កម្មវិធីវិនិយោគ៥៨៨លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ផលអត្ថប្រយោជន៍ដូចម្តេចដល់ការលើ់កកំពស់ជីវភាពប្រជាជនកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ កម្មវិធីវិនិយោគក្នុងទំហំទឹកប្រាក់៥៨៨លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដើម្បីកែលម្អភាពធន់នឹងអាកាសធាតុ នៃហេដ្ឋារចនាសម្ព័ន្ធកសិកម្មនៅកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋនៅជនបទ នៃប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះ។

នៅតំបន់ខ្លះនៃពិភពលោក នៅតែមានការជជែកវែកញែកគ្នាថា តើការប្រែប្រួល អាកាសធាតុជាការពិតឬយ៉ាងណា។ ប៉ុន្តែនៅទីវាលទំនាបលិចទឹកនៃទន្លេមេគង្គ ក្នុងខេត្តព្រៃវែង ដែលត្រូវធ្វើដំណើរប្រហែលមួយម៉ោង ពីរាជធានីភ្នំពេញ ប្រជាពលរដ្ឋនៅទីនោះបានមើលឃើញយ៉ាងច្បាស់ថា ការប្រែប្រួលអាកាសធាតុ បានគំរាមកំហែងដល់ការរស់នៅរបស់ពួកគេយ៉ាងដូចម្តេច។

នៅរដូវវស្សាចាប់ពីខែឧសភា ដល់ខែតុលា ព្យុះបានកើតឡើងកាន់តែញឹកញាប់និងកាន់តែធ្ងន់ធ្ងរឡើងៗ ជាផលវិបាកដែលបន្ថែមលើទឹក ដែលហៀរពីទន្លេមេគង្គមក។ វាពិតធ្ងន់ធ្ងរណាស់ ដែលធ្វើឱ្យប្រឡាយចាស់ជាច្រើនត្រូវបានខូចខាត រារាំងអ្នកភូមិក្នុងការទទួលបានទឹកផឹក និងប្រព័ន្ធធារាសាស្រ្តពីអាងស្តុកទឹក។ ក្នុងរដូវដាំដុះ សីតុណ្ហភាពកាន់តែខ្ពស់ និងកង្វះទឹកភ្លៀង បាននាំឱ្យមានគ្រោះរាំងស្ងួតខ្លាំង ពោលគឺគ្មានទឹកស្រោចស្រពគ្រប់គ្រាន់ ធ្វើឱ្យកសិករពិបាកដាំដុះដើម្បីចិញ្ចឹមជីវិត។

យោងតាមទិន្នន័យមន្ទីរកសិកម្មខេត្ត នៅឆ្នាំ២០១៨ ផ្ទៃដី២៧.០០០ ហិកតានៅខេត្តព្រៃវែងត្រូវបានខូចខាតដោយទឹកជំនន់ និង២៩.០០០ហិកតាទៀត បានរងគ្រោះរាំងស្ងួតដែលនាំឱ្យដល់ការខាតបង់ ប្រមាណ១៦លានដុល្លារ។

នៅឆ្នាំ ២០២០ ទឹកជំនន់បានបង្កផលប៉ះពាល់ ដល់រាជធានីខេត្តចំនួន១៩ ក្នុងចំណោមរាជធានីខេត្តទាំង២៥ របស់កម្ពុជាដោយបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនប្រភេទ។

ការព្យាករណ៍បានបង្ហាញថា នៅត្រឹមឆ្នាំ ២០៣៩ រដ្ឋាភិបាលបានឲ្យដឹងថា នឹងមានការកើនឡើង ១២,៦% នៃបរិមាណទឹកភ្លៀងប្រចាំឆ្នាំ នៅរដូវវស្សាបើប្រៀបធៀបនឹងតួលេខពីឆ្នាំ ១៩៨៦-២០០៥ ។ នេះមិនមែនជាដំណឹងល្អនោះទេ សម្រាប់ខេត្តព្រៃវែងដែលស្ថិតនៅតំបន់ទំនាប ដែលស្ថិតនៅជាប់ទន្លេធំបំផុតពីរក្នុងប្រទេសកម្ពុជា គឺទន្លេមេគង្គនិងទន្លេបាសាក់។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន លោក ទិន ពន្លក បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុជះឥទ្ធិពលដល់កម្រិត និងបរិមាណទឹកភ្លៀង សីតុណ្ហភាព និងការកើនឡើង កម្រិតទឹកសមុទ្រ។ ផលវិបាករបស់វាគឺទាកទងនឹងទឹក ដែលមាន ហើយនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់យើង”។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍវិស័យកសិកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងជួយប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកម្មវិធីយុទ្ធសាស្ត្រ សម្រាប់ភាពធន់នឹងអាកាសធាតុ (Strategic Program for Climate Resilience) ចំនួន៥៨៨លានដុល្លារ ដែលជាគម្រោងវិនិយោគអនុម័តដោយរដ្ឋាភិបាល និងឧបត្ថម្ភថវិកា ដោយកម្មវិធីសាកល្បងសម្រាប់ភាពធន់ នឹងអាកាសធាតុរបស់មូលនិធិវិនិយោគអាកាសធាតុ (Climate Investment Funds) ។

