ដោយ សុខុម
ប៉េកាំង: ប្រទេសចិន គ្រោងដាក់ឱ្យដំណើរការផ្លូវដែកថ្មីៗប្រវែងរហូតដល់ទៅ៣.៣០០គីឡូម៉ែត្របន្ថែមទៀតឆ្នាំ២០២២ នេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី៧ មករា។
ផ្លូវដែកថ្មីៗទាំងនេះរួមបញ្ចូលទាំងគម្រោងផ្លូវដែក New Land-Sea Corridor ដែលរត់ពីខេត្តហៃណាន (Hainan) ឆ្ពោះទៅកាន់ក្រុងឈឹងទូ (Chengdu) ផងដែរ។
ក្រុមមន្ត្រីចិន បានលើកឡើងថា ផ្លូវដែកថ្មីៗទាំងនេះនឹងអនុញ្ញាតការធ្វើចរាចរទំនិញបានរហូតដល់ទៅ៣,៨០៤ពាន់លានតោនតាមផ្លូវដែក។
ប្រទេសចិន បាននិងកំពុងផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រីកបណ្ដាញផ្លូវដែកដឹកទំនិញរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅខេត្តភាគនិរតីយូណាន (Yunnan) ផ្លូវដែកឆ្លងដែនថ្មីមួយខ្សែតភ្ជាប់ប្រទេសចិន ជាមួយប្រទេសឡាវ។
ខ្សែផ្លូវដែកឆ្លងដែននេះជួយសម្រួលបានច្រើនដល់ការដឹកជញ្ជូនទំនិញពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ មកកាន់ខេត្តយូណាន ប្រទេសចិន ដោយចំណេញពេលស្ទើរតែពាក់កណ្ដាល។
លោក ស៊ូ ជាហ្វឹង (Xu Jiefeng) នាយកទីផ្សារនៃក្រុមហ៊ុនផ្លូវដែក China Railway Kunming Group Co, Ltd. បានថ្លែងថា មុនពេលដាក់ឱ្យដំណើរការផ្លូវដែកចិន-ឡាវ (China-Laos Railyway) ការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ពីគុនមីង (Kinming) ទៅកាន់ក្រុងវៀងចន្ទន៍ ត្រូវចំណាយពេលដល់ទៅ៣ថ្ងៃ។
លោកបានបន្ថែមទៀតថា ទោះជាយ៉ាងណា ក្រោយដាក់ឱ្យដំណើរការធ្វើចរាចរណ៍ ពេលវេលាដឹកជញ្ជូនពីគុនមីង ទៅកាន់ក្រុងវៀងចន្ទន៍ កាត់បន្ថយពេលបានជិតពាក់កណ្ដាល ពោលគឺរហូតដល់ទៅ៣០ម៉ោង។
ប្រទេសចិន កំពុងតភ្ជាប់បណ្ដាញផ្លូវដែកខ្វាត់ខ្វែងដូចសរសៃឈាមដ៏ធំរបស់ខ្លួនជាមួយកំពង់ផែនានា និងបណ្ដាប្រទេសជិតខាងរបស់ខ្លួន។ អ្នកជំនាញមើលឃើញថា ផ្លូវដែកទាំងនេះគឺជាសមាសធាតុដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសចិន។
ផ្លូវដែកទាំងនេះក៏ជាជម្រើសផ្លូវដឹកជញ្ជូនដ៏ល្អផងដែរ ខណៈផ្លូវសមុទ្រកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្លានៅថ្នាក់តំបន់៕