ជនបរទេសនៅហុងកុង ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍ភាគច្រើនដែលទំនងជាចាកចេញ

ដោយៈសុខុម

ហុងកុង: ការស្ទង់មតិបង្ហាញថា ជនអន្តោប្រវេសន៍ដែលរស់នៅក្រុងហុងកុង ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍ ទូទាំងពិភពលោកដែលទំនងជាចាកចេញ ហើយទិញផ្ទះក្នុងប្រទេសកំណើតរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី២៦ សីហា។

លោកស្រី Kate Everett-Allen ប្រធានផ្នែកស្រាវជ្រាវអំពីលំនៅដ្ឋានអន្តរជាតិនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យអង់គ្លេស Knight Frank ដែលបានធ្វើការស្ទង់មតិនេះបានថ្លែងថា “ក្រុងហុងកុង ស្ថិតក្នុងចំណោមប្រទេស ឬដែនដីចំនួន១៧ដែលជនបរទេសមកពីទីនោះនិយាយថា ពួកគេបានវិលត្រលប់ចូលប្រទេសកំណើតវិញ”។

លោកស្រីបានបន្ថែមថា “សម្រាប់អ្នកខ្លះ ការចាកចេញ និងទិញផ្ទះនៅប្រទេសកំណើតគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ខណៈវិធានការបិទខ្ទប់កំពុងអនុវត្តនៅឡើយ ដោយ៦៨%ក្នុងចំណោមអ្នកទាំងនោះនិយាយថា ពួកគេមានគម្រោងចេញទៅធ្វើការនៅបរទេសវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩ ផុតរលត់”។

អ្នកជំនាញរូបនេះបានលើកឡើងបន្តថា ក្រៅពីការរីករាលដាលវីរុសកូវីដ-១៩ មានហេតុផលចម្បងមួយចំនួន ដែលធ្វើឱ្យពួកគេផ្លាស់ប្ដូរលំនៅដ្ឋាន ដូចជា ស្ថានភាពការងារ និងស្ថានភាពគ្រួសារជាដើម។

ដោយសារជនបរទេសមានចំនួនស្មើ១០% នៃប្រជាជនសរុបប្រមាណ៧.៥លាននាក់នៅទីក្រុងហុងកុង ការចាកចេញរបស់ពួកគេជះផលប៉ះពាល់ ទៅលើតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងនេះ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈទីក្រុងហុងកុង បន្តបង្រ្កាបលើក្រុមប្រឆាំងផ្នែកនយោបាយ ក្រុមអ្នកជំនួញបរទេសបានព្រមានថា ជនបរទេស អាចនឹងសម្រុកចាកចេញពីទីក្រុងនេះ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។

ដោយធ្វើឡើងនៅចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំ២០២១ ការស្ទង់មតិឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកឆ្លើយតបជាង៩០០នាក់នៅក្នុងប្រទេស និងដែនដីចំនួន៤៩។

នៅក្នុងទីក្រុងហុងកុង ខណៈពលរដ្ឋហុងកុង និងអ្នកទិញផ្ទះមកពីចិនដីគោក (ចិនប៉េកាំង) ជាអ្នកដើរតូនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញទីផ្សារអចលនទ្រព្យ សហគមន៍ជនបរទេស នៅតែជាកត្តាដ៏សំខាន់នៅក្នុងការកំណត់តម្លៃផ្ទះ។

នៅឆមាសទី១ ដើមឆ្នាំនេះ អ្នកស្នាក់នៅដែលមិនមែន ជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន៩.៣៦១នាក់បានពន្យារទិដ្ឋាការស្នាក់នៅ បើធៀបនឹងចំនួន១៩.៣២៣នាក់សម្រាប់ឆ្នាំ២០២០ ទាំងមូល។ តួលេខនេះមិនទាន់រាប់បញ្ចូលជនបរទេស ដែលជាអ្នកបម្រើការងារតាមផ្ទះ និងអ្នកមកពីចិនដីគោក ផងទេ។ ទិន្នន័យពីនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញថា ទីក្រុងហុងកុង បានចេញទិដ្ឋាការការងារចំនួន៦.៤៧១ច្បាប់ក្នុងឆមាសទី១ ដើមឆ្នាំនេះ បើប្រៀបធៀបនឹងចំនួន១៤.៦១៧ច្បាប់នៅក្នុងឆ្នាំ២០២០ ទាំងមូល និង៤១.២៨៩ច្បាប់នៅក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យអង់គ្លេស Knight Frank ព្យាករថា តម្លៃផ្ទះនៅហុងកុង ទំនងជាកើនឡើង៥%នៅចុងឆ្នាំនេះ និង៥%ទៀតនៅឆ្នាំ២០២២ ដោយ​សារតម្រូវការខ្ពស់ ខណៈការផ្គត់ផ្គង់មានកម្រិត៕

តើជនបរទេសត្រូវធ្វើអ្វីខ្លះ ដើម្បីអាចមានលទ្ឋភាពទិញដីនៅកម្ពុជាបាន

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជាបានចែងថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។