ADB គ្រប់គ្រងកម្មវិធីនេះ ដែលរួមមានគម្រោងវិនិយោគចំនួន៧ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង និងពង្រឹងការអភិវឌ្ឍវិស័យកសិកម្ម រួមទាំងប្រព័ន្ធធារាសាស្រ្ត ការបណ្ដុះគ្រាប់ពូជ និងសកម្មភាពក្រោយពេលប្រមូលផល។ វាក៏រួមបញ្ចូលផងដែរ នូវកម្មវិធីជំនួយបច្ចេកទេសចំនួន១១ លានដុល្លារដែលបានបញ្ចប់ក្នុងខែមិថុនាឆ្នាំ ២០២១ ព្រមទាំងបង្ហាញពីវិធីសាស្រ្ត ដែលរាជរដ្ឋាភិបាលអាចយកទៅអនុវត្ត ដើម្បីបញ្ចូលភាពធន់នឹងអាកាសធាតុ ទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍។

កម្មវិធីនេះបាននាំឱ្យមានការបង្កើតបទប្បញ្ញត្តិ សេចក្តីណែនាំបច្ចេកទេស និងតម្រូ​វការផ្នែកច្បាប់ថ្មីៗស្តីពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលឆ្លើយតបជាក់ស្តែងទៅនឹងតំបន់ភូមិសាស្ត្រខុសគ្នាទាំង៣ របស់ប្រទេសកម្ពុជា គឺតំបន់ឆ្នេរ តំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាល។

លោក Srinivasan Ancha អ្នកជំនាញជាន់ខ្ពស់ផ្នែកផ្លាស់ប្តូរអាកាសធាតុនៅ ADB ដែលគ្រប់គ្រងកម្មវិធីSPCR បានមានប្រសាសន៍ថា កម្មវិធីនេះកំពុងជួយផ្តល់អំណា​ចដល់ក្រុមងាយរងគ្រោះ ក្នុងប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកា​សធាតុ។

លោកបន្តថា “វិស័យកសិកម្មមិនត្រឹមតែជាវិស័យ ដែលងាយរងគ្រោះបំផុតនោះទេ ប៉ុន្តែវិស័យនេះ ក៏គាំទ្រដល់ក្រុមដែលងាយរងគ្រោះបំផុត រួមទាំងស្ត្រី និងជនក្រីក្រនៅតាមជនបទ”។ លោកបន្តថា “កម្មវិធីនេះជួយប្រជាពលរដ្ឋនៅតាមជនបទ បង្កើតវិធីសាស្រ្តជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយពង្រឹងបណ្តាញសុវត្ថិភាព និងសន្តិសុខសម្រាប់ពលរដ្ឋងាយរងគ្រោះ”។

ជាឧទាហរណ៍ កម្មវិធី SPCR បានជួយកែលម្អប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំនៅជិតក្រុងពោធិ៍សាត់ ដោយសាងសង់របាំង ដើម្បីគ្រប់គ្រងលំហូរទឹកនៅក្នុងទន្លេពោធិ៍សាត់ និងកាត់បន្ថយការជន់លិច ព្រមទាំងកសាងប្រឡាយមេប្រវែង១៦,៥ ម៉ែត្រប្រព័ន្ធ ធារាសាស្រ្តបន្ទាប់បន្សំដែលនាំទឹកចូល ស្រែ និងអគារចំនួន ២៩ នៅតាមប្រឡាយមេនេះ។

គម្រោងមួយទៀតនេះកម្មវិធី SPCR ហៅថា កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវអង្ករដែលធន់នឹងអាកាសធាតុ បានជួយកសិករនៅខេត្តព្រៃវែង បាត់ដំបង និងកំពង់ធំ អនុវត្តបច្ចេកវិទ្យាទំនើប ដើម្បីកែលម្អផលិតភាពកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

បច្ចេកវិទ្យាច្នៃប្រឌិតថ្មីមួយ ដែលត្រូវបានបង្ហាញដោយគម្រោងនេះ រួមមាន ការប្រើឡាស៊ែរវាស់កម្រិតដី។ ឧបករណ៍វាស់កម្រិតដីដោយឡាស៊ែរនេះ ធ្វើឱ្យដីរាបស្មើល្អ។ នោះមានន័យថាបរិមាណទឹក និងជីដូចៗគ្នា អាចត្រូវបានប្រើនៅគ្រប់ទីកន្លែង ក្នុងស្រែ ដែលនាំដល់ការកាត់បន្ថយការចំណាយ និងបង្កើនទិន្នផលស្រូវ។

ជាលទ្ធផលលោក ប៉ុល អ៊ំ ជាកសិករនៅស្រុកកំពង់ត្របែកបានមានប្រសាសន៍ថា ទិន្នផលអង្ករពីផ្ទៃដីកន្លះហិកតា បានកើនឡើងពី២០ មកជាង២៩បាវ ខណៈដែលមានការកាត់បន្ថយការប្រើប្រាស់សាំងផងដែរ។

កម្មវិធីនេះបានជួយបង្កើនទិន្នផលស្រូវ ២៥% ដោយផ្តល់លទ្ធភាពដល់កសិករក្នុងការទទួលបាន គ្រាប់ពូជដែលមានគុណភាព បង្រៀនពួកគាត់ពីបច្ចេកទេសសម្ងួត និងការរក្សាទុក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពធន់ នៃពូជស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ។ វាបានជួយបង្កើនផលិតកម្មស្រូវដល់៩.៥លានតោននៅឆ្នាំ ២០២០ កើនឡើងពី៨លានតោនក្នុងឆ្នាំ ២០១២។

