ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បើគិតក្នុងរយៈពេល២១ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១នេះ កម្ពុជាទទួលបានទុនវិនិយោគ លើវិស័យសំណង់សរុបជាង៦៦ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូនីយកម្មនិងសំណង់។
ក្នុងរបាយការណ៍ក៏បានបង្ហាញថា គិតចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញ លិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន៥៧.៥៩០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួនជាង១៦៦លានម៉ែត្រការ៉េ និងមានទឹកប្រាក់សរុបចំនួនជាង៦៦ពាន់លានដុល្លារអាមេរិក ។
ដោយឡែកក្នុងឆ្នាំ២០២១នេះ បើទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី ក៏កម្ពុជានៅតែទទួលបានគម្រោង វិនិយោគសំណង់ច្រើនផងដែរ ហើយក្នុងឆ្នាំ២០២១នេះ កម្ពុជាបានចេញលិខិតអនុញ្ញាត សាងសង់ចំនួន ៤.០៣៣គម្រោង មានផ្ទៃក្រឡាកម្រាលប្រមាណ១២លានម៉ែត្រការ៉េ គិតជាទឹកប្រាក់ប្រមាណ៥.៣៣៣លានដុល្លារអាមេរិក ។
លោកផាន់ ផល្លារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សំណង់ និងអចលនទ្រព្យត្រូវបានចាត់ទុកជា វិស័យស្នួលមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងត្រូវការយកចិត្តទុកដាក់អភិវឌ្ឍន៍ បន្តទៀតនៅឆ្នាំបន្តបន្ទាប់ ខណៈកម្ពុជាក៏បានធ្វើពិពិធសេដ្ឋកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ៕