ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ឆ្នាំ២០២២ នឹងចូលមកដល់នៅប៉ុន្មាន នៅម៉ោងខាងមុខនេះ ស្របពេលកម្ពុជាបានធូរស្រាល និងឈានដល់ការបើកប្រទេសឡើងវិញវិស័យនានា ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏បានចាប់ផ្ដើមមានសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មឡើងវិញជាបន្តបន្ទាប់។
សម្រាប់វិស័យអចលនទ្រព្យក៏ដូចគ្នា ឃើញថាបន្ទាប់ពីមានការបើកទូលាយ នូវការហូរចូលអ្នកដំណើរបរទេស ចូលមកដោយមិនធ្វើចត្តាឡីស័ក វិស័យនេះ ក៏ចាប់ផ្ដើមកម្រើកឡើងវិញដែរ ។ តើផ្នែកណាមួយនេះវិស័យនេះ នឹងមានសន្ទុះងើបឡើងវិញនៅឆ្នាំ២០២២ខាងមុខនេះ?។
លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេត បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៣០ ធធ្នូថា យើងបែងចែកអចលនទ្រព្យជា៤ក្រុមធំៗ មានលំនៅឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ។ បន្ទាប់ពី រដ្ឋាភិបាលបើកប្រទេសឡើងវិញ យើងឃើញថាសកម្មភាព នៃការជួលការិយាល័យកើនឡើង សកម្មភាពនៃការរកស៊ីលក់ដូរនៅតាមផ្សារទំនើបនានា ក៏បាននិងកំពុងកើនឡើង សណ្ឋាគារក៏បានកើនឡើងវិញ ។
លោកបន្តថា “បច្ចុប្បន្ននេះ ខ្ញុំមើលឃើញថាផ្នែកចំនួន២ ដែលកំពុងមានដំណើរល្អប្រសើរ ក្នុងចំណោមផ្នែកជាច្រើនទៀត នៃវិស័យអចលនទ្រព្យរួមមាន ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅឆ្នាំក្រោយផ្នែកទាំងពីរនេះ នឹងនៅតែមានភាពល្អប្រសើរឡើងបន្តទៀត ក្នុងពេលផ្នែកផ្សេងទៀតអាចនឹងបន្តរងផលប៉ះពាល់”។ លោកបន្តថា “យើងបានមើលឃើញថា ការរកស៊ីលក់ដូររបស់អាជីវករ ពាណិជ្ជករ និងដំណើរការនៃការផលិតនូវទំនិញនៅតាមរោងចក្រនានាក៏បានបើកឡើងវិញដែរ”។
លោកបន្ថែមថា ថ្មីៗនេះយើងក៏បានមើលឃើញថា មានរោងចក្រថ្មីៗជាច្រើន គ្រោងនឹងបើកដំណើរការនៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលមានការទាក់ទាញ លើការវិនិយោគរោងចក្រច្រើន ដែលធ្វើឱ្យតម្រូវការនៃការទិញលក់ដីធ្លី សម្រាប់បង្កើតរោងចក្រកាន់តែច្រើន។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានមើលឃើញថា ការអភិវឌ្ឍផ្នែកលំនៅដ្ឋាន នៅតែមានតម្រូវការដដែល បើសិនជាម្ចាស់អភិវឌ្ឍន៍លំនៅឋាននោះចេះរៀបចំ និងរកទីផ្សារត្រឹមត្រូវ។
លោកឧកញ៉ាបន្តថា “បុរីខ្លះមិនមានអតិថិជន ចូលទៅរស់នៅមកពីកង្វះខាត ឬសិក្សាទៅលើទីផ្សារអតិថិជន ឱ្យបានច្បាស់និងចេះតែសង់ៗ និងលក់ ដោយមិនគិតពីការរស់នៅរបស់ប្រជាពលរដ្ឋ”។លោកបន្តថា “បុរីខ្លះទៀត គេបានយកចិត្តទុកដាក់លើបញ្ហា របស់អតិថិជនទើបធ្វើឱ្យអ្នកអភិវឌ្ឍន៍នៅតែទទួលបានអតិថិជនជាហូរហែ”៕