គម្រោងបុរីសក្ដិលែន ៥០ម៉ែត្រ បើកសម្ពោធផ្ទះគំរូពិតជាផ្លូវការជាមួយការចាប់អារម្មណ៍ច្រើនពីអតិថិជន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការទន្ទឹងរង់ចាំរបស់អតិថិជនត្រូវបានបញ្ចប់ជាមួយនឹងការសាងសង់រួចជាស្ថាពររបស់ផ្ទះគំរូពិតនៃបុរី សក្តិលែន ៥០មែត្រ (SakLand 50M) ។ នៅព្រឹកថ្ងៃទី៦ វិច្ឆិកា២០២១ ក្រុមហ៊ុនអភិវឌ្ឍន៍បុរីសក្ដិលែនបានបើកសម្ពោធផ្ទះគំរូរបស់ខ្លួនជាផ្លូវការនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ទល់មុខនឹងរោងចក្រផលិតស្របៀរកម្ពុជា ។

បើតាមលោក សាង តូនិច ម្ចាស់គម្រោងបុរីសក្ដិលែន បានឱ្យដឹងថា គម្រោងបុរី សក្ដិលែន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដែលកំពុងស្វែងរកលំនៅឋានក្នុងនោះដែរ ត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះចាប់តាំងពីប្រកាសលក់ គម្រោងនេះលក់អស់ជាង៨០ភាគរយទៅហើយ ។ ការគាំទ្រទាំងអស់ក៏ដោយសារតែអតិថិជនបានមើលឃើញពីសក្ដានុពលនៃគម្រោង៣ចំនួនធំៗរួមមាន ទីតាំង តម្លៃផ្ទះនិងការបង់ប្រាក់ងាយៗ។

លោកបន្ថែមថា សម្រាប់ទីតាំងបុរី សក្តិលែននៅចំកណ្តាលទីក្រុងថ្មីភ្នំពេញគឺជាផ្នែកខាងត្បូងភ្នំពេញនេះ គឺខណ្ឌដង្កោ ជាខណ្ឌ ដែលត្រូវបានព្រៀងទុកសម្រាប់ការអភិវឌ្ឍន៍ពង្រីកទីក្រុងភ្នំពេញទាំងមូលផងដែរ។ ទីតាំងគម្រោងស្ថិតនៅចម្ងាយតែ៣០០ម៉ែត្រ​ ពីផ្លូវ 50ម៉ែត្រ​ ចំការដូង ច្រកចូលស្ថិតនៅទល់មុខរោងចក្រស្រាបៀរកម្ពុជា ជាប់ជាមួយគម្រោងជីប ម៉ុង ៥០ម៉ែត្រ។ ការជ្រើសរើសយកទីតាំងសម្រាប់រស់នៅ និងប្រកបអាជីវកម្មក្នុងតំបន់សក្តានុពលនេះ គឺជាជម្រើសដ៏ល្អបំផុតជាពិសេសឱកាសចំណេញក៏មានច្រើន។

សម្រាប់តម្លៃវិញ ត្រូវបានរៀបចំឡើងសក្តិសមសម្រាប់អតិថិនចាប់ពីកំរិតមធ្យមដល់កំរិតកណ្តាល ដែលចំពោះតម្លៃជាក់ស្តែងគឺស្ថិតនៅក្រោមទីផ្សារច្រើនប៉ុន្តែអតិថិជននៅតែទទួលបាននូវលំនៅដ្ឋាន ដែលមានគុណភាពទៅតាមស្តង់ដារ និងមានការធានាត្រឹមត្រូវ។ សម្រាប់វីឡាកូនកាន់គឺមានតម្លៃចាប់ពី៦ម៉ឺនជាងឡើងទៅ មិនរាប់បញ្ចូលទាំងការបញ្ចុះតម្លៃផ្សេងៗ។

ក្រៅពីទីតាំងល្អ ម៉ូតផ្ទះស្អាតទាន់សម័យ គុណភាពសំណង់មានស្តង់ដារ បុរី សក្តិលែនក៏ផ្តល់ជូនអតិថិជនទាំងអស់នូវការបង់ប្រាក់យ៉ាងងាយស្រួលបំផុត។ សម្រាប់អតិថិជនដែលចង់ធ្វើការបង់រំលស់ក៏អាចក្លាយជាម្ចាស់ផ្ទះជាមួយនឹងលក្ខខណ្ឌបង់រំលស់ដោយគ្មានការប្រាក់ ឬក៏អាចបង់ត្រឹមតែ $៣៨០ ក្នុងមួយខែ។

លោកជឿជាក់ថាគម្រោងនេះនឹងទទួលបានជោគជ័យខ្ពស់ដូចគម្រោងដែលលោកធ្លាប់បានអភិវឌ្ឍន៍កន្លងមកដែរ ខណៈរយៈពេលខ្លីប៉ុណ្ណោះអតិថិជនជាច្រើនបានចាប់អារម្មណ៍ដាក់កក់ទិញគម្រោងរបស់យើងជាបន្តបន្ទាប់ ។ លោកមាន​ប្រសាសន៍​ថា ”សម្រាប់គម្រោងបុរីសក្ដិលែននេះ ត្រូវអភិវឌ្ឍន៍ឡើងនៅលើផ្ទៃដី១៣ហិចតា និងមានផ្ទះរហូតដល់ជាង១០០០ផ្ទះ ហើយវានឹងជំរុញឱ្យតំបន់ខាងត្បូងភ្នំពេញកាន់តែមានសក្ដានុពលទាក់ទាញខ្លាំងឡើងបន្ថែមទៀត”៕







​ដី​ឡូតិ៍ប្លុកថ្មី ១០០០ឡូតិ៍តាម​បណ្តោយផ្លូវជាតិលេខ៥១ របស់​ក្រុមហ៊ុន ខេ អេច លែន ចាប់​បើក​លក់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ​

