ធនាគារ ព្រីនស៍ វិនិយោគ១៥លានដុល្លារ លើសញ្ញាបណ្ណ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ដោយ៖ សុធារី

ភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក បានវិនិយោគទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិក លើសញ្ញាបណ្ណសាជីវកម្មឯកជនរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងក្នុងពិធីចុះហត្ថលេខា ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងលោក ហ្គុយ ឆាយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង ធនាគារ ព្រីនស៍ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានទទួលសិទ្ធិសម្បទានផ្តាច់មុខ លើអាកាសយានដ្ឋាននេះ ដែលរួមមាន៖ សិទ្ធិកម្មសិទ្ធិ ការរចនា ការសាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងគម្រោងជាដើម។
អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ នៅក្នុងទីរួម ខេត្តកណ្តាល ដែលមានផ្ទៃក្រឡាលាតសន្ធឹងនៅលើ ផ្ទៃដីជាង២៦០០ហិកតា។

បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ អាកាសយានដ្ឋានថ្មីនេះ នឹងក្លាយជាអាកាសយានដ្ឋានដ៏ធំជាងគេទីប្រាំបួន នៅលើពិភពលោក និងជាអាកាសយានដ្ឋានដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញ ដែលនឹងមកជំនួសឲ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា និងរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា៕

ប្រាសាក់ ជានិយោជកនៃជម្រើស បន្តផ្តល់ឱកាសការងារ តាមរយៈពិព័រណ៍ការងារនិងផលិតភាពជាតិ

ដោយ សហការី

ភ្នំពេញ ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2021៖ ​ប្រា​សាក់​ ជា​គ្រឹះស្ថាន​លំដាប់​ទី​ 1 ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ៗ​ 5 ​នៅ​កម្ពុជា ​សូមជម្រាបជូនថា នៅថ្ងៃទី 4-5 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រាសាក់ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនិងផលិតភាពជាតិអនឡាញ ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារចំនួន 250 មុខតំណែងដល់និស្សិត និងបេក្ខជនដែលមានសក្តានុពល។

ប្រាសាក់ជានិយោជកនៃជម្រើស។ ប្រាសាក់ផ្តល់នូវនិរន្តរភាពការងារយូរអង្វែង ព្រមជាមួយនឹងការផ្តល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាប្រចាំ។ ក្រៅពីការផ្តល់នូវផលប្រយោជន៍ជូនដល់បុគ្គលិក ប្រាសាក់មានផែនការច្បាស់លាស់ក្នុងការតម្រង់ទិសដៅការងារនិងផ្តល់មុខតំណែងទៅតាមសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ។ ប្រាសាក់ប្រកាន់ខ្ជាប់នូវ «វប្បធម៌មិនរើសអើង និងវប្បធម៌បរិយាកាសការងារល្អ» ក្នុងការអនុវត្តកាងារ។

​បម្រើការងារនៅប្រាសាក់ លោកអ្នកនឹងទទួលបាន 1). អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ រួមមាន៖ ប្រាក់បៀវត្សគោល ប្រាក់បៀវត្សប្រែប្រួល ប្រាក់ឧបត្ថម្ភតួនាទី ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភព្យាបាលជំងឺ ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ ប្រាក់ឧបត្ថម្ភប្រេងសាំង ប្រាក់បំពេញបេសកកម្មក្រៅទីតាំងការងារ ដំឡើងប្រាក់បៀវត្សផ្អែកតាមលទ្ធផលការងារនិងអត្រាអតិផរណា ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ប្រាក់កម្ចីបុគ្គលិក 2). អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ រួមមាន៖ ឧបត្ថម្ភឯកសណ្ឋានការងារ ទទួលបានការបណ្តុះបណ្តាលជាប្រចាំ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងការឧបត្ថម្ភផ្សេងៗទៀត។

លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​បាន​មានប្រសាសន៍ថា​ ​«ពិព័រណ៍ការងារនិងផលិតភាពជាតិមានសារៈសំខាន់សម្រាប់ការតម្រង់ទិសវិថីការងារនាពេលអនាគត និងការផ្ដល់ឱកាសការងារសម្រាប់និស្សិតនិងបេក្ខជនកំពុងរកការងារ។ ហេតុនេះ សូមកុំឱ្យខកខានឱកាសនេះឱ្យសោះ!

លោក​ ​សាយ​ ​សូ​នី បានបន្ថែមទៀតថា «ដោយសារការរីករាលដាលនៃជំងឺកូវីដ-19 កម្មវិធីនេះមិនអាចប្រព្រឹត្តទៅដោយផ្ទាល់បានទេ ប៉ុន្តែយើងនៅបន្តធ្វើតាមរយៈមធ្យោបាយអនឡាញ។ ដូច្នេះសូមចូលរួមទស្សនាទំព័រការងារពីប្រាសាក់ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញនេះ នៅថ្ងៃទី 4-5 ខែវិច្ឆិកា ឆ្នាំ 2021 ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ ប្រាសាក់ មានឱកាសការងារជាច្រើនមុខតំណែងកំពុងរង់ចាំអ្នកកំពុងស្វែងរកការងារធ្វើ។ សូមត្រៀមប្រវត្តិរូបការងារ CV ឱ្យបានរួចជាស្រេច ដើម្បីបំពេញសំណុំបែបបទដាក់ពាក្យក្នុងឱកាសនេះ»។

