើយន្តការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ។

ការងារទី២ ខិតខំដោះស្រាយការចេញបណ្ណកម្មសិទ្ធប្រកបដោយសុចរិតភាពលើការដោះស្រាយ។ ប្រសិនបើមានការដោះស្រាយ ប្រកបដោយសុចរិតភាព បញ្ហាប្រកដជាដោះស្រាយបាន។

ការងារទី៣ ខិតខំដោះស្រាយបញ្ហាដីសង្គមកិច្ច។

សម្តេចបានថ្លែងថា “ការខិតខំដោះស្រាយបញ្ហាដីសង្គមកិច្ច ជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងទៀត របស់រាជរដ្ឋាភិបាលដែលត្រូវធ្វើ។ កន្លងមក យើងបានធ្វើផ្ទះជូនពូកគាត់ ដូច្នេះដីធ្លីក៏ត្រូវរៀបចំជូនសម្រាប់អ្នកខ្វះដីផងដែរ”៕

សម្តេចតេជោ ហ៊ុន សែន៖ ពេលមានការអភិវឌ្ឍ វាតែងតែប៉ះពាល់ហើយ

ដោយ៖ សុធារី

ភ្នំពេញ៖ បញ្ហាដីធ្លីមិនមែនកើតឡើងឥលូវនោះទេ ពេលមានការអភិវឌ្ឍ វាតែងតែប៉ះពាល់ហើយ។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោបានមានប្រសាសន៍ថានៅលើពិភពលោកតែងតែមានការអភិវឌ្ឍជារឿងធម្មតា។ ប្រជាជនកើនឡើង តែងតែមានការបាត់បង់ដីហើយ វាគ្មានការអភិវឌ្ឍណាមួយដែលគ្មានសម្ពាធលើបរិស្ថាននោះទេ។

សម្តេចបានរំលឹកថា ប្រវត្តិនៃការឡើងថ្លៃដីធ្លីក្នុងប្រទេសកម្ពុជាមានពីរដំណាក់កាល។ ដំណាក់កាលទី១ គឺសម័យសង្គមរាស្ត្រនិយម ព្រោះមានការអភិវឌ្ឍ តែមានមន្រ្តីមួយចំនួយក្នុងសម័យនោះជាមន្ត្រី ដែលកឹបកេងយកដីធ្លី។ ចំណែកការបាត់បង់តម្លៃរបស់ដីគឺ បាត់បង់តម្លៃ ព្រោះសង្គ្រាម។

សម្តេចបានមានប្រសាសន៍ពន្យល់ថា បានជាខេត្តព្រៃវែងព្រោះមានព្រៃវែង តែឥឡូវនេះក្លាយជាវាលវែង ដោយសារតែមនុស្សមានការកើនឡើង ប៉ុន្តែដីនឹងត្រូវបាត់បង់តម្លៃនៅពេលសង្គ្រាមកើតឡើង ជាក់ស្តែង នៅក្នុងសម័យប៉ុលពត និងក្រោយប៉ុលពត៕

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នករិះគន់រឿងការជន់លិចនៅភ្នំពេញ គឺជាការច្រណែនចំពោះសមិទ្ធផលនៃការអភិវឌ្ឍ

ដោយ៖ សុធារី

ភ្នំពេញ៖ ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នករិះគន់រឿងការជន់លិចនៅភ្នំពេញ គឺជាការច្រណែនចំពោះសមិទ្ធផលនៃការអភិវឌ្ឍ។

សម្ដេចបានមានប្រសាសន៍ថា “ខ្ញុំយល់ការពិត ប្រណែន ប្រណែននឹងការអភិវឌ្ឍ”។

សម្តេចបានមានបញ្ជាក់ថា ដីដែលធា្លប់តែមានក្រលុក ថ្លុក ត្រពាំង វាលស្រែ សព្វថ្ងៃក្លាយជាផ្ទះ អគារខ្ពស់ៗ។ ទីក្រុងភ្នំពេញ តាំងពីមានទំហំជាង៣០០ គីឡូម៉ែត្រការ៉េ រហូតដល់ ៧០០ គីឡូម៉ែត្រការ៉េ។ កាលពីមុនសំណង់មានត្រឹមតែ៥០០០ ម៉ែត្រការ៉េ ក្នុងទំហំដី១ហិចតា រហូតដល់ពេលនេះកើនឡើងរហូតដល់៥០០០០ ម៉ែត្រការ៉េ។

