អង្ករប្តូរយកប្លាស្ទិក៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគ បរិភោគចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៦០គ្រួសារនៅតាមបឹងទន្លេសាប

ដោយ សហការី

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ដែលមាន អង្ករ ត្រីខ និងទឹកស៊ីអ៊ីវ សម្ភារៈម៉ាស់ និងអាល់កុល ចែកជូន​​ដល់បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទចំនួន៣៦០គ្រួសារដែលរស់នៅតាមបណ្ដោយបឹ​ទន្លេសាបក្នុងសហគមន៍បណ្ដែតទឹកនេសាទពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។​

នេះគឺផ្នែកមួយនៃជាកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលបានចូលរួម​ក្នុងយុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ២០២១ ក្រោមប្រធានបទៈ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។ ឧបត្ថម្ភដោយក្រុមហ៊ុន ប៉េង ហួត គ្រុប យុទ្ធនាការនេះរៀបចំដោយអង្គការ មូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation) និង មានការសហការចូលរួមពីសមាគមទេសចរណ៍កម្ពុជា (CATA) គាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ព្រមទាំងមានកាចូលរួមពីតំណាងក្រសួង និងអង្គការក្រៅរដ្ឋាភិបាលជាច្រើននាក់ទៀតផងដែរ។

យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងទឹកសម្រកនេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្លេះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជា៖ សហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោម។ល។ ក្នុងគោលបំណង់ឲ្យយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែក បែងចែកទុកដាក់សំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។

លោកសាម ឈឿយ ជាមេឃុំកែវពណ៌ បណ្ដែតទឹកនេសាទពាមតាអួរ ស្រុកពួក ខេត្តសៀមរាប បានសំណេះសំណាល ផ្តាំផ្ញើរជាមួយបងប្អូន និងថ្លែងអំណរគុណដល់ក្រុមហ៊ុនប៉េងហួតគ្រុបដោយមានប្រសាសន៍ថា ” សូមអរគុណដល់បុរីប៉េងហួតដែលបានឧបត្ថម្ភជាគ្រឿងឧបភោគនិងបរិភោគដល់បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទ នេះគឺដោយសារតែក្រុមហ៊ុនចាប់អារម្មណ៍និងគិតគូខ្លាំងដល់បរិស្ថាន​ ដូច្នេះហើយបានជាខំធ្វើដំណើមកពីភ្នំពេញមកចូលរួមដល់បឹងទន្លេសាបយើងនេះ។ ”

លោក ចាន់ រដ្ឋា តំនាងក្រុមហ៊ុនប៉េងហួតគ្រុបបានបង្ហាញនូវចំនាប់អារម្មណ៍និងសេចក្តីរីករាយដែលបានចូលរួមនិងឧបត្ថម្ភដល់កម្មវិធីនេះ។ “ ក្រុមហ៊ុនមានកិត្តិយសនិងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ ខណៈដែលបរិស្ថានជាផ្នែកមួយដែលក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំង ដោយកន្លងមក យើងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានថែរក្សានិងសំអាតបរិស្ថានឲ្យបានល្អដើម្បីចូលរួមជាមួយចលនាភូមិឃុំនិងទីក្រុងស្អាត តាមរយៈការដាំដើមឈើ កាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក បែងចែក​ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ជាពិសេសគំរោងអភិវឌ្ឍលំនៅឋាននិមួយៗរបស់ក្រុមហ៊ុនតែងតែផ្តោទៅបរិស្ថានស្អាតនិងបរិយាកាសរស់នៅល្អ។ សូមបងប្អូនចូលរួមនិងចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នាដោយការឈោងដៃរើសសំរាមមួយ និងទុកដាក់ឲ្យបានត្រឹមត្រូវ នោះភូមឃុំនិងទីក្រុងយើងនិងបានស្អាតហើយទាកទាញទេសចរបានកាន់តែច្រើន។ ”

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារបរិស្ថាន កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការឧបត្ថម្ភ និងចូលរួមក្នុងសកម្មភាពជាច្រើនដូចជា៖ ទិវាសម្អាតពិភពលោកនៅកម្ពុជា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សហការជាមួយក្រសួងបរិស្ថានចុះផ្សព្វផ្សាយអំពីការបែងចែក និងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក៏ដូចជាបានចូលរួមរៀបចំកម្មវិធីដាំដើមឈើ ឧបត្ថម្ភឡានបោសសំរាមដល់ខណ្ឌនានាក្នុងទីក្រុងភ្នំពេញ ។ល។

ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានទាំងការចូលរួមជាថវិការទិញវ៉ាក់សាំង និង ផ្តល់ទីតាំងចាក់វ៉ាក់សាំងទាំងបីដូសដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីកម្ពុជាអាចបើកប្រទេសឡើងវិញបាន ៕

ប្រធាន GRA បង្ហាញពីគន្លឹះសំខាន់ៗក្នុងការពិនិត្យមើលនូវឯកសារមុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូត៍

ដោយៈ សុផារី

ភ្នំពេញៈ សព្វថ្ងៃនេះការទិញដីឡូត៍មានហានិភ័យខ្ពស់ ប្រសិនបើយើងមិនស្គាល់អ្នកលក់ឬអ្នកអភិវឌ្ឍច្បាស់លាស់។ ស្រពពេលដែលចំនួនក្រុមហ៊ុនលក់ មានច្រើនសន្ធឹកសន្ធាប់ តើអាជីវករដែលបានទិញដីឡូត៍រួច និងកំពុងតែទិញ ឬមានបំណងចង់ទិញ គួរតែត្រួតពិនិត្យមើលឯកសារអ្វីខ្លះ ដើម្បីធានាសុវត្ថិភាពនៃការទិញលក់ និងបញ្ជៀសឱ្យផុតនូវបញ្ហានៅថ្ងមុខ?។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(GRA) បានសរសេរចែករំលែកគន្លឹះ សម្រាប់អ្នកដែលមានបំណងចង់ទិញដីឡូត៍ តាមបណ្តាញសង្គមរបស់លោកថា “មានមនុស្សជាច្រើន ដែលតែងតែបារម្មណ៍អំពីសុត្ថិភាពនៃការទិញ ។ ពួកគាត់តែងតែបារម្មណ៍ថា ខ្លាចទិញដីហើយមិនបានដី ទិញដីហើយបានដីមានជំលោះ ឬទិញដីហើយមិនបានប្លង់កម្មសិទ្ធិ ។ល។”។