លោកស្រី ថន សុម៉ាលី មកពីឃុំព្រែកចង្ក្រានបានរៀនពីរបៀបដាំ ប្រមូលផល រក្សាទុក និងដឹកជញ្ជូនគ្រាប់ពូជ ដែលមានគុណភាព ដើម្បីទទួលបានតម្លៃខ្ពស់។ លោកស្រីជាអ្នកសម្របសម្រួលកសិករចំនួន៣០នាក់ ក្នុងកិច្ចសហការជាមួយ សហករណ៍កសិកម្មបូព៌ាសែនជ័យ ដែលប្រមូលទិញប្រភេទស្រូវធន់នឹងអាកាសធាតុ ដើម្បីសម្ងួត សម្អាត និងលក់ វានៅទីផ្សារ។

ប្រឡាយដែលដំណើរការល្អ នាំឱ្យមានដំណាំចម្រុះនៅឃុំរំចេក ដែលគ្រោះរាំងស្ងួតបានធ្វើឱ្យរដូវដាំដុះ មានរយៈពេលខ្លីត្រឹមតែពីរទៅបីខែ អ្នកស្រុកបានទទួលអត្ថប្រយោជន៍ ពីជំនួយបច្ចេកទេសនៃកម្មវិធី SPCR ដែលបង្ហាញពីវិធីសាស្រ្តដែលរាជរដ្ឋាភិបាលអាចយក ទៅអនុវត្តដើម្បីបញ្ចូលភាពធន់នឹងអាកាសធាតុ ទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍។

ឧទាហរណ៍ គម្រោងបង្ហាញដែលប្រើថវិកា៣០.៥៣៥ ដុល្លារ បានស្តារប្រឡាយប្រវែង១.០៥០ ម៉ែត្រ។ ប្រឡាយ ដែលកាលពីមុនរាក់ពេកមិនអាចផ្ទុកទឹកត្រូវបាន កែលម្អដោយបំពាក់លូធំថ្មីពីរ។ ជម្រាលរបស់វាត្រូវបានការពារដោយដុំថ្មតំរៀបគ្នា ដែលចងការពារដោយខ្សែដែក។ គម្រោងនេះ ដែលនឹងត្រូវអនុវត្តបន្ត ដោយរាជរដ្ឋាភិបាលនិងសហគមន៍ សម្រាប់ប្រឡាយប្រវែងសរុប៣.៥ គីឡូម៉ែត្រ នឹងជួយភ្ជាប់ឃុំរំចេកទៅអាងស្តុកទឹកដែលមានចំងាយ៣គីឡូម៉ែត្រពីឃុំ។

លោកស្រី ជិន គួងបានសម្តែងសុទិដ្ឋិនិយមថា ប្រឡាយនេះនឹងធ្វើឱ្យជីវភាពរបស់គាត់ប្រសើរឡើង។ អង្គុយជាស្ត្រីមួយក្រុម លោកស្រីបានមានប្រសាសន៍ថា  គ្រោះរាំងស្ងួតបានធ្វើឱ្យជីវភាពគ្រួសារគាត់ពិបាក ហើយស្វាមីរបស់គាត់ត្រូវចេញក្រៅ ដើម្បីរកការ​ងារសំណង់ធ្វើដោះស្រាយជីវភាព។ ដោយគ្មានអណ្តូងក្នុងភូមិ គាត់ត្រូវធ្វើដំណើរឆ្ងាយដើម្បីដងទឹកមកប្រើប្រាស់។ ប៉ុន្តែនៅពេលមានភ្លៀងធ្លាក់ផ្លូវជាប់ប្រឡាយ កាលពីមុនមានភក់រអិលស្ទើរតែមិនអាចធ្វើដំណើរបាន។

 

 

បន្ទាប់ពីស្តារប្រឡាយនិងធ្វើផ្លូវរួច ផ្លូវនេះនឹងមិនងាយលិចទឹក បង្កជាភក់រអិលទៀតទេ។ តាមការឱ្យដឹងពីលោក ចៀប សំអាត ដែលជាទីប្រឹក្សាគម្រោង លោកស្រីគួងក៏ដូចជាពលរដ្ឋពី២០០គ្រួសារផ្សេងទៀត ក៏បានចូលរួមជាមួយគម្រោងស្តារប្រឡាយនេះដែរ។ ដូច្នេះគាត់នឹងបានរៀនពីរបៀបជ្រើសរើស និងដាំពូជស្រូវធន់នឹងគ្រោះរាំងស្ងួតប្រហែល១០ប្រភេទ ដែលត្រូវការទឹកតិចដើម្បីដាំដុះ។ ពួកគាត់ក៏នឹងរៀនពីរបៀបដាំឱឡឹកនិងដំណាំផ្សេងទៀតដែលផ្តល់ទិន្នផលខ្ពស់។

លោកស្រីគួងបន្ថែមទៀតថា “ប្រឡាយគឺស្រស់ស្អាត។ ពេលប្រឡាយនេះយើងក៏មានផ្លូវស្អាតអមវាដែរ។ វានឹងងាយស្រួលក្នុងការធ្វើដំណើរហើយយើង ក៏មានទឹកស្រោចដំណាំ។ ខ្ញុំអាចដាំដំណាំបានច្រើន និងគ្រប់គ្រាន់សម្រាប់បរិភោគក្នុងគ្រួសារ”៕

ផ្លូវជាតិនៅខេត្តចំនូន៩កំពុងត្រូវបានថែរទាំ ជួសជុលដោយមន្ទីរសាធារណៈការខេត្ត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត ត្រូវបានបង្កើនការយកចិត្តទុកដាក់ថែទាំ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនឆ្លងកាត់ និងជួយធ្វើឱ្យការប្រើប្រាស់បានយូរ។