ដោយ៖ សូរិយា

ភ្នំពេញ៖ ផ្លូវជាតិលេខ៥១​ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្សារឧដុង្គ ដែលមានប្រវែង ៣៧.៩៥ គីឡូម៉ែត្រនិងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅទៅផ្សារថ្នល់ទទឹង) កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យ ជាពិសេសវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះ ដោយសារផ្លូវនេះនឹងជាផ្លូវក្រវ៉ាត់ក្រុងនិងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាពេលបច្ចុប្បន្ននេះ មានវិនិយោគិនជាច្រើនកំពុងសម្លឹងមើលពីសក្តានុពលនៃទីតាំង​និងចាប់ផ្តើមទិញដីក្នុងទ្រង់ទ្រាយធំសម្រាប់ការវិនិយោគ​។​​ ក្នុងចំណោមក្រុមហ៊ុនវិនិយោគជាច្រើន​ ក្រុមហ៊ុន ខេ អេច លែន ក៏បានបោះទន់វិនិយោគនៅតំបន់ផ្លូវជាតិលេខ៥១ នេះដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនខេ អេច លែន កំពុងវិនិយោគនិងអភិវឌ្ឍន៏គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដែលជាគម្រោងទី៧​របស់ខ្លួន មានទំហំរហូតដល់១០០ហិចតា។ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ជាគម្រោងអភិវឌ្ឍន៏ដីឡូតិ៏បែបកូនកាត់ ដែលមានទាំង ដីឡូតិ៏ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ មានការអភិវឌ្ឍន៏ជាតំបន់ពាណិជ្ជកម្មទាំង១០​ និងផ្សារថែមទៀតផង។

ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលចង់វិនិយោគលើដីឡូតិ៏ និងលំនៅដ្ឋាននៅតំបន់ផ្លូវជាតិលេខ៥១នេះ ក្រុមហ៊ុន ខេអេច លែន បានប្រកាសបើកលក់ដីឡូតិ៏ប្លុកថ្មី ដែលមានចំនួនរហូតទៅដល់១០០០ឡូតិ៏បន្ថែមទៀត ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកានេះតទៅ ដែល​មាន​ទីតាំង​ស្ថិតនៅផ្នែកខាងមុខនៃគម្រោង ជាប់និងផ្លូវទំហំ១៥ម៉ែត្រ ដែលជាផ្លូវមេបុកចូលពីផ្លូវរដ្ឋ ទល់មុខសាលាឃុំភ្នំតូចតែម្តង។

សម្រាប់បងប្អូនដែលចង់បានដីឡូតិ៏ មានទីតាំងល្អ មានការអភិវឌ្ឍន៍​ច្បាស់លាស់ មានផលចំណេញឆាប់រហ័ស និង មានប្លង់កម្មសិទ្ធស្របច្បាប់សូមទំនាក់ទំនងមកក្រុមហ៊ុន ខេអេច លែន តាមរយៈ Facebook Page Kh Land Co., Ltd ឬតាមរយៈលេខទូរស័ព្ទលេខ 081 273 168 / 095 262 168៕

អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅតែបន្តសកម្មភាពរបស់ខ្លួននៅតំបន់ខាងត្បូងភ្នំពេញទោះធ្លាប់ទទួលរងទឹកជំនន់ក្ដី

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែបន្តទាក់ទាញការអភិវឌ្ឍលំនៅដ្ឋានពីសំណាក់វិនិយោគិន ជាពិសេសវិនិយោគិនក្នុងស្រុក បើទោះបីជាតំបន់នេះធ្លាប់មានបញ្ហាដោយសារតែទឹកជំនន់វាយលុកក្ដី។ ជាក់ស្ដែង បុរីនៅតំបន់ខាងត្បូងភ្នំពេញមានសំណង់បុរីផ្ទះល្វែងវីឡាជាច្រើន ចាប់ផ្ដើមរីកដុះដាលជាបន្តបន្ទាប់ និងបន្តសកម្មភាពរបស់ខ្លួនក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសបើកសេដ្ឋកិច្ច សង្គមឡើងវិញ។

លោក សាង តូនិច ម្ចាស់គម្រោងបុរីសក្ដិលែន ដែលមានទីតាំងនៅខាងត្បូងរាជធានីភ្នំពេញ បានឱ្យដឹងថាតំបន់ប៉ែកខាងត្បូងកំពុងបង្ហាញសក្ដានុពលអភិវឌ្ឍន៍យ៉ាងខ្លាំង ដែលធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍ក្នុងការវិនិយោគ ក្នុងនោះគេមើលឃើញថាតំបន់ប៉ែកខាងត្បូងភ្នំពេញ។ ជាពិសេសតំបន់ដែលលោកកំពុងអភិវឌ្ឍន៍គឺស្ថិតនៅតំបន់ដែលមានផ្លូវខ្វាត់ខ្វែង មានផ្លូវធំៗសំខាន់ៗនៅព័ទ្ធជុំវិញ មានផ្សារទំនើបផងដែរ ។

លោកមានប្រសាសន៍ថា “ប៉ែកខាងត្បូងរាជធានីភ្នំពេញ យើងឃើញមានគម្រោងធំៗច្រើន ហើយដូចបានឃើញស្រាប់នៅតំបន់ចំការដូងខណ្ឌដង្កោ មានសក្ដានុពលខ្លាំងមែនទែន ជាក់ស្ដែងដូចជាគម្រោងផ្សារទំនើបអ៊ីអន៣ និងផ្សារទំនើបផ្សេងៗទៀត ។ មិនតែប៉ុណ្ណោះ វាជាតំបន់ដែលមានផ្លូវក្រវ៉ាត់ក្រុងធំៗរត់កាត់និងមានគម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋផងដែរ”។

លោកបន្តថា ចំពោះស្ថានភាពនៃទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុខនៅប៉ែកខាងត្បូងភ្នំពេញ លោកមិនមានការបារម្ភអ្វីនោះទេពីព្រោះតំបន់ខាងត្បូងទាំងអស់វាមិនមែនលិចទាំងអស់នោះទេ។ លោកក៏ជឿជាក់ថា រាជរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ មិនឱ្យកើតឡើងនៅពេលបន្ទាប់ ជាក់ស្ដែងតំបន់ខាងត្បូងក៏មានប្រព័ន្ធធានារាស្ត្រប្រឡាយអូរជាច្រើនសម្រាប់រំដោះទឹកផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានលើកឡើងផងដែរថា តំបន់ប៉ែកខាងត្បូងបាននិងកំពុងទាក់ទាញយ៉ាងខ្លាំងសម្រាប់វិនិយោគិនជាពិសេសវិនិយោគអភិវឌ្ឍន៍លំនៅដ្ឋាន ដោយក្នុងនោះយើងមើលឃើញថា នៅប៉ែកខាងត្បូងមានគម្រោងបុរីធំៗ មានគម្រោងអភិវឌ្ឍន៍ផ្សារទំនើប ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គម្រោងសាងសង់និងជួសជុលផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុង ជាដើម ៕

លោកបណ្ឌិត គីម ហ៊ាង៖ រកស៊ីដីធ្លីយ៉ាងណាទើបទទួលបានជោគជ័យ?

