ដោយៈសុខុម
ហុងកុង: រដ្ឋបាងលទីក្រុហុងកុង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ ថា ខ្លួននឹងកំណត់លក្ខខណ្ឌទំហំអប្បបរមា ឬទំហំតូចបំផុត២៦ម៉ែត្រការ៉េ ដែលស្មើនឹងទំហំចំណតរថយន្តពីរសម្រាប់ផ្ទះនីមួយៗ ដែលត្រូវសាងសង់នៅលើដី។
តាមការរំពឹងទុក វិធានការនេះក៏នឹងគ្របដណ្តប់ លើការលក់ដីធ្លីសម្រាប់រយៈពេលពេញ មួយឆ្នាំសារពើពន្ធក្រោយ ដែលចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២២ ផងដែរ នៅពេលហុងកុង ព្យាយាមប្រឆាំងនឹងទំនោរសាងសង់ “អាផាតម៉ិនតូចពេក” ដែលតូចជាង២០ម៉ែត្រការ៉េ នៅក្នុងទីផ្សារមួយនេះដែលស្ថិតក្នុងចំណោម ទីផ្សារអចលនទ្រព្យថ្លៃបំផុតក្នុងពិភពលោក។
លោក Michael Wong រដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុងហុងកុង បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ដដែលថា “វិធានការនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ដែលចង់រស់នៅក្នុងផ្ទះដែលធំទូលាយជាងមុន”។
លោកបន្ថែមទៀតថា លក្ខខណ្ឌតម្រូវថ្មីនេះ នឹងត្រូវអនុវត្តសម្រាប់ការលក់ដីរដ្ឋនៅតំបន់ New Territories ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ ព្រមទាំងតំបន់មួយទៀត ដែលលក់ដោយក្រុមហ៊ុនប្រតិបត្តិករផ្លូវដែក MTR Corporation ផងដែរ។
លោក Michael Wong បានបន្តទៀតថា ផ្ទះដែលមានទំហំតូចជាង២៦ម៉ែត្រការ៉េ មានប្រមាណ១៣% នៃការផ្គត់ផ្គង់ផ្ទះឯកជនសរុបក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ការធ្វើឱ្យលំនៅដ្ឋានមានតម្លៃកាន់តែសមរម្យ គឺជាអាទិភាពសម្រាប់មេដឹកនាំហុងកុងគ្រប់រូប គិតចាប់តាំងពីអតីតអាណានិគរបស់អង់គ្លេស មួយនេះ ត្រូវបានប្រគល់ឱ្យប្រទេសចិន គ្រប់គ្រងវិញនៅក្នុងឆ្នាំ១៩៩៧ មក ប៉ុន្តែពលរដ្ឋហុងកុង ជាច្រើននៅតែគ្មានលទ្ធភាពទិញផ្ទះ នៅផ្ទាល់ខ្លួនគិតមកទល់បច្ចុប្បន្ន៕ Reuters៕