ប៉ុន្តែច្បាប់កំពូលនេះ មិនបានចែងហាមឃាត់ជនបរទេសមិនឱ្យទិញ ឬវិនិយោគដីនៅកម្ពុជានោះទេ។ តើជនបរទេសអាចទិញដីនៅស្រុកខ្មែរបាន តាមរយៈមធ្យោបាយបែបណាខ្លះ?។

តាមការអនុវត្តជាក់ស្តែង ច្បាប់កម្ពុជាក៏បានទុកលទ្ធភាពឱ្យជនបរទេស អាចទិញដីធ្លីនៅស្រុកខ្មែរបានដែរ ពោលគឺត្រូវធ្វើឡើងតាមរយៈ៤ វីធីសាស្រ្តសំខាន់ៗ រួមមាន៖

១) តាមរយៈតំណាងជាជនជាតិខ្មែរ
បរទេសអាចទិញដីបាន តាមរយៈតំណាងជនជាតិខ្មែរ ប៉ុន្តែនៅលើប័ណ្ណកម្មសិទ្ធិត្រូវដាក់ឈ្មោះអ្នកតំណាងជាជនជាតិខ្មែរ។ ដើម្បីការពារដល់អ្នកវិនិយោគបរទេសទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យាធានាជាមួយអ្នកតំណាងរបស់ខ្លួន។

កិច្ចសន្យាធានា អាចធ្វើឡើងជាច្រើនប្រភេទដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចីជាដើម។ ប៉ុន្តែកិច្ចសន្យាដែលពេញនិយម និងមានសុវត្ថិភាពជាងគេ គឺកិច្ចសន្យាហ៊ីប៉ូតែក។ មានន័យថា ជនជាតិខ្មែរម្នាក់នោះសុំកម្ចីពីបរទេសមកទិញដី ដូច្នេះប្លង់ដីត្រូវជាប់ហ៊ីប៉ូតែក ដូចក្នុងករណីដែលយើងខ្ចីលុយធនាគារទិញដីដូច្នោះ ដែរ។

និយាយឱ្យងាយយល់ អ្នកតំណាងខ្មែរមានឈ្មោះលើប្លង់មែន តែគ្មានសិទ្ធិលក់ ឬផ្ទេរ កម្មសិទ្ធិដោយគ្មានការអនុញ្ញាតិ ពីម្ចាស់ហ៊ីប៉ូតែកដែលជាជនបរទេសឡើយ។ ដូច្នេះ ភាគីទាំង២ ត្រូវយកប្លង់ដីនោះទៅដាក់ហ៊ីប៉ូតែក ជាមួយនឹងសុរិយោដីឱ្យបានត្រឹមត្រូវ។

២) តាមរយៈក្រុមហ៊ុនសាជីវកម្ម ដែលមានម្ចាស់ខ្មែរយ៉ាងហោច ៥១% ឬហៅថា Land Holding Company
វិធីនេះ ជនបរទេសអាចកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុនដែលមានសញ្ជាតិជាខ្មែរកាន់កាប់ភាគហ៊ុនយ៉ាងហោច៥១% ហើយជនបរទេសកាន់កាប់៤៩%។ តាមរយៈវិធីនេះ ជនបរទេស ត្រូវបានការពារសិទ្ធិដោយកិច្ចសន្យាភាគហ៊ុន។

វិធីនេះទៀតសោត គឺមានចំណាយខ្ពស់។ បើជនបរទេសនោះមានគោលបំណងបើកក្រុមហ៊ុនថ្មី ត្រូវចំណាយយ៉ាងហោចណាស់៤០០០ ទៅ ១២០០០ ដុល្លារ អាស្រ័យលើសេវាកម្មមេធាវី។ លើសពីនេះការបើកជាក្រុមហ៊ុនដើម្បីទិញដីបែបនេះ ជនបរទេសត្រូវមានកាតព្វកិច្ចបង់ពន្ធតាមផ្លូវច្បាប់ ដូចជាពន្ធលើប្រាក់ចំណូល២០%ជាដើម។ ដូច្នេះ វិធីនេះគួរប្រើ ក្នុងករណីមានការវិនិយោគទ្រង់ទ្រាយធំ។
ប៉ុន្តែករណីបរទេសមិនចង់បើកក្រុមហ៊ុនដោយខ្លួនឯង បរទេសក៏អាចប្រើក្រុមហ៊ុនសាជីវកម្ម ជាអ្នកតំណាងទិញ តាមរយៈកិច្ចកិច្ចសន្យាចងផ្សេងៗ ដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចី ដូចគ្នានឹងវិធីទី១ដូច្នោះដែរ។

៣) ទិញតាមរយៈក្រុមហ៊ុនបរធនបាល ឬ Trust Company
ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរទេសអាចទិញដីនៅកម្ពុជាបាន តាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ច នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រឹមត្រូវ។ ការទិញនេះក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។

