សិក្សានិតិវិធីច្បាប់សំខាន់ៗ ស្តីពីកម្រិតកម្ពស់អាគារនិងទំហំដី

ដោយ សុផារី

ភ្នំពេញ: មនុស្សទូទៅអាចយល់ច្រឡំថា បើពួកគេមានដី១ ដុំ ហើយពួកចង់សង់ផ្ទះ ឬអគារណាមួយនៅលើដីនោះ ពួកគេចង់សង់កម្ពស់ប៉ុន្មានជាន់ក៏បាន កុំឱ្យតែអគារនោះផុតចេញពីព្រំដី។ ប៉ុន្តែជាក់ស្ដែង គឺមិនត្រឹមត្រូវទេ។ ច្បាប់បានកំណត់យ៉ាងច្បាស់អំពីកម្រិតនៃកម្ពស់អគារ សមាមាត្រទៅនឹងទំហំដី ពិសេសនៅក្នុងទីក្រុង។

អនុក្រឹត្យលេខ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្មរាជធានី ទីក្រុង និងទីប្រជុំជន ចុះខែមេសា ឆ្នាំ ២០១៥ បានកំណត់សមាមាត្រកម្រិតនៃកម្ពស់អគារ និងទំហំដីដូចក្រោម៖

១. តំបន់លំនៅឋានមានកម្ពស់ទាប
-សម្រាប់លំនៅឋានដាច់ពីគ្នា (ភូមិគ្រឹះ ឬពាក់កណ្តាលភូមិគ្រឹះ) ដីត្រូវមានទំហំយ៉ាងតិច ១០ ម៉ែត្រ គុណនឹង២០ ម៉ែត្រ

-សម្រាប់លំនៅឋានជាប់គ្នា (ផ្ទះល្វែង ឬផ្ទះជាប់គ្នា) ត្រូវមានដីទំហំយ៉ាងតិច ៤ម៉ែត្រ គុណនឹង១៥ ម៉ែត្រ

២. តំបន់លំនៅឋានមានកម្ពស់មធ្យម
-សម្រាប់អគារកម្ពស់ពី៣ ជាន់ ដល់៨ជាន់ ត្រូវមានដីយ៉ាងតិច ១៥ ម៉ែត្រ គុណនឹង២៥ ម៉ែត្រ

-សម្រាប់អគារកម្ពស់ពី ៩ ជាន់ ដល់១១ ជាន់ ទំហំដីត្រូវមានយ៉ាងតិច ២០ ម៉ែត្រ គុណនឹង៣០ ម៉ែត្រ

៣. តំបន់លំនៅឋានមានកម្ពស់ខ្ពស់

-សម្រាប់អគារមានកម្ពស់ចាប់ពី១២ ជាន់ ដល់១៨ជាន់ ដីត្រូវមានទំហំយ៉ាងហោច ១៥០០ ម៉ែត្រការ៉េ ឡើងទៅ

-សម្រាប់អគារដែលមានកម្ពស់ចាប់ពី ១៩ ជាន់ ឡើងទៅ ទំហំដីតម្រូវឱ្យមានទំហំចាប់ពី ៣០០០ ម៉ែត្រការ៉េ ឡើងទៅ

យ៉ាងណាមិញ ចំពោះសំណង់ដែលសង់មុនខែមេសា ឆ្នាំ២០១៥ ទោះជាមិនត្រឹមត្រូវបានការកំណត់នេះក្ដី ក៏មិនខុសច្បាប់ដែរ ព្រោះអនុក្រឹត្យមិនអនុវត្តថយក្រោយទេ។

យ៉ាងណាក្ដី អនុក្រឹត្យនេះ អនុវត្តសម្រាប់តែដីដែលស្ថិតក្នុងរាជធានី ទីក្រុង និងទីប្រជុំជន ប៉ុណ្ណោះ។ ដោយឡែក ដីដែលស្ថិតនៅក្រៅតំបន់ទាំង ៣ ខាងលើ នឹងត្រូវគ្រប់គ្រងដោយប្លង់គោលអភិវឌ្ឍដីនៃតំបន់នោះរៀងៗខ្លួន ឬអាស្រ័យទៅលើអាជ្ញាធរសុរិយោដីក្នុងតំបន់។

លើសពីនេះ ដីក្នុងរាជធានី ទីក្រុង និងទីប្រជុំជន ខ្លះក៏ត្រូវបានកំណត់ដោយច្បាប់ផ្សេងផងដែរអាស្រ័យលើតំបន់។ ម្យ៉ាងវិញទៀត ដីដែលស្ថិតនៅក្នុងតំបន់តំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ក៏ត្រូវកំណត់តាមរយៈបទបញ្ញត្តិដោយឡែកផងដែរ។

ដូច្នេះ ម្ចាស់ដីត្រូវពិនិត្យ និងសាកសួរអាជ្ញាធរសុរិយោដីឱ្យបានជាក់លាក់ មុននឹងសង់អគារ។ សំខាន់បំផុត គឺត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ ក្នុងករណីសំណង់តម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់។

គួរបញ្ជាក់ថា ក្រៅពីសមាមាត្រកម្រិតកម្ពស់អគារ និងទំហំដី នៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជន រដ្ឋក៏តម្រូវឱ្យម្ចាស់ដីទុកគន្លាតមុខ ក្រោយ និងចំហៀង អាស្រ័យទៅលើទំហំ និងកម្ពស់នៃសំណង់ផងដែរ៕

ក្រុមហ៊ុនយក្ស Google គ្រោងបោះទុនវិនិយោគ១.០០០លានដុល្លារ ដើម្បីពង្រីកសេវាអ៊ីនធឺណិតនៅទ្វីបអាហ្វ្រិក

