រាជរដ្ឋាភិបាលដាក់ឱ្យចរាចរនិងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ៣០.០០០រៀល ជាលើកដំបូង

ដោយៈ សុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០.០០០រៀលគំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ ដែលបានចេញផ្សាយរួចហើយ។

ក្រដាសប្រាក់៣ម៉ឺនរៀលថ្មីនេះ បានរំលេចនូវព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះ​បាទសម្ដេចព្រះនរោត្តម សីហនុ នាឱកាសកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរូបសំខាន់៤ទៀត នៅផ្ទៃខាងក្រោយនៃក្រដាសប្រាក់គឺរូបសម្ដេចសីហនុ “ព្រះបរមរតនកោដ្ឋ” ចាប់ដៃជាមួយសម្ដេចតេជោ លើកឡើងលើនាឱកា​សនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ រូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែលនៅទីក្រុងប៉ារីស និងរូបនៃសន្នីសីទនៃការចុះកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ។

តាមរយៈធនាគាំរជាតិនៃកម្ពុជាបានឱ្យដឹងថា ការចេញក្រដាសប្រាក់ប្រភេទ ៣០.០០០រៀលនេះ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១)។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសមាជិករដ្ឋសភាបានសម្តែងការអបអរសាទរ នៃការដាក់ឲ្យចរាចរនូវក្រដាសប្រាក់ប្រភេទ ៣០,០០០រៀលថ្មីនេះ។ លោកបានសរសេរថា “ការសម្រេចនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅរបស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍន៍ ប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ”៕

ការផ្គត់ផ្គង់ទំហំការិយាល័យកើនឡើងដល់ជិត៨០ម៉ឺនម៉ែត្រការ៉េហើយ រហូតមកទល់ពេលនេះ

ដោយៈ សុផារី

ភ្នំពេញៈ ការផ្គត់ផ្គង់ការិយាល័យសរុបនៅត្រីមាសទី៣ ឆ្នាំ២០២១មានចំនួន៧៨៦,៩៣១ម៉ែត្រការ៉េ ដែលភាគច្រើនផ្តោតលើគម្រោង ដែលគ្រប់គ្រងដោយកម្មសិទ្ធិកណ្តាល។

យ៉ាងណាក៏ដោយ ការផ្គត់ផ្គង់មានការផ្លាស់ប្តូរដោយធ្លាក់ចុះ ប្រហែលជា៤,៦% ដោយពីត្រីមាសមួយទៅត្រីមាសមួយ សម្រាប់ប្រភេទការិយាល័យ ដែលគ្រប់គ្រងក្រុមហ៊ុននានា។ នេះបើតាមរបាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុន CBRE Cambodia។

ក្នុងត្រីមាសទី៣ គេសង្គេតឃើញការបញ្ចប់ គម្រោងការិយាល័យចំនួនប្រាំពីរ ក្នុងមាត្រដ្ឋាននិងទីតាំងខុសៗគ្នា។ ជាង៧០% នៃការផ្គត់ផ្គង់ការិយាល័យថ្មីបានមកពីគម្រោងGIA។ គម្រោងដែលនៅសេសសល់ជាគំរោងបែបសហកម្មសិទ្ឋកម្ម ប្រៀបធៀបទាំងការអភិវឌ្ឍធំៗទាំងប្រភេទ B និង C ។

ក្រៅពីគម្រោងការិយាល័យប្រភេទA និងB  គេបានមើលឃើញថា អត្រាជួលសម្រាប់គ្រប់ប្រភេទការិយាល័ យមានការធ្លាក់ចុះនៅត្រីមាសទី៣នៃឆ្នាំ២០២១។ អត្រាជួលការិយាល័យប្រភេទB និងC ដោយជនជាតិបរទេស ធ្លាក់ចុះក្នុងអត្រា២,៨២% (ប្រភេទ B) និង ២,០២% (ប្រភេទ C) ពីត្រីមាសមួយទៅត្រីមាសមួយ។

បើប្រៀបធៀបទៅនឹងតម្រូវការ កាលពីត្រីមាសមុន មានការធ្លាក់ចុះនៃតម្រូវការការិយាល័យក្នុងត្រីមាសនេះ។

