ក្រុមហ៊ុន Evergrande ចាប់ផ្ដើមដំណើរការសាងសង់ស្ទើរ១០០ភាគរយនៃគម្រោងទាំងអស់ទូទាំងប្រទេសចិន

0

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande បានអះអាងនៅថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូ នេះលើគណនី Wechat របស់ខ្លួនថា ៩១,៧% នៃគម្រោងរបស់ខ្លួននៅទូទាំងប្រទេសចិន បានបន្តដំណើរការសាងសង់ឡើងវិញហើយ បន្ទាប់ពីខំប្រឹងប្រែងរើខ្លួន ពីវិបត្តិហិរញ្ញវត្ថុអស់ រយៈពេល៣ខែ។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ទី២៦ ធ្នូ មហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុន Evergrande បានប្ដេជ្ញាប្រគល់ផ្ទះជូនអតិថិជនឱ្យបានចំនួន៣៩.០០០យូនីត នៅក្នុងខែធ្នូ នេះ បើធៀបនឹងចំនួនផ្ទះតិចជាង១០.០០០យូនីត ដែលខ្លួនប្រគល់ជូនអតិថិជន ក្នុងខែនីមួយៗសម្រាប់រយៈពេល៣ខែមុននេះ។

ភាគហ៊ុនក្នុងក្រុមហ៊ុនចិន Evergrande បានហក់ឡើងខ្ពស់រហូតដល់ទៅជាង៨% គួរឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃអង្គារ ទី២៨ ធ្នូ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស ដែលជំពាក់បំណុលរុំកោះមួយនេះអះអាងថា ខ្លួនបានពន្លឿនការងារសាងសង់ បានច្រើនគួរសមជាលើកដំបូង។

ជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន មួយនេះកំពុងប្រឈមការខកខាន សងបំណុលច្រើនបំផុត មិនធ្លាប់មាននៅក្នុងសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ហើយបាន និងកំពុងប្រវេប្រវាប្រមែប្រមូលសាច់ប្រាក់ តាមរយៈការលក់ទ្រព្យសកម្ម និងភាគហ៊ុនដើម្បីដោះបំណុល។

ក្រុមហ៊ុននេះ បានខកខានទូទាត់ថ្លៃគូប៉ុង នៅបរទេសតាមពេលវេលាកំណត់ ដែលមានតម្លៃ៨២,៥លានដុល្លារអាមេរិក កាលពីដើមខែនេះ ហើ​យការខកខាននេះ អាចនឹងរីករាលដាលកាន់តែធំលើបំណុល សញ្ញាប័ណ្ណអន្តរជាតិ រហូតដល់ទៅប្រមាណ១៩ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុននេះ។

ទន្ទឹមនេះក្រុមហ៊ុន Evergrande មានគូប៉ុងថ្មីដែលដល់ពេលត្រូវទូទា​ត់សងកាលពីថ្ងៃអង្គារ ទី២៨ ធ្នូ ចំនួន២៥៥លានដុល្លារអាមេរិក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here