លោក Cooler Tan បង្ហាញពីយុទ្ធសាស្ត្របីចំនុចនែការអភិវឌ្ឍគម្រោងលំហែកាយបូកគោលេន

ដោយ: ម៉ាលីស

កំពត៖ កំពតគឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានសក្តានុពលទេសចរណ៍ខ្ពស់ ដោយសារមានការអភិវឌ្ឍខ្លាំងបូកផ្សំនិងទេសភាពស្រស់ត្រកាល ព្រមទាំងមានរមណីយដ្ឋានធម្មជាតិនិងកែច្នៃជាច្រើន ដូចជា បូកគោលេន ដែលជាគម្រោងអភិវឌ្ឍលើដីឡូតិ៍លំហែរជាដើម។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Group និងជាម្ចាស់នៃគម្រោងបូកគោលេន បានមានប្រសាសន៍ប្រាប់ក្រុមការងារ Property Area Asia ក្នុងកិច្ចសម្ភាសពិសេសកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅថា “ដំបូងខ្ញុំប្រលូកក្នុងវិស័យក្រុមហ៊ុនដឹកជញ្ជូន Logistics ក្រោយមកខ្ញុំក៏ឈានជើងចូលក្នុងវិស័យ Real Estate មានការអភិវឌ្ឍដីឡូតិ៍និងវីឡាលំហែ។”

លោកក៏បានបញ្ជាក់ប្រាប់ពី មូលហេតុដែលលោក ជ្រើសរើសការអភិវឌ្ឍអចលនទ្រព្យជាប្រភេទដីឡូតិ៍ និងលំហែ ដោយសារ លោកមើលឃើញនូវស្តង់ដារក្នុងការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ ប្រជាជនមានការយល់ដឹងក្នុងការស្រលាញ់និងថែទាំសុខភាពជាចម្បង ទើបលោកចង់បង្កើតតំបន់ដែលមានទីតាំងស្អាតមួយនិងមានបរិកាសល្អ ដែលអាចផ្តល់ឱ្យពួកគាត់អាចលំហែ ពេលឈប់សម្រាកឬ ចុងសប្តាហ៍ ដែលជួយបំបាត់ភាពតានតឹងស្ត្រេស ដែលនេះជាចំណុចមួយដ៏សំខាន់ក្នុងការគាំទ្រសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ផងដែរ។

លោកបញ្ជាក់ដូចនេះថា គម្រោងរបស់លោកចាប់ផ្តើមនៅដើមឆ្នាំ២០២១ និងបានជោគជ័យយ៉ាងប្រសើរ ដោយមានការគាំទ្រនិងកោតសរសើរពីសំណាក់អតិថិជនទាំងអស់ ដោយសារ យុទ្ធសាស្ត្របីចំនុចរបស់គម្រោងលោក គឺ ទី១ ការធ្វើអោយស្អាត ទី២ ការធ្វើអោយល្អ ទី៣ ការធ្វើអោយលឿន ដែលលោកតែងតែអនុវត្ត និងបានជោគជ័យនាពេលកន្លងមកផងដែរ។

លោកក៏បានបង្ហើបឱ្យដឹងថា សំរាប់គម្រោងទី១របស់លោកត្រូវបានលក់សម្រេចរហូតដល់៩០%ហើយ ដោយលោកនឹងធ្វើការបិទបញ្ចប់ការលក់ក្នុងខែវិច្ឆិកាខាងមុខនេះ។ ខណៈគម្រោងទី២ លក់បាន៣០% ហើយក៏នៅមានគម្រោងទី៣ ដែលនឹងធ្វើការបើកលក់ក្នុងខែធ្នូនៃដំណាច់ឆ្នាំ២០២១នេះ ហើយលោកក៏នឹងបន្តពង្រីកគម្រោងនៅទីតាំងផ្សេងៗទៀតក្នុងខេត្តកំពតនាពេលខាងមុខ។

ក្នុងនោះផងដែរ លោកបានចែកប្រភេទដីឡូតិ៍ ចេញជាបីកំរិត៖
១. ប្រភេទដីឡូតិ៍ដែលមិនមានការអភិវឌ្ឍ៖ ប្រភេទដីដែលគេពូនជាឡូតិ៍ មានបង្គោលតែមិនមានផ្លូវទេ គេទុកសំរាប់លក់ចេញ។
២. ប្រភេទដីឡូអភិវឌ្ឍន៍បែបកំរិតមធ្យម៖ ប្រភេទដីពូនជាឡូតិ៍ មានទឹក មានភ្លើង មានលូ ឬខ្លះទៀតជាផ្លូវបេតុងជាដើម។
៣. ប្រភេទដីឡូតិ៍ដែលមានការអភិវឌ្ឍខ្លាំង៖ ប្រភេទដីឡូតិ៍ ដែលមានទាំង ទឹក ភ្លើង លូ ផ្លូវ ភ្លើងបំភ្លឺផ្លូវ និងសួនបៃតងជាដើម ជាទូទៅដីឡូតិ៍ប្រភេទនេះមិនសូវមាននៅកម្ពុជាឡើយ។

លោកក៏បានចែករំលែកគន្លឹះសម្រាប់អ្នកដែលចង់វិនិយោគលើដីឡូតិ៍ គឺមើលលើកត្តា២ ទី១ ជ្រើសទីតាំងអោយបានល្អដែលស្ថិតនៅលើផ្លូវធំឬផ្លូវជាតិកាន់តែល្អ និងមិននៅឆ្ងាយពីប្រជុំជន ព្រោះងាយស្រួលក្នុងការធ្វើដំណើរ និងមានសុវត្ថិភាព ទី២ ត្រូវមើលលើគំរោងធ្វើលឿនឬយឺត អភិវឌ្ឍពិតឬមិនពិត ព្រោះមានបងប្អូនប្រជាជនមួយចំនួន ទិញរយៈពេល៣ឬ៤ឆ្នាំ តែចូលនៅមិនកើត ដូចនេះត្រូវពិនិត្យលើចំនុចទាំងអស់នេះ បូករួមនឹងបរិកាសនិងទេសភាពល្អផងដែរ៕