តាមរយៈរបាយការណ៍ដដែលនេះ CBRE រំពឹងថា ទំហំទីផ្សារការិយាល័យនឹងកើនឡើងដល់៧៩០,៨៩០ ម៉ែត្រការ៉េនៃផ្ទៃជួលសុទ្ធ។ ការកើនឡើងមានចំនួន១៤៧,១៤៤ ម៉ែត្រការ៉េពីឆ្នាំមួយទៅឆ្នាំមួយ។ នៅឆ្នាំ២០២២ ការផ្គត់ផ្គង់នេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតរហូតដល់ជាង១លានម៉ែត្រការ៉េ៕

សូចនាករចំនួន៥ បញ្ជាក់ពីហេតុដែលអ្នកគួរវិនិយោគលើវិស័យអចលនទ្រព្យ?

ដោយៈ កុសមា

ភ្នំពេញៈ ដោយសារកំនើនប្រជាជន និងការអភិវឌ្ឍក្នុងប្រទេស  វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចំរើនខ្លាំង ក្រៅពីការរស់នៅ ប្រជាជនមួយចំនួន ទិញអចលនទ្រព្យដើម្បីធ្វើការវិនិយោគផងដែរ។

យោងតាមសៀវភៅ “វិថីអចលនទ្រព្យ” របស់លោក គាម សៀកឡុង បានអោយដឹងថា មានមូលហេតុសំខាន់ៗមួយចំនួន ដែលនាំអោយពួកគេជ្រើសរើស ការវិនិយោគលើអចលនទ្រព្យ។

ទទួលបានលំហូរសាច់ប្រាក់:

អ្នកវិនិយោគ អចលនទ្រព្យសម្រាប់ដាក់ជួល ពួកគាត់នឹងទទួលបានចំណូលអកម្មប្រចាំខែ មិនចាំបាច់ប្រើកំលាំងនឹងប្រើពេលវេលាផ្ទាល់ខ្លួន ទៅដូរនឹងប្រាក់ខែ រឺរកជំនូលសម្រាប់អាជីវកម្មផ្ទាល់ខ្លួនឡើយ។

ការកើនតំលៃ:

នេះជាអ្វីដែលពិសេសបំផុតជាពិសេស នៅក្នុងបណ្ដាប្រទេស កំពុងអភិវឌ្ឍប្រទេ​សយើងសព្វថ្ងៃអចលនទ្រព្យដែល មានតម្លៃទាបនៅឡើយ មានឱកាសកាន់តំណែងខ្ពស់ និងលឿន ទៅតាមការអភិវឌ្ឍន៍ជុំវិញដែលសាយភាយទៅ ដល់នឹងការពង្រីកទីក្រុងជាដើម។

-ជាទ្រព្យបញ្ចាំធានាបំណុល:

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នអចលនទ្រព្យ គឺជាទ្រព្យដាក់ធានាបំណុលចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីទទួលបានប្រាក់កម្ចីពីធនាគារ ហើយធនាគារនេះហើយដែលបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ចជាដៃគូល្អ ដែលផ្តល់ហិរញ្ញវត្ថុក្នុងការចាប់ផ្ដើម ពង្រីកអាជីវកម្ម រឺវិនិយោគដើម្បីទទួលបានប្រាក់ចំណេញ។

ហានិភ័យទាប និងអាចគ្រប់គ្រងបាន:

បើយើងយកលុយទៅ បើកអាជីវកម្មថ្មីថ្មោង ដែលគ្មានជំនាញ និងបទពិសោធន៍ អត្រាបរាជ័យមានខ្ពស់ណាស់ គឺប្រឈមមុខ នឹងការបាត់បង់ទាំងស្រុងតែម្ដង។ សម្រាប់ការវិនិយោគអចលនទ្រព្យវិញ ប្រសិនបើស្របច្បាប់ និងមានប្លង់កម្មសិទ្ធិត្រឹមត្រូវការវិនិយោគនៅតំបន់ខ្លះ គឺគ្រាន់តែកប់ដើមប៉ុណ្ណោះ។

ឧទាហរណ៍: ដីនៅបុរីកាំងម៉េង ផ្លូវជាតិលេខ២ កប់ចោលជាច្រើនឆ្នាំ ស្រាប់តែ២ ៣ឆ្នាំចុងក្រោយដីនៅតំបន់នោះ ចាប់ផ្តើមកំរើកឡើងវិញ ហើយក្នុងឆ្នាំ ២០២១ ដីក្នុងមួយឡូតិ៍ តំលៃជាង ១០មឺនដុល្លារ ទៅតាមផ្លូវនិងទីតាំងនិមួយៗ។

