គន្លឹះក្នុងការជ្រើសរើសភ្នាក់ងារអចលនទ្រព្យឱ្យបានត្រឹមត្រូវ

ដោយ: ម៉ាលីស

ភ្នំពេញ៖ ភ្នាក់ងារអចលនទ្រព្យមានតួនាទីសំខាន់ណាស់នៅក្នុងការចរចា សម្របសម្រួល អន្តរាគមន៍ និងបម្រើសេវាកម្មដ៏ល្អឥតខ្ចោះមួយ ទៅដល់ភាគីទាំងសងខាង ទាំងអតិថិជន និងម្ចាស់អចលនទ្រព្យ។ លោក អ៊ួន សារ៉ាត់ បានចែករំលែកគន្លឹះក្នុងការជ្រើសរើសឱ្យបានភ្នាក់ងារអចលនទ្រព្យក៏ល្អ យោងតាមសៀវភៅ “ភាពឆ្លាតវៃក្នុងរឿងអចលនទ្រព្យ” ដោយពិចារណាទៅដល់ចំណុចមួយចំនួនដូចជា៖

១. ត្រូវមើលទៅលើភាពល្បីល្បាញនៃក្រុមហ៊ុន

ជាទូទៅ ក្នុងប៉ុន្តែមានភាពល្បីល្បាញភាគ៣ បានបង្ហាញអំពីស្នាដៃមានសមត្ថភាពសមិទ្ធផលរបស់ពួកគេមានភាពរីកចម្រើនយើងអាចនិយាយថាបើ វាមិនរីកចម្រើនគឺមិនល្បីឡើយ ហើយបើមិនរីកចម្រើន គឺវាបញ្ជាក់ថាអ្វីអន់ៗ ដូចជាសេវាកម្មអន់ ការទំនាក់ទំនងអន់ សមត្ថភាពអន់ និងលទ្ធផលក៏អន់ដែរ បើសិនជាអ្វីក៏អន់ អញ្ចឹងដូច្នេះនោះមិនមែនជាក្រុមហ៊ុនឬភ្នាក់ងារត្រឹមត្រូវ ដែលអ្នកគួរជ្រើសរើសនោះទេ។

២. ភាពស្របច្បាប់
ក្រុមហ៊ុនឬភ្នាក់ងារអចលនទ្រព្យនោះត្រូវតែមានភាពស្របច្បាប់ទទួលបានការអនុញ្ញាតពីក្រសួងមន្ទីរឬស្ថាប័នដែលមានការពាក់ព័ន្ធ ហើយការទទួលស្គាល់នោះមិនមែនតែជាការនិយាយនោះទេគឺត្រូវតែមានការលិខិតបញ្ជាក់ច្បាស់លាស់ត្រឹមត្រូវទោះយ៉ាងណា យើងត្រូវពិនិត្យអង្កេតនិងស្រាវជ្រាវឲ្យបានហ្មត់ចត់ អំពីហត្ថលេខា ចំណារនិងត្រាពីព្រោះថាជាបទពិសោធន៍ក្នុងនោះ មានការបន្លំហត្ថលេខាចំណារនិងការដែលធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមាននិងការខាតបង់ផលប្រយោជន៍របស់អតិថិជនជាច្រើន។

៣. ការទទួលស្គាល់
ការទទួលស្គាល់សំដៅទៅលើការទទួលស្គាល់គុណភាពឬស្នាដៃ ដែលមានការវាយតម្លៃពី ក្រសួងស្ថាប័នដែលមានកិត្តិនាមទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ។ យើងអាចអាចមើលទៅលើលិខិត សារលិខិត ពានរង្វាន់ដែលក្រុមហ៊ុននោះទទួលបាន ហើយបើកក្រុមហ៊ុននោះទទួលបានកាន់តែច្រើន កាន់តែប្រសើរ។ ជាទូទៅមនុស្សស្ថាប័ន ណាមួយ ផ្តល់ពានរង្វាន់ ដល់ក្រុមហ៊ុនណាមួយ ឬបុគ្គលណាមួយ គេសុទ្ធតែឆ្លងកាត់ ការវាយតម្លៃជាច្រើនដំណាក់កាល ដើម្បីមានភាពសុក្រឹត ពីព្រោះគេក៏មិនចង់ឱ្យស្ថាប័នរបស់គេអាប់មាត់ដែរ ទោះជាយ៉ាងណាក៏ដោយក៏វានៅតែពុំគ្រប់គ្រាន់ក្នុងការថ្លឹងថ្លែង ប្រកបដោយសុភវិនិច្ឆ័យនោះដែរ។ យើងត្រូវស្វែងយល់ពីកត្តាពាក់ព័ន្ធផ្សេងៗទៀតតាមដែលអាចធ្វើបាន។

