តើត្រូវធ្វើបែបណានៅពេលអ្នកមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងដូសទី៣?

ដោយៈគង់ សូរិយា

ភ្នំពេញៈ មនុស្សម្នាក់ៗមានអាការៈខុសៗគ្នា នៅពេលចាក់វ៉ាក់សាំងរួច ដែលរាងកាយ​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន ដើម្បី​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​នោះ ហើយ​ពេល​យើង​ចាក់​ វ៉ាក់សាំង​ដូស​ទី៣ (វ៉ាក់សាំង AstraZeneca) សង្កេត​ឃើញ​ថា​ មាន​ផល​រំខាន​ធ្ងន់​ជាង​វ៉ាក់សាំង​មុនៗ បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង។

អាការៈដូចជា អស់​កម្លាំង ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល ឈឺ​ក្បាល ឈឺ​សាច់​ដុំ ឈឺ​តាម​សន្លាក់ ចង្អោរ ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ) ជា​រោគ​សញ្ញា​ទូទៅ​នៃ​ផល​រំខាន​របស់​វ៉ាក់សាំង​ដូស​ទី៣ ដែល​គ្នា​យើង​ភាគ​ច្រើន​ចាក់​ហើយ មាន​អាការមិន​ស្រួល​ខ្លួន​ខ្លាំង​ជាង​វ៉ាក់សាំង​ដូស​ទី១ និង​ទី២។

ហេតុនេះ តើអ្នក​ចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ ត្រូវពិនិត្យនិងអនុវត្តន៍តាមអាការៈមួយចំនួនដូចខាងក្រោមនេះ។

វិធី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​មុខ​ម្ជុល
១. ស្អំ​កន្សែង​សើម (ត្រូវ​ប្រើ​កន្សែង​ស្អាត) លើ​កន្លែង​ឈឺ​ចុក​ចាប់
២. ប្រើ​ដៃ​ដែល​ឈឺ​នោះធ្វើចលនាតិចៗ ឬ​ហាត់​ប្រាណ​សម្រួល​អាការៈ​មិន​ស្រួល
វិធី​កាត់​បន្ថយ​អាការៈ​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី៣
១. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
២. ស្លៀក​សម្លៀក​បំពាក់​ស្ដើងៗ​

ក្នុង​ករណី​ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ហើយ​មាន​អាការ​ក្ដៅ​ខ្លួន យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះកម្តៅដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​លើ​សំបក​ថ្នាំ ឬ​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ត្រឹម​ត្រូវ។

បើ​យើង​សង្កេត​ឃើញ​ថា ​មាន​សញ្ញា​ព្រមាន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​ជា កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំងឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ ២-៣​ថ្ងៃ បន្ទាប់​ពី​ចាក់​ថ្នាំ យើង​គួរ​រក​គ្រូពេទ្យ​ពិនិត្យ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

 

រដ្ឋមន្ត្រីទេសចរណ៍ៈកម្ពុជាត្រៀមខ្លួនរួចរាល់យកខេត្តព្រះសីហនុរៀបចំវេទិកាទេសចរណ៍អាស៊ានATF ២០២២

ដោយៈ តារា

ភ្នំពេញៈ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  បានដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកា ទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ និងជម្រុញរៀបចំឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។

រដ្ឋមន្ត្រី ថោង ខុនបានថ្លែងថា  នៅពេលនេះក្រុមការងារអន្តរក្រសួង បានសម្រេចយកសណ្ឋាគារសុខា ធ្វើជាទីតាំងធំត្រៀមលក្ខណៈទទួលរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅកម្ពុជា នាដើមឆ្នាំ២០២២ ដែលមានថ្នាក់ដឹកនាំ ក្រុមឧត្តមមន្ត្រី មន្ត្រីជំនាញទេសចរណ៍ មកពីតាមបណ្តាប្រទេសសមាជិក និងបណ្តាប្រទេសដៃគូអាស៊ាន  និងអ្នកវិនិយោគទុន អ្នកសារព័ត៌មានជាតិអន្តរជាតិ និងភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនអញ្ជើញចូលរួម។

បន្ទាប់ពីចុះត្រួតពិនិត្យ និងជម្រុញអោយខេត្ត និងសណ្ឋាគារសុខារៀបចំទីតាំងរៀបចំព្រឹត្តិការណ៍អោយបានស្អាត អនាម័យ មានសុវត្ថិភាព និងភាពទាក់ទាញនោះហើយ លោក ថោង ខុន  បានថ្លែងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា ATF 2022 នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

លោកបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានATFនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ  កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំ ជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងមានសិក្ខាសាលាថ្នាក់តំបន់ជាច្រើនទៀត និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)។

លោកថោង ខុន បញ្ជាក់ថា នៅក្នុងអណត្តិដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ATFនេះ គឺយើងមិនអាចរៀបចំធំដូចមុនៗបានទេ ដោយសារបញ្ហាកូវីដនៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី៕

ង្ហបុរី និងសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងអាកាសធាតុថ្មីដើម្បីបង្កើតឱកាស ពាណិជ្ជកម្មក្នុងវិស័យកំណើនបៃតង

ដោយៈសុខុម

សឹង្ហបុរី: សហរដ្ឋអាមេរិក និងសិង្ហបុរី បានចុះកិច្ចព្រមព្រៀងចាប់ដៃគូ សហការថ្មីមួយដើម្បីពង្រឹងកិច្ចសហការ កាន់តែប្រសើរលើសកម្មភាពអាកាសធាតុ អភិបាលកិច្ច បរិស្ថាន ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយកាបូន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៣ សីហា នេះ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៃប្រទេសសិង្ហបុរី បានលើកឡើងនៅថ្ងៃច័ន្ទនេះថា កិច្ចព្រមព្រៀងចាប់ដៃគូសហការ ផ្នែកអាកាសធាតុអាមេរិក-សិង្ហបុរី (US-Singapore Climate Partnership) នេះនឹងបង្កើតឱកាសពាណិជ្ជកម្មសម្រាប់អាជីវកម្ម និងកម្មករនិយោជិតនានា ក្នុងវិស័យកំណើនបៃតង រួមមាន ទាំងនៅក្នុងអន្តរកាលថាមពល ហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងទីផ្សារឥណទានកាបូនទាបផងដែរ។

ទោះជាយ៉ាងណា ក្រសួងនេះមិនបានបញ្ជាក់ថា តើកិច្ចព្រមព្រៀងចាប់ដៃគូសហការនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅពេលណាឱ្យប្រាកដនោះឡើយ។

ការប្រកាសនេះធ្វើឡើង ខណៈលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។ លោកស្រីបានធ្វើដំណើរ ទៅដល់ប្រទេសដែនកោះដ៏តូចនេះ កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ សីហា។

យោងតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់អាមេរិក មួយរូបបានទម្លាយឱ្យដឹងថា បញ្ហាបម្រែបម្រួលកាសធាតុ គឺជាវិស័យមួយដែលលោកស្រីអនុប្រធានាធិបតី Kamala Harris កំពុងព្យាយាមពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ កិច្ចការអាទិភាពផ្សេងៗទៀតរបស់លោកស្រី ជាការឆ្លើយតបទៅនឹងការរីករាលដាលវីរុសកូវីដ-១៩ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការការពារសន្តិសុខជាតិ និងពាណិជ្ជកម្មឌីជីថល។

កាលពីខែកុម្ភៈ ប្រទេសសិង្ហបុរី បានបង្ហាញ “ផែនការបៃតងឆ្នាំ២០៣០” (Green Plan 2030) ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ វិស័យមួយក្នុងចំណោមវិស័យដែលខ្លួនផ្តោតជាសំខាន់ គឺការជំរុញកំណើនសេដ្ឋកិច្ចបៃតង ដើម្បីបង្កើតការងារថ្មីៗ ប្រែក្លាយឧស្សាហកម្មនានា និងប្រើប្រាស់និរន្តរភាពជាគុណប្រយោជន៍ នៃការប្រកួតប្រជែង។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៅថ្ងៃច័ន្ទ នេះបានចាត់ទុកបញ្ហាបម្រែបម្រួលអាកាសធាតុជា “បញ្ហាប្រឈមសកលដ៏ធំ” និងជាគោលនយោបាយអាទិភាពកំពូលសម្រាប់សិង្ហបុរី និងសហរដ្ឋអាមេរិក។ ក្រសួងនេះបានបន្ថែមទៀតថា និរន្តរភាព និងកំណើនសេដ្ឋកិច្ចអាចដើរទៅទន្ទឹមគ្នា៕

ធនាការពិភពលោកៈការចាក់វ៉ាក់សាំងជូនពលរដ្ឋបានលឿននឹងធ្វើឱ្យសេដ្ឋកិច្ច កម្ពុជាងើបឡើងលឿន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រធានធនាគារពិភពលោកប្រចាំកម្ពុជាថ្មី លោកស្រី Marysam salim បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជាក្នុងល្បឿនលឿន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមដំណើរការឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ។

