សមាគមអចលនទ្រព្យសកលពង្រីកបណ្តាញថ្នាក់ដឹកនាំទៅកាន់ខេត្តសៀមរាប

ដោយៈគង់ សូរិយា

ភ្នំពេញៈ សមាគមអចលនទ្រព្យសកល បានសម្រេចតែងតាំងបុគ្គលពីរូបជាអនុប្រធានសមាគមប្រចាំខេត្តសៀមរាប ដើម្បីពង្រីកបណ្តាញក្នុងគោលដៅលើកកំពស់ការផ្សព្វផ្សាយ ក៏ដូចពង្រីកសក្តានុពលលើវិស័យអចលនទ្រព្យនៅកម្ពុជា។

ថ្នាក់ដឹកនាំសមាគមប្រចាំខេត្តសៀមរាប ដែលត្រូវបានតែងតាំងនោះរួមមានទី១ លោក ប៉ែន សូរ ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាបទទួលបន្ទុកផ្នែកសំណង់ និងទី២ លោក យ៉ាង វិនយុង ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាបទទួលបន្ទុកផ្នែកអភិវឌ្ឍន៍។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល(GRA)បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ សីហានេះថា សមាគមអចលនទ្រព្យសកលមានគោលដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមលើកកំពស់វិស័យ​សំណង់ និងអចលនទ្រព្យនៅកម្ពុជា ហេតុនេះសមាគមមានគោលដៅពង្រីកបណ្តាញថ្នាក់ដឹកនាំឲ្យបានទូទាំងប្រទេស និងពង្រីកទៅកាន់ក្រៅប្រទេស នាពេលខាងមុខបន្ថែមទៀត។

លោកបន្តថា “យើងមានគោលដៅក្នុងការផ្សព្វផ្សាយ ពីការរីកចម្រើនអចលនទ្រព្យ​នៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទាក់ទាញទុនវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត”៕

 

ក្រុមហ៊ុនទូរទស្សន៍ធំៗ៣នៅកម្ពុជារួមគ្នាវិនិយោគថ្នាលទូរទស្សន៍ឌីជីថលតែមួយ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនទូរទស្សន៍ចំនួន៣នៅកម្ពុជា រួមមាក្រុមហ៊ុនCBS របស់ រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរសទ្សន៍ហង្សមាស និងក្រុមហ៊ុនទូរទស្សន៍បាយ័ន បានរួមគ្នាក្នុងការបណ្ដា​ក់ទុនវិនិយោគ លើថ្នាលទូរទស្សន៍ឌីជីថលតែមួយនៅម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៦ សីហា២០២១នេះ ក្រោយពិធុះហត្ថលេខារួមគ្នានៅព្រឹកនេះដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ថ្នាលទូរទស្សន៍ឌីជីថល​ជាតិ ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាល ទូរទ​ស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធDVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយវិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាព សុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសា​សន៍ថា “លោកជំទាវពិតជាមាន សេចក្តីសោមនស្សរីករាយ ក្នុងការសហការគ្នាបង្កើតថ្កោលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ”។

ចំណែកអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា  ការរួមគ្នារវាងក្រុមហ៊ុនទូរទស្សន៍ធំៗ នៅកម្ពុជាទាំង៣ នឹងរួមចំណែកក្នុងការអភិវឌ្ឍប្រ​ទេ​សកម្ពុជា ក្នុងវិស័យសោតទស្សន៍  និងផ្សព្វផ្សាយឱ្យទៅជាប្រព័ន្ធឌីជីថល ពេញលេញនិងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឱ្យបានសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។

ជាមួយគ្នានេះ លោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាព និងស្តង់ដាថ្មីស្រឡាងមួយទៀត ដែលមានកម្រិតផ្សាយគុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែកកម្រិត UHD 4K ។ ទូរទស្សន៍ឌីជីថលនេះ ជាថ្នាលប្រមូលផ្ដុំនៃកម្ម វិធីសិល្បៈ កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្ត្រី និងទស្សនីយភាពដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្ដល់ជូនចំណីចក្ខុ ដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services”។

លោកឧកញ៉ាបន្តថា “នេះជាភាពរីកចម្រើនមួយដ៏ធំ ក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ស្របតាមគោល នយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤”។លោកបន្តថា “ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរតាមបច្ចេកវិទ្យាឈានមុខ ទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិត ឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែកពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃ គ្រប់វេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ”៕