យោងតាមព៌តមានដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅថ្ងៃទី ២៣-២៦ ខែ សីហា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប រតនគីរី កែប ត្បូងឃ្មុំ ក្រចេះ និងខេត្តកោះកុង បានបន្តខិតខំយកចិត្តទុកដាក់ ចុះត្រួតពិនិត្យថែរទាំ គុណភាពផ្លូវថ្នល់ជាតិ លើកំណាត់ផ្លូវជាតិលេខ៥ លេខ៦ លេខ៨ លេខ៣៣ លេខ៤៨ លេខ៧៣ លេខ៥៦ លេខ៥៧ លេខ៦៧ លេខ៦៨ លេខ៧៣ លេខ៦៤ លេខ៧៨ លេខ៤៨-៥ លេខ៣៣A និងផ្លូវថ្នល់ជាច្រើនខ្សែផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។

ជាមួយនោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា។

ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យើង អាចប្រើប្រាស់បានយូរអង្វែង៕

ភោជនីយដ្ឋានមាន់បំពងរបស់កូរ៉េBONCHON ប្រកាសពង្រីកទីផ្សារថ្មីៗនៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ភោជនីយដ្ឋានអន្តរជាតិ Bonchon ដែលល្បីខាងមុខម្ហូបមាន់បំពងកូរ៉េ ដ៏មានឱជារសឈ្ងុយឆ្ងាញ់ បានប្រកាសចុះកិច្ចព្រមព្រៀងលក់ហ្វ្រែនឆាយ (សិទ្ធិអាជីវកម្មបន្ត) ប្រចាំត្រីមាសជាបន្តបន្ទាប់នៅក្រៅប្រទេស ជាមួយនឹងគម្រោងពង្រីកសាខាបន្ថែមនៅប្រទេសកម្ពុជា។

យោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី២៦ សីហា ឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងលក់ហ្វ្រែនឆាយនេះ រួមទាំងកិច្ចព្រមព្រៀងថ្មីៗជាច្រើន ទីតាំងនៅរដ្ឋ Ohio និងរដ្ឋ Michigan សហរដ្ឋអាមេរិកផងដែរ។

ម៉ាកយីហោ ឬប៊្រែនភោជនីយដ្ឋាន ដែលរីកចម្រើនយ៉ាងឆាប់រហ័សខាងលើនេះ ទាក់ទាញបានដៃគូហ្វ្រែនឆាយថ្មីៗជាច្រើន គួរឱ្យកត់សម្គាល់នៅសហរដ្ឋអាមេរិក ដោយ​សារ Bonchon បន្តទទួលបានជោគជ័យ និងការដាក់ចេញគំរូចម្អិនអាហារបែបថ្មីកាលពីដើមឆ្នាំនេះ។

អនុប្រធានរបស់ Bonchon លោកGreg Buchanan បានលើកឡើងថា “Bonchon បានដាក់ចេញផែនការកំណើនដ៏មោះមុតមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរួមបញ្ចូលទាំងគំរូចម្អិនអាហារបែបថ្មីរបស់យើងផងដែរ។ បណ្ដាដៃគូ   ហ្វ្រែនឆាយរបស់យើង មើលឃើញប្រសិទ្ធភាព និងលទ្ធភាពផ្ដល់ប្រាក់ចំណេញនៅក្នុងខន់សិបនេះ ហើយគំរូថ្មីនេះកំពុងទទួលបានការគាំទ្រកាន់តែច្រើនឡើង”។

ភោជនីយដ្ឋានមាន់បំពង BONCHON ត្រូវបានបង្កើតឡើងនៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០០២ និងនាំចេញទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦។ បច្ចុប្បន្ន ភោជនីយដ្ឋានមាន់បំពងអន្តរជាតិនេះ មានជាង១១០សាខានៅសហរដ្ឋអាមេរិក ហើយមានជាង៣៧០សាខា នៅទូទាំងពិភពលោក រួមមាន ប្រទេសថៃ ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជាផងដែរ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ Bonchon Cambodia បង្ហាញថា ភោជ​នីយដ្ឋានមាន់បំពងអន្តរជាតិ Bonchon មានសាខាមិនក្រោម១០សាខាឡើយ នៅប្រទេសកម្ពុជា ដូចជាសាខាភ្នំពេញ ស៊ិនធ័រ សាខាបឹងកេងកងទី១ សាខាមាត់ទន្លេ សាខា IFL សាខាផ្សារ TK សាខា Aeon សែនសុខ សាខា Exchange Square សាខា Olympia Mall និងសាខា Attwood ជាដើម៕

រដ្ឋាភិបាលអនុម័តគំរោងចំនួន៨៧ជាមួយទឹកប្រាក់ជាង២៩០០លានដុល្លារ ក្នុងឆមាសទី១

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តទុនវិនិយោគចំនួន៨៧គំរោង ជាមួយទំហំទឹកប្រាក់ជាង២៩០០លានដុល្លារអាមេរិក កើនឡើងជិត១២ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នៅនៅឆមាសទី១ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៨៧គម្រោង បានធ្លាក់ចុះ៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ក្នុងនោះបើពិនិត្យលើទុនវិនិយោគសរុប មានចំនួនជាង២៩០០លានដុល្លារ កើនឡើងជិត១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ទោះបីកម្ពុជាមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែទំហំនៃការនាំចេញរបស់យើងបានកើនឡើង ពិសេសយើងឃើញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគជាច្រើន ដែល​វាជាសញ្ញាវិជ្ជមានមួយសំរាប់សេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា ការដែលកម្ពុជាទទួលបានឱកាសវិនិយោគនេះ កត្តាចម្បង គឺកើតចេញពីស្ថិរភាពនយោបាយ ការជំរុញការចាក់វ៉ាក់សាំងបានលឿន និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ ការទទួលបានភាពអនុគ្រោះពន្ធGSP និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ​រីជាមួ​យចិន និងឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយជាមួយប្រទេកូរ៉េ ជាដើម ដែលកត្តាទាំងនេះ ធ្វើឲ្យវិនិយោគិន កំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា៕

