តំបន់ភ្នំវល្លរ៍នឹងទាក់ទាញការវិនិយោគរមណីដ្ឋាននិងដីឡូត៍លំហែរកាយកាន់តែច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ តំបន់ភ្នំវល្លរ៍ដែលមួយផ្នែកស្ថិតនៅក្នុងទឹកដីខេត្តកំពត និងមួយផ្នែកស្ថិតនៅក្នុងទឹកដីខេត្តកែប បាននិងកំពុងទាក់ទាញការវិនិយោគ លើរមណីយដ្ឋានលំហែរកាយ និងដីឡួត៍ប្រភេទលំហែរកាយកាន់តែច្រើននាពេលអនាគត។

ជាទីតាំងមួយមានភូមិសាស្រ្តអំណោយផល ដែលមានជួរភ្នំខៀវស្រងាត់ ដងព្រែក សណ្ឋានដីខ្ពស់ និងមានជីវជាតិ តំបន់នេះកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ។

អ្នកនាងឆយ ហ្រ្វីដាអគ្គនាយិកាក្រុមហ៊ុន Angel Realty បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៧ តុលាកន្លងមកថា តំបន់ភ្នំវល្លរ៍មានអតីតកាលដ៏ល្បីល្បាញ សម័យខ្មែរក្រហម ប៉ុន្តែអតីតកាលត្រូវបានជីកកប់ដោយពេលវេលា និងនាំមកនូវការអភិវឌ្ឍក្រោម​ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យតំបន់នេះទាក់ទាញការវិនិយោគយ៉ាងច្រើន ពីអ្នកមានធនធាននានាពីរាជធានីភ្នំពេញ ដោយពួកគេវិនិយោគលើការដាំម្រេច ស្វាយ ធូរ៉េន ពិសេសវិនិយោគលើរមណីយដ្ឋានលំហែរកាយ និងដីឡួត៍លំហែរកាយផង និងកសិទេសចរណ៍ផង។

អ្នកនាងបានបន្តថា “ជាមួយនឹងលក្ខខ័ណ្ឌធម្មជាតិ អាចគយគន់ទេសភាពព្រៃភ្នំ ដងអូ និងអាចមើលឃើញសមុទ្រផង បានធ្វើឲ្យតំបន់នេះ ទាក់ទាញគំរោងវិនិយោគជាច្រើន”។ អ្នកនាងបន្តថា “នាពេលអនាគត ខ្ញុំគិតថាតំបន់នេះនឹងរីកចម្រើនលឿនលើគំរោងលំហែរកាយ ព្រោះដីតំបន់នេះមានតម្លៃសមរម្យនៅឡើយ ពិសេសមានទីតាំងមិនឆ្ងាយពីក្រុងកំពត និងក្រុងកែបនោះទេ”។

អ្នកនាងឆយ ហ្រ្វីដាបានបន្តថា បច្ចុប្បន្នអ្នកភ្នំពេញជាច្រើន បាននិងកំពុងទាក់ទងស្វែងរកទិញដីជាច្រើននៅតំបន់់នេះ ដែលធ្វើឲ្យអ្នកនាងកាន់តែមមាញឹក និងត្រូវឡើងចុះរវាងរាជធានីភ្នំពេញ និងខេត្តកំពត កែបកាន់តែញឹកញាប់បណ្តើរៗហើយ ខណៈខេត្តនេះ​នឹងមានការរីកចម្រើនលឿននាពេលអនាគតឆាប់ៗនេះ។

ជាមួយគ្នានេះ លោកទេព រាជបញ្ញាដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ និងវិនិយោគលើគំរោងមួយចំនួននៅខេត្តកំពត កែបបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ភ្នំវល្លន៍កាន់តែមានភាពល្បីល្បាញខ្លាំង និងកំពុងទាក់ទាញការវិនិយោគច្រើន ដោយសារតែលក្ខខ័ណ្ឌទីតាំង ភាពអំណោយផលនៃធនធានធម្មជាតិ និងតម្លៃដីពិតជាមានភាពសមរម្យមែនទែន បើធៀបនឹងតំបន់ភាគច្រើននៃខេត្តកំពត និងខេត្តកែប។

