ឧកញ៉ាម៉ន សុខាៈអ្នកអភិវឌ្ឍន៍អចលនទ្រព្យដើរតួសំខាន់ក្នុងការៀបចំហេដ្ឋារចនាសម្ព័ន្ឋនិងលើកកំពស់គុណតម្លៃតំបន់

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៏កម្ពុជា លោកឧកញ៉ាម៉ន សុខាបានមានប្រសាសន៍ថា អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ ដើរតួយ៉ាងសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងលើកមុខមាត់ និងតម្លៃអចលនទ្រព្យក្នុងតំបន់។

លោកបានបន្តថា ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យ គឺជាមុខមាត់ប្រទេសដែលបង្ហាញឲ្យឃើញពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍលើគ្រប់វិស័យ។ អ្នកអភិវឌ្ឍគម្រោង អចលនទ្រព្យ ដើរតួយ៉ាងសំខាន់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំណង់ បង្កើនធនធានមនុស្ស ព្រមទាំងលើកមុខមាត់ និងតម្លៃអចលនទ្រព្យក្នុងតំបន់។

លោកបន្តថា “យើងសង្កេតឃើញថា មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលកើនឡើង ពោលគឺមានអ្នកអភិវឌ្ឍល្អគិតពីផលប្រយោជន៍រួម និងអ្នកអភិវឌ្ឍ មិនល្អគិតតែពីផលប្រយោជន៍ខ្លួនឯង”។

លោកឧកញ៉ាបានបន្តថា អ្នកអភិវឌ្ឍ គម្រោងអចលនទ្រព្យល្អបានជួយលើផ្នែកជាច្រើនដូចជា ផ្តល់អចលនទ្រព្យល្អសម្រាប់ប្រជាពលរដ្ឋ។ បង្កើតចរន្តសេដ្ឋកិច្ច លំហូរសាច់ប្រាក់ ។ផ្តល់ចំណូលចូលរដ្ឋ តាមរយៈការបង់ពន្ធ។ ផ្តល់ឱកាសវិនិយោគ សម្រាប់ប្រជាពលរដ្ឋ លើកស្ទួយមុខមាត់ក្នុងតំបន់ដែលគាត់អភិវឌ្ឍ។ ធ្វើឲ្យដីធ្លីឡើងតម្លៃខ្ពស់ ចំណេញដល់ពលរដ្ឋក្នុងតំបន់ បង្កើតឱកាសការងារច្រើនផ្នែក ផ្តល់ប្លង់កម្មសិទ្ធិត្រឹមត្រូវជូនអតិថិជន។

អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ មិនល្អនាំឲ្យមានផលប៉ះពាល់ដូចជា ប៉ះពាល់ ហិរញ្ញវត្ថុរបស់អតិថិជន (ខាតបង់លុយកាក់ ) ប៉ះពាល់កេរ្តិ៍ឈ្មោះ វិស័យអចលនទ្រព្យ បង្កើតភាពស្មុគស្មាញដល់អាជ្ញាធរ ខាតពេលវេលាអ្នកវិនិយោគ (អតិថិជន ) ខាតអត្ថប្រយោជន៍សង្គមជាតិ បំផ្លាញទំនុកចិត្ត ភាពជឿជាក់ លើវិស័យនេះ និងបង្អាក់ដំណើរអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

រដ្ឋបាលខេត្តកំពតជ្រើសរើសតំបន់ត្រើយកោះធ្វើជាគំរោងអភិវឌ្ឍន៍បៃតង

ដោយៈគង់ សូរិយា

កំពតៈ អភិបាលខេត្តកំពត លោកជាវ តាយបានសម្រេចជ្រើសរើសតំបន់ត្រើយកោះ ស្ថិតនៅទល់មុខទីក្រុងកំពត ជាតំបន់អភិវឌ្ឍន៍បៃតង ដើម្បីលើកកំពស់ការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរណ៍។