 

 

បុរីប៉េង ហួតចេញគំរោងថ្មីដោយផ្តល់នូវឱកាសចំណេញ១ម៉ឺនដុល្លារភ្លាមៗ លើគម្រោងស្ថិតលើដងវិថីពាណិជ្ជកម្មតាមបណ្តោយផ្លូវជាតិលេខ១

ដោយៈសហការី

ភ្នំពេញៈ កក់ថ្ងៃនេះ ចំណេញ១ម៉ឺនដុល្លារភ្លាមៗ លើគម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីសន្លាងបែបអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម ខេភីថល វ័ន ដ៏លេចធ្លោមួយរបស់ បុរី ប៉េង ហួត ដែលការផ្តល់ជូននេះ នៅសល់តែរយៈពេលត្រឹមតែ5 ថ្ងៃទៀតតែប៉ុណ្ណោះ។

ក្រៅពីការចំណេញ១ម៉ឺនដុល្លារខាងលើ លោក អ្នកក៏នឹងទទួលបានកាដូសុខភាព ជាឈុតកង់ដ៏ស្រស់ស្អាត ម៉ាកGiantភ្លាមៗ ជាមួយនឹងគោលការណ៍កាន់តែមានភាពងាយស្រួល ជាមួយជម្រើសធនាគារដៃគូសហការថែមទៀតផង។

គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំសហគមន៍ទំនើបចម្រុះ រួមបញ្ចូលទាំងគម្រោងលំនៅឋាន និងគម្រោងពាណិជ្ជកម្មរួម ដែលមានសក្តានុពលសម្រាប់ការប្រកបអាជីវកម្ម និងជាទីតាំងពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត នឹងធ្វើឲ្យគម្រោងនេះក្លាយជាស្នូល នៃការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារ ដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម ទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង​ ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់តែម្តង។

គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មី​ដ៏សំខាន់មួយទៀត ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់  មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថីអេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង២គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ ​និងផ្លូវរត់ Marathon ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុប មានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន បានអភិវឌ្ឍឡើងជាមួយហ្សបហោស៍ប្រភេទថ្មីសុទ្ធសាធ ដែលមានទំហំ៤,5គុណនឹង១៤ម៉ែត្រ កម្ពស់៣ជាន់ បែងចែកចេញជា៤បន្ទប់គេង ៥បន្ទប់ទឹក បរិវេណចម្អិនអាហារ និងបរិវេណសម្រាប់ប្រកបអាជីវកម្ម និងទទួលភ្ញៀវ ដែលស័ក្តិសមឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុបដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ ផាសុកភាពក្នុងការរស់នៅ និងប្រកបអាជីវកម្ម។

គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ​ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបរិស្ថានបៃតងស្រស់ ព្រមទាំងបណ្តុំពាណិជ្ជកម្ម និងអាជីវកម្មខ្នាតតូច-ធំគ្រប់ប្រភេទ ស្ថិតក្នុងបណ្តុំសហគមន៍អភិវឌ្ឍទំនើបចម្រុះបែបនេះ អតិថិជនប្រាកដជាទទួលបាននូវបទពិ​សោធន៍  នៃការរស់នៅ​ដ៏អស្ចារ្យ ជាមួយគម្រោង ដឹស្តាផ្លាទីនីម ខេភីថល វ័ន ប្រកបដោយភាពស៊ីវិល័យ ឧត្តមភាព សុវត្ថិភាព សុខុមាលភាព និងសុភមង្គលក្នុងក្រុមគ្រួសារ​ ដែលនឹងធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុកFacebook:www.facebook.com/boreypenghuoth។ VDO: https://youtu.be/iihZDvUFd1o       ៕

 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងតំបន់ ផ្ដល់ឱកាសឱ្យកម្ពុជាអាច ទាក់ទាញវិនិយោគិនថ្មីៗ

ដោយៈតារា

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កម្ពុជានឹងមានឱកាសជាច្រើន ក្នុងការចាប់យកវិនិយោគិនថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបានពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការទទួលបានភាពអនុគ្រោះពន្ធ GSP ជាពិសេសកម្ពុជាមានប្រាក់ឈ្មួលពលកម្មទាប ដែលនឹងអាចឆក់ស្រូបបង្កើនល្បឿននៃការវិនិយោគកាន់តែខ្លាំងក្លា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានមាន​ប្រសាសន៍បានឱ្យកាលពីព្រឹកថ្ងៃទី២៦ សីហាកន្លងមកថា នៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ នេះ កម្ពុជា នៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើនបន្តបន្ទាប់ ទោះបីចំនួននេះអាចថមថយតិចតូចក៏ដោយ តែកម្ពុជានៅតែមានឱកាសក្នុងការទាក់ទាញ និងការចាប់យកវិនិយោគិនថ្មីៗបន្ថែមជាច្រើនទៀត ជាពិសេសវិស័យទេសចរណ៍ ដូចជាការបង្កើតនូវតំបន់ទេសចរណ៍នានា និងការបង្កើតរោងចក្រឧស្សាហកម្មផ្សេងៗជាដើម ព្រោះកម្ពុជាមានប្រាក់ឈ្មួលពលកម្មទាប បើធៀបទៅនឹងបណ្តាប្រទេសនានាលើពិភពលោក។

