ហានិភ័យសេដ្ឋកិច្ចចិនៈ ក្រុមហ៊ុនអចលនទ្រព្យចិនធំមួយទៀតបានរងវិបត្តិបំណុល

ដោយៈសុខុម

ប្រទេសចិន: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយទៀត មានឈ្មោះថា Sinic Holdings បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១១ តុលា ថា ខ្លួនទំនងជាគ្មានលទ្ធភាពទូទាត់សងថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលតម្លៃ២៥០លានដុល្លារអាមេរិក តាមពេលកំណត់នោះទេ ព្រោះពេលនេះខ្លួនគ្មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ឡើយ។

ករណីក្រុមហ៊ុននេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់បង្កឡើង ដោយវិបត្តិបំណុលគរដូចភ្នំរហូតដល់ទៅ៣០៥ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group មកលើវិស័យអចលនទ្រព្យចិនទាំងមូល នៅពេលរំហូរសាច់ប្រាក់រីងស្ងួត ហើយការលក់ក៏ធ្លាក់ចុះទាប។

ក្រុមហ៊ុន Sinic Holdings ធ្លាប់បាននិយាយកាលពីខែកញ្ញាថា ម្ចាស់បំណុលម្នាក់បានទាមទារឱ្យខ្លួនសងប្រាក់ដើម និងការប្រាក់បង្គរ មិនបានបង់សរុបចំនួន៧៥.៤លានដុល្លារអាមេរិក លើថ្លៃសញ្ញាប័ណ្ណក្រៅប្រទេស។

ក្រុមហ៊ុននេះនិយាយទៀតថា ការទាមទាររបស់ម្ចាស់បំណុលនោះ អាចនឹងធ្វើឱ្យខ្លួន ត្រូវទូទាត់សងថ្លៃសញ្ញាប័ណ្ណភ្លាមៗ រហូតដល់ទៅ៧១០លានដុល្លារអាមេរិក ប្រ​សិ​​​នបើម្ចាស់បំណុលផ្សេងៗទៀតទាមទារដូចនេះដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុននេះនិយាយថា ពេលនេះខ្លួនកំពុងចរចាជាមួយម្ចាស់បំណុល និងភាគីពាក់ព័ន្ធផ្សេងទៀតជុំវិញលក្ខខណ្ឌទូទាត់សង។ ការទូទាត់សងប្រាក់ដើម និងការបង់ការប្រាក់ចុងក្រោយលើថ្លៃសញ្ញាប័ណ្ណតង់ទី១ នឹងមានចំនួន២៥០លានដុល្លារអាមេរិក ដែលនឹងដល់ពេលត្រូវបង់នៅថ្ងៃទី១៨ តុលា ដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sinic Holdings ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន មានបំណុលសរុបចំនួន១,០១ពាន់លានដុល្លារអាមេរិក។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានផ្អាកការជួញដូរចាប់តាំងពីថ្ងៃទី២០ កញ្ញា មកម៉្លេះ បន្ទាប់ពីបានដាំក្បាលចុះ រហូតដល់ទៅជិត៩០%នៅក្នុងថ្ងៃដដែលនោះ៕ Reuters៕

ទោះជារងវិបត្តិ ប៉ុន្តែវិស័យសំណង់កម្ពុជាបានទាក់ទាញទុនវិនិយោគជិត៤០០០លានដុល្លារអាមេរិក

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ វិស័យសំណង់នៅតែជាផ្នែកសំខាន់ននៃសេដ្ឋកិច្ចកម្ពុជា បើទោះបីជាប្រទេសនេះរងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែទុនវិនិយោគហូរចូលមកក្នុងវិស័យនេះ នៅតែមានចំនួនច្រើន។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ស្ថាប័នថ្នាក់ជាតិ និងថ្នាក្រោមជាតិ បានអនុម័តសំណើសុំសាងសង់សរុប ២៩០១គម្រោង ក្នុងរយៈពេល៨ខែ ដំបូងនៃឆ្នាំ២០២១ នេះនិងមានទុនវិនិយោគសរុប៣៨៤៣លានដុល្លារអាមេរិក។