ក្រុមហ៊ុនប្រភេទនេះ ជាក្រុមហ៊ុនកាន់កាប់ ឬគ្រប់គ្រងទ្រព្យសម្បត្តិ ដែលអ្នកបង្កើតធនបាលកិច្ច (ហៅថាអនុប្បទានយី, អាណត្តិទាយក ឬបរធនបាលទាយក) ផ្ទេរទ្រព្យសម្បត្តិនោះទៅកាន់បរធនបាល ដែលជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីប្រយោជន៍អ្នកដទៃ (ហៅថា អត្ថាគាហក)។

និយាយឱ្យងាយយល់ គឺទិញតាមរយៈក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ នឹងមានទំនួលខុសត្រូវខ្ពស់ ដោយក្រុមហ៊ុននៅដើរតួ ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដីនោះជាឈ្មោះកម្មសិទ្ធិ របស់ក្រុមហ៊ុនក៏ដោយ។

ការទិញដោយវិធីនេះ ជនបរទេសនឹងទទួលបានទំនុកចិត្តខ្ពស់ ហើយមិនបាច់ខាតបង់ចំណាយបើកក្រុមហ៊ុនដោយខ្លួនឯង។

៤) ការចូលសញ្ញាតិខ្មែរ
មធ្យោបាយមួយទៀតនោះ គឺតាមច្បាប់ចូលសញ្ជាតិកាលពីឆ្នាំ១៩៩៦ របស់កម្ពុជា បានចែងថា ជនបរទេសទាំងឡាយ ដែលទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ មានសិទ្ធិទិញដី និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លី ដូចពលរដ្ឋកម្ពុជាស្របច្បាប់ដែរ។

យ៉ាងណាក្ដីសម្រាប់ ជនបរទេសដែលមិនចង់ស្មុគស្មាញក្នុងការទិញដី ពួកគេអាចក្លាយជាម្ចាស់កម្មសិ ទ្ធិលើអគារសហកម្មសិទ្ធិចាប់ពីជាន់ទី១ ឡើងទៅបានដោយងាយស្រួល និងស្រប់ច្បាប់ ឧទាហរណ៍អគារខុនដូចជាដើម។ ប្រភពconstruction&Property៕

ផ្នែកសំខាន់ចំនួន៥នៃអចលនទ្រព្យចាប់ផ្តើមមានសញ្ញាប្រសើរឡើង

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ឆ្នាំ២០២១ គឺឆ្នាំមួយដែលមានបញ្ហានៅតែមិនទាន់បញ្ចប់ ដោយសារជំងឺកូវីដ១៩ ហើយផលប៉ះពាល់របស់វា លើទីផ្សារអចលនទ្រព្យនៅកម្ពុជា មានភាពខុស ៗគ្នា ប៉ុន្តែសញ្ញាល្អប្រសើរបានចាប់ផ្តើមកើតមានជាថ្មី៊។

ទីផ្សារដីធ្លី
ទីផ្សារដីធ្លីបានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗ ពិសេសតំបន់ស្ថិតក្នុងរង្វង់៣០ទៅ៥០គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ និងបណ្តាខេត្តមានសក្តានុពលមួយចំនូនដូចជា ខេត្តកំពង់ស្ពឺ កែប កំពត មណ្ឌលគិរី ជាដើម។
ជាមួយការដោះដូរដីធ្លីកើនឡើង ជាមួយតម្លៃមិនស្រកស្រុតនោះទេ ដោយតំបន់ខ្លះតម្លៃដីធ្លីនៅតែបន្តកើនឡើង បើទោះកម្ពុជាកំពុងផុងក្នុងវិបត្តិជំងឺកូវីដ១៩ក្តី។

វិស័យលំនៅដ្ឋាន
គម្រោងដីបុរីថ្មីចំនួន៤ ត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជននៅខណ្ឌចំនួន៤ ដូចជាខណ្ឌមានជ័យ ច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារក្នុងរយៈពេល ៦ ខែកន្លងមកនេះ ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍បានបន្តថា “អ្វីដែលគួរអោយកត់សំគាល់ជាងនេះគឺថា ក្នុងរយៈពេលដូចគ្នា ទោះបីមានភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តកើតមាន ក៏គម្រោងចំនួន១២ ត្រូវបានដាក់ដំណើរការនៅទូទាំង៧ ខណ្ឌស្មើនឹងប្រមាណ៤០០០យូនីត ដែ​លបង្ហាញពីការបន្តមានទំនុកចិត្តរឹងមាំលើវិស័យនេះ”។

ខណ្ឌសែនសុខ បន្តទទួលបានគម្រោងថ្មីៗច្រើនជាង ដោយគម្រោងចំនួន៤ចាប់ ផ្តើមដាក់ដំណើរការសាងសង់ ខណៈដែលជ្រោយចង្វារ និងមានជ័យទាំងពីរ បានឃើញការបន្ថែមគម្រោងថ្មីចំនួន២រៀងខ្លួន។