សូមចាប់ផ្តើមអាជីពរបស់ជាមួយ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ដែលផ្តល់នូវអាជីពការងារយូរអង្វែងនិងស្ថិតស្ថេរ ការអភិវឌ្ឍបុគ្គលិកជាប្រចាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត​។​

សូមពិនិត្យឱកាសការងារពីប្រាសាក់តាមតំណភ្ជាប់នេះនៅថ្ងៃទី 4-5 ខែវិច្ឆិកា

http://careerfair.nea.gov.kh/company/detail/2JbY6z1nEMV

ក្រសួងមហាផ្ទៃបំពាក់អ៊ីនធឺណេតខ្សែកាបភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន២០តាមបណ្ដោយផ្លូវជាតិលេខ៣

ដោយ: សុធារី

ភ្នំពេញ: ក្រសួងមហាផ្ទៃបានដាក់ពាក្យស្នើសុំទៅកាន់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់សេវា INTERNET តាមខ្សែកាកាបដើម្បីតភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿន អចល័តចំនួន២០ គ្រឿង លើ១០ទីតាំង តាមបណ្ដោយផ្លូវជាតិលេខ៣។

គោលបំណងនៃការភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តនេះ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កដោយការបើកបរល្មើសល្បឿនកំណត់។ អគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូនកំពុងបំពាក់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន២០(ម្ភៃ)គ្រឿង លើ១០ (ដប់)ទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ដែលស្ថិតនៅចំណុច គីឡូម៉ែត្រ១៨ គីឡូម៉ែត្រ៣៣ គីឡូម៉ែត្រ៤៣ គីឡូម៉ែត្រ៧៤ គីឡូម៉ែត្រ៨៦ គីឡូម៉ែត្រ១០២ គីឡូម៉ែត្រ១០៩ គីឡូម៉ែត្រ១៣៤ គីឡូម៉ែត្រ១៥១ និងគីឡូម៉ែត្រ១៦១។

ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តទាំងនេះ ត្រូវការជាចាំបាច់នូវសេវា INTERNET ដើម្បីធ្វើការបញ្ជូនរូបភាពយានយន្តល្មើសដែលថតបាននៅតាមទីតាំងនីមួយៗ មកកាន់មជ្ឈមណ្ឌលបញ្ហាតាំង នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

វៀតណាមក្លាយជាប្រទេសផលិតដែកថែបច្រើនបំផុតនៅអាស៊ីអាគ្នេយ៍

ដោយៈ សុផារី

វៀតណាមៈ វៀតណាមនឹងក្លាយជាប្រទេសតែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍និងជាប្រទេស ដែលជាប់ចំណាត់ថ្នាក់ក្នុងប្រទេសទាំង១៥ ដែលផលិតដែកបានច្រើនជាងគេលើពិភពលោក។

កាលពីឆ្នាំ២០២០ ក្រុមហ៊ុននៅប្រទេសវៀតណាម ផលិតដែកឆៅសរុបបានរហូតដល់១៩,៥ លានតោន ហើយគួរឱ្យចាប់អារម្មណ៍ប្រហែល៣៧% នៃផលិតកម្មសរុបបានមកពីក្រុមហ៊ុនមួយឈ្មោះថា “Hoa Phat Group” ឬ HPG។
Hoa Phat Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ប្រហែល២៩ឆ្នាំមុន ដោយបុរសម្នាក់ឈ្មោះ Tran Dinh Long។

លោក Tran Dinh Long ធ្លាប់បាននិយាយក្នុងបទសម្ភាសមួយថា គាត់មិនមានចំណេះដឹងអំពីឧស្សាហកម្មដែកទាល់តែសោះ ហើយនៅថ្ងៃដែលខ្ញុំចាប់ផ្តើមបោះជំហានចូលទៅក្នុងអាជីវកម្មនេះ គាត់មានតែភាពក្លាហាន។

លោកបានបន្តថា គាត់និងដៃគូរបស់គាត់ចាប់ផ្ដើម បើកហាងលក់គ្រឿងបន្លាស់ម៉ាស៊ីនក្នុងឆ្នាំ១៩៩២ ហើយបន្ទាប់មកចាប់ផ្ដើមរៀនយុទ្ធសាស្ត្រពាណិជ្ជកម្ម (Trading)។ គាត់ចាប់ផ្តើមដោយនាំយកទំនិញបរទេ​សថោកៗ ចូលមកលក់បន្តក្នុងតម្លៃខ្ពស់ក្នុងប្រទេសវៀតណាម ។

ក្រោយមកក្រុមហ៊ុនបានពង្រីកអាជីវកម្ម គ្រឿងសង្ហារឹមនៅឆ្នាំ១៩៩៥ និងអាជីវកម្មដែកនៅឆ្នាំ១៩៩៦។
លោក ឡុង បានមានប្រសាសន៍ថា “ប្រទេសកំពុងអភិវឌ្ឍន៍ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់។ នោះហើយជាមូលហេតុ ដែលគាត់ជ្រើសរើសពង្រីកអាជីវកម្មរបស់គាត់ក្នុងឧស្សាហកម្មដែក”។

