ធនាគារជាតិនៃកម្ពុជាៈទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានទំហំ ២១ពាន់លានដុល្លារអាមេរិក

0

ដោយៈ សុធារី

ភ្នំពេញៈ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ ២១ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមា ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ នេះបើតាមការប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសនៃ វេទិកាប្រចាំឆ្នាំរបស់ធនាគារពិភពលោកស្តីពី ភាពជាដៃគូនៃការគ្រប់គ្រង និងប្រឹក្សាលើទុនបម្រុងអន្តរជាតិ។

វេទិកាប្រចាំឆ្នាំ ដែលបានប្រារពធ្វើកាលពីថ្ងៃទី២៦ តុលាកន្លងមកនេះ ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំធនាគារកណ្ដាល នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងមន្ត្រីជំនាញគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក្នុងគោលបំណង ផ្តល់ជាឱកាសពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោក បទពិសោធន៍នៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងទស្សនវិស័យនាពេលខាងមុខ ដោយមានការចូលរួមពីលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

វេទិកានេះបានលើកយកបទពិភាក្សា នូវប្រធានបទបច្ចុប្បន្នភាពសំខាន់ៗ រួមមាន ការកើនឡើងនៃអត្រាអតិផរណាក្នុងប្រទេសអភិវឌ្ឍន៍ ការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ ការកើនឡើងកម្រិតបំណុល ការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

អត្រាអតិផរណានៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានទស​វត្សរ៍កន្លងមក អាចនាំឱ្យធនាគារកណ្តាលអាមេរិក ផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលអាចមានឥទ្ធិពលទៅដល់ប្រទេសកំពុងលូតលាស់ ដូចជា លំហូរចេញនៃមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់ជាដើម។

ទន្ទឹមនេះ ការទប់ទល់នឹងវិបត្តិជំងឺកូវីដ-១៩ ក៏បាននាំឱ្យមានកំណើនបំណុលអង្គភាពគ្រួសារ សាជីវកម្ម និងរដ្ឋាភិបាលផងដែរ។ ចំពោះវិធានការឆ្លើយតប ប្រទេសកំពុងលូតលាស់ អាចពង្រឹងយន្តការគ្រប់គ្រងមូលធន ការពង្រឹងបណ្ដាញសុវត្តិភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុក្នុងស្រុក។ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិក៏គួរធ្វើពិពិធកម្មទាំងប្រភេទរូបិយប័ណ្ណនិងទ្រព្យសកម្ម ដើម្បីរក្សាតម្លៃទុនបម្រុងអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែ​លក្នុងនោះ មានការគ្រប់គ្រងទុនបម្រុងអន្តរជាតិផងដែរ ហើយធនាគារពិភពលោកបានផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាពជំនាញ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។

ធនា​គារជាតិនៃកម្ពុជា ក៏បានយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដោយបានវិនិយោគទុនបម្រុងមួយផ្នែក លើវិស័យដែលគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងបានបញ្ចូលESG ទៅក្នុងការណែនាំនៃការវិនិយោគ។ ចំពោះការប្រើប្រា​ស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធទូទាត់បាគង ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបាន (interoperability) ដើម្បីសម្រួលការទូទាត់ទាំងក្នុងស្រុក និងសមាហរណកម្មទៅក្នុងតំបន់។

កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់ នៃការបញ្ចូលបញ្ហាផ្លាស់ប្តូរអាកាសធាតុទៅក្នុងនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងទុនបម្រុង ដែលនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចនាំឱ្យប៉ះពាល់ដល់កំណើននិងការអភិវឌ្ឍ។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សាបានលើកឡើងពីការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជំរុញឱ្យមានការបង្កើតនូវរូបិយប័ណ្ណអេឡិចត្រូនិក ជាពិសេសផ្អែកលើបច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និងរូបិយវត្ថុអេឡិចត្រូនិករបស់ធនាគារកណ្ដាល (CBDC) ដែលកំពុងក្លាយជាជំហានថ្មីនៃការវិវត្តនៃរូបិយប័ណ្ណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here