បុរីGB Residenceតម្លៃ៦២លានដុល្លារប្រកាសផ្តល់សិទ្ឋលក់ផ្តាច់មុខដល់ក្រុមហ៊ុន CMC Real Estate ជាផ្លូវការហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំបុរីGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់៦២លានដុល្លារអាមេរិក បានសម្រេចផ្តល់សិទ្ឋលក់ផ្តាច់មុខ ដល់ក្រុមហ៊ុនCMC Real Estateជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៩ កក្កដានេះ។

លោកតាំង កៅគៀតតំណាងបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីចុះហត្ថលេខាជាមួយ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateនាព្រឹកថ្ងៃទី២៩ កក្កដានេះថា នេះមិនមែនជាគំរោងទី១របស់ក្រុមហ៊ុននោះទេ ប៉ុន្តែយើងបានទទួលជោគជ័យរួចហើយ លើការវិនិយោគបុរីទី១ គឺបុរី5 Stars ហេតុនេះទើបយើងបន្តអភិវឌ្ឍន៍បុរីទី២បន្តទៀត ដោយដាក់ឈ្មោះGB Residence ដែលជាគំរោងផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។

លោកបន្តថា “ជាមួយនឹងការជ្រើសរើសទីតាំងល្អ និងការផ្តោតលើគុណភាពសំ​ណ​​​ង់ ជាមួយនឹងផ្សារទំនើប យើងជឿជាក់ថាគំរោងនេះនឹងទទួលបានជោគជ័យ”។លោកបន្ថែមថា “ការជ្រើសរើសក្រុមហ៊ុនCMC Real Estateជាដៃគូសហការលក់ផ្តាច់មុខ ដោយាសារក្រុមហ៊ុននេះមានជំនាញ បទពិសោធន៍ មានបណ្តាញភ្នាក់ងារច្រើន ដែលនឹងធ្វើឲ្យការលក់គម្រោងនេះទទួលបានជោគជ័យ”។

បុរីGB Residence ត្រូវបានរចនាប្លង់ និងម៉ូតផ្ទះដោយស្ថាបត្យករជំនាញ ដែលធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិជាច្រើន ពិសេសពានរង្វាន់ពីទីក្រុងឌូបៃ។

ជាមួយគ្នានេះ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateបានសម្តែងក្តីរីករាយ ដែលបានទទួលនូវសិទ្ឋផ្តាច់មុខក្នុងការលក់គំរោងនេះ ហើយអ្វីកាន់តែពិសេសអ្នកនាងបានឲ្យដឹងថា ក្រុមហ៊ុនរបស់យើងមានដៃគូសហការលក់ច្រើន មានបុគ្គលិកលក់ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដែលនឹងធ្វើឲ្យការលក់គំរោងនេះទទួល​បានជោគជ័យលឿន។

អ្នកនាងបន្តថា “តាមរយៈបទពិសោធន៍ ជំនាញ និងចំណេះដឹង ពិសេសបណ្តាញរបស់យើង ខ្ញុំរំពឹងថាយើងនឹងលក់គំរោងនេះ បានជោគជ័យមុនផែនការ”។អ្នកនាងបន្តថា “ជាមួយគ្នានេះ ក្រុមហ៊ុនភ្នាក់ងារងដែលលក់បានជោគជ័យលើគំរោងនេះ នឹងទទួលបាននូវរថយន្តម៉ាកសឺដេស  GLC ៣០០ ឆ្នាំ២០២១ រង្វាន់ខ្សែកមាស ម៉ូតូនិងរង្វាន់ជាច្រើនទៀត”។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍គម្រោងនេះ បានជ្រើសរើសទីតាំងល្អ និងមានភាពត្រឹមត្រូវ ដោយសារបុរីនេះស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងកាត់ចូលរាជធានីភ្នំពេញនាពេលអនាគត។លោកបន្តថា អ្នកវិនិយោគបុរីនេះ នឹងទទួលបានផលចំណេញ ដោយអាចប្រកបអាជីវកម្ម​បាន ដោយសារអ្នកដំណើរជាតិ អន្តរជាតិចេញពីព្រលានយន្តហោះភ្នំពេញថ្មី នឹងអាចស្វែងរកសេវាកម្មសំរាកលំហែរនៅតំបន់នេះ ហេតុនេះម្ចាស់លំនៅដ្ឋាននៅក្នុងគំរោងនេះ​នឹងទទួលបាននូវឱកាសធ្វើពាណិជ្ជកម្មរបស់ខ្លួនផងដែរ។

លោកបន្តថា “តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងមានការរីកចម្រើនលឿននាពេលឆាប់ៗខាងមុខនេះ ដោយបច្ចុប្បន្នមានបុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅ     ដ្ឋានជាច្រើនបានចាប់ផ្តើមសាងសង់នៅតំបន់នេះ”។លោកបន្តថា “ការរីកចម្រើនតំបន់នេះនឹងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពអាជីវកម្ម ការធ្វើពាណិជ្ជកម្ម ដែលនឹងទទួលផលពី ព្រលានយន្តហោះថ្មី ដែលនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ៕

ប្រធានGRAតំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មីនឹងកាត់ចូលក្រុងភ្នំពេញ នាពេលអនាគត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល(GRA)លោកសំ សុខនឿនបានមានប្រសាសន៍ថា តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងកាត់ចូលក្រុងភ្នំពេញនាពេលអនាគត។

លោកបានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលក់ផ្តាច់មុខបុរីGB Residence ជូនដល់ក្រុមហ៊ុនCMC Real Estate នាព្រឹកថ្ងៃទី២៩ កក្កដានេះថា នាពេលអនាគតតំបន់ជុំវិញព្រលានយន្តហោះថ្មី នឹងមានការរីកចម្រើនខ្លាំង ដោយនឹងមានបុរី មជ្ឈមណ្ឌលពា​ណិជ្ជកម្មជាច្រើនកើតមាននៅតំបន់នេះ។លោកបន្តថា តាមធម្មតានៅប្រទេសគេ តំបន់ជុំវិញព្រលានយន្តហោះ តែងតែមានការរីកចម្រើន ហើយនិន្នាការនេះនឹងកើតមាននៅកម្ពុជាផងដែរ។

