ក្រុមហ៊ុនអចលនទ្រព្យចិនលំដាប់យក្សដែលកំពុងវិនិយោគនៅកម្ពុជានៅតែបន្តពង្រីក ទុនដោយភាពជឿជាក់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនចិនលំដាប់យក្សនៅកម្ពុជា នៅតែបន្តសកម្មភាពសាងសង់គំរោងរបស់ខ្លួននៅកម្ពុជា ប្រកបដោយភាពជឿជាក់និងទំនុកចិត្តខ្ពស់ ស្របពេលទីផ្សារកម្ពុជានៅតែមានសក្តានុពលនាពេលអនាគត។

នាយកទីផ្សារនៃក្រុមហ៊ុន Prince Holding Group លោក Liu Guodongបានមានប្រសាសន៍ឱ្យដឹង ក្នុងកិច្ចសម្ភាសន៍កាលពីល្ងាចថ្ងៃទី២៤ សីហាកន្លងមកថា ដោយសារតែក្រុមហ៊ុនព្រីនស៍ហូលឌីង ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រីសន៍គ្រុប ហើយក្រុមហ៊ុនព្រីសន៍គ្រុប ជាក្រុមហ៊ុនធំនិងមិនមានបញ្ហាផ្នែកហិរញ្ញវត្ថុណាមួយកើតឡើង ដូច្នេះហើយទើបក្រុមហ៊ុនព្រីនស៍ហូលឌីង នៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនជាបន្តបន្ទាប់។

លោកបន្តថា “នៅក្នុងដំណាក់កូវីដ១៩ មានវិស័យជាច្រើនបានរងផលប៉ះពាល់ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ វាអាចជាឱកាសមួយសម្រាប់អ្នកទិញគម្រោង ដោយសា​រតែមានការបញ្ចុះតម្លៃ”។ លោកបន្តថា “អ្នកទិញមានសិទ្ធិអាទិភាព ក្នុងការចរចាជាមួយអ្នកលក់ ក្នុងការទិញគម្រោងណាមួយ ដែលខ្លួនចង់វិនិយោគ”។

លោកLiu Guodongបានបន្តថា កត្តាដែលជំរុញឱ្យយើងបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ ដោយសារតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបើធៀបនឹងប្រទេសជិតខាង អាចនិយាយថាកម្ពុជារាងយឺតជាងគេបន្តិច ប៉ុន្តែនៅថ្ងៃខាងមុខកម្ពុជាអាចនឹងមានការអភិវឌ្ឍដូចប្រទេសជិតខាងដែរ”។

លោកបន្ថែមថា ពាក់ព័ន្ធជាមួយនឹងវិបត្តិកូវីដ១៩ គម្រោងអភិវឌ្ឍន៍របស់យើងនៅតែបន្ត និងទទួលបានការលក់ជាហូរហែរ ប៉ុន្តែយើងក៏ពិបាកនិយាយថាមិនមានការប៉ះពាល់ដល់ការលក់ដែរ នៅក្នុងដំណាក់កាលកូវីដ១៩ ប៉ុន្តែគម្រោងធំៗរបស់យើងនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្ត និងជឿជាក់លើការអភិវឌ្ឍរបស់គម្រោងរបស់យើង។

ជាមួយគ្នានេះ លោកគាម សេងឡុងប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property ក៏បាននិយាយកន្លងមកថា ទោះបីស្ថិតនៅក្នុងដំណាក់កាល នៃការរីករាលដាលនៃកូវីដ១៩ក្នុងឆ្នាំ២០២១នេះ ដែលមានទ្រង់ទ្រាយធំជាងកាលពីឆ្នាំ២០២០ក្ដី ប៉ុន្តែវិនិយោគិនមួយចំនួនធំ នៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនដដែល ដោយមិនបានផ្អាកឬក៏បញ្ឈប់សកម្មភាពនោះទេ តែមានការថមថយបន្តិចដោយសារតែបុគ្គលិក កម្មករអាចមានពាក់ព័ន្ធនឹងកូវីដតម្រូវធ្វើចត្តាឡីស័ក។

លោកបន្តថា “ការផ្អាក ឬបញ្ឈប់សកម្មភាពនៅក្នុងដំណាក់កាលនេះ គឺបីដូចជាក្រុមហ៊ុននោះដួលរលំអញ្ចឹងដែរដូច្នេះ។ អ្នកវិនិយោគនឹងនៅតែបន្តអភិវឌ្ឍន៍ គម្រោងជាបន្តបន្ទាប់ ទោះបីពេលនេះ មិនមានតម្រូវការច្រើនក្តី តែអ្នកវិនិយោគបានបន្តសាងសង់សម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ក្រោយចប់វិបត្តិកូវីដ១៩”៕

សំណង់តូច ធំជាង៥ពាន់ក្នុងឧទ្យានអង្គរត្រូវបានអ្ញាធរជាតិអប្សរាអនុញ្ញាតសាងសង់រយៈពេលកន្លះឆ្នាំមកនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែមិថុនា២០២១ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យសំណង់តូច ធំនៅក្នុងតំបន់ឧទ្យានអង្គរ សាងសង់ចំនួន៥.១៩១ករណី ខណៈសំណើរស្នើសុំសាងសង់ ពីពលរដ្ឋមានរហូតដល់ដល់ជាង៨០០០ករណី ។ នេះបើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់វិទ្យុក្នុងស្រុកមួយកាលពីពេលថ្មីៗនេះ ។

លោកឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលរបស់ក្រុម ការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ ២០២១ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥ គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ បានសរុបចំនួន៨០៤១សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៥១៩១ ករណី។

លោកបន្តថា ករណីអនុញ្ញាតច្បាប់សាងសង់ជូនប្រជាពល រដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧១២ករណី ស្រុកអង្គរធំបានចំនួន៩៩២ករណី ស្រុកពួកបានចំនួន៩៨៦ករណី ក្រុងសៀមរាបបានចំនួន១១៦៥ ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៩០ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរ មានចំនួន៥៦សំណើ សរុបចំនួន៥១៩១ករណី។

លោកឡុង កុសលបានបន្តថា ក្រោយពេលប្រជាពលរដ្ឋ បានដាក់ពាក្យស្នើសុំច្បាប់សាងសង់រួចរាល់ហើយ និងមានក្រុមការងារសហគមន៍ ចុះពិនិត្យវាយតម្លៃនិងសម្រ​បសម្រួលករណី សំណើសុំផ្សេងៗមុននឹងអនុញ្ញាតច្បាប់សាងសង់ ហើយរាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ ប្រាក់ឡើយ។

យោងតាមច្បាប់ និងបទបញ្ញតិនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ដែនដីនៃបេតិក ភណ្ឌវប្បធម៌ និង ប្រវត្តិសាស្រ្ត ជាសម្បិត្តសាធារណៈរបស់រដ្ឋ ។ រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីសម្រេចលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានចែងថា ” ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅយូរលង់មកហើយ ក្នុងតំបន់ការពារទី១ និងទី២ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ “។

អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ខណៈរាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត៕

លោកបណ្ឌិតគីម ហ៊ាងៈ បើចង់ក្លាយជាអ្នកមានត្រូវចេះជំនាញលក់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លោកបណ្ឌិតឧកញ៉ាគីម ហ៊ាង ចាត់ទុកជាអ្នកជោគជ័យ ក្នុងវិស័យអចល​នវត្ថុមួយរូបនៅកម្ពុជា និងបានប្រែក្លាយរូបលោកនិស្សិតស្នាក់ នៅវត្តនិងជាគ្រូបង្រៀនក្លាយជាអ្នកជំនួញអចលនទ្រព្យមួយរូប ដែលមានប្រជាប្រិយនៅកម្ពុជា។

លោកបានបង្ហើបពីគន្លឹះ ដែលអាចក្លាយជាអ្នកមាន គឺត្រូវមានជំនាញម្យ៉ាងគឺជំនាញលក់។ តើជំនាញលក់ដែលអ្នកជំនួញរូបនេះ បង្ហើបប្រាប់នេះផ្ដោតលើអ្វីខ្លះ?។

លោកបណ្ឌិតឧកញ៉ាគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ថា នៅក្នុងមហាវិទ្យាល័យនានា មានបង្រៀនជំនាញច្រើន ប៉ុន្តែជំនាញសំខាន់ជាងគេសម្រាប់ក្លាយជាអ្នកមានគឺ ជំនាញលក់ ហើយគេក៏និយាយថាចេះលក់ ទើបអាចក្លាយជាអ្នកមានបាន ។

លោកឧកញ៉ាបន្តថា “នៅក្នុងក្រុមហ៊ុនមួយ មានច្រើនផ្នែក ដូចជាផ្នែកគណនេយ្យ ផ្នែកសេវាកម្ម ហើយបើទោះបីជាក្រុមហ៊ុននោះ មានផ្នែកទាំងអស់ល្អទាំងអស់តែអត់មានអ្នកជំនាញលក់ក្រុមហ៊ុន ក៏មិនអាចរីកចម្រើនបានដែរ ដូច្នេះត្រូវការអ្នកជំនាញលក់ដ៏ពូកែដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុន។ មិនខុសគ្នានោះទេ ប្រសិនបើអ្នកណាក៏ដោយចង់ក្លាយជាអ្នកមានគឺត្រូវមានជំនាញលក់ពូកែ”។

លោកឧកញ៉ាបន្ថែមថា មនុស្សជាច្រើនបានប្រកាសក្ដែងៗថា ខ្លួនជាមនុស្សពូកែលក់ណាស់ហើយ មានសញ្ញាបត្រធំៗផ្នែកលក់ទៀតផងដែរ តែអ្វីដែលយើងចង់ឃើញគឺលទ្ធផលមិនមែនសញ្ញាបត្រ ឬការនិយាយនោះទេ។ អ្នកលក់ពូកែជាអ្នកដែលលក់គម្រោ​ងបានច្រើន និងបានលុយត្រលប់មកវិញច្រើន មិនមែនជាអ្នកដែលពូកែនិយាយខាងផ្នែកលក់ទេ។

លោកបណ្ឌិតថា “នៅសាលាគេបង្រៀនច្រើន មកហើយពីជំនាញផ្សេងៗ រាប់ទាំងជំនាញលក់ផងដែរ ប៉ុន្តែគេបង្រៀនខាងទ្រឹស្ដី ដូច្នេះយើងត្រូវយកទ្រឹស្តីនោះមកអនុវត្តន៍ជាក់ស្ដែង”។

