ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគ្រោងចំណាយទឹកប្រាក់២០១៩លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
យោងតាមឯកសារបានបង្ហាញថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អនុវត្តនការស្ថាបនាដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារអាមេរិក។
ផ្លូវនេះមានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង។ ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្តកំពង់ស្ពឺ ប្រវែង៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩គីឡូម៉ែត្រ។
ឯកសារដដែលបានបន្តថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលា ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