រដ្ឋាភិបាលកម្ពុជា ថៃត្រៀមបើកច្រកទ្វារព្រំដែនថ្មីមួយនៅពេលឆាប់ៗនេះ

រដ្ឋាភិបាលកម្ពុជា ថៃត្រៀមបើកច្រកទ្វារព្រំដែនថ្មីមួយនៅពេលឆាប់ៗនេះ

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងថៃបានព្រមព្រៀងគ្នា នឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ ដែលភ្ជាប់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវ នៃប្រទេសថៃ ជាបណ្តោះអាសន្ន សម្រាប់ការដឹកជញ្ជូនទំនិញក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាម លោកវ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ជាក់នៅថ្ងៃទី១១ ខែតុលានេះ។

លោកវ៉ាស៊ីម សុរិយា ថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១១ តុលានេះថា ខាងយើង បានត្រៀមខ្លួនហើយ នៅស្ទឹងបត់ យើងបានបង្កើតអន្តោប្រវេសន៍ផ្លូវការហើយ ខាងគយយើងក៏បានរៀបចំ ជាមន្រ្តីគយពីច្រកទ្វារព្រំដែនប៉ោយប៉ែត ឱ្យមកជួយការងារសិន ព្រោះយើងបើកបណ្តោះអាសន្នទេ។

បើតាមលោក នៅមានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជា ផ្លូវវាង ទីលានចតរថយន្ត និងកន្លែងត្រួតពិនិត្យ និងស្នាក់នៅរបស់មន្រ្តី ដែលកំពុងសាងសង់នៅឡើយ។

ទោះយ៉ាងណា លោក វ៉ាស៊ីម សុរិយា មិនបានបញ្ជាក់ពីការបរិច្ឆេទនៃការបើកដំណើរការបណ្តោះអាសន្ន ច្រកទ្វារព្រំដែនស្ទឹងបត់ ជាមួយនឹងច្រកទ្វារព្រំដែន បាណងអៀន នៅខាងប្រទេសថៃនោះទេ។

ប៉ុន្តែយោងតាមសារព័ត៌មាននៅប្រទេសថៃ NNT ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ក្រសួងពាណិជ្ជកម្មថៃ បានយល់ព្រមបើកច្រកទ្វាររួចហើយ ដោយរំពឹងនឹងបើកឆាប់ៗ។

ជាការកត់សម្គាល់ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង២៤លានដុល្លារ សម្រេចបានប្រមាណ ២១,០៥ភាគរយហើយ៕

តំបន់សក្តានុពលសំខាន់ៗណាខ្លះ ក្នុងក្រុងភ្នំពេញ ដែលកំពុងទាក់ទាញការទិញលំនៅដ្ឋាន?

ដោយ៖ សុផារី

ភ្នំពេញ៖ មុននឹងសម្រេចចិត្តទិញផ្ទះនៅតំបន់ណាមួយ អ្នកត្រូវតែតាមដានព័ត៌មានទាក់ទងទៅនឹងតំបន់ដែលអ្នកចង់ទិញដើម្បីផ្តល់ជាភាពងាយស្រួលបន្ថែមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានឱ្យបានត្រឹមត្រូវតាមអ្វីដែលអ្នកចង់បាន។ ការជ្រើសរើសទីតាំងល្អជាជម្រើសដ៏ឆ្លាតវ័យដែលអាចផ្តល់នូវអត្ថប្រយោជន៍សម្រាប់អ្នកដែលមានបំណងទិញផ្ទះ មិនថាសម្រាប់ការវិនិយោគឬការរស់នៅនោះទេ។

តាមការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យរបស់ក្រុមហ៊ុន ERA CAMBODIA ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពលនិងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋានក្នុងក្រុងភ្នំពេញក្នុងរយៈពេលចុងក្រោយនេះ៖

1. ផ្លូវជាតិលេខ៦A (ជ្រោយចង្វារ): តំបន់ផ្លូវជាតិលេខ6A (ជ្រោយចង្វារ) ជាតំបន់ដែលងាយស្រួលជាងគេដោយសារតែនៅជាប់នឹងទីក្រុងភ្នំពេញស្រាប់ ថែមទាំងមានផ្លូវធំមិនពិបាកក្នុងការស្វែងរក ហើយក៏ជាផ្លូវដែល ពោរពេញទៅដោយលំនៅដ្ឋានជាច្រើនផងដែរ។

2. តំបន់ចំការដូងទៅព្រៃស: ពីតំបន់ចំការដូងទៅកាន់ព្រៃស បច្ចុប្បន្នកំពុងតែសម្រុកសាងសង់គម្រោងលំនៅ ដ្ឋានជាច្រើន ហើយក៏ជាតំបន់ដែលកំពុងមានមនុស្សអ៊ូអររស់នៅច្រើនផងដែរ ដែលសាកសមបំផុតសម្រាប់ការទិញផ្ទះនៅតំបន់នោះ។

3. ជុំវិញតំបន់ទំនប់កប់ស្រូវ: តំបន់ទំនប់កប់ស្រូវកំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែតម្លៃដីនៅទីនោះមានតម្លៃធូរថ្លៃ ដែលជាហេតុធ្វើឱ្យគម្រោងលំនៅដ្ឋានជាច្រើននាំគ្នាសម្រុកសាងសង់នៅតំបន់នោះ។

4. តំបន់កៀនស្វាយ: កៀនស្វាយ ជាតំបន់ដែលមានបរិយាកាសល្អសម្រាប់លំហែកាយ និងជាតំបន់សម្បូរទៅ ដោយលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលល្អបំផុតសម្រាប់ទិញផ្ទះរស់នៅ។

5. ភាគខាងត្បូងរាជធានីភ្នំពេញ: នៅតាមតំបន់ផ្លូវ៦០ម៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងដោយសារមានលំនៅដ្ឋានជាច្រើនកំពុងតែសម្រុកសាងសង់ មានខុនដូទំនើបៗ សំណង់អគារធំៗ ថែមទាំងមានផ្សារទំនើបដែលល្អបំផុត៕

ផ្តើមជីវិតពីពលករនៅកូរ៉េ ក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យមួយរូប