ចំណែករបាយការណ៍ស្តីពី “និន្នាការសេដ្ឋកិច្ច សង្គម” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ទំហំទុនវិនិយោគលើគម្រោងទាំងអស់នេះ បានធ្លាក់ចុះ ២៤,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមគម្រោងទាំងអស់ ប្រភេទសំណង់លំនៅដ្ឋាន មាន២ ៥៣០គម្រោង ឬស្មើនឹង៨៧,២% នៃសំណើសុំសាងសង់សរុប ដែលបានធ្លាក់ចុះ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីឆ្នាំ២០២០កន្លងទៅ តម្លៃគម្រោងស្នើសុំសាងសង់សរុបមានទំហំទឹកប្រាក់​រហូតដល់ទៅ ៧,៧៥ពាន់លានដុល្លារ ធ្លាក់ចុះ៣២ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕

ការសិក្សាថ្មីៈខណ្ឌចំនួនពីរនៅរាជធានីភ្នំពេញទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តាមសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានបង្ហាញខណ្ឌចំនួនពីរ នៅរាជធានីភ្នំពេញរួមមានខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាទីតាំងដែលមានសក្ដាពលទាក់ទាញ និងទទួលបានគម្រោងវិនិយោគច្រើនជាងគេ។

ជាការកត់សម្គាល់ខណ្ឌកំបូល ប៉ែកខាងលិចរាជធានីភ្នំពេញ ហាក់មានសកម្មភាពកាន់តែផុសផុល ទៅលើគម្រោងវិនិយោគលំនៅឋានជាបុរី ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានបន្តសកម្មភាពគម្រោងរបស់ខ្លួន ទាំងគម្រោងចាស់ៗ និងគម្រោងថ្មីៗ ធ្វើឱ្យខណ្ឌនេះ មានប្រជាពលរដ្ឋមករស់នៅកាន់តែច្រើនផងដែរ។

ដោយឡែកខណ្ឌ ពោធិ៍សែនជ័យក៏ដូចគ្នាផងដែរ វាជាតំបន់ដែលមានគម្រោងវិនិយោគលំនៅឋាន និងគម្រោងមួយចំនួនទៀត ក៏បានបន្តសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា តំបន់ខាងលិចនៃរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា ពិតជាមានការវិនិយោគផុសផុលនាពេលបច្ចុប្បន្ននេះ ដោយឃើញមានគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗ ជាច្រើនចាប់ផ្ដើមអនុវត្តន៍ជាបន្តបន្ទាប់ ក្នុងនោះក៏មានគម្រោងលំនៅឋានតម្លៃសមរម្យនិងតម្លៃខ្ពស់ៗផងដែរ ។

លោកបន្តថា “កត្តាដែលជំរុញឱ្យតំបន់ទាំងនោះ កាន់តែទទួលបានការវិនិយោគច្រើននោះ ដោយសារតែយើងឃើញថា មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋក៏កាន់តែរីកដុះដាលមានផ្លូវខ្វាត់ខ្វែង មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើងគ្រប់គ្រាន់”។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីខែមករា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគ ដែលគិតតែក្នុងរាជធានីភ្នំពេញមានចំនួន១៩ គម្រោង ឬស្មើនឹងទុនវិនិយោគប្រមាណ១៧៦លានដុល្លារ។ គម្រោងវិនិយោគទាំងនេះបូកបញ្ជូលគ្នាអាចបង្កើតការងារបានជាង១៤,០០០ នាក់។

ក្នុងចំណោមនោះ ខណ្ឌពោធិ៍សែនជ័យទទួលបាន គម្រោងវិនិយោគច្រើនជាងគេដល់ទៅ៧គម្រោង ខណៈដែលខណ្ឌកំបូលមាន៤គម្រោង។ ខណ្ឌទាំងពីរបូកបញ្ជូលគ្នាមានចំណែកជាង៥០ភាគរយ នៃចំនួនគម្រោងវិនិយោគសរុប១៩គម្រោង។