ពាក្យថា ជំនន់ កើតឡើងប្រសិនបើក្បាលចេញនិងក្បាលចូលមិនស្មើគ្នា។ មិនត្រឹមតែព្រែកត្នោតនោះទេ សូម្បីតែទន្លេមេគង្គក៏ធ្លាប់មានជំនន់ដែរ។ សម្តេចបានថ្លែងថា យើងគ្មានរឿងអ្វីត្រូវបារម្ភរឿងការបាក់ទំនប់កប់ស្រូវនោះទេ ដោយសម្តេចបានបញ្ជាឱ្យចាប់ដីទប់មិនឱ្យបាក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍គាំទ្រការលុបស្រះទឹកមួយនៅក្នុង ហ្គ្រេនស៊ីធី របស់ក្រុមហ៊ុនជីបម៉ុង ដោយសារក្លិនអាក្រក់និងធ្វើឱ្យត្រីងាប់ ជាពិសេសត្រង់ឡូតិ៍ទី១១ និង១៣។ សម្តេចបានសង្កត់ថា “ប្រសិនបើខ្ញុំជាម្ចាស់ការដ្ឋាន ខ្ញុំលប់វាចោលយូរហើយ”៕ សម្តេចថានេះជាការចំណេញដីនិងលុបបំបាត់កាកសំណលកង្វក់៕

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាប្រមាណជាង៦០លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកានេះ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មីបានចំណាយថវិកាសាងសង់ប្រមាណជាង៦០លានដុល្លារ ដែលនឹងធ្វើពិធីចុះបឋមសិលាសាងសង់នៅទីតាំងចាស់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “នេះហើយដែលហៅថា ការរស់នៅតាមរបៀបថ្មីក្នុងបរិបទកូវីដ ឬការរស់ជាប្រក្រតីតាមគន្លងថ្មី។ ពីសាលដាក់បានជាង២ពាន់ យើងដាក់បានមនុស្សតែ៥០០នាក់ប៉ុណ្ណោះ។ កូវីដ១៩ អាចបំផ្លាញយើងបាន ប៉ុន្តែមិនអាចទប់ស្កាត់នូវដំណើរឈានរបស់យើងបានឡើយ”។

សម្តេចតេជោបានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន៣បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសូងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងដែលនឹងត្រូវសម្ពោធខួបលើកទី២៣ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នោះ គឺក្រសួងការពារជាតិ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដែមថា បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នឹងធ្វើពិធីបញ្ចុះបឋមសិក្សាធ្វើក្រសួងមហាផ្ទៃថ្មី ដែលចំណាយថវិកាអស់ ប្រមាណជាង៦០លានដុល្លារ។

សម្តេចតេជោបានបញ្ជាក់ទៀតថា “យើងមានថវិការួចទៅហើយ ដើម្បីសាងសង់ពីព្រោះដល់ពេលដែលយើងត្រូវមានកន្លែងធ្វើការ។ ចំណុចនេះ យើងទាំងអស់គ្នាបានមើលឃើញ បានដឹងអំពីដំណើរវិវត្តន៍របស់ជាតិ នៅពេលដែលយើងចូលមកដល់ភ្នំពេញតើយើងមានអ្វីខ្លះ។ សម្រាប់ក្រសួង ដែលកាន់កាប់ក្រសួងចាស់ ក្នុងនោះ មានក្រសួងការពារជាតិ ក្រសួងការបរទេសជាដើម”៕

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ប៉ន្តែកំណត់ចំនួនមនុស្ស ចូលរួម

ដោយ៖ សូរិយា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «រៀបការ ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ»។

សម្តេចបានបន្ថែមថា អ្នកបម្រើសេវានេះ មានទាំងអ្នករត់តុ ចុងភៅ និងអ្នកបម្រើសេវាអាពាហ៍ពិពាហ៍ផ្សេងៗទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីការរីករាលដាលនៅក្នុងប្រទេសបានធ្លាក់ចុះ ហើយពលរដ្ឋស្ទើរគ្រប់គ្នាទទួលបានវ៉ាក់សាំង។ ជាមួយនឹងការប្រកាសបើកប្រទេសនេះ អាជីវកម្មស្ទើរតែទាំងអស់ លើកលែងតែខារ៉ាអូខេ ត្រូវបានអនុញ្ញាត ក្នុងនោះក៏មានការអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចនឹងតាមដានស្ថានភាពបន្តទៀត ដែលថ្ងៃខាងមុខអាចនឹងបើកឱ្យមានភ្ញៀវចូលរួមមង្គលការច្រើនជាងនេះ៕