ក្នុងពេលចុះពិនិត្យផែនការនេះ កាលពីរសៀលថ្ងៃទី២៥ សីហាកន្លងមកនេះ លោ​កជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា គោលដៅការអភិវឌ្ឍន៍តំបន់បៃតង នៃតំបន់នេះ ដោយសារទីតាំងនេះ មានទេសភាពស្អាតមានការទាក់ទាញទេសចរណ៍ ក៏ដូចជាការបម្រើដល់ការកម្សាន្តលំហែកាយ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅនឹងសម័យកាលបច្ចុប្បន្ន ដែលរដ្ឋបាល និងប្រជាពលរដ្ឋទាមទារការអភិវឌ្ឍន៍ជាសំខាន់ ហើយការអភិវឌ្ឍន៍នោះទៀតសោត ត្រូវធានាដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ជាទូទៅឲ្យបានច្រើនបំផុតផង។

លោកបន្តថា “អាជ្ញាធរជំនាញ និងប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាដើម្បីដោះស្រា​យបញ្ហាប្រឈមជាមួយគ្នា ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍនេះ ក្លាយជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបានបម្រើប្រជាពលរដ្ឋ ឱ្យទទួ​លបានជោគជ័យ”។

លោកអភិបាលខេត្តបានដាក់គោលដៅ ចំនួនបីដូចជា ទី ១-ការពិនិត្យទីតាំងនិងជំរុញការសិក្សា នៃគម្រោងអភិវឌ្ឍន៍តំបន់បៃតងមួយកន្លែង ជាប់មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ទី២-ការពិនិត្យលទ្ធផល និងជំរុញល្បឿនសំណង់ស្ពានបេតុងត្រើយកោះ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន។

ទី៣-ការជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលកំពុងរស់នៅលើដីចំណីព្រែក ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលបានសំណូមពរ ដល់មន្ត្រីជំនាញ ក៏ដូចជារដ្ឋបាលខេត្ត ជួយផ្ដល់ចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់៕

រដ្ឋាភិបាល និង UNESCO ពិភាក្សាពីការដាក់ប្រាសាទដ៏ល្បីល្បាញថ្មីមួយទៀតចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈជាសេនាធិកាបានបើកកិច្ចប្រជុំពិភាក្សាជាមួយអង្គការយូណេស្កូ ដើម្បីដាក់ប្រាសាទកោះកេរ្ត៍ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

កិច្ចពិភាក្សានេះធ្វើឡើងដោយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍ នៃព្រះរាជាណចក្រកម្ពុជា ប្រចាំនៅអង្គការយូណេស្កូ ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៉ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស។

កិច្ចប្រជុំដ៏មានសារៈសំខាន់នវ បានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន ទី១ ប្រធានបទនានាដែលទាក់ទង ជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស ទី២ វឌ្ឍនភាពនៃដំណើរការត្រៀមចុះ តំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២ និងទី៣ កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោ​ក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ ជាមួយលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

អាជ្ញាធរខេត្តកោះកុងចុះពិនិត្យករណីសាងសង់និងឈូសឆាយដីព្រៃនៅតំបន់អភិវឌ្ឈន៍តារាសាគរ

ដោយៈគង់ ម៉ាលីន

កោះកុងៈ អាជ្ញាធរខេត្តកោះកុងបានចុះពិនិត្យ ករណីសាងសង់ផ្ទះ និងឈូសឆាយដីព្រៃបែបអាណាធិបតេយ្យរបស់ប្រជាជលរដ្ឋ នៅក្នុងមូលដ្ឋានឃុំកោះស្តេច ស្រុកគិរីសាគរ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍តារាសាគរ ខេត្តកោះកុង។

ករណីចុះពិនិត្យសកម្មភាពខាងលើនេះ បានដឹកនាំដោយលោកអ៊ុក សុភ័ត្រាអភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពីលោកជំទាវអភិបាល។

លោកអភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ ដោះស្រាយពីរដ្ឋបាលខេត្ត។

តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងាររកឃើញថា ពិតជាមានការសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដែលស្ថិតក្នុងគម្រោងវិនិយោគ របស់ក្រុមហ៊ុនពិតប្រាកដមែន។ ក្រុមការងារនឹងរៀបចំជារបាយការណ៍រួមមួយ ដើម្បីដាក់ជូនលោកជំទាវអភិបាលខេត្ត ពិនិត្យ និងដោះស្រាយ៕