លោកបន្តថា “តំបន់ភ្នំវល្លរ៍ប្រៀបដូចជាកូនក្រមុំមួយ ដែលមិនទាន់សូវចេះរៀបចំខ្លួននៅឡើយ និងកំពុងស្ថិតនៅចូលម្លប់ ប៉ុន្តែនៅពេលអនាគត តំបន់នេះនឹងរីកចម្រើនលឿន ពេលរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ”។ លោកបន្តថា “និន្នាការទិញដីលំហែរកាយកំពុងកើនឡើង ដោយសារប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរឡើង និងពលរដ្ឋកម្ពុជាកាន់តែផ្លាស់ប្តូរបែបផែនជីវិតថ្មី ដែលត្រូវការផ្ទះលំហែរ ក្រៅពីផ្ទះរស់នៅប្រចាំថ្ងៃ”៕

ខេត្តស្ទឹងត្រែងត្រៀមទទួលបានស្ពានថ្មីមួយទៀតនៅក្នុងស្រុកសេសាន

ដោយៈសុផារី

ស្ទឹងត្រែងៈ លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីបច្ចេ​កទេស ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាបេតុងមួយកន្លែងប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គ្រោងនឹងបញ្ចប់នៅការដ្ឋាននៅចុងខែធ្នូ ឆ្នាំ២០២១។

លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការខេត្តបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ដើមឡើយ ស្ពានអូរបាដើមនេះ គឺជាស្ពានដែកបាឡេ ដែលមានលក្ខណៈ ចាស់ទ្រុឌទ្រោម នឹងបានរងការខូចខាតផងដែរ។ ក្រោយពីមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទើបរាជរដ្ឋាភិបាលក៏បានជំរុញឲ្យស្ថាបនាឡើងវិញ ដោយធ្វើជាស្ពានបេតុង នេះហើយនឹងត្រូវដាក់ឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបាននាចុងឆ្នាំ២០២១ ខាងមុខនេះ។

លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ជំរុញមន្ត្រីជំនាញទាំងអស់ត្រូវសាងសង់ស្ថាបនា ស្ពានបេតុងមួយនេះឲ្យមានភាពរឹងមាំ និងយូអង្វែង ដោយមិនបង្កផលលំបាកដល់ប្រជាពលរដ្ឋ ក្នុងតំបន់មានការលំបាកធ្វើដំណើរទៀតឡើយ ដោយមិនចាំបាច់ព្រួយបារម្ភពីផលលំបាក់ដូចពីមុនៗទៀតឡើយ។

ក្នុងនោះដែរ លោក ស្វាយ សំអ៊ាង បានណែនាំមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យជាប់ជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសាងសង់ស្ពានបេតុង នេះឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ដោយក្នុងនោះដែរ លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវ ស្ពាន ជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូច សេដ្ឋកិច្ច របស់ប្រទេសជាតិយើងផងដែរ៕

ដំណឹងល្អ ផ្សារសំខាន់ៗចំនួន៣ក្នុងក្រុងសៀមរាបគ្រោងនឹងបើកឲ្យដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ

ដោយៈ សុផារី

សៀមរាបៈ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ថា រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបើកឲ្យដំណើរការផ្សារសំខាន់ៗចំនួន៣ទីតាំង នៅក្នុងក្រុងសៀមរាបឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

ផ្សារសំខាន់ៗទាំងនោះរួមមាន៖ ផ្សារសាមគ្គី-ហ៊ុយគាំង ផ្សារលើធំថ្មី និងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការបិទខ្ទប់ជាច្រើនលើកនិងជាច្រើនសប្តាហ៍ កន្លងមកហើយនោះ។

លោកនួន ពុទ្ធារ៉ា មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអមដំណើរលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងការដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យនិងវាយតម្លៃស្ថានភាពទីតាំងផ្សារទាំងនោះ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ខណៈពេលដែលទីតាំងផ្សារទាំងនេះ បាននឹងកំពុងដំណើរការសាកល្បងជាបណ្តោះអាសន្ន អស់រយៈពេល៣ថ្ងៃកន្លងមកហើយនោះ។

លោកអភិបាលក្រុងសៀមរាបមានប្រសាសន៍ទៀតថា ការបើកឲ្យដំណើរការឡើងវិញនេះ គឺដោយសារតែបានពិនិត្យឃើញថា៣ថ្ងៃកន្លងមក ក្នុងការបើកឲ្យដំណើរការសាកល្បង ទីតាំងផ្សារទាំងនោះអនុវត្តល្អ តាមការណែនាំរបស់ក្រុមការងារ ហើយអត្រាខ្ពស់នៃប្រជាជន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការឆ្លងកូវីដ-១៩ គឺជាឋាមពលមួយផ្នែក ក្នុងការជំរុញឲ្យមានការសម្រេចចិត្ត ក្នុងការប្រើប្រាស់យន្តការបើកចរន្តសេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងសហគមន៍ជាបណ្តើរៗឡើងវិញ ។

