ឧកញ៉ាភិរម្យ វិចិត្រដារ៉ាបង្ហាញពីវិធីសាស្ត្រនៃការឈានឡើងសម្រាប់ជីវិត

ដោយ: ម៉ាលីស

ភ្នំពេញៈ ក្នុងវិថីជីវិតមុនមកដល់នូវភាពភាពជោគជ័យ របស់ម្ចាស់អាជីវកម្មនីមួ​យ​ៗ តែងមានរឿងរារ៉ាវបង្កប់ជាច្រើន ទាក់ទងនឹងភាពជោគ័យនិងបរាជ័យ។ ថ្ងៃនេះយើងនឹងជំរាបជូននូវវិធីសាស្ត្រ នៃការឈានឡើងមូលដ្ធាននៃជិវិតរបស់លោក ឧកញ៉ាភិរម្យ វិចិត្រ ដារ៉ា ថាតើមានការវិវត្តយ៉ាងដូចម្តេច?។

យោងតាមកិច្ចសំភាសពិសេសជាមួយលោកឧកញ៉ា វិចិត្រដារ៉ា ដែលជាអគ្គនាយកក្រុមហ៊ុន វិចិត្រ ដារ៉ា គ្រុប ជាក្រុមហ៊ុនអភិវឌ្ឍលើភ្នែកអចលនទ្រព្យ នាថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅ លោកបានចែករំលែក និង រៀបរាប់ពីដំនើរជីវិត របស់លោកថា លោកបានបញ្ចប់ថ្នាក់ វិទ្យាល័យឆ្នាំ២០០១ ហើយក៏ចាប់ផ្តើមក្នុងការងារតែម្តង ដោសារជីវភាពខ្វះខាត ហើយជីវិតគ្រួសារបែកបាក់ ដោយឪពុកម្តាយរបស់លោកចែកផ្លូវគ្នា លោកបានតស៊ូជំនះរាល់ឧបសគ្គទាំងនេះផងដែរ។

លោកបន្តថា កាលពីពេលដែលលោកបម្រើការងារដំបូង នៅឆ្នាំ២០០១ គឺលោកជាបុគ្គលិក ក្នុងក្រុមហ៊ុនអចលនទ្រព្យផ្នែកសេវាកម្មជួល នៅសង្កាត់បឹងកេងកង ដែលលោកបានទទួលបានប្រាក់ខែ ត្រឹម៣០$ ប៉ុណ្ណោះក្នុង១ខែ។

បន្ទាប់ពីលោកប្រលោកក្នុងការងារបានជាង១ឆ្នាំ លោកក៏ចាប់ផ្តើមបើកក្រុមហ៊ុនខ្លួនឯងវិញម្តង តែលោកមិនបានទទួលជោគជ័យឡើយនាពេលនោះ បន្ទាប់ពីបរាជ័យ លោក ក៏វិលមកចូលបម្រើការងារបន្តទៀត ហើយប៉ុន្មានឆ្នាំក្រោយ លោកក៏បានបើកក្រុមហ៊ុនម្តងទៀត ដែលជាក្រុមហ៊ុននាំចេញ និងនាំចូលខាងផ្នែកបរិក្ខារពេទ្យវិញម្តង។

ជាមួយគ្នានេះ លោកនៅតែបន្តវិនិយោគ ទៅលើអចលនទ្រព្យបណ្តើរៗផងដែរ រហូតដល់ឆ្នាំ២០១៧ លោកបានអភិវឌ្ឍលើគំរោងអចលនទ្រព្យតែម្តង ដែលសាងសង់ជាផ្ទះលក់និងដីលំហែរ ។

លោកឧកញ៉ាបានបន្តរំលឹកឡើងវិញថា ការបើកអាជីវកម្មដំបូង ការគ្រប់គ្រងមិនទាន់ត្រឹមត្រូវ ជាពិសេសខាងផ្នែកហិរញ្ញវត្ថុរបស់លោក មិនមានការគ្រប់គ្រងបានល្អ រួមផ្សំបរិបទ នែការរីករាលាលនៃវីរុសSARផងនោះ ដែលនាំអោយជនបរទេសពិបាកធ្វើដំនើរទៅមក ដូចនេះក្រុមហ៊ុនលោកក៏ទទួលបរាជ័យ។ បន្ទាប់ពីបរាជ័យពេលនោះ លោកធ្លាប់ទទួលការមិនអោយតំលៃពីមនុស្សមួយចំនួនជំវិញខ្លួន និងការបាក់ទឹកចិត្តខ្លះដែរ។