ទិន្នន័យដដែលបានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ ផ្តោតលើការវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប កែច្នៃ និងវេចខ្ចប់ ផលិតផលកសិកម្ម និងគម្រោងសាងសង់សណ្ឋាគារផ្កាយ៤ជាដើម៕

សូចនាករចំនួនបីគួរពិចារណាៈការទទួលបានសិទ្ឋផ្តាច់មុខលើការលក់គំរោងណាមួយជាឱកាស និងប្រឈម

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ស្របពេលវិស័យអចលនទ្រព្យ កំពុងកើនឡើងប្រជាប្រិយភាពក្នុងសង្គមខ្មែរ ខណៈវិស័យនេះមានភាពចាស់ទុំរួចទៅហើយ នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នានា ប៉ុន្តែនៅកម្ពុជាវានៅតែមានសភាពក្មេងខ្ចីនៅឡើយ។

លោកយិន លាងគង់ ទីប្រឹក្សាសមាគមអចលនទ្រព្យសកលបានចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងខ្លះៗ សម្រាប់អ្នកប្រឡូកក្នុងវិស័យនេះយកទៅពិចារណា ដោយ​លោកបានមានប្រសាសន៍ថា អ្នកជំនាញលំដាប់អន្តរជាតិ ដែលស្គាល់ច្បាស់ពីទិដ្ឋភាពនៃទីផ្សារនេះ នៅមានកម្រិតនៅឡើយ បើទោះបីជាមានអ្នកប្រឡូកកាន់តែច្រើនក្តី។

ហេតុនេះការលក់អចលនទ្រព្យ និងទទួលបានសិទ្ឋលក់់ផ្តាច់មុខលើគំរោងអចលនទ្រព្យណាមួយ វាជាឱកាស និងបញ្ហាប្រឈមធំផងដែរ ដូច្នេះអ្វីដែលអ្នកគួរពិចារណាដំបូងៗគឺលើបីចំណុចនេះ។

ឱកាស
ការដែលទទួលបានសិទ្ឋលក់ផ្តាច់មុខលើគំរោងណាមួយ វាជាការល្អ ក្នុងន័យថាបើក្រុមហ៊ុននោះមានអ្នកជំនាញលក់ និងបណ្តាញការងារច្បាស់លាស់ ត្រឹមត្រូវ សមស្របនឹងពេលវេលាជាក់ស្តែង។

ការទទួលបានគំរោងផ្តាច់មុខយកមកលក់ ក៏ជាឱកាសផងដែរ ដែលក្រុមហ៊ុននោះទទួលបានផលច្រើនពីកម្រៃជើងសារ និងអាចបែងចែកទៅក្រុមហ៊ុនដៃគូបានលឿន និងសមស្រប តាមលក្ខខ័ណ្ឌនៃកិច្ចសន្យាការងារ។

លើសពីនេះ ក្រុមហ៊ុននឹងទទួលបានទំនុកចិត្ត ពីអ្នកអភិវឌ្ឍន៍ច្រើនផងដែរ បើសិនជាការលក់របស់ខ្លួនមានភាពជោគជ័យ ពិសេសបើលក់លឿនជាងផែនការកំណត់ ប៉ុន្តែ​ការចងលក្ខខ័ណ្ឌ រវាងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍នានា ក៏គួរសិក្សាឲ្យបានច្បាស់លាស់ មានមេធាវីត្រឹមត្រូវផងដែរ។

បញ្ហាប្រឈម
ទន្ទឹមនឹងឱកាស បញ្ហាប្រឈមក៏កើតមានព្រមគ្នាផងដែរ ក្នុងករណីក្រុមហ៊ុនមិនទាន់បានរៀបចំរចនាសម្ព័​ន្ឋការងារបានត្រឹមត្រូវ មិនទាន់ជ្រើសរើស ឬមានអ្នកជំនាញផ្នែកលក់បានល្អ ក្រុមហ៊ុននោះនឹងប្រឈមមុខនឹងភាពបរាជ័យផងដែរ។