គន្លឹះក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុសម្រាប់កម្ចីទិញផ្ទះ

គន្លឹះក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុសម្រាប់កម្ចីទិញផ្ទះ

ភ្នំពេញ៖ ទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយដែលត្រូវការពេលវេលា និងការគិតគូរឲ្យបានហ្មត់ចត់ លើចំណុចមួយចំនួនដូចជាប្រភេទប្លង់ គុណភាពផ្ទះ ទំហំផ្ទះ ទីតាំង បរិយាកាសជុំវិញ និងការត្រៀមរៀបចំផែនការហិរញ្ញវត្ថុ ។ល។ សម្រាប់អ្នកដែលទិញផ្ទះលើកដំបូង អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការពិនិត្យរកហានិភ័យលើប្រភេទប្លង់អចលនទ្រព្យ ដំណើរការឯកសារផ្លូវច្បាប់ផ្សេងៗ ការស្វែងរកស្ថាប័នហិរញ្ញវត្ថុដែលសក្តិសមនឹងប្រាក់ចំណូលជាដើម។

ការទិញផ្ទះគឺជាការផ្តល់សេចក្តីសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាការវិនិយោគមួយដែលនឹងផ្តល់ប្រាក់ចំណេញនាពេលអនាគតផងដែរ ហេតុដូច្នេះហើយ ពេលខ្លះយើងមិនចាំបាច់រង់ចាំរហូតដល់មានប្រាក់ក្នុងដៃគ្រប់ទាំងស្រុងដើម្បីទិញផ្ទះនោះទេ ដោយយើងអាចស្វែងរកប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុបាន នេះបើតាមប្រសាសន៍លោក ហេង សក្តា ប្រធាននាយកដ្ឋានឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ដែលជាគ្រឹះស្ថានផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋានដល់អ្នកដែលមានចំណូលទាប និងមធ្យម។

សម្រាប់ការស្វែងរកស្ថាប័នហិរញ្ញវត្ថុ លោក ហេង សក្ដា បានបន្តថា អតិថិជនមិនគួរយកអត្រាការប្រាក់តែមួយមុខ មកធ្វើសេចក្តីសម្រេចចិត្តក្នុងការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុធ្វើជាដៃគូនោះទេ ជាពិសេសអ្នកដែលមានចំណូលទាប និងមធ្យម ពួកគាត់គួរតែពិនិត្យលើចំណុចមួយចំនួនដូចតទៅ៖
ទី១- ពិនិត្យលើវិធីសាស្ត្រក្នុងការបង់សង៖ ថាតើមានលក្ខណៈងាយស្រួល និងសំចៃពេលវេលាដែរឬទេ? ឬរាល់ការបង់សងត្រូវតែបង់នៅការិយាល័យ?។

ទី២- ថ្លៃសេវា៖ ក៏ជាចំណែកមួយនៃការចំណាយផងដែរ ដូច្នេះត្រូវសួរថាតើក្រៅពីសេវារដ្ឋបាល នៅមានថ្លៃសេវាអ្វីបន្ថែមផ្សេងទៀតទេដែលត្រូវបង់ដើម្បីទទួលបានប្រាក់កម្ចីទេ? ។

ទី៣- ពិចារណាអំពី រយៈពេលនៃប្រាក់កម្ចី៖ ពីព្រោះរយៈពេលកម្ចី អាចជះឥទ្ធិពលដល់ចំនួនប្រាក់បង់សងប្រចាំខែផងដែរ ជាទូទៅការយកកម្ចីរយៈពេលវែងអាចជួយបន្ធូរបន្ថយចំនួនប្រាក់បង់សងប្រចាំខែបាន ។

ទី៤- ពិនិត្យលើលក្ខខណ្ឌក្នុងការបង់រំលោះដើម៖ តើលក្ខខណ្ឌទាំងនោះមានភាពស្មុគស្មាញដែរឬទេ? តើអនុញ្ញាតិឲ្យបង់ទំហំប៉ុន្មានភាគរយនៃកម្ចីក្នុងករណីគាត់មានប្រាក់សម្រាប់បង់រំលោះដើម។

ទី៥-ថាតើអតិថិជនមានសិទ្ធិជ្រើសរើសវិធីសាស្ត្រនៃការបង់សងដែរឬទេ អាស្រ័យលើលំហូរសាច់ប្រាក់ និងលទ្ធភាពបង់សង គាត់អាចចង់បង់រំលោះប្រចាំខែថេរ ឬអ្នកខ្លះចង់បង់រំលោះដើមថេរ។

ទី៦- តើមានលក្ខខណ្ឌអនុគ្រោះដែរឬទេក្នុងករណីពួកគាត់ជួបបញ្ហាហិរញ្ញវត្ថុនៅរយៈពេលខ្លីណាមួយ ដូចជាគាត់អាចផ្លាស់ប្តូរកាលវិភាគបង់ប្រាក់ជាដើម។

ដោយសារកម្ចីទិញផ្ទះភាគច្រើនជាកម្ចីដែលមានរយៈពេលវែងអាចរហូតដល់១៥ឆ្នាំ ដូច្នេះក្នុងកំឡុងពេលដ៍វែងនេះអតិថិជនអាចជួបប្រទះនូវបញ្ហាណាមួយជាយថាហេតុ ដូច្នេះការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុដែលមានជំនាញត្រឹមត្រូវខាងផ្នែកផ្តល់កម្ចីទាក់ទងនឹងលំនៅដ្ឋាន គឺជារឿងដែលសំខាន់ ព្រោះស្ថាប័នទាំងនោះអាចផ្តល់ប្រឹក្សាបន្ថែមទាក់ទងទៅនឹងច្បាប់ទំលាប់ផ្សេងៗបាន។

រដ្ឋាភិបាលកម្ពុជាបង្កើនការផ្គង់ផ្គង់អគ្គិសនីបៃតងដល់៥០០មេហ្កាវ៉ាត់នៅឆ្នាំ២០២៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន រដ្ឋាភិបាលគ្រោងបង្កើនការផ្គត់ផ្គង់អគ្គិសនី ប្រើប្រាស់សូឡាឲ្យដល់៥០០មេហ្កាវ៉ាត់នៅឆ្នាំ២០២៣ខាងមុខនេះ។

គិតត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន៧គម្រោងបន្ថែម អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការបន្ថែម ដោយនឹងរួមចំណែកប្រមាណ២០ភាគរយ នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។

