ក្រុមហ៊ុនវិនិយោចិនដ៏ធំមួយគ្រោងបង្កើនទុនវិនិយោគ១៦ពាន់លានដុល្លារលើគ្រោង វិនិយោគមួយនៅខេត្តព្រះសីហនុ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគរបស់អ្នកវិនិយោគចិន នៅក្នុងប្រទេសកម្ពុជា ព្រីនស៍រៀលអ៊ីស្ទេតគ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន បានបណ្ដាក់ទុនទឹកប្រាក់ជាច្រើនមកដល់សព្វថ្ងៃនេះ។

ជាពិសេសក្រុមហ៊ុននេះបានវិនិយោគ លើគម្រោងអចលនទ្រព្យធំៗនៅក្នុងប្រទេ​សកម្ពុជា គឺបានក្ដោបក្ដាប់ដោយក្រុមហ៊ុនមួយនេះផងដែរ ។ ថ្មីៗនេះក្រុមហ៊ុនវិនិយោគមួយនេះបានបណ្ដាក់ទុនវិនិយោគ នៅក្នុងខេត្តព្រះសីហនុ លើគម្រោងអភិវឌ្ឍទីក្រុងរាម និងបានប្ដេជ្ញាថា នឹងជំរុញការវិនិយោគគម្រោងមួយនេះ ឱ្យបានដល់១៦ពាន់លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន វិនិយោគលើគម្រោងអភិវឌ្ឍន៍ទីក្រុងរាមបានឱ្យដឹងថា ព្រីនស៍ ហូលឌីង គ្រុបកំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋាននាពេលខាងមុខ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពឈានមុខគេមួយ នៅប្រទេសកម្ពុជាក្នុងគោលបំណង ធានាបាននូវការវិនិយោគ សម្រាប់តំបន់នេះសរុបប្រមាណ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងចម្ងាយ១០នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលមានគោលបំណងរួមចំណែក ដល់ការស្តារសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ។

នាពេលខាងមុខនេះ ព្រីនស៍ ហូលឌីង គ្រុបកំពុងតែបោះជំហានទៅមុខដោយបន្តស្វែងរកឱកាសដើរតួនាទីយ៉ាងសំខាន់ នៅកម្ពុជាតាមរយៈភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់ទៅក្នុងវិស័យសំខាន់ៗ ដើម្បីភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់ ។
លោក Liu Guodong អ្នកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនព្រីនស៍ហ័នយូជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនព្រីនស៍គ្រុបបានឱ្យដឹងថា ទោះបីជាស្ថិតនៅក្នុងដំណាក់កាលកូវីដ១៩ក្ដី តែក្រុមហ៊ុនព្រីនស៍នៅតែបន្តបោះទុន វិនិយោគប្រកបដោយភាពជឿជាក់ ពីព្រោះក្រុមហ៊ុនផ្នែកមានហិរញ្ញវត្ថុរឹងមាំ និងមិនងាយមានវិបត្តិហិរញ្ញវត្ថុឡើយ។

លោកបន្តថា “នៅក្នុងវិបត្តិយើងក៏បានអភិវឌ្ឍន៍គម្រោងថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការនៅពេលនេះផង នៅនៅពេលអនាគតផង”។

លោកបន្តថា នៅក្នុងវិបត្តិកូវីដ១៩នេះ វាជាឱកាសមួយសម្រាប់អ្នកចង់ទិញអច​លនទ្រព្យ ពីព្រោះពួកគេមានអាទិភាព ក្នុងការចរចា និងទទួលបានការបញ្ចុះតម្លៃពិសេសៗជូន ។

លោកLiu Guodorngបានបន្តជឿជាក់ថា “នៅក្នុងពេលអនាគតប្រទេសកម្ពុជានឹងមានការរីកចម្រើន ដូចនឹងប្រទេសជិតខាងនៅពេលនេះផងដែរ ពីព្រោះសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏មិនខុសពីស្ថានភាពប្រទេសជិតខាង កាលពីអតីតកាលនោះទេ”៕

