តើអាកាសយានដ្ឋានធំបំផុតទាំង១០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថិតក្នុងប្រទេសណាខ្លះ?

0

ដោយៈសុខុម

អន្តរជាតិ: អ្នកណាក៏ដឹងដែរថា អាកាសយានដ្ឋានគឺជាកន្លែងសម្រាប់យន្តហោះចុះចត ឬហោះឡើងទៅកាន់គោលដៅនានា។ ខណៈអាកាសយានដ្ឋានខ្លះ សម្រាប់ទទួលជើងហោះហើរក្នុងស្រុក អាកាសយានដ្ឋានខ្លះទៀត សម្រាប់ទទួលទាំងជើងហោះហើរក្នុងស្រុក និងជើងហោះហើរអន្តរជាតិដែលហោះឆ្លងប្រទេស ឬសូម្បីឆ្លងទ្វីប។

ប៉ុន្តែអ្នកដឹងទេថា តើអាកាសយានដ្ឋានដែលធំជាងគេបំផុតទាំង១០ ក្នុងពិភពលោ​កប្រចាំឆ្នាំ២០២១ ស្ថិតនៅក្នុងប្រទេសណាខ្លះ ហើយមានទំហំប៉ុណ្ណា? សូមអានព៌តមានខាងក្រោមនេះ។

*ចំណាត់ថ្នាក់លេខ១០
អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិមានទំហំ៣២,៤គីឡូម៉ែត្រការ៉េ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi International Airport) ដែលស្ថិតនៅក្នុងទីក្រុងបាងកក ត្រូវបានគេដឹងថាជាអាកាសយានដ្ឋានអន្តរជាតិ ធំជាងគេប្រចាំប្រទេសថៃ។

ដោយបើកដំណើរការក្នុងឆ្នាំ២០០៦ អាកាសយានដ្ឋាននេះ បច្ចុប្បន្នវាជាមជ្ឈមណ្ឌ​លអាកាសចរណ៍សំខាន់ សម្រាប់ក្រុមហ៊ុន Thai Airways ក្រុមហ៊ុន Thai Smile ក្រុមហ៊ុន Bangkok Airways និងក្រុមហ៊ុន Thai VietJet។ អាកាសយាដ្ឋាននេះ មាន៣ចំណត (Terminal) ដោយចំណតលេខ១ និងចំណតលេខ២ សម្រាប់ជើងហោះហើរអន្តរជាតិ ចំណែកឯចំណតលេខ៣ សម្រាប់តែជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ។

*ចំណាត់ថ្នាក់លេខ៩- អាកាសយានដ្ឋានអន្តរជាតិក្រុងគែរ ~ ៣៦.៣គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋានអន្តរជាតិក្រុងគែរ (Cairo International Airport) បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ១៩៤៥។ វាជាអាកាសយានដ្ឋានដែលមមាញឹកបំផុត ក្នុងប្រទេសអេហ្ស៊ីប និងជាមជ្ឈមណ្ឌលអាកាសចរណ៍ ដ៏សំខាន់របស់ក្រុមហ៊ុន Egypt Air និងក្រុមហ៊ុន Nile Air។ វាមាន៤ចំណត ដោយ៣ចំណត សម្រាប់ជើងហោះហើរអន្តរជាតិ និងមួយចំណតសម្រាប់ជើងហោះហើរក្នុងស្រុក។

*ចំណាត់ថ្នាក់លេខ៨- អាកាសយានដ្ឋានអន្តរជាតិសៀងហៃ ភូតុង ~៣៩,១គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋានអន្តរជាតិសៀងហៃ ភូតុង (Shanghai Pudong Airport) បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៩៩។ វាជាមជ្ឈមណ្ឌលអាកាសចរណ៍ ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Shanghai Airlines និងក្រុមហ៊ុន China Eastern Airlines។ វាមាន២ចំណតសំខាន់សម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ដោយចំណតទី៣ ត្រូវបានគ្រោងឡើងតាំងពីឆ្នាំ២០១៥។