ដោយ៖ សុផារី

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានចែករំលែកចំណេះដឹងនិងក្បូនក្នុងការរកស៊ីក្នុងបទពិសោធន៍លក់ដីធ្លីរយៈពេលជិត២០ឆ្នាំរបស់លោក។ លោកចាប់ផ្តើមអាជីវកម្មដីធ្លីក្នុងឆ្នាំ២០០៤ ក្រោយរៀនចប់ ដោយចាប់ផ្តើមពីការងារគក់ចេ ពោលគឺណែនាំភ្ញៀវទៅទិញឬជួល ហើយទទួលបានប្រាក់កម្រៃជើងសារ និងសេវាជួយលក់ឱ្យភ្ញៀវផងដែរ ចាប់ពីឆ្នាំ២០០៥មក។ លោកបានប្រលូកក្នុងវិស័យដីធ្លី លោកធ្វើតាមឋានានុក្រម ឡើងតាមកាំជណ្តើរពី ១ ដល់១០០។ លោកបានឆ្លងកាត់ដំណាក់កាលដំបូងរហូតដល់មានអ្វីៗ ក្នុងថ្ងៃនេះ។ ក្នុងការធ្វើជាឈ្មួញកណ្តាល លោកមានគោលការណ៍រឹងមាំមួយគឺ លោកយកតែថ្លៃប្រាក់កម្រៃជើងសារសុទ្ធសាធ ដោយមិនដើរផ្លូវកាត់។ លោកនៅតែបន្តរក្សាជំហររបស់លោកជានិច្ច ដោយលោកថា លោកមិនបានសុំ ជម្រិត ឬទារនរណាម្នាក់ទេ។ ដោយសារជំហរនេះហើយទើបលោកអាចឈរជើងនៅក្នុងទីផ្សារសព្វថ្ងៃនេះ។

លោកបញ្ជាក់ថាក្នុងរយៈពេល ដែលលោកបានប្រលូកក្នុងវិស័យនេះ តាមរយៈការលក់ដោយខ្លួនឯង សហការជាមួយដៃគូក្នុងស្រុកនិងក្រៅស្រុក លោកគិតថាលោកអាចលក់បានលើសពី៥០០លានដុល្លាសហរដ្ឋអាមេរិច។

ប្រសិនបើលោកអ្នកទើបឈានជើងចូលក្នុងការរកស៊ីវិស័យនេះ លោកអ្នកមិនគួរតឹងរឹងនិងក្បូរក្បាច់ច្រើនពេកនោះទេ ប្រសិនបើគេផ្តល់ប្រាក់កម្រៃជើងសារតិច គួរតែទទួលយក។ លោកបណ្ឌិតយល់ថា ទោះជាទឹកប្រាក់តិចតួចក្ដីតែលោកនឹងទទួលយកដើម្បីជាសេវាកម្ម ដើម្បីឱ្យការងារទៅមុខ។ ប្រសិនបើលោកអ្នកមានបទពិសោធន៍រឹងមាំខ្លាំងក្លា ចាំតម្លើងប្រាក់កម្រៃជើងសារ។

ចំណុចសំខាន់មួយផ្សេងទៀតនោះគឺ ការចរចាតម្លៃ។ ក្នុងនាមជាភ្នាក់ងារលក់អចលនទ្រព្យ រឿងត្រូវចរចាតម្លៃជាមួយនឹងម្ចាស់ដីរឿងម្ចាស់ផ្ទះជាមុនសិន ដឹងថាតើគាត់អាចទទួលយកបានក្នុងតម្លៃប៉ុន្មាន។ ឧទាហរណ៍ ម្ចាស់ផ្ទះចង់លក់ផ្ទះក្នុងតម្លៃ១០ ម៉ឺនដុល្លារ។ យើងជាភ្នាក់ងារអចលនទ្រព្យគួរចរចារសាកសួរថាអាចលក់ក្នុងតម្លៃ ៩ ម៉ឺនដុល្លារទេ។ ប្រសិនបើតម្លៃនេះអាចទទួលយកបាន យើងគួរណែនាំនិងចរចារផ្តល់ជូនតម្លៃល្អបំផុតដល់ភ្ញៀវ។

ចំណុចមួយទៀតគឺ លោកតែងតែរៀបចំការជួបគ្នារវាងភ្ញៀវនិងម្ចាស់ទ្រព្យ ដោយលោកថានេះជាឱកាសដែលអនុញ្ញាតឱ្យភាគីទាំងពីរចរចាគ្នាផ្ទាល់ដើម្បីឈានទៅកាន់ការបិទការលក់បានជោគជ័យ។ លោកបានមានប្រសាសន៍ថា “ជារួម គោលការណ៍របស់ឈ្មួញកណ្តាលត្រូវមានក្រមសីលធម៌របស់ខ្លួនឯង យើងជាឈ្មួញកណ្តាល យើងយកតែកម្រៃជើងសារស្តង់ដាររបស់ខ្លួនឯង ៣% ប៉ុន្តែតម្លៃអ្នកលក់យើងត្រូវតមួយតង់សិន ទើបនាំអ្នកលក់និងអ្នកទិញជួបគ្នា។”

លោកសង្គត់ធ្ងន់ថា “កុំលាក់អ្នកលក់ កុំលាក់អ្នកទិញ កុំលាក់ឯកសារ កុំបូកតម្លៃពីលើ កុំសម្តែង” នេះជាគោលការណ៍ក្នុងភាពជាឈ្មួញកណ្តាលដ៏ជោគជ័យម្នាក់របស់លោក។