លោកបានបង្ហើបអោយដឹងថា សព្វថ្ងៃក្រុមហ៊ុនអចលនទ្រព្យរបស់លោក មានការឈានឡើង ដោយសារក្រុមហ៊ុនរបស់លោក ប្រកាន់គោលការណ៍ ឈរលើភាពស្មោះត្រង់ គ្រប់គ្រងធនធានមនុស្សបានល្អ និងមើលលើសកត្តានុពល និងឱកាសរីកចំរើនជាមួយប្រទេសជាតិ ក៏ដូចជាកេរ្តិ៍ឈ្មោះ និងវឌ្ឍនភាពនៃសមត្ថភាពផងដែរ ដែលជាទំនុកចិត្តមួយ ធ្វើអោយលោកមានដៃគូរសហការ ទាំងជាជនជាតិខ្មែរ និងបរទេសជាច្រើនផងដែរ។

ឯសព្វថ្ងៃទោះជាវិបត្តកូវីតក៏ដោយ ទោះជាបញ្ហារអាក់រអួលបន្តិច ដែលកើតឡើងជាទូទៅសំរាប់បណ្តាអាជីវកមុមទាំងអស់នៅកម្ពុជា តែក៏ជាឱកាសលោកអាចប្រមូលទិញអចនទ្រព្យបានច្រើនផងដែរ។ ដូចនេះលោកចាត់ទុកថា “រាល់បញ្ហាតែងតែមានបង្កប់នូវឱកាស”។

លោកក៏មានប្រសាសន៍បានផ្តាំផ្ញើរថា ចង់មានជោគជ័យក្នុងវិស័យអចលនទ្រព្យជានិរន្តភាព ដោយសារយើងមិនអាចប៉ានស្មានថា មានហេតុការណ៍អ្វីកើតឡើងទេ ដូចនេះយើងត្រូវប្រឹងអោយអស់លទ្ធភាព និងល្អបំផុត ហើយពិនិត្យលើ៣ចំនុចដូចជា ទី១-ទីតាំងភូមិសាស្ត្រអោយបានត្រឹមត្រូវ និងយើ់ដឹងពីផែនការមេ របស់រដ្ធាភិបាល ទី២- ផ្តោតលើគុណភាពសាងសង់អោយបានត្រឹមត្រូវ ព្រោះវានឹងផ្តល់កេរ្តិ៍ឈ្ឦោះល្អសំរាប់ក្រុមហ៊ុម និងទី៣-ត្រូវផ្តល់ជូនភាពងាយស្រួលដល់អតិថិជនគោលដៅ ដូចជាផ្តល់ផ្តល់សេវាបង់រំលោះផ្សេងៗជាដើម៕

ប្រេងធ្លាក់ថ្លៃហើយ ក្រោយពីប្រទេសចិនបញ្ចេញស្តុកប្រេងសាំង និងប្រេង ម៉ាស៊ូតរបស់ខ្លួន

ដោយៈសុខុម

ប្រទេសចិន: ប្រេងបានធ្លាក់ថ្លៃហើយនៅថ្ងៃច័ន្ទ ទី១ វិច្ឆិកា បន្ទាប់ពីប្រទេសចិន ប្រកាសថា ខ្លួនបានបញ្ចេញស្តុកប្រេងសាំង និងប្រេងម៉ាស៊ូតដើម្បីជំរុញការផ្គត់ផ្គង់ដល់ទីផ្សារ ខណៈពេលបណ្ដាវិនិយោគិន កំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំ OPEC+ នៅថ្ងៃទី៤ វិច្ឆិកា ដ៏ខ្លីខាងមុខនេះ។

ទីភ្នាក់ងារជាតិគ្រប់គ្រងស្តុកស្បៀងអាហារ និងស្តុកទំនិញជាយុទ្ធសាស្ត្រ (National Food and Strategic Reserves Administration) របស់មហាយក្សចិន បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ប្រទេសចិន បានបញ្ចេញស្តុកប្រេងឥន្ធនៈទាំង២នេះ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់ទីផ្សារ និងដើម្បីរក្សាស្ថិរភាពតម្លៃក្នុងតំបន់មួយចំនួន។