ក្នុងអំឡុងពេលដែល Hoa Phat ចាប់ផ្ដើមពង្រីកអាជីវកម្មដែក សេដ្ឋកិច្ចវៀតណាមក៏កំពុងពង្រីកកាន់តែលឿន ដោយ GDP របស់វៀតណាមចន្លោះឆ្នាំ២០០០-២០១០ ជាមធ្យម៦-៧% ក្នុងមួយឆ្នាំ។ កំណើនផលិតផលក្នុងស្រុកនេះ នាំទៅដល់ការពង្រីកទីក្រុង កំណើននៃការប្រើប្រាស់ក្នុងស្រុក និងក្នុងវិស័យសំណង់ ធ្វើឱ្យអាជីវកម្មដែករបស់ Hoa Phat ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកំណើនសេដ្ឋកិច្ចវៀតណាម។

ជាលទ្ធផលទទួលបានប្រាក់ចំណូលពីអាជីវកម្មដែក ក្លាយជាប្រាក់ចំណូលចម្បងរបស់ក្រុមហ៊ុន។
ក្នុងឆ្នាំ២០០៧ ច្រើនជាង៦០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន បានមកពីការលក់ផលិតផលដែលទាក់ទងនឹងដែកថែប។ ក្នុងឆ្នាំនោះ ក្រុមហ៊ុនត្រូវបានប្តូរឈ្មោះទៅជា Hoa Phat Steel JSC ហើយបានចុះបញ្ជីនៅផ្សារភាគហ៊ុន ហូជីមិញផងដែរ និងបង្កើតឱ្យមានកំណើនក្នុងអាជីវកម្មដែកបន្ត។

ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណែកទីផ្សាររបស់វៀតណាម ដោយដែកថែបរចនាសម្ព័ន្ធ និងបំពង់ដែកមានចំណែកទីផ្សារ៣២% និង ៣១% រៀងគ្នា។

ចំណុចគួរឱ្យចាប់អារម្មណ៍ ប្រសិនបើយើងក្រឡេកមើលអាជីវកម្ម សំខាន់ៗនៅក្រោមក្រុមហ៊ុន Hoa Phat Group មែនធ្វើអាជីវកម្មដែកថែបតែមួយមុខទេ មានដូចជា៖

– ក្រុមហ៊ុន Hoa Phat Dung Quat Steel JSC មានអាជីវកម្មផលិតដែក និងលក់ដែកប្រភេទផ្សេងៗ។
– ក្រុមហ៊ុន Hoa Phat Agriculture Development JSC ចូលរួមក្នុងការផលិតជី ចំណីសត្វ និងកែច្នៃសាច់។
– ក្រុមហ៊ុន Hoa Phat Urban Development and Construction JSC ប្រតិបត្តិការអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យ។

សមាមាត្រនៃប្រាក់ចំណូលសរុប របស់ក្រុមហ៊ុននៅឆ្នាំ២០២០ ត្រូវបានបែងចែកជា ៨៤% បានមកពីអាជីវកម្មដែក១២% បានមកពីអាជីវកម្មកសិកម្ម និង២% បានមកពីអាជីវកម្មអចលនទ្រព្យ។

លទ្ធផលនៃក្រុមហ៊ុន Hoa Phat Group កន្លងមក ក្នុងឆ្នាំ២០១៨ ចំណូល ៨១,៤៤១ លានបាត ប្រាក់ចំណេញ ១២,៥០៤ លានបាត ក្នុងឆ្នាំ២០១៩ ចំណូល ៩២,៨៤០ លានបាត ប្រាក់ចំណេញ ១០,៩៧៨ លានបាត និងក្នុងឆ្នាំ២០២០ ចំណូល ១៣១,៤៦៨ លានបាត ប្រាក់ចំណេញ ១៩,៦២២ លានបាត។

បច្ចុប្បន្ន ក្រុមហ៊ុនHoa Phat Group មានតម្លៃក្រុមហ៊ុនប្រមាណ៣៧០ពាន់លានបាត និងជាក្រុមហ៊ុនធំទី៤នៅវៀតណាម។ ការរីកចម្រើននៃក្រុមហ៊ុន Hoa Phat Group បានធ្វើឱ្យលោក Tran Dinh Long ក្លាយជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិសរុបប្រហែល១២៦ពាន់លានបាត ដែលត្រូវបានគេចាត់ទុកថា ជាអ្នកមានបំផុតទី៣នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ៕

សមាគមអចលនទ្រព្យសកលនាំយកសម្ភារៈបង្ការជំងឺកូវីដជូនអភិបាលខេត្តកែប

ដោយៈគង់ សូរិយា

ភ្នំពេញៈ សមាគមអចលនទ្រព្យសកល ដឹកនាំដោយលោកឧកញ៉ាសំ សុខនឿនបាននាំយកនូវសម្ភារៈ បរិក្ខាសំខាន់ៗ ដើម្បីបង្ការជំងឺកូវីដ១៩ជូនដល់លោកសោម ពិសិដ្ឋអភិបាលខេត្តកែប។