តើការចាក់វ៉ាក់សាំងដូសទី៣មុនកាលកំណត់មានប្រសិទ្ឋភាពដែរឬទេ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ កំពុងត្រូវបានជំរុញនិងលើកទឹកចិត្តពីរដ្ឋាភិបាល ប៉ុន្តែប្រសិនជាចាក់មុនកាលកំណត់ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២រួច តើការចាក់វ៉ាក់សាំងដូសទី៣មានប្រសិទ្ឋភាពដែរឬទេ?។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះថា អ្នក​ចាក់​វ៉ាក់សាំង​ទើប​បាន២ខែ ហើយ​ចង់​ចាក់​ដូស​ទី៣ ក៏​មិន​មាន​ប្រ​យោ​ជន៍ឬប្រសិទ្ធភាព​អ្វី​ដែរ ហើយ​ណាមួយ​វា​ខុស​ទៅ​នឹង​គោលការណ៍ ​​ដែល​បាន​កំណត់​ទៀត​ផង។

លោកជំទាវ​បន្ថែម​ថា​ “វ៉ាក់សាំង​បើ​ចាក់​ចូល​ក្នុង​ខ្លួន​យើង​ហើយ ​មិន​អាច​យក​ចេញ​មក​វិញ​បាន​ទេ។ ដូចនេះ​មុន​នឹង​សម្រេចចិត្ត​ចាក់ ​ត្រូវ​គិត​គូរ​ឲ្យ​​បាន​ច្បាស់លាស់​ ហើយ​ត្រូវ​មើល​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ”។

ការ​បង្ខំ ​ឬ​តាម​គេ​អូសទាញ​នៃ​ពាក្យ​ចចាមអារ៉ាម ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​តែ​ខ្លួនឯង​នោះ​ទេ។ ហើយ​បើ​ចាក់​រួច​ក៏​គ្មាន​ប្រយោជន៍​ដែរ ​ព្រោះ​មិន​ទាន់​គ្រប់ខែ​ត្រូវ​ចាក់​ដូស​ទី៣។ ដូច្នេះ​ទើប​ក្រសួងសុខាភិបាល​លោក ​បាន​កំណត់ ​និង​ប្រកាស​ពី​ពេល​វេលា​ច្បាស់ៗ​ សម្រាប់​ឲ្យ​បងប្អូន​ប្រជាជន​យើង​បាន​ដឹង។ ចៀសវាង​ភាន់ច្រឡំ​ដោយ​ប្រការ​ណាមួយ​ នាំ​ឲ្យ​ទៅ​ប្រជ្រៀត​គ្នា​ចាក់​វ៉ាក់សាំង​ជាមួយ​អ្នក​​គ្រប់​ខែ​ត្រូវចាក់ដែរ។លោកជំទាវបញ្ជាក់។

បើទោះ​បី​ជា​វ៉ាក់សាំង​អាច​ការពារ​យើង ​មិន​ឲ្យ​ឈឺ​ធ្ងន់​បាន​ពិត​មែន ​តែ​ពលរដ្ឋ​ម្នាក់ៗ​កុំ​អាង​មាន​អាវ​ក្រោះ​ការពារ​មិន​ខ្លបខ្លាច​ជំងឺ​។ ដោយសារ​វីរុស​នា​បច្ចុប្បន្ន​នេះ​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ ​និង​ល្បី​ឆ្លង​លឿន​មិនធម្មតា​ ហើយ​គ្រប់គ្នា​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ ៣កុំ ៣ការពារ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​ ជាពិសេស​នោះ​គឺ​គ្រួសារ​និង​សហគមន៍​ទាំងមូល។

វ៉ាក់សាំង​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ​ក្នុង​ការ​កាត់បន្ថយ​ការ​ចម្លង​ពី​ធ្ងន់​ទៅ​ស្រាល​ និង​កាត់បន្ថយ​អ្នក​ជំងឺ​សម្រាក​ពេទ្យ​ផង​ដែ​រ។ ដូចនេះ​សូម​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​វេន​របស់​ខ្លួន ​ដើម្បី​ឲ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍​ ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​និង​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ៕

ក្រសួងពាណិជ្ជកម្ម និងស្ថានទូតអូស្រ្តាលីបង្ហាញលទ្ឋផលសិក្សាលើផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ចំនួន៩មុខ

ដោយៈសុជាតា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតអូស្រ្តាលីនៅកម្ពុជាបានសិក្សា និងបង្ហា​ញលទ្ឋផលនៃការសិក្សាលើផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ចំនួន៩មុខ ដែលលទ្ឋផលនេះបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៥ សីហានេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ លទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រា​ប់ផលិតផលកសិ​កម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា តាមប្រព័ន្ឋវីដេអូថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ របស់កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី។