អ្នកស្រីកែវ សុចិន្តាលើកឡើងពីតួនាទីស្រ្តី ក្នុងភាពជោគជ័យខាងវិស័យជំនួញ

ដោយៈសុជាតា

ភ្នំពេញៈ ជាមួយនឹងការបង្កើតក្រុមហ៊ុនរកស៊ីខ្លួនឯង និងភ្នាក់ងារលក់ជាន់ខ្ពស់ថែ​មទៀត អ្នកស្រី កែវ សុចិន្តាបានលើកឡើងថា ការផ្តល់ប្រឹក្សាយោបល់របស់អ្នកមានបទពិសោធន៍ជោគជ័យ និងក្រុមគ្រួសារ បានធ្វើអោយអ្នកស្រីមានកំលាំងទឹកចិត្ត សម្រាប់ដោះស្រាយបញ្ហាលំបាកដែលកើតឡើងចំពោះមុខ។

អគ្គនាយិកាក្រុមហ៊ុន សេវាកម្មបង់ពន្ធអាករ Emerald Agency Limited រូបនេះ បានលើកឡើងថា ចាប់តាំងពី ឆ្នាំ២០១៥ ដោយសារតែចំណេះដឹង និងបទពិសោធន៍ការងារទាក់ទងពន្ធដារ ទើបធ្វើអោយអ្នកស្រីសម្រេចចិត្ត បើកក្រុមហ៊ុនមួយផ្ទាល់ខ្លួនខាងផ្នែកពន្ធដារនេះដែលជា   សេវាកម្មចាំបាច់របស់ទីផ្សារការងារបច្ចុប្បន្ន។

អ្នកស្រីបន្តថា បើទោះបីជាបញ្ហាCovid 19 បានធ្វើអោយប៉ះពាល់ដល់វិស័យបដិ​សណ្ឋាកិច្ច និងសណ្ឋាគារក៏ដោយ ក៏ប៉ុន្តែការពិគ្រោះយោបល់ខាងពន្ធដារ នៅតែមានទីផ្សារជានិច្ច ។ដោយសារមានលក្ខណៈចាំបាច់ ក្នុងការបង់ពន្ធជួនរដ្ឋឱ្យបានត្រឹមត្រូវ និងឱ្យមានប្រសិទ្ធភាព ដូចដែលអ្នកស្រីកែវ សុចិន្តាលើកឡើង Emerald Agency Limited ត្រូវបានបង្កើតឡើយ ដើម្បីដោះស្រាយបញ្ហាបង់ពន្ធដា ររបស់ក្រុមហ៊ុនទាំងឡាយ មិនថាក្រុមហ៊ុនជាតិក្តីឬក្រុមហ៊ុនវិនិយោគអន្តរជាតិក្តី។

អ្នកស្រី កែវ សុចិន្តាបានលើកឡើងថា ការបើកមុខជំនួញ គឺជាការបង្កើតឱកាសដល់ខ្លួនឯង នឹងការចែករំលែកដល់អ្នកដទៃ ការដែលបើកក្រុមហ៊ុននេះឡើង គឺដើម្បីដោះស្រាយបញ្ហារបស់សង្គម និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិថែមទៀតផង។

ក្រៅពីបង្កើតមុខរបរជាអ្នកពិគ្រោះយោបល់ខាងពន្ធដារ អ្នកស្រីក៏ជាភ្នាក់ដារលក់ជាន់ខ្ពស់នៅក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិត AIAផងដែរ៕

កែបគ្រោងនឹងសាងសង់កំពង់ផែទេសចរណ៍មួយនៅកោះទន្សាយតម្លៃ១,៦លាន ដុល្លារនៅចុងឆ្នាំនេះ

ដោយៈវឌ្ឍនៈ

កែបៈ រដ្ឋបាលខេត្តកែបបានអភិវឌ្ឍន៍ គម្រោងមួយចំនួននៅកោះទន្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅសម្រាកកម្សាន្ត ជាក់ស្ដែងក្រោមកម្ចីរបស់ធនាគារADB រដ្ឋបាលខេត្តកែប គ្រោងនឹងបើកការដ្ឋានសាងសង់ កំពង់ផែទេសចរណ៍មួយនៅចុងឆ្នាំ២០២១នេះ មានទឹកប្រាក់ប្រមាណ១,៦លានដុល្លារអាមេរិក។