ទីផ្សារអចលនទ្រព្យទូទាំងពិភពលោកហាក់នៅទ្រឹង ខណៈតម្លៃចេះតែបន្តហក់ឡើងខ្ពស់

ដោយៈសុខុម

អន្តរជាតិៈ ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ មិនងាយនឹងផុតរលត់ឆាប់ៗឡើយ ប៉ុន្តែតម្លៃអចលនទ្រព្យនៅតែបន្តហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅតាមទីក្រុងមួយចំនួន ដូចជា ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ទីក្រុងប៉ារីស នៃប្រទេសបារាំង និងទីក្រុងវែនឃូវើ (Vancouver) នៃប្រទេសកាណាដា និងប្រទេសនូវែលសេឡង់ ជាដើម។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី២៥ សីហា។

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី SRX Property បាននិយាយកាលពីសប្ដាហ៍មុនថា ឆ្លងទៅម្ខាងផ្លូវដែក Causeway ក្នុងប្រទេសម៉ាឡេស៊ី ការលក់ខុនដូមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ទិន្នន័យអចលនទ្រព្យ នៅលើគេហទំព័ររបស់ក្រុមហ៊ុនខាងលើនេះបានបង្ហាញថា ចំនួននៃការលក់ខុនដូបានកើនឡើង២២.៥%ក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះ២ខែជាប់ៗគ្នា ហើយតម្លៃបានបន្តហក់ឡើងខ្ពស់ ដោយសារមនុស្សសម្រុកនាំគ្នាទិញ។

កាលពី៣សប្តាហ៍មុន អាផាតម៉ិនមួយដែលមាន៥បន្ទប់នៅតំបន់ Bishan ក្នុងប្រទេសសិង្ហបុរី លក់បានថ្លៃដល់ទៅប្រមាណ៩៦៤.០០០ដុល្លារអាមេរិក ដោយបំបែកកំណត់ត្រាចាស់ ប្រមាណ៩៣៧.០០០ដុល្លារអាមេរិក។

សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីសប្តាហ៍មុនថា ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ទទួលបានរំហូរចំណាយខ្ពស់ រហូតដល់ទៅ២៤,៣ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំនេះ។

ទោះជាយ៉ាងណា លោក Foo Gee Jen នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ី CBRE | WTW បានព្យាករថា ការងើបឡើងនៃទីផ្សារអចលនទ្រព្យ នឹងនៅតែមានសន្ទុះយឺតសន្សឹមៗ។

ទន្ទឹមនេះ លោកStanley Toh នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ី LaurelCap Sdn Bhd រំពឹងថា នៅពេលបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ត្រូវបានដោះស្រាយ ទីផ្សារអចលនទ្រព្យនឹងស្ទុះងើបឡើងវិញយ៉ាងរហ័ស។ លោកបានបន្តថា ពលរដ្ឋអាស៊ី ចូលចិត្តទិញអចលនទ្រព្យទុកជាការវិនិយោគរយៈពេលវែង ហើយប្រជាជនម៉ាឡេស៊ី នឹងសម្រុកទិញអចលនទ្រព្យតាមគ្នា នៅពេលឃើញគេចាប់ផ្ដើមទិញ។

ទោះជាយ៉ាងណា អ្នកជំនាញអចលនទ្រព្យទាំង៣រូបនេះបានគូសបញ្ជាក់ថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ប្រសិនបើទីផ្សារអច​លនទ្រព្យចង់ងើបឡើងវិញឆាប់រហ័ស។

ប្រទេសនានាដូចជាសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម ជាដើមនាំមុខប្រទេសម៉ាឡេស៊ី ទាក់ទងនឹងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI)។ ហើយប្រទេសទាំងនេះ ក៏នៅតាមមិនទាន់បណ្ដាប្រទេសជិតខាងរបស់ខ្លួនផងដែរ ទាក់ទងនឹងការត្រៀមខ្លួនរួចរាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ៕

ឧកញ៉ានួន រិទ្ធីបង្ហើបពីគន្លឹះមួយចំនួនក្នុងការពិចារណាមុនសម្រេចចិត្តទិញផ្ទះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញបាន និងកំពុងស្វែងរកទិញលំនៅ​ឋានសម្រាប់ស្នាកនៅ និងមានប្រជាពលរដ្ឋមួយចំនួនផងដែរ បានទិញផ្ទះហើយក៏លក់ចេញវិញនិងអាចជាខកបំណង ហើយក៏មានពលរដ្ឋមួយចំនួនទៀត ដែលទិញផ្ទះបង់រំលស់ មិនបានប៉ុន្មានផងក៏ជួបវិបត្តិហិរញ្ញវត្ថុ និងត្រូវការលក់ចេញទាំងខាត។