លទ្ឋផលនៃការសិក្សានេះ បានបង្ហាញអំពីផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់កម្ពុជាចំនួន៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា  ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀម សម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធនឹងផលិតផលកសិកម្មកម្ពុជាដែលមានតម្លៃខ្ពស់ទាំងនេះ អំពីកាលានុវត្តភាពនៃផលិតផល និងទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់ផ្សេងទៀត ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ជាពិសេសការពង្រីកអាជីវកម្ម ឱ្យបានកាន់តែប្រសើរ សំដៅរួមចំណែក ក្នុងការអភិវឌ្ឍន៍ពាណិជ្ជូបនីយកម្មនៅកម្ពុជា ប្រកបដោយបរិយាប័ន្ន ដែលនឹងជួយរួមចំណែកគាំទ្រ ដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្រ្តី ក៏បង្ហាញអំពីសមិទ្ធផលនិងផែនការការងារ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាននិងកំពុងអនុវត្ត រួមមាន ការបញ្ចប់និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ការងារអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ការងាររៀបចំយុទ្ធសាស្រ្តទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរី និងការងារអាទិភាពផ្សេងទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនិងបន្ទាប់ពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ លោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផងដែរថា វិស័យកសិកម្មបានផ្តល់ឱ្យកម្ពុជានូវស្ថិរភាព ដែលត្រូវការជាចាំបាច់ក្នុងកំឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា ការសិក្សារបស់ “CAVAC” លើផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជានេះ ជាមគ្គុទេសន៍ថ្មីមួយ សម្រាប់ការរីកចម្រើននាពេលអនាគត តាមរយៈការលើកទឹកចិត្តវិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកបដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី។ ទាំងនេះនឹងជួយធ្វើឱ្យវិស័យកសិកម្មមានភាពធន់និងការប្រកួតប្រជែង៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគប្រមាណ៨០លានដុល្លារក្នុងរយៈពេលជាងបីសប្តាហ៍

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ នៅក្នុងខែសីហា២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១២ គិតជាទឹកប្រាក់ជិត៨០លានដុល្លារអាមេរិក និងបានផ្ដល់កំលាំងពលកម្ម ដល់ពលរដ្ឋកម្ពុជាជាច្រើននាក់ផងដែរ ។ នេះបើយោងតាមសេចកក្តីប្រកា​សរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយជាបន្តបន្ទាប់នៅក្នុងខែសីហានេះ។

គម្រោងវិនិយោគទាំង១២ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចុះបញ្ជីវិនិយោគជាផ្លូវការរួមមាន ទី១ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ៧៥នាក់។

ទី២ គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុ​ភាព៥មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ៤,៧លានដុល្លារអាមេរិក បង្កើតការងារបានចំនួន៥៤នាក់។ ទី៣ គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៥លានដុល្លារអាមេរិកផ្ដល់ការងារ៤៦នាក់។

ទី៤ គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ៩,១លានដុល្លារអាមេរិក ផ្ដល់ការងារ៧២នាក់។ ទី៥. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ  ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១១,១លានដុល្លារអាមេរិក ផ្ដល់ការងារ ៩២នាក់។

ទី៦ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក បង្កើតការងារ១៥៤នាក់ ទី៧. គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេ​មក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧៤នាក់។

ទី៨.គម្រោងរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិក ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។ ទី៩- គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៦កន្លែង។

ទី១០ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់សុវត្ថិភាព ផលិតកាបូប និងឧបករណ៍សម្ភារៈសម្រាប់បោះជំរំគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២១កន្លែង។ ទី១១ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤០៣កន្លែង។

ទី១២ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូ​ប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧១កន្លែង៕

រដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយវ៉ាក់សាំងកូវីដ១៩ដូសជំរុញ ដើម្បីកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ដើម្បីកាត់ផ្ដាច់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ រាជរដ្ឋាភិបាលកម្ពុជា បានស្រេចដាក់ចេញនូវគោលនយោបាយ វ៉ាក់សាំងកូវីដ១៩ ដូសជំរុញសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ សីហា២០២១នេះថា រាជរដ្ឋាភិបាលបានចាត់ទុកគោនយោបាយ ចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចចាដើម្បីបង្កើតឱ្យបាននូវភាពស៊ាំ ក្នុងសហគមន៍ទប់ទបស់នឹងមេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពជាថ្មី។