ក្នុងជំនួបពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូ ជាមួយលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋម   ន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីចុងសប្ដាហ៍កន្លងទៅលោកស្រី Marysam salimបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូវគោលនេយោបាយដ៏មុតស្រួចសំដៅប្រយុទ្ធ ការពារសុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

លោកស្រីMaryam Salim បានបង្ហាញជំហរបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ពិសេស ក្នុងការផ្តល់ជាធាតុចូលបន្ថែម លើផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិតូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងកែសម្រួលឯកសារក្របខណ្ឌ នៃភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយធនាគារពិភពលោក ឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និងស្របតាមផែន​ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងអំពីផែន ការយុទ្ធសា  ស្ត្រនៃ ការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩ តាមរយៈអភិក្រមចំនួន ៣ រួមមា ១, ការស្តារ (Recovery) ផ្ដោតទៅលើវិស័យសុខាភិបាល ការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន គោលនយោបាយសារពើពន្ធ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យកាត់ដេរ ២. ការកែទម្រង់ សំដៅលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិតកម្ម និង ភាពប្រកួតប្រជែង, និង ៣. ភាពផន់ (Resiliency) ផ្ដោតទៅលើវិស័យឌីជីថល ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និង មធ្យម ការអភិវឌ្ឍជំនាញ ការស្តារសេដ្ឋកិច្ចឡើងវិញលក្ខណះបៃតង និងការពង្រឹងប្រព័ន្ធគាំពារសង្គម ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មាន៨៧,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦លាននាក់ ។កម្ពុជាក៏បាននិងកំពុងជំរុញការចាក់វ៉ាក់សាំងដូសទី៣ គឺដូសជំរុញជូនពលរដ្ឋកម្ពុជា ដែលចាក់វ៉ាក់សាំងទាំងពីរលើករួចហើយ៕

វៀតណាមពង្រាយទ័ពជួយពង្រឹងការបិទខ្ទប់ក្រុងហូជីម៉ិញ ដោយសារជួបកលយុគ ផ្ទុះការឆ្លងកូវីដ-១៩ខ្លាំង

ដោយៈសុខុម

ហាណូយ: ទាហានវៀតណាម ថ្ងៃច័ន្ទ ទី២៣ សីហា នេះត្រូវបានដាក់ពង្រាយតាមដងផ្លូវនានាក្នុងទីក្រុងហូជីមិញ ដើម្បីជួយពង្រឹងការបិទខ្ទប់ នៅក្នុងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដែលបានក្លាយជាចំណុចចាប់ផ្ដើម នៃការផ្ទុះឡើងការឆ្លងធ្ងន់ធ្ងរបំផុតអំឡុងវិបត្តិកូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ស្ថានការណ៍ភ័យស្លន់ស្លោ បានផ្ទុះឡើងនៅផ្សារតាមទំនើបនានា ក្នុងទីក្រុងហូជីម៉ិញ ដែលមានប្រជាជនរហូតដល់ទៅ៩លាននាក់នេះ កាលពីចុងសប្តាហ៍កន្លងទៅ មុននឹងមានការបិទខ្ទប់កាន់តែតឹងរ៉ឹង ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ហើយបានហាមឃាត់អ្នកស្រុកមិនឱ្យចេញពីផ្ទះ។

ការចេញវិធានការរឹងបន្តឹង ដ៏តឹងរ៉ឹងបំផុតរបស់វៀតណាម នេះធ្វើឡើងស្របពេលករណីឆ្លង និងករណីស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ។

យោងតាមសាក្សី ដែលឃើញហេតុការណ៍ផ្ទាល់ និងរូបថតលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋឱ្យដឹងថា នៅព្រឹកថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ទាហានបានត្រួតពិនិត្យលិខិតអនុញ្ញាតធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវ និងចុះចែកអំណោយស្បៀងអាហារ។

ទីក្រុងនេះ បានចាប់ផ្តើមរឹតបន្តឹង ការធ្វើដំណើរកាលពីដើមខែមុន ប៉ុន្តែការឆ្លងបានបន្តកើនឡើងខ្លាំង បន្ទាប់ពីអាជ្ញាធរទម្លាយឱ្យដឹងថា ការអនុវត្តវិធានការរឹតបន្តឹងមានភាពធូររលុង។