សុខុម

អាហ្វ្រិក: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសកាលពីថ្ងៃពុធ ទី៦ តុលា ថា ខ្លួននឹងបោះទុនវិនិយោគ១.០០០លានដុល្លារអាមេរិក ដើម្បីពង្រីកការគ្របដណ្ដប់សេវា អ៊ីនធឺណិត និងជំរុញអាជីវកម្មចាប់ផ្ដើមថ្មី (Start-up) នៅអាហ្វ្រិក ខណៈទីផ្សារនេះមានយុវជនប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនកាន់តែច្រើនឡើងជាលំដាប់។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៧ តុលា ឱ្យដឹងថា ការវិនិយោគដែលមានរយៈពេល៥ឆ្នាំនេះ រួមបញ្ចូលទាំងការចំណាយលើបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ Equiano របស់ក្រុមហ៊ុន Google ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធឯកជនដ៏ធំមួយដែលមានគោលបំណងបង្កើនការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿននៅអាហ្វ្រិក ផងដែរ។

លោក Nitin Gajria ប្រធានក្រុមហ៊ុន ថា ប្រចាំទ្វីបអាហ្វ្រិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “នៅពេលគិតដល់បេសកកម្មរបស់យើងក្នុងនាមជាក្រុមហ៊ុនឯកជនមួយ យើងនិយាយអំពីការរៀបចំព័ត៌មានរបស់ពិភពលោក និងធ្វើឱ្យមនុស្សអាចប្រើប្រាស់វាបានជាសកលដើម្បីនាំមកនូវផលប្រយោជន៍”។

លោកបានបន្ថែមទៀតថា “យើងមិនអាចសម្រេចបេសកកម្មជាសកលនេះបានឡើយ ប្រសិនបើមិនអាចផ្ដល់សេវាអ៊ីនធឺណិតដល់ប្រជាជន១,៣ពាន់លាននាក់នៅទ្វីបអាហ្វ្រិក ដោយប្រសិទ្ធភាពបានទេនោះ”។

លោកបានបញ្ជាក់ថា ទ្វីបអាហ្រ្វិក មាន “ប្រជាជន៣០០លាននាក់ប្រើប្រាស់អ៊ីនធឺណិតនៅពេលបច្ចុប្បន្ន ហើយតាមការរំពឹងទុកចំនួនអ្នកប្រើប្រាស់នឹងកើនឡើង៣០០លាននាក់បន្ថែមទៀតនៅ៥ឆ្នាំក្រោយ។ វាជាការវិវឌ្ឍនៃបច្ចេកវិទ្យាដ៏គួរឱ្យទាក់ទាញខ្លាំងស្ទើរមិនគួរឱ្យជឿ”។

យោងតាមធនាគារពិភពលោក (World Bank) ឱ្យដឹងថា ភាពគួរឱ្យជឿទុកចិត្តបានផ្នែកអ៊ីនធឺណិតគឺជាបញ្ហាមួយដែលកើតមាននៅអាហ្វ្រិក ដែលប្រជាជនតិចជាង១ភាគ៣មានអ៊ីនធឺណិតល្បឿនលឿនប្រើប្រាស់។

ទោះជាយ៉ាងណា ទ្វីបដែលប្រជាជនជិតពាក់កណ្តាលមានអាយុក្រោម១៨ឆ្នាំនេះគឺជាទីផ្សារដ៏មានសក្ដានុពលខ្លាំង៕ AFP

Thai Lion Air readies for resumption of travel by expanding fleet

WRITER: DUSIDA WORRACHADDEJCHAI

Thai Lion Air (TLA) is adding more aircraft to its fleet this year as it gears up for international air travel while the country prepares for further reopening.

TLA chief executive Aswin Yangkirativorn said the fleet expansion plan will serve international flights in the near future which still currently depend on bilateral agreements on air travel led by government initiatives.

The airline recently received two Airbus A320neo aircraft which saw the number of aircraft in the fleet reach 10, and it is planning to obtain two more Boeing 737 aircraft within this year.

He said people in China, one of the airline’s key source markets which contributed 60% prior to the pandemic, might not be able to travel overseas until the middle of next year, while the Chinese government focuses on domestic tourism.

TLA has to focus on regional markets including India, Japan, Taiwan and Singapore which show more promising signs in terms of reconnecting with Thailand.

Most importantly, the government has to roll out a concrete plan and simplify the travel process by using lessons learned from the ongoing sandbox programme, so tourists can plan their trips, while tourism businesses can properly launch their marketing strategies.

TLA is one of seven local airlines that asked for a 5-billion-baht soft loan last year to help support payroll for their 2,500 workers.

For the domestic market, Nuntaporn Komonsittivate, TLA’s head of commercial operations, said the airline is monitoring the situation as an improvement should be seen with two national holidays and school holidays this month.

At present, TLA operates 13 domestic routes. It will resume two routes — Hat Yai-Udon Thani and U-tapao to Chiang Mai in the last quarter.

She said on average flight frequencies were 30 per day with 5-6 hours of aircraft utilisation per day, compared to 10-11 hours prior to the pandemic.

More frequencies will be added to popular destinations like Chiang Mai, Hat Yai and Chiang Rai in October.