ថ្ងៃនេះយើងនឹងលើកយកពីចំនុចគន្លឹះមួយចំនួន ពីអ្នកជំនាញអចលនទ្រព្យសម្រា​ប់ជាការពិចារណាមុននឹងសម្រេចចិត្តទិញផ្ទះ ។

លោកឧកញ៉ានួន រឹទ្ធ អគ្គនាយកក្រុមហ៊ុន KFA បានបង្ហាញពីគន្លឹះមួយចំនួនសម្រាប់អ្នក ដែលមានតម្រូវការទិញផ្ទះមុននឹងសម្រេចចិត្តទិញ ដោយបានមានប្រសា​សន៍ថា មុននឹងសម្រេចចិត្តផ្ទះពីក្រុមហ៊ុនអភិវឌ្ឍន៍ណាមួយ អ្នកទិញត្រូវទៅដល់ការិយា​ល័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៍និងសួរនាំពីច្បាប់នានា បើសិនជាក្រុមហ៊ុននោះយើងមិនដែលស្គាល់ ត្រូវសួររកពីអាជ្ញាប័ណ្ណ លក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍នោះ ហើយសួរថាតើបុរីនោះមានប្លង់រឹងត្រឹមត្រូវដែរទេ ឬក៏បានបំបែកប្លង់ត្រឹមត្រូវរួចហើយឬនៅ ជៀសវាងមានបញ្ហាដូចក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនកន្លងមក ។

លោកឧកញ៉ាបន្តថា “អ្វីដែលសំខាន់ត្រូវដឹងថា តើអ្នកណាជាអ្នកអភិវឌ្ឍន៍ ហើយអ្នកអភិវឌ្ឍន៍រូបនោះ មានប្រវត្តិបែបណា ធ្លាប់មានបញ្ហាលើការអភិវឌ្ឍដែរទេ ឬក៏បង្កផលប៉ះពាល់ដល់សង្គមឬក៏អតិថិជនកន្លងទៅទេ”។ លោកបន្តថា “បើសិនជាបុគ្គលនោះ ធ្លាប់មានរឿងអាស្រូវឬបង្កផលប៉ះពាល់ យើងត្រូវពិចារណាម្ដងទៀត ហើយបើទោះបីជាក្រុមហ៊ុនលក់លំនៅឋានតម្លៃទាបជាងទីផ្សារក៏ដោយ ក៏មិនគួរប្រថុយដែរ”។

លោកបន្តថា “វារឿងល្អមួយដែរ នៅពេលបច្ចុប្បន្ននេះ ដែលច្បាប់ថ្មីមិនអនុញ្ញាត  ឱ្យម្ចាស់បុរី ឬអ្នកអភិវឌ្ឍន៍យកប្លង់ដីទៅបញ្ចាំ ឬដាក់នៅធនាគារ ពីព្រោះកន្លងទៅ មានម្ចាស់បុរីមួយចំនួនយកប្លង់ទៅដាក់នៅធនាគារ និងកំពុងសាងសង់ស្រាប់តែ ក្រុមហ៊ុនមានទំនាស់ផ្ទះក្នុង ឬមានទំនាស់ប្តីប្រពន្ធ ធ្វើឱ្យគ្មានអ្នកណាទទួលខុសត្រូវលើសំណង់ នាំឱ្យធនាគារត្រូវរឹបអូសយកប្លង់នោះ”។

សម្រាប់អ្នកដែលទិញផ្ទះដោយបង់រំលស់នោះ គឺត្រូវគិតពីចំណូលនិងចំណាយប្រចាំខែរបស់ខ្លួន ថាតើអាចរ៉ាប់រងនឹងបង់រំលស់ប្រចាំខែបានដែរទេ ពីព្រោះបច្ចុប្បន្នមានអ្នកទិញផ្ទះបង់រំលស់ជាច្រើនបានទិញហើយ តែបានប៉ុន្មានឆ្នាំក៏ជួបបញ្ហាហិរញ្ញវត្ថុមិនអាចរ៉ាប់រងបានក៏លក់ទៅក្រុមហ៊ុនអភិវឌ្ឍ ឬទៅអ្នកទី៣ក្នុងតម្លៃទាបជាងទីផ្សារ។

ការទិញផ្ទះដោយបង់រំលស់ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ និងអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា មិនគួរឱ្យលើសពី៣០ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួននោះឡើយ បើពុំនោះ នឹងអាចជួបបញ្ហាហិរញ្ញវត្ថុនៅថ្ងៃណាមួយមិនខាន៕