អ្នកអភិវឌ្ឍន៍ ដែលមានស្រាប់ បានចូលរួមចំណែកដល់គម្រោងភាគច្រើន ទោះយ៉ាងណាអ្នកអភិវឌ្ឍន៍ថ្មី បានចំណែក២៥% នៃការបើកដំណើរគម្រោងថ្មី ក្នុងរយៈពេលនេះ ដែលបង្ហាញពីការផ្គត់ផ្គង់យ៉ាងទូលំទូលាយ នាពេលអនាគតនៅក្នុងវិស័យនេះ។

ខុនដូ
ការផ្គត់ផ្គង់ខុនដូសរុបនៅទូទាំងរាជធានីភ្នំពេញ មានការកើនឡើង៣,៩៧%ក្នុងរយៈពេលត្រីមាសទី៣ឆ្នាំមុន ខណៈការកើនឡើងនេះ មានការចូលរួមតែមួយពីការបចញ្ចប់ដំណាក់កាលទី១របស់គម្រោងUrban Village ហើយបានបង្កើនការផ្គត់ផ្គង់ខុនដូតម្លៃសមរម្យ ១៥.៦៧%។

អំឡុងត្រីមាសទី៣នៃឆ្នាំកន្លងមក មិនមានគម្រោងថ្មីណាមួយ ត្រូវបានដាក់ឱ្យដំណើ​រការទេ ប៉ុន្តែមានគម្រោង៣ បានដាក់ចេញការអភិវឌ្ឍនូវដំណាក់កាលថ្មីៗ ទៅក្នុងទីផ្សារផ្គត់ផ្គង់ ដែលបង្ហាញថា អ្នកអភិវឌ្ឍន៍ដែលស្គាល់ពីទីផ្សារក្រុងភ្នំពេញ នៅតែមានសុទិដ្ឋិនិយមចំពោះវិស័យនេះ។

របាយការណ៍បានឱ្យដឹងថា គេរំពឹងថានៅត្រីមាសទី៤ឆ្នាំមុន គេមើលឃើញការបញ្ចប់គម្រោងចំនួន៤បន្ថែមទៀត ដែលនឹងចូលរួមចំណែកក្នុងទីផ្សារ ប្រមាណ២,៦០០យូនីត ។ ទោះយ៉ាងណា ការពន្យាពេលនៃការសាងសង់ នៅតែបន្តកើតមាននៅក្នុងវិស័យនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន៦ ពន្យាពេលបញ្ចប់គម្រោងទៅឆ្នាំ២០២១។
តម្លៃលក់ជាមធ្យមនៅគ្រប់ផ្នែក បានបន្តប្រឈមនឹងសម្ពាធធ្លាក់ចុះ នៅក្នុងត្រីមា​សទី។ ខុនដូតម្លៃមធ្យមធ្លាក់ចុះ១,៣៩% ខុនដូតម្លៃសមរម្យធ្លាក់ចុះ១,១៧% និងខុនដូប្រណីតធ្លាក់ចុះ ១,០២% ។

អ្នកអភិវឌ្ឍន៍នៅតែសកម្ម ក្នុងការផ្តល់ការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយពីខុនដូយូនីតនៅក្នុងគម្រោងរបស់ពួកគេ ដើម្បីរក្សាល្បឿនលក់។

ការិយាល័យជួល
អាគារការិយាល័យជួលថ្មីចំនួន៣ ត្រូវបានបញ្ជាប់ការសាងសង់នៅត្រីមាសទី៣ មុន មានដូចជាអគារការិយាល័យ TK Central អគារ The Point និងអគារ Sayon Phnom Penh ដែលនឹងចូលរួមចំណែក ក្នុងទីផ្សារផ្គត់ផ្គង់ការិយាល័យបន្ថែម៣០,០០៧ ម៉ែត្រការ៉េ។

នៅដំណាច់ឆ្នាំ២០២០កន្លងមកនេះ អត្រាការិយាល័យជួលនៅទំនេរ នៅទូទាំងទីផ្សារត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១១​។ នៅត្រីមាសទី៣ អត្រានៃការកាន់កាប់មាន៧៤,៧%។ ទោះយ៉ាងណាជា មួយនឹងការបញ្ចប់គម្រោងជាច្រើននៅត្រីមាសទី៤ ឆ្នាំ២០២០ នឹងធ្វើឱ្យអត្រានៃការកាន់កាប់ការិយា​ល័យជួលទំនងជានឹងធ្លាក់ចុះថែមទៀត។

គម្រោងការិយាល័យជួលចំនួន៨ ត្រូវបានបញ្ចាប់ការសាងសង់ គិតចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយអត្រាទំនេរគិតជាមធ្យម មានការកើនឡើងខ្ពស់។ ការអភិវឌ្ឍការិយាល័យជួល មួយចំនួននឹងត្រូវបានពន្យារពេល ដោយមានប៉ាន់ស្មានថា មានទំហំ ៥០,០០០ ម៉ែត្រការ៉េត្រូវបានពន្យារពេលទៅដល់ឆមាសទី១ ឆ្នាំ២០២១។