ដោយៈ កុសុម៉ា

ភ្នំពេញៈ ការឈានឡើងរបស់បុគ្គលម្នាក់ៗ មានលំអានខុសៗគ្នា ឬមានមធ្យោ​បាយមិនដូចគ្នា ប៉ុន្តែការសម្លឹងទៅកាន់គោលដៅដោយភាពជាក់លាក់ ជាមួយជំនឿចិត្ត និងពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្ពោះទៅកាន់វិថីជោគជ័យ។

ជាមួយនឹងបទពិសោធន៍៍កម្រត់កម្រ និងជាកូនកសិករស្ថិតនៅ ក្នុងខេត្តព្រៃវែង លោកឆាន គឹមម៉េន អគ្គនាយកក្រុមហ៊ុនអាណាចក្រ ហេរ៉ូមេន ប្រផឺធី ដែលធ្លាប់បំពេញការងារជាពលករនៅប្រទេសកូរ៉េ បានកសាងមូលដ្ឋានជីវិតយ៉ាងរ៉ឹងមាំ ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើន ពីវាគ្មិនល្បីៗនៅកម្ពុជា ដើម្បីអភិវឌ្ឈន៍សមត្ថភាពខ្លួនឯងជាប្រចាំ ក្នុងគោលដៅក្លាយជាសហគ្រិនម្នាក់ នៅពេលលោកត្រលប់់មកកាន់កម្ពុជាវិញ។

ជាលទ្ឋផលពេលមកដល់កម្ពុជា លោកនិងបងប្អូនប្រុសភ្លោះរបស់លោក បានចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ ពិសេសគំរោងដីឡូត៍ ផ្ទះល្វែង វីឡា នៅខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។

រំលឹកអតតីតៈកាល

ជាអ្នកកាន់ស្តុកអីវ៉ាន់នៅរោងចក្រមួយកន្លែង ក្នុងប្រទេសកួរ៉េ លោកបានរំលឹកថា “ការធ្វើការងារដំបូងនៅប្រទេសកូរ៉េ ពិតជាមានការលំបាក ខ្ញុំអត់ច្បាស់នូវភាសាកូរ៉េ ការនិយាយ និងការស្តាប់ផ្សេងៗមានការលំបាកមែនទែន តែខ្ញុំមានការតាំងចិត្តថាខ្ញុំអាចធ្វើបាន ដោយលោកបានប្រកាន់គោលការណ៍ផ្ទាល់ខ្លួនថា “ការងារគឺជាអ្នកបង្រៀនមនុស្ស” ។

ក្នុងអំឡុងពេលបំពេញការងារនៅសាធារណៈរដ្ឋកូរ៉េ លោកបានកសាងគុណសម្បត្តិជាច្រើន ដោយលោករៀបរាប់មានទាំង អគ្គីភ័យកើតឡើង ដោយការការទុស្សេ ខ្សែភ្លើង ប៉ុន្តែលោកបានចូលទៅយកធុងហ្គាសចេញ ដើម្បីកុំអោយភ្លើងឆាបឆះរោងចក្រ រហូតដល់មានការពេញចិត្តពីថៅកែកូរ៉េ  ហើយជាលទ្ឋផល លោកបានទទួការកោតសរសើរ និងតំលើងប្រាក់ខែជាបន្តបន្ទាប់។

ទស្សនវិស័យ

បន្ទាប់ពីលោកបញ្ចប់បេសកម្ម ជាពលករក្នុងរយៈពេល៤ឆ្នាំ  ដោយការមើលឃើញនៅវិស័យអចនទ្រព្យនៅប្រទេស កូរ៉េមានភាពរីកចំរើនខ្លាំង លោកមានប្រសាសន៍ថា “ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា ខ្ញុំមានហិច្ឆតា ដើម្បីយកខុនដូមួយទៅដាក់នៅស្រុកខ្មែរអោយបាន”។

ដោយលោកមានបទពិសោធច្រើនពីជនជាតិកូរ៉េ ដែលមានការបន្តុះគំនិត ភាពជាសហគ្រិនផង និងការអភិវឌ្ឍខ្លួនជាប្រចាំផងបានធ្វើឲ្យលោកឆាន គឹមម៉េនប្រកាន់នូវចក្ខុវិស័យភ្លឺស្វាង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយលោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា នៅពេលដែលខ្ញុំត្រលប់មកកម្ពុជា ខ្ញុំនឹងក្លាយជាសហគ្រិនអោយបាននៅក្នុងវិស័យណាមួយ”។

ឆ្លងកាត់បទពិសោធន៍ការងារជាក់ស្តែង និងអនុវត្តន៍ជាប្រចាំរហូតទទូលបានជោគជ័យ លោកឆាន គឹមម៉េនបានរំលឹកទៅកាន់ពលករកម្ពុជា ដែលបាននិងកំពុងបំពេញ​ការងារនៅប្រទេសកូរ៉េថា បងប្អូនពលករគ្រប់ប្រទេសគួររៀនសូត្រឲ្យបានច្រើន និងជាប់ជាប្រចាំ ពីការអភិវឌ្ឍនៅប្រទេសរបស់គេ ដើម្បីត្រលប់មកប្រទេសកម្ពុជាវិញ ទទួលបានឱកាសជោគជ័យ។

លោកបានបញ្ជាក់ថា “កាសេពគប់ត្រូវ នឹងធ្វើអោយយើងទទួលបានជោគជ័យ ការធ្វើសកម្មភាពត្រូវ គឺជារឿងជោគជ័យមួយដែរ ហើយត្រូវសំរេចចិត្តអោយត្រូវក្នុងសកម្មភាពមួយនោះ”។ លោកបន្តថា “ចំណុចមួយទៀត ការគិតត្រូវ យើងគិតទៅលើអ្វីដែលកំពុងតែធ្វើ និងទទួលព៌តមានអោយបានត្រឹមត្រូវ”។