អ្នកឧកញ៉ាលី ហួរៈក្រុមហ៊ុនបុរីធំៗនៅតែបន្តដំណើរការទៅមុខ ខណៈក្រុមហ៊ុនតូចៗប្រឈមមុខនឹងការលំបាក

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះក្រុមហ៊ុនសំណង់ និងអ្នកសាងសង់បុរីធំៗនៅតែដំណើរការ ប៉ុន្តែក្រុមហ៊ុនតូចៗបានជួបបញ្ហាប្រឈមមួយចំនួន។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៦ សីហានេះថា ស្ថានភាពជាទូទៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនសាងសង់បុរីធំៗនៅតែដំណើរការគំរោងរបស់ខ្លួន ខណៈគំរោងតូចៗបានជួបបញ្ហាដោយសារវិបត្តិជំងឺកូវីដ១៩។

អ្នកឧកញ៉ាបន្តថា “បើក្រឡេកមើលទិដ្ឋភាពជារួម យើងមើលឃើញថាវិស័យសំណង់នៅមានសុខភាពរ៉ឹងមាំាំជាងវិស័យដទៃទៀត ពិសេសវិស័យទេសចរណ៍បានដួលរលំ”។អ្នកឧកញ៉ាបានបន្តថា “ការចាក់វ៉ាក់សាំងបានច្រើនរបស់រដ្ឋាភិបាល ពិតជាល្អ ដែលយើងរំពឹងសេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរ ស្របពេលសមាគមបាននិងកំពុងធ្វើការដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩”។

កាលពីម្សិលម៉ិញនេះ អភិបាលរាជធានីភ្នំពេញបានជួបប្រជុំជាមួយថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីដាក់ចេញវិធានការណ៍រួមចំណែកដល់ការទប់ស្កាត់ជំងឺនេះ នៅតាមការដ្ឋានសំណង់ និងអ្នករស់នៅតាមបុរីនានា។

អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា សមាគមកំពុងយកចិត្តទុកដាក់លើការងារនេះ រួមទាំាំងកក្រុមហ៊ុនរបស់លោកផង ដែលយើងបានធ្វើតេស្តរហ័សជាមួយបុគ្គ
លិកទាំងអស់ ប្រសិនជាមានរកឃើញអ្នកឆ្លងជំងឺនេះ យើងឲ្យពួកគាត់និងអ្នកពាក់ព័ន្ឋសំរាកមួយរយៈ ដើម្បីព្យាបាលនិងធ្វើចត្តាឡីស័ក។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង មានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ។ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយនិងវិស័យឯកជន អាជ្ញាធរបានទប់ស្កាត់នូវការរីករាលដាលជំងឺនេះមិនឲ្យរីករាលដាលកាន់តែធំបានយ៉ាងល្អ។

លោកបន្តថា ការបង្កើតឲ្យមានកិច្ចប្រជុំនាពេលនេះ មានគោលបំណងតែមួយគត់ នោះគឺចង់ឲ្យវិស័យឯកជន ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឲ្យបាន។ មានន័យថា បើទោះបី ជំងឺកូវីដ-១៩នៅតែកើតមាន តែសកម្មភាពការងារនានាលើវិស័យសំណង់ មិនត្រូវបានផ្អាកដំណើរការនោះទេ។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន សម្ដេចបានខិតខំរកអស់គ្រប់មធ្យោបាយ ដើម្បីកៀងគរធ្វើយ៉ាងណារកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យបានគ្រប់គ្នា ជាមួយនឹងការរក្សានូវវិធាន របស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំ និង៣ការពាររបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យការរីករាលដាលជម្ងឺកូវីដ-១៩ អាចទប់ស្កាត់បាន៕

Harbor Property បង្កើតគណនីប្រើប្រាស់ស្វែងរកទិញ និងជួលអចលន​ទ្រព្យនៅកម្ពុជា

ដោយៈសហសេវិក

ភ្នំពេញ Harbor Property គឺជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានការដាក់លក់ ឬជួលនូវអចលទ្រព្យគ្រប់ប្រភេទរួមមាន ដី លំនៅឋាន ខុនដូ អាផាម៉ិន គម្រោងអភិវឌ្ឍន៏ថ្មីៗ រួមទាំងប្រភេទអចលទ្រព្យពាណិជ្ជកម្ម និងផ្ទះលក់បន្តជាច្រើន។