លោកបន្ថែមថា ដើម្បីឱ្យការលក់របស់យើងបានលទ្ធផលល្អ ទី១ ត្រូវស្គាល់គុណប្រយោជន៍ និងគុណតម្លៃនៃផលិតផលរបស់យើងជាមុនសិន។ តែបើសិនជាយើងមិនស្គាល់ពីគុណតម្លៃ និងផលប្រយោជន៍ នៃរបស់ដែលយើងលក់នោះទេ យើងលក់ប៉ុនណាក៏មិនដាច់ដែរ ជាក់ស្ដែងការលក់ឡាន បើសិនជាយើងមិនស្គាល់ឡានផង ទៅលក់យ៉ាងម៉េច។ លក់ខុនដូ លក់ផ្ទះហើយមិនស្គាល់ពីផ្ទះ ឬខុនដូ តើលក់យ៉ាងម៉េច។

ទី២ យើងត្រូវស្គាល់ពីអ្នកទិញ ដែលផ្ដោតទៅលើស្គាល់អ្នកណា ដែលមានលុយហើយចង់ទិញ កុំទៅចរចាជាមួយអ្នកអត់លុយហើយចង់ទិញ  ទី៣ ស្គាល់ពីសមត្ថភាពខ្លួនឯង ចំនុចនេះគឺត្រូវចេះអភិវឌ្ឍន៍ខ្លួនឯងឱ្យខ្លាំង បើយើងចង់លក់អចលនទ្រព្យឬរបស់តម្លៃរាប់លានដុល្លារ តែក្នុងហ្វេសប៊ុកយើងសុទ្ធ តែអ្នកគីឡូប្រហែលគ្នា សុទ្ធតែក្មេងស្ទាវតើទៅលក់ឱ្យអ្នកណា។ ចំនុចសំខាន់មួយទៀត ត្រូវស្គាល់ដៃគូរប្រកួតប្រជែងរបស់យើងឱ្យច្បាស់ ៕

ក្រុមហ៊ុនយក្សSamsung គ្រោងបោះទុនវិនិយោគរហូតដល់២០៦ពាន់លានដុល្លារ អាមេរិកដើម្បីជំរុញកំណើន

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនយក្សSamsung Group នឹងបោះទុនវិនិយោគរហូតដល់ទៅ២០៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដើម្បីពង្រីកខ្លួនក្នុងវិស័យជីវឱសថ បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) បន្ទះឈីប និងមនុស្សយន្ត។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ សីហា នេះ។

ក្រុមហ៊ុនធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង មួយនេះបានប្រកាសនៅថ្ងៃអង្គារនេះថា ការវិនិយោគដ៏ធំសម្បើមនេះ នឹងជួយពង្រឹងជំហររបស់ខ្លួនទូទាំងពិភពលោក ក្នុងវិស័យសំខាន់ៗ ដូចជា ការផលិតបន្ទះឈីបជាដើម ហើយទន្ទឹមនេះវាក៏អនុញ្ញាតឱ្យខ្លួនស្វែងរកឱកាសកំណើនក្នុងវិស័យថ្មីៗដូចជាមនុស្សយន្ត និងទូរគមនាគមន៍ជំនាន់ថ្មីផងដែរ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ Samsung Electronics ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោកនិយាយថា ក្រុមហ៊ុន Samsung Group មានគម្រោងពង្រឹងវិស័យបច្ចេកវិទ្យា និងភាពលេចធ្លោឈានមុខគេក្នុងទីផ្សារ តាមរយៈការច្របាច់បញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនផ្សេងៗ។

ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ថា តើទំហំវិនិយោគចុងក្រោយនេះរួមបញ្ចូលទឹកប្រាក់ចំនួន១៧ពាន់លានដុល្លារអាមេរិក ដែលខ្លួនគ្រោងចំណាយលើការសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីមួយ នៅសហរដ្ឋអាមេរិក ឬក៏អត់នោះទេ។

ក្រុមហ៊ុន Samsung Group មានបុត្រសម្ព័ន្ធចំនួន៥៩ ជាមួយទ្រព្យសកម្មសរុប៤៥៧ទ្រីលានវ៉ុន (៣៩១ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមអាជ្ញាធរនិយ័តកម្មសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។

ផែនការវិនិយោគនេះ ធ្វើឡើងជាងមួយសប្ដាហ៍ក្រោយពីលោក Jay Y Lee ប្រធានក្រុមហ៊ុន Samsung Group ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីជាប់ទោសពីបទពុករលួយ និងគៃបន្លំ៕

ឌីសាញខុនដូបែបណាដើម្បីឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន មានប្រាក់ចំណូលមធ្យមនៅកម្ពុជា

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ការឌីសាញខុនដូថ្មីមួយ ដែលមានភាពសាមញ្ញ ទំហំបន្ទប់មិនធំពេក មិនបំពាក់សម្ភារៈបរិក្ខាទំនើបពេក ទំនងជាធ្វើឲ្យតម្លៃខុនដូមិនខ្ពស់ពេកនោះទេ ដែលវានឹងឆ្លើយតបនឹងរសនិយមថ្មី របស់ប្រជាជនមានប្រាក់ចំណូលមធ្យមនៅកម្ពុជា។

