យល់ដឹងពីសំណង់ដែលមិនចាំបាច់មានលិខិតអនុញ្ញាតសាងសង់

ដោយ៖ សុផារី

ភ្នំពេញ៖ រាល់ការងារសាងសង់ ឬ រុះរើ ត្រូវសុំលិខិតអនុញ្ញាតិ ឬមានការអនុម័តពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩។
បើតាមអនុក្រឹត្យលេខ២២៤ ស្តីពីលិខិតអនុញ្ញាតសាងសង់ ក៏មានករណីលើកលែងមួយចំនួនដែរ។ សំណង់ដែលមិនទាមទារឱ្យលិខិតអនុញ្ញាតសាងសង់មានដូចជា៖
• សំណង់អគារផ្ទាល់ដីដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១២ម៉ែត្រក្រឡា និងមានកម្ពស់ទាបជាង ឬស្មើ ៥ម៉ែត្រ
• លំនៅឋានធ្វើពីឈើ ផ្ទះថ្មក្រោម-ឈើលើ ផ្ទះតៀមធ្វើពីឈើ ឬថ្ម នៅទីជនបទ ឬស្រែចម្ការ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១០០ ម៉ែត្រក្រឡា និងមាន កម្ពស់ទាបជាង ឬស្មើ៩ម៉ែត្រ (ត្រូវមិននៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌ តំបន់អភិរក្ស ឬតំបន់ការពារ)
• សំណង់មិនមែនបេតុងដែលសាងសង់ផ្ទាល់ដី សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន មានជាអាទិ៍ បង្គោល ដងទង់ វេទិកា រោង តូប ឬគ្រឿងផ្គុំដទៃទៀតសម្រាប់ប្រារព្ធពិធីផ្សេងៗ
• សំណង់ក្នុងវត្តអារាមដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ២០ ម៉ែត្រក្រឡានិងមានកម្ពស់ទាបជាង ឬស្មើ១២ម៉ែត្រ
• សំណង់របងដែលមិនធ្វើអំពីថ្ម ឬបេតុង
• ការងារសាងសង់ក្នុងស្ថានភាពអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះ ឬការពារអាយុជីវិត ឬបង្ការមិនឲ្យមានការប៉ះពាល់ ឬខូចខាតធ្ងន់ធ្ងរដល់សុខភាព ឬទ្រព្យសម្បត្តិក្នុងភាពអាសន្ន
ចំពោះការងារសំណង់ប្រភេទទាំងនេះ មុននឹងសាងសង់ ម្ចាស់សំណង់គ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅមេឃុំ ឬចៅសង្កាត់ដែលសំណង់នោះ ស្ថិតនៅតែប៉ុណ្ណោះ។
ក្រៅពីប្រភេទការងារសាងសង់ខាងលើ ម្ចាស់សំណង់ទាំងអស់ ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច នៅរដ្ឋបាលស្រុកខណ្ឌ ឬរដ្ឋបាលរាជធានី ខេត្ត ឬក្រសួង ទៅតាមប្រភេទ និងទំហំនៃផ្ទៃក្រឡានៃគម្រោងសាងសង់នោះ៕

លោកស្រី Catherine Chan ស្ត្រីដំបូងដែលទទួលបានពានរង្វាន់បុគ្គលឆ្នើមប្រចាំឆ្នាំខាងផ្នែកអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០២១

ដោយ៖ សុផារី

ភ្នំពេញ៖ លោកស្រី Catherine Chan នាយកក្រុមហ៊ុនហ្គោលហ្វេមគ្រុប (Goldfame Group) ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Urban Village & Factory Phnom Penh ត្រូវបានជ្រើសរើសដោយទស្សនាវដ្តី Property Guru Property Report ជាបុគ្គលឆ្នើមប្រចាំឆ្នាំខាងផ្នែកអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ ២០២១។ ការសម្រេចនេះជាឯកសិទ្ធពិសេសេតែមួយគត់ ដែលមិនត្រូវបានសំរេចដោយក្រុមគណៈកម្មការនៃកម្មវិធី។

លោកស្រី Catherine Chan នឹងក្លាយជាស្ត្រីដំបូងដែលទទួលបានពានរង្វាន់នេះ ដោយកន្លងមកលោកស្រីបានផ្សព្វផ្សាយយ៉ាងសកម្ម លើវិស័យអចលនទ្រព្យនៅកម្ពុជាដល់វិនិយោគិនបរទេសនិងក្នុងស្រុក។

លោកស្រីបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីថា “វាលើកទឹកចិត្តខ្ញុំឱ្យកាន់តែប្រសើរនិងខិតខំបន្ថែមទៀតដើម្បីទទួលបានការទទួលស្គាល់នៅក្នុងសង្គមចំពោះសហគ្រិនស្ត្រីទូទាំងពិភពលោក។ យើងរួមគ្នា កាន់តែរឹងមាំ”។

គួរកត់សម្គាល់ថា កាលពីដើមឆ្នាំ ២០២១ លោកស្រីត្រូវបានទទួលពានរង្វាន់សហគ្រិនស្ត្រី Golden Bauhinia ដែលផ្តល់ដោយ Golden Bauhinia Woman Entrepreneur Association។ កាលពីពេលថ្មីៗនេះ លោកស្រីក៏ត្រូវបានតែងតាំងជាប្រធានក្នុងប្រទេសកម្ពុជាសំរាប់ ”សហគមន៍នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី” ឬដែលហៅជាភាសាអង់គ្លេសថា ASIA CEO COMMUNITY ផងដែរ៕

Samsung family to sell 2 trillion won worth of stocks to pay inheritance tax

by: Yonhap

Korea: The family of the late Samsung Group Chairman Lee Kun-hee plans to sell stakes in group affiliates worth 2 trillion won (US$1.6 billion) to pay inheritance taxes, regulatory filings showed Saturday.