លោកឆាន គឹមម៉េនបានបន្តថា “បងប្អូនមិនត្រូវធ្វើការគិតតែពីប្រាក់ខែទេ ត្រូវធ្វើការដោយប្រឹងប្រែងអស់ពីសមត្ថភាព និងតាំងចិត្អអោយដូចធ្វើការងារជារបស់ខ្លួនឯង នោះ បងប្អូននឹងមានភាពជាសហក្រិន តាំងពីបងប្អូនធ្វើការអោយគេម្ល៉េះ”។

អនុសាសន៍

ជាមួយគ្នានេះ លោកបានពន្យល់ថា ដើម្បីក្លាយជាសហគ្រិន បុគ្គលម្នាក់ៗត្រូវមាន៥ចំនុចដូចជា ទី១ ចំនង់ៈ តើខ្លួនចង់ធ្វើអ្វីដោយពិតប្រាកដ ដោយមិនមែនធ្វើតាមតែគេ ដោយគ្មានចំនង់ពីខ្លួនឯងឡើយ ទី២ ជំនឿៈ ត្រូវជឿលើសមត្ថភាពថា ខ្លួនអាចធ្វើបានរឺអត់ ទី៣ ចំណេះ បើមិនមានចំនេះដឹងលើអាជីវកម្មមួយនេះទេ នោះបងប្អូនមិនអាចបើកអាជីវកម្មមួយបានទេ។

ទី៤ ជំនាញៈ ត្រូវចេះពីជំនាញណាមួយ ពីប្រទេសគេ ហើយ យកមកបើកអាជីវកម្មអោយត្រូវ ជំនាញនៅស្រុកខ្មែរដែរ និងទី៥ បទពិសោធន៍ៈ ម្ចាស់អាជីវកម្មមួយៗ សុទ្ធតែមានបទពិសោធន៍ ធ្លាប់ធ្វើកាងារមួយនេះ មុនបើកអាជីវកម្មខ្លួនឯង។

លោកបានមានចែករំលែកនូវភាពខុសគ្នា រវាងការធ្វើការអោយគេនិងភាពជាសហគ្រិន គឺមានការខុសគ្នា ដោយការធ្វើការអោយគេមានម៉ោងកំនត់ ត្រឹម8ម៉ោងជាដើម ចំនែកភាពជាសគ្រិន ត្រូវធ្វើការច្រើនម៉ោងលើសពីនេះ និងត្រូវមានទំនួលខុសត្រូវច្រើនមុខគ្រប់បញ្ហា។

ជាមួយនឹងភាពជោគជ័យជាបន្តបន្ទាប់ បច្ចុប្បន្ននេះ លោកបានវិនិយោគលើវិស័យអចនទ្រព្យ មាន ដីឡូត៏ ផ្ទះល្វែង និងវីឡាជាដើម៕

វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ពញ្ញាក់ស្មារតីឱ្យវៀតណាមបង្កើតការប្រុងប្រយ័ត្នខ្ពស់

ដោយសុខុម

ហាណូយ: វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande បានផ្ដល់មេរៀនជាច្រើនដល់ក្រុមអ្នកបង្កើតគោលនយោបាយ និងក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម នានាឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងគ្រោះមហន្តរាយស្រដៀងគ្នានេះកើតឡើងនៅវៀតណាម។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃទី៩ តុលា ឱ្យដឹងថា អ្នកជំនាញលើកឡើងបែបនេះអំឡុងសន្និសីទមួយដែលរៀបចំឡើងដោយទស្សនាវដ្ដី VnEconomy ដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានឡើងនេះ។

បណ្ឌិត Lê Xuân Nghĩa អតីតអនុប្រធានគណៈកម្មាធិការអធិការកិច្ចហិរញ្ញវត្ថុជាតិវៀតណាម បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃ និងថ្លៃឈ្នួលអចលនទ្រព្យក្នុងប្រទេសវៀតណាម បើធៀបនឹងប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋ គឺខ្ពស់ខ្លាំងណាស់ ស្ទើរតែដូចនៅប្រទេសចិន ទៅហើយ។ លោកបន្តថា នេះឆ្លុះបញ្ចាំងពីកង្វះនៃការផ្គត់ផ្គង់ដែលជំរុញឱ្យមានសកម្មភាពវិនិយោគដ៏ផុសផុលនៅក្នុងទីផ្សារអចលនទ្រព្យ។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចូលចិត្តបោះផ្សាយសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលជាជាងខ្ចីប្រាក់ពីធនាគារ ព្រោះការខ្ចីប្រាក់ពីធនាគារមានភាពស៊ាំញាំដោយតម្រូវឱ្យដាក់តម្កល់ទ្រព្យបញ្ចាំ និងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើគោលបំណងនៃការប្រើប្រាស់ប្រាក់កម្ចីរបស់ពួកគេជាដើម។ អាជីវកម្មនានានៅវៀតណាម បាននិងកំពុងអនុវត្តតាមវិធីនេះជាច្រើនឆ្នាំមកហើយ ពោលគឺមិនខុសគ្នាពីអ្វីដែលក្រុមហ៊ុន Evergrande អនុវត្តនោះឡើយ។

ជាការពិតណាស់ ការធ្វើបែបនេះផ្ដល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អាចបន្ថែមគម្រោងថ្មីៗដោយមិនចាំបាច់រង់ចាំរហូតដល់បញ្ចប់គម្រោងដែលកំពុងបន្ត។ ការធ្វើបែបនេះប្រហែលជាបានផលសម្រាប់ពួកគេ នៅពេលលក់ដាច់ខ្លាំង។ ទោះជាយ៉ាងណា នៅពេលទីផ្សារជាប់គាំង ហើយការលក់ដាំក្បាលចុះ នោះមហន្តរាយហិរញ្ញវត្ថុប្រាកដជាផ្ទុះឡើងដោយជៀសមិនរួច។

លោកគូសបញ្ជាក់ថា “រឿងបែបនេះកើតឡើងញឹកញាប់ណាស់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម ផងដែរ។ យើងបានធ្វើការព្រមានជុំវិញរឿងនេះជាច្រើនលើករួចមកហើយ”។

លោកលើកឡើងថា វិបត្តិក្រុមហ៊ុន Evergrande ទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារហិរញ្ញវត្ថុពិភពលោកឡើយ ព្រោះបណ្ដាវិនិយោគិនសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនសូវចាប់អារម្មណ៍លើអចលនទ្រព្យចិន។