អគ្គនាយកទទួលបន្ទុកផ្នែកបច្ចេកទេស នៃក្រុមហ៊ុនលំនៅដ្ឋានL កម្ពុជាភ្នំពេញលោកទុយ ប៊ុន ធ្លាប់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគខុនដូរបស់ក្រុមហ៊ុនលោក ដែលផ្តោតលើប្រជាជនថ្នាក់កណ្តាល ដោយសារហេតុផលចំនួនពីរ ទី១ ទីតាំងរបស់លោក មិនអាចទាក់ទាញអ្នកមានប្រាក់ច្រើន និងទី២ ផ្តោតលើប្រជាជនមានជីវភាពមធ្យម ដែលប្រជាជនក្នុងស្រទាប់នេះ មានចំនួនច្រើនជាងទីផ្សារសម្រាប់អ្នកមានជីវភាពធូរធារ។លោកបន្តថា ខុនដូរបស់លោកបានលក់ចាប់ពីតំលៃ៤ ដល់៨ម៉ឺនដុល្លារអាមេរិកអាស្រ័យលើចំនួនបន្ទប់ និងជាន់និមួយៗ។

លោកបន្តថា “មនុស្សអាចរស់នៅខុនដូច្រើននាពេលអនាគត ប៉ុន្តែវាអាស្រ័យលើទីកន្លែងការងាររបស់ពួកគេផងដែរ ប្រសិនជាការងារពួកគេផ្លាស់ប្តូរ ទៅជាយក្រុងច្រើន ការស្នាក់នៅខុនដូក៏មិនមានចំនួនច្រើនទេ”។ លោកបន្តថា “ក្រុមហ៊ុនបានផ្តល់ការបង់រំលោះនូវលក្ខខ័ណ្ឌសមស្រប ដែលអតិថិជនមានប្រាក់ចំណូលមធ្យម អាចមានលទ្ឋភាពបង់បាន”។

លោកទុយ ប៊ុនបានបន្តថា “ការវិនិយោគខុនដូរបស់យើង ធ្វើឡើងសម្រាប់គ្រួសារតូច ព្រោះបន្ទប់មានទំហំចាប់ពី៣០ម៉ែត្រ ទៅ៥០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះគ្រួសារដែលមានសមាជិកត្រឹម៣នាក់ ជាការសមស្របក្នុងការរស់នៅខុនដូបែបនេះ”។

ជាក់ស្តែងអត្រាមានកូន ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំហំតូច ដោយការអង្កេតប្រជាសាស្រ្ត និងសុខភាពរបស់ក្រសួងសុខាភិបាលបានរកឃើញថា អត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាមធ្យមបានថយចុះពី៣.0នាក់កាលពីឆ្នាំ២០១០ មកនៅត្រឹម២.៧នាក់នៅឆ្នាំ២០១៤។

ចាប់យកចំណែកទីផ្សារ ប្រជាជនមានប្រាក់ចំណូមមធ្យម ក្រុមហ៊ុនARAKAWAបានវិនិយោគទឹកប្រាក់៧០លានដុល្លារ សាងសង់ខុនដូតម្លៃមធ្យមជាច្រើនអាគារនៅក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌពោធិសែនជ័យផងដែរ។

អ្នកនាងអាន សុធីតាអ្នកជំនាញនិងវិភាគទីផ្សារអចលនទ្រព្យកម្ពុជាបានថ្លែងថា ខុនដូដែលមានទំហំតូចៗ មិនសមស្របសម្រាប់រស់នៅរយៈពេលវែងនោះទេ តែសមស្របសម្រាប់ការរស់នៅសម្រាប់អ្នកមកពីខេត្តមកសិក្សា ហើយអាគារបន្ទប់តូចៗបែបនេះ គេហៅថាអាផាតម៉ិន មិនមែនខុនដូទេ ព្រោះខុនដូសំដៅអាគារមានលក្ខណៈទំនើប និងមានការបំពាក់សម្ភារៈបរិក្ខាទំនើប។អ្នកនាងបន្តថា តំលៃចាប់ពីជាង២ម៉ឺនដុល្លារឡើង សមស្របសម្រាប់ប្រជាពលរដ្ឋថ្នាក់កណ្តាល ដែលជាទីផ្សារធំសំរាប់វិស័យនេះ។

អ្នកនាងបន្តថា “ប្រជាជនថ្នាក់កណ្តាលជាអតិថិជនរបស់អ្នកវិនិយោគខុនដូ ដែលផ្តោតលើក្រុមប្រជាជនលំដាប់នេះ ដែលមានចំនួនច្រើន ហើយពួកគេនឹងរស់នៅខុនដូច្រើន”។អ្នកនាងបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមវិវត្តន៍ពីរស់នៅតាមផ្ទះល្វែង វីឡាមករស់នៅខុនដូ ដោយសារដីក្នុងទីក្រុងចង្អៀត និងកាន់តែឡើងថ្លៃ និងចរាចរណ៍កាន់តែចង្អៀត”។

ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានថ្លែងថា ពេលនិយាយពីខុនដូ ត្រូវមានចំណតរថយន្ត មានសន្តិសុខ សុវត្ថិភាព មានកន្លែងសាធារណៈដែលអាចប្រើប្រាស់រួម មានអាងហែលទឹក និងកន្លែងហាត់ប្រាណផ្សេងៗ តែបើមិនមានសេវាទាំងនេះ ប្រៀបបីដូចជាយកស្រាសដាក់ក្នុងកំប៉ុងប៊ឺយ៉ែរ។

លោកបន្តថា “បើសាងសង់ខុនដូ មិនមានសេវាទាំងអស់នេះទេ ហើយបន្ទប់មានទំហំត្រឹម១៦ម៉ែត្រការ៉េ គឺជាបន្ទប់សម្រាប់លក់មិនមែនខុនដូទេ កុំយកពាក្យខុនដូមកប្រើ នាំឲ្យខូចកេរ្ត៍ឈ្មោះខុនដូរបស់គេ”។