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ក្នុងគោលបំណងចង់ឲ្យផ្សារទាំងនេះ បានដំណើរការឡើងវិញកន្លងមកនេះ ក្រុមការងារចម្រុះបានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករឲ្យបានយល់ និងបានដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ព្រោះវាជាជំនួយដល់ការគ្រប់គ្រង និងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ អាចនឹងច្បាស់លាស់ក្នុងការកំណត់តូប ឬទីតាំងពាក់ព័ន្ធ ដើម្បីជៀសវាងការបិទផ្សារទាំងមូល ក្នុងករណីជួបប្រទះករណីឆ្លងជាយថាហេតុនោះ។

លោកថា នេះគឺជាយន្តការថ្មីមួយទៀត ជួយសម្រួលឲ្យអាជីវកម្មផ្តល់កិច្ចសហការជាមួយក្រុមការងារ បង្កើនភាពរហ័សទាន់សភាពការណ៍ ក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ។ សំខាន់ជាងនេះ គឺក្រុមការងារបានណែនាំឲ្យមានការរៀបចំ សណ្តាប់ធ្នាប់ក្នុងផ្សារឡើងវិញ ស្របតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ វិធានសុវត្ថិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងការប្រតិបត្តិលើការរៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩។

លោកអភិបាលខេត្តសៀមរាប មានប្រសាសន៍ទៀតថា អត្រាភាគរយនៃចំនួនប្រជាជនខេត្តសៀមរាប ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការ គឺជាភាពកក់ក្តៅមួយដែលជម្រុញឲ្យរដ្ឋបាលខេត្ត ប្រើប្រាស់យន្តការបង្ហើបឲ្យមានដង្ហើម នៃចរន្តសេដ្ឋកិច្ចឡើងវិញ ដោយការចាប់ផ្តើមចេញ ពីដំណោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រួសារប្រជាពលរដ្ឋ និងសហគមន៍។ ការរៀនរស់ជាមួយកូវីដ-១៩ គឺជាកម្រាលផ្លូវឆ្ពោះទៅរកគោលដៅមួយ ដែលនៅទីនោះយើងនឹងអាចនិយាយបានថា កូវីដ១៩ វាគ្រាន់តែជាវិបត្តិមេរៀនរបស់អតីតកាលតែប៉ុណ្ណោះ៕

៊រោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ ក្នុងខេត្តស្វាយរៀងនឹងសាងសង់ក្នុងពេលឆាប់ៗ នេះ

ដោយ: កុសមា

ស្វាយរៀង៖ អ្នកវិនិយោគធំៗដែលបានបង្កើតរោងចក្រសហគ្រាសធំៗ និងបង្កើរការងារធ្វើជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់សេដ្ឋកិច្ចពិសេឈីលូ ជៀនពុចាយ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បាននិងកំពុងដំណើរការផលិតកម្មរបស់ខ្លួនមានចំនួន៨រោងចក្រ ក្នុងចំណោម១១រោងចក្រដែលបានចុះបញ្ជីររួចរាល់ទៅក្រសួង នឹងត្រូវសាងសង់នៅពេលបន្តបន្ទាប់ខាងមុខនេះ។

នេះបើតាមការលើកឡើងរបស់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។

ដំណើរទស្សនកិច្ចនេះ មានការញ្ជើញចូលរួមអមដំណើរពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរដែនដីនគររូបណីយកម្ម និងសំណង់ខេត្ត លោកប្រធានតំបន់សេដ្ឋកិខច្ចពិសេស លោកអភិបាលរងក្រុងនិងតំណាងរោងចក្រមួយចំនួនទៀត។

បន្ទាប់ពីបានចុះពិនិត្យរោងចក្រ ឯកឧត្តមនិងសហការីក៏បានបន្តដំណើរទៅពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ថានភាពនៅតាមច្រកទ្វាព្រំដែននានារវាងកម្ពុជា-វៀតណាមនៅព្រឹកថ្ងៃដដែលនេះផងដែរ៕