លោកអ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការនៃក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាកម្រិតខ្ពស់រវាងសិង្ហបុរី-ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ កាលពីថ្ងៃទី២៦ ខែតុលាកន្លងមកថា បច្ចុប្បន្ននេះ រោងចក្រថាមពលសូឡារួមចំណែក ៩% នៃថាមពលរបស់កម្ពុជា។ ដោយឡែក នៅឆ្នាំ ២០២៣ នឹងមានរោងចក្រ៧ទៀត ដែលនឹងរួមចំណែកដល់ទៅ២០ភាគរយ។

បច្ចុប្បន្នកម្ពុជាមានស្ថានីយ៍ ថាមពលពន្លឺព្រះអាទិត្យភ្ជាប់ចូលបណ្តាញជាតិ មានអនុភាពសរុបប្រមាណ១៦០មេហ្គាវ៉ាត់ មានទីតាំងនៅក្រុងបាវិត ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង៕

សេដ្ឋកិច្ចអាមេរិកបានកើនឡើង២ភាគរយក្នុងត្រីមាសទី៣ ដោយសារការចំណាយរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះ

ដោយៈសុផារី

អាមេរិកៈ សេដ្ឋកិច្ចអាមេរិកកើនឡើងក្នុងល្បឿនយឺតបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ផ្ទុះឡើង ដែលធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកាន់តែតានតឹង និងបណ្តាលឱ្យមានការខ្វះខាតទំនិញ ដូចជារថយន្តជាដើម ដែលរារាំងការចំណាយរបស់អ្នកប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់កាសែតReuters កាលពីថ្ងៃទី២៨ ខែតុលានេះ។

នាយកដ្ឋានពាណិជ្ជកម្មអាមេរិក (Commerce Department) បាននិយាយកាលពីថ្ងៃម្សិលមិញថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ២ភាគរយកាលពីត្រីមាសមុន។ នោះគឺជាល្បឿនយឺតបំផុត ចាប់តាំងពីត្រីមាសទី២នៃឆ្នាំ២០២០ នៅពេលដែលសេដ្ឋកិច្ច បានទទួលរងនូវការធ្លាក់ចុះជាប្រវត្តិសាស្ត្រ បន្ទាប់ពីមានវិធានការចាំបាច់ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់រលកទីមួយនៃករណីកូវីដ១៩។

កាសែតដដែលបានសរសេរថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងអត្រា៦.៧ភាគរយនៅក្នុងត្រីមាសទីពីរឆ្នាំ២០២១។ ការឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) បានធ្វើឱ្យខ្វះកម្លាំងពលកម្ម កាន់តែច្រើននិងធ្ងន់ធ្ងរទៅៗ នៅរោងចក្រ អណ្តូងរ៉ែ និងកំពង់ផែ ដែលធ្វើអោយខ្សែសង្វាក់ផ្គត់ផ្គង់កើនឡើង។

អ្នកជំនាញសេដ្ឋកិច្ចបានព្យាករណ៍ និងប្រាប់កាសែត Reuters ថា GDP អាមេរិកនឹងកើនឡើងក្នុងអត្រា២.៧ ភាគរយកាលពីត្រីមាសមុន។

អតិផរណាខ្លាំង ដែលបណ្តាលមកពីកង្វះខាតផ្នែកសេដ្ឋកិច្ច និងប្រាក់ជំនួយសង្គ្រោះជំងឺរាតត្បាតពីរដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិសុខភាពសាធារណៈ បានកើនឡើងខ្ពស់។ ការជំរុញសារពើពន្ធ និងព្យុះ Hurricane Ida ដែលបានបំផ្លិចបំផ្លាញផលិ​តកម្មថាមពល នៅឯនាយសមុទ្ររបស់សហរដ្ឋអាមេរិក កាលពីចុងខែសីហា ក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។

ការចំណាយរបស់អ្នកប្រើប្រាស់ ដែលរួមចំណែកច្រើនជាង២ភាគ៣ នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រា១.៦ភាគរយ បន្ទាប់ពីល្បឿនកំណើនដ៏រឹងមាំ១២ភាគរយ នៅក្នុងត្រីមាសខែមេសាដល់ខែមិថុនា។ ក្រៅពីរថយន្តដែលមានការជាប់គាំង ជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) ក៏បានកាត់បន្ថយការចំណាយលើសេវាកម្ម ដូចជា ការធ្វើដំណើរតាមផ្លូវអាកាស និងការទទួលទានអាហារនៅខាងក្រៅ ជាដើម។

ប៉ុន្តែគេក៏រំពឹងថា នឹងមានសញ្ញាដែលសកម្មភាពសេដ្ឋកិច្ចកើនឡើង នៅចុងត្រីមាសនេះ។ អត្រាការផ្លងមានការថយចុះគួរឱ្យកត់សម្គាល់ ការកើលឡើងនៃការចាក់ថ្នាំវ៉ាក់សាំង ហើយស្ថានភាពសុខភាពសាធារណៈ មានភាពប្រសើរឡើង បានជួយបង្កើនទំនុកចិត្តរបស់ប្រជាជនក្នុងខែនេះ៕

គម្រោងផ្សារទំនើបខ្នាតយក្សដ៏អស្ចារ្យ Mall of Saudi តម្លៃជាង៤.០០០លានដុល្លារអាមេរិកចាប់ផ្ដើមសាងសង់ហើយ

ដោយៈសុខុម

ក្រុងរីយ៉ាដ: លោក Alain Bejjani នាយកប្រតិបត្តិក្រុមហ៊ុនលក់រាយ និងបដិសណ្ឋារកិច្ច Majid Al-Futtaim ដែលមានមូលដ្ឋាននៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានថ្លែងប្រាប់សារព័ត៌មាន Arab News នៅថ្ងៃសុក្រ ទី២៩ តុលា នេះថា គម្រោងផ្សារទំនើបខ្នាតយក្ស Mall of Saudi នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការហើយ។

ភ្លាមៗក្រោយពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើបនេះ លោក Alain Bejjani បានថ្លែងពីទីក្រុងរីយ៉ាដ ថា “វានឹងក្លាយជាផ្សារទំនើបធំបំផុតមួយក្នុងពិភពលោក ដែលមានលក្ខណៈទំនើបអស្ចារ្យ ដែលនឹងធ្វើឱ្យអតិថិជន ទទួលបានបទពិ​សោធន៍ដើរទិញអីវ៉ាន់ពិសេសមិនធ្លាប់មាន នៅហាងលក់រាយឈានមុខគេបែបថ្ងៃអនាគត។ ផ្សារទំនើបនេះ នឹងក្លាយជាចំណុចទាក់ទាញដ៏ធំមួយ សម្រាប់ការដើរទិញអីវ៉ាន់ ការលម្ហែកាយ និងការកម្សាន្ត ហើយទន្ទឹមនេះវាក៏ជាទីតាំងទេសចរណ៍ដ៏ធំ ទាំងសម្រាប់ទេសចរក្នុងស្រុក និងទេសចរបរទេសផងដែរ”។