លោកមានប្រសាសន៍ថា អចលនទ្រព្យដែលពេញនិយមនិងវិនិយោគបានចំណេញ គឺ ដីឡូត៍ បុរីនិងខុនដូ។ ក្នុងចំណោមទាំងបីនេះ ដីឡូត៍ល្អសម្រាប់ការពីអតីតកាល បច្ចុប្បន្ន បុរីល្អ ហើយអនាគតខុនដូល្អ។ ដីឡូត៍នៅតែទទួលបានផលចំណេញ តែឱកាសជិតអស់ហើយ រយៈពេលប្រហែល១ ទៅ ៣ឆ្នាំទៀត ដីឡូត៍នឹងអស់ហើយ។

លោកណែនាំឱ្យវិនិយោគលើបុរីសម្រាប់អតិថិជនចំណូលមធ្យម ក្នុងទំហំដីច្រើនជាង១០ហិចតា ដោយសារលោកថាប្រជាជនកម្ពុជាមានចំនួនច្រើន និងនៅតែពេញនិយមរហូតដល់១០ឆ្នាំក្រោយ។

សម្រាប់ខុនដូ លោកថាជាជម្រើសល្អ ដោយលោកសង្គេតឃើញថាមានប្រជាជនកម្ពុជាចាប់ផ្ដើមរស់នៅខុនដូច្រើន តែបញ្ហាប្រឈមសម្រាប់ខុនដូនៅកម្ពុជាសព្វថ្ងៃនេះគឺ មានខុនដូតែមិនមានអ្នកទិញ មានមនុស្សចង់ទិញខុនដូ តែប្រភេទខុនដូ មិនមានទៅវិញ ដោយសារប្រជាជនកម្ពុជាចូលចិត្តនៅខុនដូតែតម្លៃលក់រាល់ថ្ងៃលើសពីសមត្ថភាពរបស់អ្នកទិញជនជាតិខ្មែរ។ លោកចែករំលែកយុទ្ធសាស្ត្រថា ខុនដូគួរសាងសង់លក់ក្នុងតម្លៃ១០០០ ទៅ១៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

ចិនបញ្ជាឱ្យក្រុងគ័ងចូវនិងក្រុងស៊ឹនជិន ទុកដី១០%សម្រាប់សង់ផ្ទះជួលតម្លៃធូរថ្លៃដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាន

ដោយ៖​សុខុម

ប៉េកាំង: គ័ងតុង (Guangdong) ដែលជាខេត្តមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃសុក្រ ទី៥ វិច្ឆិកា នេះថា ទីក្រុងធំបំផុត២របស់ខ្លួនគឺក្រុងគ័ងចូវ (Guangzhou) និងក្រុងស៊ឹនជិន (Shenzhen) ត្រូវទុកដីរបស់ខ្លួនយ៉ាងតិច១០%ម្នាក់សម្រាប់សាងសង់ផ្ទះជួលដើម្បីបំពេញតម្រូវការគេហដ្ឋានដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមយុវវ័យ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា រដ្ឋបាលខេត្តគ័ងតុង បានបញ្ជាក់ក្នុងឯកសារមួយថា ក្រោមសំណើច្បាប់ថ្មី ផ្ទះជួលនឹងផ្តោតលើការអភិវឌ្ឍផ្ទះដែលមានទំហំមិនលើសពី៧០ម៉ែត្រការ៉េនៅក្នុងតំបន់សម្រាប់អ្នករស់នៅថ្មី និងយុវវ័យ។ លើសពីនេះទៀត ថ្លៃឈ្នួលដែលពួកគេបង់ត្រូវតែទាបជាងថ្លៃឈ្នួលទូទៅក្នុងតំបន់ដែលពួកគេរស់នៅ។

ចំនួនប្រជាជននៅខេត្តគ័ងតុង បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល១ទសវត្សរ៍មកនេះដល់១២៦លាននាក់។ ដោយសារខេត្តនេះមានប្រជាជនច្រើន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Huawei និង Tencent ជាដើមបានសម្រេចបោះមូលដ្ឋានក្នុងខេត្តភាគខាងត្បូងនេះដើម្បីទាក់ទាញមនុស្សមកពីខេត្តផ្សេងៗដែលចង់ស្វែងរកការងារមានប្រាក់បៀវត្សរ៍ខ្ពស់។

តម្លៃផ្ទះថ្មីនៅខេត្តគ័ងតុង បានហក់ឡើងខ្ពស់ស្របតាមកំណើនប្រជាជន និងកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ ហើយការឡើងថ្លៃនេះដាក់សម្ពាធលើក្រុមពលរដ្ឋដែលមានប្រាក់ចំណូលទាប រួមទាំងនិស្សិតទើបបញ្ចប់ការសិក្សាថ្មីៗផងដែរ។

កាលពីខែសីហា ខេត្តគ័ងតុង បានប្រកាសថា ខ្លួននឹងសាងសង់ផ្ទះជួលចំនួន៧៤០.៥០០យូនីតក្នុងឆ្នាំ២០២១-២០២៥ ដោយក្នុងនោះចំនួន២២២.០០០យូនីតនឹងត្រូវសាងសង់បញ្ចប់នៅឆ្នាំនេះ។

ក្រៅពីទីក្រុងគ័ងចូវ និងក្រុងស៊ឹនជិន គម្រោងផ្ទះជួលក៏នឹងក្លាយជាការផ្តោតយកចិត្តទុកសម្រាប់ទីក្រុងធំៗនៅក្នុងតំបន់ដីសណ្ដទន្លេគជ់ (Pearl River Delta) ដែលជាតំបន់ឧស្សាហកម្មធុនធ្ងន់ផងដែរ។ តំបន់ដីសណ្ដនេះរួមបញ្ចូលទាំងក្រុងជូហាយ (Zhuhai) ក្រុងហ្វូសាន (Foshan) ក្រុងតុងគ័ន (Dongguan) និងក្រុងចុងសាន (Zhongshan) ផងដែរ។