លោកបន្តថា “ខុនដូដែលមានទំំហំ៣០ម៉ែត្រការ៉េ ទៅជាការសមរម្យ ហើយលក់ក្នុងតំលៃចន្លោះពី៤ទៅ៦ម៉ឺនដុល្លារអាចទទួលយកបានហើយ”៕

 

 

ក្រុមហ៊ុនផលិតផលប្រេងធម្មជាតិ CBD និងថែរក្សាស្បែកអង់គ្លេសDragonfly Biosciences ឈានជើងចូលទីផ្សារកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនអង់គ្លេស Dragonfly Biosciences ដែលជាអ្នកឯកទេសខាងផលិតប្រេងធម្មជាតិCBD សម្រាប់បំប៉នសុខភាព និងផលិតផលថែរក្សាស្បែក បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី១៧ សីហា។

ការឈានជើងរបស់ក្រុមហ៊ុននេះ ចូលទីផ្សារកម្ពុជា គឺជាផ្នែកមួយនៃការពង្រីកខ្លួនទូទាំងតំបន់អាស៊ី ដោយហក់ចូលមកទីផ្សារប្រទេសចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី អូស្ត្រាលី និងនូវែសេឡង់ ក្រោយចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិច (E-commerce) ឈ្មោះ eCargo Holdings Limited។

ក្រុមអ្នកជំនាញបានព្យាករថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ និងឆាប់រហ័សនៅពេលដ៏ខ្លីខាងមុខ។ ដោយសារតែបែបនេះទើបប៊្រែន ឬម៉ាកយីហោល្បីៗមកពីប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក សម្រុកហក់ចូលក្នុងតំបន់នេះដើម្បីក្ដោបក្ដាប់ទីផ្សារ។

លោក Regan Saveall នាយកប្រតិបត្តិក្រុមហ៊ុន Dragonfly Biosciences បានថ្លែងថា “យើងពិតជាមានទនភាពណាស់ ក្នុងការពង្រីកខ្លួនទូទាំងពិភពលោក។ ការពង្រី​កខ្លួនរបស់យើងនៅអាស៊ី នឹងនាំមកនូវជោគជ័យធំធេង ទាំងសម្រាប់ប៊្រែនរបស់យើង និងទីផ្សារ”។លោកបន្ថែមទៀតថា “រាល់ផលិតផលប្រេងធម្មជាតិ CBD សម្រាប់បំប៉នសុខភាពបានឆ្លងកាត់ដំណាក់កាលធ្វើតេស្ត និងត្រួតពិនិតគុណភាពយ៉ាងតឹងរ៉ឹង ទាំងនៅក្នុងមន្ទីរពិសោធន៍របស់យើងផ្ទាល់ និងមន្ទីរពិសោធន៍ឯករាជ្យ”។

ការចាប់ដៃគូសហការរវាងក្រុមហ៊ុន Dragonfly Biosciences និងក្រុមហ៊ុន eCargo Holdings Limited គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ធំមួយ ជាមួយក្រុមហ៊ុនចុះបញ្ជីនៅហុងកុង Mellow Asia Limited សម្រាប់ការបើកផ្លូវចូលមកកាន់ទីផ្សារអាស៊ី តាមរយៈការចែកចាយ និងសមត្ថភាពជួញដូរដ៏ទូលំទូលាយ របស់ក្រុមហ៊ុន eCargo Holdings Limited នៅក្នុងតំបន់។

ឧស្សាហកម្មប្រេងធម្មជាតិCBD សម្រាប់បំប៉នសុខភាព កំពុងរីកចម្រើនយ៉ាងរហ័ស និងជាទីផ្សាររីកចម្រើនឆាប់រហ័សបំផុតមួយក្នុងពិភពលោក។

យោងតាមការប៉ាន់ប្រមាណបង្ហាញថា តម្លៃនៃទីផ្សារប្រេងធម្មជាតិ CBD សម្រាប់បំប៉នសុខភាពអាចឈាន ដល់ទំហំទឹកប្រាក់៥,៣ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥៕

 

អ្នកជំនាញអចលនទ្រព្យល្បីៗពីររូបបង្ហាញពីមតិផ្ទុយគ្នាចំពោះទីផ្សារដីឡូត៏ នាពេលបច្ចុប្បន្ន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយចំនួនបានបង្ហាញពី ទស្សននៃការអភិវឌ្ឍទីផ្សារ និងសក្ដានុពលខុសៗគ្នា ជាក់ស្ដែងនៅក្នុងទីផ្សារអភិវឌ្ឍន៍ដីឡូត៏នៅក្នុងបរិបទកូវីដ១៩នេះ អ្នកជំនាញអចលនទ្រព្យល្បីពីររូបបានបង្ហាញពីទស្សនៈផ្ទុយគ្នាពីការរីកចម្រើននិងសក្ដានុពលនៅពេលអនាគត។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ពោលគឺមុនពេលមានវិបត្តិកូវីដ១៩ ជាសម័យកាលដីឡូត៏ ដោយមានប្រជាពលរដ្ឋជាច្រើនបានសម្រុកទិញដីឡូត៏ សម្រាប់ទុកសង់លំនៅឋាន ប៉ុន្តែរហូតមកដល់ពេលនេះ ដីឡូត៏ដែលពលរដ្ឋបានទិញ មិនទាន់ត្រូវបានសាងសង់ជាអ្វីមួយនៅឡើយ ដូច្នេះអ្នកដែលមានបំណងទិញ ដីឡូត៏ក៏បានបង្វែទៅទិញផ្ទះសម្រាប់ស្នាក់នៅវិញ។