ទោះជាយ៉ាងណា វិបត្តិក្រុមហ៊ុន Evergrande ជាការពញ្ញាក់ស្មារតីបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម ឱ្យបង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះមានក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម នានាបានបោះផ្សាយសញ្ញាប័ណ្ណដល់ទៅរាប់ទ្រីលានដុង (រាប់រយលានដុល្លារអាមេរិក) នៅប្រទេសវៀតណាម។ នេះជារឿងដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ខណៈប្រទេសនេះមិនទាន់មានស្ថាប័នឯករាជ្យ និងមានសមត្ថភាពដើម្បីគ្រប់គ្រងទីផ្សាររបស់ខ្លួននៅឡើយ៕ Vietnam News

ADB ផ្ដល់ហិរញ្ញប្បទាន៣០លានដុល្លារអាមេរិកបន្ថែមគាំទ្រការឆ្លើយតបនឹងជំងឺកូវីដ១៩ របស់កម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន៣០លានដុល្លារអាមេរិក ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើងនៃការឆ្លងថ្មី និងករណីក្នុងសហគមន៍នៃជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីចុងសប្ដាហ៍កន្លងទៅនេះ ជំនួយរបស់ខ្លួនរួមមានប្រាក់កម្ចី២៥ លានដុល្លារ ជាហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS) ។ វានឹងជំរុញសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការការពារការឆ្លងមេរោគ នៅមន្ទីរពេទ្យបង្អែកខេត្តនិងស្រុកចំនួន៨១នៅទូទាំងប្រទេស។ ជំនួយនេះវានឹងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធឃ្លាំមើលនិងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការតាមប្រភពចម្លងជំងឺនៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម ខេត្ត និងស្រុក ។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងផ្តល់ជំនួយឥតសំណងចំនួន៥លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន១៤។ វារួមបញ្ចូលទាំងការផ្តល់ថវិកាសម្រាប់ឧបករណ៍ថ្មី ដូចជា រថយន្តសង្គ្រោះបន្ទាន់ បំពុងផលិតអុកស៊ីសែន និងឧបករណ៍ព្យាបាលដោយប្រើអុកស៊ីសែន ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលក្នុងការថែទាំព្យាបាលជំងឺកូវីដ១៩ ។

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB បានមានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និង គំរាមកំហែងកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស ។ គម្រោងនេះ នឹងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីការពារ កំណត់មុខសញ្ញានិងឆ្លើយតបទៅនឹងកូវីដ១៩ ក៏ដូចជា ការគំរាមកំហែងសុខភាពសាធារណៈផ្សេងៗដែលកំពុងកើតមាន កាត់បន្ថយផលប៉ះពាល់លើសុខភាពនិងសង្គម និងរួមចំណែកដោយប្រយោលក្នុងការកាត់បន្ថយភាពក្រីក្រ ។

កម្ពុជាអាចគ្រប់គ្រងករណីឆ្លងជំងឺកូវីដ១៩ ឱ្យនៅកម្រិតទាបក្នុងឆ្នាំ២០២០ ប៉ុន្តែស្ថានការណ៍ មានសភាពធ្ងន់ធ្ងរ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១មក ។ ដោយសារការគំរាមកំហែងដែលបង្កឡើង ដោយការបំប្លែងខ្លួនថ្មីនៃមេរោគកូវីដ១៩ ដែលអាចឆ្លងរាលដាលលឿន ការគាំទ្រពីគម្រោងនេះដើម្បីពង្រឹងការឃ្លាំមើល ការឆ្លើយតបការផ្ទុះឡើង និងការផ្តល់ សេវាសុខភាព គឺទាន់ពេលវេលា។ គម្រោងនេះនឹងដោះស្រាយបញ្ហាសង្គម ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត ដូចជាការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ និងគាំទ្រដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយអំពើហិង្សាយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត។

គម្រោងនេះអនុវត្តតាម យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ធនាគារអភិ​វ ឌ្ឍន៍អាស៊ី ឆ្នាំ ២០១៩-២០២៣ សម្រាប់ប្រទេសកម្ពុជា ដែលផ្តល់អាទិភាពដល់ការពង្រឹងធនធានមនុស្ស។ វានឹងរួម ចំណែកដល់គោលដៅរួម របស់បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការឆ្លើយតបរបស់ប្រទេសទាំងនោះទៅនឹងការគំរាមកំហែងសុខភាពសាធារណៈធ្ងន់ធ្ងរ ៕

គណៈកម្មាធិការសភាពាណិជ្ជកម្មថៃជំរុញឱ្យមានការកំណត់តំបន់និងច្បាប់សម្រាប់ជនបរទេសដែលទិញខុនដូក្នុងប្រទេសថៃ

ដោយៈ សុផារី

ប្រទេសថៃៈ អ្នកជំនាញអចលនទ្រព្យរបស់ថៃ ចង់ឃើញវិធានការអនុវត្តការគ្រប់​គ្រងកម្មសិទ្ធិបរទេស ដែលមានការកំណត់តំបន់និងការកំណត់ទំហំ ដើម្បីធ្វើឱ្យរក្សាតុល្យភាពតម្លៃលំនៅដ្ឋានថៃ ស្របពេលដែលរដ្ឋាភិបាលថៃ ចង់ទាក់ទាញជនបរទេសឱ្យផ្លាស់ទីលំនៅមកកាន់ប្រទេសថៃបន្ថែមទៀត។

លោក អ៊ីសារ៉ា ប៊ុនយ៉ុង( Issara Boonyoung) ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អចលនទ្រព្យរបស់សភាពាណិជ្ជកម្មថៃបាននិយាយថា មនុស្សជាច្រើនមានការព្រួយបារម្ភអំពីវិធានការថ្មីៗរបស់គណៈរដ្ឋមន្ត្រី ក្នុងការជម្រុញជនបរទេស ដែលមានទ្រព្យសម្បត្តិ មកទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ។