លោកស៊ុន ចាន់ថុល លើកឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ និងខេត្តសៀមរាប

ដោយ: សុផារី

ភ្នំពេញ: លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍ទេសចរណ៍ នៅពេលកម្ពុជាបើកប្រទេសឡើងវិញក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាស ដែលលោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ (The 2nd United Nations Global Sustainable Transport Conference) តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង តបតាមការអញ្ជើញរបស់លោក Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន។

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើប្រធានបទមួយចំនួនរួមមាន តួនាទីនៃការដឹកជញ្ជូនចីរភាពក្នុងការការលុបបំបាត់ភាពក្រីក្រ ការជំរុញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ការតភ្ជាប់សកល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថ្នាក់តំបន់ នវានុវត្តន៍ និងទីក្រុងចីរភាព។

ថ្លែងក្នុងសន្ទរកថាគន្លឹះទៅកាន់អង្គសន្និសីទនាឱកាសនោះ លោក បានគូសបញ្ជាក់ពីសារសំខាន់នៃតួនាទីវិស័យដឹកជញ្ជូនក្នុងការជំរុញកំណើនសេដ្ឋកិច្ចដើម្បីកាត់បន្ថយក្រក្រី គោលនយោបាយ អាទិភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលរួមមាន៖
(១) ការស្តារវិស័យដឹកជញ្ជូន និងបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីតភ្ជាប់ផ្ទៃក្នុងប្រទេស និងអន្តរជាតិ
(២) ការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មរស់រវើក ដើម្បីពង្រឹងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច
(៣) គោលនយោបាយបង្កើតការងារធ្វើ កាត់បន្ថយភាពក្រក្រីតាមរយៈការតភ្ជាប់ផ្លូវជនបទ ការពារបរិស្ថាន និងធ្វើប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះ លោកបានជម្រាបជូនផងដែរថា៖ “កម្ពុជាបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនប្រជាជនបានចំនួន៨៤% ដើម្បីត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរណ៍ និងវិនិយោគិន”។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងឡាយ ជាពិសេស រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រប្រកបដោយសប្បុរសផ្តល់វ៉ាក់សាំងជូនពលរដ្ឋបានទាន់ពេលវេលា៕

រដ្ឋាភិបាលបានអនុវត្តន៍ផែនការអាទិភាពចំនួន៤ដើម្បីធានាការប្រើប្រាស់សេវាទូរគមនាគមន៍មានគុណភាពល្អ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកជា វ៉ាន់ដេតបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងអនុវត្តន៍ផែនការសកម្មភាពចំនួន៤ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់សេវាទូរគមនាគមន៍ដែលមានតម្លៃសមរម្យ គុណភាពល្អ និងប្រកបដោយបរិយាបន្ន។

លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងបែបនេះ ក្នុងពេល ចូលរួមវេទិកាសហភាពទូរគមនាគមន៍អន្តរជាតិ ពិភពលោកឌីជីថល ២០២១ (ITU Digital World 2021) តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ក្រោមប្រធានបទស្ដីពី ”ការកាត់បន្ថយចំណាយ តើការប្រើប្រាស់បច្ចេកវិទ្យា ដែលមានតម្លៃសមរម្យ អាចពន្លឿនបរិវត្តកម្មឌីជីថលបានដែរឬទេ?”។

លោកបន្តថា ទូរគមនាគមន៍ដែលមានតម្លៃសមរម្យ គុណភាពល្អ និងប្រកបដោយបរិយាបន្ន រួមមាន ទី១. ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង ទី២. ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពី ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួម និងគុណភាពសេវា ទី៣. ក្របខណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល និងទី៤. ការកសាងសមត្ថភាពលើជំនាញឌីជីថល។

វេទិកានេះ ជាប្រព្រឹត្តិការណ៍ប្រចាំឆ្នាំ រៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានការអញ្ជើញចូលរួមពី លោក Houlin Zhao អគ្គលេខាធិការសហភាពទូរគមនគមន៍អន្តរជាតិ (ITU) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បណ្តាប្រទេសជាសមាជិក អ្នកស្រាវជ្រាវ ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ធំៗមកពីជុំវិញពិភពលោក។

ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺមានគោលបំណងលើកកម្ពស់ការតភ្ជាប់ប្រកប​ដោយប្រសិទ្ធភាព ក្នុងការចូលរួមយ៉ាងសំខាន់ សម្រាប់បរិវត្តកម្មឌីជីថល និងពិភាក្សាពីបញ្ហាប្រឈមធំៗមួយចំនួន ដើម្បីទទួលយកការប្រើប្រាស់អ៊ីនធឺណិត សម្រាប់ប្រជាជនទូទៅ៕

ហេតុអ្វីខណ្ឌទួលគោកជាតំបន់ល្អបំផុតសម្រាប់ការស្នាក់នៅ?