លោកវ៉ៅ សុខា អភិបាលរងខេត្តកែបបានមានប្រសាសន៍ឱ្យដឹងថា គម្រោងសាងសង់កំពង់ផែថ្មីនេះ ស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប ដែលគ្រោងនឹងបើកការដ្ឋានសាងស់ង នៅអំឡុងខែតុលា២០២១នេះ ហើយគម្រោងគឺទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ។

លោកបន្តថា ក្នុងពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍គម្រោងចំនួន៤រួមមាន ១ អាប្រព្រឹត្តិកម្ម ទី២ ទីលានចាក់សំរាមស្ដង់ដារ  ហើយគម្រោងទាំងពីរបានសាងសង់ និងកំពុងដំណើរការជិតរួចរាល់ហើយផងដែរ។ ទី៣ គម្រោងផ្លូវប្របមាត់សមុទ្រ មានប្រវែងជាង១០គីឡូម៉ែត្រ ទី៤ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ហើយគម្រោងទីពីរនេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំនេះដូចគ្នា ។

លោកបន្តថា “គម្រោងទាំង៤ ដែលទទួលបានហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី មានទឹកប្រាក់សរុបចំនយន៣០លានដុល្លារអាមេរិក”។

នៅក្នុងរយៈពេលចុងក្រោយនេះ ខេត្តកែបក៏ទទួលបាននូវការអារម្មណ៍ពីសំណាក់វិនិយោគិន ក្នុងស្រុកក្នុងការអភិវឌ្ឍដីធ្លីផងដែរ ដោយមានវិនិយោគិនជាច្រើន បានស្វែងរកទិញដីធ្លីនៅក្នុងទឹកដីខេត្តកែប ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ដើម្បីទុកអភិវឌ្ឍន៍នៅពេលអនាគត ហើយខ្លះទិញទុកដើម្បីចំនេញ នៅពេលមានការអភិវឌ្ឍនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ។

ក្រៅពីនោះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកែបក៏ទទួលបានការអភិវឌ្ឍអចលនទ្រព្យពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេសទៅលើវិស័យសណ្ឋាគារ រីសត ផ្ទះសំណាក់ជាដើម ខណៈភ្ញៀវទេសចរទៅលេងខេត្តមួយនេះ ក៏កាន់តែមានចំនួនច្រើនឡើងៗផងដែរ៕

មជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Haun Yu តម្លៃ៣០០លានដុល្លារចាប់ដៃគូសហការលក់ជាមួយក្រុមហ៊ុន PropNex Cambodia

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនPrince Haun Yu ដែលកំពុងវិនិយោគសាងសង់គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅកណ្តាលរាជធានីភ្នំពេញ បានចុះហត្ថលេខាក្នុងភាពជាដៃគូយុទ្ឋសាស្រ្តជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិPropNex Cambodia ដើម្បីចាប់ផ្តើមលក់គម្រោងរបស់ខ្លួន។

នាយកទីផ្សារនៃក្រុមហ៊ុនPrince Haun Yu លោក Liu Guodongបានមានប្រសា សន៍ឱ្យដឹង បន្ទាប់ពីធីចុះហត្ថលេខាក្នុងភាព ជាដៃគូយុទ្ឋសាស្រ្តជាមួយក្រុមហ៊ុនPropNex Cambodiaកាលពីថ្ងៃទី២៤ សីហាកន្លងមកថា PropNex ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំនៅសឹង្ហបុរី និងបានចុះក្នុងបញ្ជីរផ្សារហ៊ុន ហើយបានឈានជើងចូលទីផ្សារកម្ពុជា ដែលបាននិងកំពុងបណ្តុះបណ្តាល ភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលធ្វើឲ្យក្រុមហ៊ុននេះកាន់តែពង្រីកបានទំនុកចិត្តលើទីផ្សារ។