ប្រេងឆៅក្នុងទីផ្សារអង់គ្លេស បានធ្លាក់ថ្លៃ២០សេន ឬស្មើនឹង០,២%មកនៅត្រឹម៨៣,៥២ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បន្ទាប់ពីឡើងថ្លៃ៦សេនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

ទន្ទឹមនេះប្រេងឆៅក្នុងទីផ្សារអាមេរិក បានធ្លាក់ថ្លៃ៣៧សេន ឬស្មើនឹង០,៤%មកនៅត្រឹម៨៣,២០ដល្លារអាមេរិក ក្នុងមួយបារ៉ែល ក្រោយឡើងថ្លៃ៧៦សេននៅក្នុងថ្ងៃដដែល។

ប្រេងនៅក្នុងទីផ្សារទាំង២នេះ បានធ្លាក់ថ្លៃកាលពីសប្តាហ៍មុន ដែលជាការធ្លាក់ថ្លៃប្រចាំសប្តាហ៍ជាលើកដំបូង ក្នុងរយៈពេល៨សប្តាហ៍ជាប់គ្នា សម្រាប់ទីផ្សារប្រេងអង់គ្លេស និងជាការធ្លាក់ថ្លៃលើកដំបូង ក្នុងរយៈពេល១០សប្តាហ៍ជាប់គ្នា សម្រាប់ទីផ្សារប្រេងអាមេរិក។

លោក Hiroyuki Kikukawa អ្នកគ្រប់គ្រងទូទៅផ្នែកសិក្សាស្រាវជ្រាវនៅក្រុមហ៊ុនមូលបត្រជប៉ុន Nissan Securities បានលើកឡើងថា “បណ្ដាវិនិយោគិនកំពុងកែសម្រួលស្ថានភាព ក្រោយពីលេចឮដំណឹងថាប្រទេសចិន បានបញ្ចេញស្តុកប្រេងឥន្ធនៈ និងនៅមុនកិច្ចប្រជុំ OPEC+”។

ពិភពលោកកំពុងតែចោលក្រសែភ្នែកសម្លឹងមើល និងរង់ចាំអ៊ុតលទ្ធផលនៃកិច្ចប្រជុំ OPEC+ (សមាគមនៃប្រទេសនាំចេញប្រេង (OPEC) + រុស្ស៊ី និងបណ្ដាសម្ព័ន្ធមិត្ត) នៅថ្ងៃទី៤ វិច្ឆិកា ដ៏ខ្លីខាងមុខនេះ ដែលក្រុមអ្នកវិភាគរំពឹងថា ភាគីដែលចូលរួមប្រជុំនឹងប្រកាន់ខ្ជាប់នូវផែនការរបស់ពួកគេ ក្នុងការបន្ថែមការផ្គត់ផ្គង់ប្រេង ឱ្យបាន៤០០.០០០បារ៉ែលក្នុងមួយថ្ងៃនៅខែធ្នូ ចុងឆ្នាំនេះ៕  Reuters៕

សម្តេចតេជោៈវិស័យសំណង់គំរោងបុរីធំៗបាននិងកំពុងបន្តសាងសង់

         ដោយៈសិរី ជេស៊ីកា

         ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា វិស័យសំណ​ង់ គម្រោងធំៗនៅតែដំណើរការសាងសង់ និងដំណើរការល្អប្រសើរ និងបន្តលក់ដាច់ជាបន្តបន្ទាប់។

សម្តេចតេជោបានថ្លែងក្នុងពិធីបិទយុទ្ឋនាការចាក់វ៉ាក់សាំងដូសទី១ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា ពីមុនខ្មែរមានលុយ បានយកទៅដាក់នៅធនាគារនៅក្រៅ​ប្រទេស ប៉ុន្តែឥលូវយកទៅដាក់នៅធនាគារក្រៅប្រទេសមិនបានទេ ហើយតាមព៌តមានពីសមាគមធនាគារកម្ពុជាបានឲ្យដឹងថា សាច់ប្រាក់ដែលធនាគារកំពុងមាន គឺមានទំហំ៣៧ពាន់លានដុល្លារ តែខ្វះអ្នកខ្ចី។