លោកសរសេរបន្តថា ដើម្បីបញ្ជៀសឱ្យផុតនូវបញ្ហាខាងលើ ឬទិញដីប្រាកដជាបានដីនោះ បងប្អូនត្រូវតែចេះឆែកមើលនូវឯកសារខាងក្រោមនេះ មុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូត៍ដូចជា ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្រចុះបញ្ជីពន្ធដា ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន ប័ណ្ណពន្ធប៉ាតង់ ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន អាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុនជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នេះ។ទទី៦. ក្រុមមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នេះត្រូវតែ បញ្ចាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយនោះទេ។

លោកឧកញ៉ាសំ សុខនឿនបានបន្តថា “ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ដែលបងប្អូនមានបំណងចង់ទិញ ឬបានទិញរួចហើយ មិនមាន៦ចំនុចខាងលើទេនោះ នោះបងប្អូនដែលជាអ្នកទិញដីឡូត៍ ពីក្រុមហ៊ុននេះនឹងមានហានិភ័យខ្ពស់ ដែលអាចបង្ករឱ្យមានបញ្ហានៅថ្ងៃអនាគត”៕

ក្រុមហ៊ុនក្នុងស្រុកធំមួយបោះទុន២៦លានយូរ៉ួវិនិយោគទីទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិនៅកម្ពុជា

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកធំមួយ គ្រោងបោះទុនវិនិយោគ២៦លានយូរ៉ ដើម្បីវិនិយោគសាងសង់ទីលាន ប្រណាំាំងរថយន្តលំដាប់អន្តរជាតិធំមួយនៅកម្ពុជា។

អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group កាលពីពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិឱ្យក្រុមហ៊ុនPHG International សាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុត ក្នុងប្រទេសកម្ពុជា។ គម្រោងនេះជាការវិយោគ១០០ភាគរយ ដោយក្រុមហ៊ុន Maritime Group ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ១៦០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញ ប្រមាណ៧០គីឡូម៉ែត្រ។

នេះជាគម្រោងដំបូងដែលត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ខណៈផែនការទាំងមូល រួមមាន ការសាងសង់ទីលានប្រណាំងរថយន្ត Formula 3 កីឡា Moto Sports, Shopping Outlet និងរីសតលំដាប់អន្តរជាតិផងដែរ។

តាមកិច្ចព្រមព្រៀង គម្រោងនឹងត្រូវចាប់ផ្តើមការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ៕

ក្រសួងទេសចរណ៍ជំរុញពន្លឿនសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរដើម្បីត្រៀមបើកដំណើរការក្នុងខែមករា ឆ្នាំ២០២២

ដោយៈ សុផារី

កោះកុងៈ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានជំរុញក្រុមហ៊ុនវិស្សមកាលតារាសាគរ ពន្លឿននូវការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរឱ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ ផ្តើមដំណើរការ នៅក្នុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាលតារាសាគរ នាចុងខែវិច្ឆិកាខាងមុខនេះ កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ ក៏បានប្តេជ្ញាខិតខំធ្វើឱ្យបានឆាប់រួច​រាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ខណៈបច្ចុប្បន្ននេះបានសាងសង់ជិតរួចរាល់ហើយ នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងអគារអ្នកដំណើរតែប៉ុណ្ណោះ។ ព្រលាននេះនឹងត្រៀមបើកការទទួលជើងហោះហើរសាកល្បង នៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ នឹងអាចបើកជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២ ក្នុងនោះអគារនេះអាចមានលទ្ធភាពទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំផងដែរ។

លោក ថោង ខុន បានណែនាំលម្អិតពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប និងការត្រៀមអភិវឌ្ឍន៍វិស័យទេស​ចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន “ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព”ដល់តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញ នៅក្នុងតំបន់វិស្សមកាលតារាសាគរ។

បន្ថែមពីនេះ លោកក៏បានណែនាំ ដល់ក្រុមហ៊ុនវិស្សមកាលតារាសាគរ ត្រូវខិតខំពង្រីកសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែសំបូរបែបបន្ថែមទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាឱ្យបានកាន់តែច្រើន ជាមួយនឹងសេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលមិនត្រឹមតែទទួលនូវភ្ញៀវទេសចរអន្តរជាតិនោះទេ ភ្ញៀវទេសចរផ្ទៃក្នុង ក៏អាចមកកំសាន្តកន្លែង ដែលមានផាសុខភាពនេះផងដែរ ខណៈពេលបច្ចុប្បន្ននេះភ្ញៀវទេសចរផ្ទៃក្នុងក៏ពុងតែចាប់ផ្តើមធ្វើដំណើរកម្សាន្ត តាមតំបន់គោលដៅទេសចរផងដែរ។

ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន ក៏បានសន្យាខិតខំពង្រីកសេវាកម្ម ក្នុងតំបន់របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកសម្សាន្ត ស្របជាមួយនឹងទីតាំងដែលមានផាសុខភាពសម្រាប់ភ្ញៀវផងដែរ។

លោកបានបញ្ជាក់ថា ស្របជាមួយនឹងការត្រៀមទទួលទេសចរវ៉ាក់សាំង ក៏មិនត្រូវភ្លេចជាដាក់ខាតនូវការខិតខំពង្រឹងសុវត្ថិភាព ក្នុងទីតាំងរបស់ខ្លួនតាមរយៈការសំអាត និងបាញ់ថ្នាំសំលាប់មេរោគឱ្យបានញឹកញាប់ តាមគោលដៅក្នុងតំបន់របស់ខ្លួន ឱ្យមានផាសុខភាព ស្របតាមផែនការ «ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» ដែលក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសទទួលភ្ញៀវជាតិនិងអន្តរជាតិ ចាក់វ៉ាក់សាំងប៉ុណ្ណោះ៕

តើទីផ្សារខុនដូនៅកម្ពុជានឹងប្រើពេលយូរប៉ុណ្ណាដើម្បីរើបឡើងវិញ?