ហេតុនេះការជ្រើសរើសពេលវេលាមួយត្រឹមត្រូវ ជ្រើសរើសក្រុមការងារត្រឹមត្រូវ ជ្រើសរើសគំរោងបានល្អ ទាំងកេរ្ត៍ឈ្មោះអ្នកអភិវឌ្ឍន៍ ទាំងទីតាំងគំរោង ទាំាំងតម្លៃអចលនទ្រព្យ សុទ្ឋតែជាអ្វីដែលយើងអាចការពារបញ្ហាប្រឈមបានផងដែរ។

ពេលវេលាមិនស័ក្តិសម
ការទើបបង្កើតក្រុមហ៊ុនថ្មី មិនសូវមានបទពិសោធន៍ច្រើនលើការលក់ មិនទាន់មានភាពចាស់ទុំលើការចងបណ្តាញការងារ ថ្នាក់ដឹកនាំក្រុមហ៊ុននោះមិនគួរលោភលន់យកគំរោងណាមួយមកលក់ផ្តាច់មុខនោះទេ ថ្នាក់ដឹកនាំក្រុមហ៊ុននោះគួរសិក្សា និងធ្វើការជាផ្នែកតូចៗសិន ដោយចាប់ផ្តើមពីតូច ប៉ុន្តែទទួលបានលទ្ឋផលធំ។

ដួច្នេះពេលវេលាមិនស័ក្តិសម ពិតជាមិនស័ក្តិសមនោះទេ បើសិនជាអ្នកទើបប្រឡូ​កក្នុងវិស័យនេះ៕

អបអរសាទរជាថ្មីៈកម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោកម្តងទៀត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវេបសាយអន្តរជាតិមួយឈ្មោះ “Rough Guides” ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក “The World’s Friendliest Countries”បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។

កាលពីពេលកន្លងទៅវេបសាយ Rough Guides ដែលជាក្រុមហ៊ុនជំនាញខាងទេសចរណ៍ មានស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានដាក់ការស្ទង់មតិមួយ នៅលើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពីប្រទេសដែលមានភាពរួស​រាយរាក់ទាក់ជាងគេបំផុតលើពិភពលោក។

នៅក្នុងលទ្ធផលស្តង់មតិនេះ Rough Guides បានលើកឡើងថា “រហូតមកដល់ពេលនេះប្រទេសកម្ពុជា គឺបានស្ថិតក្នុងកំពូលតារាង នៅក្នុងការស្ទង់មតិរបស់យើង ដែលជាជម្រើសដ៏មានប្រជាប្រិយក្នុងចំណោមបុគ្គលិក និងអ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា”។

អ្នកចូលរួមផ្តល់មតិយោបល់ម្នាក់ គឺលោកស្រី Andrea Leber បាននិយាយថា “ពួកគេ (ប្រជាជនកម្ពុជា) បានឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែពួកគេនៅតែមានស្នាមញញឹមនៅលើមុខ”។

តាមរយៈការស្តង់មតិរបស់ Rough Guides និងស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើពិភពលោក នឹងធ្វើឱ្យកម្ពុជាកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទាក់ទាញភ្ញៀវទេស ឱ្យមកកម្សាន្តនៅកម្ពុជានាពេលខាងមុខ ខណៈដែលកម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅចុងឆ្នាំនេះ។

ក្រៅពីកម្ពុជា មានប្រទេសចំនួន៩ទៀត ត្រូវបានអ្នកទេសចរអន្តរជាតិចាត់ទុកថា ជាប្រទេសមានភាពរួសរាយរាក់ទាក់ផងដែរ ដែលភាគច្រើនជាប្រទេសនៅក្នុងតំបន់អាស៊ាន។