ទីផ្សារលក់រាយ
គម្រោងផ្សារទំនើបបែបសហគមន៍ (Community Mall) ចំនួន២ត្រូវបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ដែលបានធ្វើឱ្យទំហំនេះកើនឡើងដល់ ២១,៨០០ម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីពេលថ្មីនេះបង្ហាញថា គម្រោងផ្សារទំនើបបែបសហគមន៍ (Community Malls) ចំនួន២ រួមមានផ្សារទំនើប The One Mall និង 313 Quayside ដែលផ្សារទាំងពីរនេះបន្ថែមដល់ ២១,៨០០ម៉ែត្រការ៉េ ស្មើនឹង២៦.១ភាគរយ ក្នុងចំណោមកផ្សារទាំងអស់ និងប្រមាណ ៦.០៩ ភាគរយ ទៅនឹងការផ្គត់ផ្គង់ផ្សារទំនើបនៅក្នុងត្រីមាសទី៣ឆ្នាំមុន ខណៈសកម្មភាពសេដ្ឋកិច្ច សង្គម ការវិនិយោគលើវិស័យអចលនទ្រព្យ ចាប់ផ្តើមមានសញ្ញាល្អប្រសើរបណ្តើរៗនៅដើមឆ្នាំ២០២១នេះ៕

តើអចលនទ្រព្យប្រភេទណាខ្លះត្រូវបានលើ់កលែងពន្ឋមូលធនដែលនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា នឹងចាប់ផ្តើមយកពន្ឋលើប្រាក់ចំណេញនៅថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

ប៉ុន្តែរដ្ឋាភិបាលក៏នឹងលើកលែងចំពោះការលក់ ឬផ្ទេរមូលធនមួយចំនួនផងដែររួមមានដូចជា ទី១ ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ ទី២ ទ្រព្យជាកម្មសិទ្ធិរបស់បេស​កកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ ទី៣ និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច៥ឆ្នាំមុនពេលលក់ឬផ្ទេរ ក្នុងករណីមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធនិងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម។

ទី៤ អចលនទ្រព្យក្នុងរង្វង់ញាតិ ដូចមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ ទី៥​ ទ្រព្យដែលត្រូវបានលក់ឬផ្ទេរ ដើម្បីប្រយោជន៍សាធារណៈ ស្របតាមច្បាប់អស្សាមិករណ៍។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងពន្ធ លើចំណេញមូលធន ចំពោះការលក់ ឬផ្ទេរប្រភេទដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋ ដែលជាកសិករ កំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ ដែលដីកសិកម្មនោះស្ថិតនៅ៕

អគ្គនាយកដ្ឋានពន្ឋដានឹងចាប់ផ្តើមអនុវត្តន៍ការយកពន្ឋមូលធននៅថ្ងៃទី១ មករាឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍ការប្រមូលចំណូលពន្ធ លើពន្ធចំណេញមូលធនចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីពន្ធនេះត្រូវបានពន្យារពេល អនុវត្តន៍រយៈពេល១ឆ្នាំមកនោះ។

ថ្លែងក្នុងកម្មវិធី “ពន្ធដារកម្ពុជាស្តីពី “ពន្ធលើចំណេញមូលធននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ លោក ជ័យ រិទ្ធី អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ពន្ធលើចំណេញមូលធន នឹងត្រូវអនុវត្តន៍នៅដើមឆ្នាំក្រោយ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

ជាថ្មីម្តងទៀត លោក ជ័យ រិទ្ធី បានអះអាងថា “ពន្ធលើចំណេញមូលធន មិនមែនជាការបង្កើតពន្ធថ្មីនោះទេ”។

លោកបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងរៀបចំសេចក្ដីព្រៀងណែនាំបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការអនុវត្តន៍កតព្វកិច្ចពន្ធលើចំណេញមូលធននេះផងដែរ។

អនុលោមតាមប្រកាសលេខ ៣៤៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី “ពន្ធលើចំណេញមូលធន មានវិសាលភាពកំណត់យក លើចំណេញមូលធន ចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន) តាមអត្រា២០%នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការលក់ ឬផ្ទេរមូលធន ៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។

រីឯនីតិបុគ្គលនិវាសនជន ដែលបានចុះបញ្ជីពន្ធដារ និងប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរួចរាល់ មិនមានបន្ទុកពន្ធនេះបន្ថែមទៀតទេ។

ពន្ធលើចំណេញមូលធន ប្រមូលលើចំណេញមូលធន ដែលសម្រេចបាននៅពេលមានប្រតិបត្តិការលក់ ឬផ្ទេរមូលធនដែលមានចំណេញប៉ុណ្ណោះ ក្នុងករណីមិនមានចំណេញ គឺមិនមានកាតព្វកិច្ចបង់ពន្ធនេះទេ។

ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញ ពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០% ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួល បានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង៕

សារមន្ទីរ ព្រះស្រីឦសានវរ្ម័នចុះ MOU ជាមួយក្រុមហ៊ុន Archetype Cambodia ដើម្បី ប្រឹក្សាបច្ចេកទេសក្នុងការថែរក្សា

ដោយៈសុជាតា

ភ្នំពេញៈ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ចុះ MOU ជាមួយក្រុមហ៊ុន Archetype

Cambodia ដើម្បី ប្រឹក្សាបច្ចេកទេសក្នុងការថែរក្សានូវសមប្បត្តិបេតិកភ័ណ្ឌនេះឲ្យមានភាពយូរអង្វែង។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា អនុស្សរណៈយោគយល់នេះបានបង្ហាញពី កិច្ចសហការវាងអង្គភាពទាំងពីរ និងកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន Archetype ដើម្បីរួមចំណែកដល់ការបន្តការអភិរក្សបេតិកភណ្ឌក្រុង ដែលប្លែកខុសពីគេ និងគួរឱ្យកត់សម្គាល់នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះបានធ្វើឡើង រវាងលោកBlaise Kilian សហប្រធានសារមន្ទីរ ស.ស.រ និងលោក Michel Cassagnes អគ្គនាយកក្រុមហ៊ុន Archetype Cambodia។

សារមន្ទីរ ស.ស.រ បង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីបង្ហាញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២០០០ឆ្នាំ តាមរយៈវត្ថុបុរាណ ឯកសារសោតទស្សន៍ និងឧបករណ៍អន្តរកម្មដែលតាំងបង្ហាញតាមការរៀបចំពិព័រណ៍មួយដ៏ទំនើបបំផុត។

សារមន្ទីរនេះត្រូវបានរៀបចំឡើង នៅក្នុងអគារបេតិកភណ្ឌ ដែលមានអាយុកាលចាប់តាំងពីសម័យអាណាព្យាបាលបារាំង និងធ្លាប់បានប្រើប្រាស់ធ្វើជាលំនៅដ្ឋានរបស់  លោក  រ៉េស៊ីដង់បារាំងនៅឆ្នាំ១៩០៨ និងជាសាលាក្រុងភ្នំពេញចាប់តាំងពីឆ្នាំ ១៩២០ ហើយបានធ្លាក់ក្នុងសភាពទ្រុឌទ្រោម និងត្រូវបានធនាគារជាតិនៃកម្ពុជាជួសជុលឡើងវិញដើម្បីធ្វើជាសារមន្ទីរ ស.ស.រ៕

កម្ពុជាទាក់ទាញទុនវិនិយោគជាង២៥០០លានដុល្លារអាមេរិកក្នុងវិស័យសំណង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានអនុម័តទុនវិនិយោគលើវិស័យសំណង់ក្នុងទំហំទឹកប្រាក់ជាង២៥០០លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប២២៣៥ គម្រោង ឬស្មើនឹងទុនវិនិយោគជាង២,៥០០លានដុល្លារ ថយចុះ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកឡៅ ទិព្វសីហាបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ទាំងការស្នើសុំគម្រោងសាងសង់ ផ្ទៃក្រឡាសំណង់ ទុនវិនិយោគ និងសម្ភារៈសំណង់នាំចូល គឺបានថយចុះទាំងអស់ ដោយសារវិបត្តិកូវីដ១៩។

ជាក់ស្ដែង ធនាគារជាតិធ្លាប់ចេញរបាយការណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។

ទោះជាយ៉ាងណា លោកឡៅ ទិព្វសីហាបានថ្លែងថា វិស័យសំណង់នឹងកើនឡើងវិញ នៅពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ប្រសើរឡើង។

ទោះក្នុងវិបត្តិកូវីដក្ដី ក្រសួងក៏បន្តរឹតបន្តឹងច្បាប់សំណង់ ដើម្បីពង្រីកគុណភាពសំណង់ និងការត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស៕

ក្នុងវិស័យអចលនទ្រព្យចាប់ផ្ដើមមានក្រុមដើរកកូរតម្លៃលើសស្ថានភាពទីផ្សារជាក់ស្តែង

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ដោយសារតែ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានក្លាយជាវិស័យសំខាន់មួយក្នុងទ្រទ្រង់សេដ្ឋកិច្ច វិស័យនេះក៏បានរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែក៏មានជនមួយក្ដាប់តូច ចាប់ផ្ដើមធ្វើសកម្មភាពប្រាសចាកពីសីលធម៌ ដោយឃុបឃិតជាមួយម្ចាស់ទ្រព្យកែប្រែតម្លៃអចលនទ្រព្យឱ្យខ្ពស់ ដើម្បីទទួលបានប្រាក់កម្ចីពីក្រុមហ៊ុនឯកជនបានច្រើន។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនស៊ីភីអិលឱ្យដឹងថា មានបុគ្គលទុច្ចរឹតបានធ្វើការក្លែងបន្លំ ទៅលើឯកសារវាយតម្លៃអចលនវត្ថុ និងការឆែកតម្លៃបឋមលើទំហំនិងតម្លៃអចលនវត្ថុ ដូចជា ការបង្កើនតម្លៃជាថ្នូរនឹងការទទួលបានប្រាក់កម្ចីខ្ពស់ ពីស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្ដល់សេវាបញ្ចាំជាដើម។ ការក្លែងបន្លំនេះ ជាទង្វើប្រាស់ចាកពីច្បាប់ និងក្រមសីលធម៌របស់អ្នកវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យ។