ដោយៈសហការី

ភ្នំពេញៈ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំមកនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា មិនទាន់ដំណើរការបានល្អប៉ុន្មាននោះទេ ជាពិសេសទីផ្សារខុនដូដែលត្រូវពឹងផ្អែកខ្លាំងទៅលើអតិថិជនពីបរទេស។

ទោះជាយ៉ាងណាក៏ដោយ វិស័យនេះត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានសញ្ញាវិជ្ជមានមួយចំនួនហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស បើកវិស័យទេសចរណ៍ឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបានទទួលថ្នាំបង្ការកូវីដ-១៩​រួចរាល់ ​​ជាមួយនឹងការកាត់បន្ថយថ្ងៃចត្តាឡីស័ក សម្រាប់វិនិយោគិនមកត្រឹមតែរយៈពេល៣ថ្ងៃ។

អ្នកស្រីតាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. បានលើកឡើងថា ការបើកវិស័យទេសចរណ៍ឡើងវិញ គឺជាការសាកល្បងលើកដំបូងសម្រាប់កម្ពុជា។ ប្រសិនបើមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩​ច្រើននោះទេ បន្ទាប់ពីអ្នកទេសចរ និងអ្នកវិនិយោគ ត្រូវបានអនុញ្ញាតឱ្យចូលមកលេងប្រទេសកម្ពុជា យើងសង្ឃឹមថាសេដ្ឋកិច្ចទាំងមូល នឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ។

អ្នកស្រីបន្តថា “ប៉ុន្តែឥឡូវនេះ វាហាក់ដូចជាលឿនពេក ក្នុងការវិភាគស្ថានការណ៍នេះ ហើយអ្វីដែលយើងអាចធ្វើបានគឺរង់ចាំមើលថាតើអ្វីៗ នឹងដំណើរការដោយរលូនឬយ៉ាងណា បន្ទាប់ពីកម្ពុជាបើកទេសចរ និងសេដ្ឋកិច្ចឡើងវិញ”។អ្នកស្រីបន្តថា “ទោះជាយ៉ាងណា ខ្ញុំជឿថាសេដ្ឋកិច្ចនឹងងើបឡើងវិញបន្តិចម្ដងៗក្នុងពេលឆាប់ៗ ព្រោះយើងបានស៊ាំនឹងការរស់នៅតាមបែបគន្លងថ្មីជាមួយជំងឺកូវីដ១៩​ ហើយ”។

ដោយឡែក វិស័យខុនដូនឹងមានភាពរីកចម្រើនម្តងទៀត នៅពេលដែលវិនិយោគិនបរទេសអាចចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានដោយសេរី។ ឆ្នាំក្រោយអាចជាជំហានដំបូង សម្រាប់វិស័យខុនដូ ដើម្បីងើបឡើងវិញជាបណ្ដើរៗ ហើយឆ្នាំ២០២៣គួរតែជាពេលវេលាដ៏ល្អបំផុត សម្រាប់ការងើបឡើងវិញយ៉ាងពេញលេញនៃទីផ្សារខុនដូ។​

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ​ ការបញ្ចប់គម្រោងខុនដូ ក្នុងរាជធានីភ្នំពេញមានភាពយឺតយ៉ាវ អំឡុងវិបិត្តកូវីដ១៩។ គម្រោងខុនដូលើសពាក់កណ្ដាល ត្រូវបានពន្យារពេលសាងសង់រហូតដល់ឆ្នាំក្រោយ ដោយនៅក្នុងត្រីមាសទី៣ឆ្នាំនេះ មានតែគម្រោងធំៗពីរប៉ុណ្ណោះគឺ The Peak និង The Gateway ដែលបានបញ្ចប់ការសាងសង់តាមកាលកំណត់។

តម្លៃខុនដូនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ មានការធ្លាក់ចុះបន្តិចបន្តួច កម្រិតទាប(ធូរថ្លៃ) -២.១៤% កម្រិតមធ្យម -២.៩៥% និងកម្រិតខ្ពស់ -១.៧៨% បើធៀបនឹងត្រីមាសទី២។​​​

របាយការណ៍នេះបានលើកឡើងថា ការធ្លាក់ចុះតម្លៃទាំងនេះ គឺ​ដោយសារតែអ្នកអភិវឌ្ឍន៍ បានធ្វើទីផ្សារបញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជនថ្មីៗបន្ថែមទៀត។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនទ្រព្យនៅកម្ពុជា (CVEA) លើកឡើងថា វិស័យខុនដូនៅកម្ពុជា មិនទាន់មានវិបត្តិនៅឡើយទេ ទោះស្ថិតក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ក្ដី។ ខណៈពេលដែលអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងពុះពារដើម្បីបន្ត និងបញ្ចប់គម្រោងរបស់ពួកគេ គម្រោងផ្សេងៗទៀតបានបញ្ច​ប់ការអភិវឌ្ឍន៍តាមកាលកំណត់ និងបានប្រគល់ជូនអតិថិជនទាន់ពេលវេលា។