កត្តាប្រជារាស្ត្រ និងតំរូវការ:

កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ចបានធ្វើ ឲ្យតម្រូវការច្រើននិងអចលនវត្ថុ ចេះតែកើនឡើង ដូចជាត្រូវការដីសម្រាប់សាងសង់ ការិយាល័យ ពាណិជ្ជកម្ម ផ្សារទំនើប ឃ្លាំងរោងចក្រ លំនៅដ្ឋាន សម្រាប់រស់នៅ និងដីចម្ការជាដើម។ គេតែងនិយាយថាមនុស្សកើត តែដី មិនកើត រឺមិនអាចប្រែប្រួលបានទេ តែពីមួយឆ្នាំទៅមួយឆ្នាំកំណើនមនុស្សកើនឡើង ក្នុងសេដ្ឋកិច្ចកាន់តែប្រសើរ ដូចនេះតម្រូវការអចលនទ្រព្យ ចេះតែកើនឡើងតាមនោះដែរ៕

ក្រុមហ៊ុនយក្ស Facebook មានគម្រោងជួលមនុស្ស១០.០០០នាក់នៅសហភាពអឺរ៉ុប ដើម្បីបង្កើតពិភពMetaverse ដ៏អស្ចារ្យ

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមខ្នាតយក្ស Facebook នៅថ្ងៃច័ន្ទ ទី១៨ តុលា នេះបានប្រកាសផែនការជួលមនុស្ស រហូតដល់ទៅ១០.០០០នាក់នៅសហភាពអឺរ៉ុប ដើម្បីបង្កើតពិភព Metaverse ដ៏អស្ចារ្យ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times បានឱ្យដឹងថា ការបង្កើតពិភព Metaverse នេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook។

តើអ្វីទៅជា Metaverse?

Metaverse គឺជាពិភពសិប្បនិម្មិត ដែលអាចឱ្យយើងចូលលេងទីនោះបានតាមរយៈការភ្ជាប់អ៊ីនធឺណិត និងពាក់វែនតាបច្ចេកវិទ្យារបស់ VR (Virtual Reality)។ ពេលភ្ជាប់រួចរាល់ហើយ វានឹងធ្វើឱ្យមនុស្ស២នាក់ ដែលនៅកន្លែងផ្សេងគ្នាមានអារម្មណ៍ហាក់ដូចជួបគ្នាគ្នាដោយផ្ទាល់យ៉ាងអស្ចារ្យ ទោះបីជាពួកគេនៅឆ្ងាយពីគ្នាចម្ងាយរាប់ពាន់គីឡូម៉ែត្រក្ដី។

ក្រុមហ៊ុន Facebook បានលើកឡើងតាមរយៈប្លក់មួយថា ” Metaverse មានសក្តានុពលជួយត្រួសត្រាយផ្លូវ ឆ្ពោះទៅកាន់ឱកាសសេដ្ឋកិច្ច និងសង្គមប្រកបដោយភាពច្នៃប្រឌិតថ្មី។ ហើយពលរដ្ឋអឺរ៉ុប នឹងក្លាយជាអ្នកអភិវឌ្ឍវាឡើងពីចំណុចចាប់ផ្ដើមដំបូង។ ថ្ងៃនេះ យើងប្រកាសផែនការបង្កើតការងារជំនាញ កម្រិតខ្ពស់ថ្មីៗចំនួន១០,០០០កន្លែងនៅសហភាពអឺរ៉ុប ក្នុងរយៈពេល៥ឆ្នាំខាងមុខ”។

ការជួលមនុស្សធ្វើការនៅសហភាពអឺរ៉ុប នេះនឹងរួមមានទាំងវិស្វករជំនាញជាន់ខ្ពស់ផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះបានផ្តល់ព័ត៌មានលម្អិត តិចតួចណាស់អំពីផែនការរបស់ខ្លួនសម្រាប់ក្រុមបង្កើត Metaverse ថ្មីនេះ។