អំណោយទាំងនោះរួមមានដូចជា ១. ម៉ាស់ចំនួន ៥០,០០០ម៉ាស់ ២. ទឹកសំលាប់មេរោគចំនួន៥០កាន។ ៣. បំពង់ទឹកស្ព្រាយ៍បាញ់សំលាប់មេរោគចំនួន១០០ដប ៤.ទឹកសុទ្ធ ចំនួន១០០កេះ និង៥. ទឹកប្រាក់ចំនួន១០លានរៀល ដែលសរុបជាទឹកប្រាក់ចំនួន ៥៦៥០ដុល្លារ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានថ្លែងអំណរគុណដល់ឧកញ៉ាប្រធានសមាគម និងសហការី ដែលបាននាំយកនូវអំណោយដ៏មានសារៈសំខាន់នេះជូនដល់រដ្ឋបាលខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

អគារកម្ពស់រាប់សិបជាន់រាងដូចប្រាសាទបុរាណពីរ៉ាមីត ដ៏ល្បីល្បាញរបស់អេហ្ស៊ីបនឹងត្រូវសាងសង់នៅក្រុងប៉ារីស

ដោយៈសុខុម

ប៉ារីស: អគារខ្ពស់ថ្មីមួយកម្ពស់៤២ជាន់ ដែលមានរូបរាងដូចប្រាសាទបុរាណពីរ៉ាមី (Pyramid) ដ៏ល្បីល្បាញរបស់អេហ្ស៊ីប នឹងត្រូវសាងសង់នៅក្រុងប៉ារីសនាពេលឆាប់ៗនេះ បន្ទាប់ពីធ្វើផែនការអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយនៅថ្ងៃទី៣ វិច្ឆិកា នេះ។

អគារដែលមានឈ្មោះថា Triangle Tower ឬជាភាសាបារាំង Tour Triangle ខាងលើនេះ នឹងត្រូវសាងសង់នៅឆ្នាំ២០២២ ក្នុងសង្កាត់លេខ១៥ ស្ថិតនៅជាយក្រុងប៉ារីស ជាមួយគម្រោងបញ្ចប់ការសាងសង់ នៅត្រឹមឆ្នាំ២០២៦ បន្ទាប់ពីទទួលបានហិរញ្ញប្បទានពីក្រុមហ៊ុនធានារ៉ាប់រងទំហំយក្ស Axa ក្រោយពន្យារពេលជាច្រើនឆ្នាំ។

វានឹងក្លាយជាអគារខ្ពស់ដ៏កម្រមួយ នៅក្នុងទីក្រុងប៉ារីស ដែលមានការរឹតត្បិតយ៉ាងតឹងរ៉ឹងមិនឱ្យសាងសង់អគារខ្ពស់ៗ ដើម្បីរក្សាសោភ័ណភាព និងសភាពដើមជាប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។

រចនាឡើងដោយស្ថាបត្យករជនជាតិស្វីស២រូបឈ្មោះ Herzog និងឈ្មោះ Meuron អគារនេះនឹងត្រូវមហាជនធ្វើការប្រៀបធៀប ដោយជៀសមិនផុតទៅនឹងអគារពីរ៉ាមីត នាសម័យទំនើបដ៏ល្បីល្បាញ ដែលស្ថិតក្នុងបរិវេណទីធ្លាសារៈមន្ទីរ Louvre Museum ចំកណ្ដាលក្រុងប៉ារីស ថ្វីបើវាធំជាង និងខ្ពស់ជាងឆ្ងាយយ៉ាងណាក្ដី។

ទោះជាយ៉ាងណា ក្រុមមន្ត្រីបរិស្ថាននៃក្រុមប្រឹក្សាក្រុងប៉ារីស បានរិះគន់ផែនការនេះថា ជះផលប៉ះពាល់ដល់បរិស្ថាន ហើយគួរតែបោះបង់ចោល។

ពួកគេបានចេញសេចក្តីថ្លែងការណ៍ថា គម្រោង”អគារការិយាល័យកម្ពស់១៨០ម៉ែត្រ ដែលមានផ្ទៃក្រឡាសរុប៩២.០០០ម៉ែត្រការ៉េនេះ គឺបង្កផលប៉ះពាល់ដល់បរិស្ថាន ហើយវាផ្ទុយនឹងការប្តេជ្ញាចិត្ត លើអនុវត្តតាមផែនការអាកាសធាតុនៃទីក្រុងប៉ារីស”៕ South China Morning Post៕

ប្រធាន CVEA អះអាងថា ការផ្គត់ផ្គង់លំនៅឋាននៅក្នុងប្រទេសកម្ពុជាមិនទាន់ឆ្លើយតបនឹងតម្រូវការ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កំពុងតែមានសកម្មភាពកាន់តែខ្លាំង ដោយមតិមួយចំនួនគិតថាវាលើសពីតម្រូវការជាក់ស្ដែងទៅហើយ ប៉ុន្តែបើក្រលេកទៅមើលចំនួនប្រជាជន និងចំនួនផ្ទះដែលមាននៅកម្ពុជា នៅមិនទាន់មានស៊ីសងគ្នានៅឡើយ ដោយមានន័យថាតម្រូវការលំនៅឋាន នៅតែបន្តមាននិងទាមទារឱ្យមានការអភិវឌ្ឍបន្ថែម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានលើកឡើងក្នុងសន្និសីទ មួយកាលពីថ្ងៃទី៣វិច្ឆិកា ២០២១នេះឱ្យដឹងថា ការផ្គត់ផ្គង់តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា វាគង់តែដល់ថ្ងៃណាមួយគ្រប់តម្រូវការឬលើសពីតម្រូវការទេ ប៉ុន្តែបើយើងក្រលេកទៅមើលស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាជនកម្ពុជាមានរហូតដល់១៦លាននាក់ តែចំនួនផ្ទះវិញយើងឃើញថា នៅភ្នំពេញមានជាង១លានផ្ទះ នៅខេត្តព្រះសីហនុ មិនដល់១លាននាក់ទេ នៅសៀមរាបក៏ដូចគ្នាហើយខេត្តផ្សេងៗទៀតត្រឹមតែប៉ុន្មានម៉ឺនផ្ទះប៉ុណ្ណោះ ។