សម្តេចបន្តថា “អញ្ចឹងអ្នកមានលុយនៅក្នុងស្រុក មិនយកលុយទៅវិនិយោគនៅក្រៅប្រទេសដូចមុនទេ លុយហ្នឹងគឺគាត់ដាក់ក្នុងធនាគារក្នុងស្រុក”។ សម្តេចបន្តថា “គ្រួសារមួយៗបានទិញផ្ទះទុក ខ្លះទិញទុកលក់យកចំណេញនៅពេលឡើងថ្លៃ ប៉ុន្តែខ្លះទៀតគេសម្លឹងថា បើមានកូន៥ គេទិញទុកឲ្យកូនគេ អញ្ចឹងវាល្អសម្រាប់សេដ្ឋកិច្ច វិស័យ​សំណង់នៅតែល្អ”។

សម្តេចតេជោហ៊ុន សែនបានបន្តថា ក្រុមហ៊ុនជីប ម៉ុង ប៉េង ហ៊ួត ពិភពថ្មី និងបណ្តាក្រុមហ៊ុនសំណង់ដទៃទៀត គឺកំពុងសាងសង់បន្ត អត់មានថ្ងៃឈប់ គឺខ្វះទាំងកម្មករទៀតផង៕

រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន៥បន្ថែមទៀត

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គចំនួន៥ទៀតនាពេលខាងមុខនេះ ប៉ុន្តែស   ម្តេចមិនទាន់បញ្ជាក់ថានឹងសាងសង់នាពេលណានៅឡើយទេ។

សម្តេចបានមានប្រសាសន៍ក្នុងពិធីបញ្ចប់យុទ្ឋនាការចាក់វ៉ាក់សាំងដូសទី១ នៅវិមាន​សន្តិភាពនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា រដ្ឋាភិបាលបានមានគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គចំនួន៥ បន្ថែមទៀត តែដោយសារបញ្ហាកូវីដ១៩ រដ្ឋាភិបាលបានបង្វែរថវិការមកចំណាយលើកូវីដ១៩។

សម្តេចមានប្រសាសន៍ថា “ស្ពានឆ្លងកាត់ទន្លេមេគង្គ យ៉ាងច្រើនអស់៥០០លាដុល្លារចុះ ស្ពានឆ្លងកាត់ទន្លេបាសាក់មួយអស់ពី៣០ ទៅ៤០លានលានដុល្លារ ស្ពានបេតុងហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រឡាយទឹកដាក់ផ្ទុះដូចមីនអញ្ចឹង”។

សម្តេចបានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលនឹងប្រឹងប្រែង រាប់បញ្ចូលទាំងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏មានការគាំទ្រដំណើរការចាក់វ៉ាក់សាំងដល់កម្ពុជាផងដែរ។ តែកម្ពុជាមិនទាន់ចាយលុយរបស់ចំណែកនេះទេ។ កម្ពុជាមានលទ្ធភាពចំណាយ”៕

 

សម្តេចតេជោៈកិច្ចព្រមព្រៀងRCEPនឹងចូលជាធរមាននៅខែមករាឆ្នាំ២០២២ខាងមុខ

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កិច្ចព្រមព្រៀ​ងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ(RCEP) នឹងចូលជាធរមាននៅខែមករាឆ្នាំ២០២២ខាងមុខនេះ។

សម្តេចបានមានប្រសាសន៍ ក្នុងពិធីថ្លែងសារពិសេស នាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខា ហេតុនេះមិនគួរនិយាយពីបញ្ហាEBA ដែលដកចេញពីកម្ពុជា២០ភាគរយនោះទេ។

សម្តេចបន្តថា “ខ្ញុំមិនយកអធិបតេយ្យជាតិ ដូរជាមួយជំនួយនោះទេ ហេតុនេះការដកEBAមិនបញ្ហានោះទេ ការដក២០ភាគរយ កម្ពុជាមិនស្លាប់ទេ ខណៈដែលប្រទេសជាច្រើនកំពុងរងផលប៉ះពាល់ ប៉ុន្តែកម្ពុជាកំពុងទទួលផល ដោយប្រទេសមួយចំនួនរងផលប៉ះពាល់”។សម្តេចបន្តថា “ការដកEBAពីកម្ពុជា ក៏ប្រជាជនខ្លួនឯងរងគ្រោះផងដែរ ព្រោះបើពីមុនលក់១០០ដុល្លារ គឺត្រូវបន្ថែម២០ដុល្លារ”។