លោកស៊ឹម វិបុល មន្ត្រីសម្របសម្រួលកិច្ចការច្បាប់ នៃក្រុមហ៊ុនស៊ីភីអិល បានឱ្យដឹងថា កន្លងមកក្រុមហ៊ុនមិនដែលជួបប្រទះនឹងករណីនេះទេ វាអាចចាត់ទុកជាលើកទី១ ដែលមានក្រុមទុច្ចរឹត បានយកក្រដាសវាយតម្លៃរបស់ក្រុមហ៊ុនCPL ទៅកែតម្លៃលើសពីតម្លៃដែលបានវាយតម្លៃរួចហើយ ក្នុងន័យដើម្បីទទួលបានប្រាក់កម្ចីខ្ពស់ ។

លោកបន្តថា “ការធ្វើបែបនេះ នឹងធ្វើឱ្យខូចឈ្មោះដល់ក្រុមហ៊ុនរបស់យើង ដែលបានខិតខំធ្វើកិច្ចការដោយស្មោះត្រង់ ហើយនឹងបាត់ជំនឿពីសាធារណជនផងដែរ”។ លោកបន្តថា “ជាជំហ៊ានដំបូងយើងបានប្រកាស ឱ្យក្រុមទុច្ចរឹតទាំងនោះត្រូវបញ្ឈប់សក​ម្ម​ភាពរបស់ខ្លួនជាបន្ទាន់ ហើយបើសិនជាមានលើកក្រោយទៀត ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើមួយនេះ”។

លោកបន្តថា ការធ្វើបែបនេះនឹងអាចធ្វើឱ្យប៉ះពាល់ការវាយតម្លៃ និងបាត់បង់ជំនឿដល់វិនិយោគិន ក៏ដូចជា ពលរដ្ឋម្ចាស់ទ្រព្យក៏ដូចជាស្ថាប័នហិរញ្ញវត្ថុនានាផងដែរ ។

នៅក្នុងវិបត្តិកូវីដ១៩នេះ តម្លៃអចលនទ្រព្យនៅប្រទេសកម្ពុជា ហាក់មិនមានការឡើងថ្លៃខ្ពស់ប៉ុន្មាននោះទេ ហើយក៏មិនមានការធ្លាក់ចុះនៃតម្លៃដែរ ប៉ុន្តែមានអចលនទ្រព្យមួយចំនួន ដែលមានម្ចាស់ជួបបញ្ហាហិរញ្ញវត្ថុ ក៏បានប្រកាសលក់ក្នុងតម្លៃក្រោមទី

ឧកញ៉ាឃាង ពុទ្ឋីៈការចាក់វ៉ាក់សាំង១០លាននាក់របស់រដ្ឋាភិបាលនឹងជួយឲ្យវិស័យអចលនទ្រព្យងើបឡើងវិញនៅចុងឆ្នាំនេះ

ដោយៈសុជាតា

ភ្នំពេញៈ លោកឧកញ៉ា  ឃាង ពុទ្ធី  ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យបានមានប្រសាសន៍ថា ជាមួយនឹងផែនការចាក់វាក់សាំង អោយគ្រប់១០ លាននាក់ ដែលធ្វើអោយទីផ្សារអចលនទ្រព្យ នឹងស្ថេរភាពឡើងវិញនៅបំណាច់ឆ្នាំ ២០២១នេះ។

លោកបន្តថា ប៉ុន្តែត្រូវរំខានដោយវីរុសបំលែងDelta បាននិងកំពុងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅក្នុងនោះដែរ ទីផ្សារលំនៅដ្ឋានមានការប៉ះពាល់ប្រមាណ៥០ភាគរយ និងផ្នែក Commercial real estate មានដូចជា shop house និង  retail market គឺ មានផលប៉ះពាល់ខ្លាំង ដោយគេសង្កេតឃើញថាផ្សារទំនើបអន្តរជាតិ ដូចជា AEON  គឺមានភាពស្ងាត់អ្នកទិញជាដើម។

លោកឧកញ៉ាបានបន្តទៀតថា វិបត្តិCovid បំលែងថ្មីធ្វើអោយប្រជាជន និងអ្នកវិនិយោគ ត្រូវមានការគិតគូរច្បាស់់លាស់ នូវផែនការវិនិយោគមុនចំណាយបា្រក់។ ហើយដំណោះស្រាយចំពោះវិបត្តិនេះ គឺ អំពាវនាវអោយប្រជាជន ចូលរួមខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាល ៣កុំ និង៣ការពារ។ ប្រជាជនត្រូវភ្ញាក់រលឹក ដើម្បីចូលរួមរដ្ឋាភិបាលក្នុងទប់ស្កាត់អោយខានតែបាន។