លោកបានមានប្រសាសន៍ថា “កូតាកម្មសិទ្ធិអចលនទ្រព្យបរទេស ដែលខ្ពស់រហូតដល់ជាង៤៩% មិនមែនជារឿងថ្មីទេ។ វាត្រូវបានអនុវត្តន៍នៅឆ្នាំ១៩៩៩ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ ដោយសាររដ្ឋាភិបាលចង់ស្តារសេដ្ឋកិច្ចថៃឡើងវិញ”។ លោកបន្តថា “ទោះយ៉ាងណា មានតែគម្រោងមួយចំនួនប៉ុណ្ណោះ ដែលអាចធានាកម្មសិទ្ធិបរទេសបានជាង ៤៩% ដោយសារជនបរទេសមិនមានទំនុកចិត្តលើសេដ្ឋកិច្ចថៃនោះឡើយ” ។

លោកបានបន្តថា ឥឡូវនេះអចលនទ្រព្យថៃ មានភាពទាក់ទាញក្នុងចំណោមជនបរទេស ដែលកំពុងស្វែងរកទិញ ផ្ទះទីពីរសម្រាប់វិស្សមកាលឬក្រោយចូលនិវត្តន៍។

លោកអ៊ីសារ៉ាបាននិយាយថា ដើម្បីបង្កើនការលក់ដល់អ្នកទិញបរទេស និងជៀសវាងផលប៉ះពាល់ដល់ប្រជាជនក្នុងតំបន់ រដ្ឋាភិបាលគួរតែប្រើបទបញ្ជា ដូចជាការកំណត់តំបន់ជាដើម។ ឧទាហរណ៍ ចំនួនកម្មសិទ្ធិបរទេសលើសពី៤៩% សម្រាប់គម្រោងខុនដូមិនគួរស្ថិតនៅក្នុងតំបន់កសិកម្ម ដើម្បីការពារការកាន់កាប់ដីដោយប្រយោល។

លោកបានមានប្រសាសន៍ថា “តម្លៃខុនដូដែលអនុញ្ញាតឱ្យមានជនបរទេស មានសិទ្ធិកាន់កាប់ គួរតែមានតម្លៃ១០លានបាតឬខ្ពស់ជាងនេះ ដើម្បីរក្សាតម្លៃសមរម្យសម្រា​ប់ប្រជាជនថៃ” ។

លោក Suthikorn Kingkaew នាយកស្រាវជ្រាវនៅវិទ្យាស្ថាន Future Innovative Thailand បាននិយាយថា រដ្ឋាភិបាលគួរតែគ្រប់គ្រងចំនួន ដែលជនបរទេសអាចទិញបាន ដូចជា ដាក់ចេញច្បាប់អនុញ្ញាតឱ្យទិញបានមួយឯកតា ក្នុងមួយលិខិតឆ្លងដែនជាដើម។

លោក Suthikorn បានមានប្រសាសន៍ថា“ ជនបរទេសគួរតែត្រូវបានអនុញ្ញាតឱ្យទិញខុនដូថ្មី មិនមែនជាខុនដូចាស់ទេ ព្រោះការអភិវឌ្ឍថ្មីអាចជំរុញកំណើនសេដ្ឋកិច្ច” ។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ទំហំខុនដូដែលបានផ្ទេរទៅជនបរទេសពីឆ្នាំ២០១៨-២០២០ មានចំនួន១,៤០៨,៣១០ម៉ែត្រការ៉េ ក្នុងនោះទីក្រុងបាងកក មានទំហំ ៧៧៧,៩៦១ ម៉ែតការ៉េស្មើនឹង៥៥,២%។ ទីពីរនៅតំបន់ខាងកើត គឺ ៤៣៣,៣៩៩ ម៉ែត្រការ៉េ (៣០.៨%) បន្ទាប់មកតំបន់ភាគខាងជើងមាន ១០២,៩០២ ម៉ែត្រការ៉េ (៧.៣%) ។

យោងតាមទីភ្នាក់ងារព័ត៌មាន REIC ជនជាតិបរទេសដែលទិញខុនដូលំដាប់ទី ១ គឺ ជាជនជាតិចិន ដែលភាគច្រើនផ្តោតលើទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសាមុតប្រាកាន។ ជនជាតិរុស្ស៊ីស្ថិតនៅលំដាប់ទី ២ តាមដោយជនជាតិអង់គ្លេស ជនជាតិបារាំង និង ជនជាតិជប៉ុន៕

ឧកញ៉ា សំ សុខនឿនៈចង់លក់អចលនទ្រព្យដាច់លឿន តើភ្នាក់ងារអចលនទ្រព្យត្រូវយល់ដឹងដឹងអំពីអ្វីខ្លះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ភាពជាភ្នាក់ងារលក់អចលនទ្រព្យ មិនមែនជាការងាយស្រូលពេកនោះទេ លើការលក់អចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ និងទទូលបានទំនុកចិត្តពីអតិថិជន។

តើភ្នាក់ងារអចលនទ្រព្យគួរប្រតិបត្តិខ្លួនបែបណា ដើម្បីលក់អចលនទ្រព្យបានដោយជោគជ័យ?។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសា​សន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាម កាលពីចុងសប្តាហ៍មុ​នថា បច្ចុប្បន្នជំនាញភ្នាក់ងារអចលនទ្រព្យ គឺជាជំនាញមួយកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេតុតែជំនា​ញនេះ ជាជំនាញដែលអាចធ្វើឲ្យរកចំណូលបានច្រើន។

លោកបន្តថា “តែទោះជាយ៉ាងណាក្តី មានភ្នាក់ងារជាច្រើន លក់មិនទាន់ដាច់ ឬលក់មិនសូវដាច់ រាល់អចលនទ្រព្យរបស់ខ្លួន ដែលកំពុងលក់ឡើយ”។