គម្រោងផ្សារទំនើបដ៏ធំ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ ជាមួយនឹងទុនវិនិយោគរហូតដល់ទៅ៤,៣ពាន់លានដុល្លារអាមេរិក នេះនឹងរួមមានទាំងសណ្ឋាគារចំនួន៦ និងលំនៅដ្ឋានរហូតដល់ ទៅប្រមាណ១.៦០០យូនីតផងដែរនៅក្នុង “សហគមន៍រួមមួយដែលផ្តល់បែបបទរស់នៅថ្មីសន្លាង មិនធ្លាប់មានស្របតាមចក្ខុវិស័យឆ្នាំ២០៣០”។

លោក Alain Bejjani បានបញ្ជាក់ថា នៅក្នុងផ្សារទំនើប ដែលគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរ ក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ក៏នឹងមានជម្រាលជិះស្គី និងទីលានព្រិលទឹកកកផងដែរ។

ទោះបីជាវឌ្ឍនភាពលើគម្រោងនេះ មានការយឺតយ៉ាវដោយសារការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏គម្រោងផ្សារទំនើបនេះកំពុងទាក់ទាញ អ្នកជួលបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់៕ Arab News៕

តើការផ្ទេរកម្មសិទ្ឋដីធ្លីត្រូវឈរលើគោលការណ៍និងមូលដ្ឋានអ្វីខ្លះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការ​ផ្ទេរ​ដីធ្លី​នៅ​កម្ពុជា​មាន​ទម្រង់​ជា​ច្រើន​ ដែល​ពាក់ព័ន្ធ​នឹង​នីតិបុគ្គល​សាធារណៈ​ និង​ឯកជន​។​ សិទ្ធិ​ផ្ទេរ​អចលនវត្ថុ​ទៅ​អ្នក​ផ្សេង​ និង​ទទួល​បានការ​ការពារ​ពី​ការ​ផ្ទេរ​ដោយ​បង្ខំ​ ជា​ប្រការ​សំខាន់​នៃ​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​។​

ជា​ពិសេស​ លទ្ធភាព​ផ្ទេរ​ដី​ជា​ប្រភព​មួយ​នៃ​គុណ​តម្លៃ​ សម្រាប់​ម្ចាស់​ដី​ប្រើប្រាស់​សិទ្ធិ​នោះ​ ដើម្បី​ទទួល​បានការ​ផ្គត់ផ្គង់​ជា​ឥណទាន​ ឬ​ការ​ប្រើប្រាស់​ជា​គុណ​តម្លៃ​កាន់តែ​ខ្ពស់​។​ ទោះជា​យ៉ាងនេះ​ក្តី​ ចំណុច​នេះ​អាច​ជា​មូលហេតុ​នៃ​ភាព​គ្មាន​ដីធ្លី​ និង​ភាព​ក្រីក្រ​សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​។

អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រាយការណ៍​ថា​ អវត្តមាន​នៃ​កិច្ច​ការពារ​រឹង​មាំ​ និង​មាន​ប្រសិ​ទ្ធ​ភាព​ អាច​សបញ្ជាក់​ថា​ សុវត្ថិភាព​ដី​ ធ្លី​នៅ​តែ​ផុយ​ស្រួយ​ ដែល​ធ្វើ​ឱ្យ​អ្នកកាន់កាប់​ដី​តូចតាច​ងាយ​ប្រឈម​ នឹង​ហានិភ័យ​នៃ​ការ​លក់​ដី​ដោយ​បង្ខំ​ ឬ​គ្មាន​អត្ថប្រយោជន៍​ និង​ការ​បណ្តេញ​ចេញពី​ដី​ដោយ​បង្ខំ​។

គោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តិ
ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សន្តិសុខ​ដីធ្លី​ រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ និង​ទប់ស្កាត់​ជម្លោះដីធ្លី​។​ ការ​ផ្ទេរ​ដីធ្លី​ គឺជា​កត្តាចាំបាច់​សម្រាប់​ជោគជ័យ​នៃ​គោលនយោបាយ​នេះ​ ដោយសារ​តែ​ការ​ផ្ទេរ​ ដែល​មិន​ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ដីធ្លី​ អាច​ធ្វើ​ឲ្យ​មាន​ជម្លោះដីធ្លី​រវាង​អ្នក​ទាមទារ​ជាន់​គ្នា​។​

​បទ​ប្បញ្ញត្តិ​ច្បាប់​លម្អិត​ក្បោះក្បាយ​ ដែល​គ្រប់គ្រង​លើ​ការ​ផ្ទេរ​ដី​ឯកជន​ ដែល​ពី​មុន​មាន​ចែង​នៅ​ក្នុង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ត្រូវ​បាន​លុប​ចោល​មួយ​ចំនួន​ធំ​ ដោយ​ច្បាប់​ស្តី​ពី​ការ​អនុវត្ត​ក្រមរដ្ឋប្បវេណី​ ដែល​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​២០១១​។​

អ្វី​ដែល​មាននៅ​ក្នុង​ច្បាប់​នេះ​បានចែង​ថា​ ដើម្បី​ចង​ជា​កាតព្វកិច្ច​ កិច្ចសន្យា​ផ្ទេរ​ដី​ទាំងអស់​ត្រូវ​តែ​ចុះបញ្ជី​ ដែល​អាច​ធ្វើ​ឡើង​នៅ​ក្រោយ​ពី​ការ​បង់ពន្ធ​សម​ស្រប​ ។ ភោគី​ស្របច្បាប់​ដែល​មិន​មាន​ប្លង់​រឹង​ និង​អាច​បញ្ជាក់​ការ​កាន់កាប់​ នៅ​មុន​ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ អាច​ផ្ទេរសិទ្ធិ​កាន់កាប់​ទៅ​ឱ្យ​បុគ្គល​ផ្សេង​បាន​។