ក្រុមហ៊ុន Facebook បានធ្វើការកត់សម្គាល់ថា “សហភាពអឺរ៉ុប មានគុណសម្បត្តិជាច្រើន ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អ សម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា បោះទុនវិនិយោគ ព្រោះវាជាទីផ្សារធំដែលមានអ្នកប្រើប្រាស់ច្រើន សម្បូរដោយសាកលវិទ្យាល័យលំដាប់ថ្នាក់លេខ១ ហើយចំណុចដ៏សំខាន់មួយទៀត គឺទីនេះសម្បូរដោយមនុស្សដែលមានទេពកោសល្យខ្ពស់”៕  Korea Times ៕

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី៤០លានដុល្លារសម្រាប់ការអភិវឌ្ឍវិស័យSMEs នៅកម្ពុជា

         ដោយៈលក្ខិណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោ​បាយចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុនិងធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋា រចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីឱ្យដឹងថា ប្រាក់កម្ចីនេះជាកម្មវិធីរងទី៣នៃកម្មវិធីអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរង ចំនួនពីរពីមុនដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ។

លោកស្រីBenita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាត​ត្បាតកូវីដ១៩។ តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់សំខាន់ៗ ដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ (public credit guarantee scheme)សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅកម្ពុជាផងដែរ។

នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និង សេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រ នៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ មានតែ២១,៧% នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេស ប៉ុណ្ណោះដែលមានគណនីធនាគារ ហើយMSMEs ប្រឈ​មការលំបាក ដើម្បីទទួលបានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច។ អាជីវកម្មជារឿយ​ៗ ត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេល វែងដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា និងអន   ក្ខរភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា១៨% ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ជំងឺរាតត្បាត ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ (real estate lending) និង កំណើនឥណទាន លឿន (faster credit growth) បានបង្កើនហានិភ័យ ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ហេដ្ឋារចនា សម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួល បានហិរញ្ញវត្ថុនិងការអភិវឌ្ឍទីផ្សារ។

កម្មវិធីរងថ្មីនេះ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហ​គ្រាសធុនតូច និងមធ្យម (MSMEs) ឱ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រី​កលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យ ឱ្យកាន់តែប្រសើរឡើង ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និងគាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត៕

វិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ Evergrande ឆ្លុះបញ្ចាំងពីវិបត្តិយ៉ាងធំក្នុងទីផ្សារអចលនទ្រព្យចិន ដែលសម្បូរទៅដោយទីក្រុងខ្មោច

ដោយ សុខុម

វិភាគ: ស្ថានភាពវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande នៅតែធ្វើឱ្យពិភពលោកផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅរយៈពេលចុងក្រោយនេះ។ ទោះជាយ៉ាងណា វាគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះនៃវិបត្តិយ៉ាងធំនៅក្នុងទីផ្សារអចលនទ្រព្យចិន ដែលសម្បូរទៅដោយទីក្រុងខ្មោចដែលយើងនឹកស្មានមិនដល់។

រយៈពេលជាច្រើនសប្តាហ៍មកនេះ វិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន មួយនេះត្រូវបានសារព័ត៌មានជាតិ និងអន្តរជាតិចុះផ្សាយព្រោងព្រាតទូទាំងពិភពលោក ខណៈបណ្ដាវិនិយោគិនរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងចំពោះបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុននេះជំពាក់។

ហើយខណៈវិបត្តិក្រុមហ៊ុននេះមិនទាន់ដោះស្រាយចប់ ក្រុមអ្នកវិភាគបានធ្វើការវិភាគលើបញ្ហាមួយដែលកាន់ស៊ីជម្រៅជាងនេះ។ ការវិភាគនោះគឺ៖ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងដាំក្បាលចុះយ៉ាងខ្លាំង បន្ទាប់ពីការផ្គត់ផ្គង់មានច្រើនលើសលប់បើធៀបនឹងតម្រូវការជាក់ស្ដែងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