លោកបន្តថា “ការចាប់ដៃគូសហការនេះ ដោយសារលោកមានទំនុកចិត្តលើក្រុមហ៊ុននេះ ដែលជាក្រុមហ៊ុនមានវិជ្ជាជីវៈ និងមានបុគ្គលិកដែលមានជំនាញ និងការបណ្តុះបណ្តាលជាលក្ខណៈអាជីព”។

លោកLiu Guodongបានមានប្រសាសន៍ឱ្យដឹងផងដែរថា នៅក្នុងដំណាក់កូវីដ១៩ មានវិស័យជាច្រើន បានរងផលប៉ះពាល់ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ វាអាចជាឱកា សមួយ សម្រាប់អ្នកវិនិយោគយកផលចំណេញ”។ លោកបន្តថា “អំឡុងពេលនេះអ្នកទិញមានសិទ្ធិអាទិភាព ក្នុងការចរចាជាមួយអ្នកលក់ ក្នុងការទិញគម្រោងណាមួយ ដែលពួកគេពេញចិត្ត”។

លោកបន្តថា កត្តាដែលជំរុញឱ្យយើងបោះទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើធៀបនឹងប្រទេសជិតខាង កម្ពុជាជាប្រទេសដែលទទួលបាន ផលចំណេញខ្ពស់ពីការវិនិយោគ បើធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។

លោកAlan Neo នាយកប្រតិបត្តក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា ដោយសារជាទីតាំងពោរពេញដោយសក្តានុពល អាគារពាណិជ្ជកម្មភ្លោះPrince Huan Yu បាននិងកំពុងក្លាយជាទស្សទាន នៃការអភិវឌ្ឍថ្មីមួយនៅទីក្រុងភ្នំពេញ ដែលផ្តល់នូវជម្រើសដ៏ល្អ សំរាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មីៗ និងការទិញសំរាប់វិនិយោគយកផលចំនេញ។

លោកបន្តថា Prince Haun Yu ជាគំរោងដែលមានការអភិវឌ្ឍន៍ចម្រុះ ពិសេសវាជាគំរោងSOHOលើកដំបូងនៅក្រុងភ្នំពេញ ដែលផ្តល់ឲ្យអ្នកវិនិយោគប្រើប្រាស់ជាការិយាល័យធ្វើការ និងរស់នៅផងដែរ ពិសេសគំរោងនេះមានជាន់ឡៅតឿ ដែលមានកំពស់៥,៤ម៉ែត្រ។ គំរោងនេះក៏មានផ្សារទំនើបកំពស់៥ជាន់ ទំហំ១៧,០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យអ្នកវិនិយោគគំរោងនេះអាចបើកហាងកាហ្វេ សាឡន ហាងកាត់សក់ និងអាជីវកម្មជាច្រើនទៀតផងដែរ។

លោកAlan Neoបានបន្តថា Prince Huan Yuជាគំរោងអាគារភ្លោះ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដែលរួមបញ្ចូលនូវការិយាល័យនិងខុនដូ(SOHO) ចំនួន៦០០យូនីត រួមបញ្ចួលនូវមជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ និងចំណតយានយន្តអាចផ្ទុកយានយន្តបាន៨៧៣ចំណត។

គំរោងនេះស្ថិតនៅលើផ្លូវសុធារស (ចន្លោះក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេងកង ជាតំបន់ដែលមានការរីកចម្រើនលឿន និងល្បីល្បាញជាងគេក្នុងចំណោមជនបរទេស ដែលមកធ្វើការនៅរាជធានីភ្នំពេញ។

លោកAlan Neoបានបន្តថា “យើងមានជំនឿចិត្តថា ការលក់របស់យើងនឹងទទួលបានជោគជ័យ ដោយសារវាជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនដ៏ធំ ពួកគេបន្តសាងសង់ ទោះមានបញ្ហាវិបត្តិកូវីដ”។ លោកបន្តថា “ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍសំរាប់អ្នកចាប់ផ្តើមអាជីវកម្មថ្មី ធ្វើជាការិយាល័យនិងរស់នៅ ការបង់ប្រាក់ងាយស្រួលគ្មានការប្រាក់រយៈពេល៤ឆ្នាំ និងជាតំបន់ពោរពេញដោយភាពរសរវើក សម្រាប់ជីវិតប្រចាំថ្ងៃPrince Haun Yu កំពុងក្លាយជាLand Markថ្មីមួយសំរាប់រាជធានីភ្នំពេញ”៕