លោកបន្តថា “តាមរយៈស្ថិតនេះបើធៀបចំនួនប្រជាជន និងចំនួនខ្នងផ្ទះដែលយើងមាន ឃើញថានៅខ្វះខាតចំនួនខ្នងផ្ទះច្រើនណាស់”។លោកបន្តថា“ដូច្នេះទើបយើងឃើញថានៅពេលមានការអភិវឌ្ឍបុរី អភិវឌ្ឍន៍ខុនដូនៅតែលក់ដាច់ ប៉ុន្តែបរិបទនៃការលក់ខុនដូនៅក្នុងប្រទេសកម្ពុជា គឺជាបរិបទថ្មី ដែលទាមទារផ្ដល់នូវការអប់រំនិងផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃការរស់នៅក្នុងខុនដូ”។

លោកសុខនីមបានពន្យល់ថា ពីព្រោះប្រជាជនកម្ពុជាមានផ្នត់គំនិតមួយ គឺចង់រស់នៅផ្ទះជាប់នឹងដី ដូចជា ផ្ទះល្វែង ផ្ទះវីឡា ដែលមានរបងធំៗដែលជាវប្បធម៌ តាំងពីដូនតាយើងមក”។

លោកបន្ថែមថា ដោយសារតែកម្ពុជាជាប្រទេស បើកចំហរលើការវិនិយោគ ដូច្នេះហើយទើបយើងមើលឃើញថា កម្ពុជាទទួលបានគម្រោងវិនិយោគខុនដូ ពីក្រៅប្រទេសកាន់តែច្រើន។ ការអភិវឌ្ឍខុនដូនេះដែរ ក៏ជាការផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ដ៏សំខាន់ផងដែរ ពីព្រោះភ្ញៀវទេសចរមកពីបណ្ដាប្រទេសជឿនលឿន ពួកគេចូលចិត្តស្នាក់នៅក្នុងខុនដូ ដូច្នេះខុនដូនៅកម្ពុជា នឹងក្លាយជាសណ្ឋាគារសម្រាប់ភ្ញៀវទេសចរ ។

ទោះបីជាបច្ចុប្បន្ននេះ ចំនួនផ្ទះមិនទាន់ឆ្លើយតបនឹងចំនួនប្រជាជនក្ដី តែការអភិ​វ ឌ្ឍលំនៅឋានមួយចំនួន មិនទាន់ត្រូវនឹងអ្វីដែលប្រជាជនកម្ពុជាចង់បាន ឬអាចនិយាយបានថា ការតម្លៃលំនៅឋានក្នុងប្រទេសកម្ពុជា នៅតែខ្ពស់ជាងលទ្ធភាព ដែលប្រជាជនកម្ពុជាមាន។

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា ប្រជាជននៅភ្នំពេញនៅខ្វះខាតផ្ទះច្រើន ដោយប្រជាជនមួយចំនួនជួលផ្ទះគេស្នាក់នៅ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនអភិវឌ្ឍន៍រួចមិនមានអ្នកចូលស្នាក់នៅ ដោយមិនមានអ្នកទិញឬក៏ទិញហើយអស់លទ្ធភាពត្រឹមពាក់កណ្ដាលទីក៏ប្រកាសលក់វិញជាដើម ៕

វិភាគៈត្រៀមស្វាគមន៍ឆ្នាំ២០២២ សូចនាករសំខាន់ៗចំនួន៧ចំណុចឆ្លុះបញ្ចាំងពីការវិលត្រលប់របស់អ្នកវិនិយោគចិន

ដោយៈយិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ បើទោះពិភពលោកមិនទាន់ប្រាកដប្រជាសម្រាប់ឆ្នាំ២០២២ក្តី ប៉ុន្តែភស្តុតាងជាច្រើនបានបង្ហាញថា ជំងឺកូវីដ១៩ត្រូវបានប្រទេសភាគច្រើនគ្រប់គ្រងបាន និងបណ្តាប្រទេសជាច្រើនបានចាប់ផ្តើមរៀនរស់ជាមួយជំងឺនេះ។

ក្នុងចំណោមបណ្តាប្រទេសនានានៅលើពិភពលោក កម្ពុជាបានក្លាយជាប្រទេសឈានមុនគេ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានជាង១០លាន​នាក់។

អ្នកវិភាគក្នុងស្រុក
ទន្ទឹមនឹងការប្រកាសបើកដំណើរការសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញរបស់ប្រមុខ​រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកវិភាគសេដ្ឋកិច្ច និងអចលនទ្រព្យក្នុងស្រុកបាននិងកំពុងមើលឃើញថា អ្នកវិនិយោគអន្តរជាតិនឹងហូរចូល​មកកាន់កម្ពុជាជាថ្មីនៅឆ្នាំ២០២២ខាងមុខនេះ។