លោកឧកញ៉ាបន្តថា “សម័យកាលនេះ ជាសម័យកាលផ្ទះសំបែងវិញ ហើយអ្នកទិញផ្ទះសម្រាប់ស្នាក់នៅ ក៏មានការកើនឡើង ពីព្រោះអ្នកទិញផ្ទះបានទាំងផ្ទះបានទាំងដីដែលខុសពីទិញដី ហើយត្រូវសន្សំលុយទុកសង់ផ្ទះជាក្រោយ”។

លោកឧកញ៉ាបានបន្តថា ម្យ៉ាងទៀតធនាគារនៅក្នុងប្រទេសកម្ពុជាជាច្រើន ក៏បានគាំទ្រ ចំពោះការអភិវឌ្ឍលំនៅឋាន ដោយបានផ្ដល់ឥណទាន ដល់គម្រោងអភិវឌ្ឍន៍នានា និងផ្ដល់យូរឆ្នាំនិងភាគរយខ្ពស់ទៀត ។

លោកបន្តថា ធនាគារខ្លះ បានផ្ដល់ឥណទានរហូតដល់៨០ភាគរយ ឬ៩០ភាគរយនៃតម្លៃផ្ទះ និងត្រូវបង់រំលស់ប្រចាំខែត្រលប់ទៅវិញ។ ចំណែកគម្រោងអភិវឌ្ឍន៍ដីឡូត៏វិញ មួយរយៈនេះ យើងឃើញមានក្រុមឆបោកមួយចំនួនលក់ គម្រោងអត់ច្បាស់លាស់ទៅអតិថិជន ដែលធ្វើឱ្យអតិថិជនខ្លាចរអារ ក្នុងការទិញដីឡូត៏និងងាកទៅរកទិញផ្ទះវិញ”។

ដោយឡែកលោកឧកញ៉ាគីម ហ៊ាងប្រធានក្រុមហ៊ុនអចលនទ្រព្យKW Cambodia វិញក៏បានមានប្រសាសន៍ផ្ទុយវិញថា គម្រោងអភិវឌ្ឍន៍ដីឡូត៏នៅកម្ពុជា នៅតែមានបន្តនិងមានសក្ដានុពលបន្តទៀត ដោយសារតែពលដ្ឋកម្ពុជា ជាច្រើនជាមនុស្សពេញវ័យឬយុវវ័យច្រើន ដូច្នេះពួកគាត់សុទ្ធតែជាមនុស្ស ដែលមានសក្ដានុពលក្នុងការទិញគម្រោងដីឡូត៏នៅពេលអនាគត។

លោកឧកញ៉ាបន្តថា “កាលពីមុនការពុះដីឡូត៏លក់ គឺមានទីតាំងនៅជិតៗក្រុង តែនៅពេលរាជធានីភ្នំពេញ មានការអភិវឌ្ឍធ្វើឱ្យទីតាំងអភិវឌ្ឍន៍ដីឡូត៏ កាន់តែនៅឆ្ងាយពីរាជធានីភ្នំពេញរហូតដល់ខេត្តជាប់ៗរាជធានី និងទៅកាន់តំបន់ខេត្តផ្សេងទៀត”។

ជាការកត់សម្គាល់ ការអភិវឌ្ឍដីឡូត៏នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ បានបង្វែពីការអភិវឌ្ឍដីសម្រាប់លំនៅឋាន ទៅជាដីប្រភេទលំហែរកាយ ដែលមានទំហំធំៗជាងការអភិវឌ្ឍពីមុន ជាក់ស្ដែងពីមុនទំហំនៃការពុះដីឡូត៏ គឺមានទំហំ៥គុណនឹង២០ម៉ែត្រ តែពេលនេះ បានអភិវឌ្ឍន៍ទៅជាទំហំ១០គុណ នឹង៣០ម៉ែត្រ ទំហំ២០គុណនឹង៤០ម៉ែត្រឬធំជាងនេះ ហើយផ្ដោតលើប្រភេទដីសម្រាប់លំហែ ជាលក្ខណៈដីចំការនិងមានទីតាំងឆ្ងាយពីទីប្រជុំជន៕

ប្រធានសមាគមអចលនទ្រព្យចំនួនពីរលើកឡើងពីតំបន់ដែលមានភាពរីកចម្រើន លើវិស័យអចលនទ្រព្យ

ដោយៈសហសេវិក

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យចំនួនពីររូប បានលើកឡើងពីស្ថានភាពនៃការរីកចម្រើនលើវិស័យអចលនទ្រព្យ ក្នុងអំឡុងវិបត្តិកូវីដ១៩ ស្របពេលនិន្នាការទីផ្សារបាននិងកំពុងចាប់ផ្តើមងើបឡើងវិញបណ្តើរៗ។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅក្នុងតំបន់ចំនួន២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល បានបង្ហាញភាពលេចធ្លោជាងគេ ក្នុងការទិញលក់អចលនទ្រព្យ ពិសេ​សវិស័យដីធ្លី បើទោះស្ថិតក្នុងវិបត្តិកូវីដ១៩។