វាគឺជាគម្រោងមួយរបស់ក្រុមហ៊ុន Digital Life Technology Co., Ltd., ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៨។​

 Harbor Property បានផលិតព័ត៌មានថ្មីៗ និងដំបូន្មានដ៏មានសារៈសំខាន់ជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់អតិថិជនគ្រប់រូប ដែលចូលមកកាន់គេហទំព័ររបស់យើង។ គោលបំណង​នៃការបង្កើតគេហទំព័រនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលកំពុងស្វែងរកទិញ ឬជួលអចលទ្រព្យក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែរហ័សជាងមុន និងងាយស្រួលជាងមុន។

គេហទំព័រអចលនទ្រព្យ Harbor Property មានរហូតដល់ទៅ៤ភាសា៖ ភាសាខ្មែរ អង់គ្លេស ចិន និងថៃ។ មិនថាលោកអ្នកប្រើប្រាស់នៅលើកុំព្យូទ័រ ឬតាមកម្មវិធី App ក្នុងទូស័ព្ទដៃនោះទេ អ្នកអាចជ្រើសរើសភាសាណាមួយដែលអ្នកពេញចិត្ត។

ការចុះឈ្មោះ​ ឬបង្កើតគណនីក្នុងគេហទំព័រ និងតាម App

របៀបចុះឈ្មោះ ឬបង្កើតគណនីតាមរយៈគេហទំព័រ និងតាម App​ គឺមានភាពងាយស្រួលដូចគ្នា ដោយលោក អ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ ហើយទាញយកកម្មវីធី App  រួចជ្រើសរើសពាក្យចុះឈ្មោះ បំពេញលេខទូរស័ព្ទ បន្ទាប់មកចុចលើពាក្យសូមបញ្ចូនលេខកូដសម្រាប់ធ្វើការផ្ទៀងផ្ទាត់ នោះអ្នកនឹងទទួលបានលេខកូដសម្ងាត់៤ខ្ទង់ រួចធ្វើការបំពេញចូល។ ចុងក្រោយ សូមធ្វើការបំពេញពាក្យសម្ងាត់ផ្ទាល់របស់អ្នក បន្ទាប់មកប្រតិបត្តិការនៃការចុះឈ្មោះនឹងទទួលបានជោគជ័យ។

ទន្ទឹមនេះ លោកអ្នកក៏អាចភ្ជាប់គណនី តាមរយៈបណ្ដាញសង្គម Facebook WeChat​ ឬ គណនីGoogle​​ ជីម៉ែលបានដូចគ្នា​ ដោយអ្នកគ្រាន់តែចុចយកមួយក្នុងចំណោ​មគណនីដែលបានភ្ជាប់រួចជាការស្រេច។

ការស្វែងរកអចលនទ្រព្យ

សម្រាប់អ្នកដែលកំពុងស្វែងរកអចលទ្រព្យ តាមរយៈកម្មវិធីHarbor Property  អ្នកគ្រាន់តែចូលទៅកាន់កន្លែងស្វែងរកទិញ ឬជួល រួចធ្វើការបញ្ចូលទីតាំងប្រភេទអចលនទ្រព្យ តម្លៃ និងព័ត៌មានផ្សេងៗ ដែលជាតម្រូវការរបស់អ្នក បន្ទាប់មកលោកអ្នកអាចទំនាក់ទំនងទៅកាន់ភ្នាក់ងារអចលទ្រព្យ ឬម្ចាស់អចលនទ្រព្យនោះផ្ទាល់ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត។

ម៉្យាងវិញទៀត អ្នកអាចប្រើប្រាស់មុខងារជំនួយដែលហៅថា Home Finder ឬស្វែងរកផ្ទះនៅលើកម្មវិធី​ Harbor Property App​ ក្នុងទូរស័ព្ទដៃរបស់អ្នក ដោយគ្រាន់តែបំពេញរាល់តម្រូវការ និងលេខទូរស័ព្ទ នោះក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលបានចុះបញ្ជីនឹងទទួលបានព័ត៌មានទាំងនោះ បន្ទាប់មកនឹងធ្វើការទាក់ទងទៅអ្នកវិញភ្លាមៗ។​​ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចធ្វើការសាកសួរព័ត៌មាន តាមអនឡាញឆាតដោយផ្ទាល់ជាមួយភ្នាក់ងារលក់អចលនទ្រព្យ នៅក្នុងគេហទំព័រយើងខ្ញុំផងដែរ​។​