Hong Ra-hee, the widow of the late business tycoon who died in October last year, plans to sell 19.9 million shares in Samsung Electronics, which had an estimated value of 1.4 trillion won at Friday’s closing price, according to the filing.

The shares account for around 0.33 percent of the total issued by the world’s top chipmaker.

The filing said the stock sale was aimed at “paying inheritance taxes.” Lee, who was South Korea’s richest man, left assets estimated to be worth around 26 trillion won, including stocks valued at 19 trillion won.

He was survived by his wife, son Jae-yong and two daughters ― Boo-jin and Seo-hyun.

When the process is completed, Hong’s shares in Samsung Electronics will fall to 1.97 percent from the current 2.3 percent.

Boo-jin, who heads another affiliate, Hotel Shilla, also announced through a regulatory filing that she plans to sell shares worth 242.2 billion won in Samsung SDS.

Seo-hyun, who heads the Samsung Welfare Foundation, plans to sell 247.3 billion won worth of shares in Samsung Life Insurance and 242.2 billion won in Samsung SDS.

The combined shares to be sold by the family members add up to around 2.1 trillion won.

In April, the Samsung family members said they plan to pay around 12 trillion won in inheritance tax over the next five years.

Source: The Korea Times

គ្រួសារម្ចាស់ក្រុមហ៊ុន Samsung គ្រោងលក់ភាគហ៊ុនតម្លៃ១,៦ពាន់លានដុល្លារអាមេរិក ដើម្បីប្រមូលលុយបង់ពន្ធមរតក

សុខុម

សេអ៊ូល: ក្រុមគ្រួសារសពលោក Lee Kun-hee ប្រធានក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung គ្រោងលក់ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានតម្លៃ២ទ្រីលានវ៉ុន (១,៦ពាន់លានដុល្លារអាមេរិក) ដើម្បីប្រមូលលុយមកបង់ពន្ធមរតក។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃសៅរ៍ ទី៩ តុលា នេះ។

យោងតាមឯកសារផ្លូវការបង្ហាញថា លោកស្រី Hong Ra-hee ដែលជាភរិយារបស់លោក Lee Kun-hee គ្រោងលក់១៩,៩លានភាគហ៊ុននៅក្នុងក្រុមហ៊ុន Samsung Electronics Co ដែលមានតម្លៃប្រមាណ១,៤ទ្រីលានវ៉ុន (១,១៧ពាន់លានដុល្លារអាមេរិក)។

ភាគហ៊ុនទាំងនេះមានចំនួនស្មើប្រមាណ០,៣៣%នៃតម្លៃក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក។

ឯកសារដដែលបញ្ជាក់ថា ការលក់ភាគហ៊ុននេះធ្វើឡើងដើម្បីប្រមូលលុយយកមក “បង់ពន្ធមរតក”។ លោក Lee Kun-hee ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសកូរ៉េខាងត្បូង បានបន្សល់ទុកទ្រព្យសម្បត្តិសុទ្ធច្រើនរហូតដល់ទៅ២៦ទ្រីលានវ៉ុន (២១,៧ពាន់លានដុល្លារអាមេរិក) ដោយរួមទាំងភាគហ៊ុនតម្លៃ១៩ទ្រីលានវ៉ុន (១៥,៨៨ពាន់លានដុល្លារអាមេរិក) ផងដែរ ក្រោយពីលោកទទួលមរណភាពកាលពីឆ្នាំ២០២០ ក្នុងឆ្នាំ៧៨ឆ្នាំ។

ក្នុងចំណងអាពាហ៍ពិពាហ៍ លោកមានកូនចំនួន៣នាក់ ដោយក្នុងនោះកូនប្រុសម្នាក់ឈ្មោះ Jae-yong និងកូនស្រី២នាក់ឈ្មោះ Boo-jin និង Seo-hyun។

នៅពេលដំណើរការលក់ភាគហ៊ុននេះត្រូវបានបញ្ចប់ជាស្ថាពរ ភាគហ៊ុនរបស់លោកស្រី Hong Ra-hee នឹងធ្លាក់ចុះពីចំនួន២.៣%នាពេលបច្ចុប្បន្នមកនៅត្រឹម១,៩៧%។

កូនស្រីឈ្មោះ Boo-jin ដែលជាប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀត Hotel Shilla Co ក៏បានប្រកាសតាមរយៈឯកសារផ្លូវការដែរថា លោកស្រីមានគម្រោងលក់ភាគហ៊ុនដែលមានតម្លៃ២៤២.២ពាន់លានវ៉ុន (២០២លានដុល្លារអាមេរិក) នៅក្នុងក្រុមហ៊ុន Samsung SDS Co។

ទន្ទឹមនេះកូនស្រីម្នាក់ទៀតឈ្មោះ Seo-hyun ដែលជាប្រធានមូលនិធិសុខុមាលភាពសាមសុង (Samsung Welfare Foundation) មានគម្រោងលក់ភាគហ៊ុនតម្លៃ២៤៧.៣ពាន់លានវ៉ុន (២០៦លានដុល្លារអាមេរិក) ក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung Life Insurance Co និងភាគហ៊ុនតម្លៃ២៤២.២ពាន់លានវ៉ុន (២០២លានដុល្លារអាមេរិក) ក្នុងក្រុមហ៊ុន Samsung SDS Co។