លោកច្រឹកសុខនីម ៖ ចង់ចំណេញគួរវិនិយោគដីនៅតំបន់ជាយក្រុង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ មានបុគ្គលជាច្រើនបានចាប់ផ្ដើមវិនិយោគទៅលើវិស័យអចលនទ្រព្យ ដោយសារតែការមើលឃើញថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសន្ទុះនិងរកចំណូលបានច្រើន ប៉ុន្តែ រហូតមកដល់ពេលនេះបុគ្គលមានលុយមានប្រាក់មួយចំនួនមិនប្រាកដថាសុទ្ធតែជោគជ័យពីការវិនិយោគអចលនទ្រព្យហេតុនេះហើយទើបមានអ្នកជំនាញមួយចំនួនបានផ្ដល់យោបល់ថាចង់ចំណេញឆាប់គួរវិនិយោគដីនៅតំបន់ជាយក្រុង ។
លោកច្រឹក សុខនីម ប្រធានសមាគំអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅនេះថា សម្រាប់អ្នកដែលមិនសូវមានទុនច្រើនអាចជ្រើសរើសយកចំជម្រើសវិនិយោគដីនៅជាយក្រុងដូចជាទៅតំបន់ផ្លូវ ៥១ នៃខេត្តកំពង់ស្ពឺ និងទៅតំបន់ជាយៗដែលមានតម្លៃទាប ។

លោកថា “ការវិនិយោគដីនៅតំបន់ជាយក្រុងវាមានឱកាសក្នុងការឡើងថ្លៃខ្ពស់ជាងការវិនិយោគនៅតំបន់ជិតៗក្រុងភ្នំពេញ ដូច្នេះហើយទិញដីនៅតំបន់ជាយក្រុងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ពួកគេអាចទទួលបានប្រាក់ចំនេញមកវិញលឿន”។

លោកបន្តថា សម្រាប់អ្នកដែលមានទុនតិចតួចក៏អាចវិនិយោគលើដីធ្លីបានផងដែរ ប៉ុន្តែក្រលេកទៅមើលបណ្ដាខេត្តដែលមានសក្ដានុពល និងខេត្តដែលជាមុខព្រួញវិនិយោគរបស់វិនិយោគិនជាងនិងអន្តរជាតិ ដូចជាមណ្ឌលគីរី កំពង់ចាមជាដើម ព្រោះខេត្តទាំងនោះសុទ្ធតែខេត្តដែលមានតម្លៃដីធ្លីនៅទាបនៅឡើយ ដូច្នេះវានឹងមានឱកាសហក់ឡើងនៅពេលខាងមុខនេះ ។

លោក សន សៀប នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេត បានឱ្យដឹងថា ដីនៅកណ្ដាលក្រុងកម្រមានអ្នកទិញទុកចំណេញណាស់ បើកគេទិញដីនៅតំបន់កណ្ដាលក្រុងគឺសម្រាប់អភិវឌ្ឍន៍មិនមែនសម្រាប់ទិញទុកចំណេញទេ តែបើចង់បានដីដែលមានតម្លៃទាបនិងអាចមានឱកាសហក់ឡើងបន្តគួររកទីតាំងណាដែលនៅឆ្ងាយពីក្រុងបន្តិច ពីព្រោះនៅពេលទីក្រុងកាន់តែរីកដីកាន់តែឡើងថ្លៃជាបន្តបន្ទាប់ផងដែរ ។

លោកមើលឃើញថា តំបន់ដែលអាចទទួលបានចំនេញនៅពេលអនាគតមានដូចជាតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសខេត្តកំពង់ស្ពឺ ដោយសារតែតំបន់នោះ កំពុងទាក់ទាញការវិនិយោគកាន់តែខ្លាំងពីសំណាក់វិនិយោគិនជាពិសេសលើវិស័យឧស្សាហកម្ម៕