គិតរហូតមកដល់ពេលនេះ យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត សម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើ​រ ដែលមានប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួនប្រមាណ៨៨ភាគរយធៀបនឹងគោលដៅចំនួន១០លាននាក់  ហើយកុមារនិងយុវជនអាយុចាប់ពី១២ឆ្នាំទៅ ក្រោម១៨ឆ្នាំចំនួនប្រមាណ៥៦ភាគរយ ធៀបនឹងគោលដៅចំនួនប្រមាណជិត២លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ។

សេចក្ដីប្រកាសដដែលឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ១៩បានឆាប់រហ័ស និងទាន់ពេលវេលា បានជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជាជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយជំងឺកូវីដ១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយ ដែលបណ្ដាលមកពីជំងឺកូវីដ១៩នេះ ព្រមតាំងធ្វើឱ្យសភាពការណ៍ បច្ចុប្បន្ននៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រង។

ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ ក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីដែលតា បាននាំមកនូវបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយសារមេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាងបាន ។

ផ្អែកលើវឌ្ឍនផាពដ៏ប្រសើរនេះ និងដោយសារតែមានការគាំទ្រ និងចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំនាក់ប្រជាជននៅគ្រប់មជ្ឈដ្ឋាន យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១នេះ ត្រូវបានរំពឹងថានឹងអាចបញ្ចប់នូវចុងខែតុលា ឬដើមខែវិច្ឆិកា ២០២១ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក ហើយនឹងអាចបើកដំណើរការសេដ្ឋកិច្ចទូលំទូលាយឡើងវិញបានឆាប់ៗផងដែរ។

វិនិយោគិន ធុរជន និងអាជីវករកម្ពុជាជាច្រើនក៏បានរំពឹងថា ក្រោយពេលរដ្ឋាភិបាលកម្ពុជាចាក់វ៉ាក់សាំង បានកាន់តែច្រើននិងគ្រប់គ្នានោះ នឹងធ្វើឱ្យដំណើរការអាជីវកម្មពាណិជ្ជកម្ម និងសកម្មភាពវិនិយោគរបស់ពួកគេត្រលប់មកប្រក្រតីឡើងវិញផងដែរ៕

អាហ្វ្រិកខាងត្បូងកំពុងជួបវិបត្តិការងារធ្ងន់ធ្ងរ ពេលអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ជាងគេបំផុតលើពិភពលោក

ដោយៈសុខុម

ក្រុងព្រីតូរីយ៉ា: អត្រាគ្មានការងារធ្វើនៅប្រទេសអាហ្វ្រិកខាងត្បូង បានហក់កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងចំណោម៨២ប្រទេសដែលឃ្លាំមើល និងស្រង់ទិន្នន័យដោយសារព័ត៌មាន Bloomberg។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៤ សីហា។

យោងតាមរបាយការណ៍ ដែលវិទ្យាស្ថានជាតិស្ថិតិរបស់អាហ្វ្រិកខាងត្បូង បានបញ្ចេញពីថ្ងៃអង្គារបានបង្ហាញថា អត្រាគ្មានការងារធ្វើ បានកើនឡើងដល់៣៤,៤%នៅក្នុងត្រីមាសទី២ បើធៀបនឹង៣២,៦%ក្នុងត្រីមាសទី១។

អត្រាគ្មានការងារធ្វើនេះ ទំនងជាកើនឡើងកាន់តែខ្ពស់នៅត្រីមាសទី៣ ដោយសាររដ្ឋាភិបាលបានចេញវិធានការរឹតបន្តឹង ការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ខណៈពេលប្រទេសនេះ កំពុងប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ រលកទី៣ ដែលធ្វើឱ្យរាំងស្ទះ ដល់កិច្ចប្រឹងប្រែងស្ដារឡើងវិញនូវសេដ្ឋកិច្ច ដែលបានដាំក្បាលចុះ៧%កាលពីឆ្នាំមុន។