សម្តេចតេជោហ៊ុន សែនបានបន្តថា ប្រទេសបង់ក្លាដេស វៀតណាម ភូមាជាដើម​សុទ្ឋតែរងផលប៉ះពាល់ ប៉ុន្តែការបញ្ជាទិញបានបង្វែរមកកម្ពុជា ជាក់ស្តែងអាចមានរោងចក្រជាច្រើនបានមកបើកនៅកម្ពុជាអំឡុងវិបត្តិកូវីដ១៩នេះ៕

សម្តេចតេជោអនុញ្ញាត្តឲ្យអ្នកធុរកិច្ចធ្វើចត្តាឡីស័កតែ១សប្តាហ៍នៅផ្ទះ ពេលត្រលប់ មកពីបរទេសវិញ

         ដោយៈ សហការី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាត ឲ្យអ្នកធុរកិច្ចរបស់កម្ពុជា ដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកកម្ពុជាវិញ អាចធ្វើចត្តាឡីស័កនៅតាមផ្ទះបាន ដោយចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។

សម្តេចតេជោបញ្ជាក់ថា ឥឡូវនេះអ្នកធ្វើធុរកិច្ចខ្មែរយើងមកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅសណ្ឋាគារនាំតែពិបាកទេ អ្នកណាដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះឲ្យទៅ ដោយមិនចាំបាច់សុំច្បាប់ដល់ខ្ញុំទេ ចាប់អនុវត្តពីថ្ងៃនេះតែម្តង។ លោកបន្តថា អ្នកធុរកិច្ចតម្រូវឲ្យធ្វើចត្តាឡីស័កតែ៣ថ្ងៃទេ ហើយយើងគិតទាំងអ្នកធុរកិច្ចទាំងក្នុងស្រុក និងមកពីក្រៅ

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការអនុញ្ញាតនេះនឹងសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា ខណៈដែលអ្នកធ្វើធុរកិច្ចមិនចំណាយពេលវេលាយូរ។

សម្តេចតេជោក៏បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏កំពុងតែពិចារណាផងដែរ ក្នុងការកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរចូលកម្ពុជា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ ដោយឡែកអ្នកមិនទាន់ចាក់វ៉ាក់សាំង នៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសបើកដំឡើងការសង្គម សេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ លើគ្រប់វិស័យ និងការរស់នៅតាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌធ្វើដំណើរ កាអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរមកកម្ពុជាតាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ ចូលមកកាន់កម្ពុជា ដូចខាងក្រោម

ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួ​យៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្ម នៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)។

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែកត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ៕

 

ដំណឹងរីករាយៈសម្ដេចតេជោហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ

ដោយៈ សុផារី

ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រា​ប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការប្រកាសបើកដំណើរការប្រទេសកម្ពុជាឡើងវិញនិងការរស់នៅកូវីដ១៩ ដោយសារកត្តាចំនួន៤ដូចជា ទី១. អត្រាចាក់វ៉ាក់សាំង: កម្ពុជាសម្រេចបានជោគជ័យ លើការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញ ក្នុងដូសជម្រុញចាក់បានជិត២លាននាក់។ នេះកាត់បន្ថយអត្រាមរណភាពនិងការវិវត្តន៍ឈានទៅកាន់ធ្ងន់ធ្ងរឬការឆ្លង។

ទី២ កម្ពុជាបាននិងកំពុងបញ្ជាទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពីសហរដ្ឋអាមេរិកចំនួន៥ម៉ឺន ដែលមានតម្លៃសរុប២,៥លានដុល្លាសហរដ្ឋអាមេរិក។

សម្តេចបានមានប្រសាសន៍ថា “របស់នរណាក៏ដោយឱ្យតែមានប្រសិទ្ធភាព អាចជួយជីវិតប្រជាជនខ្មែរបាន យើងទិញ”។ សម្តេចបានបន្តថា “ដូច្នេះមិនមានអ្វីសូញសាញទេបញ្ជាទិញ។

៣. តាមរយៈបទពិសោធន៍កន្លងមក អាជ្ញាធរមានការយល់ដឹងកាន់តែច្បាស់អំពីជំងឺនេះនិងអំពីរបៀបគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះក្នុងទ្រង់ទ្រាយធំ។