លោកបានថ្លែងថា នៅក្នុងខណ្ឌសែនសុខ មានទីតាំងមួយ ដែលមានការទិញលក់ច្រើន គឺនៅក្នុងសង្កាត់ភ្នំពេញថ្មី។ ពិសេសក្នុងតំបន់ឃ្មួញ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចលនាទិញលក់ពិតជាមានភាពល្អប្រសើរ ដោយសារតំបន់នេះជាតំបន់អភិវឌ្ឍន៍ថ្មី និងការអភិវឌ្ឍផ្លូវច្រើន។

លោកបានបន្តថា ការទិញលក់ដែលចលនាច្រើនមួយទៀត គឺតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (ស្ថិតក្នុងខេត្តកណ្តាល)។ បើធៀបនឹងតំបន់ផ្សេងៗ ពីរតាំងនេះគឺមានចលនាក្នុងការទិញលក់ច្រើនគេ ហើយជាមួយគ្នានេះដែរ តំបន់ស្វាយជុំរ អរិយក្សត្រក៏មានសកម្មភាពទិញលក់ច្រើនដែរ។

លោកសំ សុខនឿនបានឱ្យដឹងថា “ទោះបីចច្ចុប្បន្នជំងឺកូវីដ១៩ បំលែងខ្លួនថ្មី (ដែលហៅDelta) ដែលធ្វើឱ្យការទិញលក់អចលនទ្រព្យ មានភាពស្ងប់ស្ងាត់ក៏ដោយ ក៏តំបន់មួយចំនួន នៅតែមានសកម្មភាពទិញលក់ ប៉ុន្តែតំបន់នៅក្នុងទីក្រុងភ្នំពេញតែម្តងគឺមានភាពស្ងត់ស្ងាត់ទាក់ទងនឹងការទិញលក់”។

លោកបានឱ្យដឹងទៀតថា ទាក់ទងនឹងការទិញលក់អលនចទ្រព្យនេះ គឺសំដៅការទិញលក់ដីធ្លីតែម្តងនៅតំបន់ ដែលយើងបានលើកឡើងខាងលើនេះ ហើយដោយឡែកទាក់ទងនឹងការទិញបុរីដែលតម្លៃថ្លៃចាប់៥០ម៉ឺន ទៅ៦០ម៉ឺនដុល្លារ នៅតែមានអ្នកទិញដដែល ដោយសារពួកគាត់មានលុយត្រៀមសម្រាប់ទិញស្រាប់ និងមិនមានបញ្ហាក្នុងការទិញផ្ទះប្រភេទនេះនោះទេ។

លោកសំ សុខនឿនរំពឹងថា វិស័យអចលនទ្រព្យនឹងកម្រើកឡើងវិញ ក្នុងពេលឆាប់ខាងមុខ ដោយសារការគ្រប់គ្រងវិបត្តិជំងឺកូវីដរបស់រាជរដ្ឋាភិបាលបានល្អ ជាមួយការពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ បើធៀបនឹងប្រទេសក្នុងតំបន់ ហើយនឹងអាចឈាន ដល់ការទទួលបានវិនិយោគបរទេសច្រើនឡើងវិញ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ថា ទោះបីជាស្ថិតនៅពេលវិបត្តិកូវីដ១៩ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមមានកម្ពុជាផងដែរ ក៏វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងដំណើរមួយយឺតៗ ធៀបនឹងមុនស័យកូវីដ១៩។

លោកបន្តថា “បញ្ហាប្រឈមនៅក្នុងវិបត្តិកូវីដ១៩ បង្កប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើង ក្នុងនោះចំពោះវិស័យអចលនទ្រព្យក៏ជាផ្នែកមួយក្នុងការប៉ះពាល់ ដោយសារវិបត្តិជម្ងឺនេះផងដែរ ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យនេះ និងការបាត់បង់អ្នកវិនិយោគទុន ជាពិសេសអ្នកវិនិយោគទុនបរទេសជាដើម”។

លោកបានបន្តថា ស្ថិតនៅក្នុងដំណាក់កាលនេះ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺត តែទោះបីជាយ៉ាងចំពោះការអភិវឌ្ឍន៍វិស័យសំណង់រួមមាន គម្រោងសាងសង់លំនៅដ្ឋាន កំពុងមានភាពលេចធ្លោ រួមជាមួយការអភិវឌ្ឍន៍ទីក្រុងថ្មីៗ និងផ្នែកគម្រោងខុនដូ ក៏ជាផ្នែកយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ដោយឡែកចំពោះវិស័យដីធ្លីក៏បន្តមានចរន្តជាហូរហែរផងដែរ៕

អ្នកជំនាញអចលនទ្រព្យបង្ហាញទស្សនទាននៃការអភិវឌ្ឍនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងនោះអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ក៏កំពុងតែបង្ហាញពីគម្រោងរបស់ខ្លួន នៅតំបន់ជុំវិញរាជធានីភ្នំពេញជាពិសេសតំបន់ប៉ែកខាងជើងនិងប៉ែកខាងត្បូង។

តំបន់ទាំងនេះកំពុងមានការអភិវឌ្ឍន៍ស្រដៀងគ្នា ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងលេចឡើង នូវបុរីលំនៅដ្ឋានតម្លៃរាប់លានដុល្លារ ដោយសារកត្តាសំខាន់ៗជាច្រើនរួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តំបន់ពាណិជ្ជកម្ម និងទីផ្សារលំនៅដ្ឋានកំពុងឆ្ពោះទៅកាន់តំបន់នេះកាន់តែច្រើន។