*ចំណាត់ថ្នាក់លេខ ៧ – អាកាសយានដ្ឋានអន្តរជាតិ George Bush Intercontinental Airport ~ ៤០,៥គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ ត្រូវបានបើកដំណើរការក្នុងឆ្នាំ១៩៦៩ និងជាមជ្ឈមណ្ឌលអាកាសចរណ៍ធំបំផុតទី២ នៅសហរដ្ឋអាមេរិក ជាមួយនឹង៥ចំណតសម្រាប់ជើងហើរក្នុងស្រុក និងអន្តរជាតិ។

*ចំណាត់ថ្នាក់លេខ៦- អាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airport ~៤៧គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ បានបើកដំណើរការក្នុងឆ្នាំ២០១៩ ហើយបានក្លាយជាមជ្ឈ​មណ្ឌលអាកាសចរណ៍ដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិន ធំៗចំនួន៣រួមមានក្រុមហ៊ុន Air China ក្រុមហ៊ុន China Southern Airlines និងក្រុមហ៊ុន China Eastern Airlines។ វាមានចំណតតែមួយប៉ុណ្ណោះ ប៉ុន្តែចំណតនេះគឺជាចំណតតែមួយគត់ដែលធំបំផុតក្នុងពិភពលោក។

*ចំណាត់ថ្នាក់លេខ៥- អាកាសយានដ្ឋានអន្តរជាតិ Orlando International Airport – ៥០,៩គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៨១ និងជាមជ្ឈមណ្ឌលអាកាចរណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុន JetBlue ក្រុមហ៊ុន Southwest Airlines និងក្រុមហ៊ុន Spirit Airlines និងមាន២ចំណត។

*ចំណាត់ថ្នាក់លេខ៤- អាកាសយានដ្ឋានអន្តរជាតិ Washington Dulles International Airport ~ ៥២,៦គីឡូម៉ែត្រការ៉េ
ជាទូទៅ វាត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Dulles International Airport ដែលបានដំណើរការក្នុងឆ្នាំ១៩៦២។ វាជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់ដំបូងសម្រាប់សហរដ្ឋអាមេរិក ហើយវាមានចំណតធំ១ និងចំណតតូច២។

*ចំណាត់ថ្នាក់លេខ៣- អាកាសយានដ្ឋានអន្តរជាតិ Dallas/Fort Worth International Airport ~ ៦៩,៥គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៧៤ និងជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងមាន៥ចំណត។

*ចំណាត់ថ្នាក់លេខ២- អាកាសយានដ្ឋានអន្តរជាតិ Denver International Airport – ១៣៥,៧គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាននេះ បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៩៥ និងជាមជ្ឈមណ្ឌលអាកាសចរណ៍សម្រាប់ក្រុមហ៊ុន United Airlines និងក្រុមហ៊ុន Frontier Airlines ហើយក៏ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុន Southwest Airlines ផងដែរ។ អាកាសយានដ្ឋាននេះមានចំណតធំ១ និងមានចំណតតូច៣។

*ចំណាត់ថ្នាក់លេខ១- អាកាសយានដ្ឋានអន្តរជាតិ King Fahd International Airport – ៧៧៦គីឡូម៉ែត្រការ៉េ
អាកាសយានដ្ឋាន ដែលគេស្គាល់ថា Dammam Airport ដែរនេះត្រូវបានបើកដំណើរការក្នុងឆ្នាំ១៩៩៩ និងជាមជ្ឈមណ្ឌលអាកាសចរណ៍សម្រាប់ក្រុមហ៊ុន Saudia ក្រុមហ៊ុន SaudiGulf Airlines និងក្រុមហ៊ុន Flynas ហើយមាន៣ចំណត៕ AeroTime៕

LEAVE A REPLY

Please enter your comment!
Please enter your name here