លោកបណ្ឌិតបានបន្តថា “ក្រៅពីការជំរុញភាពទាក់ទាញអ្នកវិនិយោគ កម្ពុជានឹងអាចឈានធ្វើពិពិធកម្ម ប្រែក្លាយវិស័យសក្តានុពលជាច្រើន ដូចជាការប្រែក្លាយវិស័យកសិ​កម្ម ទៅកសិ-ឧស្សាហកម្ម ការប្តូរផ្លាស់ពីសិប្បកម្ម ទៅជាឧស្សាហកម្ម និងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកាត់ដេរ ទៅប្រើប្រាស់គ្រឿងអេឡិចត្រូនិក ជាដើម”។

ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បនាលើកឡើងដែរថា ការដែលកម្ពុជាទទួលបានឱកាសវិនិយោគនេះ កត្តាចម្បង គឺកើតចេញពីស្ថិរភាពនយោបាយ ការជំរុញការចាក់វ៉ាក់សាំងបានលឿន និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ ការទទួលបានភាពអនុគ្រោះពន្ធGSP និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួ​យចិន និងឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយជាមួយប្រទេកូរ៉េ ជាដើម ដែលកត្តាទាំងនេះ ធ្វើឲ្យវិនិយោគិន កំពុងសម្លឹងមើល ឱកាសវិនិយោគនៅកម្ពុជា។

នៅឆមាសទី១ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៨៧គម្រោង បានធ្លាក់ចុះ៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ក្នុងនោះបើពិនិត្យលើទុនវិនិយោគសរុប មានចំនួនជាង២៩០០លានដុល្លារ កើនឡើងជិត១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន៕

វិធានការតឹងរ៉ឹងលើវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្វើប៉ះពាល់ ដល់ទីផ្សារឥណទាន

ដោយៈសុជាតា

ប្រទេសចិនៈ ការរឹតបណ្តឹងរបស់ប្រទេសចិន ចំពោះអ្នកអភិវឌ្ឍអចលនទ្រព្យពីការខ្ចីលើសលុប បានធ្លាក់ចុះទៅកាន់កម្ចីខូចចំពោះធនាគារ និង ធ្វើអោយឈឺចាប់ដល់ទីផ្សារឥណទាន ស្របពេលអ្នកសាងសង់ត្រូវប្រឈមមុខ នឹងហានិភ័យនៃឆ្លាក់ចុះសេដ្ឋកិច្ច។

កត្តាបំណុល ការរឹតបន្តឹងការទិញដី និងវិធានការថ្មី បានប៉ះពាល់ដល់អភិវឌ្ឍសំណ​ង់ច្រើនជាងយើងគិតទុក ដោយប្រឈមមុខនឹងការលក់ទ្រព្យសម្បត្តិ ក្ស័យធន និងបាត់​បង់ប្រាក់ចំណេញ។

និយ័តករប្រទេសចិនបានជំរុញនៅឆ្នាំនេះ ក្នុងការកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យនៅវិស័យអចលនទ្រព្យ វិធានការគ្រប់គ្រងអ៊ីនធឺណែត និង វិស័យអប់រំ ដែលមិនត្រូវប្រកាសអោយដឹង។

លោក Xing Zhaopeng  អ្នកយុទ្ធសាស្រ្តចិននៅធនាគារ ANZ បានលើកឡើងថា រដ្ឋាភិបាលបានកំពុងសាងសង់ នូវភាពដាច់ដោយឡែកជាលំដាប់រវាងសេដ្ឋកិច្ចចិន និងវិស័យអចលនទ្រព្យដោយកាតបន្ថយសារៈប្រយោជន៍របស់វា។

លោកបន្ថែមទៀត ដើមទុនគឺត្រូវបំលែងទៅកាន់ផ្នែកបច្ចេកវិទ្យា និងតំបន់ផ្សេងទៀត។ អ្វីដែលយើងមើលឃើញ រូបភាពនៃអចលនទ្រព្យបានធ្លាក់ចុះនៅឆ្នាំនេះ ។កម្ចីធនាគារ បានត្រឡប់ទៅជាអាក្រក់ ហើយតម្លៃអចលទ្រព្យកើនឡើង ជាមួយនឹងបំណុលអាក្រក់នៅវិស័យអចលនទ្រព្យ កើនឡើងត្រីគុណសម្រាប់ធនាគារ Ping An  នៅទីក្រុង Shenzen ។

នៅឆមាសទី១ នឹងកើនឡើង៥៣.៥ភាគរយ នៅធនាគារJinzhou និង២៥.៨ ភាគរយនៅទីក្រុង សៀងហៃ។ តុលាការបានកត់ត្រាទុកប្រហែល២២០នៃគំរោងអចលទ្រព្យ បានប្រកាសក្ស័យធននៅឆ្នាំនេះ ដែលអត្រាទាបជាងតិចតួចប្រមាណ៣៩០បណ្តឹងនៅឆ្នាំ ២០២០។