លោកបានបន្ថែមថា គម្រោងកម្រិតខ្ពស់ អាចនឹងពិបាកលក់ចេញ ក្នុងអំឡុងពេលនេះ ដោយសារអតិថិជនបរទេសភាគច្រើន មិនអាចចូលប្រទេសកម្ពុជាបាន ដោយសារការរឹតបន្តឹងក្នុងការធ្វើដំណើរ ក៏ប៉ុន្តែ​សម្រាប់គម្រោងកម្រិតមធ្យម និងគម្រោងដែលមានតម្លៃសមរម្យ គឺមានភាពងាយស្រួលជាង ដោយសារអ្នកអភិវឌ្ឍន៍ចាប់យកអតិថិជនក្នុងស្រុក។

ទោះជាយ៉ាងណា លោកជឿជាក់ថា វិស័យខុនដូនឹងមិនចំណាយពេលយូរទៀតទេដើម្បីរើបឡើងវិញ ដោយសារតែភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសអាចចូលប្រទេសកម្ពុជាបាន ជាមួយនឹងការកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័ក ហើយករណីឆ្លងកូវីដ១៩ថ្មីមានការធ្លាក់ចុះច្រើនផងដែរ។ នៅពេលដែលសេដ្ឋកិច្ចវិលមករកភាពប្រក្រតីវិញ​ វិនិយោគិននឹងមកវិនិយោគនៅកម្ពុជាម្តងទៀត ជាពិសេសវិនិយោគលើការទិញខុនដូ ព្រោះវាជាការវិនិយោគដែលមានសុវត្ថិភាពបំផុតមួយសម្រាប់ពួកគេ។

ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលសូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញយកកម្មវិធីទូរសព្ទដោយឥតគិតថ្លៃ៕

ទំនាក់ទំនងមកកាន់៖ 096 7876 902 (Telegram)/ 066 886633
ប្រភព៖ Harbor Property

 

ការីទេសចរណ៍កម្ពុជាកំពុងធ្វើការជាមួយភ្នាក់ងារបរទេសដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ ខណៈក្រុមហ៊ុនអាកាសចរណ៍ពីរត្រៀមភ្ជាប់ជើងហោះហើរ

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍៍កម្ពុជា (CATA) លោកស្រិឆាយ ស៊ីវលីនបានថ្លែងថា ការីទេសចរណ៍កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ជាមួយភ្នាក់ងារទេស​ចរណ៍អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា វាជាដំណឹងដ៏រីករាយមួយ ដែលរដ្ឋាភិបាលបានប្រកាសជាផ្លូវការ បើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនៅចុងខែវិច្ឆិកានេះ ដែលវាជាសញ្ញាល្អសម្រាប់វិស័យនេះ បន្ទាប់ពីរងបញ្ហាដោយសារជំងឺកូវីដ១៩រយៈពេលជិត២ឆ្នាំកន្លងមកនេះ។

លោកស្រីបន្តថា “ការីទេសចរណ៍នានាបាន និងកំពុងរៀបចំរចនាកញ្ចប់ទេសច​រណ៍បែបណាឲ្យមានភាពទាក់ទាញ ព្រោះយើងក៏ត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាងផងដែរ”។ លោកស្រីបន្តថា “ជាមួយគ្នានេះ ក៏ទាមទារឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចាប់់ផ្តើមការងារផងដែរ ព្រោះបើអាកាសចរណ៍ក្នុងស្រុកមិនដំណើរការ យើងក៏មិន​ទទួលបានជោគជ័យដែរ”។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា បច្ចុប្បន្ននេះ ទោះជាព្រលានយន្តហោះក្រុងព្រះសីហនុ ក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី ក៏អាកាសចរណ៍នានាត្រូវហោះមកកាន់រាជធានីភ្នំពេញ និងត្រូវឲ្យភ្ញៀវរង់ចាំជើងយន្តហោះបន្ត ទៅក្រុងព្រះសីហនុបន្តទៀត ហេតុនេះ ការមានអាកាសចរណ៍ច្រើន និងហោះញឹកញាប់ក៏ជួយសម្រួលឲ្យភ្ញៀវមិនមានភាពធុញទ្រាន់ផងដែរ។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា ជុំវិញការទាក់ទាញភ្ញៀវអន្តរជាតិមកវិញ ក៏ទាមទារពេលវេលាផងដែរ ព្រោះវិស័យទេសចរណ៍ទាមទារធ្វើផែនការទាំងអ្នកលក់ ទាំងអ្នកធ្វើកញ្ចប់ទស្សនកិច្ច និងទាំងភ្ញៀវទេសចរណ៍ផងដែរ ព្រោះមុនពេលពួកគេចង់ទៅ​ប្រទេសណា ពួកគេក៏ឆែកព៌តមានតាមបណ្តាញសារព៌តមាននានាថា គោលដៅដែលពួកគេចង់ទៅតើមានសុវត្ថិភាព និងទុកចិត្តកម្រិតណាផងដែរ ពោលគឺការងារនេះត្រូវការរយៈពេល៣សប្តាហ៍ទៅមួយខែ ដើម្បីពួកគេកក់កញ្ចប់ទស្សនកិច្ច។

បើតាមលោកហូ វណ្ឌីទីប្រឹក្សាសមាគម CATA បានឲ្យដឹងផងដែរថា ក្រុមហ៊ុនអា​កាសចរណ៍ Bangkok Airway នឹងចាប់ផ្តើមហោះពីក្រុងបាងកក មកកាន់រាជធានីភ្នំពេញនៅថ្ងៃទី១ ធ្នូខាងមុខនេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឈ្មោះឡានម៉ី នឹងធ្វើការហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកកក្នុងខែធ្នូផងដែរ៕

ដំណឹងជ្រើសរើសបុគ្គលិក

ដោយសាគម្រោង Bokor Land ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន បច្ចុប្បន្នគម្រោងត្រូវការជ្រើសរើស (Sale Director ) នាយកផ្នែកលក់ដីឡូតិ៏លំហែរ១នាក់ដើម្បីរៀបចំផែនការ និងដឹកនាំធ្វើទីផ្សារលក់គម្រោង Bokor Land ជាបន្តបន្ទាប់ទៀតលើផ្ទៃដីជាង 200ហិតា ដែលមានលក្ខខណ្ឌដូចខាងក្រោម៖