Source: Bangkok Post

ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Lion Air ត្រៀមខ្លួនសម្រាប់ការបន្តការធ្វើដំណើរអន្តរជាតិនាពេលខាងមុខនេះ

ដោយ៖ សុផារី

ប្រទេសថៃ: ក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air (TLA) កំពុងបន្ថែមយន្តហោះជាច្រើនបន្ថែមទៀតក្នុងកងនាវារបស់ខ្លួននៅក្នុងឆ្នាំនេះ ខណៈការធ្វើដំណើរតាមអាកាសអន្តរជាតិរបស់ប្រទេសថៃកំពុងរៀបចំបើកដំណើរការឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post នាថ្ងៃទី ៨ ខែតុលា នេះ។

លោក Aswin Yangkirativorn អគ្គនាយកក្រុមហ៊ុន Thai Lion Air បាននិយាយថា ផែនការពង្រីកបន្ថែមនេះសម្រាប់ការហោះហើរអន្តរជាតិនាពេលខាងមុខនេះ ដែលបច្ចុប្បន្ននេះការហោះហើរនៅតែអាស្រ័យលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការធ្វើដំណើរតាមអាកាសដែលជាការដឹកនាំរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍នេះបានទិញយន្តហោះ Airbus A320neo ចំនួនពីរគ្រឿង ដែលពេលនេះចំនួនយន្តហោះនៅក្នុងកងនាវាសរុបមានចំនួន ១០ ហើយក្រុមហ៊ុនមានគម្រោងទិញយន្តហោះប៊ូអ៊ីង ៧៣៧ ពីរគ្រឿងបន្ថែមទៀតនៅក្នុងឆ្នាំនេះ។

លោកបានបន្តថា ជនជាតិចិន ដែលជាទីផ្សារសំខាន់របស់ក្រុមហ៊ុនអាកាសចរណ៍រហូតដល់ ៦០ ភាគរយ មុនពេលមានជំងឺរាតត្បាត អាចនឹងមិនអាចធ្វើដំណើរទៅបរទេសបានទេ រហូតដល់ពាក់កណ្តាលឆ្នាំក្រោយ ខណៈពេលនេះរដ្ឋាភិបាលចិនផ្តោតលើវិស័យទេសចរណ៍ក្នុងស្រុកដូចគ្នា។

Thai Lion Air ត្រូវផ្តោតលើទីផ្សារក្នុងតំបន់រួមមាន ឥណ្ឌា ជប៉ុន តៃវ៉ាន់ និងសិង្ហបុរី ដែលបង្ហាញពីសញ្ញាជោគជ័យបន្ថែមទៀតទាក់ទងនឹងការតភ្ជាប់ឡើងវិញជាមួយប្រទេសថៃ។

Thai Lion Air គឺជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៧ ដែលបានស្នើសុំប្រាក់កម្ចីចំនួន ៥ ពាន់លានបាតកាលពីឆ្នាំមុនដើម្បីជួយទ្រទ្រង់ដល់ការបើកប្រាក់ខែដល់កម្មករ ២៥០០ នាក់របស់ខ្លួន។

លោក Aswin បាននិយាយថា “ប្រសិនបើប្រទេសថៃអាចបើកដំណើរការឡើងវិញហើយជើងហោះហើរអន្តរជាតិកាន់តែច្រើនអាចដំណើរការបាននោះឧស្សាហកម្មអាកាសចរណ៍និងទេសចរណ៍នឹងមានភាពរឹងមាំឡើងវិញ”៕

រយ:ពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដេីរកម្សាន្តជាង ៦៦ម៉ឺននាក់

ដោយ៖ គង់ សូរិយា

ភ្នំពេញ ៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤,៦៩៧ នាក់។
គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តកំពត ១០២,៥៩៣ នាក់
* ខេត្តកែប ៩៦,៤៧១ នាក់
* ខេត្តព្រះសីហនុ ៨០,៥១៩ នាក់
* ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់
* ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់
* ខេត្តបាត់ដំបង ៣៧,៧២៤ នាក់
* ខេត្តកំពង់ចាម ៣៦,១៤០ នាក់
* ខេត្តសៀមរាប ៣៣,២២២ នាក់។

នាថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។

បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែថ្ងៃទី៣នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រលប់ចូលភ្នំពេញវិញ។

ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។

ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូបអាហារ ពុំមានការតំឡើងថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាពគួរកត់សម្គាល់ណាមួយកើតឡើងទេ។

ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាស់ស្ទើរគ្រប់ ១០០%។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំលឹកបន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង។

នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។

វិស័យឯកជន រាប់ចាប់ពីប្រតិបត្តិទេសចរណ៍ធំៗ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ និងប្រជាពលរដ្ឋ អាជីវករលក់ដូរនៅមូលដ្ឋានផ្ទាល់ ពិសេសនៅគោលដៅទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពរីករាយក្នុងការដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យមានការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំនេះ។ ទាំងនេះបង្កើតជាក្តីសង្ឃឺមសម្រាប់ពួកគាត់ក្នុងការបន្តអាជីវកម្ម មុខរបរ និងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវបន្តទៀតនាឱកាសឈប់សម្រាកនានា។

គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរដែលមានចំនួនច្រើន និងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្រោមស្ថានភាពភ្លៀងធ្លាក់ជោគជាំនៅតាមតំបន់មួយចំនួន។

ជាការកត់សម្គាល់ ភ្ញៀវសរុបសម្រាប់ថ្ងៃទី៣នេះ មានចំនួន ២៤៤,២៥៦ នាក់ (ថយចុះប្រមាណ ១០.០១% ធៀបនឹងថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣.៩២%) ក្នុងនោះភ្ញៀវជាតិ ២៤២,៨៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៣៧៥ នាក់៕

សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំកំពូលជាតិ ដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច និងបញ្ចៀសការជ្រៀតជ្រែករបស់បរទេស

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ហេតុផលសំខាន់ពីរដែលនាំឱ្យសម្តេចសម្រេចស្នើធ្វើសេចក្តីព្រាងច្បាប់និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ គឺដើម្បីកំណត់សញ្ជាតិខ្មែរតែមួយចំពោះមេដឹកនាំកំពូលស្ថាប័នរបស់ជាតិ និងបញ្ជាក់ថាសម្តេចមានសញ្ជាតិមួយឬពីរដូចការចោទប្រកាន់ ដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិផងដែរ។

រយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ គណៈរដ្ឋមន្ត្រីបានលើកយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣នៃច្បាប់ធម្មនុញ្ញ ដើម្បីបើកផ្លូវលើការកំណត់សញ្ជាតិខ្មែរតែមួយលើប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើច្បាប់នេះក្នុងល្បឿនលឿនបែបនេះ ជាការបញ្ជាក់នូវល្បឿនការងាររបស់គណៈរដ្ឋមន្ត្រីកម្ពុជាដែលធ្វើការងារអត់ដេកពួន ហើយដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលធម្មនុញ្ញចូលជាធរមានហើយ គឺឋានៈ និងតួនាទីរបស់ ហ៊ុន សែន ត្រូវបានបញ្ចប់ ព្រោះគេចោទថា ហ៊ុន សែន មានសញ្ជាតិពីរ។ ប៉ុន្តែបើ ហ៊ុន សែន អត់មានសញ្ជាតិពីរទេ ហ៊ុន សែន នៅតែបន្ត»។

បើតាមសម្តេចតេជោ ហ៊ុន សែន ការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញដើម្បីកំណត់សញ្ជាតិនេះដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ជាតិកម្ពុជា ក្នុងការបញ្ចៀសនូវការជ្រៀតជ្រែងពីបរទេស ក៏ដូចជាបញ្ជាក់ពីភក្តីភាពរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ ចំពោះជាតិមាតុភូមិផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះ «បញ្ហាវាមានបញ្ហាចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ។ ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ ហើយមកចង់ដណ្តើមយកកៅអី ហើយកន្លែងនេះ វាទំនាស់ផលប្រយោជន៍ ការជ្រៀតជ្រែកពីបរទេសទៅលើតំណែងដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធ ឱ្យនៅក្រៅប្រទេស ហើយគេអាចកំញើញថា បើមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯងនៅក្រៅប្រទេស គេនឹងរឹបអូស ឬអ៊ីចេះអ៊ីចុះ ដូច្នេះនៅក្រោមឥទ្ធិពលគេ»។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ទៅថ្ងៃមុខកម្ពុជានឹងត្រូវធ្វើការកំណត់ឱ្យកាន់តែទូលាយ ពាក់ព័ន្ធសញ្ជាតិរបស់មន្ត្រីខ្មែរ តែពេលបច្ចុប្បន្ននឹងមានការកំណត់សញ្ជាតិឋានៈឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬអនុប្រធានរដ្ឋសភា ព្រឹទ្ធសភានោះទេ។ សម្រាប់សម្តេចតេជោ ការមិនកំណត់បែបនេះ គឺទុកផ្លូវឱ្យខ្មែរនៅក្រៅប្រទេស បានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ៕

ផ្សារទំនើបធំមួយនៅតាមបណ្តោយផ្លូវវេងស្រេង ត្រៀមបើកដំណើរការក្នុងខែវិច្ឆិកានេះ

ដោយ: សុផារី

ភ្នំពេញ: ខេម៉ល (K Mall) ដែលជាផ្សារទំនើបដំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខនៅក្នុងប្រទេសកម្ពុជានិងជាសមាជិកនៃ ISI Group ត្រៀមបើកដំណើរការជាផ្លូវការក្នុងខែវិច្ឆិកាខាងមុខនេះ។

ផ្សារទំនើបដ៏ធំមួយនេះមានទីតាំងនៅបណ្ដោយមហាវិថីវេងស្រេង និងជាផ្នែកមួយនៃគម្រោងមេ KMH Park មានទីតាំងនៅលើមហាវិថី វេង ស្រេង ចម្ងាយប្រមាណ 15 នាទីពីរង្វង់មូលចោមចៅ និង 5 នាទីពីច្រមុះជ្រូកស្ទឹងមានជ័យ។

ខេ ម៉ល (K Mall) ជាបណ្ដុំនៃហាង ទំនិញ អាហារដ្ឋាន និងកន្លែងកម្សាន្ដ ចម្រុះ ៣ ជាន់ ដែលនឹងផ្ដល់នូវបទ ពិសោធន៍ថ្មីសន្លាងសម្រាប់ទាំង អតិថិជន ដែលមកទស្សនាកម្សាន្ដ និងអាជីវករនៅក្នុងផ្សារជាង ៤០កន្លែង។ ទីតាំងដ៏ល្អប្រសើររបស់ផ្សារទំនើប K Mall នឹងផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅ និងធ្វើការនៅតំបន់វេង ស្រេងជាង ៤០ ម៉ឺន នាក់។

បើតាមគណនេយ្យហ្វេសប៊ុករបស់ផ្សារទំនើប ខេ ម៉ល (K Mall) បច្ចុប្បន្នទើបបញ្ចប់ការសាងសង់ជាង៨០% ហើយនឹងបើកដំណើរការជាផ្លូវការនៅក្នុងខែវិច្ឆិកាខាងមុខនេះនិង មានការបើកដំណើរការសាកល្បងហាងមួយចំនួន ចាប់ពីថ្ងៃទី ៨ តុលានេះតទៅ៕

លោកច្រឹក សុខនីមៈបីជំហ៊ានឆ្ពោះទៅរកផលចំណេញខ្ពស់ពីការវិនិយោគលើវិស័យអចលនទ្រព្យ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេធ្វើឡើងច្រើនវិធី និងច្រើនយុទ្ធសាស្ត្រ ក្នុងគោលបំណងរួមតែមួយ គឺចង់ទទួលបានប្រាក់ចំណេញខ្ពស់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហើបពីយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីជោគជ័យលើការវិនិយោគ និងចំណេញបានប្រាក់ច្រើន។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានគេយកមកអនុវត្ត និងទទួលបានលទ្ធផលល្អមានដូចជា៖