ក្រៅពី​នេះ​ រដ្ឋាភិបាល​កម្ពុជា​អាច​ផ្ទេរសិទ្ធិ​ដីធ្លី ​ទៅ​ផ្នែក​ឯកជន​តាម​រយៈ​សម្បទាន​ដី​សេដ្ឋកិច្ច​ សម្បទាន​ដី​សង្គមកិច្ច​ ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ព្រៃ​សហគមន៍​។​ លើស​ពី​នេះ​ រដ្ឋាភិបាល​ អាច​តម្រូវ​ឲ្យ​ម្ចាស់​ដី​ឯកជន​ផ្ទេរ​ដី​ប្រគល់​ដី​ឱ្យ​រដ្ឋ​ ដែល​ជា​អ្នកមាន​សិទ្ធិ​ធ្វើការ​ដកហូត​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​ជាតិ​ និង​សាធារណៈ​ ដោយ​មាន​ផ្តល់​សំណង​ដោយ​យុត្តិធម៌​ សម​ស្រប​ និង​ជា​មុន​។​

​បញ្ហាប្រឈម​
រាល់​ការ​ផ្ទេរ ​ដី​ចុះបញ្ជី​ និង​មាន​ប័ណ្ណកម្មសិទ្ធិ​ ត្រូវ​តែ​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​សុរិយោដី​ ។

លក្ខខណ្ឌ​ នេះ​មាន​គោលបំណង​បី​ដូចជា ការ​ធានា​ភាព​ត្រឹមត្រូវ​ និង​និរន្តរភាព​យូរអង្វែង​នៃ​កំណត់​ត្រា ​អចលនវត្ថុ​ដោយ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ដីធ្លី​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ម្ចាស់​ថ្មី​ និង​ការ​ធានា​ថា​ មានការ​បង់ពន្ធ​សម​ស្រប​។ ​ទោះបីជា​សិទ្ធិកម្មសិទ្ធិ​ចុះបញ្ជី​ មាន​សារៈសំខាន់​ ការ​ចុះបញ្ជី​លើ​ការ​ផ្ទេរ​ដី ​ត្រូវ​បាន​រំពឹង​ទុក​ថា​មាន​តិច​ជាង​៧៥%​។​ យ៉ាងនេះ​ក្តី​ មិន​មាន​ទិន្នន័យ​ផ្លូវការ​ដើម្បី​បញ្ជាក់​ពី​ចំណុច​នេះ​ឡើយ​ ។

អ្នក​សិក្សា​ស្រាវជ្រាវ​ រាយការណ៍​ថា​ ដីធ្លី​នៅ​កម្ពុជា​ជា​ញឹកញយ​ មិន​មានការ​ចុះបញ្ជី​ទេ​ ដោយសារ​តែ​ការ​ចំណាយ​ខ្ពស់​ (​ទាំង​ផ្លូវការ​ ឬ​ក្រៅផ្លូវការ​ គឺ​មិន​ច្បាស់លាស់​)​ ព្រម​ជាមួយនឹង​ការ​អនុវត្ត​ប្រព័ន្ធ​កត់ត្រា ​អចលនវត្ថុ​ក្រៅផ្លូវការ​ ។ភស្តុ​តាង​ថ្មីៗ​បង្ហាញ​ថា​ លក្ខ​ខណ្ឌ​នៃ​ការ​ចុះបញ្ជី​ការ​ផ្ទេរ​ដីធ្លី ​ធ្វើ​ឲ្យ​មិនសូវ​មានការ​ជួញដូរ​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​។​

អ្នក​សិក្សា​ស្រាវជ្រាវ​ បាន​អះអាង​ថា​ បរាជ័យ​ក្នុង​ការ​កត់ត្រា​លើ​ការ​ផ្ទេរ​ដីធ្លី​ បង្កើត​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ សម្រាប់​ម្ចាស់​កម្មសិទ្ធិ​បន្ទាប់​។ បើ​មិន​មានការ​ចុះបញ្ជី​ នោះ​ក៏​មិន​មាន​កំណត់​ត្រា ​ជា​ផ្លូវការ​ណា​ផ្សេង​អំពី​កម្មសិទ្ធិ​ ទទួលស្គាល់​ជា​ស្របច្បាប់​ លើកលែងតែ​ការ​ចុះបញ្ជី​ការ​ចុង​ក្រោយ​នៅ​ក្នុង​បញ្ជី​កម្មសិទ្ធិ​។​

ជា​ផលវិបាក​ ម្ចាស់​កម្មសិទ្ធិ​បន្ទាប់​ដែល​មិន​បាន​ចុះបញ្ជី​ទាំងអស់​ តែង​បាត់បង់​សិទ្ធិ​លើ​ដី​ទិញ​រួច​ នៅ​ក្នុង​ដំណើរការ​ដោះស្រាយ​ជម្លោះដីធ្លី​។

ការកែលម្អ និង​វឌ្ឍនភាពសម្រាប់​ថ្ងៃ​អនាគត
នៅ​ឆ្នាំ​ ២០១០​ រដ្ឋាភិបាល​បាន​ចាត់វិធានការ​ក្តៅ​ ក្នុង​ការ​ការពារ​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​នៅ​ពេល​មាន​ ការ​អនុម័ត​ច្បាប់​អស្សាមិក​រណ៍​។​ ច្បាប់​នេះ​គ្របដណ្តប់​លើ​ដំណើរការ​ដែល​រដ្ឋាភិបាល​អាច​កាន់កាប់​ដី​កម្មសិទ្ធិឯកជន​។​ ច្បាប់​នេះ​កំណត់​ថា​ រដ្ឋាភិបាល​អាច​ដកហូត​ដីធ្លី ​សម្រាប់​តែ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​​​បុគ្គល ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​ជាតិ​ និង​សាធារណៈ​ប៉ុណ្ណោះ​។

ច្បាប់​នេះ​បាន​តម្រូវ​ឲ្យ​ម្ចាស់ ​អចលនវត្ថុ​ដែល​ត្រូវ​បាន​ដកហូត​ ទទួល​បាន​សំណង​យុត្តិធម៌​ និង​សម​ស្រប​ជា​មុន​ និង​បា​នប​ង្កើ​ក្របខ័ណ្ឌគតិយុត្តិ​សម្រាប់​ដំណើរការ​ដកហូត​នេះ​៕