លោក Ting Lu ប្រធានសេដ្ឋកិច្ចចិន បានលើកឡើងថា ទីផ្សារបគឺជួបបញ្ហាធ្លាក់ចុះជាងរំពឹងទុក ព្រមទាំងកម្ចី និងសញ្ញាបណ្ណបានធ្លាក់ចុះ និងទីផ្សារភាគហ៊ុន ជូបបញ្ហាចលាចល។

នៅដំណាក់កាលនេះ វាអាចជាដំណាក់កាល Volcker  របស់ប្រទេសចិនដោយពិចារណាពីការកំណត់របស់រដ្ឋាភិបាលចិន ក្នុងការរឹតបណ្តឹងគោលនយោបាយអចលនទ្រព្យ និងទប់ស្កាត់តម្លៃអចលនទ្រព្យ។ ដែលនេះសំដៅដល់ ប្រធានសហព័ន្ធសហរដ្ឋអាមេរិចPaul Vocker ដែលកំណត់អត្រាការប្រាក់ឡើងខ្ពស់ ពេលមានវិបត្តិ ឆ្នាំ១៩៧០ និង ដើមទសវត្ស ១៩៨០ ប៉ុន្តែអាចគ្រប់គ្រងអតិផរណាបាន៕

ត្រឹមតែ៧ខែ វិស័យឧស្សាហកម្មរបស់អារ៉ាប៊ីសាអូឌីត ទាក់ទាញការវិនិយោគបានរហូតដល់១៨,៧ពាន់លានដុល្លារ

ដោយ សុខុម

ក្រុងរីយ៉ាដ: វិស័យឧស្សាហកម្មនៃប្រទេសអារ៉ាប៊ីសាអូឌីត ទាក់ទាញការវិនិយោគគិតជាទឹកប្រាក់បានរហូតដល់ទៅ១៨.៧ពាន់លានដុល្លារអាមេរិក ចាប់ពីដើមឆ្នាំ២០២១ រហូតដល់ដំណាច់ខែកក្កដា។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី២៥ សីហា។

លោក Bandar Alkhorayef រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម Twitter ថា “កំណើននៃការវិនិយោគនេះសរបង្ហាញពីការគាំទ្រចំពោះថ្នាក់ដឹកនាំដ៏ឆ្លៀសវៃ និងការវិវឌ្ឍផ្នែកឧស្សាហកម្មនៅក្នុងព្រះរាជាណាចក្រមួយនេះ។ វាជាយុគសម័យមាសសម្រាប់ឧស្សាហកម្ម និងជាសូចនាករដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃវិស័យនេះ និងសមត្ថភាពរបស់វានៅក្នុងការទាក់ទាញទុនវិនិយោគ”។

សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយចេញដោយក្រសួងឧស្សាហកម្ម និងធនធានរ៉ែ អះអាងថា ខ្លួនបានអនុម័តគម្រោងសាងសង់រោងចក្រថ្មីៗចំនួន៤៨គម្រោងក្នុងខែកក្កដា ជាមួយនឹងទុនវិនិយោគសរុប១៣,៣៣ពាន់លានដុល្លារអាមេរិក ចំណែកឯគម្រោងឧស្សាហកម្មថ្មីៗដែលបានដំណើរការឈានដល់ចំនួន៧៨គម្រោង។

ចំនួនពលរដ្ឋអារ៉ាប៊ីសាអូឌីត ដែលធ្វើការក្នុងវិស័យឧស្សាហកម្មក្នុងព្រះរាជាណាចក្រមួយនេះបានកើនឡើងចំនួន១.១០១នាក់ ចំណែកឯជនបរទេសដែលធ្វើការក្នុងវិស័យនេះកើនឡើង១.៨៣០នាក់នៅខែកក្កដា ឆ្នាំ២០២១។

ទិន្នន័យផ្លូវការបង្ហាញថា ចំនួនសរុបនៃគម្រោងឧស្សាហកម្មក្នុងប្រទេសនេះមានចំនួន១០.១៦៦គម្រោងនៅពេលនេះជាមួយនឹងការវិនិយោគរហូតដល់ទៅជាង៣៤៦ពាន់លានដុល្លារអាមេរិក៕

តើលំហូរសាច់ប្រាក់ជាអ្វី និងធ្វើបែបណាឲ្យមានលំហូរសាច់ប្រាក់ល្អ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាទូទៅ នៅក្នុងអាជីវកម្មនីមួយៗគេច្រើន តែងផ្តោតទៅលើប្រាក់ចំណូលដែលទទួលបានពីការធ្វើអាជីវកម្ម ដែលខ្លះពុំសូវបានគិត ទៅលើលំហូរសាច់ប្រាក់ជាអ្វីនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏មិនទាន់ស្គាល់ច្បាស់ពីលំហូរសាច់ប្រាក់ ដែលកើតមានឡើងនៅក្នុងអាជីវកម្មរបស់គេផងដែរ។