ទី១ ការវិនិយោគជាលក្ខណៈបុគ្គល
ជាកិច្ចសហការជាដៃគូចាប់ពី២នាក់ រហូតដល់១០នាក់ ដោយការចូលបដិភាគទុនវិនិយោគ ដើម្បីទិញអចលនទ្រព្យទុក សម្រាប់វិនិយោគបន្តទទួលយកប្រាក់ចំណេញនៅពេលអនាគតរួមគ្នា ដោយការបែងចែងភាគលាភ ទៅតាមភាគរយនៃដើមទុន ដែលបានចូលរួម។ តើត្រូវមាននីតិវិធីដូចម្ដេច ដើម្បីអាចជៀសផុតពីហានិភ័យ ហើយមានអត្រាជោគជ័យខ្ពស់? ចម្លើយគឺត្រូវមានមូលដ្ឋាន ដើម្បីចងក្រងជាក្រុមដោយមានការចែកបែងចែកនូវអំណាចនៃការអនុវត្ត ការទទួលខុសត្រូវ និងការបំណែងចែកការងារ។

ការចងក្រងជាក្រុម គឺអាចជួយដុសខាត និងបណ្តុះចំណេះដឹងដល់សមាជិកក្នុងក្រុម ក្នុងការចេះសម្លឹងមើលពីបរិបថនៃទីផ្សារកាន់តែទូលាយ និងមានឱកាសរីកចម្រើនលឿន។

ទី២ ការវិនិយោគជាលក្ខណៈក្រុមតូចៗ
ការវិនិយោគបែបនេះ ភាគច្រើនក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ មានសិទ្ធិក្នុងការគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ ដែលប្រមូលបានពីការសហការចូលរួម វិនិយោគពីដៃគូតូចៗមកបង្កើតជាដើមទុន សម្រាប់វិនិយោគទៅលើគម្រោងធំ ដែលអាចមានលទ្ធភាពទទួលបានប្រាក់ចំណេញច្រើន ដោយមានការសន្មត់ពីថេរវេលាយ៉ាងច្បាស់លាស់ ពីក្រុមហ៊ុនមានអជ្ញាប័ណ្ណ ដែលជាអ្នកគ្រប់គ្រងមូលនីធិហិរញ្ញវត្ថុ។

លោក ច្រឹក សុខនីម បានបញ្ជាក់ថា នៅក្នុងចំណោមមូលដ្ឋានវិនិយោគទាំង៣ខាងលើនេះ សុទ្ធតែមានឱកាសទទួលបានភាគលាភដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ មុនពេលសម្រេចចិត្តវិនិយោគ នៅក្នុងចំណែកណាមួយ ចាំបាច់បំផុតត្រូវមានការសិក្សា ស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធឱ្យមានគ្រប់គ្រាន់ ឬអាចមានមេធាវីក្នុងការរក្សា និងការពារផលប្រយោជន៍។

លោកបន្តថា “អ្វីដែលសំខាន់ជាងទៅទៀត សម្រាប់ប្រភពព័ត៌មាន និងការរៀបចំឯកសារពាក់ព័ន្ធនានា លោកអ្នកក៏អាចប្រឹក្សាបន្ថែមជាមួយសមាជិក សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដោយមិនមានតម្រូវចំណាយថវិកានោះទេ”។

ទី៣ ការវិនិយោគរួមជាមួយក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ គ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ (Real Estate Investment Trust)

អ្នកវិនិយោគត្រូវមានរូបមន្ត ក្នុងការចាប់ផ្ដើមចេញពីមូលដ្ឋាន ក្នុងការស្វែងរកប្រភ​ពនៃព័ត៌មាន ដែលស័ក្ដិសមទៅនឹងលទ្ធភាព នៃការវិនិយោគរបស់យើង នៅក្នុងតំបន់ ដែលមានលក្ខណៈដូចជាប្រភេទលំនៅដ្ឋាន ឬជាដីធ្លី ឬជាប្រភេទអាពាណិជ្ជកម្ម ដែលការវិនិយោគប្រភេទនេះ ចាំបាច់ត្រូវអាស្រ័យទៅលើចំណូលចិត្ត និងការប្រឹក្សាយោបល់បន្ថែម ពីអ្នកជំនាញភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលស្ថិតនៅក្នុងសមាគម ដែលមានជាង១២០ក្រុមហ៊ុន និងជាង៣០០០ភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា ដោយមិនត្រូវបានចំណាយថវិកានោះទេ៕

សិក្សាគន្លឹះសំខាន់ៗចំនូន៥លើការវិនិយោគភាគហ៊ុនដើម្បីទទួលបានផលចំណេញនិងហានិភ័យទាប

ដោយៈលក្ខិណា

ភ្នំពេញៈ ការវិនិយោគលើភាគហ៊ុន ត្រូវពិនិត្យទៅលើច្រើនកត្តា មុននឹងសម្រេចចិត្តជ្រើសយកភាគហ៊ុនណាមួយ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់។ ខាងក្រោមនេះ ជាកត្តាមួយចំនួនដែល អ្នកគួរពិចារណាមុនសម្រេចចិត្តទិញភាគហ៊ុនណាមួយ។

១. កត្តាសេដ្ឋកិច្ច
ភាគហ៊ុនងាយរងឥទ្ធិពលពីកត្តាផ្នែកខាងក្រៅ (External Factors) ណាស់ ហើ​យកត្តាសេដ្ឋកិច្ច ឬបញ្ហាផ្សេងៗនៅក្នុងប្រទេស អាចជះឥទ្ធិពលដល់តម្លៃហ៊ុនឲ្យឡើងឬចុះបានយ៉ាងងាយ។ ជាក់ស្តែងក្នុងរដូវកាលកូវីដ១៩នេះ តម្លៃហ៊ុនទូទាំងពិភពលោកបានធ្លាក់ចុះ ដែលធ្វើឱ្យអ្នកវិនិយោគជាច្រើនមានការព្រួយបារម្ភ។ ប៉ុន្តែវាអាចជាឱកាសល្អសម្រាប់អ្នកដែលចង់ទិញភាគហ៊ុនក្នុងតម្លៃថោកទៅវិញ។

២. របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
ក្រៅពីសង្កេតមើលកត្តាខាងក្រៅហើយ អ្នកគួរពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអ្នកចាប់អារម្មណ៍។ របាយការណ៍នេះ អាចផ្តល់ព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងក្រុមហ៊ុន ដើម្បីជាជំនួយដល់ការសម្រេចចិត្តរបស់អ្នក។ អ្នកអាចពិនិត្យមើលថាតើក្រុមហ៊ុនចំណេញ ឬខាត ប៉ុន្មានក្នុងមួយឆ្នាំៗ ឬក្រុមហ៊ុនមានទ្រព្យសម្បត្តិ ឬបំណុលចំនួនប៉ុន្មាន។ល។

៣. សន្ទុះនៃការរីកចម្រើនរបស់ក្រុមហ៊ុន
មិនថាអ្នកចង់ទិញភាគហ៊ុនលក់(ជួញដូរ) ឬទិញទុករយៈពេលយូរនោះទេ អ្នកគួរតែស្វែងយល់បន្ថែមអំពី ក្រុមហ៊ុននោះ ជាពិសេសទៅលើការរីចម្រើនរបស់គេ។ ការរីកចម្រើននេះ អាចមើលទៅលើប្រាក់ចំណេញ ឬកេរ្តិ៍ឈ្មោះ (Brand name) របស់ក្រុមហ៊ុននោះ ព្រោះភាគហ៊ុនមួយអាចផ្តល់ភាគលាភ (dividend) បាន លុះត្រាតែក្រុមហ៊ុននោះមានប្រាក់ចំណេញ ឬ ប្រសិនបើក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អ ក៏វាអាចងាយស្រួលក្នុងការលក់ភាគហ៊ុនបានក្នុងតម្លៃខ្ពស់ ដែលវាអាចជួយកាត់បន្ថយកម្រិតហានិភ័យបានមួយចំណែកដែរ។

៤. ស្ថេរភាពរបស់ក្រុមហ៊ុន
ក្នុងន័យនេះ ស្ថេរភាពរបស់ក្រុមហ៊ុនសំដៅទៅលើបែបបទ នៃការគ្រប់គ្រងរបស់ក្រុមហ៊ុន និងដំណើរការ (តើអាចបន្តទៅមុខទៀតបាន ឬទេ)។ ក្រៅពីនោះ អ្នកអាចស្វែងរកបន្ថែម នូវព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបានចុះផ្សាយជាសាធារណៈ (ទ្រព្យសម្បត្តិ បំណុល ប្រាក់ចំណេញប្រចាំឆ្នាំជាដើម) ដើម្បីដឹងពីលទ្ធភាពដែលក្រុមហ៊ុនអាចបន្តអាជីវកម្មទៅមុខ។

៥. សិក្សាបន្ថែមពីការវិនិយោគ
លើសពី៤ចំណុចខាងលើ យ៉ាងហោចណាស់ អ្នកគួរតែស្វ័យសិក្សាពីមូលដ្ឋានគ្រឹះមួយចំនួនអំពីការវិនិយោគ ដូចជា ការវិភាគសមាមាត្រសំខាន់ៗ រួមមាន P/E ratio, Return on Equity ratio, Earnings per share ជាដើម ដែលសុទ្ធសឹងជាកត្តាគួរពិចារណាថាភាគហ៊ុនមួយណា មានកម្រិតហានិភ័យអាចទទួលយកបាន និងអាចផ្តល់ផលចំណេញមកវិញខ្ពស់។

បន្ថែមពីនេះ អ្នកគួររតែសិក្សាឱ្យច្បាស់ផងដែរអំពីច្បាប់ និងក្រឹត្យក្រមផ្សេងៗក្នុងការវិនិយោគដែលមានចែង ជៀសវាងមានបញ្ហានាពេលក្រោយ៕

វិភាគៈតើសុបិនរបស់មហាយក្សចិន និងថៃអាចសម្រេចបាននូវការជីកព្រែកជីក “ក្រា” ដែលជាផ្លូវទឹកដ៏សំខាន់ថ្មីបានឬទេ?

ដោយៈ Lowy Institute (ថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១)

អន្តរជាតិៈ កាលពីអំឡុងឆ្នាំ១៦៧៧ ព្រះមហាក្សត្រថៃព្រះនាម រាមាធិបតីទី៣ (Ramathibodi III)មានក្ដីសុបិនដ៏ធំមួយ។ ព្រះអង្គបានបញ្ជូនក្រុមវិស្វករឱ្យចុះទៅសិក្សាពីលទ្ធភាព ក្នុងការជីកផ្លូវទឹកដ៏ធំមួយកាត់តាមច្រកសមុទ្រ នៃឧបទ្វីបម៉ាឡេ ដែលជាទូទៅគម្រោងនេះត្រូវបានគេហៅថា “ព្រែកជីកក្រា” ឬ Kra Canal ដើម្បីបើកផ្លូវ ពាណិជ្ជកម្មដោយផ្ទាល់មួយរវាងថៃ និងភូមា (មីយ៉ាន់ម៉ា)។

គម្រោងព្រែកជីកនេះ ត្រូវគេប្រដូចទៅនឹង “ព្រែកជីស៊ុយអេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍”។
ក្រុមវិស្វករថៃនៅពេលនោះ បានត្រឡប់មកវិញដោយបរាជ័យ ដោយសារតែគម្រោ​ងព្រែកជីកនេះមិនអាចធ្វើទៅរួច។ តែមកទល់នឹងសព្វថ្ងៃ គម្រោងនេះក៏ប្រហែលជា នឹងពិបាកទៅរួចដូចគ្នាដែរ ឬក៏ថៃនឹងត្រូវជជែកពីគម្រោងនេះ រាប់រយឆ្នាំទៅមុខទៀតក៏ថាបាន។