លោក សេង សិលា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យC7 ដែលបាននិងកំពុងលក់គំរោងបុរីធំមួយ នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា តំបន់ជុំវិញរាជធានីភ្នំពេញ កំពុងតែបង្ហាញពីសក្ដានុពលគួរឱ្យកត់សម្គាល់ ក្នុងនោះលោកបានមើលឃើញថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់វិនិយោគិន ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ។
លោកបន្តថា “បច្ចុប្បន្ននេះ បើយើងក្រលេកមើល ទៅលើការអភិវឌ្ឍនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ តំបន់នេះកំពុងមានការអភិវឌ្ឍយ៉ាងសំបូរបែប ដូចជាសាលាអន្តរជាតិ ក៏ដូចជាក្រុមហ៊ុន អគារធំៗ និងផ្សារទំនើបអ៊ីអន”។

លោកសេង សិលាបានបន្តថា ក្រៅពីនេះ យើងក៏ឃើញ មានការអភិវឌ្ឍផ្លូវជាតិលេខ២ដែលជាគម្រោងរបស់រដ្ឋ និងកំពុងមានការសាងសង់យ៉ាងសស្រាក់សស្រាំ ។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីធំជាងគេនៅកម្ពុជា និងជាព្រលានយន្តហោះលំដាប់អន្តរជាតិ ក៏មានទីតាំងនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលធ្វើឱ្យមានការទាក់ទាញសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ ។

លោកបន្ថែមថា នៅប៉ែកខាងត្បូងនាពេលនេះ យើងបានមើលឃើញថាក៏កំពុងមានការអភិវឌ្ឍបុរីយ៉ាងច្រើន ហើយមានចាប់ពីកម្រិតមធ្យមឡើងទៅ រហូតដល់បុរីដែលមានលក្ខណៈប្រណីតនិងស៊ីវិល័យ។ កត្តាដែលទាក់ទាញដល់វិនិយោគិន ឆ្ពោះទៅតំបន់ប៉ែកខាងត្បូងនោះគឺផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវដ៏សំខាន់ក្នុងការធ្វើដំណើរនិងដឹកជញ្ជូន ។

ចំណែកអ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateដែលកំពុងទទួលបានការលក់ផ្តាច់មុខលើគំរោងGB Residence តម្លៃ៦២លានដុល្លារអាមេរិក ដែលវិនិយោគលើផ្ទៃដីជិត១០ហិកតាបានមានប្រសាសន៍ថា ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម បានធ្វើឲ្យរាជធានីភ្នំពេញ រីកចម្រើនកាន់តែលឿនពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបានចាប់យកចំណែកទីផ្សារ និងទាញយកសក្តានុពលនៅតំបន់នេះ។

អ្នកនាងបន្តថា “ជាក់ស្តែងបុរីGB Residenceបាន និងកំពុងចូលរួមលើកស្ទួយការអភិវឌ្ឍនៅតំបន់នេះ ជាមួយសំណង់គុណភាពខ្ពស់ ផាសុខភាព និងរចនាបទបែបស៊ីវិល័យ ដែលធ្វើឲ្យ អ្នករស់នៅទីនេះអាចប្រកបអាជីវកម្មបាន និងអាចទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ”។អ្នកនាងបន្តថា “ការអភិវឌ្ឍនៅតំបន់ក្រវ៉ាត់់ក្រុងទី៣ បាននិងកំពុងប្រែក្លាយតំបន់ដែលជាអតីតវាលស្រែ ទៅជាលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរស់រវើកនាពេលអនាគត”។

បុរីGB Residence មានចម្ងាយប្រមាណ០៧គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយ១២គីឡូម៉ែត្រ ពីផ្សារទំនើបលំដាប់អន្តរជាតិAEON Mall3និងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើនទៀតព័ទ្ឋជុំវិញ៕

ព្រមានៈរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃជាង៣០០ហិកតាមកជាទ្រព្យសម្បត្តិរបស់រដ្ឋ

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃចំនួន២ទីតាំងទំហំជាង ៣១៥,៥ហិកតា នៅក្នុងស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ។

យោងតាមដីការលេខ៥០/២១ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១របស់តុលាកាខេត្តកំពង់ស្ពឺបានសម្រេចបែបនេះ តាមនិតិវិធី។ ដីដែលត្រូវបានដកហូត ទី១ ដីមានទំហំ៣១៣ហិកតា ដែលស្ថិតនៅភូមិត្រពាំងធ្មៀ ឃុំតាសាល នៃស្រុកឱរ៉ាល់ ខណៈទីតាំងទី ២ មានទំហំ២.៥ហិកតា ដែលស្ថិតនៅភូមិពោធិមាស ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ដូចគ្នា។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ ខែសីហានេះថា ការដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញនេះ ធ្វើឡើងព្រោះរដ្ឋមើលឃើញថាមានការកាន់កាប់ដីខុសច្បាប់។ លោកធ្លាប់បានមានប្រសាសន៍ឲ្យដឹងបន្តថា អ្នកទិញដី នៅឧទ្យានជាតិគិរីរម្យ គឺជាការទិញលក់ខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការ​ដកហូតយកមកវិញនាពេលខាងមុខផងដែរ។

លោកបន្តថា “ការទិញលក់ដីព្រៃ ដីឧទ្យានជាតិជាទង្វើខុសច្បាប់ ហើយអាជ្ញាធរកំពុងចុះធ្វើការងារនេះ”។

គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។

កាលពីដើមខែកក្កដា ឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ”ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ៕