៤. បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើន បានយល់ដឹងកាន់តែច្រើនអំពីជម្ងឺកូវីដ១៩ ក៏ដូចជារបៀបការពារខ្លួន និងការរស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី និងរបៀបនៃការព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះដោយខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែនបានថ្លែងថា ក្នុងរយៈពេល២ឆ្នាំនេះ ឧស្សាហកម្មដំណើរការធម្មតា មិនត្រឹមតែធម្មតាសម្រាប់រោងចក្រចាស់ទេ រោងចក្រថ្មីចូលមកថែមទៀត បង្កើ​តការងារបានមិនតិចទេ វិស័យកសិកម្មផលិតបានលើសផែនការកំណត់ កម្ពុជាមិនខ្វះស្រូវអង្ករទេ វិស័យកសិកម្ម តែបញ្ហាសេវាកម្ម ការលក់ដុំលក់រាយ បាត់បង់ធំបំផុតគឺទេសច​រណ៍”៕

បុរីជីប៊ី រ៉េស៊ីដេនជាជម្រើសសំរាប់ការរស់នៅ និងការវិនិយោគល្អបំផុតក្នុងតំបន់

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ បុរីGB Residence ដែលកំពុងដំណើរការសាងសង់ និងលក់ជូននូវលំនៅដ្ឋានប្រណីត ជាច្រើនជម្រើសសម្រាប់ការរស់នៅ និងការវិនិយោគល្អបំផុតសម្រាប់អតិថិជន។

គំរោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីផ្សារទំនើប AEON Mall៣ ជាគម្រោងមានគុណភាព ដោយមានការសិក្សាយ៉ាងច្បាស់លាស់ ដោយមានការសាងសងតាមស្តង់ដាបច្ចេកទេសសំណង់ ប្រើប្រាស់សំភារះមានគុណភាពល្អ និងធានាប្រើបានរយះពេលយូរ និងផ្តល់នូវគេហដ្ឋានរចនាពោពេញដោយគុណភាព ប្រណិតភាព និងស៊ីវិល័យ។

ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទឹក ភ្លើង និងរុក្ខជាតិដើមឈើបៃតងខាងមុខផ្ទះ តាមបណ្តោយផ្លូវបុរី យ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។ ប្រព័ន្ធរំដោះទឹក ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ធ្វើអោយចរន្តទឹកហូរបានលឿនមិនរាំងស្ទះ។

ទន្ទឹមនឹងនេះ បុរីក៏យកចិត្តទុកដាក់លើគ្រប់ចំណុច នៃការសាងសង់ ចាប់ពីផ្នែកមូល​ដ្ធានគ្រឿងបង្គំ នៃសំណង់រហូតដល់ការងារដេកគ័រ បំពាក់គ្រឿងទាន់សម័យ និងសន្សំ​សំចៃភ្លើនិងគុណភាព ក៏ដូចជាសោភ័ណភាពដ៏ស្រស់ស្អាត នៃគម្រោងទាំងមូលដែរ​។

អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវ បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា លោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណិតភាព និងភាពស៊ីវិល័យ ដោយសារមើលឃើញសក្តានុពល និងភាពរីកចំរើនដ៏ឆាប់រហ័សនៅជុំវិញតំបន់នេះ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយមិនឆ្ងាយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុកភាព”។

☎️ ទំនាក់ទំនងលេខទូរសព្ទ៖ 077/070/066 363 005 សម្រាប់ការសាកសួរព័ត៌មានបន្ថែម និងការណាត់ជួប។

📍 ទីតាំង: ស្ថិតនៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ មានចម្ងាយត្រឹមតែ២.៤គមប៉ុណ្ណោះពីរង្វង់មូលកួរស្រូវ ។ https://maps.app.goo.gl/wBoNnmoPBP1GDb4r9៕

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways គ្រោងចាប់ផ្ដើមជើងហោះហើរផ្ទាល់ទៅកាន់ក្រុងឡុងដ៍ នៅដើមឆ្នាំ២០២២

ដោយ សុខុម

ហាណូយ: ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់ប្រទេសវៀតណាម បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៣១ តុលា ថា ខ្លួននឹងបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់រវាងទីក្រុងធំៗ២នៃប្រទេសនេះ និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចាប់ពីឆ្នាំក្រោយនេះទៅ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣១ តុលា ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានឱ្យដឹងថា ជាដំបូងខ្លួននឹងធ្វើការហោះហើរទៅមកចំនួន៦ជើងក្នុងមួយសប្តាហ៍ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ ដោយតភ្ជាប់ក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងក្រុងហាណូយ ជាមួយទីក្រុងឡុងដ៍។