លោកឧកញ៉ា បានផ្តល់ការចែករំលែក នៃការលក់ដ៏ជោគជ័យរបស់លោក តាមរយះ Property Area Asia នូវគន្លឹះសំខាន់ៗចំនួន៥រូមមាន ទី១) ត្រូវជ្រើសរើសលក់អចលនទ្រព្យណា ដែលស្របច្បាប់ មានឯកសារភាពជាម្ចាស់គ្រប់ត្រឹមត្រូវ។ ទី២) ត្រូវដឹងអំពីលៃទីផ្សាររបស់អចលនទ្រព្យ នៅតំបន់ដែលយើងកំពុងលក់ឲ្យបានច្បាស់។ ទី៣ លក់អចលនទ្រព្យណា ដែលម្ចាស់ចង់លក់ពិតប្រាកដ ដែលមានតំលៃគួរឲ្យចាប់អារម្មណ៍ ហើយអាចឲ្យអ្នកទិញអាចចំណេញបាននៅពេលខាងមុខ។

ទី៤) ភ្នាក់ងារត្រូវមានជំនាញព្យាករណ៍តំលៃ អចលនទ្រព្យនាពេលអនាគតសម្រា​ប់អ្នកទិញ ដើម្បីឲ្យអ្នកទិញងាយស្រួលក្នុងការគិតអំពីផែនការវិនិយោគ និងទី៥) ភ្នាក់ងារត្រូវចេះគណនាឲ្យអ្នកទិញ បានច្បាស់លាស់នូវផលចំណេញ ប្រសិនបើអ្នកទិញទិញយកទៅធ្វើអ្វីមួយ ជាឧទាហរណ៍: ប្រសិនបើដីមួយទំហំ២ហិតា ហើយតម្លៃទីផ្សារគឺ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ តែអ្នកលក់លក់ត្រឹមតែតម្លៃ១៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នោះមិនប្រាកដថា អ្នកទិញនឹងទិញនោះទេ ព្រោះអ្នកទិញមិនអាចយកទៅធ្វើអ្វីមួយបានចំណេញនោះទេ ក្នុងតម្លៃ១៥០ដុល្លារនេះ។

លោកឧកញ៉ាសំ សុខនឿនបានបន្ថែមថា ភាពជាភ្នាក់ងារលក់អចលនទ្រព្យ ក៏ត្រូវមានវិធីសាស្រ្តក្នុងការចចារ មានចំណេះដឹងទូលំទូលាយ ទាក់ទងនឹងលិខិតបទដ្ឋានគតិ​យុត្តិនានា ក៏ដូចជាមូលដ្ឋានច្បាប់សំខាន់ៗជាច្រើន ដើម្បីផ្តល់នូវការប្រឹក្សានិងដំណោះស្រាយជាក់លាក់ ដែលអាចឲ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើអាជីពរបស់យើង ដែលប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់៕

ផ្លូវលេខ១៣០ឆ្ពោះទៅកាន់តំបន់ភ្នំប្រសិទ្ឋចាប់ផ្តើមពង្រីកតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ផ្លូវជាតិលេខ១៣០ ដែលតភ្ជាប់់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារព្រែកព្នៅទៅកាន់តំបន់ភ្នំប្រសិទ្ឋ និងពង្រីកការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥១ កំពុងត្រូវបានពង្រីក និងស្តារឡើងវិញ។

ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងបាននិងកំពុងជម្រុញការវិនិយោគលើលំនៅដ្ឋាន បុរី ពិសេសតម្លៃដីធ្លីនៅតំបន់នេះបាន និងកំពុងហក់ឡើងយ៉ាងខ្លាំង។

តាមរយៈការធ្វើដំណើរ របស់ក្រុមការងារគេហទំព័រ Propertyarea.asia កាលពីសប្តាហ៍មុនបានឲ្យដឹងថា ការពង្រីកការតភ្ជាប់លើផ្លូវដ៏សំខាន់នេះ បាននិងកំពុងហុចសក្តានុពល នៃការអភិវឌ្ឍនៅមូលដ្ឋានទាំងនោះកើនឡើង ទាំងតម្លៃអចលនទ្រព្យ ពិសេសដីធ្លីនិងសំណង់បុរីលំនៅដ្ឋានបានកើនឡើងយ៉ាងព្រោងព្រាត។

ប៉ុន្តែយ៉ាងណាក្តីតម្លៃលំនៅដ្ឋាន នៅតំបន់នេះមិនទាន់ទាក់់ទាញបុរី ឬវីឡាប្រណីត​ដែលមានតម្លៃខ្ពស់ៗនៅឡើយ ដោយភាគច្រើនផ្ទះល្វែង ផ្ទះអាជីវកម្មនតំបន់នេះមានតម្លៃចន្លោះពី៣០,០០០ ទៅ៧០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈគំរោងវីឡានៅជើងភ្នំប្រសិទ្ឋរបស់លោកឧកញ៉ាហួត ជាបានលក់ក្នុងតម្លៃជាង៦០០០០ដុល្លារអាមេរិក ប៉ុន្តែតម្លៃបានកើនឡើង ក្នុងមួយរយៈចុងក្រោយនេះ ដោយសារការវិនិយោគផ្លូវកាន់តែស្អាត ចរន្តទិញលក់កើនឡើង និងតម្លៃសម្ភារៈសំណង់ចាប់ផ្តើមមានសន្ទុះផងដែរ ស្របពេលសេដ្ឋកិច្ចជាតិ ចាប់ផ្តើមដំណើរការកាន់តែប្រសើរបណ្តើរៗផងដែរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia​ លោកយិន លាងគង់ ដែលបានតាមដានជាប់ជាប្រចាំ លើការវិវត្តន៍លើវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តរយៈពេលវែងតទៅទៀត ដោយសារ ទី១ សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនរយៈពេលវែង ទី២ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយមានភាពរ៉ឹងមាំ និងអ្នកនយោ​បាយមានភាពចាស់ទុំ ដែលវិនិយោគិនអន្តរជាតិអាចទុកចិត្តបាន ទី៣ កម្ពុជាមានប្រជាជនវ័យក្មេងច្រើន។