👉មានបទពិសោធន៏ដឹកនាំក្រុមយ៉ាងតិច3ឆ្នាំ
👉ចេះរៀបចំយុទ្ធសាស្រ្តលក់ ផែនការលក់ និងអនុវត្តការលក់អោយមានប្រសិទ្ធិភាពខ្ពស់
👉មានសមត្ថភាពបង្វឹកបុគ្គលិកថ្មីអោយក្លាយជាអ្នកលក់អាជីប
👉មានសម្ថភាពគ្រប់គ្រង ចាត់ចែងSaleចាប់ពី100នាក់ឡើងទៅ
👉មានចិត្តតស៊ូ ព្យាយាម អត់ធ្មត់ខ្ពស់ តាំងចិត្តខ្ពស់ ស្មោះត្រង់
💲បរាក់ខែចាប់ពី 3000$-5000$/ខែ
💰អាចរកចំណូលចាប់ពី20000$/ខែឡើងទៅ
☎️សមផ្ញើរCVមកកាន់Telegram: 085333802
——*********——
ចខុវិស័យរបស់គម្រោង🍃Bokor Land🍃គ💁
1. មិនធ្វើអោយSaleពិបាកលក់ មិនធ្វើអោយSaleពិបាកនិយាយ មិនធ្វើអោយSaleពិបាកបកស្រាយជូនភ្ញៀវ។
2. មិនធ្វើអោយអតិថិជនខកបំណង មិនធ្វើអោយអតិថិជនអស់សង្ឃឹម មិនធ្វើអោយអតិថិជនបាត់បង់ភាពជឿជាក់។
3. ធ្វើអោយល្អ ធ្វើអោយស្អាត ធ្វើអោយលឿន

ចំណេះដឹងអាជីវកម្មៈសិក្សាលើ១០ចំណុច ដើម្បីទិញផ្ទះធ្វើអាជីវកម្មបានជោគជ័យ

ដោយៈ សុផារី

ភ្នំពេញៈ តើអ្នកចង់ទិញផ្ទះសម្រាប់ធ្វើអាជិវកម្មមែនទេ? ជាការពិត អ្នកប្រាកដជារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ ពីផ្ទះនៅពេលដែលលោក អ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។

ខាងក្រោមនេះជាចំណុចមួយចំនួន ដែលអាចទទួលបានផាពជោគជ័យក្នុងការទិញផ្ទះសម្រាប់ការធ្វើអាជីវកម្ម។
១. ប្រភេទអាជីវកម្ម
តើអាជីវកម្មនោះជាការលក់ទំនិញឬក៏ផ្តល់សេវា? តើវានឹងជាកន្លែងដែលជួបជា​មួយអតិថិជនផ្ទាល់ ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការ? តើវាត្រូវការទំហំប៉ុណ្ណា? តើនឹងមានមនុស្សប៉ុន្មាននាក់ធ្វើការនៅទីនោះ?។ តើលោកអ្នករំពឹងថានឹងត្រូវការអតិថិជនប៉ុន្មានដើម្បីឲ្យអាជីវកម្មមួយនេះដំណើរការ?។

២. អតិថិជនគោលដៅ
យើងអាចចាត់ថ្នាក់អតិថិជនតាមច្រើនប្រភេទ
ចំណូល៖ ទាប មធ្យម ខ្ពស់
អាយុ៖ 0-៥, ៦-១២, ១៣-១៨, ១៩-៣០, ៣១-៥០
ការផ្សារភ្ជាប់ជាមួយអតិថិជន៖ អតិថិជនមកកន្លែងអាជីវកម្មលោកអ្នកដោយផ្ទាល់ ឬតាមទូរសព្ទ ឬប្រើអ៊ីនធើណេត (គេហទំព័រ បណ្តាញសង្គម)។

ប្រភេទអតិថិជន
អ្នកលក់ដុំ អ្នកលក់រាយ អ្នកប្រើប្រាស់ លោកអ្នកអាចពិចារណា តាមរយៈប្រភេទចំណាត់ថ្នាក់ដូចខាងលើដើម្បីមើលថា តើផ្ទះដែលលោកអ្នកចង់ទិញនោះ ស័ក្តិសមសម្រាប់អាជីវកម្មដែរឬទេ?។

៣. ទំហំអាជីវកម្ម
ដើម្បីដឹងថាតើអាជីវកម្មធំប៉ុណ្ណា យើងអាចវិភាគលើដើមទុន និងទ្រព្យដែលបានវិនិយោគ ចាប់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបច្ចុប្បន្ន។ តែអ្វីដែលអ្នកគួរពិចារណានោះគឺទំហំនិងប្រភេទនៃផ្ទះ ដែលលោកអ្នកចង់ទិញ ក្នុងគោលបំណងអាជីវកម្មនោះ ថាតើវាសាកសមដែរឬទេ? ដូចគ្នាជាមួយនឹងគោលបំណង នៃការទិញសម្រាប់រស់នៅដែរ លោកអ្នកគួរតែប្រើវាឲ្យអស់លទ្ធភាព។

៤. ផែនការអាជីវកម្ម
វាសំខាន់ណាស់ ដែលលោកអ្នកគួរពិចារណាទុកជាមុនថា តើផ្ទះនោះនឹងបន្តរប្រើប្រាស់សម្រាប់អាជីវកម្ម របស់លោកអ្នកបានរយៈពេលប៉ុណ្ណា។ ក្នុងករណីបើអាជីវកម្មនោះរីកចម្រើនឬមិនរីកចម្រើន តើអាជីវកម្មនឹងប៉ះពាល់ដល់ផ្ទះយ៉ាងដូចម្តេច ហើយផ្ទុយមកវិញតើផ្ទះធ្វើឲ្យប៉ះពាល់ ដល់ភាពរីកចម្រើនរបស់អាជីវកម្មយ៉ាងដូចម្តេច?។