ប្រទេសដែលឈរនៅលេខរៀងបន្ទាប់ពីកម្ពុជា គឺប្រទេសហ្វីលីពីន ដែលស្ថិតក្នុងលេខរៀងទី២ និងតាមពីក្រោយដោយប្រទេសឡាវ ដែលទទួលបានចំណាត់លេខ៣ និងប្រទេសណេប៉ាល់ ជាប់ចំណាត់លេខ៤។ ចំណែកថៃដែលល្បីល្បាញខាងទេសចរណ៍ ឈរនៅលេខរៀងទី៥ ខណៈដែលប្រទេសសមាជិកអាស៊ាន២ ទៀតគឺ មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់៦ និងឥណ្ឌូនេស៊ី ជាប់ចំណាត់លេខ៧។ រីឯប្រទេសដែលទទួលបានចំណាត់ទី៨ គឺប្រទេសហ្វីជី ក្នុងពេលដែលប្រទេសស្កុតលែន ជាប់ចំណាប់ថ្នាក់ទី៩ និងចុងក្រោយ គឺប្រទេសស្រីលង្ការ ទទួលបានចំណាត់ថ្នាក់ទី១០៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការផ្កល់ទីតាំងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ជូនប្រជាជននៅ មជ្ឈមណ្ឌល កីឡា ផ្លាទីនីម ក្នុងគម្រោង បុរី ប៉េង ហួត

ដោយ សការី

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និង ដើម្បីបើកប្រទេសឡើងវិញ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសហការផ្ដល់ទីតាំងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ខណ្ឌច្បារអំពៅ។ ការរៀបចំយុទ្ធនាការនេះប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌល កីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ចាប់ពីថ្ងៃច័ន្ទទី១១ ខែតុលា រហូតដល់ ថ្ងៃច័ន្ទទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។

កន្លងមកចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ២,១២៣៤នាក់ ដែលក្នុងនោះមានបុគ្គលិក កម្មករ និងជាងសំណង់បុរី ប៉េង ហួត ចំនួនជាង ១ម៉ឺននាក់, ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅបុរី ចំនួនជាង ១ម៉ឺននាក់ផងដែរ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១ និងដូសទី២ បានរួចរាល់ នៅមជ្ឈមណ្ឌល កីឡា ផ្លាទីនីម ។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈ បានមានប្រសាសន៍ថា៖ “ នេះជាថ្ងៃទី១នៃយុទ្ធនារកាចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងបុរីក៏ដូចជាក្នុងខណ្ឌច្បារអំពៅ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយស និង ​ក្តីរីករាយក្រៃលែង ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំនិងផ្តល់ទីតាំងចាក់វ៉ាក់សាំងនេះជូនដល់ប្រជាពលរដ្ឋ ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយការឆ្លងរីករាលដាល និងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់ រហូតទទួលបានលទ្ធផលគួរជាទីមោទកភាព ដែលកម្ពុជាមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងក្នុងតំបន់។”

ខណៈកម្ពុជាជិតសម្រេចបាននូវការចាក់វ៉ាក់សាំងអោយប្រជាជនពេញវ័យ ១០០% ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិច១ដូស ដោយគិតត្រឹមថ្ងៃទី ១០ ខែតុលា តែ​គិតត្រឹមព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១  កម្ពុជាក៏មានអ្នកឆ្លងសរុប ចំនួន ១១៥,០៦៨នាក់ អ្នកជាសះស្បើយចំនួន១០៨,៤០៣នាក់ និងអ្នកស្លាប់ចំនួន ២,៥២៧នាក់ ៕

ការលក់លំនៅដ្ឋានម៉ៅបញ្ចូលគ្នានៅសិង្ហបុរី ហក់ឡើងខ្ពស់រហូតដល់ជាងទ្វេដងក្នុងឆ្នាំ២០២១

ដោយៈសុខុម

សឹង្ហបុរី: ការលក់លំនៅដ្ឋានម៉ៅបញ្ចូលគ្នានៅសិង្ហបុរី កំពុងមានសន្ទុះហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២១ ដោយ២៥គម្រោងត្រូវបានដាក់លក់ លើទីផ្សារចាប់តាំងពីដើមឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងខ្ពស់ជាងទ្វេដង បើធៀបទៅនឹង១១គម្រោងដែលបានដាក់លក់ក្នុងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១១ តុលា នេះ។