លោកបន្តថា “បច្ចុប្ប​ន្នមានបុរីជាច្រើន បានបង្ហាញវត្តមានបណ្តើរៗហើយ នៅជុំវិញព្រលានយន្តហោះនេះ ដោយសារអ្នកអភិវឌ្ឍន៍បានចាប់យកសក្តានុពល ពីភ្ញៀវឆ្លងកាត់តំបន់នេះ”។លោកបន្តថា “តាមធម្មតាតំបន់ជុំវិញព្រលានយន្តហោះ តែងតែមានសកម្មភាពសេដ្ឋកិច្ចច្រើន ពិសេសលំហូរប្រជាជនកាន់តែច្រើន នឹងចូលទៅរស់នៅតំបន់នេះ”។

ទាក់ទងនឹងវត្តមានបុរីGB Residence លោកសំ សុខនឿនបានមានប្រសាសន៍ថា បុរីGB Residence អ្នកអភិវឌ្ឍន៍បានជ្រើសរើសទីតាំងល្អ និងត្រឹមត្រូវ ដែលនឹងធ្វើឲ្យគំរោងនេះទាក់ទាញការចាប់អារម្មណ៍ និងទទួលបានជោគជ័យនាពេលឆាប់ៗនេះ។

បុរីGB Residenceបាននិងកំពុងសាងសង់លើផ្ទៃដីជិត១០ហិកតា ដែលមានការរួមបញ្ចួលនូវផ្សារទំនើប ពិសេសម៉ូតផ្ទះត្រូវបានរចនាឡើង ដោយស្ថាបត្យករល្បីឈ្មោះ ដែលជាប់ពានរង្វាន់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចេញអនុក្រិតស្តីពីប្លង់គោលប្រើប្រាស់ដីធ្លី រហូតដល់ឆ្នាំ២០៣៥ ដែលប្លង់គោលនេះបានបញ្ជាក់ថា ទីក្រុងភ្នំពេញនឹងត្រូវពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា៕

អ្នកជំនាញៈ ការគាំទ្រពីរដ្ឋាភិបាលនិងធនាគារជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជាបន្តមានភាពរឹងមាំ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញនៅតែអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ខណៈវិស័យមួយនេះនៅមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងការគាំទ្រពីវិស័យធនាគារ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងក្នុងកម្មវិធី “ការផ្តល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ ដោយសារមានការគាំទ្រ និងយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងពិសេសមានការគាំទ្រពីវិស័យធនាគារ។

លោកបានថ្លែងបន្តថា វិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅតែមានសក្កានុពលសម្រាប់ការវិនិយោគ ទោះបីជាយើងមើលឃើញមានវិបត្តិប្រឈមក៏ដោយ ប៉ុន្តែវាក៏ជាឱកាសដើម្បីយើងទិញលក់ផងដែរ។

លោកបានថ្លែងដូច្នេះថា “ប្រសិនបើយើងទិញ (អចលនទ្រព្យ) នៅពេលនេះ យើងទទួលបាននូវតម្លៃល្អ លក្ខខណ្ឌនៅក្នុងការទូទាត់ល្អ ហើយប្រសិនបើយើងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីធ្វើការទិញលក់ យើងនឹងទទួលបានផលចំណេញខ្ពស់នាពេលខាងមុខ”។ លោកបន្តថា វិស័យធនាគារក៏នៅតែបន្តគាំទ្រតាមរយៈការផ្តល់ប្រាក់កម្ចី ដល់អ្នកវិនិយោគ ឬអតិថិជន ប្រសិនបើអ្នកវិនិយោគ ឬអតិថិជនមានស្ថានភាព ឬសុខភាពហិរញ្ញវត្ថុល្អ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ថា បើទោះវិបត្តិការឆ្លងរាលដាលកូវីដ ១៩ នៅកម្ពុជានៅបន្តអូសបន្លាយពេល ប៉ុន្តែលោកបានមើលឃើញថា សកម្មភាពសាងសង់ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន និងការវិនិយោគនៅតែមានដំណើរការទៅមុខជាធម្មតា។

លោកបានថ្លែងបន្តថា ភាពល្អប្រសើរនៃវិស័យនេះនឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសបន្ទាប់ពីស្ថានភាពការឆ្លងរាលដាលកូវីដ១៩ មានភាពធូរស្រាលឡើងវិញ។

ទន្ទឹមនឹងនេះលោកក៏បានលើកឡើងថា បញ្ហាចម្បងដែលលោកក៏ដូចជាអតិថិជនទូទៅនៅកម្ពុជាប្រាថ្នាចង់ទទួលបានពីវិស័យធនាគារនាពេលនេះ គឺការទម្លាក់អត្រាការប្រាក់ឱ្យទាបជាងពេលនេះ ខណៈអត្រាការប្រាក់នៅកម្ពុជាត្រូវគេដឹងថាខ្ពស់ បើធៀបនឹងប្រទេសជាច្រើនលើពិភពលោក។ លោក សុខនឿនបានឱ្យដឹងទៀតថា បច្ចុប្បន្នអត្រាការប្រាក់សម្រាប់ឥណទានក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតនៅចន្លោះពីជាង៦ភាគរយ ដល់១២ភាគរយក្នុង ១ ឆ្នាំ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ការផ្តល់ឥណទានរបស់វិស័យធនាគារទៅវិស័យអចលនទ្រព្យ និងសំណង់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ មានតម្លៃប្រមាណ១០,៥ពាន់លានដុល្លារ ស្មើនឹង៣១ភាគរយនៃទំហំឥណទានសរុបនៅកម្ពុជា៕

វិស័យដឹកជញ្ជូននៅកម្ពុជាអាចនឹងប្រឈមនឹងភាពយឺតយ៉ាវខណៈការដោះដូរទំនិញមិនមានការកកស្ទះឡើយ

ដោយៈ ប៊ី

ភ្នំពេញៈ ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានលើកឡើងថា នៅក្នុងស្ថានភាពនៃការរឹតបណ្តឹង និងបង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យដឹកជញ្ជូននៅកម្ពុជាអាចមានការយឺតយ៉ាវបន្តិចបន្តួច តែមិនមានការកកស្ទះក្នុងការដោះដូរផ្ទេរទំនិញ ឬការកកស្ទុះកុងតេន័រនៅតាមព្រំដែនច្រើននោះឡើយ។

ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោកឧកញ៉ាស៊ិន ចន្ធីបានថ្លែងប្រាប់នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ នេះថា ជុំវិញនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនេះ កម្ពុជាក៏ដូចប្រទេសជិតខាង គឺមានការរឹតបណ្តឹងដូចគ្នា ដើម្បីចៀសវាងការរីករាលដាលនៃជម្ងឺនេះកាន់តែខ្លាំង។

លោកឧកញ៉ាបានបន្តថា នៅក្នុងដំណាក់កាលនៃការរឹតបណ្តឹងនេះដែរ ចំពោះវិស័យដឹកជញ្ជូន អាចនឹងមានការយ៉ាតយ៉ាវបន្តិចបន្ទួច ព្រោះនៅពេលទំនិញមកដល់ព្រំដែន ទាំងអ្នករៀបចំសំណុំបែបបទ និងអ្នកបើកបរ ត្រូវធ្វើតេស្តជាមុន ក្នុងនោះពេលទំនិញចូលមកដល់កម្ពុជា នឹងមានការយឺតយ៉ាវបន្តិចបន្តួចថែមទៀត។

លោកឧកញ៉ាបានឱ្យដឹងថា បច្ចុប្បន្ន មានការត្រួតពិនិត្យនៅតាមគោលដៅរបស់ខេត្តដែលបានបិទខ្ទប់នីមួយៗ មុននឹងឲ្យដឹកជញ្ជូនទៅចែកចាយទីផ្សារក្នុងស្រុក តែទោះបីយ៉ាងណាការរឹងបណ្តឹងនេះ មិនមានបញ្ហាចោទខ្លាំងដល់ថ្នាក់កកស្ទះទំនិ ញនៅតាមព្រំដែន ឬការកកស្ទះដល់ការខូចខាតគុណភាពទំនិញនោះឡើយ។

ជាមួយគ្នានេះដែរ លោកនី កាណប្រធានសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបងបានលើកឡើងថា ពាក់ព័ន្ធនឹងការចេញកសិផល ចាប់ពីមានការការរឹតត្បិតតាមច្រកព្រំដែនមក ការនាំចេញកសិផលមានការយឺតយ៉ាវខ្លះៗ តែមិនមានការកកស្ទុះដល់ថ្នាក់មិនបាននាំចេញនោះឡើយ ជាក់ស្តែងការនាំចេញដំឡូងមី ដែលនៅសល់ក្នុងស្តុកទុកលក់ក្នុងពេលបច្ចុប្បន្ននេះ ទោះបីមានការបិទខ្ទប់ខេត្តនៅតាមព្រំដែន តែការនាំចេញកសិផល គឺមានការនាំចេញប្រហាក់ប្រហែលនាពេលកន្លងមកផងដែរ។

លោកបន្តថា ចំពោះការរឹតបណ្តឹងនេះ ទោះបីមានការយឺតយ៉ាវក្នុងការផ្ទេរទំនិញចេញ-ចូលខ្លះៗ តែយើងបានចូលរួមក្នុងការទប់ស្កាត់កុំឲ្យជម្ងឺកូវីដ-១៩ រីករាលដាលកាន់តែខ្លាំងថែមទៀត។

ពាក់ព័ន្ធការនាំចេញ-ចូលនេះ នាសប្តាហ៍កន្លងមក សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ”នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងឧស្សាហកម្មបម្រើការនាំចេញ វិស័យមិនមែនកាត់ដេរ ផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ៕

គម្រោងថាមពលពន្លឺព្រះអាទិត្យតម្លៃជាង៣៧លានដុល្លារនៅកំពង់ឆ្នាំងនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Prime Road Alternative (Cambodia) នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងថាមពលពន្លឺព្រះអាទិត្យ៦០មេហ្គាវ៉ាត់ (លូឡា) នៅភាគនិរតី នៃខេត្តកំពង់ឆ្នាំង ដែលមានតម្លៃ៣៧.៤លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង។

លោកអ៊ុក រស់ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានថ្លែងប្រាប់កាសែតអន្តរជាតិមួយ កាលពីមិ្សលមិញថាគម្រោងនេះនឹងត្រូវសាងសង់ក្នុងរយៈពេលជាងមួយឆ្នាំកន្លះនៅស្រុកទឹកផុស ជិតព្រំដែនស្រុកសាមគ្គីមានជ័យនៅភាគអាគ្នេយ៍ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

លោកបាននិយាយថា ក្រុមហ៊ុន Prime Road Alternative បានបញ្ចប់ដំណើរការដោះស្រាយផលប៉ះពាល់ ដែលពាក់ព័ន្ធនឹងអ្នកភូមិ និងជុំវិញការព្រួយបារម្ភអំពីការខូចខាតដំណាំនៅតំបន់ជុំវិញនោះហើយ។ ទោះបីជាយ៉ាងក៏ដោយ ក៏លោកមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ ក្នុងការបើកការដ្ឋានសាងសង់គម្រោងនេះនៅឡើយទេ។

លោកបានបន្ថែមថា ក្រុមហ៊ុននឹងលក់ថាមពល ដែលបង្កើតដោយកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដល់ក្រុមហ៊ុនអគ្គិសនីរដ្ឋកម្ពុជា (EdC) ដើម្បីផ្គត់ផ្គង់បណ្តាញអគ្គិសនី និងចែកចាយអគ្គិសនីនៅទូទាំងប្រទេសជា ពិសេសតំបន់ដែលខ្វះថាមពល។

លោករស់បានមានប្រសាសន៍ថា “ខេត្តកំពង់ឆ្នាំងបានទទួលគំរោងថាមពលពន្លឺព្រះអាទិត្យជាបន្តបន្ទាប់ ដោយសារទីតាំងភូមិសាស្ត្រអំណោយផល ដែលទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ហើយយើងមានបណ្តាញអគ្គិសនីចំនួនពីរ ដើម្បីបញ្ជូនអគ្គិសនីទៅបណ្តាញអគ្គិសនីជាតិ”។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៥ ខែមករា បានអនុម័តគម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prime Road Alternative៕

ចក្រភពអង់គ្លេសប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥,០០០ដូសដល់កម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ចក្រភពអង់គ្លេស បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥,០០០ដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោកស្រីឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា Tina Redshaw មានប្រសាសន៍ថា “វ៉ាក់សាំង AstraZenenca ចំនួន៤១៥,០០០ដូសនេះ នឹងជួយដល់សហគមន៍ ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការការសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។ ខ្ញុំពិតជារីករាយ ដែលចក្រភាពអង់គ្លេសប្តេជ្ញាចិត្តក្នុងការបរិច្ចាគវ៉ាក់សាំងនៅទូទាំងពិភពលោក ទាងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ”។

មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជំនួយរបស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ

វ៉ាក់សាំងដែលអង់គ្លេសផ្តល់មកកម្ពុជានេះ គឺស្ថិតនៅក្នុងកម្មវិធីផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអង់គ្លេសទៅកាន់ប្រទេសជាមិត្តប្រមាណ៩លានដូស៕

វិភាគៈតើកិច្ចសហប្រតិបត្តិការរបស់មហាយក្សចិន ជាមួយបណ្ដាប្រទេសទន្លេមេគង្គ អាចស្ដារការបាត់បង់ទំនុកចិត្តយ៉ាងដូចម្ដេច?