ទី៤ កម្ពុជាបាននិងកំពុងស្ថិតក្នុង ក្រសែភ្នែកវិនិយោគិនអន្តរជាតិ ដោយពួកគេអាចរកផលចំណេញពីការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសជិតខាងកម្ពុជា និងទី៥ ការវិនិ​យោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងក្លាយជាវិស័យដ៏មុនស្រួច អាទិភាព ដើម្បីរដ្ឋាភិបាលអាចរុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅមុខក្នុងកម្រិតថ្មីមួយទៀត ទី៦ ប្រាកើចំំណូលរបស់ប្រជាពលរដ្ឋកើនឡើងជាប្រចាំ ដែលធ្វើឲ្យអំណាចនៃការទិញ ក៏ដូចជាការវិនិយោគលើវិស័យអចលនទ្រព្យកើនឡើង និងទី៧ អ្នកវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអចលទ្រព្យកម្ពុជាកាន់តែមានភាពចាស់ទុំ។

លោកយិន លាងគង់បានបន្តថា ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ឋ កំពុងធ្វើឲ្យប្រជាពលរដ្ឋកានើតែរីករាយ ដោយសារងាយស្រួលក្នុងការធ្វើដំណើរផង និងបានធ្វើឲ្យអចលនទ្រព្យឡើងថ្លៃផង ពិសេសតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញមួយចំនួន ក្នុងកំពុងស្ថិតក្នុងផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បញ្ចូល ក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញនាពេលខាងមុខនេះ៕

អ្នកវិនិយោគតៃវ៉ាន់ចាប់ផ្តើមសម្លឹងឱកាសវិនិយោគនៅកម្ពុជា ខណៈអ្នកជំនាញ ក្នុងស្រុកចាប់ផ្តើមមានសុទិដ្ឋិនិយម

ដោយៈគង់ សូរិយា

ភ្នំពេញៈ បណ្តាអ្នកវិនិយោគមកពីកោះតៃវ៉ាន់ បាននិងកំពុងចាប់ផ្តើមសម្លឹងចាប់យកទីផ្សារកម្ពុជាជាថ្មី លើវិស័យសំណង់ និងបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាពសំណង់នៅកម្ពុជា។

អ្នកធុរកិច្ចរបសតៃវ៉ាន់ជាច្រើន បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងប្រកាសស្វែករកដៃគូអាជីវកម្មនៅកម្ពុជា ដើម្បីជួយនាំចូល និងចែកចាយផលិតផលជាច្រើនទាក់ទិននឹងសម្ភារសំណង់គុណភាពខ្ពស់ និងបច្ចេកវិទ្យាថ្មីពីប្រទេសតែវ៉ាន់ផ្ទាល់មកកម្ពុជា។ ការស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា គឺជាផ្នែកមួយនៃគម្រោង Wow! Taiwan ដែលជាយុទ្ធនាការធ្វើទីផ្សារនៅក្រៅប្រទេសរបស់ CDRI ទិសដៅជំរុញទំនាក់ទំនង និងបណ្ដាញធុរកិច្ចរវាងក្រុមហ៊ុនតែវ៉ាន់ និងក្រុមហ៊ុនក្រៅស្រុក។

CDRI បានបញ្ជាក់ថា ខ្លួននឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុននានានៅតៃវ៉ាន់នឹងណែនាំអំពីសម្ភារៈសំណង់ និងផលិតផលរបស់ខ្លួនទៅឱ្យភាគីកម្ពុជា។ ដូចគ្នានេះដែរ ភាគីកម្ពុជាក៏អាចណែនាំផលិត​ផលរបស់ខ្លួនទៅខាងតៃវ៉ាន់ផងដែរ។

លោកស្រីតាំង ហួរនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១០ តុលាកន្លងមក ដោយសម្តែងសុទិដ្ឋិនិយមថា កម្ពុជាកាន់តែមានភាពប្រសើរឡើង និងមានសញ្ញាវិជ្ជមានកាន់តែច្រើន ដែលវិនិយោគិន​អន្តរជាតិ បានចាប់ផ្តើមឈានជើងមកម្ពុជាបណ្តើរហើយ ស្របពេលការចាក់វ៉ាក់សាំងនៅកម្ពុជាបានកាន់តែច្រើន ស្ទើរ១០០ភាគរយ។ រដ្ឋាភិបលក៏ត្រៀមបើកទទួលភ្ញៀវទេស​ចរណ៍អន្តរជាតិឡើងវិញ ហើយការធ្វើចត្តាឡីស័កនឹងកាត់បន្ថយរយៈពេលពីពីរសប្តាហ៍ មកត្រឹម១សប្តាហ៍វិញ។

លោកស្រីបន្តថា “ការដើរកំសាន្តក្នុងឱកាសភ្ជុំបិណ្ឌ ទំ​នងជាមិនមានបញ្ហានោះទេ ហេតុនេះយើងរំពឹងថា សេដ្ឋកិច្ចរបស់យើងនឹងដំណើរការល្អប្រសើរ​ ស្របពេលរដ្ឋាភិបាលត្រៀមបើកអាជីវកម្មឡើងវិញ”។លោកស្រីបន្តថា “យើងកាន់តែមានសង្ឃឹម និងមានភាពសុទិដ្ឋិនិយម ព្រោះសេដ្ឋកិច្ចយើងនឹងអាចវិលមកសភាពដើមឡើងវិញឆាប់ៗ”៕

តើអ្នកខ្ចីឥណទានពីស្ថាប័នហិរញ្ញវត្ថុត្រូវតម្រូវឲ្យមានឯកសារសំខាន់ៗអ្វីខ្លះ?

