សម្តេចតេជោអញ្ជើញបើកការដ្ឋានសាងសង់និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នៅថ្ងៃនេះ

0

ដោយៈ សុធារី

ព្រះសីហនុៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងមានប្រវែង១៤៨គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាសរុប ប្រមាណ ៦៥,១៤លានដុល្លារអាមេរិក។

គំរោងនេះស្ថិតក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយ ផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិលរហូតដល់ក្រុងខេមរ ភូមិន្ទខេត្តកោះកុង។

គម្រោងនេះ រួមមាន ផ្លូវ២គន្លងមានប្រវែង១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រនិងផ្លូវ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រទទឹងចាប់ពី១៨,៥ម៉ែត្រដល់២១,៥ម៉ែត្រ។ ផ្លូវនេះមានចំណុចប្រសព្វចំនួន៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួល រួមមាន ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែក ចូលទៅព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន KCI & KECC Joint Venture។

ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់ រួចម្តងមកហើយកាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០០៨។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់(DBST) មាន២គន្លងប្រវែងសរុប១៥០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនថៃ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ ក្នុងនោះរាជរដ្ឋាភិបាលថៃក៏បានផ្តល់ ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។

កន្លងមកផ្លូវនេះ ត្រូវបានសាងសង់ជាប្រភេទផ្លូវកៅស៊ូ ពីរស្រទាប់ (DBST) នេះ មានអាយុកាលជាមធ្យមពី៥ឆ្នាំទៅ៨ឆ្នាំ ប្រសិនបើមានការថែរទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ហើយការសម្រេចសាងសង់ផ្លូវជាតិនេះ ជា២គន្លងនៅក្នុងអំឡុងពេលនោះ គឺផ្អែកលើចំនួនចរាចរណ៍ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទនិងអ្នកដំណើរឆ្លងកាត់ដែលមានចំនួនតិចនៅឡើយ គឺសរុបប្រមាណត្រឹមតែជាង ៥០០គ្រឿង/ថ្ងៃ ប៉ុណ្ណោះរួមមាន យានយន្តប្រមាណជាង៣០០គ្រឿងនិងទោចក្រយានយន្តប្រមាណជាង ២០០គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here