ដោយៈសុខុម

អន្តរជាតិៈ ខ្សែទឹកទន្លេមេគង្គដ៏វែងអន្លាយ ខ្សែទឹកដ៏វែងនេះមានរឿងរ៉ាវជាច្រើនរាប់មិនអស់ ហើយទំនាក់ទំនងរវាងបបណ្តាប្រទេសនៅតាមបណ្តោយទន្លេនេះ ជួនល្អក់ ជួនថ្លា អាស្រ័យលើរបត់នយោបាយ និងទំនាក់ទំនងអន្តរជាតិ។

ដោយត្រូវបានស្នើឡើងលើកដំបូង នៅឯកិច្ចប្រជុំកំពូលអាស៊ាន-ចិន (Asean-China Summit) លើកទី១៧ ក្នុងឆ្នាំ២០១៤ ដោយនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង (Li Keqiang) យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong Cooperation (LMC)) មានគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចប្រឹងប្រែងការពារបរិស្ថាន និងការគ្រប់គ្រងទឹកទន្លេឆ្លងកាត់ព្រំដែន រវាងបណ្ដាប្រទេ​ស ដែលស្ថិតនៅតាមបណ្តោយដងទន្លេ រួមមាន ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងវៀតណាម។

ក្រុមអ្នកជំនាញមើលឃើញថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ប្រជែងនឹងគណៈកម្មការទន្លេមេគង្គ Mekong River Commission (MRC)) ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៥ និងដែលគាំទ្រដោយសហរដ្ឋអាមេរិក។ គណៈកម្មការនេះមិនបានរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន ឡើយ។
ចំណែកឯកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន (MLC) បានរាប់បញ្ចូលប្រទេសទាំងអស់ដែលស្ថិតនៅតាមដងទន្លេមេគង្គ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ពឹងផ្អែកខ្លាំងលើហិរញ្ញប្បទានបានពី “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់មហាយក្សចិន ដើម្បីជំរុញរបៀបវារៈអភិវឌ្ឍន៍របស់ខ្លួន តាមរយៈគម្រោងនានា ដែលអ្នកសង្កេតការណ៍មួយចំនួនចាត់ទុកថាជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីរៀបចំឡើងវិញនូវតុល្យភាពអំណាចក្នុងអនុតំបន់ទន្លេមេគង្គ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានប្រឈមនឹងព្យុះភ្លៀងដ៏ធំមួយ ក្រោយពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់ ដែលបង្កឡើងដោយទំនប់វារីអគ្គិសនី នៅខ្សែទឹកខាងលើនៃដងទន្លេមេគង្គ។

ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំង បានប្តេជ្ញាពន្លឿនកិច្ចសហការស្រាវជ្រាវរួមគ្នាមួយ ជាមួយគណៈកម្មការទន្លេមេគង្គ (MRC) និងចែករំលែកទិន្នន័យអំពីទំនប់វារីអគ្គិសនីពេញៗមួយឆ្នាំ តាមរយៈវេទិកាចែករំលែកព័ត៌មានស្តីពី កិច្ចសហប្រតិបតិ្តការផ្នែកធនធានទឹកមេគង្គ-ឡានឆាង (Lancang-Mekong Water Resources Cooperation Information Sharing Platform (LMWRC))។

កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកទន្លេ ឆ្លងកាត់ព្រំដែនរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានរងផលប៉ះពាល់ជាអវិជ្ជមាន ដោយវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩។ ទោះជាយ៉ាងណា MLC បានផ្តោតអាទិភាពនានារបស់ខ្លួនឡើងវិញ លើការទទួលបានហិរញ្ញប្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍នានា និងបំពេញបានតាមតម្រូវការគ្រឿងបរិក្ខារវេជ្ជសាស្ត្រ ដែលកំពុងកើនឡើងនៅក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ។

*ការផ្លាស់ប្ដូរឥរិយាបថ
ឥរិយាបថចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនសិក្សាស្រាវជ្រាវ Eyes on Earth ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍សិក្សាមួយ កាលពីខែមេសា ឆ្នាំ២០២០ ដែលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីទំនាក់ទំនងរវាងទំនប់វារីអគ្គិសនីចិន នៅខ្សែទឹកខាងលើ និងការប្រែប្រួលនូវរំហូរទឹកជាអវិជ្ជមាន ហើយនេះជាភ័ស្តុតាងដ៏រឹងមាំដែលសារព័ន្ធអន្តរជាតិធំៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅប៉ុន្មានខែក្រោយពីការចេញផ្សាយ របាយការណ៍សិក្សាខាងលើ មហាយក្សចិន បានសន្យាថា នឹងបំពេញឱ្យបានតាមការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការចែករំលែកទិន្នន័​យស្តីពីទំនប់វារីអគ្គិសនីពេញៗមួយឆ្នាំ ហើយបានចាប់ផ្តើមដំណើរការ វេទិកាចែកចាយព័ត៌មានរបស់ខ្លួន។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់សញ្ញាបង្ហាញពីការផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង លើការគាំទ្រដល់ការអភិវឌ្ឍន៍អាងទន្ល ប្រកបដោយនិរន្តរភាពជាមួយនឹងការចាប់ផ្តើម “ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (Mekong-US Partnership) និងក្រុមឃ្លាំមើលទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ (Mekong Dam Monitor (MDM)) ដែលទទួលបន្ទុកឃ្លាំមើលការប្រែប្រួលរំហូរទឹកទន្លេមេគង្គ។