តម្លៃផ្ទះថ្មីនៅទីក្រុងស៊ឹនជិន ជាមធ្យម៥៥.០០០យ័ន (៨.៦០០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងខែតុលា ដែលជាតម្លៃថ្លៃបំផុតក្នុងចំណោមទីក្រុងទាំង១០០ដែលតាមដានដោយ China Index Academy ជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេស។

ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានសន្យាកាត់បន្ថយវិសមភាពសង្គមឱ្យរួមតូចដើម្បីឱ្យពលរដ្ឋមានជីវភាពធូរធារទាំងអស់គ្នា ហើយការសន្យានេះបានធ្វើឱ្យស្ថានភាពគ្រួសារ និងបុគ្គលដែលមានប្រាក់ចំណូលទាបក្លាយជាអាទិភាពជួរមុខ នៃការបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

ប្រទេសចិន កាលពីខែកញ្ញា បានប្រកាសថា តម្លៃឈ្នួលផ្ទះនៅក្នុងទីក្រុងនានាមិនត្រូវឡើងលើសពី៥%ឡើយក្នុងមួយឆ្នាំ៕

សកម្មភាពរបស់វិនិយោគិននៅកម្ពុជាចាប់ផ្ដើមកម្រើកឡើងវិញក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេស

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកប្រទេសឡើងវិញចាប់តាំងពីដើមខែវិច្ឆិកា២០២១នេះ សកម្មភាពរបស់វិនិយោគិននៅក្នុងប្រទេសទាំងវិនិយោគិនជាតិនិងអន្តរជាតិចាប់ផ្ដើមកម្រើកឡើងវិញជាមួយនឹងក្ដីរំពឹងខ្ពស់ពីកំណើនអាជីវកម្មនិងធុរកិច្ចរបស់ខ្លួន ។

ជាការកត់សម្គាល់ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកប្រទេសឡើងវិញ ឃើញថាសកម្មភាពរបស់វិនិយោគិននៅក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមកម្រើកឡើងវិញ ដោយក្រុមហ៊ុនមួយចំនួនក៏ចាប់ផ្ដើមធ្វើកម្មវិធីផ្សព្វផ្សាយពីគម្រោង និងផែនការអាជីវកម្មរបស់ខ្លួនបណ្ដើរៗ។ ទន្ទឹមនឹងនោះម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសក៏កំពុងសាទរនិងមមាញឹកក្នុងការបើកអាជីវកម្មរបស់ខ្លួនឡើងវិញបន្ទាប់ពីអាក់ខានអស់រយៈពេលជាង១ឆ្នាំកន្លងមក ពោលគឺបន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ២០២១ ។

លោកឌឹត ចណ្ណា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងថា ការបើកប្រទេសរបស់រដ្ឋាភិបាលគឺជាល្អខ្លាំងណាស់ និងអាចជួយដល់ម្ចាស់អាជីវកម្មវិនិយោគិន ក៏ដូចជាធុរជននានាក្នុងការបញ្ចេញសកម្មភាពរបស់ខ្លួនឡើងវិញបន្ទាប់ផ្អាកអស់រយៈពេលជាយូរមកហើយនោះ ។ លោកថា “វិនិយោគិនក្នុងប្រទេសកម្ពុជាទាំងជាតិនិងអន្តរជាតិបានបញ្ចេញសកម្មភាពបណ្ដើរៗហើយបន្ទាប់ពីមានការប្រកាស ប៉ុន្តែសម្រាប់វិនិយោគិនអន្តរជាតិនៅក្រៅប្រទេស អាចនឹងមករកឱកាសវិនិយោគនៅពេលបន្តបន្ទាប់ទៀត”។

លោកបន្តថា វិនិយោគិនទន្ទឹងរង់ចាំនូវឱកាសបែបនេះយូរមកហើយ ដូច្នេះនៅពេលរដ្ឋាភិបាលប្រកាសបើកភ្លាម ពួកគាត់ដែលនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បញ្ចេញសកម្មភាពភ្លាមៗផងដែរ ។ សម្រាប់វិស័យអចលនទ្រព្យ លោកឃើញថាវានឹងអាចមានសន្ទុះងើបឡើងខ្លាំងនៅឆ្នាំ២០២២ខាងមុខ ដោយវិនិយោគិនបរទេសអាចចូលមកជាបន្តបន្ទាប់ ខណៈឆ្នាំ២០២១នេះ នៅមិនទាន់មកបាននោះទេ ដោយសារតែលក្ខខណ្ឌរបស់ប្រទេសរបស់គេ ។

លោកជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានឱ្យដឹងថា ការបើកប្រទេសឡើងវិញនឹងជួយជំរុញឱ្យសកម្មភាពអាជីវកម្មក្នុងវិស័យនេះ ងើបឡើងវិញហើយវាពិតជាល្អខ្លាំងណាស់ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញដើម្បីជួយវិស័យដឹកជញ្ជូនក៏ដូចជាវិស័យជាច្រើនទៀតនៅក្នុងប្រទេស ជួយជំរុញដល់កំណើនសេដ្ឋកិច្ច ចំណូលពលរដ្ឋឡើងវិញផងដែរ ។

ក្រៅពីនេះគេឃើញថាសកម្មភាពអាជីវកម្មពេលរាត្រី ពេលថ្ងៃសុទ្ធតែមានភាពមមាញឹកឡើងវិញ ជាក់ស្ដែងចរាចរណ៍ក៏ចាប់ផ្ដើមស្ទះនៅតាមតំបន់ដែលមានសកម្មភាពសកម្មភាពខ្លាំង ដែលអាចបញ្ជាក់ថាសកម្មភាពសេដ្ឋកិច្ចកាន់តែបង្ហាញភាពវិជ្ជមានឡើងវិញជាបន្តបន្ទាប់ ៕

ការយកចិត្តគេដាក់ចិត្តយើង៖​ គោលការណ៍​មួយក្នុង​ការ​ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ​របស់​អ្នកឧកញ៉ា គិត ម៉េង