៥. ទីតាំង
ទីតាំងគួរតែជាកន្លែងដែលងាយស្រួលរក និងអាចងាយរកឃើញ បើទោះវាជាកន្លែងសម្រាប់ជួបជាមួយអតិថិជនផ្ទាល់ ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការក៏ដោយ។ ទីតាំងនោះ ភា្ជប់ផ្លូវទៅកាន់ស្ថាប័នដូចជាសាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាង និងកន្លែងសំខាន់ៗទៀត សុទ្ធតែជាស្ថាប័នដែលត្រូវពិចារណាថា តើអតិថិជនលោកអ្នកមកពីស្ថាប័នមួយណា និងយ៉ាងដូចម្តេច។

ដូច្នេះវាសំខាន់ណាស់ ដែលអ្នកត្រូវរកទីតាំងណា ដែលអាចភា្ជប់ទំនាក់ទំនងបានល្អទៅស្ថាប័ន ដែលជាប្រភពធនធានអតិថិជនលោកអ្នក។

ជាពិសេស ប្រសិនបើទីតាំងនោះមានជាទីតាំងមមាញឹក អាចមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អាជីវកម្មលោកអ្នក។ បើសិនជាមានចរាចរណ៍យ៉ាងមមាញឹកនៅជិតឬនៅមុខកន្លែងរបស់លោក អ្នក នោះវាអាចប៉ះមិនល្អដល់អាជីវកម្មលោកអ្នក តែបើទីនោះជាកន្លែងដែលមានភាពមមាញឹក ដោយមានមនុស្សចេញចូលមកស្វែងរកទិញទំនិញ ឬក៏គោលបំណងផ្សេងៗ នោះវាជាការល្អសម្រាប់លោកអ្នកវិញ។ តើពេលណាជាពេលដែលមមាញឹកបំផុត ហើយវាប៉ះពាល់ដល់អាជីវកម្មលោកអ្នកដូចម្តេចដែរ?។

៦. ប្រភេទផ្ទះ
ផ្ទះប្រភេទណាដែលស័ក្តិសមសម្រាប់អាជីវកម្មរបស់លោកអ្នកឬទេ វាអាស្រ័យថាតើអាជីវកម្មលោកអ្នកត្រូវការសភាពរូបរាង ទំហំ និងទីធ្លាផ្ទះប៉ុណ្ណា។ បើសិនជាអាជីវកម្មរបស់លោកអ្នកលក់ផលិតផល ដែលមានយីហោល្បីៗ លោកអ្នកគួរតែរកផ្ទះណាដែលស្អាតដោយមានការតុបតែង ដែលមានភាពទាក់ទាញនិងលក្ខណៈល្អ តែបើសិនជាអាជីវកម្មសាមញ្ញដែលមិនទាក់ទងនឹងកេរ្តិ៍ឈ្មោះ ផ្ទះធម្មតាក៏អាចប្រើការបានដែរ។

៧. ទំហំ
ទំហំគឺសំដៅទៅលើទីធ្លានៃផ្ទះ។ តើនឹងមានការពាក់ពន្ធច្រើនប៉ុណ្ណា នៃអាជីវកម្មលោកអ្នក? លោកអ្នកគួរតែបន្សល់ទុកទីធ្លាបន្តិច ដើម្បីឲ្យអាជីវកម្មប្រព្រឹត្តទៅដោយរលូននិងអាចត្រៀមនៅពេលមានការរីកចម្រើន។

៨. តម្លៃ
តម្លៃនៃផ្ទះដែលលោកអ្នកចង់ទិញ គួរតែសាកសមនឹងសក្តានុពល នៃអាជីវកម្មលោកអ្នកចង់ធ្វើ ដោយពិចារណាតម្លៃទីផ្សារ តាមការសាកសួរពីថ្លៃទីផ្សារបច្ចុប្បន្ន តាមរយៈការសាកសួរពីផ្ទះ ដែលនៅជិតខាងក្នុងតំបន់និងតំបន់ដែលប្រហាក់ប្រហែល។

៩. ហិរញ្ញវត្ថុ
តើលោកអ្នកមានប្រាក់ប៉ុន្មានក្នុងដៃ? ទោះបីជាលោកអ្នកមានប្រាក់ប៉ុន្មាន ក៏ដោយ លោកអ្នកគួរតែធ្វើផែនការហិរញ្ញវត្ថុ ដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅពេលក្រោយ។ តើលោកអ្នកចង់បង់ប្រាក់ដូចម្តេច? បង់ផ្តាច់?បង់រំលស់? បើលោកអ្នកមានប្រាក់គ្រប់គ្រាន់តែមិនចង់បង់ថ្លៃការប្រាក់ លោកអ្នកអាចជ្រើសរើសការបង់ផ្តាច់បាន។ សម្រាប់លោកអ្នកប្រកបអាជីវកម្ម លោកអ្នកអាចយកជម្រើសការបង់រំលស់ ព្រោះលោកអ្នកអាចទុកប្រាក់ដើម្បីប្រកបអាជីវកម្ម។ បើសិនជាលោកអ្នកចង់បង់រំលស់ លោកអ្នកត្រូវគិតពីចំណូលរបស់លោកអ្នក។

ស្ថាប័នហិរញ្ញវត្ថុ ដែលអ្នកអាចពិចារណា
មានផ្ទះខ្លះដូចជាបុរី មានការបង់រំលស់ ឬក៏លោកអ្នកអាចស្វែងរកស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីជួយបាន។ ទោះជាយ៉ាងណាក៏ដោយ ការបង់រំលស់ជាមួយបុរីលោក អ្នកត្រូវគិតពីកត្តាមួយចំនួនដូចជា ប្លង់នៃអចលនទ្រព្យ កេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍។ល។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួន មានជំនាញទាក់ទងនឹងកម្ចីលំនៅដ្ឋាន។ លោក អ្នកគួរតែពិចារណាពីស្ថាប័នណា ដែលផ្តល់សេវាល្អជាមួយនឹងរយៈនៃកម្ចីបានយូរ និងអត្រាការប្រាក់ដែលអាចទទួលយកបាន។