នៅទីបំផុត អាជ្ញាធរចិន បានចេញមុខអន្តរាគមន៍ដោះស្រាយវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។ ធនាគារប្រជាជនចិន (People’s Bank of China) ដែលជាធនាគារកណ្ដាលនៃប្រទេសចិន បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះគ្រប់គ្រងអាជីវកម្មរបស់ខ្លួនមិនបានល្អឡើយ ប៉ុន្តែអះអាងថា ហានិភ័យដែលវិបត្តិក្រុមហ៊ុននេះបង្កឡើងចំពោះប្រព័ន្ធហិរញ្ញវត្ថុគឺអាចគ្រប់គ្រងបាន។

មន្ត្រីជាន់ខ្ពស់ Zou Lan ដែលជាប្រធាននាយកដ្ឋានទីផ្សារហិរញ្ញវត្ថុនៃធនាគារកណ្តាលចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននេះគ្រប់គ្រងអាជីវកម្មរបស់ខ្លួនមិនបានល្អ និងមិនបានសម្របខ្លួនទៅតាមការប្រែប្រួលនៃទីផ្សារឡើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុននេះបែរជាធ្វើពិពិធកម្ម និងពង្រីកអាជីវកម្មរបស់ខ្លួនដោយងងឹតងងល់ ដែលជាហេតុធ្វើឱ្យប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ខ្លួនមានបញ្ហាកាន់តែធ្ងន់ធ្ងរដែលទីបំផុតឈានទៅដល់ហានិភ័យ”។

តាមពិតទៅ នៅមុនពេលផ្ទុះវិបត្តិក្រុមហ៊ុនហ៊ុន Evergrande គឺលេចចេញសញ្ញាព្រមានជាយូរមកហើយ នោះគឺអាផាតម៉ិនរាប់សិបលានយូនីតនៅទំនេរចោលដែលគ្មានមនុស្សរស់នៅមានពាសពេញប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗ។

លោក Mark Williams សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចឯករាជ្យ Capital Economics ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានប៉ាន់ប្រមាណថា ប្រទេសចិន នៅមានលំនៅដ្ឋានលក់មិនទាន់ចេញប្រហែល៣០លានយូនីត ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ៨០លាននាក់ ពោលគឺស្ទើរតែស្មើចំនួនប្រជាជនអាល្លឺម៉ង់ ទូទាំងប្រទេសទៅហើយ។

ក្រុមហ៊ុន Capital Economics ប៉ាន់ប្រមាណថា លើសពីនេះទៀតលំនៅដ្ឋានប្រហែល១០០លានយូនីតដែលអាចផ្ទុកមនុស្សបានប្រហែល២៦០លាននាក់ ទំនងជាត្រូវបានទិញទុកចោលដោយគ្មានមនុស្សរស់នៅ។ គម្រោងបែបនេះបានទាក់ទាញឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យជាច្រើនឆ្នាំមកហើយ ហើយថែមទាំងត្រូវបានគេហៅថា “ទីក្រុងខ្មោច” របស់ប្រទេសចិន ថែមទៀតផង។

ឥឡូវសូមងាកមកស្វែងយល់អំពីគម្រោងមួយចំនួនក្នុងចំណោមគម្រោងទាំងនោះ និងសិក្សាពីឫសគល់នៃបញ្ហាដែលបានកើតឡើង។

យោងតាមលោក Mark Williams ដែលជាអ្នកជំនាញអន្តរជាតិឱ្យដឹងថា វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធគឺជាចំណែកដ៏ធំមួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលគ្របដណ្ដប់រហូតដល់ទៅ៣០%នៃផលិតផលក្នុងស្រុកសរុប (GDP)។

អស់រយៈពេលរាប់ទសវត្សរ៍មកហើយដែលវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធបានជួយប្រទេសនេះឱ្យទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមអ្នករិះគន់បានចោទសួរថា តើវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកអាចនឹងផ្ទុះវិបត្តិធ្ងន់ធ្ងរនៅពេលណា? ការចោទសួរបែបនេះធ្វើឡើងដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានខ្ចីបុលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកលុយមកចាប់ផ្ដើមគម្រោងរបស់ពួកគេ។

តួយ៉ាង ក្រុមហ៊ុន Evergrande បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន រហូតដល់ទៅជាង៣០០ពាន់លានដុល្លារ ហើយវាបានក្លាយជាករណីមួយដែលឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដែលមិនប្រកបដោយនិរន្តរភាពរបស់ប្រទេសចិន។