ក្នុងនោះគម្រោងខុនដូ Chuan Park Condominium ដែលជាគម្រោងលំនៅដ្ឋានដ៏ធំបំផុតនៅក្នុងប្រទេសសិង្ហបុរី លើផ្ទៃដីស្មើនឹងផ្ទៃ១៤០ទីលានវាយតិន្នីស លក់ម៉ៅបញ្ចូ​លគ្នាបានរហូតដល់ទៅ៨០% សម្រាប់ការដាក់ដេញថ្លៃលក់ម៉ៅបញ្ចូលគ្នា ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ បន្ទាប់ពីរកអ្នកទិញមិនបាននៅក្នុងឆ្នាំ២០១៨។

គម្រោងដ៏ធំដែលមានខុនដូ ចំនួនចន្លោះពី៩០០យូនីត ទៅ៩១៩យូនីតខាងលើនេះ មានម្លៃសរុប៩៣៨លានដុល្លារ ដោយក្នុងមួយយូនីតលក់ ក្នុងតម្លៃរហូតដល់ទៅ២,៦៦លានដុល្លារ អាស្រ័យលើផ្ទៃនៃយូនីតនីមួយៗ។

កំណើននៃការលក់លំនៅដ្ឋាននេះ បង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យអបអរសាទរសម្រា​ប់វិស័យអចលនទ្រព្យ ក្នុងប្រទេសដែនកោះ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក៏ដូចជាវិស័យអចលនទ្រព្យក្នុងតំបន់។

កំណើនខ្ពស់នៃការលក់លំនៅដ្ឋាននេះកើតមានឡើង ស្របពេលទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិន កំពុងជួបភាពវឹកវរ ក្រោយផ្ទុះវិបត្តិបំណុលរបស់ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ ក្នុងប្រទេសចិន និងជាក្រុមហ៊ុន ដែលជំពាក់បំណុលច្រើនបំផុត ក្នុងប្រទេសនេះជាមួយនឹងបំណុល រហូតដល់ទៅជាង៣០០ពាន់លានដុល្លារ។

វិបត្តិរបស់ក្រុមហ៊ុននេះ មិនត្រឹមតែបង្កចលចលនៅក្នុងប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យទីផ្សារពិភពលោក រងភាពរង្គោះរង្គើផងដែរ៕ CNA៕

ហាង​លក់​ផលិតផល​ដ៏ល្បី​ម៉ាក Calvin Klein មួយទៀតបានឈានជើងចូលទីផ្សារកម្ពុជា

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ទីផ្សារកម្ពុជានៅតែបន្តទាក់ទាញក្រុមហ៊ុនល្បីៗបរទេស ជាក់ស្តែងក្រុមហ៊ុនលក់់ផលិតផលដ៏ល្បីមួយទៀត បានឈានជើងមកកាន់ទីក្រុងភ្នំពេញ។

ក្រុមហ៊ុនននេះ បានប្រកាស​ពី​ការបើក​សម្ពោធ​ហាង​សម្លៀកបំពាក់ ​ដែលជា​ម៉ាក​ដ៏ល្បីល្បាញ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ហាង​ដ៏ថ្មី​សន្លាង​នេះ​មាន​ទំហំ​ ១៤០ ​ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ ដែលជា​ផ្សារ​ទំនើប​ធំជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ​។