១០. ចំណូលលោកអ្នក
លោកអ្នកចាំបាច់ត្រូវស្គាល់ចំណូលរបស់ខ្លួន ព្រោះវាចំាបាច់ណាស់ថា តើលោកអ្នកនៅមានលទ្ធភាព សម្រាប់ចំណាយប្រចាំថ្ងៃឬទេ បន្ទាប់ពីបង់រំលស់ហើយ។ លោកអ្នកអាចពិភាក្សាជាមួយមន្រ្តី ប្រឹក្សាឥណទានរបស់យើងបាន នៅតំបន់ផ្សេងជុំវិញប្រទេស។

តើលោកអ្នករំពឹងថា នឹងស្រង់ដើមបានវិញនៅពេលណា? មើលទៅហាក់ដូចជាវែងឆ្ងាយដែលធ្វើឲ្យលោកអ្នកមិនមានអារម្មណ៍វិជ្ជមាន ពីព្រោះថ្លៃផ្ទះអាចនឹងខ្ពស់ជាងខ្លាំង។ តែសូមលោកអ្នកចងចាំថា បើទោះជាការស្រង់ថ្លៃដើម មានរយៈពេលយូរបន្តិចក៏ដោយ ក៏តម្លៃផ្ទះលោកអ្នកនឹងឡើងថ្លៃដែរ។ ដូច្នេះសូមកុំបារម្ភ គ្រាន់តែបន្តរធ្វើ និងរីករាយជាមួយជីវិតអាជីវកម្មរបស់លោកអ្នកទៅ៕

អូស្ត្រាលី បើកទ្វារចំហចាំស្វាគមន៍ពលរដ្ឋហុងកុង ដៃ១០ជាមួយកម្មវិធីសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍

សុខុម

ហុងកុង: ពលរដ្ឋហុងកុង ដែលទៅសិក្សា ឬទៅធ្វើការនៅក្នុងប្រទេសអូស្ត្រាលី នឹងត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី៥ មីនា ដើមឆ្នាំ២០២២ តទៅ បន្ទាប់ពីប្រទេសនេះបង្ហាញព័ត៌មានលម្អិតអំពីកម្មវិធីសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋទៅពីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២៩ តុលា ឱ្យដឹងថា អ្នកកាន់លិខិតឆ្លងដែនហុងកុង ឬមានសញ្ជាតិអង់គ្លេស (ក្រៅប្រទេស) និងសមាជិកគ្រួសាររបស់ពួកគេអាចទទួលបានសិទ្ធិស្នាក់នៅក្នុងប្រទេសអូស្ត្រាលី បានក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីបំពេញគ្រប់លក្ខខណ្ឌតម្រូវក្រោមវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ចុះកាលបរិច្ឆេទថ្ងៃទី២៨ ខែតុលា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសន្យាបើកផ្លូវសម្រាប់ពលរដ្ឋហុងកុង សុំសិទ្ធិស្នាក់នៅដ្ឋានអចិន្ត្រៃយ៍ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញច្បាប់សន្តិសុខជាតិលើក្រុងហុងកុង កាលពីខែមិថុនា ឆ្នាំ២០២០។ ច្បាប់សន្តិសុខជាតិនោះចាត់ទុកការធ្វើអបគមន៍ ការធ្វើវិទ្ធង្សនាអំណាចរដ្ឋ អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេសថាជាទង្វើខុសច្បាប់។

ទន្ទឹមនេះ ប្រទេសអង់គ្លេស កាលពីខែកក្កដា ឆ្នាំ២០២០ ក៏បានបើកផ្លូវផ្ដល់សញ្ជាតិដល់ពលរដ្ឋហុងកុង ផងដែរ ខណៈប្រទេសកាណាដា បានដាក់ចេញកម្មវិធីស្រដៀងគ្នាមួយកាលពីខែវិច្ឆិកា ឆ្នាំដដែល។

ក្រោមវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នេះ ប្រទេសអូស្ត្រាលី បានផ្ដល់ជម្រើសជាច្រើនសម្រាប់ពលរដ្ឋហុងកុង។

អ្នកកាន់លិខិតឆ្លងដែនហុងកុង ឬមានសញ្ជាតិអង់គ្លេស ដែលបានទៅសិក្សា ឬទៅធ្វើការនៅទីនោះយ៉ាងតិច៤ឆ្នាំ ហើយបំពេញបានតាមលក្ខខណ្ឌសុខភាព អត្តចរិត និងសន្តិសុខ គឺមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការជាកម្មករជំនាញឯករាជ្យ។

អ្នកដាក់ពាក្យស្នើសុំដំបូងត្រូវបង់ប្រាក់៤.១១៥ដុល្លារអូស្ត្រាលី (៣.០៩៥ដុល្លារអាមេរិក) ជាបង់រំលស់លើកទី១ និង៤.៨៨៥ដុល្លារអូស្ត្រាលី សម្រាប់ការបង់រំលស់លើកទី២ មុនពេលទទួលបានទិដ្ឋាការ។ សម្រាប់អ្នកដាក់ពាក្យជាមនុស្សពេញវ័យម្នាក់នឹងត្រូវចំណាយបន្ថែម២.០៥៥ដុល្លារអូស្ត្រាលី និង១.០៣០ដុល្លារអូស្ត្រាលី សម្រាប់អ្នកដែលមានអាយុក្រោម១៨ឆ្នាំ។

ដូចនេះការចំណាយសម្រាប់គ្រួសារមួយដែលមានមនុស្សពេញវ័យ២នាក់ និងក្មេងម្នាក់ ត្រូវបង់អស់ប្រហែល៧៨.០០០ដុល្លារហុងកុង (១០.០០០ដុល្លារអាមេរិក)៕ South China Morning Post ៕