រាល់បញ្ហាបច្ចេកទេស ឬចម្ងល់ផ្សេងៗ សូមទំនាក់ទំនងតាមរយៈ Telegram ឬខលមកកាន់​៖ +855 967876902/+855 66886633។ទាញយក  APP ឥឡូវនេះ៖ iOS & Android:  https://www.harbor-property.com/en/download

ប្រភព: https://www.harbor-property.com/km/wiki/detail/199

ដំណឹងល្អៈ នាវាលួចដឹកប្រេងកម្ពុជាចេញត្រូវបានកងទ័ពជើងទឹកឥណ្ឌូនេស៊ី ចាប់បានហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ បន្ទាប់ពីបាត់ដំណឹងមួយរយៈ ទីបំផុតកងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានរឹបអូសយកនាវាដឹកប្រេងមួយគ្រឿង និងនាវិករបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅជិត៣០ម៉ឺនធុង ពីទុនបំរុងរបស់ប្រទេ​សកម្ពុជា ។

ពួកគេបាននិយាយថា នាវាMT Strovolos ដែលមានទង់ជាតិប្រទេសបាហាម៉ា ត្រូវបានគេរឹបអូសមកកាលពីថ្ងៃទី២៧ ខែកក្កដា នៅឆ្នេរសមុទ្រស៊ូម៉ាត្រា ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងពណ៌ក្រហមមួយ ទៅប៉ូលីសអន្តរជាតិដើម្បីរឹបអូសកប៉ាល់នេះ ដោយអះអាងថា កប៉ាល់នេះបានលួចយកប្រេងឆៅរបស់ប្រទេ​សកម្ពុជា ។

កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនកំពុងសួរចម្លើយនាវិកជនជាតិឥណ្ឌាចំនួន១៣នាក់ ជនជាតិបង់ក្លាដេស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់ នៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី ។

កងទ័ពជើងទឹកនិយាយទៀតថា កប៉ាល់ដឹកប្រេងដែលមានប្រវែង១៨៣ម៉ែត្រ ដែ​លធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះBatam ប្រទេសឥណ្ឌូនេស៊ី បានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួន ហើយបោះយុថ្កាដោយខុសច្បាប់ នៅក្នុងដែនទឹកនៃប្រជុំកោះនេះ ។ពួកគេបន្ថែមថា កាពីតែនបង់ក្លាដែស អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់១៤,០០០ដុល្លារ ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទរំលោភលើដែនសមុទ្រ ។

មេបញ្ជាការកងនាវាចរទី ១ លោក Arsyad Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពជើងទឹកឥណ្ឌូណេស៊ី នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការ ប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទណាមួយ ដែលបានប្រព្រឹត្តនៅក្នុងដែនសមត្ថកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីឡើយ”។

អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថា នាវាដឹកប្រេងនេះ ត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដើម្បីទុកជាផ្នែកមួយនៃការដេញថ្លៃថ្មីៗ របស់កម្ពុជា ក្នុងការទាញយកប្រេងផ្ទាល់ខ្លួន ។

ពួកគេបានបន្ថែមថា ក្រុមហ៊ុនមិនអាចសងបំណុលរបស់ខ្លួន និងបានដាក់ពាក្យប្តឹងឲ្យរំលាយនៅខែមិថុនា ប៉ុន្តែនៅតែមានការចោទប្រកាន់ថា ជំពាក់លុយក្រុមនាវិកដដែរ ។

ស្របពេលជាមួយគ្នានេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលកម្ពុជាបានប្រាប់AFPថា “ក្រុមហ៊ុនបានរាយការ​ណ៍មករដ្ឋាភិបាលរបស់យើងថា នាវាដឹកប្រេងមួយគ្រឿងនេះ បានលួចយកប្រេង ហើយមានប្រេងឆៅប្រមាណ២៩ម៉ឺនបារ៉ែលនៅលើនាវានេះ” ។

លោកបន្ថែមថា “ប៉ុន្តែនាវាដឹកប្រេងបាននិយាយថា ក្រុមហ៊ុន KrisEnergy ជំពាក់លុយគេ ហើយប្រទេសទាំងពីរកំពុងធ្វើការ លើផែនការបញ្ជូនប្រេងមកកម្ពុជាវិញ” ៕

 

CVEA បើកកិច្ចប្រជុំដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំសមាគមអចលនទ្រព្យអាស៊ាន

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានត្រៀមខ្លួន ដើម្បីរៀបចំសមាជលើកទី២៣ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19» របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA)។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសរសេរល់បណ្តាញទំនាក់ទំនងសង្គមកាលពីរសៀលថ្ងៃទី២៥ សីហាកន្លងមកថាសមាជនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ដល់ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការអញ្ជើញ ចូលរួមពីគណៈប្រតិភូមកពី៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។