ប្លង់គោលឆ្នាំ២០៣០របស់រាជធានីភ្នំពេញនិយាយពីអ្វី និងវិវត្តន៍បែបណានៅឆ្នាំ២០៣០ខណៈចំនួនមនុស្សរស់នៅទីក្រុងនេះនឹងកើនដល់៥លាននាក់

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ រាជធានីភ្នំពេញនឹងរីកកាន់តែធំ ចំនួនប្រជាពលរដ្ឋនឹងកើនឡើងស្របតាមនិន្នាការសកល ដែលប្រជាជនពីទីជនបទនឹងចូលមករស់នៅតាមទីក្រុង កាន់តែច្រើន ដែលតាមការព្យាករណ៍ទីក្រុងនេះ នឹងមានមនុស្សរស់នៅកើនដល់៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ។

កំនើនប្រជាសាស្រ្តនេះ នឹងធ្វើឲ្យរាជធានីនេះជោរជន់ដោយមនុស្ស ហើយបែបផែន និងបរិបទជីវិតនឹងផ្លាស់ប្តូរ ដោយសារកំនើនប្រជាពលរដ្ឋ ការកកស្ទះចរាចរណ៍ ការកើនឡើងនូវតម្លៃអចលនទ្រព្យ និងការរីកចម្រើននៃបច្ចេកវិទ្យា។

យោងតាមសេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញ ដែល propertyarea.asia បានលើកយកមកបង្ហាញជាថ្មីបានបង្ហាញថា រដ្ឋាភិបាលបាន​កំណត់លក្ខណៈវិនិច្ឆ័យលើ១៤ចំណុច ដូចជា ទី១ ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ ទី២ការដឹកជញ្ជូន ទី៣ ទីផ្សារអចលនវត្ថុ ទី៤ ទីផ្សារអចលនទ្រព្យ ទី៥ សង្កាត់មិនរៀបរយ ទី៦ ការកកើតនិងការរីកចំរើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣ ទី៧ លក្ខណៈសម្បត្តិរូបសាស្រ្តនិងតួនាទីលំហក្រុង ទី៨ សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេ ញ ទី៩ ទេសភាព និងសមាសភាគទីក្រុង ទី១០ កសិកម្មនិងនគរូបនីយកម្ម ទី១១ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុង ទី១២ មធ្យោបាយនិងសេវាសាធារណៈ ទី១៣ និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី១៤ ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហ។​

ប្លង់គោលរាជធានីភ្នំពេញ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ តាមរយៈអនុក្រិតស្តីពី “ការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជ​ធានីភ្នំពេ​ញឆ្នាំ២០៣៥”។ យោ​ងតាមមាត្រា២ នៃអនុក្រិតលេខ៧៧ អនបប្រក ចុះថ្ងៃទី៧ មិថុនា​ឆ្នាំ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌជាផែនការកំណត់ចក្ខុវិស័យនិងយុទ្ឋសាស្រ្តរួម សម្រាប់ការអភិវឌ្ឈផ្នែករូបវ័ន្ត​ហេដ្ឋារចនាសម្ព័ន្ឋ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នា​ក់​​ស្រុក ថ្នាក់ខ័ណ្ឌទៅនឹងតំបន់និងថ្នាក់ជាតិ។

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេ​ញឆ្នាំ២០៣៥ ជាឯកសារយុទ្ឋសាស្រ្តបំរើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញមាន​គោលដៅ និងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រង និងតំរង់ទិសការអភិវឌ្ឈសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ឋទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំនើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុង​រាជធានី តាមរយៈការតំរង់ទិស និងជំរុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឈន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ”។

នៅឆ្នាំ២០១៣ ប្រជាជនសរុបនៅរាជធានីភ្នំពេញ មានចំនួន១.៦៨៨.០៤៤នាក់ (តាមការធ្វើអង្កេតប្រជាសាស្រ្តកម្ពុជាឆ្នាំ២០​១​៣នៃក្រ​សួងផែនការ) ហើយអាចកើនដល់៣លាននាក់នៅឆ្នាំ២០២០។ កំនើនន​គរូបនីយកម្ម និងកំណើនសាងសង់សំណង់ធំថ្មីៗ លើសពី៥ជាន់មានប្រមាណ៦២៨​អាគារ និងសំណង់បុរីចំនួន១១០ទីតាំង ពង្រាយនៅទាំងខ័ណ្ឌក្នុងក្រុង និងជាយក្រុង​និងបានជំរុ​ញការរីកទីក្រុងទៅតំបន់ខាងក្រៅ ចេញពីខ័ណ្ឌកណ្តាលក្រុងស្ទើរតែហួសពីតំបន់រដ្ឋបាលរបស់ខ្លួន។

លោកម៉េង ប៊ុណ្ណារិទ្ឋមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណ​ង់ធ្លាប់បានថ្លែងថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញ ប្រមាណ១៥តំបន់​ខុសៗគ្នា ដូចជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្ម​តំបន់ដែលត្រូវអភិរ័ក្សជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលំអិត តំបន់និមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។

លោកបានថ្លែងថា “នៅពេលនយោបាយកម្ពុជានៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឈ ការពង្រីកក្រុងអាចត្រូវ ពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់៥ឆ្នាំម្តង”។ លោកបន្ថែមថា“ប្លង់របស់យើងអាចមានការ​លំអៀង ដូច្នេះការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញ តាមស្ថានភាពជាក់ស្តែង​នៃការរីកចំរើននគរូបនីយកម្មនិងកំណើនប្រជាសាស្រ្ត”។

ទោះជាយ៉ាងណាអ្នកជំនាញបានព្រមានថា ការអភិវឌ្ឍរាជធានីភ្នំពេញនាពេលបច្ចុ​ប្បន្ននេះ មិនមានផែនការនិងកំណត់តំបន់ប្រើប្រាស់ដី ឲ្យបានច្បាស់លាស់នៅឡើយទេ ពិសេសមិនទាន់មានការបែងចែកតំបន់ណា ត្រូវប្រើប្រាស់បែបណានៅឡើយទេ។

អ្នកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអតីតនាយិកាប្រចាំប្រ ទេសនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ដោយសារមិនទាន់មានការបែងចែកច្បាស់លាស់ បានធ្វើឲ្យសកម្មភាពសាងសង់អាគារខ្ពស់ៗ នៅរាជធានីភ្នំពេញ មិនមានសណ្តាប់ធ្នាប់របៀបរៀបរយ និងរក្សាបាននូវគុណភាពអាគារទាំងបរិស្ថាន គម្លាត និងខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់នោះទេ។

