ដោយៈជេស៊ីកា
ភ្នំពេញៈ ក្នុងគោលដៅពង្រីកការតភ្ជាប់់ផ្លូវអាកាស និងសម្រួលរយៈពេលធ្វើដំណើរ រដ្ឋាភិបាលគ្រោងនឹងស្តារ សាងសង់ព្រលានយន្តហោះនៅខេត្តចំនួន៤ទៀតនាពេលខាងមុខនេះ។
តាមផែនការ រដ្ឋាភិបាលបានបង្ហាញផែនការ ចង់សាងសង់អាកាសយានដ្ឋានថ្មី២កន្លែង និងស្តារកែលម្អអាកាសយានដ្ឋានមានស្រាប់ ២ កន្លែងទៀត។ នេះបើយោងតាមរបាយការណ៍ការគ្រប់គ្រងឆ្នាំ២០២២ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ។
គម្រោងស្តារ និងសាងសង់ព្រលានយន្តហោះទាំង៤នោះ រួមមាន គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី (សម្រាប់ទីតាំងថ្មី កម្រិត៣C) គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី (កម្រិត៣C) គម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានបាត់ដំបង (កម្រិត៣C) និងគម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង (កម្រិត៤C)។
ទោះជាយ៉ាងណាគម្រោងទាំង៤ខាងលើនេះ រដ្ឋាភិបាលមិនទាន់មានថវិកាសម្រាប់អនុវត្តនៅឡើយទេ ដោយបញ្ជាក់ថានឹងត្រូវចំណាយមូលធនដោយហិរញ្ញប្បទានពីក្រៅប្រទេស។
អាកាសយានដ្ឋាន កម្រិត៣C គឺជាអាកាសយានដ្ឋានដែលបម្រើតែប្រតិបត្តិការ (Scheduled flight) នៃយន្តហោះខ្នាតតូចប៉ុណ្ណោះ កម្រិង៤C គឺមានផ្លូវរត់ មានប្រវែង១៨០០ម៉ែត្រ ឬលើសពីនេះ ហើយទទួលយន្តហោះដែលមានស្លាបប្រវែងត្រឹម៣៦ម៉ែត្រប៉ុណ្ណោះ៕