ភាគហ៊ុនសរុបបញ្ចូលគ្នាដែលសមាជិកគ្រួសារ Lee លក់មានចំនួនប្រមាណ២,១ទ្រីលានវ៉ុន (១,៧៥ពាន់លានដុល្លារអាមេរិក)។

កាលពីខែមេសា ដើមឆ្នាំ២០២១ នេះសមាជិកគ្រួសារ Lee បានទម្លាយឱ្យដឹងថា ពួកគេមានគម្រោងបង់ពន្ធមរតករហូតដលទៅប្រមាណ១២ទ្រីលានវ៉ុន (១០ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ៕ Yonhap

បញ្ជីឈ្មោះក្រុមហ៊ុនអចលនទ្រព្យកម្ពុជាដែលឈានទៅពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៦

ដោយ៖សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍បានបង្ហាញបញ្ជីឈ្មោះបេក្ខជនដែលនឹងឈានទៅកាន់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំលើកទី ៦ ដែលជាពានរង្វាន់កិត្តិយសក្នុងវិស័យអចលនទ្រព្យ និងដែលត្រូវបានគេគោរពនិងឱ្យតម្លៃយ៉ាងខ្លាំង។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ប្រចាំតំបន់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយមានដំណើរការវិនិច្ឆ័យនិងត្រួតពិនិត្យប្រកបដោយវិជ្ជាជីវៈ។

ក្នុងឆ្នាំ ២០២១ នេះ អ្នកអភិវឌ្ឍន៍ល្អបំផុតរបស់ប្រទេសកម្ពុជានឹងត្រូវបានផ្តល់កិត្តិយសនៅក្នុងការប្រកាសពានរង្វាន់ PropertyGuru Cambodia Property Awards ដើម្បីអបអរសាទរដល់គម្រោងការរចនានិងការច្នៃប្រឌិតអចលនទ្រព្យថ្មីៗ នៅក្នុងវិស័យនេះ ក្នុងរយៈពេលពេញមួយឆ្នាំចុងក្រោយ។

បើតាមវេបសាយរបស់ Asia Property Awards បានឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ដែលត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំងសម្រាប់ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៦ មានដូចតទៅ៖
1. ក្រុមហ៊ុន Blissful Capital Co., Ltd
2. Hua Jun Property Development Co., Ltd
3. Mekong Land Development Co., Ltd
4. Prince Real Estate (Cambodia) Group Co., Ltd
5. Sophea Suites Co., Ltd
6. The Peninsula Capital Co., Ltd
7. Urbanland
ជាលទ្ធផល សម្រាប់ប្រភេទពានរង្វាន់ការអភិវឌ្ឍ
• ការអភិវឌ្ឍខុនដូល្អបំផុត មាន Prince Happiness Plaza របស់ក្រុមហ៊ុន PRINCE REAL ESTATE (CAMBODIA) GROUP CO., LTD និង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd
• ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត មាន Chankiri Palm Creek របស់ក្រុមហ៊ុន Urbanlan និង MEKONG CITY របស់ក្រុមហ៊ុន MEKONG LAND DEVELOPMENT CO., LTD

សម្រាប់ប្រភេទពានរង្វាន់ការរចនា
• ការរចនាស្ថាបត្យកម្មខុនដូល្អបំផុត មាន City View Residence របស់ក្រុមហ៊ុន HUA JUN PROPERTY DEVELOPMENT CO., LTD និង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd
• ការរចនាស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត មាន Chankiri Palm Creek របស់ក្រុមហ៊ុន Urbanland និង MEKONG CITY របស់ក្រុមហ៊ុន MEKONG LAND DEVELOPMENT CO., LTD
• ការរចនាស្ថាបត្យកម្មទេសភាពគេហដ្ឋានល្អបំផុត មាន Chankiri Palm Creek របស់ក្រុមហ៊ុន Urbanland និង MEKONG CITY របស់ក្រុមហ៊ុន MEKONG LAND DEVELOPMENT CO., LTD
ពិធីប្រកាសនិងប្រគល់ពានរង្វាន់នឹងត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃសុក្រទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះតាមរយៈបណ្តាញសង្គមនិងវេបសាយរបស់ Asia Property Awards៕

អ្នកឱកញ៉ា គិត ម៉េង ចែករំលែកគំនិតវិជ្ជមានអំពីការឱ្យតម្លៃលើភាពខុសគ្នានៃជោគជ័យនិងសមិទ្ធផល

ដោយ៖ សុផារី

ភ្នំពេញ៖ មនុស្សម្នាក់ៗ មានគំនិតខុសគ្នា ជាហេតុនាំឱ្យផ្លូវទៅកាន់ភាពជោគជ័យក៏មានភាពខុសគ្នាដែរ។ ដូច្នេះ តើភាពខុសគ្នានៃជោគជ័យនិងសមិទ្ធផលឈរនៅលើមូលដ្ឋានអ្វីខ្លះ?