ហាង​នេះ ​មាន​លក់​នូវ​សម្លៀកបំពាក់​បុរស-នារី ដូចជា​ខោខូវប៊យ ខោអាវ​ទ្រនាប់ ស្បែកជើង និង​គ្រឿង​តុបតែង​លម្អ​ម៉ាក Calvin Klein ជាច្រើន​ប្រភេទ​។ ហាង​ថ្មី​ដ៏ស្រស់ស្អាត​នេះ ត្រូវបាន​រចនា​ឡើង​ជាមួយ​សោភណភាព​ដ៏ប្រណីត ​ជាមួយ​កម្រាល​ឥដ្ឋ និង​ពិតាន​ជញ្ជាំង​ពណ៌​ប្រផេះ ស្រាល​ស្រទន់​បែប​ធម្មជាតិ​។ កន្លែង​ដាក់តាំង​បង្ហាញ​ និង​លក់​សម្លៀកបំពាក់​គ្រឿង​តុបតែង​យ៉ាង​សម្បូរបែប ពោរពេញ​ទៅដោយ​ភាពទាក់ទាញ​។

ហាង​ដំបូង​គេ​ ដែលមាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ​នេះ ​បាន​ឆ្លុះបញ្ចាំង​អំពី​ម៉ាក​យីហោ​ដ៏ល្បីល្បាញ ដែល​ផ្តល់នូវ​ជម្រើស​ផលិតផល​ម៉ាក Calvin Klein យ៉ាងច្រើន​សម្រាប់​អតិថិជន​។ ហាង​ដ៏ប្រណីត​នេះ​បើក​លក់​ចាប់ពី​ម៉ោង​ ៩ ​ព្រឹក ដល់​ម៉ោង​ ១០ ​យប់ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ​។ អំពី Calvin Klein, Inc. Calvin Klein គឺជា​ម៉ាក​យីហោ​សម្លៀកបំពាក់​ និង​គ្រឿង​តុបតែង​ដ៏ស្រស់ស្អាត​ និង​ល្បីល្បាញ​ដែល​ត្រូវបាន​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។

វិធីសាស្ត្រ​ដ៏ទំនើប​របស់​យើង​ ចំពោះ​ការរចនា​គឺ​បង្កប់ ​ទៅដោយ​ការផ្សារភ្ជាប់​ទៅនឹង​វប្បធម៌​របស់​អតិថិជន ​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​មកហើយ​។ បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៦៨ ដោយ​លោក Calvin Klein និង​ដៃគូ​ជំនួញ​របស់គាត់​ឈ្មោះ Barry Schwartz បាន​កសាង​កេរ្តិ៍ឈ្មោះ​ដ៏ល្បីល្បាញ រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ម៉ាក​យីហោ ​ដែល​ឈានមុខ​គេ​ក្នុង​វិស័យ​ច្នៃ​ម៉ូដ​ដោយ​ជនជាតិ​អាមេរិក តាមរយៈ​ម៉ាក​យីហោ​ផលិតផល Calvin Klein ដ៏សម្បូរបែប​ប្រកប​ដោយ​សោភណភាព ស្រស់ស្អាត និង​ជា​ផលិតផល​ដែល​មាន​អាជ្ញាប័ណ្ណ ហើយ​ម៉ាក​យីហោ​ដ៏ល្បីល្បាញ​នេះ ​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន PVH Corp ក្នុង​ឆ្នាំ​ ២០០៣​៕

ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន៧២លានដុល្លារបន្ថែមសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រទេសជប៉ុនបានបន្តផ្ដល់កម្ចី និងជំនួយឥតសំណងដល់កម្ពុជាប្រមាណ៧២លានដុល្លារបន្ថែមទៀត សម្រាប់ឱ្យកម្ពុជាយកមកអភិវឌ្ឍន៍ប្រទេស ក្នុងពេលដែលកម្ពុជា កំពុងត្រូវការជំនួយសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១១តុលា ២០២១នេះឱ្យដឹងថា លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកមិកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៩លានយ៉េន ឬប្រមាណ៧២លានដុល្លារអាមេរិក ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រទេសកម្ពុជា សម្រាប់អនុវត្តន៍គម្រោងចំនួន៦។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង របស់ជប៉ុននេះ  លោក ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការបន្ត ជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំ ដល់ការអភិវឌ្ឍន៍នៅកម្ពុជា។