ដោយៈសហសេវិក

ភ្នំពេញៈ ទួលគោកគឺជាខណ្ឌដ៏ធំមួយ ស្ថិតនៅក្នុងកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ពេញនិយមបំផុតមួយសម្រាប់ការរស់នៅ បន្ទាប់ពីខណ្ឌបឹងកេងកង និងចំការមន។

ខណ្ឌទួលគោកត្រូវបានបែងចែកជា១០សង្កាត់ និង១៤៣ភូមិ មានផ្ទៃដី៧,៩៩ គីឡីម៉ែត្រការ៉េ និងមានប្រជាជនជាង ១៤៥.០០០ នាក់។

ទួលគោកមានសង្កាត់សំខាន់ៗចំនួនពីរគឺសង្កាត់បឹងកក់ ១ និងបឹងកក់ ២ ដែលជាសង្កាត់មានប្រជាប្រិយបំផុត សម្រាប់លំនៅឋានជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេ​សមានផ្លូវធំទូលាយចំនួន៣ គឺផ្លូវ២៨៩, ៣១៥ និង ៣៣៧។ នៅលើផ្លូវទាំង៣នេះ រួមមានអគារពាណិជ្ជកម្មខ្ពស់ៗ អាផាតមិន ផ្សារទំនើប ធនាគារ និងសកម្មភាពអាជីវកម្មជាច្រើនផងដែរ។

លោកសៀក នារីតីប្រធានផ្នែកវាយតម្លៃនៅក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត បានលើកឡើងថា ខណ្ឌទួលគោកគឺជាខណ្ឌមួយដែលមានផ្លូវល្អប្រសើរ ដោយតភ្ជាប់ជាមួយផ្លូវធំៗជាច្រើន ដូចជា មហាវិថីសហព័ន្ធរុស្សី មហាវិថីម៉ៅសេទុង ផ្លូវលេខ២៧១ ផ្លូវលេខ១៨២ និងផ្លូវពាណិជ្ជកម្មជាច្រើនផ្សេងទៀត ។

លោកបានបន្តថា ទួលគោកត្រូវបានចាត់ទុកថាជាខណ្ឌ ដែលមានប្រជាប្រិយបំផុតសម្រាប់ការស្នាក់នៅ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ដោយមានគម្រោងអភិវឌ្ឍន៍ជាច្រើននៅទីនោះ ដូចជា អគារពាណិជ្ជកម្ម ខុនដូ អាផាតមិន ហាងទំនិញ សាលារៀនអន្តរជាតិ និងផ្លូវធំៗជាច្រើនដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ ភាពស្រស់ស្អាតនៃខណ្ឌនេះគឺដោយសារតែផ្ទះ និងវីឡាធំៗ និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ។

ដោយសារតែវាជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ទើបធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌនេះ ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ខណ្ឌនេះសម្បូរទៅដោយអគារពាណិជ្ជកម្ម និងអគារលំនៅឋានល្បីៗជាច្រើនដូចជា ខុនដូ DeCastle ខុនដូ Nobeless ខុនដូ Royal Platinum ខុនដូធីខេស្តារ ផ្សារទំនើបធីខេ SAMAI square និងHCN Mall and Residence ដែលអគារទាំងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ ១ និងបឹងកក់ ២។