ដោយ៖ សូរិយា

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ចែក​រំលែក​ក្នុង​ការ​ដឹកនាំ​នៅលើ​បណ្តាញ​សង្គម​របស់​អ្នកឧកញ៉ា ​ដោយ​បាន​លើកឡើង​ថា ផ្នត់គំនិតនៃ «ការយកចិត្តគេដាក់ចិត្តយើង» មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែពេលខ្លះ យើងមិនបានគិតដល់ចំណុចនេះឱ្យបានជាក់លាក់នោះទេ។

អ្នកឧកញ៉ាបាន​សរសេររៀបរាប់ថា “ថ្ងៃនេះ ខ្ញុំបានលើកយកគតិបែបចិត្តវិទ្យាមួយនេះមកគិតម្តងទៀត ដើម្បីរំលឹកខ្លួនខ្ញុំផ្ទាល់ពីសារៈសំខាន់នៃផ្នត់គំនិតនេះ ក្នុងការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងអាជីវកម្ម ក្នុងនាមជាអ្នកដឹកនាំម្នាក់។”

ការបកស្រាយដ៏សាមញ្ញបំផុតនៃផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» សំដៅលើសមត្ថភាពក្នុងការទទួលស្គាល់អារម្មណ៍ពីអ្នកដទៃ និងយល់ពីទស្សនៈរបស់អ្នកដទៃលើស្ថានភាពមួយ។ បើពន្យល់ក្នុងន័យសម្រាយជាងនេះទៀតនោះ គឺមានន័យថា “ដាក់ខ្លួនអ្នកនៅក្នុងការគិតរបស់អ្នកដទៃ ហើយស្វែងយល់ពីអារម្មណ៍របស់ពួកគេក្នុងពេលនោះ” ទាំងអារម្មណ៍ ទាំងពុទ្ធិ និងទាំងក្ដីមេត្តា។

អ្នកឧកញ៉ាបាន​បន្ត​ថា​ ”ក្នុងនាមជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អស់រយៈពេលជាង៣០ឆ្នាំ ការសិក្សាចំណេះដឹងដែលនៅពីក្រោយការរក្សាផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» គឺមានសារៈសំខាន់ ដូចជាការធ្វើឱ្យកិច្ចការសំខាន់ៗសម្រេចបានផងដែរ។

អ្នកឧកញ៉ាបាន​បញ្ជាក់​​​ថា ការជំរុញឱ្យរក្សាផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» ក្នុងការដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានជួយខ្ញុំឱ្យយល់ពីមូលហេតុដែលនៅពីក្រោយការប្រតិបត្តិការងារមិនល្អ ជួយបង្កើតអារម្មណ៍នៃការជឿទុកចិត្ត ជួយបុគ្គលិកដែលកំពុងខិតខំឱ្យមានភាពប្រសើរឡើងក្នុងការបំពេញការងារ ពង្រឹងទំនាក់ទំនង ហើយជាលទ្ធផល វានាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទៅរកកិច្ចសហការកាន់តែច្រើន និងផលិតភាពកាន់តែខ្ពស់។

អ្នកឧកញ៉ាបាន​សរសេរ​បញ្ចប់ថា “សម្តីបង្កើតសកម្មភាព ទង្វើបង្កើតទម្លាប់”។

ចំពោះអ្នកឧកញ៉ា ផ្នត់គំនិត «ការយកចិត្តគេដាក់ចិត្តយើង» គឺជាលក្ខណៈសម្បត្តិដ៏សំខាន់បំផុតមួយសម្រាប់អ្នកដឹកនាំដែលត្រូវមាន និងដើម្បីបង្ហាញទៅមនុស្សជុំវិញយើងថា “យើងគ្រាន់តែជាមនុស្សធម្មតា” “ពេលខ្លះយើងបង្កើតកំហុស” ហើយយើងខិតខំប្រឹងប្រែងស្វែងយល់គ្នាទៅវិញទៅមក និងស្វែងយល់ពីបញ្ហាទាំងនោះ៕

បុរី ប៉េង ហួតសហការ​ជាមួយ​ធនាគារ CIMB ផ្តល់​ឥណទាន ១០០% នៃតម្លៃគេហដ្ឋាន

ដោយ៖​សុធារី​

ភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) និងក្រុមហ៊ុន បុរី ប៉េង ហួត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រារព្ធពិធីចុះហត្ថលេខា លើកិច្ចសហការ ស្តីពី ការផ្តល់ជូនឥណទាន ១០០% រហូតដល់ ២៥ឆ្នាំ លើគេហដ្ឋានកំពុងសាងសង់។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តមួយកម្រិតទៀតនេះ រាល់អតិថិជនរបស់បុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋានរបស់ធនាគារ CIMB នឹងទទួលបានការផ្តល់ជូនទំហំឥណទានពិសេសមិនធ្លាប់មាន ទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀតផង។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ហុង ជៀប នាយិកសេវាកម្មហិរញ្ញវត្ថុបុគ្គលស្តីទីរបស់ធនាគារ CIMB បញ្ជាក់ថា “ជានិច្ចកាល ធនាគារ CIMB តែងតែនាំយកផលិតផលថ្មីៗ និងអភិវឌ្ឍផលិតផលធនាគារ ដែលមានស្រាប់ ឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្តល់គុណតម្លៃកាន់តែល្អប្រសើរ ទៅដល់អតិថិជន។”

លោក​បន្ត​ថា “ដូច្នេះការចាប់ដៃគូសហការ រវាងធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅស្ថានឈានមុខគេ នៅកម្ពុជា គឺជាការប្តេជ្ញាចិត្តមួយកម្រិតទៀតរបស់ស្ថាប័នទាំងពីរ ក្នុងការជួយឲ្យអតិថិជនទទួលបានផ្ទះដូចបំណងប្រាថ្នា ជាមួយនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌពិសេស ពីឥណទានគេហដ្ឋានរបស់ធនាគារ CIMB នៅគ្រប់គម្រោងលំនៅស្ថានរបស់បុរី ប៉េង ហួត”។