ដោយៈ សុផារី

ភ្នំពេញៈ អាជីវកម្មមិនថាកម្រិតតូច មធ្យម និងធំ ក្នុងដំណាក់កាលណាមួយ នឹងត្រូវការកម្ចីបន្ថែម សម្រាប់យកទៅប្រើប្រាស់ ក្នុងការចំណាយចាំបាច់ណាមួយ ដូចជា ពង្រីកអាជីវកម្មដើម្បីបំពេញតម្រូវ ការទីផ្សារជាដើម។

បញ្ហានៅត្រង់ថា ត្រូវរៀបចំឯកសារចាំបាច់អ្វីខ្លះ ដើម្បីសម្រួលដល់នីតិវិធីនៅពេលស្នើសុំកម្ចី ការរៀបចំឯកសារទុកជាមុននឹងជួយសន្សំពេលវេលា និងកម្លាំងផងដែរ។ ក្នុងករណីនេះ ម្ចាស់អាជីវកម្ម ឬអ្នកចង់ខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ គួរត្រៀមឯកសារចាំបាច់មួយចំនួនដូចជា៖

របាយការណ៍ហិរញ្ញវត្ថុ (Financial Statements)
ប្រៀបបានទៅនឹងរបាយការណ៍ ដែលរៀបរាប់អំពីស្ថានភាពក្រុមហ៊ុន ម្ចាស់អាជីវកម្មត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទុកសម្រាប់ជាភស្តុតាងផងដែរថា អាជីវកម្មដំណើរការបានល្អ និងសក្តានុពលអាចពង្រីកបាន។ របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗដែលត្រូវរៀបចំមានដូចជា របាយការណ៍ចំណូល-ចំណាយ (Income Statement), តារាងតុល្យការ (Balance Sheet), របាយការណ៍មូលធនទ្រព្យម្ចាស់ (Statement of Owner’s Equity) និងសំខាន់បំផុតគឺរបាយការណ៍លំហូរសាច់ប្រាក់ (Cash Flow Statement) ។

ពត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន
រួមបញ្ចូលផ្នែកជាភាគហ៊ុនក្នុងអាជីវកម្ម ប្រសិនបើជាប្រភេទអាជីវកម្មឯកកម្ម សិទ្ធិ (Sole-Proprietorship) ត្រឹម របាយការណ៍ហិរញ្ញវត្ថុចំណុចខាងលើ ក៏គ្រប់គ្រាន់ តែក្នុងករណីក្រុមហ៊ុន ឬអាជីវកម្មមានម្ចាស់លើសពីម្នាក់ គួរតែមានឯកសារបញ្ជាក់ពីព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់ឲ្យម្ចាស់បំណុល បានដឹងពីលទ្ធភាពសងបំណុល និងស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់ភាគហ៊ុនទាំងអស់។ ចំពោះចំណុចនេះផងដែរ ខាងភាគីម្ចាស់បំណុល ក៏អាចធ្វើការផ្ទៀងផ្ទាត់ តាមរយៈឯកសារអំពីប្រវត្តិឥណទាន តាមរយៈការប្រើសេវាការិយាល័យឥណទានកម្ពុជា (Credit Bureau of Cambodia ឬ CBC)។

ទ្រព្យបញ្ចាំ
ម្ចាស់អាជីវកម្មគួរតែត្រៀមផងដែរនូវទ្រព្យបញ្ចាំ ដែលខ្លួនគិតថាអាចប្រើប្រាស់ជាការធានាក្នុងការស្នើសុំកម្ចី។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើន តែឲ្យតម្លៃទៅទ្រព្យបញ្ចាំណាដែលមានតម្លៃខ្ពស់។ តម្លៃកន្លែងនេះ គឺសម្តៅដល់តម្លៃដែលទីផ្សារ (Fair Value) កំណត់ជាជាងតម្លៃផ្ទៃក្នុង (Intrinsic Value) ក្រៅពីនេះគឺខាងធនាគារនឹងសិក្សាអំពីសមត្ថភាព ដែលទ្រព្យបញ្ចាំនោះអាចទាញរកប្រាក់បានផងដែរ ។

សមត្ថភាពទាញរកប្រាក់នេះ ប្រសិនបើធៀបទៅនឹងអចលនទ្រព្យ គឺសំដៅទៅដល់កម្រៃពីការជួលគិតជាខែជាដើម… ។ ជារួមធនាគារ និងមីក្រូហិរញ្ញវត្ថុចង់ឲ្យកូនបំណុលមានលទ្ធភាពសងបំណុលច្រើនជាង រឹបអូសទ្រព្យបញ្ចាំ ដូច្នេះលក្ខខណ្ឌដែលទ្រព្យបញ្ចាំមានតម្លៃខ្ពស់ និងសមត្ថភាពទាញរកចំណូល នឹង អាចដោះការប្រាក់ប្រចាំខែបាន។

ឯកសារស្នើកម្ចី (Loan Proposal Documents)
វាជាចំណុចចម្បងចុងក្រោយ ហើយក៏ជាផ្នែកសំខាន់មួយផងដែរ បច្ចុប្បន្នដោយ​សារធនាគារមានភ្នាក់ងារ ដែលផ្តល់សេវាដូចជាមន្រ្តីឥណទានជាដើម (Loan Officer) មិនមានភាពលំបាកដូចពីមុននោះទេ ដែលតម្រូវឲ្យអ្នកចង់ខ្ចីប្រាក់ត្រូវចេះសរសេរ Loan Proposal ដោយខ្លួនឯង ។ ជារួមធនាគារនីមួយៗមានវិធីសាស្រ្ត វាយតម្លៃហានិភ័យខុសៗគ្នា (Risk Assessment Methodology) ដូច្នេះឯកសារដែលត្រូវបំពេញ ក៏លើសខ្វះគ្នាបន្តិចបន្តួចផងដែរ ប៉ុន្តែអ្វីដែលអ្នកត្រូវចាំគឺថា ក្នុងឯកសារស្នើកម្ចីត្រូវតែបញ្ជាក់ឲ្យច្បា​ស់ពីបរិមាណលុយដែលត្រូវការ គោលបំណងកម្ចី និងលទ្ធភាពក្នុងការសងប្រាក់វិញ។

បច្ចុប្បន្នពិបាករកអាជីវកម្ម ដែលថាមិនមានបំណុលណាស់ មិនថាទំហំអាជីវកម្មតូច ធំ សុទ្ធតែមានតម្រូវការកម្ចីដូចគ្នា ជាពិសេសនៅពេលបច្ចុប្បន្ននេះ មានស្ថាប័នជាច្រើន ផ្តល់អត្រាការប្រាក់ទាបដែលលើកទឹកចិត្តក្នុងការខ្ចី យកមកពង្រីកអាជីវកម្មបាន កម្ចី ដែលយកមកមានផែនការច្បាស់លាស់អត់មានអ្វីគួរឲ្យខ្លាចនោះទេ៕