ផ្អែកលើការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុនឃី រៀល អ៊ី ស្ទេត នៅក្នុងឆមាសទី១ ឆ្នាំ២០២១តម្លៃដីនៅតាមបណ្តោយផ្លូវធំ នៃខណ្ឌទួលគោកមានតម្លៃប្រមាណពី ៣.៥០០ដុល្លារ ទៅ៥.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងផ្លូវតូចមានតម្លៃចាប់ពី ២.០០០ដុល្លារ ទៅ ៣.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីនៅក្នុងខណ្ឌនេះត្រូវបានព្យាករណ៍ថា នឹងកើនឡើង៥ភាគរយជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះ លោក Roshan Lal នាយកប្រតិបត្តិក្រុមហ៊ុន Rentex Property Service បានលើកឡើងថា៖ “ខណ្ឌទួលគោកសម្បូរអភិជនជាច្រើន រស់នៅក្នុងខណ្ឌនេះ បើប្រៀបធៀបទៅនឹងខណ្ឌចំការមន និងខណ្ឌផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ។ ខណ្ឌនេះមានផ្លូវធំទូលាយ និងស្អាតៗជាច្រើន ដែលជាការទាក់ទាញដល់គម្រោងជាច្រើនដូចជាគម្រោងលំនៅដ្ឋាន និងផ្សារទំនើបជាដើម”។

លោក Roshan បានបន្ថែមផងដែរថា ខណ្ឌទួលគោកគឺជាជម្រើសទីមួយសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានជាលក្ខណឯកជន។ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត ខណ្ឌទួលគោកមានសក្តានុពលច្រើន ចំពោះអចលនទ្រព្យសម្រាប់ជួល។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ គាត់ជឿជាក់ថាខណ្ឌនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅកណ្តាលក្រុងភ្នំពេញ បន្ទាប់ពីខណ្ឌចំការមន និងខណ្ឌបឹងកេងកង។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងតាមរយៈ 096 7876 902 (Telegram)/ 066 886633 ប្រភព៖ Harbor Property

 

រដ្ឋាភិបាលចិនចេញមុខអន្តរាគមន៍ដោយបញ្ជាឱ្យធនាគារធំៗបន្ថូរបន្ថយលក្ខខណ្ឌសម្រាប់កម្ចីទិញផ្ទះដើម្បីសម្រាលវិបត្តិ

ដោយៈសុខុម

ប៉េកាំង: ប្រភពបានទម្លាយឱ្យដឹងថា ទីបំផុតក្រុមនិយ័តករហិរញ្ញវត្ថុ នៃប្រទេសចិន បានចេញមុខអន្តរាគមន៍ហើយ ដោយបញ្ជាឱ្យធនាគារធំៗ ជួយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្លឿនការអនុម័ត កម្ចីទិញផ្ទះនៅក្នុងត្រីមាសទី៤ ចុងឆ្នាំនេះដើម្បីសម្រាលវិបត្តិក្នុងវិស័យអចលនទ្រព្យក្នុងប្រទេស។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៥ តុលា នេះថា ទន្ទឹមនេះធនាគារនានា ក៏ត្រូវបានអនុញ្ញាតឱ្យស្នើសុំច្បាប់អនុញ្ញាត ដើម្បីលក់ទ្រព្យសកម្ម ដែលគាំទ្រដោយកម្ចីទិញផ្ទះផងដែរ ស្របពេលមានការព្រួយបារម្ភខ្លាចវិបត្តិសាច់ប្រាក់ និងបំណុលនៅក្រុមហ៊ុនអភិវឌ្ឍន៍ China Evergrande Group រាលដាលដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗទៀត។

ប្រទេសចិន បានចាប់ផ្ដើមរឹតបន្តឹងលើទីផ្សារអចលនទ្រព្យ ចាប់តាំងពីចុងឆ្នាំ២០២០ ដោយបានដាក់ចេញវិធានការថ្មីៗដើម្បីតាមដាន និងត្រួតពិនិត្យយ៉ាងស្អិតនូវកម្រិតបំណុលរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍។

ប៉ុន្តែដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ហើយការសាងសង់ថ្មីៗ ចាប់ផ្ដើមបង្អង់ល្បឿន សកម្មភាពទិញផ្ទះ ទុកលក់ចំណេញក៏បានឈានដល់កម្រិតទុំជោរ។ នេះមានន័យថា សកម្មភាពទិញលក់ស្ងប់ស្ងាត់ ជាហេតុធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ជួបវិបត្តិស្ទះលុយធ្ងន់ធ្ងរ មុននឹងឈានដល់ការបន្ធូរបន្ថយនេះ។

ទោះជាយ៉ាងណា ប្រភពពីក្រុមមន្ត្រីធ្វើគោលនយោបាយ និងក្រុមអ្នកវិភាគបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅសប្ដាហ៍នេះថា ក្រុមមេដឹកនាំចិន ទំនងជារក្សាការរឹតបន្តឹងលើវិស័យអចលនទ្រព្យដដែល ប៉ុន្តែអាចនឹងបន្ធូរបន្ថយខ្លះៗ ក្នុងករណីដែលចាំបាច់។