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក បានចែករំលែកនូវទស្សនៈទាន អំពីភាពខុសគ្នានិងវិថីទៅកាន់ភាពជោគជ័យ។

អ្នកឧកញ៉ាបានសរសេរថា លោកបានអានអត្ថបទមួយនៅលើប្រព័ន្ធអ៊ិនធឺណែតដែលអត្តន័យដូចខាងក្រោម៖
សត្វដំរី និងសត្វឆ្កែមានកូនក្នុងពេលតែមួយ។ បីខែក្រោយមក សត្វឆ្កែបានផ្តល់កំណើតដល់កូនឆ្កែប្រាំមួយក្បាល។ ប្រាំមួយខែក្រោយមក សត្វឆ្កែក៏មានកូនម្តងទៀត ហើយប្រាំបួនខែទៀតបានបង្កើតកូនឆ្កែជាច្រើនទៀត។ ដំណើរនេះបានកើតឡើងជាបន្តបន្ទាប់។

១៨ខែក្រោយមក សត្វឆ្កែបានចូលមកជិតសត្វដំរី ហើយសួរថា៖ «តើអ្នកប្រាកដទេថាអ្នកមានកូន? យើងមានកូននៅថ្ងៃតែមួយ ខ្ញុំបានផ្តល់កំណើតបីដងដល់កូនខ្ញុំរាប់សិបក្បាលរួចមកហើយ ឥឡូវនេះពួកគេធំឡើងហើយ តែអ្នកនៅតែមិនទាន់កើត តើមានអ្វីកើតឡើង?” ។

សត្វដំរីបានឆ្លើយថា៖ «មានរឿងមួយដែលខ្ញុំចង់ឱ្យអ្នកយល់។ អ្វីដែលខ្ញុំមាននេះ មិនមែនជាកូនឆ្កែទេ តែជាសត្វដំរី។ ខ្ញុំកើតបានតែមួយប៉ុណ្ណោះក្នុងរយៈពេលពីរឆ្នាំម្តង។ ពេលកូនរបស់ខ្ញុំកើតមក ពិភពលោកមានអំណរសាទរ នៅពេលកូនរបស់ខ្ញុំឆ្លងកាត់ផ្លូវ មនុស្សគ្រប់គ្នាឈប់ ហើយមើលដោយការកោតសរសើរ។ អ្វីដែលខ្ញុំបង្កើតមកនឹងទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ ដូច្នេះ អ្វីដែលខ្ញុំកំពុងមាននេះ គឺមានភាពខ្លាំងនិងអស្ចារ្យ» ។

លោកបានបន្តថា៖ “សូមកុំបាត់បង់ជំនឿចិត្ត នៅពេលអ្នកឃើញអ្នកដទៃសម្រេចបានជោគជ័យ។ សូមកុំច្រណែននឹងលទ្ធផលដែលអ្នកដទៃទទួលបាន។ បើអ្នកមិនទាន់ទទួលបានជោគជ័យ សូមកុំអស់សង្ឃឹម”។

សូមនិយាយទៅកាន់ខ្លួនអ្នកថា៖ «ពេលវេលារបស់ខ្ញុំនឹងមកដល់ ហើយនៅពេលដែលវាមកដល់ មនុស្សជាច្រើននឹងកោតសរសើរពីសមិទ្ធផលនោះ»។

មនុស្សផ្សេងគ្នាពិតជាឱ្យតម្លៃខុសគ្នាទៅលើនិយមន័យនៃភាពជោគជ័យ។ អ្នកអាចស្វែងយល់ពីគុណតម្លៃរបស់អ្នកផងដែរ!

លោកបានលើកឡើងថា អត្ថបទនេះអាចធ្វើឱ្យអ្នកគិតអំពីខ្លួនឯង ហើយលោកក៏ជឿជាក់លើការដែលយើងទាំងអស់គ្នាត្រូវមានភាពជឿជាក់លើខ្លួនឯងឱ្យបានច្រើន។ ចុងបញ្ចប់លោកបានសរសើរដល់អ្នកនិពន្ធរឿងដែលបំផុសគំនិតល្អៗនេះ៕

តើសង្កាត់ហិរញ្ញវត្ថុដែលមានតម្លៃជាង៥០ពាន់លានដុល្លារអាមេរិក របស់សិង្ហបុរី នឹងប្រែប្រួលទៅជាយ៉ាងណាក្រោយវិបត្តិកូវីដ-១៩?

ដោយ សុខុម

សិង្ហបុរី: សង្កាត់ហិរញ្ញវត្ថុដ៏ត្រចះត្រចង់នៃប្រទេសសិង្ហបុរី កំពុងប្រឈមមុខនឹងបញ្ហាធំបំផុតមិនធ្លាប់មានរបស់ខ្លួន។ បញ្ហានោះគឺថា តើសង្កាត់ហិរញ្ញវត្ថុមួយនេះនឹងកែប្រែខ្លួនឯងបែបណាដើម្បីឱ្យក្លាយជាកន្លែងដែលមានវប្បធម៌ធ្វើការចម្រុះក្នុងបរិបទកូវីដ ពោលគឺធ្វើការងារឆ្លាស់គ្នាពីផ្ទះខ្លះ និងធ្វើនៅការិយាល័យខ្លះក្រោយសម័យកូវីដ។

ក្នុងរយៈពេលជាងពាក់កណ្តាលសតវត្សរ៍មកនេះ ប្រទេសសិង្ហបុរី ដែលកាលពីមុនគ្រាន់តែជាកោះតូចមួយដែលមានសភាពស្ងាត់ជ្រងំ និងមានអគារសុទ្ធតែចាស់ទ្រុឌទ្រោមមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយអគារការិយាល័យខ្ពស់ៗរីកដូចផ្សិតល្បីល្បាញពេញពិភពលោក និងថែមទាំងធ្លាប់បង្ហាញវត្តមានក្នុងឈុតឆាកខ្សែភាពយន្តហូលីវូដ មួយចំនួនទៀតផង។ ប្រទេសសិង្ហបុរី ក៏ដើរតួនាទីសំខាន់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដែលគ្រប់គ្រងទ្រព្យសកម្មមានតម្លៃ៣,៥ទ្រីលានដុល្លារអាមេរិក ផងដែរគិតត្រឹមឆ្នាំ២០២០។