ការពឹងផ្អែកលើវិនិយោគិន ក្នុងស្រុកផ្នែកវិស័យអចលនទ្រព្យ ក៏ដួចជាកំលាំងចលក​រស្នូលនៃសេដ្ឋកិច្ចមិនគ្រប់គ្រាន់ទេ វាបានត្រឹមចម្អែកក្រពះប៉ុណ្ណោះ ហេតុនេះការ​រីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ពិតជាត្រូវការលំហូរទុនវិនិយោគផ្ទាល់ ពីបរទេសដោយខានមិនបាន។

ក្នុងចំណោមអ្នកវិនិយោគច្រើនជាងគេនៅកម្ពុជា អ្នកវិនិយោគចិនបានរក្សាដំណែ​ងលេខ១ជាច្រើនឆ្នាំ ទោះបីក្នុងវិបត្តិជំងឺកូវីដ១៩ក្តី។

សំណួរនៅទីនេះ តើអ្នកវិនិយោគចិននឹងត្រលប់មកកាន់កម្ពុជាឬទេ នៅឆ្នាំ២០២២? សូមសិក្សាលើសូចនាករ និងបទវិភាគនេះ។

សមាណចិត្តដ៏កម្រ
ការឈានជើងចូលទឹកដីចិន អំឡុងពេលមិត្តចិនរត់ចោល ចិន ប៉ុន្តែសម្តេចតេជោបានអញ្ជើញទស្សនកិច្ចប្រទេសចិន ដ៏គួរឲ្យភ្ញាក់ផ្អើល បានធ្វើឲ្យពិភពលោក និងមេដឹក​នាំចិនបើកភ្នែកធំៗ បន្ទាប់ពីមើលឃើញសន្តានចិត្តដ៏ស្មោះត្រង់ មោះមុត ជួយគ្នាក្នុងគ្រាលំបាករបស់កម្ពុជា ជាមួយនឹងមិត្តដូចដែកថែប និងមានតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិ​សាស្រ្តនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា “កម្ពុជា ជាប្រទេសតូច ក្រីក្រ ប៉ុន្តែបេះដូងធំ និងមិនក្រទឹកចិត្តឡើយ”។

ជាមួយគ្នានេះ កាលពីពេលថ្មីៗសម្តេចតេជោ បានលើកឡើងក្នុងវេទិកា “ចក្ខុវិស័យអាស៊ី” ដែលបានរៀបចំដោយសារព៌តមាននិកិដ៏ធំមួយរបស់ជប៉ុនថា “បើមិនឲ្យស ម្តេចពឹងចិន តើឲ្យសម្តេចពឹងអ្នកណា ព្រោះកុំតែបានមិត្តចិន កម្ពុជានឹងមិនមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរនោះទេ”។

តាមរយៈសមាណចិត្ត និងទំនាក់ទំនងកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ កម្ពុជានឹងទទូលបានវ៉ាក់សាំង ដែលផ្តល់ជូនពីមិត្តចិនដោយឥតគិតថ្លៃ និងជាការបញ្ជាទិញផងគ្រប់២០លានដូសនៅខែសីហាខាងមុខនេះ ដើម្បីចាក់ជូនពលរដ្ឋកម្ពុជា២០លាននាក់។

កាដូដ៏ធំពីមិត្តចិន
ជាការអបអរសាទរទំនាក់ទំបងកាទូត ដែលបានសាងឡើងយ៉ាងវែងអន្លាយ ជួន​កាលដើរលើផ្លូវរលាក់ផង ជួនកាលដើរលើផ្លូវរលូនផង ទំនាក់ទំនងមិត្តភាពកម្ពុជាចិនបានចាប់ផ្តើមផ្លាស់ប្តូរព៌ណ ដោយរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងពីទ្វេរភាគី មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ជាពេលដែលលំហូរវិនិយោគ​ចិនចូលមកកម្ពុជាដូចទឹកបាក់ទំនប់។

“ការកសាងសហគមន៍ពីរ វាសនាតែមួយ” ជាទិសស្លោកដែលបានបង្កើតឡើងដោយសម្តេចតេជោ និងប្រធានាធិបតីស៊ី ជីនពីងបាននិងកំពុងធ្វើឲ្យកម្ពុជា ចិនក្លាយជាបងប្អូន និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាន។ ជាមួយនឹងសារច្បាស់លាស់ ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅឆ្នាំ២០១៦ ប្រធានាធិបតីចិន លោកស៊ី ជិនពីងបានផ្ញើរសារជូនប្រជាជាតិកម្ពុជាយ៉ាងច្បាស់លាស់ថា “ចិននឹងបន្តជួយជម្រុញ ការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា និងចូលរួមលការពារបូរណៈភាពទឹកដីកម្ពុជា”។