ក្រុមឃ្លាំមើលទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ (MDM) បានរកឃើញការប្រែប្រួល នូវកម្រិតទឹកទន្លេមួយចំនួននៅដើមឆ្នាំ២០២១ ដែលវេទិកាចែករំលែកព័ត៌មានរបស់ប្រទេសចិន មិនអាចផ្ដល់ការបកស្រាយសមស្របបាន ជាហេតុដែលធ្វើឱ្យមជ្ឈដ្ឋាននានាបាត់បង់ទំនុកចិត្តលើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC)។

*ដំណោះស្រាយដើម្បីបញ្ចប់មន្ទិលសង្ស័យ
មានវិធីមួយចំនួន ដែលអាចយកទៅពិចារណាបាន ដើម្បីបង្កើនការជឿទុកចិត្តលើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ដូចជា ទី១ ជំនួសឱ្យការទម្លាក់ទំនួលខុសត្រូវទាំងអស់ សម្រាប់ការអភិវឌ្ឍទន្លេ ប្រកបដោយនិរន្តរភាព ទៅលើរដ្ឋាភិបាលចិន និងពឹងផ្អែកលើហិរញ្ញប្បទានពី “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) បណ្ដាប្រទេសជាប់ដងទន្លេមេគង្គ ផ្សេងៗទៀតគួរតែសកម្មជាងមុន ក្នុងការស្នើសុំឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ធ្វើកំណែទម្រង់ និងធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុ សម្រាប់សកម្មភាពនានា របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC)។

ទី២ វេទិកាចែករំលែកព័ត៌មានស្តីពី កិច្ចសហប្រតិបតិ្តការផ្នែកធនធានទឹកមេគង្គ-ឡានឆាង (LMWRC) និងក្រុមឃ្លាំមើលទំនប់វារីអគ្គិសនី តាមដងទន្លេមេគង្គ (MDM) គួរតែស្វែងរកមូលដ្ឋានរួមមួយ ដើម្បីឆ្ពោះទៅរកភាពស៊ីសង្វាក់គ្នាកាន់តែប្រសើរ។

ទី៣ ការបកស្រាយមិនត្រឹមត្រូវ ទៅលើរបាយការណ៍សិក្សាស្រាវជ្រាវ អំពីទំនប់វារីអគ្គិសនីដែលអាចធ្វើឱ្យបាត់បង់ទំនុកចិត្ត ត្រូវតែមានការដោះស្រាយឱ្យបានល្អ។

*ការទទួលបានទំនុកចិត្តឡើងវិញ
ដើម្បីទទួលបានការជឿទុកចិត្តឡើងវិញ លើកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង (MLC) គឺមិនត្រូវយកបញ្ហាទឹក មកធ្វើជាបញ្ហានយោបាយឡើយ ហើយភាគីពាក់ព័ន្ធនានា គួរតែអនុវត្តតាមនីតិវិធីសិក្សាស្រាវជ្រាវស្តង់ដារ និងសង្កេតមើលវត្ថុបំណងនៃវិទ្យាសាស្ត្រ។

ដូចនេះ ការស៊ើបអង្កេតរួមគ្នា និងវិធានការនានា ដែលមានការសម្របសម្រួលបន្ថែមទៀត ក្នុងចំណោមស្ថាប័នពាក់ព័ន្ធ ពិតជាចាំបាច់ណាស់ ដើម្បីជម្នះវិបត្តិទឹកដែលកំពុងកើតមាន ហើយកសាងជំនឿទុកចិត្តលើគ្នាទៅវិញទៅមក ក្នុងចំណោមបណ្ដាប្រទេសតាមដងទន្លេមេគង្គ៕

ក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារថៃ Centara ចុះកិច្ចព្រមព្រៀងគ្រប់គ្រងសណ្ឋាគារ Al Hail Waves នៅប្រទេសអូម៉ង់

ដោយៈសុខុម

បាងកក: ក្រុមហ៊ុន Centara Hotels and Resorts ដែលជាប្រតិបត្តិករសណ្ឋាគារឈានមុខគេរបស់ប្រទេសថៃ និងក្រុមហ៊ុនសំណង់Ibn Saleh Al Hashmi Construction (ISAHC) របស់ប្រទេសអូម៉ង់ បានប្រកាសចុះកិច្ចព្រមព្រៀងគ្រប់គ្រងសណ្ឋាគារ Al Hail Waves ដែលនឹងត្រូវគ្រប់គ្រងដោយ Centara។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២១ កក្កដា ឱ្យដឹងថា កិច្ចព្រមព្រៀងគ្រប់គ្រងនេះ នឹងចូលជាធរមាននៅថ្ងៃទី១ មករា ដើមឆ្នាំ២០២២ ហើយបន្ទាប់ពីនោះក្រុមហ៊ុន Centara នឹងចាប់ផ្ដើមជួសជុលកែលម្អអគារសណ្ឋាគារ ដើម្បីឱ្យស្របទៅនឹងម៉ាកយីហោ និងស្តង់ដារប្រតិបត្តិការរបស់ខ្លួន។

រដ្ឋាភិបាលនៃប្រទេសអូម៉ង់ បានបញ្ចេញផែនទីបង្ហាញផ្លូវ ប្រកបដោយមហិច្ឆតាដើម្បីសម្រេចគោលដៅរយៈពេលវែង ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រទេសចរណ៍របស់ខ្លួន។

លោក Thirayuth Chirathivat នាយកប្រតិបត្តិក្រុមហ៊ុន Centara Hotels and Resorts បានលើកឡើងថា “ដោយមានក្រុមហ៊ុន ISAHC ជាដៃគូសហការរបស់យើង យើងមានទំនុកចិត្តថា នឹងអាចទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើនជាមួយនឹងគុណតម្លៃចែករំលែក និងយកចិត្តទុកដាក់របស់យើង”។

លោកបន្ថែមទៀតថា “យើងពិតជាមានមោទនភាព និងរំភើបរីករាយក្នុងការបើកដំណើរការសណ្ឋាគារទី៣ របស់យើងនៅប្រទេសអូម៉ង់ ជាប្រទេសដែលមានធម្មជាតិដ៏ស្រស់បំព្រង តំបន់ប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប”។