ក្រុមហ៊ុនផលិតទឹកដោះគោស្រស់ Vinamilk បន្តពង្រីកទីផ្សារទូទាំងពិភពលោក រួមទាំងនៅទីផ្សារកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនផលិតទឹកដោះគោស្រស់ Vinamilk មានមហិច្ឆតាបន្តពង្រីកខ្លួនទូទាំងពិភពលោក ដើម្បីបម្រើសេចក្ដីត្រូវការក្នុងទីផ្សារអន្តរជាតិ ឱ្យបានកាន់តែច្រើន ដោយក្នុងនោះរួមទាំងទីផ្សារកម្ពុជាផងដែរ។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី២៣ សីហា។

Vinamilk ដែលជាក្រុមហ៊ុនផលិតទឹកដោះគោស្រស់ធំបំផុត នៅប្រទេសវៀតណាម បានប្រកាសការបណ្ដាក់ទុនរួមគ្នាជាមួយ Del Monte ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលចំណីអាហារ & ភេសជ្ជៈឈានមុខគេនៅប្រទេសហ្វីលីពីន។

ក្រុមហ៊ុននេះនិយាយថា ការបណ្ដាក់ទុនរួមគ្នា ក្នុងឧស្សាហកម្មផលិតទឹកដោះគោស្រស់នេះ ដើម្បីធានាផ្ដល់ជូនអតិថិជនហ្វីលីពីន នូវផលិតផលទឹកដោះគោស្រស់ និងភេសជ្ជៈដែលមានផលល្អ សម្រាប់សុខភាពជាមួយរសជាតិឆ្ងាញ់ ហើយតម្លៃសមរម្យ។ តាមការរំពឹងទុក ផលិតផលរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាខាងលើនេះ នឹងទៅដល់ដៃអតិថិជនហ្វីលីពីន នៅខែកញ្ញា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុន Vinamilk មានរោងចក្រចំនួន៣កន្លែង នៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក នូវែលសេឡង់ និងកម្ពុជា ព្រមទាំងកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះមួយនៅប្រទេ​សឡាវផងដែរ។ តាមការរំពឹងទុក ដំណាក់កាលសាងសង់ទី១ នៃកសិដ្ឋានចិញ្ចឹមគោ៨.០០០ក្បាល ដែលអាចផលិតទឹកដោះ បានប្រមាណ៤៤.០០០តោនក្នុងមួយឆ្នាំៗនេះ អាចនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី១ ដើមឆ្នាំ២០២២។

បង្កើតឡើងក្នុងឆ្នាំ១៩៧៦ បច្ចុប្បន្នក្រុមហ៊ុន Vinamilk មានរោងចក្រសរុបចំនួន១៦កន្លែង និងកសិដ្ឋានចិញ្ចឹមគោចំនួន១៣កន្លែង នៅប្រទេសវៀតណាម និងនៅបរទេស៕

អភិបាលខេត្តកណ្តាលៈការស្ថាបនាផ្លូវរត់ទី១របស់ព្រលានយន្តរជាតិភ្នំពេញថ្មីនឹងបញ្ចប់នៅដើមត្រីមាសទី១ឆ្នាំ២០២៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តកណ្តាល លោក​ គង់​ សោភ័ណ្ឌ​បាន​​ឱ្យ​ដឹង​ថា​ ​ផ្លូវ​រត់​ទី​១​ (Runway1) ​ព្រលាន​យន្តហោះ​ថ្មី​ នៅ​​ស្រុក​កណ្ដាល​​​ស្ទឹង នឹង​បញ្ចប់​ការ​​ស្ថាបនា​​ឱ្យ​បាន​​មុន​​ត្រីមាស​ទី​​១ ឆ្នាំ​២០២៣​​​​ខាងមុខ ដោយផ្លូវ​រត់​នេះមាន​ទទឹង១០០ម៉ែត្រ បណ្ដោយ៤០០០ម៉ែត្រ ប្រើ​ប្រាស់​ផ្ទៃ​ដីចំនួន៤០ហិកតា​។ ​