ជាក់ស្តែង លំហូរសាច់ប្រាក់គឺជាចំនួនសុទ្ធនៃសាច់ប្រាក់ និងសមមូលរបស់សាច់ប្រាក់ដែលត្រូវបានផ្ទេរទៅក្នុង និងក្រៅអាជីវកម្ម។ វាក៏ជាចលនានៃការឡើងចុះរបស់សាច់ប្រាក់តាមទំរង់ជាច្រើនរួមមាន ការត្រួតពិនិត្យ ការផ្ទេរប្រាក់ និងការទូទាត់តាមប័ណ្ណឥណទានជាក់លាក់ទៅក្នុង និងក្រៅអាជីវកម្ម។ លំហូរសាច់ប្រាក់ជាទូទៅ ប្រែប្រួលនៅក្នុងកំឡុងពេលគណនេយ្យ ដែលបានផ្តល់ឱ្យណាមួយ ដែលជាទូទៅនៅក្នុងរយៈពេលមួយខែ មួយត្រីមាស ឬមួយឆ្នាំ ហើយអាចមានលក្ខណៈវិជ្ជមាន ឬអវិជ្ជមាននៅពេលណាមួយដូចគ្នា។

ចំពោះលំហូរសាច់ប្រាក់វិជ្ជមានបានបង្ហាញថា ក្រុមហ៊ុនមួយកំពុងបន្ថែមទុនបម្រុងសាច់ប្រាក់របស់ខ្លួន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទូទាត់ ប្រាក់ទៅម្ចាស់ភាគហ៊ុន ឬការទូទា​ត់បំណុលណាមួយនាពេលអនាគត។ ប៉ុន្តែប្រសិនជាលំហូរសាច់ប្រាក់ មានភាពអវិជ្ជមានវិញនោះ អាចបញ្ជាក់អោយឃើញ ពីការគ្រប់គ្រងអាជីវកម្មមិនមានប្រសិទ្ធភាព ទៅលើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។

នៅកម្រិតមូលដ្ឋានបំផុត សមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបង្កើតតម្លៃទៅដល់ម្ចាស់ភាគហ៊ុន ត្រូវបានកំណត់ដោយសមត្ថភាពរបស់ខ្លួន ក្នុងការបង្កើតលំហូរសាច់ប្រាក់វិជ្ជមាន ឬជាពិសេសជាងនេះទៅទៀត គឺការបង្កើនលំហូរសាច់ប្រាក់ ដោយឥតគិតថ្លៃនៅក្នុងរយៈពេលវែង៕

បណ្ឌិតតាន់ មុនីវណ្ណៈ បរិបទកូវីដ គ្មានវិស័យណាគេចផុតពីវិបត្តិឡើយ

ដោយៈលក្ខិណា

ភ្នំពេញៈ ជំងឺកូវីដ១៩ដែលត្រូវបានចាត់ទុកថា ជាជំងឺសកលនៅតែបន្តជះផលប៉ះពាល់ដល់បណ្ដាវិស័យ និងសេដ្ឋកិច្ច នៃប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក ក្នុងប្រទេសកម្ពុជា ក៏បានជួបប្រទះនឹងការរីករាលនៃជងឺនេះដែរ។

លោកបណ្ឌិតតាន់ មុនីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុបបានមានប្រសា​សន៍នៅក្នុងកិច្ចពិភាក្សាមួយ រៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ សីហា២០២១ថា បរិបទកូវីដ១៩នេះ គ្មានវិស័យណាមួយគេចផុតពីវិបត្តិឡើយ។

លោកបណ្ឌិតបន្តថា “បើនិយាយជំងឺកូវីដ១៩ គ្មានអ្នកណាម្នាក់គេចផុតថា មិនប៉ះពាល់នោះទេ មិនថាអ្នកធ្វើអាជីវកម្មឬអ្នកមិនមានអាជីវកម្ម ។អ្នកមានអាជីវកម្មគឺប៉ះពាល់ទៅលើមុខរបររកស៊ីប្រាក់ចំណូល ហើយអ្នកមិនមានអាជីវកម្ម ក៏រងផលប៉ះពាល់ទៅលើផ្លូវចិត្តដែរ”។

លោកបណ្ឌិតបន្តទៀតថា បើយើងក្រលេកទៅអាជីវកម្មទាំងអស់ គឺប៉ះពាល់ទាំងអស់តែម្ដង ហើយវិស័យធំៗចំនួន៤ដូចជាកសិកម្ម ឧស្សាហកម្ម វិស័យអចលនទ្រព្យជាពិសេសវិស័យទេសចរណ៍ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ វិស័យខ្លះប៉ះពាល់ហើយអាចរកផ្លូវចេញឃើញ និងអាចដោះស្រាយបាន តែវិស័យខ្លះទៀតពិតជា ពិបាកក្នុងការដោះស្រាយ ។

លោកបណ្ឌិតតាន់ មុនីវណ្ណបានបន្ថែមថា យើងពិនិត្យឃើញថា វិស័យធំ៣ដែលរងផលប៉ះពាល់ខ្លាំងជាងគេ នៅក្នុងបរិបទនេះ រួមមានវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យដឹកជញ្ជូន ក្នុងនោះវិស័យអចលនទ្រព្យក៏មានផលប៉ះពាល់ដែរ ប៉ុន្តែនៅអាចគ្រប់គ្រងបាន ដោយមិនធ្វើឱ្យធ្ងន់ធ្ងរខ្លាំងណាស់ទេ ។

លោវេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគម ធុរកិច្ចកម្ពុជាជប៉ុន ក៏បានឱ្យដឹងផងដែរថា សម្រាប់ជំនួញរវាងកម្ពុជា និងជប៉ុន ក៏មានផលប៉ះពាល់មួយចំនួនផងដែរ មិនថាផ្នែកទេសចរណ៍ចំណីអាហារ និងផ្សេងទៀតក៏មានផលប៉ះពាល់ទាំងអស់ តែសមាគមក៏បានដោះស្រាយដល់សមាជិករបស់ខ្លួនមួយចំនួនផងដែរ៕