បង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្រុមហ៊ុន ISAHC បានស្ថិតក្នុងចំណោមក្រុមហ៊ុនសំណ​ង់ ដែលរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅប្រទេសអូម៉ង់ ដោយបានទទួលសាងសង់គម្រោងជាច្រើន រួមមាន ទាំងសណ្ឋាគារ ភូមិគ្រឹះឯកជន និងអគារលំនៅដ្ឋានជាដើម។ សណ្ឋាគារ Al Hail Waves នឹងក្លាយជាគម្រោងទី៣ របស់ក្រុមហ៊ុន ISAHC ដែលប្រគល់ឱ្យក្រុមហ៊ុន Centara ជាអ្នកគ្រប់គ្រង បន្ទាប់ពីគម្រោងសណ្ឋាគារ Muscat Dunes Hotel និងសណ្ឋាគារ Centara Muscat Hotel Oman។

លោក Abdullah Saleh Saif Al Hashmi ប្រធានក្រុមហ៊ុន ISAHC បានលើកឡើងថា “សម្រាប់គម្រោងបដិសណ្ឋារកិច្ចចុងក្រោយ របស់យើងនៅប្រទេសអូម៉ង់ យើងរីករាយនឹងសហការជាថ្មីម្តងទៀត ជាមួយក្រុមហ៊ុន Centara Hotels and Resorts។ យើងជាម្ចាស់គ្រប់គ្រងស្មើភាពគ្នាលើអ្វីៗ ដែលយើងធ្វើជាមួយគ្នា ជាមួយនឹងចក្ខុវិស័យ​រួម ពោលគឺទទួលបានកំណើនប្រកបដោយនិរន្តរភាព”។

លោកបន្តថា “យើងមានទំនុកចិត្តលើការលក់ និងទំនាញទីផ្សារអន្ដរជាតិរបស់ក្រុមហ៊ុន ហើយបោះជំហានឆ្ពោះទៅរកភាពជោគជ័យបន្តទៀត និងផ្តល់ជូនភ្ញៀវនូវជម្រើសដ៏គួរឱ្យទាក់ទាញ ពោលគឺសណ្ឋាគារលំដាប់កំពូលៗនៅក្នុងប្រទេសអូម៉ង់”៕

ផ្លូវជាតិសំខាន់ៗចំនូនបីខ្សែទៀតរដ្ឋាភិបាលកំពុងរៀបចំសាងសង់ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងគិតគូ និងត្រៀមសាងសង់ផ្លូវជាតិសំខាន់ៗចំនួនបីខ្សែបន្ថែមទៀត ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ក៏ដូចជាជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

ផ្លូវជាតិសំខាន់ៗទាំងនោះរូមមានដូចជាទី១ ផ្លូវ៧១សេ តភ្ជាប់​ពី​ខេត្ត​កំពង់ចាម​ទៅ​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ
ស្របពេល​ស្ពាន​ស្ទឹងត្រង់ ស្ថិតក្នុងខេត្តកំពង់ចាម តភ្ជាប់ទៅកាន់​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​បាន​បញ្ចប់​រួច​រាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ដោយ​ឡែក​ផ្លូវ​ជាតិ ៧១សេ ក៏​កំពុង​សាងសង់​ភ្ជាប់​ទឹកដីម្ខាង ​នៃ​​ខេត្ត​កំពង់ចាម​ទៅ​ម្ខាងទៀត នៃ​ខេត្ត​ត្បូងឃ្មុំ​​តាម​រយៈ​ស្ពាន​កាត់​ទន្លេ​ស្ទឹងត្រង់​ក្រូច​ឆ្មារ។

ផ្លូវជាតិលេខ៧១សេ ​មាន​ប្រវែង​ជាង១១០គីឡូម៉ែត្រ ​បែក​ចេញ​ពី​ជាតិ​លេខ​៧១ ក្នុង​ស្រុក​ចម្ការលើ កាត់​ស្ពា​ន​ស្ទឹងត្រង់​ក្រូចឆ្មារ​ ទៅ​ផ្លូវជាតិលេខ៧៣ រហូត​ទៅ​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ។

ទី២ ផ្លួវលេខ៥០សេ ខេត្តកំពង់ធំទៅខេត្ត​កំពង់ឆ្នាំង
ផ្លូវ​ជាតិ​លេខ ៥០សេ ដែលមានប្រវែង៥៣គីឡូម៉ែត ភ្ជាប់ពីផ្លូវជាតិ​លេខ៦ ក្នុង​ខេត្តកំពង់ធំ នៅចំណុច​ភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅដល់​ស្រុកកំពង់លែង​ខេត្តកំពង់ឆ្នាំង ដែលជាផ្លូវប្រវត្តិសាស្ត្រ មិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា។

បំព្រួញចម្ងាយជាង១០០គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ៥៣គីឡូម៉ែត្រ​ គិតពីទីរួមខេត្តកំពង់ឆ្នាំងមកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បើគិតពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ទីរួមខេត្តកំពង់ធំមានត្រឹមតែ១៩គីឡូម៉ែត្រប៉ុណ្ណោះ និងផ្លូវខេត្តកំពង់ឆ្នាំងមានប្រវែង ៣៤គីឡូម៉ែត្រ។

ផ្លូវ​នេះ​ចែកចេញជាពីរកំណាត់ផ្លូវ គឺចាប់ពីផ្លូវជាតិលេខ៦ ទៅរហូតចម្ងាយ៧គីឡូ​ម៉ែត្រជាផ្លូវកៅស៊ូ លុះចាប់​​ពី​គីឡូម៉ែត្រទី៧ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង គឺជាផ្លូវបេតុងពន្លិចទឹក។

ទី៣ ផ្លូវ៦០បេ ពីព្រែកប្រសព្វ​ (ក្រចេះ) ទៅកំពង់ថ្ម (កំពង់ធំ)
ក្រៅពី​​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​​ខេត្តក្រចេះ ​នឹង​ដំណើរការ​សាងសង់​នៅពេល​ខាង​មុខ ក៏មាន​ការ​សិក្សា​ផ្លូវ​ជាតិ​មួយ​ខ្សែ​ទៀត​ប្រវែង​ជាង១០០គីឡូម៉ែត្រ តភ្ជាប់ពី​​​​​ខេត្ត​ក្រចេះ​ ទៅ​ដល់​ខេត្ត​កំពង់ធំ។

ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន ​ខេត្ត​ក្រចេះ​ ​លោក សាំង ប៊ុនថេងបានឲ្យដឹងថា ផ្លូវ​ជាតិ​ថ្មី​មួយ​ខ្សែ​នេះ​គឺ​​ផ្លូវ៦០បេ ចេញពីចំណុច​​គល់​​ស្ពាន​ខេត្តក្រចេះ​ថ្មី ​កាត់តាម​​ស្រុក​ព្រែក​ប្រសព្វ​ រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ មាន​ប្រវែង​ជាង១៣០គីឡូម៉ែត្រ៕

មូលដ្ឋានសំខាន់ៗចំនួន៧នឹងជម្រុញខេត្តកោះកុងអាចពង្រីកសក្តានុពលរបស់ខ្លូនកាន់តែខ្លាំងនាពេលអនាគត

ដោយៈគង់ សូរិយា

កោះកុងៈ តំបន់ឆ្នេរកម្ពុជា កំពុងរៀបចំរះឡើងវិញ ក្រោយវិបត្តកូវីដ១៩ ដែលស័ក្តិសមនឹងអ្វី ដែលជាការប្រសិទ្ឋនាមរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានហៅតំបន់ឆ្នេរនៃខេត្តទាំង៤ ជា”តារារៈនាទិសនារតី”។

ធ្លាប់ជាខេត្តដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ តែគេនឹកឃើញបទចំរៀង​របស់លោកស៊ីន ស៊ីសាមុត “បុប្ឆាកោះកុង”បានធ្វើឲ្យខេត្តនេះ នៅតែដក់ក្នុងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ហេដ្ឋារចនាសម្ព័ន្ឋ
ប៉ុន្តែជាមួយនឹងការដាក់ចេញគោលនយោបាយត្រឹមត្រូវ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុងមានការអភិវឌ្ឍយ៉ាងលឿនស្លេវ ដោយបច្ចុប្បន្នខេត្តនេះមានព្រលាន​យន្តហោះអន្តរជាតិថ្មីមួយ ដែលនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះក្រុមហ៊ុន Bangkok Airway បាន និងកំពុងសហការជាមួយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប ដើម្បីរៀបចំព្រលានយន្តហោះថ្មីមួយទៀត នៅតំបន់កោះប៉ោ ដែល​មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងយោធពលខេមរភូមិន្ទ។

លើសនេះនេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជម្រុញការពង្រីផ្លូវជាតិលេខ៤៨ ជាពីរគន្លងសំរាប់រថយន្តទៅមកផងដែរ ជាពិសេសការតភ្ចាប់ជាប្រវត្តិសាស្រ្តនូវភូមិភាគពាយ័ព្យ មកកាន់តំបន់នារតី។

ផ្លូវជាតិលេខ១០
វាជាផ្លូវប្រវត្តិសាស្រ្តមួយ ដែលតភ្ជាប់ភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរ ដោយផ្លូវនេះបានចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ និងមកបញ្ចប់នៅខេត្តកោះកុង។

ផ្លូវនេះដើរតួនាទីសំខាន់បួន​ ដូចជា ទី១ ជួយសម្រួលការធ្វើដំណើរ និងសមាហរណកម្មផ្ទៃក្នុងប្រទេស ទី២ ជួយសម្រួលការដឹកជញ្ជូនកសិផលពីភូមិភាគពាយ័ព្យទៅកាន់កំពង់ផឬទឹកជ្រៅ ក្នុងខេត្តកោះកុង ដើម្បីនាំចេញទៅកាន់ប្រទេសចិន ទី៣ ជួយសម្រួលលំហូរភ្ញៀវទេសចរណ៍៍ជាតិ និងអន្តរជាតិ និងទី៤ ជួយលើកកំពស់សេដ្ឋកិច្ច សង្គមរបស់ប្រជាជនក្នុងតំបន់។

អាកាសយានដ្ឋានតារាសាគរ
នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិលកាលពីពេលថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដើម្បីពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ។

គោលបំណងនៃបេសកម្មចុះ ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន ទី១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group ទី២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់ ទី៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៍មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង៤-បញ្ហាផ្សេងៗ។

អាកាសយានដ្ឋានះអន្តរជាតិ ដែលអាចទទួលការចុះចតនេះ នឹងពង្រីកមុខមាត់និងលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង និងសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរថែមទៀត ដែល​តាមផែនការព្រលានយន្តហោះនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនអាកាសចរណ៍នានាហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ខាងមុខនេះ។

យោងតាមលោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា បន្ទាប់ពីផ្អាកពន្យាពេលដោយសារវិបត្តិ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២១នេះ។

គំរោងអភិវឌ្ឍន៍តារាសាគរ
ទោះជារងទណ័្ឌកម្មពីសហរដ្ឋអាមេរិក ក៏គម្រោងតារាសាគរក្នុងខេត្តកោះកុង មិនបង្អង់ល្បឿននៃផែនការអភិវឌ្ឍន៍របស់ខ្លួននោះទេ។

គំរោងដែលទទួលបានដីសម្បទាន ពីរាជរដ្ឋាភិបាលកម្ពុជាជាង៤០,០០០ហិកតានេះ កំពុងបំពេញតម្លៃឲ្យខេត្តនេះយ៉ាងធំសម្បើម ដែកគម្រោងនេះ​មានផែនការអភិវឌ្ឋន៍តំបន់កម្សាន្ដ និងលំហែរបែបធម្មជាតិកម្រិតខ្ពស់ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោន(Dara Sakor Stardream Lake Tourism Town)របស់ក្រុមហ៊ុនUnion City Development Group បានចាប់ផ្ដើមប្រកាសបើកដំណើរការ ព្រមទាំងជំរុញការអភិវឌ្ឍ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក សុខុម ធ្លាប់បានមានប្រសាសន៍ថា គម្រោងនឹងនេះមានលក្ខខណៈពិសេស និងអំណោយផលសម្រាប់ទូរគមនាគមន៍ ពោលគឺ អាចធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញ ដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅ ខេត្តព្រះសីហនុត្រឹមតែ២ម៉ោង នៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច។

លោកបន្ថែមថា “នៅពេលខាងមុខនេះ ភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរ និងតាមការចុះចតយានដ្ឋានតារាសាគរ ដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ”។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានស្នើសុំដល់ក្រុមហ៊ុន Union City Development Group ឲ្យក្រុមហ៊ុនបណ្តុះបណ្តាល ជនជាតិខ្មែរឲ្យបានច្រើន ក៏ដូជាបង្កើនសកម្មភាពពង្រីករមណីយដ្ឋាន ឲ្យកាន់តែច្រើនថែមទៀតដើម្បីបំម្រើវិស័យទេចរណ៍។