៤. រយៈពេលដែលឈរជើង
រយៈពេលដែលមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងការពិតពីព្រោះវាឆ្លងកាត់នូវបទពិសោធន៍ ពេលវេលា គឺជាបទពិសោធន៍ ក្រុមហ៊ុនណាដែលអាចឈរជើងបានយូរបញ្ជាក់ថា ក្រុមហ៊ុនឆ្លងកាត់បទពិសោធន៍កាន់តែច្រើនជួបរឿងច្រើន ជួបមនុស្សច្រើនជួបអចលនទ្រព្យច្រើនដឹងរឿងច្រើន មានគំនិតច្រើន មានបទពិសោធន៍ច្រើន មានចំណេះដឹងច្រើន។ ដែលល្មមបញ្ជាក់ឲ្យយល់ដឹងអំពីសមត្ថភាពពិតប្រាកដរបស់ក្រុមហ៊ុននោះ ភាគច្រើនក្រុមហ៊ុនដែលមានរយៈពេល ឈរជើងកាន់តែយូរគេអាចបម្រើសេវាកម្មបានកាន់តែល្អ៕

មេដឹកនាំអាស៊ាន សម្រេចបានសេចក្តីថ្លែងការណ៍៩ចំណុចក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩

ដោយ៖ សុផារី

អាស៊ាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ « យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈ យើងរីកចម្រើនទៅមុខ‍‍‍‌‌» បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៦តុលានេះហើយ តាមរយ:ប្រព័ន្ធវីដេអូអនឡាញ ដែលព្រះរាជាណាចក្រប៊្រុយណេដារុសសាឡាម ធ្វើជាម្វាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។
ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សា ទៅលើរបៀបវារៈដែលគ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារៈសំខាន់ៗ ចំនួន២ ក្នុងនោះរួមមានទី១ ការកសាងសហគមន៍អាស៊ាន និងទី២ ការឆ្លើយតបនឹងជំងឺកូវីដ-១៩។

ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំ អាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួន២ ទី១ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន, ទី២ការផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់និងអន្តរជាតិ។

មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាលនៃជំងឺនោះបានប្រកបដោយប្រសិទ្ធភាព នាពេលដ៏ខ្លីខាងមុខ។ ជាទិសដៅទៅមុខ ការងារសំខាន់បន្តនិងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍន៍វិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។

នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការ លើកកម្ពស់ពហុភាគីនិយម មាន៩ចំណុច ក្នុងនោះ

១-រំលឹកឡើងវិញពីតម្រូវការរបស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និង ភាពរឹងមាំ ក្នុងការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម។

២-បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយ ជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរការផ្នែកច្បាប់និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជា ជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

៣-ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយស្ថាបនារបស់ អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយៈយន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងភាពជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព បរិយាបន្ន និងផ្អែកលើវិធានការច្បាប់ ដោយមានអាស៊ាននៅចំកណ្តាល។

៤-បញ្ជាក់ជាថ្មីអំពីគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ជាមគ្គទេសក៏ សំរាប់ការ ចូលរួមរបស់អាស៊ាន ក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា។

៥- រំលឹកឡើងវិញអំពីការគាំទ្រដ៏រឹងមាំ របស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយៈ ការចូលជាធរមានឲ្យបានឆាប់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តន៍ឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ។

៦-លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នាលើការ ដោះស្រាយ បញ្ហាអន្តរវិស័យដូចជា សកម្មភាពផ្នែកអាកាធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ដើម្បីដោះស្រាយ ផលប៉ះពាល់រួម និងផលវិបាកនៃបញ្ហាប្រឈម ដែលមានទំនាក់ទំនងរវាងគ្នានេះ។

៧- ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកែលម្អ នៃប្រព័ន្ធសុខភាពសាធារណៈសកលរបស់យើង និងឆ្ពោះទៅរកការធានាឲ្យបាននូវការទទួលបានថ្នាំប្រកបដោយសមធម៌ សម្រាប់ការ ព្យាបាលជំងឺកូវីដ-១៩ ដោយធ្វើឲ្យវ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈសកល អាចរកបាន និងមានតម្លៃ សមរម្យសម្រាប់មនុស្ស ទូទៅ។