ក្រុមហ៊ុននេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួននឹងដំណើរការយន្តហោះធុន Boeing 787-9 Dreamliner សម្រាប់ផ្លូវថ្មីទាំងនេះ។

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ Bamboo Airways ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក៏ធ្លាប់បានប្រកាសដែរថា ខ្លួនគ្រោងដំណើរការជើងហោះហើរផ្ទាល់វៀតណាម-អាមេរក ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំនេះផងដែរ៕ Reuters៕

តើមេដឹកនាំចិនលើកឡើងអ្វីខ្លះជុំវិញភាពមិនប្រាកដប្រជាទាក់ទងនឹងការងើបឡើងវិញនូវសេដ្ឋកិច្ចសកលដែលកំពុងមានភាពមិនច្បាស់លាស់?

ដោយៈសុខុម

ហុងកុង: កាលពីដើមខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook) របស់ខ្លួនបានបន្ទាបការព្យាករអំពីកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២១ មកនៅត្រឹម៥,៩% ហើយព្រមានថា ការងើបឡើងវិញនៃសេដ្ឋកិច្ច កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ណាស់។

ក្រុមមេដឹកនាំនៃសេដ្ឋកិច្ចធំបំផុតទាំង២០ (G 20) របស់ពិភពលោកបានជួបប្រជុំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍ ទី៣០ តុលា ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យកិច្ចការកោះប្រជុំនេះ មានដំណើរការខ្លាំងឡើងវិញ គឺដូចពេលមួយដែលពួកគេបានរៀបចំកិច្ចប្រជុំកំពូលដល់ទៅ២ដងក្នុងមួយឆ្នាំ មិនយូរប៉ុន្មានក្រោយពីផ្ទុះវិបត្តិហិរញ្ញវត្ថុភិភពលោកក្នុងឆ្នាំ២០០៨។

ប្រទេសចិន ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនដ៏សំខាន់ នៃសេដ្ឋកិច្ចពិភពលោក បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ បរិយាប័ន្នភាព និងការអភិវឌ្ឍបៃតង នៅឯកិច្ចប្រជុំកំពូលលើកទី១៦ នៃក្រុមមេដឹកនាំប្រទេស G20។

*កិច្ចសហប្រតិបត្តិការប្រឆាំងការាតត្បាតវីរុសកូវីដ-១៩
មហាយក្សចិន ស្នើឱ្យ IMF ផ្ដោតលើការអភិវឌ្ឍសកល ដោយដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច ដែលពិភពលោកប្រឈម ខណៈពេលដែលវីរុសកូវីដ-១៩ កំពុងតែវាយលុកពិភពលោកនៅឡើយ។ កិច្ចសហប្រតិបត្តិការផ្នែកវ៉ាក់សាំង ទូទាំងពិភពលោកត្រូវបានប្រធានាធិបតីចិន លោកស៊ី ជីនពីង ផ្ដល់អាទិភាពខ្ពស់អំឡុងសុន្ទរកថារបស់លោក តាមរយៈ Video Conference ក្នុងសម័យប្រជុំដំបូងនៃកិច្ចប្រជុំកំពូលនោះ។

លោកបានស្នើគំនិតផ្តួចផ្តើមសកម្មភា ពកិច្ចសហប្រតិបត្តិការវ៉ាក់សាំងសកល (Global Vaccine Cooperation Action) ដែលមាន៦ចំណុច ដោយផ្តោតលើកិច្ចសហប្រតិបត្តិផ្នែកការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង ការចែកចាយវ៉ាក់សាំងដែលមានលក្ខណៈត្រឹមត្រូវជាងមុន ការលះបង់កម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងកូវីដ-១៩ ការធ្វើពាណិជ្ជកម្មវ៉ាក់សាំងដោយរលូន ការទទួលស្គាល់ទៅវិញទៅមកនូវវ៉ាក់សាំង និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កិច្ចសហប្រតិបត្តិការសកលផ្នែកវ៉ាក់សាំង។