ទន្ទឹមនេះ ក៏មានករណីផ្ទុះកុបកម្មដ៏កក្រើកមួយកាលពីខែកក្កដា នៅក្នុងខេត្ត Gauteng និងខេត្ត KwaZulu-Natal ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗផងដែរ។ កុបកម្មនេះ បានបណ្ដាលឱ្យមនុស្ស៣៥៤នាក់បាត់បង់ជីវិត ហើយអាជីវកម្មរាប់ពាន់កន្លែងត្រូវបានចោរចូលលួច និងបិទទ្វារ។ ស្ថានការណ៍ចលាចលនេះ បានធ្វើឱ្យកាតខាតបង់គិតជាទឹកប្រាក់ រហូតដល់ទៅ៣,៣ពាន់លានដុល្លារ និងធ្វើឱ្យការងារយ៉ាងតិច១៥០.០០០កន្លែងប្រឈមនឹងការបាត់បង់។ នេះបើយោងតាមការឱ្យដឹងពីសមាគមម្ចាស់អចលនទ្រព្យអាហ្វ្រិកខាងត្បូង។

អត្រាគ្មានការងារធ្វើក្នុងសេដ្ឋកិច្ច ឧស្សាហកម្មនៅអាហ្វ្រិក បានរក្សាកម្រិតខ្ពស់លើស២០% រយៈពេលយ៉ាងហោចណាស់២ទសវត្សរ៍មកហើយ ទោះបីជាទិន្នផលសេដ្ឋកិច្ចបានកើនឡើង៥% ឬច្រើនជាងនេះ ក្នុងមួយឆ្នាំនៅដើមទសវត្សរ៍ឆ្នាំ២០០០ ក៏ដោយ។

*តួលេខបាត់បង់ការងារតាមវិស័យសំខាន់ៗ៖

ឧស្សាហកម្មហិរញ្ញវត្ថុបាត់បង់ការងារចំនួន២៧៨.០០០កន្លែង

សេវាកម្មសង្គម សហគមន៍បាត់បង់ការងារចំនួន១៦៦.០០០កន្លែង

ផលិតកម្មបាត់បង់ការងារចំនួន៨៣.០០០កន្លែង

សំណង់បាត់បង់ការងារចំនួន១៤៣.០០០កន្លែងបន្ថែមទៀត

កសិកម្មបាតបង់ការងារចំនួន៦៩.០០០កន្លែងបន្ថែមទៀត៕

ADB អះអាងថាវិបត្តិ Covid បានធ្វើឲ្យប្រជាជន៨០លាននាក់ធ្លាក់ក្នុងភាពក្រីក្រនិងបានគម្រាមកំហែងការរីកចំរើន

ដោយៈសុជាតា

អន្តរជាតិៈ វិបត្តិ Covid 19 ប្រហែលជំរុញឲ្យប្រជាជន ប្រមាណ៨០លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ធ្លាក់ចុះទៅរកភាពក្រីក្របំផុតកាលពីឆ្នាំមុន ដែលគម្រាមកំហែងទៅដល់គោលដៅជាសកល សម្រាប់កាត់បន្ថយភាពក្រីក្រ និងអត់ឃ្លាន នៅត្រឹមឆ្នាំ២០៣០។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារកន្លងមកនេះបានឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រទេសកំពុងអភិវឌ្ឍន៍ រឹគេហៅថាភាគរយប្រជាជនរស់នៅក្រោម១ដុល្លារ បានដាក់ធ្លាក់ចុះ២.៦ភាគរយ នៅត្រឹមឆ្នាំ ២០២០ នេះបើប្រៀបធៀប នឹងតួលេខអាត្រាភាក្រីក្រ៥.២ភាគរយ នៅឆ្នាំ២០១៧កន្លងទៅនេះ ប៉ុន្តែវិបត្តិនេះ ទំនងធ្វើអោយអត្រាភាពក្រីក្រខ្ពស់ជាងនេះប្រមាណ២ភាគរយ។

តួលេខនេះ គឺត្រូវពិចារណដោយខ្ពស់នៅវិសមភាព នៅតាមតំបន់ ដូចជាសុខភាព ការអប់រំ ការរំខានការងារ ដែលកើតឡើងដោយសារវិបត្តិ Covid 19 ។