លោកបន្តថា “ប្រទេសជប៉ុនបាននិងកំពុងជួយគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌”។ លោកបន្តថា “ទាំងនេះឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់យុទ្ធនាការ ចាក់វ៉ាក់សាំងនៅទូទាំងប្រទេសរបស់កម្ពុជាផង”។

លោកប្រាក់ សុខុនបានបន្តថា ជំនួយរបស់ជប៉ុនបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៅកម្ពុជា   ហើយជំនួសមុខឱ្យរដ្ឋា​ភិបាលនិងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់កម្ពុជា។

លោកបន្ថែមថា ប្រទេសជប៉ុនគឺជាស្ថាបត្យករ ដ៏សកម្មនៅក្នុងដំណើរការស្វែងរកសន្តិភាព នៅក្នុងប្រទេសកម្ពុជា ហើយនិងបានរួមចំណែកយ៉ាងសំខាន់បំផុត ដល់ដំណើរការកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយសង្រ្គាមហែកហួរប្រទេស និងការបំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សរ៍៕

រដ្ឋាភិបាលទទួលបានទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារលើការនាំចេញក្នុងរយៈពេល៨ខែ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រទេស​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ទំនិញ​ (​ដក​មាស​) ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ ២០២១ មាន​ជាង ១១ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង២០​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​ការ​នាំចូល​ទំនិញ​ (​ដក​មាស​) កើន​ជាង ២៦ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច-សង្គម បានបង្ហាញឲ្យដឹងកាលពីសប្តាហ៍៍មុនថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២១ ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ (​ដក​មាស​) ​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់១១,១០១​លាន​ដុល្លារ កើនl;G២០,៤ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ កំណើន​នេះ​បានមកពី​ការនាំចេញ​កង់​ គ្រឿងសង្ហារិម​កៅស៊ូ​ ក្តារ​កុងប្លាកេ​ សូឡា​ ខ្សែភ្លើង​,​គ្រឿង​ផ្គុំ​ខ្សែភ្លើង​ គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិផល​ជាដើម​។

ដោយឡែក​ការនាំ​ចូល​ទំនិញ (​ដក​មាស​) មាន​ទឹកប្រាក់១៤,៦​ពាន់​លាន​ដុល្លារ កើន២៦,៧ភាគរយ​។ កំណើន​នៃ​ការនាំ​ចូល​នេះ ដោយសារ​ការកើនឡើង​ការនាំចូល​ក្រណាត់​, គ្រឿង​សំណង់​, ប្រេងឥន្ធនៈ និង​ទំនិញ​ផ្សេងៗ​។

យោងតាម​របាយការណ៍​ដដែលបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​បានអូសបន្លាយ​រហូតមក​ដល់​បច្ចុប្បន្ន និង​បានដាក់​សម្ពាធ​មកលើ​សូចនាករ​សំខាន់ៗ​នៃ​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកលឹម ហេង បាន​មានប្រសាសន៍ឲ្យដឹង ​ថា ទោះ​ក្នុងអំឡុងពេល​កូវីដ​ ១៩ បន្ត​ការរីករាលដាល ក៏​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មិនបាន​ធ្លាក់ចុះ​នោះទេ​។ លោក​បន្តថា ការនាំចេញ និង​នាំចូល​របស់​កម្ពុជា​សុទ្ធតែ​ស្ថិតក្នុង​រង្វង់​កំណើន​ជាង ២០ ​ភាគរយ​ដូចគ្នា នេះ​ជា​អត្រាកំណើន​ល្អ​។

លោក​បញ្ជាក់ថា​ “ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ជាពិសេស​កំណើន​ នៃ​ការនាំចេញ​ផលិតផល ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន និង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ក្នុងពេល​ឆាប់ៗ”។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន​បាន​មានប្រសាសន៍កាលពីពេលថ្មីៗ​នេះថា ផ្អែកលើ​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៃ​ការឆ្លង ការឈឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​ដោយសារ​កូវីដ​១៩ កម្ពុជា​នឹង​បើក​សេដ្ឋកិច្ចសង្គម​ពេញលេញ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​៕