លោកគង់ សោភ័ណ្ឌបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុង​​ឱកាស​​ផ្ដល់វិញ្ញាប​នបត្រ​សំគល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុង​គម្រោង​ស្ថាប​នា អាកា​សយានដ្ឋាន​អន្តរជាតិភ្នំពេញថ្មី ​ចំនួន១៦នាក់ នា​​​​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១​នេះ​។

លោកបន្ត​ថា “ការ​បង្កើត​​គម្រោងសាង សង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺ​ជា​គោលការណ៍​សម្រេច របស់រាជរដ្ឋាភិបាលលើផ្ទៃដី២៦០០ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាល ទំហំ២៤២៦ហិកតា និងខេត្តតាកែវ១៧៤ ហិកតា”។លោក​​បាន​បន្ថែម​​ថា​ “ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែលនឹង​មាន​ព្រលាន​យន្តហោះខ្នាតអន្តរជាតិ កើត​មាន​ឡើង​នៅ​លើ​ទឹកដីកំណើតរបស់ខ្លួន”។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​១,៥០០​លាន​ដុល្លារ​។ អាកាស​យានដ្ឋាន​​នេះ សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ​២,៦០០​ហិកតា គ្រោង​​បញ្ចប់​ការសាងសង់​នៅ​ក្នុង​ឆ្នាំ​២០២៣​ខាងមុខ​។ សមត្ថភាព​ប្រលាន​នេះ​ អាច​ទទួល​អ្នក​ដំណើ​រ​បាន​ប្រមាណ​១៣​លាន​នាក់ ​នៅក្នុង​ឆ្នាំ​២០២៣, ៣០​លាន​នាក់​នៅក្នុង​ឆ្នាំ​២០៣០ និង​៥០​លាន​នាក់​នៅក្នុង​ឆ្នាំ​២០៥០​។​

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កាណាឌីយ៉ា​គ្រុប និង OCIC ធ្លាប់​បានមានប្រសាសន៍ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន ​Foster & Partners ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​។ អាកាស​យានដ្ឋាន​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F ជា​អាកាសយានដ្ឋាន​ធំ​បំផុត​លំដាប់​ទី​៩ នៅក្នុង​ពិភពលោក ដែល​ស្ថិតនៅ​លំដាប់​ពីក្រោយ​អាកាសយានដ្ឋាន Chicago O’Hare និង​លំដាប់​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិ ​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​។​

ក្រោយ​ពេល​សាងសង់​ចប់ អាកាសយានដ្ឋាន​ថ្មី​នេះ ​នឹង​សមត្ថភាព​ទទួល​យន្តហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់​ផ្លូវ​ឆ្ងាយ ព្រមទាំង​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​បាន​ចំនួន​៣០​លាន​នាក់​នៅ​ឆ្នាំ​២០៣០ និង​នៅ​ឆ្នាំ​២០៥០ វា​នឹង​អាច​ទទួល​អ្នកដំណើរ​រហូតដល់៥០​លាន​នាក់​ស្របតាម​ផែនការមេ៕​

​​​​​​

 

នាយករដ្ឋមន្ត្រីកាណាដាចេញបម្រាមមិនឱ្យជនបរទេសទិញផ្ទះដើម្បីទប់តម្លៃផ្ទះហក់ឡើងខ្ពស់

ដោយៈសុខុម

ក្រុងអូតាវ៉ា: នាយករដ្ឋមន្ត្រីកាណាដាJustin Trudeauបានសន្យាថា នឹងដាក់ចេញបម្រាមមិនឱ្យជនបរទេសទិញផ្ទះរយៈពេល២ឆ្នាំ ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋានឡើងថ្លៃខ្ពស់នៅក្នុងប្រទេសនេះ ប្រសិនបើលោកជាប់ឆ្នាំមួយអាណត្តិទៀត។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី២៥ សីហា នេះ។