នៅក្នុងចំណោមបណ្តាសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសំដៅបណ្តាប្រទេសទាំង៤៦ និងសមាជិកប្រទេសអភិវឌ្ឍចំនួនបីទៀត ដែលមានត្រឹមតែ១នៅក្នុងចំណោមបួននៅតែរក្សាកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុន។
អាត្រាអត់ការងារធ្វើ បានកើនឡើងនៅក្នុងតំបន់ដែលតំបន់ ប្រហែល៨ភាគរយនៃម៉ោងការងារ ដែលប៉ះពាល់ដល់គ្រួសារក្រីក្រ និងកម្មករ នៅក្នុងវិស័យក្រៅផ្លូវការ។

គ្រោះថ្នាក់សេដ្ឋកិច្ចបាននាំដោយវិបត្តិ Covid19 ត្រូវប្រឈមមុខនឹងគោលដៅអភិ​វឌ្ឍសកលដែលបង្កើតឡើងដោយ អង្គការសហប្រជាជាតិ ត្រឹមឆ្នាំ ២០១៥។ គោលដៅគឺមានគោលបំណងអភិវឌ្ឍប្រកបដោយចីរភាព នៅត្រឹមឆ្នាំ២០៣០។

ប្រធានសេដ្ឋវិទូ Yasuyuki របស់ធនាគារ ADB បានលើកឡើងថា តំបន់អាស៊ីប៉ាស៊ីហ្វិចរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែCovid 19 បានជះឥទ្ធិពលអវិជ្ជមានសេដ្ឋកិច្ច និង សង្គម ដែលធ្វើអោយធ្លាក់ចុះការអភិវឌ្ឍប្រកបចីរភាព និងបរិយាប័ណ្ណនៅក្នុងតំបន់៕

ឥណ្ឌូនេស៊ីត្រៀមទទួលលំហូរ FDI ជាមួយទំហំទឹកប្រាក់រហូតដល់ទៅ១០០ពាន់លានដុល្លារ

ដោយៈសុខុម

ហ្សាការតា: ក្រុមហ៊ុនអូស្ត្រាលី Fortescue Metals Group និងក្រុមហ៊ុនចិន Tsingshan Holding Group អាចនឹងបោះទុនវិនិយោគរាប់សិបពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្ររម្លាយលោហៈមួយ នៅក្បែរគម្រោងទំនប់វារីអគ្គិសនីមួយ នៅលើកោះ Borneo នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៤ សីហា។

លោក Luhut Pandjaitan រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី បានលើកឡើងថា ក្រុមហ៊ុនទាំងនេះ បានពិភាក្សាគ្នាអំពីគម្រោងនេះ តាំងពីដើមឆ្នាំ២០២១ ហើយថា ការរម្លាយរ៉ែដែក រ៉ែទង់ដែង និងរ៉ែនីកែល (nickel) នៅរោងចក្រដែលបានគ្រោងទុកខាងលើនេះ អាចនឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៣។

យោងតាមការធ្វើបទបង្ហាញរបស់លោក Luhut Pandjaitan កាលពីថ្ងៃអង្គារ ទី២៤ សីហា បង្ហាញថា ក្រុមហ៊ុន Fortescue អាចនឹងបោះទុនវិនិយោគចំនួន១២ពាន់លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនTsingshan អាចនឹងបោះទុនវិនិយោគ៣០ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា “ទំហំវិនិយោគសរុប នឹងមានចំនួនរហូតដល់ទៅ១០០ពាន់លានដុល្លារអាមេរិក ដោយបូករួមទាំងគម្រោងទំនប់វារីអគ្គិសនីផង ហើយការសាងសង់នឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេល១០ឆ្នាំ”។
ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Fortescue និងក្រុមហ៊ុន Tsingshan មិនបានឆ្លើយបំភ្លឺឡើយ ពេលសាកសួរអំពីគម្រោងអភិវឌ្ឍន៍នេះ។

កាលពីខែកញ្ញា ឆ្នាំមុន ក្រុមហ៊ុន Fortescue Future Industries (FFI) ដែលជាបុត្រសម្ព័ន្ធរបស់ Fortescue បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើការសិក្សាសមិទ្ធលទ្ធភាពអំពីការប្រើប្រាស់ថាមពលវារីអគ្គិសនី និងធនធានក្នុងដីរបស់ឥណ្ឌូនេស៊ី សម្រាប់ដំណើរការឧស្សាហកម្ម ដើម្បីការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។ នេះបើយោងតាមលោកស្រី Julie Shuttleworth នាយកប្រតិបត្តិក្រុមហ៊ុន Fortescue Future Industries (FFI) ដែលបានលើកឡើងតាមរយៈអ៊ីម៉េលមួយកាលពីខែមីនា។