លោកបន្តថា “កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេស នៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល”៕

អត្រាអត់ការងារធ្វើនៅប្រទេសថៃបានធ្លាក់់ចុះតិចតួចនៅត្រីមាសទីពីរឆ្នាំនេះ

ដោយ សុជាតា

ប្រទេសថៃៈអត្រាអត់ការងារធ្វើ នៅប្រទេសថៃបានធ្លាក់ចុះបន្តិចមកវិញ ដោយសា​រការរឹតបណ្តឹងរបស់រដ្ឋាភិបាល ចំពោះវិបត្តិ Covid19។ នេះបើយោងភ្នាក់ងារផែនការរដ្ឋចេញផ្សាយកាលពីថ្ងៃពុធ។

ការរីករាលដាលបន្តកើនឡើងនៅខែមេសា ដែលធ្វើអោយអ្នកឆ្លងកើនឡើងរហូតដល់១លាននាក់ ដែលបានជំរុញអោយរដ្ឋាភិបាល រឹតបណ្តឹងទីក្រុងបាងកក និងខេត្តមួយចំនួន។ អាត្រាអត់ការងារធ្វើគឺស្ថិតនៅកម្រិត ១៨,៦ភាគរយ គិតចាប់ពីខែមេសា ដល់ខែមិថុនា ដែលតំណាងអោយ៧៣០,០០០នាក់បានបាត់បង់ការងារ ពោលគឺធ្លាក់ចុះពីចំនួន ១៩៦ ភាគរយ នៅចន្លោះខែមករា ដល់ មីនា។

អត្រាមានការធ្វើបានកើនឡើង២ភាគរយ នៅត្រីមាសទីពីរ ថ្វីបើមានការប្រសើឡើងក៏ដោយ ប៉ុន្តែអត្រាអត់ការងារធ្វើនៅខ្ពស់ បើប្រៀបធៀបនឹងមុនវិបត្តិ Covid19 នេះបើយោងលោក Danucha Pichayanan ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

បញ្ហា covid19 ធ្វើអោយប៉ះពាល់សេដ្ឋកិច្ច និងចំណូលកម្មករ ហើយអ្វីដែលយើងត្រូវធ្វើគឺជួយនិយោជករក្សានិយោជិករបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងក្រសួងកាងារបានគាំទ្របន្ថែម ក្នុងការស្វែងរកការងារធ្វើ។

បើតាមរបាយការណ៍ធនាគារកណ្តាលបាន និយាយថាចំនួនអត់ការងារធ្វើរំពឹងថាកើនឡើងដល់៣,៤លាននាក់នៅចុងឆ្នាំ២០២១នេះ ពោលគឺកើនឡើងពីចំនួន៣លាននាក់នៅត្រីមាសទីពីរឆ្នាំមុន៕

មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលមានភាពខុសគ្នាដូចម្តេច?

ដោយៈម៉ាលីនណា

ភ្នំពេញៈ ចំណេះដឹងផ្សារមូលបត្រកម្ពុជា កាន់តែរីកសាយដែលបង្កើនការយល់ដឹង​ដល់មនុស្សកាន់តែច្រើន តែមនុស្សមួយចំនួនក៏នៅមានភាពស្រពេញស្រពិលផងដែរ។

តើអ្វីជា? មូលបត្រ គឺជាកិច្ចសន្យាហិរញ្ញវត្ថុដែលអាចជួញដូរបាន។ កិច្ចសន្យានេះបញ្ជាក់ពីកម្មសិទ្ធិបំណុល ឬសិទ្ធិ/កាតព្វកិច្ចក្នុងការទិញ/លក់ ជាដើម។ ក្នុងនោះមូលបត្រចែកចេញជាពីរ គឺមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។

ទី១ មូលបត្រកម្មសិទ្ធិ
មូលបត្រកម្មសិទ្ឋ សំដៅដល់ផលិតផល​ទ្រព្យកម្មសិទ្ធិ គឺជា​មូលបត្រ​ដែល​បាន​បោះផ្សាយ​ដោយ​ក្រុមហ៊ុនសាធារណៈ ដើម្បី​គៀងគរ​មូលនិធិ​ពីសាធារណៈជន។ វា​រួមបញ្ចូល​ទាំង​ភាគហ៊ុន​របស់​ក្រុមហ៊ុន ដែល​តំណាង​ឲ្យ​ភាព​ជា​ម្ចាស់​របស់​វិនិយោគិន ​នៅក្នុង​ក្រុមហ៊ុន​នោះ។ ភាព​ជាម្ចាស់​នៃ​ទ្រព្យកម្មសិទ្ធិ នឹង​ផ្តល់​សិទ្ធិ​ដល់​ភាគហ៊ុនិក​នូវ​ចំណែក​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​តាមរយៈ​ភាគលាភ។