៨- លើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើង នូវការសម្របសម្រួលបញ្ហាអន្តរវិស័យ និងឆ្លងសសរស្តម្ភ ឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍន៍ទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងពង្រឹងស្ថាប័ននានា របស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់បន្ថែមទៀត អំពីមជ្ឍភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឲ្យ ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅក្នុងតំបន់និងក្រៅតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

កម្ពុជាគ្រោងនឹងអនុវត្តន៍ផែនការវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៥នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ

ដោយ ៖វឌ្ឍនៈ

ភ្នំពេញ៖ ប្លង់មេនិងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ភូមិសាស្ត្រសង្កាត់ព្រែកត្នោតក្រុងបូកគោខេត្តកំពត ត្រូវបានដាក់ឆ្លងនិងអនុម័តនៅក្នុងកិច្ចប្រជុំពិនិត្យកាលពីថ្ងៃទី២៥ ខែតុលា២០២១ ដើម្បីជួយលើកម្ពស់ជីវភាព ប្រជាពលរដ្ឋ ។នេះបើតាមលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៦តុលា២០២១នេះ ។

លោកជឿជាក់ថា គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង និងមានជម្រើសកាន់តែច្រើន ចូលរួមបង្កើតការងារ និង បង្កើនជីវភាព ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។

លោកបន្តថា ទេសចរណ៍ធម្មជាតិជាផ្នែកមួយយ៉ាងសំខាន់ នៃទេសចរណ៍កម្ពុជា ហើយតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះដែលកំពុងត្រូវបានការពារបាន យ៉ាងល្អប្រសើរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងបរិការណ៍នៃការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះ។ ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋខ្មែរបានដើរកម្សាន្តច្រើន នៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងបាននាំចូលសេដ្ឋកិច្ចជាច្រើនទៅមូលដ្ឋាន និងបង្កើតការងារថ្មីជូនពលរដ្ឋ ដែលជាផ្នែកមួយនៃការចូលរួមពង្រឹងលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ។

លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានផ្តល់តម្លៃខ្ពស់ដល់តំបន់ទេសចរណ៍ធម្មជាតិ និងមានមោទកភាពចំពោះសម្បត្តិ ធនធានរបស់កម្ពុជា ជាពិសេសតាមរយៈដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា រូបភាព និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានចូលរួមកាន់តែខ្លាំងថែមទៀត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបានចូលរួមថែរក្សាការពារនូវទេសភាព និងសម្បត្តិធម្មជាតិទាំងនេះ សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុង វិបត្តិកូវីដ១៩នេះ ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកំពតកាន់តែច្រើននិងមានចំនួនច្រើនជាងគេក្នុងចំណោមខេត្តទាំងអស់របស់កម្ពុជា។ តាមរយៈកំណើនភ្ញៀវទៅកម្សាន្តនៅខេត្តកំពតនេះ បានធ្វើឱ្យការវិនិយោគនៅក្នុងខេត្តកំពតកាន់តែទទួលបានបានច្រើនឡើងទៅលើវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ រមណីយដ្ឋាន និងផ្ទះលំហែជាដើម៕

ការហក់ឡើងតម្លៃភាគហ៊ុនរបស់ Tesla រហូតដល់១ទ្រីលានដុល្លារជាលើកដំបូង ធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Elon Musk កើនឡើងទ្វេដង

សុខុម

សិង្ហបុរី: ការហក់ឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla លើសពី១ទ្រីលានដុល្លារអាមេរិក ជាលើកដំបូងកាលពីថ្ងៃច័ន្ទ ទី២៥ តុលា បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់កំពូលមហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុននេះកើនឡើងទ្វេដង ហើយលោកគឺជាម្ចាស់ភាគហ៊ុនធំបំផុតររបស់ក្រុមហ៊ុននេះ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃអង្គារ ទី២៦ តុលា នេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើនេះ បានហក់ឡើង១២,៧%ភ្លាមៗក្រោយពីធ្លាយដំណឹងថា ក្រុមហ៊ុន Tesla ទទួលបានការបញ្ជាទិញរថយន្តអគ្គិសនីធំបំផុតមិនធ្លាប់មានពីក្រុមហ៊ុនផ្ដល់សេវាកម្មជួលរថយន្ត Hertz គឺរហូតដល់ទៅ១០០.០០០គ្រឿង។

ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ទៅជិត១.០២៤,៨៦ដុល្លារអាមេរិក ក្នុង១ភាគហ៊ុននោះ ភាគហ៊ុន២៣%របស់លោក Elon Musk នៅក្នុងក្រុមហ៊ុន Tesla ដែលទើបតែមានតម្លៃលើទីផ្សាររហូតដល់១ទ្រីលានដុល្លារអាមេរិក នាពេលនេះបានឈានដល់ប្រមាណ២៣០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការឱ្យដឹងពី Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុពិភពលោក។

លើសពីនេះ លោក Elon Musk ក៏ជាម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX ជាក្រុមហ៊ុនឯកជនមួយដែលមានតម្លៃ១០០ពាន់លានដុល្លារអាមេរិក ផងដែរគិតត្រឹមខែតុលា នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ក្នុងឋានៈជានាយកប្រតិបត្តិ លោក Elon Musk មិនទទួលបានប្រាក់ខែទេនៅក្រុមហ៊ុន Tesla។ ទោះជាយ៉ាងណា លោកទទួលបានលក្ខខណ្ឌពិសេសដែលអនុញ្ញាតឱ្យលោកទិញយកភាគហ៊ុនក្រុមហ៊ុន Tesla ក្នុងតម្លៃត្រឹមតែ៧០ដុល្លារអាមេរិក ក្នុង១ភាគហ៊ុន ដែលជាការបញ្ចុះតម្លៃរហូតដល់ទៅជាង៩០%បើធៀបនឹងតម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុននេះ។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index បង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk បានកើនឡើងរហូតដល់២៨៨,៦ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃច័ន្ទ ទី២៥ តុលា ដោយកើនឡើង៣៦,២ពាន់លានដុល្លារអាមេរិក ក្រោយពីការហក់ឡើងតម្លៃភាគហ៊ុននេះ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអាមេរិក Morgan Stanley បានព្យាករកាលពីសប្ដាហ៍មុនថា លោក Elon Musk ដែលបច្ចុប្បន្នជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភលោក ជាមួយទ្រព្យសម្បត្តិប្រមាណ២៤២ពាន់លានដុល្លារអាមេរិក នឹងក្លាយជាកំពូលមហាសេដ្ឋីទ្រីលានដុល្លារ (Trillionaire) ដំបូងគេបង្អស់របស់ពិភពលោក៕ Reuters៕

ច្រកស្ទឹងបត់-បាណងអៀន៖ ច្រកអន្តរជាតិថ្មីមួយភ្ជាប់សេដ្ឋកិច្ចកម្ពុជានិងថៃ នឹងបើក ឱ្យដឹកជញ្ជូនទំនិញ នៅក្នុងខែមករា ឆ្នាំ២០២២

ដោយ៖ សុផារី

បន្ទាយមានជ័យ៖ ច្រកស្ទឹងបត់-បាណងអៀន ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងបើកឱ្យដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងលោក ជូរិន ឡាក់សាណាវីសិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណង ពន្លឿនដល់ការបើកច្រកនេះ។

ច្រកស្ទឹងបត់-បាណងអៀន គឺជាច្រកអន្តរជាតិថ្មីមួយ ដែលកម្ពុជា និងថៃ បានឯកភាពកសាងឡើង ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទុកសម្រាប់បម្រើការធ្វើដំណើររបស់អ្នកទេសចរ។ ដើម្បីបម្រើដល់ដំណើរការច្រកព្រំដែនអន្តរជាតិនេះ កម្ពុជានិងថៃបានសាងសង់ស្ពានឆ្លងកាត់ព្រំដែនមួយខ្សែ ហើយបានសាងសង់អគាររដ្ឋបាលផ្សេងៗសម្រាប់ផ្តល់សេវានៅច្រកមួយនេះ។

បច្ចុប្បន្នទាំងភាគីកម្ពុជា និងថៃ កំពុងពន្លឿនការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីផ្តល់សេវាលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ ការសាងសង់បានរួចរាល់ស្ទើរតែទាំងស្រុងហើយផងដែរ។
ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។

ភាគីថៃបានស្នើកម្ពុជាដើម្បីត្រៀមរៀបចំកុងតេនឺនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសម្រួលដល់ការបើកច្រកអន្តរជាតិស្ទឹងបត់-ណងអៀនជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០២២។

ការបើកច្រកស្ទឹងបត់-បាណងអៀននេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតំបន់ប៉ោយប៉ែតប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ៕

