រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានចិន ប្តេជ្ញាដោះស្រាយហានិភ័យនៃទីផ្សារលំនៅដ្ឋានដែលប្រឈមបញ្ហា

0

ដោយៈសុខុម

សៀងហៃ: រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ក្រុង-ជនបទនៃមហាយក្សចិន បានប្តេជ្ញាដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវហានិភ័យនានា ដែលបណ្តាលមកពី ការប្រគល់លំនៅដ្ឋានជូនអតិតិថិជន មានភាពយឺតយ៉ាវ ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យកំពូលៗមួយចំនួន ដើម្បីរក្សាស្ថិរភាពសង្គម។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua News Agency ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៥ ធ្នូ។

លោក Wang Menghui រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ក្រុង-ជនបទក៏បានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhuaថា ប្រទេសចិន នឹងរក្សាគោលនយោបាយ អចលនទ្រព្យរបស់ខ្លួនដោយសង្គតភាព និងស្ថិរភាព ខណៈពង្រឹងការសម្របសម្រួល ក្នុងវិស័យនានារួមមានហិរញ្ញវត្ថុ និងការគ្រប់គ្រងដីធ្លី និងទីផ្សារជាដើម។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន បានជួបវិបត្តិខ្វះសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ នៅពេលរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការក្ដៅលើវិស័យអចលនទ្រព្យដែលប៉ោងហើមខ្លាំង បណ្ដាលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពា​ក់បំណុលរុំកោះ ដូចជា ក្រុមហ៊ុន China Evergrande Group ជាដើមខកខានសងបំណុល តាមពេលវេលាកំណត់ជាបន្តបន្ទាប់។

ទោះបីជាក្រុមនិយ័តករអចលនទ្រព្យចិន បានបន្ធូរបន្ថយខ្លះៗនូវការរឹតបន្តឹង លើការផ្ដល់ហិរញ្ញប្បទានក្ដី ក៏លោក Wang Menghui បានច្រានចោលថា នឹងគ្មានការផ្លាល់ប្ដូរគោលនយោបាយនោះឡើយ។

លោក Wang Menghui គូសបញ្ជាក់ថា ប្រទេសចិន នឹងមិនប្រើប្រាស់វិស័យអចលនទ្រព្យជាឧបករណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលខ្លីឡើយ ហើយនឹងបន្តបង្ក្រាបលើការវិនិយោគ ក្នុងទម្រង់ទិញផ្ទះទុកលក់យកចំណេញ ដែលមិនមែនទិញសម្រាប់រស់នៅពិតប្រាកដ។

ផ្ទុយមកវិញ ប្រទេសចិន នឹងបង្កើតយន្តការមួយ ដើម្បីជំរុញការអភិវឌ្ឍរយៈពេលវែង សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ខណៈរក្សាស្ថិរភាពទីផ្សារ ព្រមទាំងតម្លៃដីធ្លី និងតម្លៃអចលនទ្រព្យផងដែរ។

លោក Wang Menghui បានថ្លែងថា មូលដ្ឋានគ្រឹះនៃទីផ្សារអច​លនទ្រព្យរបស់ប្រទេសចិន មិនបានផ្លាស់ប្តូរនោះទេ ដោយតម្រូវការទិញផ្ទះនៅតែរឹងមាំ ខណៈនគរូបនីយកម្ម នៅតែរក្សាល្បឿនយ៉ាងឆាប់រហ័ស។

កាលពីថ្ងៃសៅរ៍ ទី២៥ ធ្នូ ធនាគារកណ្តាលប្រទេសចិន បានប្រកាសថា ខ្លួននឹងការពារសិទ្ធិស្របច្បាប់របស់អ្នកទិញផ្ទះ និងលើកកម្ពស់ការរស់នៅរបស់ពួកគេឱ្យកាន់តែប្រសើរ ដោយប្តេជ្ញាថានឹងលើកកម្ពស់ ការអភិវឌ្ឍទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ប្រកបដោយនិរន្តរភាព៕Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here