អង្គការសុខភាពពិភពលោក (WHO) បានកំណត់គោលដៅ២ ដើម្បីដោះស្រាយការរីករាលដាលវីរុសកូវីដ-១៩ នោះគឺការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច៤០%នៃចំនួនប្រជាជនពិភពទូទាំងលោក នៅត្រឹមដំណាច់ឆ្នាំនេះ និងបង្កើនវាឱ្យឈានដល់៧០%នៅពាក់កណ្តាលឆ្នាំ២០២២។

ប្រទេសចិន បានផ្តល់វ៉ាក់សាំងជាង១,៦ពាន់លានដូស សម្រាប់ជាង១០០ប្រទេស និងអង្គការអន្តរជាតិនានារហូតមកទល់ពេលនេះ។

លោក ស៊ី ជីនភីង បានបញ្ជាក់ថា ប្រទេសចិន នឹងផ្តល់វ៉ាក់សាំងសរុបឱ្យបានជាង២ពាន់លានដូស សម្រាប់ពិភពលោកសម្រាប់ពេញមួយឆ្នាំ២០២១នេះ ហើយថា ប្រទេ​សចិន កំពុងដំណើរការផលិតវ៉ាក់សាំងរួមគ្នាជាមួយប្រទេសចំនួន១៦។

*ការកសាងសេដ្ឋកិច្ចពិភពលោកបើកចំហ
នៅក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រធានាធិបតី ស៊ី ជីនពីងបានសង្កត់ធ្ងន់ថា ក្រុមប្រទេស G20 គួរតែផ្តល់អាទិភាព លើការអភិវឌ្ឍការសម្របសម្រួលគោលនយោបាយម៉ាក្រូ ដោយអំពាវនាវឱ្យការអភិវឌ្ឍសកល ត្រូវបានធ្វើឡើងដោយសមធម៌ មានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្នជាងមុនដើម្បីធានាថា គ្មានប្រទេសណាមួយត្រូវគេទុកចោល។

លោកស៊ី ជីនពីងបានថ្លែងថា “បណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន គួរតែបំពេញការសន្យារបស់ខ្លួន លើជំនួយអភិវឌ្ឍន៍ផ្លូវការ ហើយផ្តល់ធនធានបន្ថែមទៀតសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍”។

ទន្ទឹមនេះលោកក៏បានស្វាគមន៍ ការចូលរួមយ៉ាងសកម្មរបស់ប្រទេសជាច្រើនទៀតនៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (Global Development Initiative) ផងដែរ។

លោក ស៊ី ជីនពីង បានបន្ថែមទៀតថា គំនិតផ្តួចផ្តើមនេះ គឺមានភាពស៊ីគ្នាយ៉ាងខ្លាំងជាមួយនឹងគោលដៅ និងអាទិភាពរបស់ក្រុមប្រទេស G20 នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍសកល។

*ការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍន៍បៃតង
ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ លោក ស៊ី ជីនពីង បានជំរុញឱ្យបណ្ដាប្រទេសអភិវឌ្ឍន៍ដឹកនាំជាគំរូគេ លើការកាត់បន្ថយការបំភាយឧស្ម័ន។ លោកលើកឡើងថា ប្រ​ទេសនានា គួរតែជួយជ្រោមជ្រែងពេញទំហឹង នៅក្នុងការដោះស្រាយការលំបាក និងក្ដីបារម្ភនានា របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប្តេជ្ញាផ្ដល់ហិរញ្ញប្បទានអាកាសធាតុ និងផ្តល់បច្ចេកវិទ្យា ការកសាងសមត្ថភាព និងការគាំទ្រផ្សេងទៀត សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

លោកបន្តថា “នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យនៃ COP26 (សន្និសីទអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ) នាពេលដ៏ខ្លីខាងមុខ”។

ជាច្រើនលើកច្រើនសាមកហើយដែលលោក ស៊ី ជីនភីង បានលើកឡើងឆ្លុះបញ្ចាំងពីទស្សនៈរបស់ប្រទេសចិន ចំពោះការគ្រប់គ្រងបញ្ហាអាកាសធាតុពិភពលោក និងបានសម្តែងការគាំទ្រ ពេញទំហឹងរបស់ប្រទេសចិន ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានសម្រួល ឱ្យមានវឌ្ឍនភាពធំធេងនៅកម្រិតពិភពលោក៕ CGTN៕