គម្រោងព្រែកជីកក្រា មិនត្រូវបានបោះបង់់ចោលឡើយ ដោយកាលពីពេលថ្មីៗនេះ វាត្រូវបានគេយកមកធ្វើជាប្រធានបទ ជជែកយ៉ាងផុលផុសឡើងវិញ នៅក្នុងប្រទេសថៃ។ ព្រែកជីកក្រា ត្រូវបានគេមើលឃើញថាគឺជាជម្រើស “ផ្លូវវាងមួយដ៏សំខាន់” នៃផ្លូវដ៏វែងអន្លាយ និងណែនណាន់តាន់តាប់ កាត់តាមច្រកសមុទ្រម៉ាឡាកា (Strait of Malacca) ដែលជាច្រកសមុទ្រមួយរត់កាត់ចន្លោះរវាង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី ហើយតំណាងឱ្យ២៥ភាគរយ នៃការជួញដូរទំនិញរបស់ពិភពលោក។

កាលពីអតីតកាល បារាំងធ្លាប់មានបំណងសាងសង់ព្រែកជីកក្រាដែរ ខណៈអង់ ​គ្លេសបានរារាំង។ រីឯរដ្ឋាភិបាលថៃ នៅតែបន្តសិក្សាពីលទ្ធភាពស្ថាបនាព្រែកជីកនេះ។ បើតាមក្រុមតំណាងរាស្ត្រថៃ រដ្ឋាភិបាលចិនប្រហែលជាមានមហិច្ឆតា ចូលរួមស្ថាបនាព្រែកជីកក្រា តែវាមិនមែនជារឿងងាយស្រួលទេ។

ពិតមែនទៅ គំនិតបង្កើតផ្លូវសមុទ្រមួយតភ្ជាប់ ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ (Andaman) ត្រូវបានរដ្ឋាភិបាលថៃទាត់ចោលកាលពីឆ្នាំ២០២០ ហើយក្ដីសុបិននៃគម្រោងព្រែកជីកក្រា ក៏បានប្រែក្លាយទៅជា គម្រោង “Thai Land Bridge” វិញផងដែរ​។”Thai Land Bridge” នេះជាគម្រោងសាងសង់បណ្ដាញផ្លូវហាយវ៉េ និងផ្លូកដែកសម្រាប់ការដឹកជញ្ជូនទំនិញទៅ និងមក កំពង់ផែសមុទ្រទឹកជ្រៅ ពីមួយទៅមួយផ្សេងទៀត។

នៅក្នុងករណីត្រូវបានសាងសង់ឡើងពិតមែន នោះគម្រោង Thai Land Bridge នឹងផ្ដល់ជម្រើស “ផ្លូវវាងមួយ” ដ៏ប្រសើរដោយអាចកាត់បន្ថយចម្ងាយធ្វើដំណើរបាន ១,២០០គីឡូម៉ែត្រ និងចំណេញពេលវេលាយ៉ាងហោចក៏២ ទ៣ថ្ងៃដែរ ធៀបទៅនឹងការធ្វើដំណើរកាត់តាមផ្លូវទឹក ដ៏មមាញឹកនៃច្រកសមុទ្រ Malacca។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចសន្សំសំចៃថ្លៃដឹកជញ្ជូន ព្រមទាំងកាត់បន្ថយហានិភ័យ ត្រូវចោរសមុទ្រប្លន់ជាដើម។

និយាយពីប្រទេសចិនវិញ ក៏មានចំណាប់អារម្មណ៍ខ្លាំង និងកាន់តែច្បាស់ចំពោះគម្រោងព្រែកជីកក្រារបស់ថៃដែរ។
សន្តិសុខថាមពលចិន ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនប្រេង និងឧស្ម័នកាត់តាមច្រកសមុទ្រMalacca។ បើតាមការវាយតម្លៃ៨០ភាគរយ នៃការនាំចូលថាមពលរបស់ចិន ត្រូវឆ្លងកាត់តំបន់ជាច្រើននៃច្រកសមុទ្រ Malacca។ តែអ្វីដែលសំខាន់បច្ចុប្បន្ន ចិនមានជម្លោះដែនទឹក ជាមួយម៉ាឡេស៊ីនៅឯសមុទ្រចិនខាងត្បូង ហើយក៏មានជម្លោះដែនទឹកជាមួយឥណ្ឌូណេស៊ីដែរ។

បញ្ហាធំសម្រាប់ចិន គឺស្ថិតនៅត្រង់នេះឯង ដោយសេដ្ឋកិច្ចចិនទាំងមូលអាចនឹងរង្គោះរង្គើរ ប្រសិនបើជម្លោះដែនទឹកជំរុញឱ្យម៉ាឡេស៊ី ឬឥណ្ឌូណេស៊ី បិទខ្ទប់ឬបង្កការរាំងស្ទះដល់ការធ្វើដំណើរ របស់កប៉ាល់ចិនកាត់តាមច្រកសមុទ្រ Malacca ឬក៏ឥណ្ឌាបិទខ្ទប់ផ្លូវទឹករបស់ខ្លួនមិនឱ្យចិន ឆ្លងកាត់ដោយសារតែរឿងជម្លោះព្រំដែន នៅថ្ងៃណាមួយ។