លោកស្រី Christina Zhu អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនវិភាគទីផ្សារន្តរជាតិ Moody’s Analytics បានលើកឡើងថា “មិនមែនមានតែក្រុមហ៊ុន Evergrande មួយទេដែលកំពុងជួបការលំបាក”។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផ្សេងទៀតបានទម្លាយឱ្យដឹងថា ពួកគេកំពុងមានបញ្ហារំហូរសាច់ប្រាក់ ពោលគឺស្ទះលុយយ៉ាងខ្លាំង ហើយបានស្នើសុំទៅម្ចាស់បំណុលដើម្បីពន្យារពេលសងបំណុល ឬបានជូនដំណឹងជាមុនថា ខ្លួនអាចនឹងខកខានក្នុងការសងបំណុលទាន់ពេលវេលា។

នៅក្នុងរបាយការណ៍កាលពីពេលថ្មីៗនេះ លោកស្រី Christina Zhu បានសរសេរថា ក្រុមហ៊ុនអចលនទ្រព្យចិន ចំនួន១២ហើយដែលបានខកខានក្នុងការសងបំណុលថ្លៃសញ្ញាប័ណ្ណសរុបជិត៣ពាន់លានដុល្លារ នៅឆមាសទី១ ដើមឆ្នាំ២០២១ នេះ។

លោកស្រីបានបន្ថែមថា “តួលេខនេះគឺស្មើជិត២០%នៃការខកខានសងបំណុលថ្លៃសញ្ញាប័ណ្ណសរុបក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដែលជាអត្រាខ្ពស់បំផុតនៅគ្រប់វិស័យ” នៅចិនដីគោក។

វិបត្តិកូវីដ-១៩ បានធ្វើឱ្យសកម្មភាពនានាស្ទើរតែជាប់គាំងទាំងស្រុង។ ប៉ុន្តែក្រោយមកសកម្មភាពសាងសង់បានផ្ដើមដំណើរការឡើងវិញ នៅពេលប្រទេសចិន បើកប្រទេសឡើងវិញ ហើយទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ក៏ទទួលបានកំណើនរយៈពេលខ្លី។ ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមកទីផ្សារនេះបានដាំក្បាលចុះជាថ្មីឈានទៅដល់វិបត្តិធ្ងន់ធ្ងរ ដែលបានបង្កចលាចលពេញវិស័យអចលនទ្រព្យក្នុងប្រទេសចិន និងបានធ្វើឱ្យទីផ្សារពិភពលោករងភាពរង្គោះរង្គើ។

អ្នកជំនាញមើលឃើញថា វិបត្តិធ្ងន់ធ្ងរក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសចិន មិនងាយនឹងធូរស្រាលក្នុងពេលឆាប់ៗនេះឡើយ៕ CNN៕

នាវា HMAS Anzac របស់កងនាវាចរភូមិន្ទអូស្រ្តាលី នឹងមកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះ

ដោយៈ សុផារី

ព្រះសីហនុៈ នាវាចម្បាំង HMAS Anzac នឹងធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ដែលជាផ្នែកមួយនៃសកម្មភាពចូលរួម ក្នុងតំបន់របស់នាវាបញ្ជាការ IPE 21។

នេះជាដំណើរទស្សនកិច្ច របស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មក ហើយនឹងធ្វើដំណើរទស្សនកិច្ច ដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះ។

តាមរយៈការប្រកាសនេះដែរ នាវា HMAS Anzac នាំយកមកជាមួយនូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

អូស្រ្តាលីបានបង្ហាញក្តីរីករាយ ក្នុងការនាំយកសកម្មភាពចូលរួម ក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថា សកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 ត្រលប់មកអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។

បន្ថែមលើសនេះ ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសសម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែងរបស់យើង និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡាន ដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ៕

ក្រុមហ៊ុនថ្មីមួយគ្រោងបោះទុនជាង៤លានដុល្លារបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ

ដោយៈ សុផារី

ខេត្តកំពង់ស្ពឺៈ ដោយមើលឃើញឱ្យកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនជាច្រើន បានមកដាក់ពាក្យស្នើសុំធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ ហើយថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឱ្យដឹងថា តាមសំណើរវិនិយោគលើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើនេះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅក្នុងភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណជា ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ១.៣១៤កន្លែង។

វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងផលិតផលវាយនភណ្ឌផ្សេងទៀតក្នុងតម្លៃជាង៤,៧ពាន់លានដុល្លារ កាលពីឆមាសទី១ ឆ្នាំ ២០២១គឺមានការកើនឡើងតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕

មហាយក្សចិនឆេះដុំ ខណៈអាមេរិក និងកាណាដាបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ដោយៈសុខុម

តៃប៉ិ: យោធារបស់មហាយក្សចិន កាលពីថ្ងៃអាទិត្យ ទី១៧ តុលា បានថ្កោលទោសសហរដ្ឋអាមេរិក និងកាណាដា ធ្ងន់ៗចំពោះការបញ្ជូននាវាចម្បាំងរបស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឬ Taiwan Strait កាលពីមួយសប្តាហ៍មុននេះ ហើយអះអាងថា ប្រទេសទាំង២ កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ប្រទេសចិន តែងតែអះអាងរហូតមកថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ ជាផ្នែកមួយនៃដែនដីរបស់ខ្លួន និងបានបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងតំបន់ការពារដែន អាកាសរបស់តៃវ៉ាន់ម្តងហើយម្តងទៀត ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ ផ្ទុះកំហឹងយ៉ាងខ្លាំង។

ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងប្រហែល១៥០គ្រឿង ចូលទៅក្នុងតំបន់ខាងលើនេះរយៈពេល៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ តុលា ដល់ថ្ងៃទី៤ តុលា ហើយទង្វើនេះបានបង្កភាពតានតឹងកាន់តែខ្លាំង រវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងតៃប៉ិ ដែលបានធ្វើឱ្យអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។

ជុំវិញបញ្ហានេះ យោធាអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា នាវាពិឃាតរបស់ខ្លួនធុន USS Dewey ដែលបំពាក់មីស៊ីលនាំផ្លូវឈ្មោះ Arleigh Burke បានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកតូចចង្អៀត ដែលខណ្ឌចែកកោះតៃវ៉ាន់ ពីប្រទេសចិន រួមជាមួយនាវាចម្បាំង HMCS Winnipeg របស់កាណាដា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ កន្លងទៅ។

យោធាសហរដ្ឋអាមេរិកបានបន្ថែមថា “ការឆ្លងកាត់របស់នាវា Dewey និងនាវា Winnipeg កាត់តាមច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់យើង ចំពោះការរក្សាការពារតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យមានលក្ខណៈសេរី និងបើកចំហ”។

ជាការឆ្លើយតបយោធាចិន បានចេញសេចក្ដីថ្លែងការណ៍ថា “សហរដ្ឋអាមេរិក និងកាណាដា បានឃុបឃិតគ្នាដើម្បីបង្កបញ្ហា ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ តៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន។ កងទ័ពចិន តែងតែរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងប្រឆាំងដាច់ខាតចំពោះរាល់ការគំរាមកំហែង និងការបង្កហេតុ”។

នាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានឆ្លងកាត់ច្រកសមុទ្រនេះ ប្រចាំខែ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងឆេះដុំ ហើយចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីន​តោនថា បានបង្កភាពតានតឹងក្នុងតំបន់។ ម្ដងម្កាលផងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បញ្ជូននាវាចម្បាំងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រនេះ ហើយក្នុងនោះរួមទាំងប្រទេសអង់គ្លេ​ស ដែលបានបញ្ជូននាវាចម្បាំងកាលពីខែមុនផងដែរ៕ Reuters៕

តំបន់ភ្នំវល្លរ៍នឹងទាក់ទាញការវិនិយោគរមណីដ្ឋាននិងដីឡូត៍លំហែរកាយកាន់តែច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ តំបន់ភ្នំវល្លរ៍ដែលមួយផ្នែកស្ថិតនៅក្នុងទឹកដីខេត្តកំពត និងមួយផ្នែកស្ថិតនៅក្នុងទឹកដីខេត្តកែប បាននិងកំពុងទាក់ទាញការវិនិយោគ លើរមណីយដ្ឋានលំហែរកាយ និងដីឡួត៍ប្រភេទលំហែរកាយកាន់តែច្រើននាពេលអនាគត។