ប៉ុន្តែគំរូ ឬម៉ូឌែលធ្វើការងារនៅការិយាល័យកំពុងរងការគំរាមកំហែងនៅពេលនេះ។ សូម្បីមុនពេលដាក់ចេញវិធានការរឹតបន្តឹងជាថ្មីកាលពីថ្ងៃទី២៧ កញ្ញា ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ប្រទេសសិង្ហបុរី ហាក់មានការប្រយ័ត្នប្រយែងណាស់ចំពោះការបើកប្រទេសឡើងវិញ។ ថ្វីបើខ្លួនស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងពិភពលោកក្ដី ក៏អត្រានៃការត្រលប់ចូលធ្វើការនៅការិយាល័យវិញគឺទាបខ្លាំងណាស់រហូតមកទល់ពេលនេះ។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Google បង្ហាញថា សកម្មភាពនៅកន្លែងធ្វើការបានធ្លាក់ចុះ២៥%គិតត្រឹមសប្តាហ៍ចុងក្រោយនៃខែកញ្ញា បើធៀបនឹងកម្រិតមុនពេលផ្ទុះការវិបត្តិកូវីដ-១៩។ ការធ្លាក់ចុះនេះគឺខ្ពស់ជាងឆ្ងាយ បើធៀបទៅនឹងការធ្លាក់ចុះ៧%នៅក្នុងទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រជែងនឹងប្រទេសសិង្ហបុរី។

ការប្រែក្លាយសង្កាត់ហិរញ្ញវត្ថុដ៏សំខាន់របស់សិង្ហបុរី ទៅជាកន្លែងដែលកាន់តែមានភាពទាក់ទាញសម្រាប់ការរស់នៅ ព្រមទាំងសម្រាប់ការងារ បានស្ថិតក្នុងរបៀបវារៈរបស់ក្រុមអ្នករៀបចំផែនការទីក្រុងរួចទៅហើយ។ ភាពចាំបាច់នោះបានក្លាយជាបញ្ហាកាន់តែបន្ទាន់ដែលត្រូវដោះស្រាយចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មកដែលបានធ្វើឱ្យតម្រូវការលំនៅដ្ឋានកើនឡើងខ្ពស់។ ផែនការទាក់ទាញអ្នករស់នៅ និងអាជីវកម្មថ្មីៗមកកាន់សង្កាត់ហិរញ្ញវត្ថុនេះរួមមានការបន្ថែមភាពងាយស្រួលក្នុងការរស់នៅដូចជាផ្សារទំនើប និងហាងកាហ្វេជាដើម ព្រមទាំងការជំរុញលើកទឹកចិត្តឱ្យបង្កើតបារ និងភោជនីយដ្ឋានឱ្យបានកាន់តែច្រើនផងដែរ។

ក្រុមអ្នកជំនាញបានលើកឡើងថា ហានិភ័យពិតជាមានខ្ពស់ណាស់សម្រាប់ប្រទេសសិង្ហបុរី។ យោងតាមការវិភាគរបស់សារព័ត៌មាន Bloomberg ទៅលើការិយាល័យជោគជ័យនានាក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បង្ហាញថា ភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកលើការរក្សាភាពទាក់ទាញរបស់ខ្លួនចំពោះក្រុមហ៊ុនបរទេសកំពូលៗ នៅក្នុងសង្កាត់ហិរញ្ញវត្ថុខាងលើដែលបច្ចុប្បន្នមានតម្លៃជាង៥០ពាន់លានដុល្លារអាមេរិក។

នៅពេលនិយាយដល់សកម្មភាពទាក់ទាញក្រោយចប់ម៉ោងធ្វើការ ប្រទេសសិង្ហបុរី កំពុងប្រឹងប្រែងកែលម្អ ធ្វើយ៉ាងណាដើម្បីដើរតាមឱ្យទាន់ទីក្រុងលំដាប់ថ្នាក់ពិភពលោកផ្សេងៗទៀត។ នៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស បុគ្គលិកការិយាល័យអាចទៅលម្ហែខួរក្បាលដោយចូលញ៉ាំអីនៅភោជនីយដ្ឋាន និងដើរទិញអីវ៉ាន់តាមហាងនានាក្នុងផ្សារដ៏ធំឈ្មោះ Leadenhall Market ចំណែកឯនៅក្រុងហុងហុង គឺសប្បាយណាស់នៅពេលរាត្រី ព្រោះសម្បូរដោយបារ និងក្លឹបកម្សាន្តនៅក្បែរៗការិយាល័យធ្វើការ។ ទន្ទឹមនេះ នៅសង្កាត់ហិរញ្ញវត្ថុ Wall Street ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ធនាគារិក និងភ្ញៀវទេសចរអាចដើរលេងនៅកំពង់ផែក្បែរនោះដើម្បីស្តាប់តន្ត្រី ឬគយគន់ថ្ងៃលិចនៅឧទ្យាន Battery Park យ៉ាងស្រស់ស្រាយ។