គម្រោងបុរី ML TIARA ជ្រើសរើស កញ្ញាមាន សូនីតាជាទូតសុឆន្ទៈ

         ដោយៈសហការី

ភ្នំពេញៈ គម្រោង ML TIARA ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងទូតសុឆន្ទៈជាមួយកញ្ញា មាន សូនីតា ដែលគ្រប់គ្នាស្គាល់គាត់ថាជា “រាជនីក្រម៉ា” ជាបុគ្គលសាធារណមួយរូប ដែលតែងតែចូលរួមសកម្មភាពសង្គមនានា និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព ហើយមានសម្រស់ស្រស់ស្អាតបែបទាក់ទាញពីធម្មជាតិ។

លោកស្រី លី ធីតា នាយិការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ក្នុងពិធីដ៏មានអត្ថន័យនេះថា “ហេតុផលដែលក្រុមហ៊ុនសម្រេចចិត្ត ជ្រើសរើសយកកញ្ញា មាន សូនីតា ជាទូតសុឆន្ទៈ គឺដោយសារក្រុមហ៊ុនមើលឃើញថា កញ្ញាស្រឡាញ់ និងចូលចិត្តការរស់នៅក្នុងបរិបទថ្មី គឺការរស់នៅជាមួយធម្មជាតិ ការរស់នៅបែបស៊ីវិល័យ ប្រណិតភាព និងលក្ខណៈឯកជនភាព ស្របទៅនឹងទស្សនៈវិស័យរបស់គម្រោងML TIARA ដែលបាននឹងកំពុងផ្តល់ជូនដល់ អតិថិជនរបស់ខ្លួន”។

កញ្ញាមាន សូនីតា ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោង ML TIARA។

កញ្ញាបន្តថា “មូលហេតុដែលធ្វើឲ្យនាងខ្ញុំមានមោទនៈភាព ចំពោះការក្លាយខ្លួនជាទូតសុឆន្ទៈរបស់គម្រោង ML TIARA នេះ គឺខ្ញុំមើលឃើញពីភាពច្នៃប្រឌិតខ្ពស់ ភាពស៊ីវិល័យ ប្រណិតភាពនៃម៉ូតផ្ទះ ក៏ដូចជាហេដ្ឋារចនាសម្ព័នដ៏សម្បូរបែបនៅក្នុងគម្រោង ML TIARA ទាំងមូល”។កញ្ញាបន្តថា គំរោងនេះសមស្របនឹងចំណូលចិត្ត និងអត្តចរិករបស់នាងខ្ញុំផ្ទាល់។ កញ្ញាបន្តថា “នាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគម្រោង ML TIARA ដែលបានជ្រើសរើសរូបនាងខ្ញុំជាទូតសុឆន្ទៈ។ គម្រោង ML TIARA ជាជម្រើ​​សដ៏សក្ដិសមបំផុត សម្រាប់សុភមង្គលនៃជីវិតរស់នៅបែបទាន់សម័យ”។

គម្រោងបុរីML TIARA សាងសង់លើផ្ទៃដីដ៏ធំទូលាយសរុបជាង១៥ ហិកតា ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតក្នុងតំបន់សក្ដានុពលអភិវឌ្ឍន៍ខ្ពស់ ក្បែរស្ដុបមហាវិថីសម្ដេចតេជោ៦០ម៉ែត្រ ផ្សារទំនើបអ៊ីអន៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងបន្តការសាងសង់យ៉ាងមមាញឹក។

គម្រោង ML TIARA មានអាជ្ញាបណ្ណសាងសង់ ដែលធានានូវលក្ខណៈបច្ចេកទេស គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប រួមមានប្រព័ន្ធលូ ទឹក-ភ្លើង ផ្លូវថ្នល់ខ្វាត់ខ្វែងធំទូលាយ ដើមឈើ និងសួនច្បារធំៗ អមដោយធម្មជាតិបៃតងស្រស់បំព្រង អាងហែលទឹក ក្លិបហាត់ប្រាណ កន្លែងក្មេងលេងធំទូលាយ ដែលអំណោយផលដល់ការរស់នៅបែបស៊ីវិល័យ អភិជនភាព និងការរស់នៅជាមួយធម្មជាតិ។ គម្រោង ML TIARA ផ្ដល់ជូននូវផ្ទះប្រណិត ៦ ប្រភេទដូចជា៖ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

ក្នុងឱកាសនេះផងដែរ ដើម្បីចូលរួមអបអរសាទរ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈនេះ គម្រោង ML TIARA បានបង្កើតកម្មវិធីផ្តល់ជូនពិសេសរយៈពេល ២ សប្តាហ៍ គឺចាប់ពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ នេះ រហូតដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ជាមួយការផ្តល់ជូនដូចជា ទី១. អតិថិជនកក់ប្រាក់បិទទីតាំងភ្លាម នឹងទទួលបានកាដូទូរស័ព្ទដៃម៉ាក iPhone 13 Pro ១ គ្រឿងភ្លាមៗ ទី២. ផ្តល់ជូនសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់រថយន្តម៉ាក Ford Ranger Wildtrak ស៊េរីឆ្នាំ ២០២២ ចំនួន ២ គ្រឿង ទូរស័ព្ទដៃម៉ាក iPhone 13 Pro Max និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត ទី៣. ការបញ្ចុះតម្លៃពិសេសរហូតដល់ 12% នៃតម្លៃផ្ទះ

(*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍)

អំពីក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក (ML Mongkul Realty Co., Ltd.)៖

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ ២០១៨។ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងធំៗចំនួន ៤ ដូចជា ១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់។

២. គម្រោង ដឹ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល   ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។​៣. គម្រោង ដឹ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះប្រណីត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។

៤. គម្រោង ML TIARA ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល   ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

គេហទំព័រ៖ http://MLmongkulRealty.com

ទំព័រហ្វេសប៊ុក៖ ML Mongkul Realty៕