អ្នកស្រីបន្តថា “ការណ៍នេះនឹងធ្វើឲ្យប៉ះពាល់ដល់ សុខមាលភាពនៃការរស់នៅ ប៉ះពាល់ដល់គុណភាពជីវិត និងប៉ះពាល់ដល់អ្នកអភិវឌ្ឈន៍នាពេលអនាគតផងដែរ”។ អ្នកស្រី​បន្តថា “ក្នុងចំណោមអាគារខ្ពស់ៗ រាប់រយនៅរាជធានីភ្នំពេញ មានតែអាគារប្រមាណ២០ប៉ុណ្ណោះ ដែលបានអនុវត្តន៍ និងគោរពតាមគោលការណ៍អភិវឌ្ឍន៍បែបបៃតង”៕

ព្រលានយន្តហោះតារាសាគរកំពុងពន្លឿនការសាងសង់ដើម្បីស្វាគមន៍ទេសចរណ៍ ខណៈក្រុមហ៊ុនអាកាសចរណ៍ត្រៀមហោះមកកម្ពុជា

ដោយៈ ជេស៊ីកា

ភ្នំពេញៈមន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ក្រុម​ហ៊ុនចិនកំពុងពន្លឿនការសាងសង់ អាកាសយានដ្ឋានតារាសាគរ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិនាពេលខាងមុខនេះ។

ការសាងសង់អាកាសយានដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង ឱ្យចប់តាមការគ្រោងទុកនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយ ស្របពេលនឹងការបើកប្រទេសទទួលភ្ញៀវទេសចរ ខណៈខេត្តកោះកុងក៏ជាខេត្តគោលដៅដំបូងមួយផងដែរ។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ តុលាកន្លងមកថា ការសាងសង់នៃអាកាសយានដ្ឋានតារាសាគរ រងផលប៉ះពាល់បន្តិចបន្តួចពីអាកាសធាតុ និងការឆ្លងសហគមន៍នៃជំងឺកូវីដ ប៉ុន្តែក្រុមហ៊ុន អះអាងថា កំពុងពន្លឿនការសាងសង់បញ្ចប់តាមការគ្រោងទុក។

លោកបន្តថា “ឥឡូវនេះ ការសាងសង់ជិតបញ្ចប់ហើយ ប៉ុន្តែការហោះហើរមិនមែនធ្វើឡើងភ្លាមៗទេ។ ជាផែនការយើងនឹងបើកទទួលទេសចរណ៍ ប៉ុន្តែយើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើបន្តបន្ទាប់”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ក្រុមហ៊ុននឹងធ្វើការស្នើសុំការហោះហើរសាកល្បងបន្ទាប់ពីការងារសាងសង់បញ្ចប់ ជាមួយនឹងនិតីវិធីផ្សេងៗទៀត ដែលត្រូវបំពេញមុនធ្វើការហោះហើរជាផ្លូវការ។

រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទទួលទេសចរដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីចុងខែវិច្ឆិកានេះតទៅ សម្រាប់ទិសដៅទេសចរណ៍ចំនួន៣កន្លែងរួមមាន ក្រុងព្រះសីហនុ កោះរ៉ុងនៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ក្រុមហ៊ុន Bangkok Airway នឹងចាប់ផ្តើមហោះហើរមកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី១ធ្នូខាងមុខនេះ ខណៈ​ក្រុមហ៊ុនក្នុងស្រុកឡានម៉ី គ្រោងនឹងហោះហើរពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងបាង​កកនៅថ្ងៃដដែលនេះផងដែរ។

លោកបន្តថា “កាលណាអាកាសចរណ៍ហោះហើរ ទេសចរណ៍ដើរហើយ ទេស​ចរណ៍ ពាណិជ្ជកម្ម ការវិនិយោគនឹងមកដល់”៕

ផ្ទុះការជជែកវែងញែកពេញបណ្ដាញសង្គមជុំវិញឈ្មោះថ្មី Meta ឬ “មេត្តា”របស់ក្រុមហ៊ុន Facebook

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ តុលា ថា ខ្លួនបានប្ដូរឈ្មោះរបស់ខ្លួនទៅជា Meta ឬ “មេត្តា” ជាផ្លូវការហើយ ដោយបញ្ជាក់ថា ការប្ដូរឈ្មោះថ្មីនេះ សម្រាប់តែក្រុមហ៊ុនមេប៉ុណ្ណោះ ចំណែកឯ Platform នីមួយៗរបស់ខ្លួនដូចជា Facebook, Instagram និង WhatsApp ដែលយើងប្រើប្រាស់រាល់ថ្ងៃគឺរក្សាទុកឈ្មោះចាស់ដដែល។

អ្វីដែលជាការកត់សម្គាល់ឃើញថា ភ្លាមៗក្រោយពីដំណឹងនៃការដូរឈ្មោះរបស់ក្រុមហ៊ុន Facebook ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យកមកចុះផ្សាយបន្ត ស្រាប់តែមហាជនផ្ទុះការជជែកវែងញែក ពេញបណ្ដាញទំនាក់ទំនងសង្គម ជុំវិញឈ្មោះថ្មី Meta ឬ “មេត្តា” របស់ក្រុមហ៊ុននេះ។

ការជជែកដេញដោលយ៉ាងផុសផុលនេះ គឺដោយសារអ្នកនិយមប្រើប្រាស់បណ្ដា​ញសង្គមជាច្រើនយល់ថា ឈ្មោះថ្មី Meta របស់ក្រុមហ៊ុន Facebook គឺស្រដៀងនឹងអក្សរឡាតាំងសំនៀងខ្មែរ គឺ “មេត្តា” ដែលក្នុងវចនានុក្រុមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា “មេត្រី, សេចក្ដីរាប់រក, សេចក្ដីរាប់អានគ្នា, សេចក្ដីប្រណី, បំណងចង់ឱ្យអ្នកដទៃបានសេចក្ដីសុខ-ចម្រើនដូចខ្លួនដែរ”។