លោកយី កាង (Yi Gang) ទេសាភិបាលធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានប្រាប់ស្ថាប័នហិរញ្ញវត្ថុចំនួន២៤ កាលពីចុងខែកញ្ញា ឱ្យជួយរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អតិថិជនទិញលំនៅដ្ឋាន។

ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំការបំភ្លឺ ធនាគារកណ្ដាល PBOC និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) មិនបានឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ Reuters ៕

តើខេត្តព្រះសីហនុត្រៀមខ្លួនដូចម្តេចដើម្បីទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ

ដោយៈគង់ សិរីជេស៊ីកា

ព្រះសីហនុៈ ខេត្តព្រះសីហនុ ក្លាយជាគោលដៅទេសចរណ៍ចម្បងមួយ សំរាប់ការបើកទទួលភ្ញៀវអន្តរជាតិឡើងវិញ នៅពេលខាងមុខ ខណៈរដ្ឋាភិបាលបាននិងកំពុងត្រៀមបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលខាងមុខ។

ជាការត្រៀមខ្លួនលើការស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនេះ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១ ជាមួយសមាគមទេសចរណ៍ សមាគមសណ្ឋាគារ និងភោជនីយដ្ឋាន សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន អ្នកគ្រប់គ្រងសណ្ឋាគារ និងអ្នកគ្រប់​គ្រងភោជនីយដ្ឋានក្នុងខេត្តព្រះសីហនុ។

វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ( SOP) តាមបែបកន្លងថ្មីសម្រា​ប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានដូចជា ទី១ គោលការណ៍ណែនាំសម្រាប់ភ្ញៀវ ទី២ គោលការណ៍ណែនាំសម្រាប់បុគ្គលិក ទី៣ ការសម្លាប់មេរោគ ទី៤ ការគ្រប់គ្រងភោជនីយដ្ឋាន ទី៥ សេវាកម្មដឹកជញ្ជូន ទី៦ ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន។

លោកគួច ចំរើនបានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីផ្សព្វផ្សាយ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្រង់ដារអប្បរមា (SOP) តាមបែបកន្លងថ្មី ដូច្នេះម្ចាស់អាជីវកម្ម ត្រូវខិតខំស្វែងយល់ពីបទបង្ហាញ វិធានសុវត្ថិភាពស្តង់ដារ (SOP) ថ្វីត្បិតតែជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានការធូរស្រាលប្រសើរឡើង ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការនានា ដូចជាវិធានសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ល។

លោកបន្តថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកវ៉ាក់សាំង និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានក្រុមគ្រូពេទ្យខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងក្រុមគ្រូពេទ្យយោធាចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឡែកខេត្តព្រះសីហនុ ប្រជាពលរដ្ឋចាក់វ៉ាក់សាំងបានចំនួនជាង ២៩ម៉ឺននាក់ ស្មើនឹង ៩២,៧១ ភាគរយ ហើយយើងនៅបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋនៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តអត់ចង់បិទ អត់ចង់ផ្អាកអាជីវកម្មបងប្អូននោះទេ បងប្អូនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានសុវត្ថិភាព (SOP)ឱ្យបានត្រឹមត្រូវ ដើម្បីបើកទេសចរណ៍ និងសេដ្ឋកិច្ចសង្គមឡើងវិញ។

យើងត្រូវរួមគ្នារស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ ដើម្បីបើកទេសចរណ៍ផ្ទៃក្នុង និងទេសចរណ៍បរទេសឡើងវិញនៅពេលខាងមុខ ក៏ដូចជាបង្កើនមុខរបររបស់បងប្អូន ដូច្នេះត្រូវមានការចូលរួមពីបងប្អូនផងដែរទើបទទួលបានជោគជ័យ៕

វៀតណាមគ្រោងវិនិយោគជាង១០០ពាន់លានដុល្លារលើការផលិតថាមពលដើរដោយធ្យូងថ្ម

ដោយៈសុខុម

ហាណូយ: ប្រទេសវៀតណាម គ្រោងបង្កើនទ្វេដងនូវសមត្ថភាព ផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មនៅត្រឹមឆ្នាំ២០៣០ ដើម្បីបំពេញមហិច្ឆតាធំរបស់ខ្លួនក្រោមសេចក្តីព្រាងផែនការអភិវឌ្ឍន៍ថាមពលមួយ ដែលត្រូវបានដាក់ជូននាយករដ្ឋមន្រ្តីសុំការអនុម័តនៅសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៥ តុលា។