ជាទីតាំងមួយមានភូមិសាស្រ្តអំណោយផល ដែលមានជួរភ្នំខៀវស្រងាត់ ដងព្រែក សណ្ឋានដីខ្ពស់ និងមានជីវជាតិ តំបន់នេះកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ។

អ្នកនាងឆយ ហ្រ្វីដាអគ្គនាយិកាក្រុមហ៊ុន Angel Realty បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៧ តុលាកន្លងមកថា តំបន់ភ្នំវល្លរ៍មានអតីតកាលដ៏ល្បីល្បាញ សម័យខ្មែរក្រហម ប៉ុន្តែអតីតកាលត្រូវបានជីកកប់ដោយពេលវេលា និងនាំមកនូវការអភិវឌ្ឍក្រោម​ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យតំបន់នេះទាក់ទាញការវិនិយោគយ៉ាងច្រើន ពីអ្នកមានធនធាននានាពីរាជធានីភ្នំពេញ ដោយពួកគេវិនិយោគលើការដាំម្រេច ស្វាយ ធូរ៉េន ពិសេសវិនិយោគលើរមណីយដ្ឋានលំហែរកាយ និងដីឡួត៍លំហែរកាយផង និងកសិទេសចរណ៍ផង។

អ្នកនាងបានបន្តថា “ជាមួយនឹងលក្ខខ័ណ្ឌធម្មជាតិ អាចគយគន់ទេសភាពព្រៃភ្នំ ដងអូ និងអាចមើលឃើញសមុទ្រផង បានធ្វើឲ្យតំបន់នេះ ទាក់ទាញគំរោងវិនិយោគជាច្រើន”។ អ្នកនាងបន្តថា “នាពេលអនាគត ខ្ញុំគិតថាតំបន់នេះនឹងរីកចម្រើនលឿនលើគំរោងលំហែរកាយ ព្រោះដីតំបន់នេះមានតម្លៃសមរម្យនៅឡើយ ពិសេសមានទីតាំងមិនឆ្ងាយពីក្រុងកំពត និងក្រុងកែបនោះទេ”។

អ្នកនាងឆយ ហ្រ្វីដាបានបន្តថា បច្ចុប្បន្នអ្នកភ្នំពេញជាច្រើន បាននិងកំពុងទាក់ទងស្វែងរកទិញដីជាច្រើននៅតំបន់់នេះ ដែលធ្វើឲ្យអ្នកនាងកាន់តែមមាញឹក និងត្រូវឡើងចុះរវាងរាជធានីភ្នំពេញ និងខេត្តកំពត កែបកាន់តែញឹកញាប់បណ្តើរៗហើយ ខណៈខេត្តនេះ​នឹងមានការរីកចម្រើនលឿននាពេលអនាគតឆាប់ៗនេះ។

ជាមួយគ្នានេះ លោកទេព រាជបញ្ញាដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ និងវិនិយោគលើគំរោងមួយចំនួននៅខេត្តកំពត កែបបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ភ្នំវល្លន៍កាន់តែមានភាពល្បីល្បាញខ្លាំង និងកំពុងទាក់ទាញការវិនិយោគច្រើន ដោយសារតែលក្ខខ័ណ្ឌទីតាំង ភាពអំណោយផលនៃធនធានធម្មជាតិ និងតម្លៃដីពិតជាមានភាពសមរម្យមែនទែន បើធៀបនឹងតំបន់ភាគច្រើននៃខេត្តកំពត និងខេត្តកែប។

លោកបន្តថា “តំបន់ភ្នំវល្លរ៍ប្រៀបដូចជាកូនក្រមុំមួយ ដែលមិនទាន់សូវចេះរៀបចំខ្លួននៅឡើយ និងកំពុងស្ថិតនៅចូលម្លប់ ប៉ុន្តែនៅពេលអនាគត តំបន់នេះនឹងរីកចម្រើនលឿន ពេលរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ”។ លោកបន្តថា “និន្នាការទិញដីលំហែរកាយកំពុងកើនឡើង ដោយសារប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរឡើង និងពលរដ្ឋកម្ពុជាកាន់តែផ្លាស់ប្តូរបែបផែនជីវិតថ្មី ដែលត្រូវការផ្ទះលំហែរ ក្រៅពីផ្ទះរស់នៅប្រចាំថ្ងៃ”៕