ទោះបីជាយ៉ាងណារដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញបានសហ​ការជាមួយនឹងវិស័យឯកជនបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ អោយបាន ដោយធ្វើអោយសកម្មភាព ការងារលើវិស័យសំណង់ មិនត្រូវបានផ្អាកដំណើរការនោះទេ។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា បានលើកឡើងថា ការចាក់វាក់សាំង ជាមួយនឹងការចូលរួមសហការពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋផងនោះ ធ្វើអោយវិស័យសំណង់នៅតែដំណើរទៅមុខ មិនអាក់ខានដោយសារ កូវីដ ១៩ នោះទេ៕

ប្រធានាធិបតីចិនលោកស៊ី ជីនពីងដាក់ចេញគោលនយោនបាយកាត់បន្ថយ វិសមភាពក្នុងសង្គមចិន

ដោយៈសុខុម

ប៉េកាំង: មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន មួយរូបបានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ សីហា នេះថា ការជំរុញរបស់មហាយក្សចិន ដើម្បី “ភាពរុងរឿងទាំងអស់គ្នា” ខណៈប្រធានាធិបតី ស៊ី ជីនភីង មានបំណងកាត់បន្ថយវិសមភាពសង្គម ក្នុងប្រទេសមិនមានន័យថា “សម្លាប់អ្នកមានដើម្បីជួយអ្នកក្រ”ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Han Wenxiu មន្រ្តីមកពីគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈិមបក្សបានថ្លែង ក្នុងសន្និសីទកាសែតក្នុងទីក្រុងប៉េកាំងថា “អ្នកដែលក្លាយជាអ្នកមានមុនគេ” គួរតែជួយអ្នកដែលមិនទាន់មាន ប៉ុន្តែអ្នកក្រក៏គួរតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

លោកបានគូសបញ្ជាក់ថា “យើងមិនអាចដេករង់ចាំតែជំនួយ ពឹងឱ្យអ្នកដទៃជួយ ឬអង្វរសុំជំនួយជាដាច់ខាត។ យើងមិនអាចជួយអ្នកដែលខ្ជិលច្រអូសឡើយ”។

ប្រទេសចិនបានប្រកាសថា ខ្លួននឹងការពារប្រាក់ចំណូល ដែលមានប្រភពស្របច្បាប់ ប៉ុន្តែនឹងធ្វើករ “កែសម្រួលប្រាក់ចំណូលដែលខ្ពស់ហួសហេតុ និងគ្មានប្រភពច្បា​ស់លាស់”។នេះបើយោងតាមកិច្ចប្រជុំមួយ ធ្វើឡើងក្រោមអធិបតីយភាពរបស់ប្រធានាធិបតី ស៊ី ជីនភីង កាលពីដើមខែនេះ។

ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនដែលមានប្រាក់ចំណូលខ្ពស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យរួមចំណែកបន្ថែមទៀតដើម្បីជួយដល់សង្គមផងដែរ។

លោក Han Wenxiu បានលើកឡើងថា ការផ្តល់អំណោយសប្បុរសធម៌ គួរតែត្រូវបានលើកទឹកចិត្ត តាមរយៈគោលនយោបាយពន្ធដារ ហើយកែលម្អ “រចនាសម្ព័ន្ធចូលរួមចំណែកជួយដល់សង្គម”។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការបរិច្ចាគមិនមែនជាកាតព្វកិច្ចដែលត្រូវតែធ្វើដាច់ខាតនោះឡើយ។

ការប្រែប្រួលគោលនយោបាយនេះកើតមានឡើង ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការបង្ក្រាបផ្នែកនិយ័តកម្ម និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើសកម្មភាពរបស់ក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន។

បណ្ដាវិនិយោគិនជឿថា ពេលនេះមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងប្រទេសចិន ខណៈពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រឹងប្រែងធ្វើកំណែទម្រង់ ក្នុងគោលបំណងកាត់បន្ថយសម្ពាធថ្លៃ ទ្រទ្រង់ជីវភាពដោយសារក្រុមហ៊ុនសហគ្រាសនានា។

លោក Han Wenxiu បានសង្កត់ធ្ងន់ថា “គោលនយោបាយថ្មីៗសម្រាប់កែតម្រូវ និងគ្រប់គ្រង Platform អនឡាញនានា ដើម្បីបង្ក្រាបភាពមិនប្រក្រតីនានា និងអាកប្បកិរិយាខុសច្បាប់”។

លោកបញ្ជាក់ថា “យើងមិនមានបំណងផ្ដោតគោលដៅ ធ្វើបាបក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនបរទេសឡើយ”៕