ហាងឆេងដីធ្លីក្នុងក្រុងបាងកក នៅតែបន្តហក់ឡើងថ្លៃក្នុងត្រីមាសទី៣ ទោះជាសេដ្ឋកិច្ចធ្លាក់ចុះក្ដី

ដោយ សុខុម

បាងកក: មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) របស់ថៃ បានទម្លាយឱ្យដឹងថា ហាងឆេងដីធ្លីក្នុងទីក្រុងបាងកក ប្រទេសថៃ នៅតែបន្តហក់ឡើងក្នុងត្រីមាសទី៣ ប៉ុន្តែមានសន្ទុះយឺតជាងអត្រាជាមធ្យមក្នុងរយៈពេល៥ឆ្នាំមកនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២៥ តុលា។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានថ្លែងថា ហាងឆេងដីធ្លីបានហក់ឡើងតែ០.៥%ប៉ុណ្ណោះក្នុងត្រីមាសទី៣ គឺទាបជាងឆ្ងាយបើធៀបទៅនឹងអត្រាកំណើនជាមធ្យម៤,១%សម្រាប់រយៈពេល៥ឆ្នាំអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។

លោកបានបន្ថែមទៀតថា “តម្លៃដីធ្លីនៅតែបន្តហក់ឡើងទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក្ដី។ ប៉ុន្តែអត្រាកំណើនទាបជាងអត្រាជាមធ្យមរយៈពេល៥ឆ្នាំសម្រាប់រយៈពេល៣ត្រីមាសជាប់ៗគ្នា ឬចាប់តាំងពីត្រីមាសទី១ ដើមឆ្នាំ២០២១ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ច”។

ទន្ទឹមនឹងនេះដែរ ការហក់ឡើងប្រចាំឆ្នាំនៃសន្ទស្សន៍តម្លៃដីនៅកណ្ដាលក្រុងបាងកក គឺ៧,៦%ក្នុងត្រីមាសទី៣ ដែលស្ទើរតែពាក់កណ្តាលនៃអត្រាកំណើនជាមធ្យម១៤,៨%សម្រាប់រយៈពេល៥ឆ្នាំនៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

លោក Vichai Viratkapan បានគូសបញ្ជាក់ថា មូលហេតុចម្បងមួយនៅពីក្រោយកំណើនយឺតនៃសន្ទស្សន៍តម្លៃដីនេះ គឺមកពីម្ចាស់ដីមួយចំនួនផ្អឹបដីទុកមិនព្រមលក់ចេញ ដោយរង់ចាំសេដ្ឋកិច្ចងើបឡើងវិញ ខណៈអ្នកខ្លះទៀតបង្ខំចិត្តលក់ដីចេញដើម្បីយកលុយទៅទ្រទ្រង់ដល់អាជីវកម្មស្នូលរបស់ពួកគេដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។

ដីធ្លីដែលហាងឆេងហក់ឡើងខ្ពស់ជាងគេគឺនៅដែលស្ថិតនៅក្នុងទីតាំងជិតបណ្ដាញផ្លូវដែក តំបន់ជុំវិញស្ថានីយផ្លូវដែកជាពិសេសក្នុងសង្កាត់ Nong Khaem និងសង្កាត់ Bang Kae។ តម្លៃដីនៅក្នុងតំបន់ទាំងនេះបានហក់ឡើងខ្ពស់ជាងគេរយៈពេល៤ត្រីមាសជាប់ៗគ្នា៕ Bangkok Post ៕

ដំណឹងល្អៈរដ្ឋាភិបាលគ្រោងបោះផ្សាយលក់សញ្ញាប័ណ្ណតម្លៃ៣០០លានដុល្លារនៅឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ (government bond) ជាលើកដំបូងក្នុងទំហំទឹកប្រាក់សរុប៣០០លានដុល្លារ ដើម្បីរកថវិកាមកគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រកាសកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅបានឲ្យដឹងថា ការលក់សញ្ញាប័ណ្ណ ឬមូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយពីអ្នកវិនិយោគដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។

រដ្ឋខ្ចីលុយពីអ្នកវិនិយោគ និងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។

ជាក់ស្ដែង ការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។ UNDP ក៏ធ្លាប់បានណែនាំថា កម្ពុជាគួរបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀលផងដែរ ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ។

យោងតាមក្រសួងសេដ្ឋកិច្ច ការលក់មូលបត្របំណុលរដ្ឋលើកដំបូងនេះ គឺជាការសាកល្បង ហើយសង្ឈឹមថា វានឹងជាការចូលរួមកាត់បន្ថយកម្ចីឥណទាន ពីក្រៅប្រទេស ដោយរាជរដ្ឋាភិបាល នឹងផ្តោតលើការគៀងគរប្រភពហិរញ្ញប្បទាន ពីខាងក្នុងប្រទេសវិញ។