ប៉ុន្តែស្ថានភាពទាក់ទាញក្នុងប្រទេសសិង្ហបុរី ក៏កំពុងមានភាពប្រសើរឡើងខ្លះហើយនៅពេលនេះ។ នៅក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញកម្មវិធីមួយដើម្បីលើកទឹកចិត្តឱ្យម្ចាស់អគារប្រែក្លាយការិយាល័យចាស់ៗទៅជាសណ្ឋាគារ ភោជនីយដ្ឋាន និងនៅលំនៅដ្ឋានជាដើម។ ពេលនេះអាជ្ញាធរក៏តម្រូវឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បង្កើតកន្លែងសាធារណៈឯកជន (Public Space) នៅក្នុងបរិវេណអគារការិយាល័យឱ្យបានកាន់តែច្រើនផងដែរ។ ជាឧទាហរណ៍អគារ The Cube@Asia Square មានបារជាជួររង់ចាំស្វាគមន៍បណ្ដាធនាគារិក និងអ្នកបច្ចេកទេស ហើយអគារនេះស្ថិតនៅចន្លោះអាគារ២ដែលមានក្រុមហ៊ុនល្បីៗជ្រកកោនដូចជាក្រុមហ៊ុនអាមេរិក Citigroup Inc និងក្រុមហ៊ុនអាមេរិក Amazon.com Inc ជាដើម។

ផែនការដើម្បីធ្វើឱ្យសិង្ហបុរី មានសកម្មភាពរស់រវើកក៏រួមបញ្ចូលទាំងការស្ថាបនាផ្លូវសម្រាប់ជិះកង់ និងតំបន់សម្រាប់អ្នកថ្មើរជើងបន្ថែមទៀតផងដែរ។ ហើយសិង្ហបុរី កំពុងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនានាឱ្យមកកាន់សង្កាត់ហិរញ្ញវត្ថុខាងលើនេះ។ ជាលទ្ធផល កាលពីពេលថ្មីៗនេះក្រុមហ៊ុន ByteDance Ltd ដែលជាម្ចាស់របស់បណ្ដាញទំនាក់ទំនងសង្គម TikTok បានបើកការិយាល័យថ្មីយ៉ាងធំមួយនៅក្នុងសង្កាត់ហិរញ្ញវត្ថុនេះ ហើយក្រុមហ៊ុន Alibaba Group Holding Ltd ក៏កំពុងសាងសង់អគារថ្មីនៅតំបន់ Shenton Way ដែលជាផ្នែកមួយនៃសង្កាត់ហិរញ្ញវត្ថុនេះផងដែរ។

លោក Alan Cheong នាយកប្រតិបត្តិផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុនអចលនទ្រព្យ Savills Plc ក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា “មិនយូរទៀតឡើយ ការខកខានក្នុងការស្ដារឡើងនូវផ្នែកចាស់ទ្រុឌទ្រោមនៃសង្កាត់ហិរញ្ញវត្ថុនេះនឹងធ្វើឱ្យតំបន់ទាំងនោះកាន់តែដាច់ឆ្ងាយពីគេ និងលែងមានភាពទាក់ទាញចំពោះក្រុមហ៊ុននានាដែលរកស៊ីផ្នែកសេដ្ឋកិច្ចថ្មី និងហិរញ្ញវត្ថុឌីជីថល”។

រដ្ឋាភិបាលក៏ចង់នាំយកលំនៅដ្ឋានសាធារណៈ (អាផាតម៉ិនតម្លៃសមរម្យដែលប្រជាជនសិង្ហបុរី ជាង៨០%រស់នៅ) មកកាន់សង្កាត់ហិរញ្ញវត្ថុនេះផងដែរ។ លោកស្រី Indranee Rajah រដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិបានសរសេរចុះផ្សាយក្នុងសារព័ត៌មាន The Straits Times ថា លំនៅដ្ឋាននៅក្នុងតំបន់ដីមានហាងឆេងខ្ពស់មិនគួរត្រូវបានរឹតបន្តឹងតែចំពោះអ្នកមាននោះឡើយ។

គំរូ ឬម៉ូឌែលលំនៅដ្ឋានសាធារណៈរបស់សិង្ហបុរី នឹងត្រូវការការកែសម្រួលមួយចំនួនដើម្បីឱ្យសមស្របជាលំនៅដ្ឋានក្នុងតំបន់ដីមានហាងឆេងខ្ពស់។ ប៉ុន្តែនៅមានបញ្ហាផ្ទួនគ្នាដូចជាការធានាឱ្យលំនៅដ្ឋាននៅតែមានតម្លៃសមរម្យ ហើយម្ចាស់ផ្ទះមិនទិញផ្ទះសម្រាប់រស់នៅពិតប្រាកដ ពោលគឺពួកគេគ្រាន់តែទិញទុកលក់យកចំណេញប៉ុណ្ណោះ។ បច្ចុប្បន្នអាជ្ញាធរកំពុងសិក្សាពីផែនការទាំងនេះ និងពិគ្រោះយោបល់ជាសាធារណជន។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគប្រចាំក្រុមហ៊ុនអចលនទ្រព្យ OrangeTee & Tie ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានថ្លែងថា លំនៅដ្ឋាននៅកណ្ដាលក្រុងមានភាពទាក់ទាញខ្លាំងសម្រាប់ពលរដ្ឋសិង្ហបុរី វ័យក្មេង។ លោកស្រីបានបន្ថែមថា សាលារៀន កន្លែងក្មេងលេង និងអាហារដ្ឋានដែលមានតម្លៃធូរថ្លៃក៏ចាំបាច់ត្រូវមានផងដែរដើម្បីបង្កើនភាពទាក់ទាញ៕ Bloomberg

លោក គាម សៀកឡុង ចែករំលែកបទពិសោធន៍ទាក់ទងនឹងការវិនិយោគលើវិស័យអចលនទ្រព្យ

ដោយ៖ សុផារី

ភ្នំពេញ៖ លោក គាម សៀកឡុង ដែលជាអ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប បានចែករំលែកបទពិសោធន៍ទាក់ទងនឹងការវិនិយោគលើវិស័យអចលនទ្រព្យ ដែលជាវិស័យគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។

លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ៨ ខែតុលា នេះថា ដើម្បីទទួលបានព័ត៌មានគ្រាប់គ្រាន់មុខសម្រេចចិត្ដនឹងសម្រេចចិត្ដវិនិយោគលើអចលនទ្រព្យ អ្នកវិនិយោគទាំងឡាយត្រូវស្គាល់មនុស្សឱ្យបានច្រើន និងស្គាល់មនុស្សត្រូវ ជាពិសេសគឺប្រកបមុខរបរទទួលទានក្នុងវិស័យនេះតែម្ដង ដូចជាភ្នាក់អចលនទ្រព្យស្របច្បាប់ ដែលមានចំណេះដឹង បទពិសោធន៍ មានទំនាក់ទំនងល្អជាមួយមនុស្សច្រើនក្នុងសង្គម មន្រ្ដីរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍក្រុង ឬហេដ្ឋារចនាសម្ព័ន្ធ មន្រ្ដីសុរិយោដី ភូមិបាលស្រុកខណ្ឌ អាជ្ញាធរមូលដ្ឋាន អ្នកសារព័ត៌មាននានាដែលទាក់ទងនឹងអចលនទ្រព្យ ជាដើម។

លោកបន្តថា យើងត្រូវវិនិយោគពេលវេលាដោយចំណាយពេលចុងសប្ដាហ៍ ឬថ្ងៃឈប់សំរាក ដើម្បីចុះសិក្សាស្វែងយល់រកព័ត៌មាន មើលការអភិវឌ្ឍន៍នានា និងមានទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗឱ្យបានច្រើន។

លើសពីនេះ ត្រូវមានផែនការនិងការតាំងចិត្ដឱ្យក្លាយជាអ្នកវិនិយោគពិតប្រាកដដើម្បីទទួលបានប្រភពព័ត៌មាន និងការសហការណ៍ពីសំណាក់ពួកគាត់ ហើយកុំកំណាញ់និងប្រាក់តិចតួច (សុំបែងចែកកម្រៃជើងសារ ឬទិញហើយទាមទារយកវិញខ្លះ) ដែលធ្វើឱ្យយើងបាត់បង់ឱកាសល្អ ឬជម្រើសដំបូងគេ នៅពេលដែលមានអចលនទ្រព្យល្អក្រោមទីផ្សារដាក់លក់។ នៅពេលដែលយើងមានអចលនទ្រព្យនៅតំបន់ណាមួយហើយ ពេលនោះយើងនឹងចាប់ផ្ដើមមានបណ្ដាញ និងព័ត៌មានជាហូរហែលពីតំបន់នោះ។

លោកថា៖ “បច្ចុប្បន្ននេះ មានបណ្ដាញផ្សេងមួយចំនួន ដែលគេបង្កើតឡើងសម្រាប់ផ្ដោះប្ដូរអចលនទ្រព្យ ហាងកាហ្វេខ្លះៗ ជាកន្លែងដែលអ្នករកស៊ីដីធ្លីជួបជុំគ្នា ឬតាមដានពួកគាត់តាមបណ្ដាញសង្គមផ្សេងៗ គួរស្វែងយល់ ចូលរួម និងសាកល្បង។ បណ្ដាញសមាគមអចលនវត្ថុមួយចំនួននៅកម្ពុជា រួមទាំងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ ដែលមានក្រុមហ៊ុនមានសមាជិករាប់រយក្រុមហ៊ុន បងប្អូនអាចសិក្សា និងពិនិត្យមើលប្រវត្ដិពួកគាត់តាមបណ្ដាញសង្គមនានាបាន” ៕

ក្រសួងបរិស្ថាន បន្តប្រគល់រថយន្ត និងម៉ូតូដឹកសំរាម សំណល់រឹងដល់អង្គភាព រដ្ឋបាលក្រុង ស្រុក ចំនួន ១៦ មកពីរាជធានី ខេត្ត ចំនួន៩

ដោយ តារា

ភ្នំពេញ៖ ក្នុងគោលបំណងផ្តល់លទ្ធភាពដល់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត។

ដើម្បីចូលរួមជាចលនាជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន គោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និង គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកប ដោយ ផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច និងអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនបានគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ « ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនា គត រុងរឿង »។

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្ត និងម៉ូតូដឹកសំរាម សំណល់រឹងដល់អង្គភាព រដ្ឋបាលក្រុង ស្រុក ចំនួន ១៦ មកពីរាជធានី ខេត្ត ចំនួន៩ មានដូចខាងក្រោម ៖

១-ខេត្តកំពង់ស្ពឺ ម៉ូតូចំនួន ៣គ្រឿង (ស្រុកឱរ៉ាល់ ក្រុមហ៊ុនវែងសេងហ្គ្រីន និងសាលាត្មាតពង )
២-ខេត្តកោះកុង ម៉ូតូចំនួន ២គ្រឿង (ស្រុកគិរីសាគរ២គ្រឿង)
៣-ខេត្តព្រះវិហារ ម៉ូតូចំនួន ២គ្រឿង ( ស្រុករវៀង និងស្រុកជំក្សាន្ត)
៤-ខេត្តសៀមរាប ម៉ូតូចំនួន ៣គ្រឿង ( ស្រុកបន្ទាយស្រី ស្រុកស្រីស្នំ និងស្រុកអង្គរជុំ)
៥-ខេត្តស្វាយរៀង ម៉ូតូចំនួន ២គ្រឿង ( ស្រុករមាសហែក និងស្រុកស្វាយជ្រំ)
៦-ខេត្តត្បូងឃ្មុំ ចំនួន ២គ្រឿង (រដ្ឋបាលខេត្ត រថយន្ត ១គ្រឿង និងក្រុងសួង ម៉ូតូកង់បី ១គ្រឿង)
៧-ក្រុមការងារផ្តើមពីយើង ម៉ូតូកង់បី ចំនួន ១គ្រឿង
៨-ខេត្តព្រះសីហនុ ម៉ូតូចំនួន ១គ្រឿង ( ស្រុកកំពង់សិលា)
៩-ខេត្តកំពង់ចាម ម៉ូតូចំនួន ១គ្រឿង ( ស្រុកកោះសូទិន)