ការសន្យារឹតបន្តឹងទីផ្សារអចលនទ្រព្យ ប្រភេទលំនៅដ្ឋាននេះ គឺដើម្បីទប់តម្លៃផ្ទះដែលហក់ឡើងខ្ពស់ យ៉ាងរហ័សអំឡុងវិបត្តិកូវីដ-១៩។ ការឡើងថ្លៃផ្ទះ បានក្លាយជាបញ្ហាដ៏សំខាន់មួយ ក្នុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតថ្ងៃទី២០ ខែកញ្ញា ឆ្នាំនេះដែលលោក ទ្រូដូ សង្ឃឹមថា នឹងទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងសភា ព្រោះគណបក្សធំៗទាំង៣សុទ្ធតែសន្យាថានឹងរឹតបន្តឹងទីផ្សារលំនៅដ្ឋាន។

នៅឯព្រឹត្តិការណ៍ធ្វើយុទ្ធនាការឃោសនា រកសំឡេងគាំទ្រនៅក្រុង Hamilton ក្នុងខេត្ត Ontario លោក ទ្រូដូ បានថ្លែងថា “បងប្អូនមិនគួរចាញ់សង្គ្រាមដេញថ្លៃ ទិញផ្ទះរបស់បងប្អូនក្រោមកណ្ដាប់ដៃឈ្មួញ ទិញផ្ទះទុកចំណេញឡើយ”។ លោកបន្តថា “ទ្រព្យសម្បត្តិរបស់ជនបរទេស លែងអាចយកមកបង្កប់ទុកក្នុងផ្ទះ ដែលមនុស្សគួររស់នៅទៀតហើយ”។

ប្រជាពលរដ្ឋកាណាដា មានការមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះទីផ្សារលំនៅ     ដ្ឋាន ដែលហក់ឡើងថ្លៃកាន់តែខ្ពស់ ដោយសារអ្នកទិញជាជនបរទេស ជាពិសេសនៅទីក្រុង Vancouver ដែលទីផ្សារលំនៅដ្ឋានត្រូវប៉ាន់ខ្លាំង ក្នុងចំណោមជនជាតិចិន ទៅពីក្រុងហុងកុង និងចិនប៉េកាំង ដែលមិនមែនជាអ្នករស់នៅអចិន្រ្តៃយ៍។

ការលក់ផ្ទះបន្តឱ្យទៅម្ចាស់ថ្មីបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីសកម្មភាពលក់ដូរផុសផុលខ្លាំង ប៉ុន្តែតម្លៃនៅតែខ្ពស់ខ្លាំងដដែល។

យោងតាមសមាគមអចលនទ្រព្យកាណាដា (CREA) ឱ្យដឹងថា តម្លៃផ្ទះជាមធ្យមមួយខ្នងលក់ ក្នុងតម្លៃ៦៦៩.២០០ដុល្លារកាណាដា (៥២៩.៨៤០ដុល្លារអាមេរិក) ក្នុងខែកក្កដា ដោយកើនឡើងដល់ទៅ១៦% បើធៀបទៅនឹងឆ្នាំ២០២០។

ក្រុមមន្ត្រីមកពីគណបក្សសេរីនិយម (Liberal Party) ក៏កំពុងស្នើឱ្យមានបម្រាមលើការដេញថ្លៃកំបាំងមុខ គណនីសន្សំរួចពន្ធសម្រាប់អ្នកទិញផ្ទះដំបូង និងការត្រួតពិនិត្យបន្ថែមទៀត លើឧស្សាហកម្មអចលនទ្រព្យផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់។ ពួកគេក៏ប្តេជ្ញាបន្ថែម ឬជួសជុលផ្ទះចំនួន១,៤លានខ្នងទៀត សម្រាប់ទីផ្សារលំនៅដ្ឋានក្នុងរយៈពេល៤ឆ្នាំខាងមុខនេះផងដែរ។

លោក ទ្រូដូ បានថ្លែងក្នុងពិធីធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រថា “វាមិនមែនជារឿងធម្មតាឡើយ ដែលសហគមន៍ដែលបងប្អូនទាំងអស់គ្នាធំដឹងក្ដី មិនមែនជាកន្លែង ដែលបងប្អូនអាចកសាងជីវិតរស់នៅ ចិញ្ចឹមគ្រួសារ ឬរស់ដល់ចាស់បាន។ នោះក៏ព្រោះតែអ្នកទាំងអស់គ្នា បាត់បង់ឱកាសក្នុងរូបភាពអយុត្តិធម៌”៕