ហិរញ្ញប្បទានពីការបោះផ្សាយមូលបត្ររដ្ឋ នឹងយកទៅប្រើបន្ថែមលើផែនការកម្ចីពីដៃគូឆ្នាំ២០២២ ក្នុងកម្រិត១៦០០លាន SDR (កញ្ចប់ថវិកាអន្តរជាតិរបស់ IMF) ឬប្រមាណ២.២០០លានដុល្លារ ដើម្បីគាំទ្រគម្រោងវិនិយោគ សាធារណៈប្រមាណ៣៥គម្រោង។

ក្រសួងសេដ្ឋកិចុ្ច និងហិរញ្ញវត្ថុបាមបញ្ជាក់ថា ការបោះពុម្ពផ្សាយលក់មូលបត្ររដ្ឋលើកដំបូង និងការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ៕

តើសេវាកម្មបីប្រភេទនៃអចលនវត្ថុគ្របដណ្តប់លើផ្នែកអ្វីខ្លះ?

ដោយៈ ម៉ាលីស

ភ្នំពេញៈនៅកម្ពុជាសព្វថ្ងៃ គេបែងចែក ប្រភេទសេវាកម្មអចនវត្ថុជា៣ប្រភេទ ដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅកម្ពុជា។

យោងតាមសៀវភៅ “វិថីអចលនទ្រព្យ” របស់ លោក គាម សៀកឡុង បានអោយដឹងថា ប្រភេទសេវាកម្ម អចលនវត្ថុ នីមួយៗមានដូចជា

១ សេវាកម្មវាយតម្លៃ:
សំដៅដល់សេវាកម្ម ដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រ​យោ​ជន៍ផ្សេងៗ ដែលតាំងនៅជាប់នឹងទ្រព្យនោះ ការវាយតម្លៃធ្វើឡើងដោយគោរពទៅតាមលក្ខខណ្ឌ ដូចមានកំណត់ ក្នុងលិខិតដែលផ្តល់អណត្តិតាមរយៈ ការចេញជារបាយការណ៍លាយលក្ខណ៍អក្សរដោយមាន បញ្ជាក់អំពីមតិយោបល់ របស់អ្នកវាយតម្លៃ ទៅលើលទ្ធផល នៃការវាយតម្លៃនោះ។

គោលបំណងនៃការវាយតម្លៃរួមមាន ទិញ លក់ គិតពន្ធ ទទួលប្រាក់កម្ចីពីធនាគារសំណង នៅពេល រដ្ឋដកហូតវិនិយោគនិងទទួលបន្ត។

២ សេវាកម្មភ្នាក់ងារអចលនវត្ថុ:
សំដៅដល់សេវាកម្ម ដែលធ្វើប្រតិបត្តិការលើអចលនវត្ថុ មានការទិញលក់ និងជួលអចលនវត្ថុ។

៣ សេវាកម្មគ្រប់គ្រងអចលនវត្ថុ:
សំដៅដល់សេវាកម្មដែលធ្វើការ គ្រប់គ្រងត្រួតពិនិត្យនិង ធ្វើប្រតិបត្តិការជួលអច​លនវត្ថុទាំងឡាយណា ដែលមានលក្ខណៈដូចជា អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ និងអគារនឬមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ក្នុងនាមនិងឬជំនួសម្ចាស់កម្មសិទ្ធិ អចលនវត្ថុនោះ ដែលទទួលបានមកវិញនូវថ្លៃសេវាវិជ្ជាជីវៈ។ ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងលើអចលនវត្ថុ ដែលត្រូវធ្វើអាជីវកម្ម ជាសណ្ឋាគារ ផ្ទះសំណាក់ រោងចក្រកំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្តពហុកីឡាដ្ឋាន មជ្ឈម​ណ្ឌលកីឡាមន្ទីរពេទ្យឡើយ។

ឧទាហរណ៍ ផ្ដល់សេវាគ្រប់គ្រងអគារសហកម្មសិទ្ធិ (ដែលយើងនិយមហៅថាខុនដូ) ណាមួយ រួមមានសេវាសន្តិសុខ ថែរទាំ និងសម្អាតចំណែករួម (ជណ្ដើរយន្ត កន្លែងហាត់ប្រាណ អាងហែលទឹក) និងប្រមូលប្រាក់ឈ្នួលប្រចាំខែ។ល៕

តើអាកាសយានដ្ឋានធំបំផុតទាំង១០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថិតក្នុងប្រទេសណាខ្លះ?