ក្រុមហ៊ុន Tsingshan មានការវិនិយោគធំៗរួចទៅហើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានចាប់ពីសួនឧស្សាហកម្ម រហូតដល់រោងចក្រកែច្នៃដែកអ៊ីណុក។

ប្រទេសឥណ្ឌូនេស៊ី ដែលសម្បូរទៅដោយរ៉ែនីកែល (nickel) មានមហិច្ឆតាធំចង់ចាប់ផ្តើមដំណើរច្នៃរ៉ែនីកែល ដែលគេសម្រាប់ប្រើនៅក្នុងអាគុយ Lithium ហើយទីបំផុតនឹងក្លាយជាមជ្ឈមណ្ឌលពិភពលោក សម្រាប់ការផលិត និងនាំចេញរថយន្តអគ្គិសនី (EV)។

រោងចក្ររម្លាយលោហៈថ្មីនេះ នឹងមានទីតាំងស្ថិតនៅជិត គម្រោងវារីអគ្គីសនី Kayan ដែលមានកម្លាំង១១.០០០មេហ្គាវ៉ាត់៕

លោកឧកញ៉ាហ៊ួត ជាដាក់គោលដៅពង្រីកទីផ្សារសំណង់ជាមួយគោលដៅ១០០សាខា

ដោយៈសុជាតា

ភ្នំពេញៈ លោកឧកញ៉ាហ៊ួត ជាអគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ហ៊ួត ជាបានកំណត់គោលដៅ ចង់ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ឈានមុខគេនៅទីផ្សារកម្ពុជា តាមរយៈពង្រីកសាខារហូតដល់ ១០០ សាខានៅបំណាច់ឆ្នាំ២០២១នេះ។

ដោយបង្កើតឡើងនៅឆ្នាំ ២០១០ ក្រុមហ៊ុនផ្គត់ផ្គង់សំណង់ ហ៊ួត ជា បានក្លាយទៅជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ដែលបំរើដល់ផ្គត់ផ្គង់ សម្ភារៈសំណង់នៅទីផ្សារកម្ពុជា។ ជាមួយនឹងការីកចំរើនជាបន្តបន្ទាប់ ក្រុមហ៊ុនសំណង់នេះ បានលក់ហ្វ្រេនឆាយគ្រឿងសំណង់ជាបន្តទៀត ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២១ បានកើនឡើងរហូតដល់៧៨សាខា។

លោក ឧកញ៉ា ហ៊ូត ជាបានបន្តថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើម លក់ហ្រេ្វនឆាយដោយពង្រីកពី៨សាខា រហូតដល់១៣សាខា នៅឆ្នាំ ២០១៨ និងបន្តកើនឡើងរហូតដល់ ២៥សាខា ឆ្នាំ ២០១៩ និង៥០ សាខា នៅឆ្នាំ ២០២០ និង បង្កើនសាខានៅទូទាំងប្រទេសរហូតដល់៧៨សាខា គិតត្រឹមឆ្នាំ ២០២១ នេះ។

លោកបន្ថែមទៀតថា “ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍បានធ្វើអោយតំរូវការសំណង់បន្តរីកចំរើនឥតឈប់ឈរ ហេតុដូចនេះហើយការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈការលក់ហ្រ្វេនឆាយនេះ នឹងរំពឹងថាកើនឡើងបន្តទៀត”។ លោកបន្តថា “ តាមរយៈគោលការណ៍ គុណភាពជាចំបង តម្លៃសមរម្យនិងទំនួលខុសត្រូវ ដែលជាកត្តាជោគជ័យរបស់ក្រុមហ៊ុន ក្នុងការពង្រីកសាខាបានលឿនរហ័ស”។

ចំពោះការទិញប្រេនឆាយ អ្នកចង់ទិញអាចមានជម្រើសពីរ ទី១ យុទ្ធសាស្រ្តប្រាំឆ្នាំ ជាមួយនឹងតម្លៃ៥០០០ដុល្លារ និងជម្រើសទី២ ក្រុមហ៊ុនរៀបចំអោយទាំងអស់ ទាំងទីតាំង គូសប្លង់ និងឯកសាររដ្ឋបាលផងដែរ ព្រមទាំងដាក់តម្លៃសម្រាប់អតិថិជនចូលលក់តែម្តង។