ភាគហ៊ុនិក​គឺជា​ម្ចាស់​នៃ​អាជីវកម្ម ព្រមទាំង​ចូលរួម​ទទួលនូវ​ការ​ចែករំលែក​ភាព​ជោគជ័យ ឬ​បរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន។ លទ្ធផល​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុនចុះបញ្ជីជា​ធម្មតា ​អាច​វាយ​តម្លៃ​បាន តាមរយៈ​ភាគលាភ​ដែល​ភាគហ៊ុនិក ​បាន​ទទួល និង​តាមរយៈ​ថ្លៃភាគហ៊ុន​ ដែល​បាន​ដាក់​ថ្លៃ​នៅលើ​ទីផ្សារ។ មានមូលបត្រកម្មសិទ្ធិ​2ប្រភេទ ដែល​អាច​ដាក់​ជួញដូរនៅលើ​ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។

ភាគហ៊ុនធម្មតាៈ គឺជា​ភាគហ៊ុន ​ដែលមាន​ការលើកទឹកចិត្ត ​ដោយ​ផ្ទាល់​ដល់​អ្នកកាន់កាប់​ភាគហ៊ុន ​តាមរយៈភាគលាភ ​ដែលទទួលបាន​ពីប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន ការចំណេញ​លើមូលធន និង​សិទ្ធិ​ក្នុងការ​ទិញភាគហ៊ុន​ថ្មី​ របស់​ក្រុមហ៊ុននៅពេល​ដែល​ក្រុមហ៊ុន​សម្រេច​ ក្នុងការ​បង្កើនដើមទុនចុះបញ្ជី​របស់ខ្លួន។

ភាគហ៊ុនបុរិមា
ភាគហ៊ុនបុរិមា​ ក៏ជា​ផ្នែកមួយ​នៃ​ទ្រព្យកម្មសិទ្ធិ​ផងដែរ។ ភាពខុសគ្នា​រវាង​ភាគហ៊ុនបុរិមា និង​ភាគហ៊ុនធម្មតា​គឺ អ្នកកាន់កាប់​ភាគហ៊ុនបុរិមា នឹង​មាន​សិទ្ធិ​ទទួលបាន​មូលនិធិ ឬ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​មុន​ភាគហ៊ុនធម្មតា។

ទី២ មូលបត្របំណុល
មូលបត្របំណុល ជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រួមមានសាជីវកម្ម​​​ សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះ​ផ្សាយ​មូលបត្របំណុល មានកាតព្វកិច្ចបង់ឱ្យវិនិយោគិន នូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើម នៅពេលដែលសញ្ញាបណ្ណនោះ ដល់កាលកំណត់សងដែលហៅថា “ឥណប្រទិទាន”។

ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុន ឬអង្គភាពមួយអាចបោះផ្សាយសញ្ញាបណ្ណទៅឲ្យវិនិយោគិនដោយផ្ទាល់ នៅពេលដែលក្រុមហ៊ុននោះត្រូវការសាច់ប្រាក់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ បន្តប្រតិបត្ដិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុល។

លក្ខណៈខុសគ្នាចម្បងមួយរវាងភាគហ៊ុន និងសញ្ញាបណ្ណ គឺថាសញ្ញាបណ្ណតំណាងឱ្យភាពជាម្ចាស់បំណុល រីឯភាគហ៊ុនតំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិ នៃក្រុមហ៊ុនមួយ។ ថ្លៃភាគហ៊ុនអាចកើនឡើងយ៉ាងឆាប់រហ័ស ប្រសិនបើក្រុមហ៊ុននោះមានការរីកចម្រើន និងមានប្រាក់ចំណេញច្រើន។

ផ្ទុយទៅវិញ សញ្ញាបណ្ណធ្វើការទូទាត់តែការប្រាក់ ដែលបានកំណត់ជាមុន ហើយថ្លៃរបស់វាប្រែប្រួល នៅក្នុងដែនដែលកំណត់ដោយអត្រាការប្រាក់ ពោលគឺមិនមែនកំណត់ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុននោះឡើយ៕