ការព្រួយបារម្ភ និងមហិច្ឆតារបស់ចិនត្រូវបានស្ដែងឡើង តាមរយៈបង្កើតគម្រោងបំពង់បង្ហូរប្រេង និងឧស្ម័នជាមួយមីយ៉ាន់ម៉ា ហើយនៅឆ្នាំ២០០៥ របាយការណ៍មួយ របស់ក្រសួងការពារជាតិអាមេរិក បានបង្ហើបឱ្យដឹងថា ចិនកំពុងពិចារណាវិនិយោគលើគម្រោងព្រែកជីកក្រារបស់ថៃ។ ការគ្រប់គ្រងផ្លូវដឹកជញ្ជូនមួយកាត់តាមប្រទេសថៃ នឹងអនុញាតឱ្យចិន មិនត្រឹមតែអាចពង្រឹង សន្តិសុខថាមពលរបស់ខ្លួនប៉ុណ្ណោះទេ តែវាអាចឱ្យចិន “មានផ្លូវក្រោយមួយ” ទុកប្រើនៅក្នុងករណីដែលមានការបិទឧ្ទប់ ច្រកសមុទ្រណាមួយប្រឆាំងនឹងខ្លួន។

បើតាមក្រុមអ្នកជំនាញ ចិនអាចមានប្រយោជន៍យ៉ាងធំពីគម្រោងព្រែកជីកក្រា ជាជាងគម្រោង “Thai Land Bridge” ពីព្រោះថាព្រែកជីក វាស័ក្តិសមនឹងយុទ្ធសាស្ត្រ ផ្លូវសូត្រសមុទ្រ ឬគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ ពោលប្រសិនបើ ព្រែកជីកក្រាត្រូវបានសាងសង់មែន នោះចិននឹងមិនចាំបាច់ ត្រូវបញ្ជូនកប៉ាល់ដឹកទំនិញរបស់ខ្លួនឱ្យធ្វើដំណើរកាត់តាមច្រកសមុទ្រ Malacca ជាទីដែលសហរដ្ឋអាមេរិក មានឥទ្ធិពលខ្លាំងទៀតនោះទេ ហើយវាក៏បង្កភាពងាយស្រួយ ដល់នាវាចម្បាំងចិនអាចធ្វើប្រតិបត្តិការ ឬធ្វើដំណើរចូលទៅកាន់មហាសមុទ្រឥណ្ឌាផងដែរ។

ដូច្នេះ ការកែប្រែគម្រោងព្រែកជីកក្រា ទៅជាគម្រោង Thai Land Bridge អាចនឹងប៉ះពាល់ដល់មហិច្ឆតារបស់ចិន។ តែសម្រាប់ថៃវិញ ត្រូវបានគេមើលឃើញថា អាចនឹង ជ្រើសរើសយកគម្រោង Thai Land Bridge ច្រើនជាង ខណៈរដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob កាលពីខែមិថុនាកន្លងទៅនេះ ក៏ធ្លាប់លើកឡើងដែរថា គម្រោងនេះ អាចនឹងជាឱកាសមួយឱ្យថៃត្រឡប់ក្លាយទៅជាប្រទេស “ខ្លាសេដ្ឋកិច្ខ” ក្នុងតំបន់អាស៊ីអាគ្នេយ៍សាជាថ្មី។

វាមានហេតុផលសំខាន់ៗមួយចំនួនដែលគេយល់ថា ថៃអាចនឹងជ្រើសរើសយក Thai Land Bridge ក្នុងនោះរួមមាន នៅត្រង់ថាការសាងសង់ប្រព័ន្ធផ្លូវថ្នល់ និងផ្លូវដែក គឺវាមានភាពងាយស្រួលជាងការជីកព្រែក រីឯតម្លៃវិញ ក៏ថោកជាងដែរ នៅក្នុងបរិបទដែលសេដ្ឋកិច្ចថៃ កំពុងរងផលប៉ះពាល់ស្រាប់ដោយសារ COVID-19។

គម្រោងព្រែកជីកក្រា ត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយ ប្រាក់អស់ជាង ៥៥ពាន់លានដុល្លារក្នុងការសាងសង់ រីឯគម្រោង Thai Land Bridge អាចនឹងត្រូវចំណាយប្រាក់ត្រឹមតែ១.៨៥ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាម វិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋាននៅសិង្ហបុរី។

បញ្ហាមួយដែលកាន់តែស្មុគស្មាញ ដែលធ្វើឱ្យគម្រោងព្រែកជីកក្រា ពិបាកនឹងទៅរួច នោះគឺរដ្ឋាភិបាលថៃ កំពុងតស៊ូប្រឆាំងជាមួយក្រុមឧទ្ទាមផ្ដាច់ទឹកដី នៅឯភាគខាងត្បូងនៃប្រទេស។ ម្លោះហើយ មានការព្រួយបារម្ភថា គម្រោងព្រែកជីក្រា អាចនឹងពុះចែកតំបន់ភាគខាងត្បូងនៃប្រទេសជាពីរ ដែលនេះអាចនឹងកាន់តែបង្កការងាយស្រួល និងលើកទឹកចិត្ត ដល់ក្រុមឧទ្ទាមទាមទារផ្ដាច់ទឹកដី។

ចំណុចមួយវិញទៀតកាន់តែសំខាន់ នោះគឺច្បាស់ណាស់ គម្រោងព្រែកជីកក្រាអាចប្រឈមមុខ នឹងការជំទាស់យ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក។

ជាការពិតណាស់ ថៃមានទំនាក់ទំនងជិតស្និទជាមួយចិន តែថៃខ្លួនឯងក៏ជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិកដែរ។ ដូច្នេះហើយគម្រោងព្រែកជីកក្រា ចង់ឬមិនចង់វាអាចនឹងធ្វើឱ្យថៃក្លាយជាសាច់នំបុ័ងសាំងវិចគៀប នៅចំកណ្ដាលនៃជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន ដែលនេះមិនមែនជាអ្វីដែលថៃចង់បាននោះទេ៕

ប្រភព៖ Lowy Institute (ថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១)