អ្នកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុនបុរី ប៉េង ហួត បានថ្លែងថា​ “បុរី ប៉េង ហួត និងធនាគារ CIMB បានធ្វើការជាមួយគ្នាតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ CIMB ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយទំហំកម្ចីដល់ទៅ 100% មិនធ្លាប់មានពីធនាគារ CIMB និងរយៈពេលកម្ចីរហូតដល់ ២៥ឆ្នាំ សម្រាប់គេហដ្ឋានកំពុងសាងសង់ ព្រមជាមួយអត្រាការប្រាក់ចាប់ពី 7.5% ឡើងទៅ”។

ចាប់ពីពេលនេះ រាល់អតិថិជន ដែលស្នើសុំឥណទានគេហដ្ឋាន ពីធនាគារ CIMB នៅក្នុងគម្រោងកំពុងសាង់សង់ និងសាងសង់រួចរបស់បុរី ប៉េង ហួត នឹងទទួលបានលក្ខខណ្ឌសិក្សា និងអត្ថប្រយោជន៍ពិសេសមិនធ្លាប់មាន ជាមួយនឹងការផ្តល់ជូនទំហំឥណទានគ្រប់ ១០០% នៃតម្លៃផ្ទះ រយៈពេលឥណទានរហូតដល់ ២៥ឆ្នាំ និងអត្រាការប្រាក់ចាប់ពី ៧.៥% ទៀតផង។

គួរបញ្ជាក់ផងដែរថា ឥណទានគេហដ្ឋាន គឺជាផលិតផលស្នូលមួយរបស់ធនាគារ CIMB។ ក្នុងនាមជាធនាគារអន្តរជាតិមួយ ដែលឈានមុខគេ ផ្នែកឥណទានគេហដ្ឋាន នៅលើទីផ្សារប្រទេសកម្ពុជា ធនាគារ CIMB តែងតែមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការនាំយកនូវលក្ខខណ្ឌឥណទានគេហដ្ឋានថ្មីៗ ដែលស័ក្ដិសមនឹងតម្រូវការចាំបាច់របស់អតិថិជន។ ហើយការចាប់ដៃគូកាន់តែស៊ីជម្រៅ ជាមួយនឹងបុរី ប៉េង ហួត គឺជាយុទ្ធសាស្រ្តមួយជំហ៊ានទៀតរបស់ធនាគារ CIMB ដែលជាផ្នែកមួយ នៃកិច្ចសហការនឹងបុរី និងក្រុមហ៊ុនសាងសង់លំនៅឋានធំៗ ក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដល់អតិថិជន កាន់តែទូលំទូលាយ ជាមួយនឹងទំនុកចិត្ត និងអត្ថប្រយោជន៍ខ្ពស់៕

ផ្សារទំនើប K Mall ត្រៀមខ្លួនរួចរាល់ ដើម្បីបម្រើជូនសហគមន៍ នៅតំបន់វេងស្រេង

ដោយ៖ សុធារី

ភ្នំពេញ៖ ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបដំបូងគេបង្អស់ នៅលើមហាវិថី វេង ស្រេង បានរៀបចំកម្មវិធីបើកដំណើរការសាកល្បង ដើម្បីស្វាគមន៍សាធារណជន នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ផ្សារទំនើបនេះ នឹងដើរតួជាទីតាំងមួយដ៏សំខាន់ ដើម្បីបំពេញនូវតម្រូវការប្រចាំថ្ងៃ របស់ប្រជាជនជាងកន្លះលាន ដែលរស់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។ អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកជាប់លំដាប់ថ្នាក់មួយ ផ្សារទំនើបដ៏ថ្មីស្រឡាងមួយនេះ ស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយ ដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ។

ផ្សារទំនើប ខេ ម៉ល ត្រូវបានរចនាឡើង ក្រោមការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីដើរតួជាទីតាំងមួយ ដែលអ្នករស់នៅក្នុងសហគមន៍នៅជុំវិញតំបន់ទាំងពីរនេះ អាចជួបជុំ ដើរលេងកម្សាន្ត គយគន់ធម្មជាតិ ក៏ដូចជាទទួលបានបទពិសោធន៍ទិញទំនិញយ៉ាងច្រើនសម្បូរបែបផងដែរ។

អតិថិជនផ្សារទំនើបនេះ នឹងរីករាយក្នុងការដើរកម្សាន្តក្នុងទីធ្លាដ៏ធំទូលាយ ដែលពោរពេញដោយធម្មជាតិបៃតង ដែលសមស្របសម្រាប់ការជួបជុំមិត្តភក្តិ ឬការជួបជុំ ជាលក្ខណៈគ្រួសារ។ ពួកគេក៏នឹងទទួលបានអារម្មណ៍ស្រស់ស្រាយ និងប្លែកភ្នែកតាមរយៈការរចនា និងស្ថាបត្យកម្មបែបទំនើប និងសាមញ្ញរបស់ផ្សារនេះផងដែរ។

ប្រជាជនដែលរស់នៅជុំវិញ និងអ្នកដែលធ្វើដំណើរកាត់តំបន់នេះ នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងទំនិញ កាហ្វេ និងភោជនីយដ្ឋានល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ហាងកាហ្វេ Brown ផ្សារទំនើប Lucky ហាង Daiso ហាងសម្ភារៈកីឡា Decathlon ហាងនំបុ័ង Tous les Jours ហាងសម្លៀកបំពាក់ Ten11 និង Zando ហាងស្បែកជើង Nata Footwear ភោជនីយដ្ឋាន Santa Fe និង Pho City ហាង Potato Corner រោងអាហារ The Ground Food Market និងហាងជាច្រើនផ្សេងទៀត។

មានទីតាំងនៅចំពីមុខអគារពាណិជ្ជកម្ម អាយ អេស អាយ (ISI Tower) ដែលជាអគារការិយាល័យទំនើបដំបូងគេបង្អស់ សម្រាប់អាជីវកម្មនាំមុខនានា នៅក្នុងតំបន់នេះ ផងដែរ ផ្សារទំនើប ខេ ម៉ល គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ KMH Park ដែលរួមមាន ផ្សារទំនើប ខេ ម៉ល អគារ អាយ អេស អាយ ផ្ទះពាណិជ្ជកម្ម៤០ តារាងបាល់ទាត់ KMH Stadium និងទីធ្លាបៃតងជាច្រើនកន្លែង។ គម្រោង KMH Park ត្រូវបានរចនាឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាសមាជិកមួយនៃ ISI GROUP ក្នុងគោលបំណងចង់ផ្លាស់ប្តូរមុខមាត់តំបន់ វេង ស្រេង​៕