ដោយៈសុខុម

អន្តរជាតិ: អ្នកណាក៏ដឹងដែរថា អាកាសយានដ្ឋានគឺជាកន្លែងសម្រាប់យន្តហោះចុះចត ឬហោះឡើងទៅកាន់គោលដៅនានា។ ខណៈអាកាសយានដ្ឋានខ្លះ សម្រាប់ទទួលជើងហោះហើរក្នុងស្រុក អាកាសយានដ្ឋានខ្លះទៀត សម្រាប់ទទួលទាំងជើងហោះហើរក្នុងស្រុក និងជើងហោះហើរអន្តរជាតិដែលហោះឆ្លងប្រទេស ឬសូម្បីឆ្លងទ្វីប។

ប៉ុន្តែអ្នកដឹងទេថា តើអាកាសយានដ្ឋានដែលធំជាងគេបំផុតទាំង១០ ក្នុងពិភពលោ​កប្រចាំឆ្នាំ២០២១ ស្ថិតនៅក្នុងប្រទេសណាខ្លះ ហើយមានទំហំប៉ុណ្ណា? សូមអានព៌តមានខាងក្រោមនេះ។

*ចំណាត់ថ្នាក់លេខ១០
អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិមានទំហំ៣២,៤គីឡូម៉ែត្រការ៉េ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi International Airport) ដែលស្ថិតនៅក្នុងទីក្រុងបាងកក ត្រូវបានគេដឹងថាជាអាកាសយានដ្ឋានអន្តរជាតិ ធំជាងគេប្រចាំប្រទេសថៃ។

ដោយបើកដំណើរការក្នុងឆ្នាំ២០០៦ អាកាសយានដ្ឋាននេះ បច្ចុប្បន្នវាជាមជ្ឈមណ្ឌ​លអាកាសចរណ៍សំខាន់ សម្រាប់ក្រុមហ៊ុន Thai Airways ក្រុមហ៊ុន Thai Smile ក្រុមហ៊ុន Bangkok Airways និងក្រុមហ៊ុន Thai VietJet។ អាកាសយាដ្ឋាននេះ មាន៣ចំណត (Terminal) ដោយចំណតលេខ១ និងចំណតលេខ២ សម្រាប់ជើងហោះហើរអន្តរជាតិ ចំណែកឯចំណតលេខ៣ សម្រាប់តែជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ។

*ចំណាត់ថ្នាក់លេខ៩- អាកាសយានដ្ឋានអន្តរជាតិក្រុងគែរ ~ ៣៦.៣គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋានអន្តរជាតិក្រុងគែរ (Cairo International Airport) បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ១៩៤៥។ វាជាអាកាសយានដ្ឋានដែលមមាញឹកបំផុត ក្នុងប្រទេសអេហ្ស៊ីប និងជាមជ្ឈមណ្ឌលអាកាសចរណ៍ ដ៏សំខាន់របស់ក្រុមហ៊ុន Egypt Air និងក្រុមហ៊ុន Nile Air។ វាមាន៤ចំណត ដោយ៣ចំណត សម្រាប់ជើងហោះហើរអន្តរជាតិ និងមួយចំណតសម្រាប់ជើងហោះហើរក្នុងស្រុក។

*ចំណាត់ថ្នាក់លេខ៨- អាកាសយានដ្ឋានអន្តរជាតិសៀងហៃ ភូតុង ~៣៩,១គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋានអន្តរជាតិសៀងហៃ ភូតុង (Shanghai Pudong Airport) បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៩៩។ វាជាមជ្ឈមណ្ឌលអាកាសចរណ៍ ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Shanghai Airlines និងក្រុមហ៊ុន China Eastern Airlines។ វាមាន២ចំណតសំខាន់សម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ដោយចំណតទី៣ ត្រូវបានគ្រោងឡើងតាំងពីឆ្នាំ២០១៥។

*ចំណាត់ថ្នាក់លេខ ៧ – អាកាសយានដ្ឋានអន្តរជាតិ George Bush Intercontinental Airport ~ ៤០,៥គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ ត្រូវបានបើកដំណើរការក្នុងឆ្នាំ១៩៦៩ និងជាមជ្ឈមណ្ឌលអាកាសចរណ៍ធំបំផុតទី២ នៅសហរដ្ឋអាមេរិក ជាមួយនឹង៥ចំណតសម្រាប់ជើងហើរក្នុងស្រុក និងអន្តរជាតិ។