តំបន់ត្រពាំងរូង ខេត្តកោះកុងកំពុងទាក់ទាញគំរោងរមណីយដ្ឋានលំហែរកាយបែបធម្មជាតិ

ដោយគង់ៈសូរិយា

កោះកុងៈ តំបន់ត្រពាំងរូង ខេត្តកោះកុង កំពុងទាក់ទាញគំរោងវិនិយោគបណ្តើរៗហើយ ខណៈតំបន់នេះបានបន្សល់ស្លាកស្នាមអនុស្សាវរីយ៍ ក្នុងបទចំរៀងដ៏លន្លង់លន្លោ​ចគឺ “ដៃសមុទ្រត្រពាំងរូង”។

ជាមួយនឹងសក្តានុពលផ្នែកភូមិសាស្រ្ត ធម្មជាតិដ៏ស្រស់បំព្រង ពិសេសជាតំបន់តែមួយគត់ ដែលមានទឹកសាប៦ខែ និងទឹកប្រៃ៦ខែ តំបន់្រពាំងរូងស័ក្តិសមជាទីតាំង សំរាប់ការវិនិយោគលើគំរោងអេកូទេសចរណ៍ និងការសម្រាកកំសាន្តលំហែរដ៏ស្ងៀមស្ងាត់ជាមួយនឹងការរំសាយអស់ទុក្ខកង្វល់។

គំរោងឋានសួគ៌ត្រពាំងរូង កំពុងចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់នេះ ជាមួយនឹងគំរោងសាងសង់ផ្ទះលំហែរកាយបណ្តែតទឹក និងសួនធម្មជាតិ និងការដាំផ្កាដ៏ស្រស់បំព្រង៕

ក្រុមហ៊ុនកាស៊ីណូដ៏ធំរបស់ហុងកុងនឹងបើកនៅតំបន់តារាសាគរដើមឆ្នាំ២០២២ខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ បន្ទាប់ពីពន្យាពេលជាច្រើនលើក ក្រុមហ៊ុនវិនិយោគកាស៊ីណូដ៏ធំមួយ​មានមូលដ្ឋានមកពីទីក្រុងហុងកុង នឹងបើកដំណើរការកាស៊ីណូរបស់ខ្លួននៅដើមឆ្នាំ២០២២ខាងមុខនេះ នៅក្នុងតំបន់តារាសាគរ ខេត្តកោះកុង។

ក្រុមហ៊ុនកាស៊ីណូហុងកុង Century Entertainment នឹងបើកគំរោងនេះនៅខែកុម្ភៈឆ្នាំក្រោយ ក្រោយពន្យារជាច្រើនឡើកដោយសារវិបត្តិតកូវីដ។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៥ វិច្ឆិកា កន្លងមកនេះ។

នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពន្យារទៅខែមីនាម្ដង ទៅចុងខែមេសាម្ដង ពន្យារគ្មានកាលកំណត់ម្ដង និងលើកនេះទៅខែកុម្ភៈឆ្នាំ២០២២។

ក្រុមហ៊ុនកាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។

កាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប១០,៥០០ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន៨០ម៉ាស៊ីន តុហ្គេមធំៗចំនួន៤០ និងតុលេងល្បែង VIP ចំនួន៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើ៕

ក្រសួងបរិស្ថានគ្រោងវិនិយោគសួនកេ “ស” គោល ទំហំ ២០០០ហិកតានៅជើងភ្នំគូលែន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងបរិស្ថាន គ្រោងវិនិយោគរៀបចំរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ធំមួយ ដោយដាក់ឈ្មោះសួនកេ “ស” គោលទំហំ២០០០ហិកតានៅជើងភ្នំគូលែន ទឹកដីស្រុកបន្ទាយ​ស្រីនាពេលខាងមុខនេះ។

អភិបាលស្រុកបន្ទាយស្រីលោកឃឹម ហ្វីណង់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នក្រសួងបរិស្ថានកំពុងស្ថិត ក្នុងដំណើរការរៀបចំរមណីយ ដ្ឋានទេសចរណ៍ធម្មជាតិ សួនកេ “ស” គោល ដែលមានផ្ទៃដីដ៏ធំនេះ ដែលវាជាផែនការនិងជាគំរោងដ៏ធំមួយ ដែលឯកឧត្តមសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងរៀបចំឡើង​នៅតំបន់នេះ។