ទីស្ដីការគណរដ្ឋមន្ត្រីចាប់ផ្ដើមធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការកំណត់សញ្ញាតិតែមួយចំពោះថ្នាក់ដឹកនាំកំពូលទាំង៣

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ដើម្បីបញ្ជាក់កាន់តែច្បាស់ ទៅប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសពីការជ្រៀតជ្រែងពីបរទេសលើកិច្ចការជាតិ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមតាក់តែងសេចក្ដីព្រាងច្បាប់ ដើម្បីកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល ។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងពិនិត្យលើការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីហេតុផលសំខាន់ចំនួន២គឺ សម្តេចគ្មានសញ្ជាតិពីរដូចការចោទដោយក្រុម ឧទ្ទាមក្រៅច្បាប់ និងដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិ។

សម្តេចតេជោបន្ថែមថា ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយនេះ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញក្នុងល្បឿនលឿន បែបនេះ ជាការបញ្ជាក់នូវល្បឿនការងាររបស់គណៈរដ្ឋមន្ត្រីកម្ពុជា ដែលធ្វើការងារដោយមិនសម្រាក ហើយដើម្បីបញ្ជាក់ពីសញ្ជាតិរបស់ សម្តេច ។ សម្តេចបញ្ជាក់ថា ទៅថ្ងៃមុខ កម្ពុជានឹងត្រូវធ្វើការកំណត់ឱ្យកាន់តែទូលាយ ពីសញ្ជាតិរបស់មន្ត្រីខ្មែរ ប៉ុន្តែនឹងមិនមានការកំណត់សញ្ជាតិ ឋានៈឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬអនុប្រធានរដ្ឋសភា ព្រឹទ្ធសភានោះទេ ដើម្បីទុកផ្លូវឱ្យខ្មែរនៅក្រៅប្រទេស បាន ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។

សម្ដេចបន្ថែមទៀតថា ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ ហើយមកចង់ដណ្តើមយកកៅអី ហើយកន្លែងនេះ វាទំនាស់ផលប្រយោជន៍ ការជ្រៀតជ្រែកពីបរទេស ទៅលើតំណែងដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធឱ្យនៅក្រៅប្រទេស ហើយគេអាចកំញើញថា បើមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯងនៅក្រៅប្រទេស គេនឹងរឹបអូស ឬអ៊ីចេះអ៊ីចុះ ដូច្នេះនៅក្រោម ឥទ្ធិពលគេ ។

ហើយតាមមតិការស្ទង់មតិសូម្បីតែលោកបណ្ឌិតសេង សារី ដែលធ្វើសម្ភាសន៍ថាគាត់ គាត់ចងក្រងឋានៈចាប់ពីអនុរដ្ឋលេខា ធិការឡើងទៅ បានសេចក្តីថាមន្ត្រីមុខងារនយោបាយគឺគ្រប់ទាំងអស់ ទុកតែមន្រ្តីសាធារណៈ។ ប៉ុន្តែបើយើងធ្វើអ៊ីចឹងវានឹងប៉ះពាល់ទៅដល់បងប្អូនដទៃទៀត ដែលបង្ខំរត់ភៀសខ្លួនចេញទៅក្រៅប្រទេស ហើយបានទៅនៅបរទេស ត្រឡប់ចូលមកវិញ ដើម្បីរួមចំណែកកសាងប្រទេសក្នុងឋានៈជាមន្ត្រីថ្នាក់នេះឬថ្នាក់នោះ ប៉ុន្តែបើយើងបិទច្រករបៀបនេះគឺវាជាភាព ចង្អៀតចង្អល់មួយ ។ ខណៈប្រទេសរបស់យើងខុសពីប្រទេសដទៃ ប្រទេសដ៍ទៃសូម្បីតែសាំងហ្គាពួរបើចង់ចូលសញ្ជាតិសាំងហ្គាពួរ ត្រូវលាសញ្ជាតិខ្មែរ សម្ដេចនឹងចុះហត្ថលេខាស្នើបញ្ជាក់អំពីបញ្ហាហ្នឹង។ ប៉ុន្តែយើងទុកឱកាសសម្រាប់ឱ្យអ្នកដែលមានសញ្ជាតិពីរ អាចធ្វើបាន ជារដ្ឋមន្ត្រី ជាទេសរដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានសភា អនុប្រធានព្រឹទ្ធសភា ។

ដូចនេះខ្ញុំនឹងរង់ចាំមើលអ្នកណាប្រឆាំង នឹងការធ្វើដូចនេះ អ្នកនោះគឺមានបំណងចង់ធ្វើនាយករដ្ឋមន្ត្រីឬគាំទ្រអ្នកធ្វើនាយករដ្ឋមន្ត្រី ។

ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនេះ បានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានផ្សព្វផ្សាយចោទប្រកាន់ ថាសម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសស៊ីព្រ (Cyprus)។ ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន បានប្រគល់ការងារឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់ ៕