ជាមួយនឹងទំនាក់ទំនងកាន់តែល្អប្រសើរ និងរ៉ឹងមាំដូចដែកថែបនេះ ជាលទ្ឋផល​រ ដ្ឋាភិបាលចិន និងកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចុងឆ្នាំ២០២១ និងបានចូលជាធរមាននៅចុងឆ្នាំ២០២១ ដែលជាអំណោយដ៏ធំមួយ ជួយសម្រុញកំនើនសេដ្ឋកិច្ចឲ្យរ៉ឹងមាំ និងធំធាត់កាន់តែខ្លាំង ជាមួយនឹងលំហូរទំនិញកាន់តែច្រើនពីកម្ពុជាទៅកាន់ប្រទេសចិន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចពង្រីកទំហំពាណិជ្ជកម្ម កាន់តែធំជាមួយប្រទេសចិន ពិសេសកម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគចិន អាមេរិក អឺរ៉ុបកាន់តែច្រើន ដើម្បីមកផលិតទំនិញនាំទៅកាន់ទីផ្សាររបស់ចិនដោយរួចពន្ឋ។

លោកបន្តថា “បើសិនជាកម្ពុជាធ្វើបានល្អ កម្ពុជានឹងក្លាយជាមូលដ្ឋានផលិតដ៏ធំ ដើម្បីនាំចេញទៅកាន់ទីផ្សារអាស៊ានផងដែរ”។

ទឹកសន្សើមប្តូររដូវ
ដំណក់ព្រិលនារដូវផ្ការីក បានធ្វើឲ្យសករាជចិននាសតវត្សរ៍២១ បានផ្លាស់ប្តូរយ៉ាង​សម្បើម មហាយក្សចិនបានងើបឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​នេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោបាយ យោធារបស់ចិនបានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្ស ដែលធ្លាប់ដេកលង់លក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធានមិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើ​យប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធនរបស់ប្រទេ​សដល់តំបន់ពួកគេនៅឡើយ។

ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះ វិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពី ការពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ ។ កិច្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ “សករាជថ្មី”និងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។

គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវលែងជាអាទិភាព
ប្រវត្តិសាស្រ្តរបស់ចិនមានសភាពវែងអន្លាយ និងលន្លង់លន្លោចដូចសម្លេងថ្ងួចថ្ងូររបស់ចិន ហើ​យគំនិតផ្លួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយកមកប្រើ​ប្រាស់ឡើងវិញ ដោយប្រធានាធិបតីដ៏មានឥទ្ឋិពលរបស់ចិន(ស៊ី ជីនពីង​)ឡើងវិញ។

នូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និង​នយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោកនាពេលអនាគត។

ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិនបានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយអាទិភាព​របស់ខ្លួន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​ក្សា​អំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​ក្សាអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

គោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះ​កំពុងប្រឈមនឹង “ស្ថានភាពថ្មី” ។ ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរពី “សុបិនចិន” ឬ China Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ “សករាជថ្មី”។

ភូមិសាស្រ្តនយោបាយ
ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានកើនឡើងសមាជិកដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន៦៥ភាគរយក្នុងពិភពលោក និងស្មើផលទុនជាតិសរុបពិភពលោករហូតដល់៤០ភាគរយ ត្រូវបានដកចេញពីបញ្ជីរអាទិភាពក្តី ក៏គោលនយោ​បាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពលទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោកនាពេលខាងមុខ ក្នុងនាមជាមហាអំណា​ចលេខ១។

ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើឲ្យប្រទេសជាច្រើនរងការគំរាមកំហែងដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។ ទី៤ ចិន ត្រូវតែមានទីតាំងឈរជើងកាន់តែរ៉ឹងមាំផ្នែកយោធា ព្រោះប្រសិនជាចិនអាចពង្រីកមូលដ្ឋានកងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពល​របស់ខ្លួនកាន់តែឆាប់រហ័ស។

ទី៥ ចិនត្រុវតែមានដៃគូឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិនចាត់ទុកជា “មិត្តដែកថែប”ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផង ដើម្បីចូលរួមគាំពារគោ​ល​នយោបាយរបស់ខ្លួនផង។

មហាយក្សចិន មិនអាចបង្កសត្រូវកាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែងច្រើននោះដែរ ហេតុនេះការប្រើប្រាស់យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើ​ម្បីពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែជានយោ​បាយអាទិភាព។

តើចិនត្រលប់មកម្ពុជាឬទេ?
វាជាសំណួរធំមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំចម្លើយ ហើយភាពសំអប់ចិន ទំនងជា រសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្ត​មានចិន បានធ្វើឲ្យកម្ពុជាហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺ Covid-19 ដ៏មហន្តរាយ។

ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែមដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ “ប្រទេសពីរវាសនាតែមួយ” បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងងពីរមិនអាចកាត់ផ្តាច់បាន។

តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅ​លេខរៀងទី១ ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើន​ជាងគេមកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលកម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗដូចគេ “ជប់” ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយ​ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យកាន់តែភ្លឺស្វាងជាងមុន៕

ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីចំណាយអស់ទឹកប្រាក់៣៤៦លានដុល្លារហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ គិតមកដល់ពេលនេះ ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (NPPIA) បានចំណាយអស់ទឹកប្រាក់សរុប៣៤៦លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC)។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ត្រូវរំពឹងថា នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការ នៅឆ្នាំ២០២៣។នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន OCIC ក្រុមហ៊ុន CAIC និងធនាគារ Prince Bank បានចុះហត្ថលេខាលើការវិនិយោគ ទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណ របស់គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល។
អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor)៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC (Overseas Cambodian Investment Corporation Ltd)។

ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនា ឬការសាងសង់ធ្វើហិរញ្ញ ប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA។

CAIC ជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុន OCIC និងរដ្ឋលេខា​ធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី លើផ្ទៃដីសរុប២៦០០ហិកតា ដែលគម្រោងសាងសង់មាន៣ដំណាក់កាល។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដី នៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ១៣លាននាក់ក្នុង១ឆ្នាំ។

ដោយឡែកដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរឆ្លងកាត់បានចំនួន៥០លាននាក់ក្នុង១ឆ្នាំ៕

សិក្សាសូចនាករសំខាន់ៗចំនួន៨ អំពីប្លង់គោលខេត្តព្រះសីហនុនៅឆ្នាំ២០៣៨នឹងមានការវិវត្តដូចម្តេច?

ដោយៈគង់ សូរិយា

ព្រះសីហនុៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន សម្រេចអនុម័តទៅលើប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨។

ប្លង់គោលប្រើប្រាស់ដីធ្លីនេះ ត្រូវបានរៀបចំឡើងដោយប្រមូលសិក្សា និងវិភាគទិន្នន័យរូបវន្ត ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យសង្គម និងទិន្នន័យបរិស្ថាន ទិន្នន័យប្រជាសាស្រ្ត និងការស្រង់មតិ សមស្របតាមគោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយដីធ្លី សៀវភៅដីធ្លី អនុក្រឹតស្តីពីនគរូបនីយកម្ម រាជធានីភ្នំពេញ ក្រុង និងទីប្រជុំជន និង សេចក្តីសម្រេចស្តីពីនីតិលម្អិត នៃការរៀបចំប្លង់គោលប្រើប្រាស់ដី និង ផែនការប្រើប្រាសដីថ្នាក់ក្រុង  ស្រុក ខណ្ឌ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញអោយដឹងថា វិសាលភាពនៃសិក្សាប្លង់គោលប្រើប្រាស់ដី ក្រុងព្រះសីហនុមានផ្ទៃដី៨៣គីឡូម៉ែត្រក្រឡា គ្របដណ្តប់លើស្រុកព្រៃនប់ មានផ្ទៃដី១០០,៨២គីឡូក្រ​ឡា  និងគ្របណ្ដប់លើ ស្រុកស្ទឹងហាវមានផ្ទៃដី៩៥, ១២គីឡូម៉ែត្រក្រឡា។

សូចនាករសំខាន់ៗ សម្រាប់អភិវឌ្ឍក្រុងព្រះសីហនុ និងតំបន់ជុំវិញដែលបានធ្វើការព្យាករណ៍ និងគ្រោងសម្រេចបានត្រឹមឆ្នាំ ២០៣៨រួមមាន

-ប្រជាជនសម្រាប់ក្រុងព្រះសីហនុ និងតំបន់ជុំវិញនៅឆ្នាំ២០១៩ មានចំនួន១៧៨,​២៩១១នាក់ នឹងកើនឡើងដលចំនួនកើនឡើង ២៣២,១២១នាក់នៅឆ្នាំ២០៣៨។

-ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០១៨ មានចំនួន៤៨១,០០០ នាក់  នឹងកើនឡើងទៅដល់ ២,៥លាននាក់នៅឆ្នាំ២០៣៨។ ភ្ញៀវទេសចរជាតិនៅឆ្នាំ ២០១៨មានចំនួនប្រមាណ១លាននាក់ នឹងកើនឡើងដល់ចំនួនប្រមាណ៥លាននាក់នៅឆ្នាំ ២០៣៨។

-ហេដ្ឋារចនាសម្ពន្ធក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញ

ផ្លូវក្រាលកៅស៊ូបេតុឆ្នាំ ២០១៨ មានចំនួន ២០.៥ ភាគរយនឹងកើនឡើងដល់ ១០០ភាគរយនៅឆ្នាំ ២០៣៨។
ការផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០១៨ មានចំនួន៣២ភាគរយ នឹងកើនឡើងដល់ ១០០ ភាគរយនៅឆ្នាំ២០៣៨។

ភស្តុភារម្មឆ្នាំ២០១៨ មានចំនួន៤,៩លានតោន នឹងកើនឡើងដល់ចំនួន៣៧លា​ន​តោននៅឆ្នាំ២០៣៨។
តំបន់លំនៅដ្ឋាននៅឆ្នាំ២០១៩ មានផ្ទៃដី១៦៣១ហិចតា នឹងកើនឡើងដល់ ៦០២ ហិកតា។

តំបន់ឧស្សាហកកម្មនៅឆ្នាំ ២០១៩ មានផ្ទៃដី៨២៩ហិចតា នឹងកើនឡើងដល់ផ្ទៃដី១៦០២ ហិចតានៅឆ្នាំ២០២៣៨។
តំបន់លម្ហសាធារណៈ និងផ្ទៃបៃតងសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០១៩ មានផ្ទៃដី ០.៥១គីឡូម៉ែត្រក្រឡា សម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់ផ្ទៃដី១០ ម៉ែត្រក្រឡាសម្រា​ប់ម្នាក់នៅឆ្នាំ ២០៣៨៕