*ចំណាត់ថ្នាក់លេខ៦- អាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airport ~៤៧គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ បានបើកដំណើរការក្នុងឆ្នាំ២០១៩ ហើយបានក្លាយជាមជ្ឈ​មណ្ឌលអាកាសចរណ៍ដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិន ធំៗចំនួន៣រួមមានក្រុមហ៊ុន Air China ក្រុមហ៊ុន China Southern Airlines និងក្រុមហ៊ុន China Eastern Airlines។ វាមានចំណតតែមួយប៉ុណ្ណោះ ប៉ុន្តែចំណតនេះគឺជាចំណតតែមួយគត់ដែលធំបំផុតក្នុងពិភពលោក។

*ចំណាត់ថ្នាក់លេខ៥- អាកាសយានដ្ឋានអន្តរជាតិ Orlando International Airport – ៥០,៩គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៨១ និងជាមជ្ឈមណ្ឌលអាកាចរណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុន JetBlue ក្រុមហ៊ុន Southwest Airlines និងក្រុមហ៊ុន Spirit Airlines និងមាន២ចំណត។

*ចំណាត់ថ្នាក់លេខ៤- អាកាសយានដ្ឋានអន្តរជាតិ Washington Dulles International Airport ~ ៥២,៦គីឡូម៉ែត្រការ៉េ
ជាទូទៅ វាត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Dulles International Airport ដែលបានដំណើរការក្នុងឆ្នាំ១៩៦២។ វាជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់ដំបូងសម្រាប់សហរដ្ឋអាមេរិក ហើយវាមានចំណតធំ១ និងចំណតតូច២។

*ចំណាត់ថ្នាក់លេខ៣- អាកាសយានដ្ឋានអន្តរជាតិ Dallas/Fort Worth International Airport ~ ៦៩,៥គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៧៤ និងជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងមាន៥ចំណត។

*ចំណាត់ថ្នាក់លេខ២- អាកាសយានដ្ឋានអន្តរជាតិ Denver International Airport – ១៣៥,៧គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៩៥ និងជាមជ្ឈមណ្ឌលអាកាសចរណ៍សម្រាប់ក្រុមហ៊ុន United Airlines និងក្រុមហ៊ុន Frontier Airlines ហើយក៏ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុន Southwest Airlines ផងដែរ។ អាកាសយានដ្ឋាននេះមានចំណតធំ១ និងមានចំណតតូច៣។

*ចំណាត់ថ្នាក់លេខ១- អាកាសយានដ្ឋានអន្តរជាតិ King Fahd International Airport – ៧៧៦គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាន ដែលគេស្គាល់ថា Dammam Airport ដែរនេះត្រូវបានបើកដំណើរការក្នុងឆ្នាំ១៩៩៩ និងជាមជ្ឈមណ្ឌលអាកាសចរណ៍សម្រាប់ក្រុមហ៊ុន Saudia ក្រុមហ៊ុន SaudiGulf Airlines និងក្រុមហ៊ុន Flynas ហើយមាន៣ចំណត៕ AeroTime៕

តើអ្វីជាអាករស្នាក់នៅ និងគ្របដណ្តប់លើផ្នែកអ្វីខ្លះ?

ដោយៈសុផារី

ភ្នំពេញៈ អាករលើការស្នាក់នៅ ជាប្រភេទនៃការបង់អាករមួយ ដែលតម្រូវឲ្យអ្នកមានអាជីវកម្មពាក់ព័ន្ឋបំពេញកាតញវកិច្ច តាមសណ្ឋាន និងទំហំនៃអាជីវកម្មរបស់ពួកគេ។

អាករនេះគឺត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់គុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ វៀរលែងតែសកម្មភាព ដូចជាការប្រជុំឬសិក្ខាសាលា។

យោងតាមឯកសារ របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានបង្ហាញថា អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា២ភាគរយ លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកជាប់ពន្ធ ដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅ ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។

សម្រាប់មូលដ្ឋានគិតជាអាករ គឺជាថ្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ ដោយរួមបញ្ចូ​លទាំងពន្ធ-អាករ និងបន្ទុកសេវាផ្សេងៗ ប៉ុន្តែត្រូវលើកលែងអាករលើតម្លៃបន្ថែម និងអាគារស្នាក់នៅខ្លួនឯង៕