តំបន់ទេសចរណ៍ដ៏អាថ៌កំបាំងជាច្រើន
ជាមួយនឹងអំណោយផល នៃផែនការអភិវឌ្ឍន៍ពីរដ្ឋាភិបាល វិស័យឯកជន ខេត្តកោះកុង មានធនធានធម្មជាតិដ៏អាថ៌កំបាំង និងមានសក្តានុពលដ៏ធំសម្បើមផ្នែកអេកូទេសចរណ៍ ដោយមានកោះ ទឹកជ្រៅ ព្រៃភ្នំ ដងព្រែក ដៃសមុទ្រត្រពាំងរូងដ៏ស្រស់ស្អាត ខេត្តនេះ ក៏មិនទាន់ទាក់ទាញការវិនិយោគលើធនធានធម្មជាតិ និងប្រើប្រាស់ធនធានធម្មជាតិឲ្យអស់សក្តានុពលនៅឡើយទេ។

អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកស្រីភូថង មិថុនាធ្លាប់បានមាន​ប្រ​សាសន៍ថា ខេត្តកោះកុង ជាខេត្តមួយមានសក្តាពនុពលធម្មជាតិ ដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ និងឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគួអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តកោះកុង ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិដែលបាននឹងកំពុងសាងសង់ ហើយនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនាពេលឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារតែមានទំនាក់ទំនងល្អ ជាមួយប្រទេសចិននោះ កាលពីឆ្នាំ២០១៩ កន្លងមក នេះខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរវាងមន្ទី ទេចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌ និងទេចរណ៍ខេត្តជីលីន នៅក្នុងទឹកដីខេត្តកោះកុង។

លោកស្រីអភិបាលខេត្តក៏បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុង បានកំពុងទាក់ទងនិងបានរៀបចំឯកសារស្តីពី អនុស្សរណៈនៃយោគយល់គ្នា រវាងខេត្តកោះកុងជាមួយ នឹងខេត្តយូណាន និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តកោះកុង និងក្រុងវៃណាន ខេត្តសានស៊ីរបស់ប្រទេសចិន ដើម្បីជំរុញនិងលើកស្ទួយឲ្យមានការរីកចម្រើនច្រើនផងដែរ។

ឧស្សាហកម្មកាស៊ីណូ
ដោយសារមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ខេត្តកោះកុងមានអំណោយផលមួយទៀតលើការធ្វើពាណិជ្ជកម្ម ទេសចរណ៍និងល្បែងកំសាន្ត ដូចជាកាស៊ីណូជាដើម។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិនិយោគកាស៊ីណូរបស់ហុងកុង Century Entertainment International Holdings បានបង្ហាញព័ត៌មានច្បាស់ការណ៍ថា ក្រុមហ៊ុនសម្រេចចិត្តប្តូរទិសដៅវិនិយោគរបស់ខ្លួនពីក្រុងព្រះសីហនុ សម្តៅទៅខេត្តកោះកុងជំនួសវិញ។

ក្រុមហ៊ុន Century Entertainment នឹងផ្លាស់ប្ដូរតំបន់ប្រតិបត្តិការតុល្បែងពីទីតាំងកំណើតរបស់ខ្លួនស្ថិតនៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់សណ្ឋាគារមួយនៅក្នុងស្រុកតារាសាគរ ខេត្តកោះកុងវិញ។

ជាមួយនឹងគោលបំណងនៃការផ្លាស់ប្តូរនេះ ប្រធានក្រុមហ៊ុន និងជាស្ថាបនិកក្រុមហ៊ុន Century Entertainment លោក Ng Man Sun ធ្លាប់បានបង្ហាញពីផែនការផ្លាស់ប្តូរទីតាំងពីសណ្ឋាគារ Sunshine Bay Hotel នៅក្នុងខេត្តព្រះសីហនុ ទៅកាន់សណ្ឋាគារ Ming Guan ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដូចគ្នា។

ម្ចាស់កាស៊ីណូរូបនេះ ទទួលបានការផ្តល់ជូនដ៏ពិសេស ពីអចលនទ្រព្យនៅស្រុកតារាសាគរ ខេត្តកោះកុងជំនួសវិញ។ ទីតាំងថ្មីនេះមានផ្ទៃក្រឡាសរុប ១០,៥០០ ម៉ែត្រការ៉េ ដែលអាចតម្លើងតុល្បែងចំនួន ៤០ តុ លំដាប់វីអាយភីចំនួន ៥៥ និងស្លុតម៉ាស៊ីន ៨០ ដោយក្នុងនោះក៏មានការបង្កើតភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រី។
ទោះជាយ៉ាងណាគំរោងកាស៊ីណូ និងគំរោងជាច្រើនទៀតបានផ្អាក ដោយសារវិបត្តិជំងឺកូវីដ១៩។

ព្រលានយន្តហោះនៅកោះប៉ោ
ក្រៅពីព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងនឹងមានព្រេលានយន្តហោះមួយទៀត ដែលគ្រោងវិនិយោគទឹកប្រាក់៤០លានដុល្លារអាមេរិក ដោយការសហការវាងក្រុមហ៊ុនលី យ៉ុងផាត់គ្រុង និងក្រុមហ៊ុនអាកាសចរណ៍ Bangkok Airlway។

ព្រលានយន្តហោះថ្មីនេះ នឹងមានទីតាំងនៅលើកោះប៉ោ ស្ថិតក្នុងឃុំបាក់ខ្លង ក្រុងខេមរៈភូមិន្ទ។
ព្រលានយន្តហោះនេះ ទំនងជាមិនមែនជាព្រលានកម្រិតអន្តរជាតិទេ ដោយសារទំហំទុនវិនិយោគត្រឹម៤០លានដុល្លារអាមេរិក ប៉ុន្តែយ៉ាងណាក៏ដោយយើងមិនអាចទាក់​ទងសុំការបំភ្លឺពីអ្នកឧកញ៉ាលី យ៉ុងផាត់អគ្គនាយកក្រុមហ៊ុនលី យ៉ុងផាត់គ្រុបបានទេ៕