លោកបន្តថា “ស្រុកបន្ទាយស្រីកំពុងផ្លាស់ប្តូរមុខមាត់ និងមានការរីកចម្រើនលឿននាពេលអនាគត ខណៈវិនិយោគិនក្នុងស្រុក និងអន្តរជាតិកាន់តែច្រើនកំពុងចាប់អារម្មណ៍ពីតំបន់នេះ”។ លោកបន្តថា “ក្រៅពីគំរោងវិនិយោគសួន កេ សគោល នៅមានគំរោងវិនិយោគថ្នាក់ជាតិ និងអន្តរជាតិកាន់តែច្រើន នឹងចាប់ផ្តើមនៅពេលវិបត្តិកូវីដ១៩ បញ្ចប់នាពេលឆាប់ៗខាងមុខ”។

ជាមួយគ្នានេះ លោកឃឹម ហ្វីណង់ក៏បាននិងកំពុងគិតគូ រៀបចំទីប្រជុំជនសម្រាប់ស្រុកបន្ទាយស្រីផងដែរ ខណៈតាំងពីដើមមករហូតដល់ពេលបច្ចុប្បន្ន ស្រុកនេះមិនទាន់មានទីប្រជុំជនច្បាស់លាស់នៅឡើយទេ។

លោកឃឹម ហ្វីណង់បានបន្តថា ប្រាសាទបន្ទាយស្រី ជាប្រាសាទធំមួយក្នុងចំណោ​មប្រសាទធំៗទាំងបួននៅខេត្តសៀមរាប ដែលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមិនសូវរំល​ង នោះគឺប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយ​ស្រី ដែលមានភាពល្បីល្បាញ៕

មន្រ្តីជាន់ខ្ពស់បង្ហើបពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣បន្តនាពេលខាងមុខ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានបង្ហើបឲ្យដឹងថា ការសិក្សាបន្តពីការសាងសង់ កំណាត់ផ្លួវក្រវ៉ាត់ក្រុងទី៣ បន្តពីផ្លូវកំណាត់ផ្លួវ ដែលសាងសង់នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការសម្រួលឡើងវិញ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមមន្រ្តីជំនាញបានសិក្សាពីគម្រោងនេះទាំងមូលរួចហើយ តែឥលូវនេះគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងសាងសង់បន្តនាពេលបច្ចុប្បន្ននេះ កំពុងរៀបចំកែសម្រួលឡើងវិញ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនអាចកំណត់ថា វានឹងត្រូវសាងសង់បន្ត ឬពង្រីកឲ្យបានមូយជុំនៅពេល​ណានៅឡើយទេ។

លោកវ៉ាស៊ីម សូរិយាបានបញ្ជាក់ថា “តាមគំរោងកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តពីកំណាត់ដែលកំពុងសាងសង់នេះ មានប្រវែងជាង១០០គីឡូម៉ែត្រ ដែលអ្នកខ្លះហៅវាថាជាផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ុន្រែតាមពិតវាជាផ្លូវក្រវ៉ាត់ក្រុងទី៣”។លោកបន្តថា “សម្រាប់ព៌តមានលំអិតជាងនេះ និងគំរោងនេះនឹងសាងសង់នាពេលណា និងប្រើប្រាស់ថវិកាជាតិឬដៃគូអភិវឌ្ឍន៍ លោកមិនទាន់ទទួលបានព៌តមានជាក់លាក់នៅឡើយទេ”។

កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា តាមផែនការក្រសួងនឹងសាងសង់កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តពីផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មុនចាប់ផ្តើមស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៤។

លោកបន្តថា “កំណាត់ផ្លួវក្រវ៉ាត់ក្រុងទី៣ ដែលនឹងពង្រីកបន្ថែមនេះ នឹងមានការស្ថាបនាស្ពានតភ្ជាប់ពីក្តីតាកុយ ទៅតំបន់អរិយក្សត្រ និងស្ពានតភ្ជាប់ពីតំបន់កោះដាច់មកកាន់ផ្លូវជាតិលេខ៦អាផងដែរ”។

ប៉ុន្តែទោះជាយ៉ាងណាលោកស៊ុន ចាន់ថុលមិនបានបញ្ជាក់ឲ្យដឹងពីកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣បន្ថែមនេះ នឹងសាងសង់នៅពេលណានៅឡើយទេ៕