ជាងនេះទៀត ទស្សនៈវិស័យរបស់ក្រុមហ៊ុន ចង់ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈឈានមុខគេនៅទីផ្សារកម្ពុជា តាមរយៈបណ្តាយសាខា១០០សាខា នៅបំណាច់ឆ្នាំ ២០២១ នេះ ទៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្ត រតនគីរី មណ្ឌលគីរី និងទីប្រជុំជនមួយចំនួនទៀតផងដែរ៕

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាណែនាំឲ្យម្ចាស់គំរោងអភិវឌ្ឍន៍អចលនទ្រព្យគិតពីការអភិវឌ្ឈន៍បែបបៃតង

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានណែនាំឱ្យម្ចាស់គម្រោងអភិវឌ្ឍដី ម្ចាស់គម្រោងសាងសង់ ឬម្ចាស់សំណង់ទាំងអស់ត្រូវគិតគូរពីការអភិវឌ្ឍន៍គំរោងរបស់ខ្លួន ជាគម្រោងបែបបៃតង។

យោងតាមសេចក្តីប្រកាសលេខ ១៥៣៨ ដនស/អរប/នី.ក. ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជា សុផារ៉ា បានឱ្យដឹងថា ម្ចាស់គម្រោងអភិវឌ្ឍដី ម្ចាស់គម្រោងសាងសង់ ឬម្ចាស់សំណង់ ត្រូវរៀបចំសួនច្បារជ្រាបទឹក និងដាំដើមឈើប្រណីត ដូចជា ធ្នង់ នាងនួន គ្រញូង និងរៀបចំសួនបៃតងមានដាំស្មៅ និងផ្កាដែលមានក្លិនក្រអូបនៅក្នុងគម្រោ​ងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់របស់ខ្លួនឱ្យបានស្អាត។

លោកបន្តថា “ត្រូវរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឬអាងប្រព្រឹត្តកម្មសំណល់រាវ ដើម្បីសម្អាតទឹកកខ្វក់ ឬសំណល់រាវ មុននឹងបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ឬតំប​ន់ទឹកសាធារណៈ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមស្តង់ដាបញ្ចេញទឹកកខ្វក់ ឬកម្រិតកំណត់ស្តង់ដានៃការបញ្ចេញ សំណល់រាវនៅគ្រប់គម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់”។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏ជម្រុញឲ្យអ្នកអភិវឌ្ឍត្រូវរៀបចំឱ្យមានធុងសំរាមរួម សម្រាប់រក្សាទុកនូវកញ្ចប់សំរាម សំណល់រឹងដែលបានវេចខ្ចប់ដោយថង់ក្នុងទីតាំង ឬបរិវេណគ្រប់គ្រងរបស់ខ្លួន និងធុងរក្សាទុកសំរាមសំណល់រឹងនៅតាមចំណែកដីឯកជននីមួយៗ និងច្រកយកសំរាមចេញ ព្រមទាំងគ្រប់គ្រងអនាម័យសមស្របតាមបទដ្ឋានបច្ចេកទេស នៅគ្រប់គម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់ទាំងអស់ផងដែរ។

លោកបន្តថា ត្រូវរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព គ្រប់ប្រភេទអាចចល័តចេញ-ចូល ឡើងចុះ និងប្រើប្រាស់ដោយងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ។
កន្លែងទាំងនោះមានជាអាទិ៍ ចំណតរថយន្ត ច្រកផ្លូវ ផ្លូវជម្រាល បង្កាន់ដៃសុវត្ថិភាព ទ្វារ និងដៃទ្វារ ជណ្តើរយោង និងទ្វារប៊ូតុងបញ្ចាំជណ្តើរយោង ឧបករណ៍ប្រាប់ដំណឹងជាសូរសំឡេង ស្លាកសញ្ញា ភ្លើងសញ្ញា បញ្ជរផ្តល់សេវា បន្ទប់ទឹក និងបរិក្ខារជំនួយសុវត្ថិភាពផ្សេងៗនៅតាមគម្រោងសាងសង់ ឬសំណង់នានា៕