បណ្ដាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកដំណឹងនេះ ឬសូម្បីប ង្ហោះ Status លើគណនីហ្វេសប៊ុក របស់ខ្លួនព្រោងព្រាតដើម្បីសម្ដែងការសាទរ ឬក្នុងន័យលេងសើចជាដើម។ តួយ៉ាងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា SV Dee Cambodia បានសរសេរបង្ហោះកាលពីថ្ងៃទី២៩ តុលា ថា “Facebook ប្ដូរឈ្មោះទៅជា “មេត្តា” Amazon ប្ដូរឈ្មោះទៅជា “ករុណា”? Apple ប្ដូរឈ្មោះទៅជា “មុទិតា”? Google ប្ដូរឈ្មោះទៅជា “ឧបេក្ខា”?”។
គណនីហ្វេសប៊ុក ខ្លះទៀតក៏បានសរសេរបង្ហោះស្រដៀងគ្នានេះដែរថា ក្រុមហ៊ុន Facebook បានប្ដូរឈ្មោះថ្មី “មេត្តា” ហើយ គឺនៅតែឈ្មោះ “ករុណា” “មុទិតា” និង “ឧបេក្ខា” ទៀតប៉ុណ្ណោះ។

ទន្ទឹមនេះ សូម្បីព្រះសង្ឃល្បីល្បាញមួយព្រះអង្គព្រះនាម ហាក់ សៀងហៃ ក៏បានសរសេរបង្ហោះជុំវិញ ការប្ដូរឈ្មោះរបស់ក្រុមហ៊ុនFacebook លើគណនីហ្វេសប៊ុក ឈ្មោះ Hak Sienghai របស់ព្រះអង្គ និងត្រូវបានអង្គការរបស់ព្រះសង្ឃអង្គឈ្មោះ “អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា” (Buddhism for Education of Cambodia(BEC)) បង្ហោះចែករំលែកយ៉ាងទូលាយកាលពីថ្ងៃទី២៩ តុលា លើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ។
នៅក្នុងផូស (Post) អមដោយរូបភាព Screenshot ដែលបង្ហាញពីលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook សរសេរបង្ហោះលើគណនីហ្វេសប៊ុក របស់ខ្លួនក្នុងថ្ងៃដដែលថា “Hello, Meta” ឬ “សួស្ដ មេត្តា”។

ព្រះអង្គ ហាក់ សៀងហៃ ដែលត្រូវបានតែងតាំងជាទីប្រឹក្សារបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងផូសនោះថា “ក្រុមហ៊ុនហ្វេសប៊ុក បានដូរឈ្មោះថ្មីថា “មេតា (Meta) ឬអាចនិយាយបានថា មេត្តា (Metta) ជាន័យដែលអាត្មាភាពយកជាគតិដាស់តឿន។ ដូចនេះ ញាតិញោមទាំងឡាយ គប្បីមានមេត្តាស្រឡា​ញ់រាប់អានគ្នា កុំជេរប្រមាថគ្នាអីណា កុំឱ្យខ្មាសក្រុមហ៊ុនអាម៉េរិក ដាក់ឈ្មោះសុទ្ធតែ មេតា ដែលមានសំនៀងអានប្រហាក់ប្រហែលនឹង មេត្តា”។

ដូចនេះ តើឈ្មោះថ្មី Meta របស់ក្រុមហ៊ុន Facebook មានន័យបែបណាឱ្យ​ប្រាកដ?

យោងតាមសារព័ត៌មាន CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ តុលា ឱ្យដឹងថា ឈ្មោះ Meta នេះគឺមានប្រភពមកពីភាសាក្រិក ដែលមានន័យថា “Beyond” ដែលភាសាខ្មែរ មានន័យថា “លើសពី ឬ ហួសពី”។
ការប្ដូរឈ្មោះថ្មីនេះឆ្លុះបញ្ចាំងថា ក្រុមហ៊ុនយក្សមួយនេះមានមហិច្ឆតា កាន់តែធំជាមួយនឹងគម្រោងពង្រីកអាជីវកម្មឱ្យ “លើសពី” បណ្ដាញទំនាក់ទំនាក់ទំនងសង្គម តួយ៉ា​ងដូចគម្រោងបង្កើតពិភពនិម្មិត Metaverse ជាដើម៕

ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍ពីរនឹងភ្ជាប់ការហោះហើរមកកម្ពុជា និងពីកម្ពុជាទៅទីក្រុងបាងកក

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ ជាដំណឹងល្អមួយសម្រាប់កម្ពុជា ដោយក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរនឹងភ្ជាប់ជើងហោះហើរពីទីក្រុងបាងកក មកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកនាថ្ងៃទី១ ធ្នូខាងមុខនេះ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៩ តុលានេះថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway បានជូនដំណឹងមកកម្ពុជារួចហើយ ពីការភ្ជាប់ជើងហោះហើរពីក្រុងបាងកកមកកាន់រាជធានីភ្នំពេញចំនួន៤លើក ក្នុងមួយសប្តាហ៍។ លោកបន្តថា ចំណែកក្រុមហ៊ុនអាកា​សចរណ៍ក្នុងស្រុកឡានម៉ី គ្រោងនឹងភ្ជាប់ជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ក្រុង​បាងកកនាថ្ងៃទី១ ធ្នូឆ្នាំ២០២១ផងដែរ។

លោកបន្តថា “វាជាសញ្ញាល្អមួយ ដែលមានន័យថានៅពេលអាកាសចរណ៍ចាប់ ផ្តើមហោះហើរ វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគនឹងដើរព្រមគ្នាផងដែរ”។

ជាមួយគ្នានេះ លោកហូ វណ្ឌីបានស្នើរដ្ឋាភិបាល តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជួយបន្ឋូរបន្ថយឬលើកលែងពន្ឋ លើជើងហោះហើររយៈពេល៦ខែផងដែរ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍នានា ឲ្យហោះហើរមកកាន់កម្ពុជាកាន់តែច្រើន។

រាជរដ្ឋាភិបាលបានប្រកាសទីតាំងសំខាន់ៗចំនួនបី ដើម្បីទទួលទេសចរណ៍វ៉ាក់សាំងអន្តរជាតិ ដូចជា នៅតំបន់តារាសាគរខេត្តកោះកុង ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការបើកចំហរគោលនយោបាយទទួលទេសចរណ៍របស់រដ្ឋាភិបាល នឹងជួយដល់វិស័យទេសចរណ៍ ដែលយើងរំពឹងថា វិស័យនេះនឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ៕