នេះសរបង្ហាញឱ្យឃើញថា ប្រទេសវៀតណាម នឹងពឹងផ្អែកលើធ្យូងថ្មកាន់តែខ្លាំងនៅក្នុងការផលិតថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ច ដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សរបស់ខ្លួន ខណៈប្រទេសធំៗក្នុងពិភពលោក រួមទាំងស្ថាប័នអន្តរជាតិជាច្រើនកំពុងសហការគ្នា យ៉ាងសស្រាក់សស្រាំនៅក្នុងការជំរុញ និងការងាកទៅផលិតថាមពលកកើតឡើងវិញ ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ។

អ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកបានអះអាងជាយូរមកហើយថា ការដុតធ្យូងថ្មបង្កផលប៉ះពាលធ្ងន់ធ្ងរដល់បរិស្ថាន ព្រោះវាបំភាយឧស្ម័នផ្ទះកញ្ចក់ ចូលទៅក្នុងបរិយាកា​ស ដែលធ្វើឱ្យខូចស្រទាប់អូហ្សូនរបស់ភពផែនដី។

ផ្អែកតាមច្បាប់ចម្លងនៃផែនការទី៨ សម្រាប់ការអភិវឌ្ឍន៍ថាមពល (Power Development Plan 8) ឬហៅកាត់ថា PDP 8 ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានបង្ហាញថា រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម នឹងគ្របដណ្ដប់រហូតដល់ទៅ៣១.៤% នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលនឹងឈានដល់កម្លាំង១៤៣.៨ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣០។

នោះមានន័យថាការផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម នឹងឈានដល់កម្លាំង៤១ជីហ្គាវ៉ាត់នៅត្រឹមដំណាច់ទសវត្សរ៍នេះ បើធៀបនឹងសមត្ថភាពផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មកម្លាំង២០,៧ជីហ្គាវ៉ាត់គិតត្រឹមឆ្នាំ២០២០។ យោងតាមទិន្នន័យផ្លូវការបង្ហាញថា សមត្ថភាពផលិតថាមពលអគ្គិសនី ពីគ្រប់ប្រភពទាំងអស់គិតមកទល់នឹងឆ្នាំ២០២០ មានកម្លាំងសរុប៦៩ជីហ្គាវ៉ាត់។

ទោះជាយ៉ាងណា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាអ្នកធ្វើសេចក្ដីព្រាងផែនការនេះ មិនបានឆ្លើយតបអ៊ីម៉េលជាច្រើន ដែលទីភ្នាក់ងារព័ត៌មាន Reuters ផ្ញើទៅដើម្បីសុំការបំភ្លឺជុំវិញការព្យាករនេះឡើយ។

ប្រទេសវៀតណាម ដែលមានប្រជាជនចំនួន៩៨លាននាក់ កំពុងប្រឹងប្រែងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់មូលដ្ឋានផលិតកម្មសម្រាប់ក្រុមហ៊ុននានាដូចជាក្រុមហ៊ុនយក្ស Samsung Electronics និង LG Electronics របស់កូរ៉េខាងត្បូង ជាដើម។

ផែនការទី៨ សម្រាប់អភិវឌ្ឍន៍ថាមពល ឬ PDP 8 នេះព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម នឹងទទួលបានកំណើនប្រចាំឆ្នាំ៦,៦%នៅចន្លោះពេលនេះដល់ឆ្នាំ២០៣០ និង៥,៧%ដល់ឆ្នាំ២០៤៥។

យោងតាមផែនការដដែលបង្ហាញថា ប្រទេសនេះនឹងត្រូវបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់១១៥.៩៦ពាន់លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតថាម​ពលថ្មីៗ និងការពង្រីកបណ្តាញបញ្ជូនថាមពលអគ្គិសនី ដល់ឆ្នាំ២០៣០ និងរហូតដល់ទៅ២២៧.៤ពាន់លានដុល្លារអាមេរិក ដល់ឆ្នាំ២០៤៥ នៅពេលសមត្ថភាពផលិតថាមព​លរបស់ខ្លួនអាចឈានដល់៣២៩.៦ជីហ្គាវ៉ាត់៕ Reuters ៕