រកឯណាបាន! ទិញផ្ទះនៅបុរី ប៉េង ហួត ឥលូវនេះ ទទួលបានកម្ចី100% ពីធនាគារ CIMB រយៈពេលរហូតដល់ 25ឆ្នាំ

រាជធានីភ្នំពេញ៖​

ដើម្បីបំពេញតម្រូវការ​របស់អតិថិជនឱ្យបានកាន់តែច្រើន បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ រួមជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បាន​ប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហការ​ស្តីពី «ការផ្តល់ជូនឥណទាន 100% រហូតដល់ 25ឆ្នាំ» នៅការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1។

តាមរយៈភាពជាដៃគូក្នុងពេលនេះ បានន័យថារាល់អតិថិជនរបស់បុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋានរបស់ធនាគារ CIMB នឹងទទួល​បានការផ្តល់ជូនទំហំឥណទានពិសេសមិនធ្លាប់មាន​ទាំងលើគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់ បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀតផង។

 

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ អ្នកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុនបុរី ប៉េង ហួត បានមានប្រសាសន៍ថា “បុរី ប៉េង ហួត និងធនាគារ CIMB បានធ្វើការជាមួយគ្នាតាំងពីឆ្នាំ2017 មកម្ល៉េះ ហើយ​ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ CIMB ក្នុងការ​​ផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង​ជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយទំហំកម្ចីដល់ទៅ 100% មិនធ្លាប់មានពីធនាគារ CIMB និងរយៈពេលកម្ចីរហូតដល់ 25ឆ្នាំ សម្រាប់គេហដ្ឋានកំពុងសាងសង់ ព្រមជាមួយអត្រាការប្រាក់ចាប់ពី 7.5% ឡើងទៅ។”

ជាមួយគ្នានេះ លោក ហុង​ ជៀប នាយិកសេវាកម្មហិរញ្ញវត្ថុបុគ្គលស្តីទីរបស់ធនាគារ CIMB ក៏បានមានប្រសាសន៍ថា “ជានិច្ចកាល ធនាគារ CIMB តែងតែនាំយកផលិតផលថ្មីៗ និងអភិវឌ្ឍផលិតផលធនាគារ ដែល​មានស្រាប់ ឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្តល់គុណតម្លៃកាន់តែល្អប្រសើរ ទៅដល់អតិថិជន។ ដូច្នេះការចាប់ដៃគូសហការ រវាងធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍ​លំនៅឋានឈានមុខគេ នៅកម្ពុជា គឺជាការប្តេជ្ញាចិត្តមួយកម្រិតទៀតរបស់ស្ថាប័នទាំងពីរ ក្នុងការជួយ​ឱ្យអតិថិជនទទួលបានផ្ទះដូចបំណងប្រាថ្នា ជាមួយនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌពិសេស​ពីឥណទានគេហដ្ឋានរបស់ធនាគារ CIMB នៅគ្រប់គម្រោងលំនៅឋានរបស់បុរី ប៉េង ហួត។”

គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ទើបតែបានបើកសម្ពោធគម្រោងដ៏ថ្មីសន្លាងមួយគឺគម្រោង “​The Star Platinum Capital One” ​ដែលជាគម្រោងផ្ទះអាជីវកម្មពោរពេញដោយសក្ដានុពលខ្ពស់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 1 ផ្ទាល់តែម្ដង។

ក្រៅពីគម្រោង The Star Platinum Capital One ដែលទើបតែបើកសម្ពោធ​​ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននេះ បុរី ប៉េង ហួត ក៏មានគម្រោងផ្សេងៗជាច្រើនទៀតស្ទើរតែគ្រប់តំបន់ធំៗក្នុងរាជធានីភ្នំពេញដូចជា គម្រោង ដឹស្តា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) គម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) និង គម្រោង ដឹស្តា មុនីរាហ៍ និង ដឹស្តា ជូមីរាហ៍ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ 6Aជាដើម។ ដោយឡែក ក្នុងខណ្ឌច្បារអំពៅ (តំបន់បឹងស្នោ) នេះវិញ ក្រុមហ៊ុនអចលនទ្រព្យដ៏ឈានមុខគេមួយនេះក៏មានគម្រោងលំនៅឋានចម្រុះរាប់ចាប់ពីគម្រោងខុនដូ គម្រោងផ្ទះអាជីវកម្មសុទ្ធ គម្រោងវីឡាទោល​ និងគម្រោងបែបអេកូធម្មជាតិ អមដោយសួនកម្សាន្តដែលមានក្នុងគម្រោងនីមួយៗ សួនកម្សាន្តបែបអឺរ៉ុបដំបូងគេក្នុងរាជធានីភ្នំពេញ សួនកម្សាន្តសាធារណៈដែលមានការ​រៀបចំជាកន្លែងហាត់ប្រាណ ភោជនីយដ្ឋានតាមបណ្ដោយមហាវិថីអេកូខូលិកសិន សាលសន្និបាតលំដាប់ផ្កាយ៥  ក្លឹបហាត់ប្រាណ ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារ៉ាតុងតាម​ស្តង់ដារ   អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

 

ដូច្នេះតាមរយៈពិធីចុះហត្ថលេខាខាងលើ ចាប់ពីពេលនេះទៅ រាល់អតិថិជន​បុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋាន​ពីធនាគារ CIMB នៅក្នុងគម្រោងកំពុងសាង់សង់ និងសាងសង់រួចរបស់បុរី ប៉េង ហួត នឹងទទួលបានលក្ខខណ្ឌសិក្សា និងអត្ថប្រយោជន៍ពិសេសមិនធ្លាប់មាន ជាមួយនឹងការផ្តល់ជូនទំហំឥណទានគ្រប់ 100% នៃតម្លៃផ្ទះ រយៈពេលឥណទានរហូតដល់ 25ឆ្នាំ និងអត្រាការប្រាក់ចាប់ពី 7.5% ទៀតផង។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