យោងតាមក្រសួងសុខាភិបាលវៀតណាម ឱ្យដឹងថា ទីក្រុងនេះបានកត់ត្រាករណីឆ្លងសរុបចំនួន១៧៦.០០០ករណី និងករណីស្លាប់ចំនួន៦.៦៧០ករណី។ តួលេខនេះស្មើនឹងពាក់កណ្តាលនៃករណីឆ្លងសរុប និងស្មើ៨០%នៃករណីស្លាប់សរុបទូទាំងប្រទេសជិតខាងររបស់កម្ពុជា មួយនេះ។

ក្រសួងដដែលនិយាយថា ប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានបញ្ជូនក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកចំនួន១៤.៦០០នាក់បន្ថែមទៀតទៅកាន់ទីក្រុងនេះ និងបណ្ដាខេត្តជាប់ទីក្រុងនេះ ដើម្បីជួយទប់ស្ថានការណ៍ឆ្លងកូវីដ-១៩។

ដោយសារមានអ្នកឆ្លងច្រើនពេក និងគ្មានកន្លែងសម្រាប់ទទួលព្យាបាល អ្នកជំងឺស្រាល ឬអ្នកជំងឺដែលគ្មានរោគសញ្ញា ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក និងព្យាបាលនៅផ្ទះដោយខ្លួនឯង។

ប្រជាជននៅសង្កាត់ Phu Nhuan និងសង្កាត់ Go Vap នៃក្រុងហូជីមិញ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេទទួលបានអំណោយអង្ករ ត្រីសាច់ និងបន្លែបង្ការ។

រដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងថា ខ្លួននឹងបញ្ជូនអំណោយអង្ករចំនួន១៣០.០០០តោន ចេញពីឃ្លាំងរដ្ឋទៅកាន់ទីក្រុងហូជីមិញ និងខេត្តក្រុងចំនួន២៣ផ្សេងទៀតដើម្បីចែកជូនពលរដ្ឋ។

បន្ទាប់ពីអាចគ្រប់គ្រងការរីករាលដាលកូវីដ-១៩ បានល្អច្រើនគួរឱ្យសរសើរកាលពីឆ្នាំមុន ប្រទេសវៀតណាម រហូតមកទល់ពេលនេះ មានករណីឆ្លងសរុបចំនួន៣៤៨.០០០ករណី និងករណីស្លាប់យ៉ាងតិច៨.២៧៧ករណី ដែលភាគច្រើនត្រូវបានកត់ត្រានៅក្នុងការផ្ទុះវីរុសបំប្លែងខ្លួនថ្មី Delta ចាប់តាំងពីខែចុងខែមេសា មក។

យោងតាមទិន្នន័យបង្ហាញថា ក្នុងចំណោមពលរដ្ឋសរុប៩៨លាននាក់ របស់ប្រទេ​សវៀតណាម មានពលរដ្ឋតែប្រមាណ១,៨លាននាក់ប៉ុណ្ណោះ ឬស្មើ១,៨%ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយនេះជាអត្រាទាបបំផុតនៅក្នុងតំបន់៕

ស្តង់ដារវាយតម្លៃអចលនទ្រព្យរបស់ប្រទេសកម្ពុជាបានឈានដល់ចំនុចខ្ពស់បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់

ដោយ សុជាតា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ស្តង់ដារវាយតម្លៃរបស់ក្រុមហ៊ុនក្នុងស្រុក មានគុណភាព និងទិន្នន័យគ្រប់គ្រងទីផ្សារបានល្អជាង ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យខាងក្រៅ ដែលពឹងផ្អែកលើទិន្នន័យស្រាវជ្រាវជាគោល។

លោកឌឹត ចាន់ណា អគ្គនាយកក្រុមហ៊ុន Lucky real estate  បានប្រាប់ Property Area Asiaនាព្រឹកថ្ងៃទី២៣ សីហានេះថា ដោយសារតែប្រទេសកម្ពុជា បានកំណត់ស្តង់ដារវាយតម្លៃអចលនទ្រព្យ តាមស្តង់ដារប្រទេសអង់គ្លេស ព្រមទាំងធនធានមនុស្សសំបូរបែប ដែលមានបទពិសោធនចាប់ពី១០ ទៅ២០ឆ្នាំ ធ្វើអោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យនៅកម្ពុជា បានគ្រប់គ្រងទិន្នន័យទីផ្សារ បានជាប់លាប់ជាងក្រុមហ៊ុនបរទេស។

លោកបន្តថា “នាពេលបច្ចុប្បន្ននេះ ស្តង់ដារវាយតម្លៃអចលនទ្រព្យរបស់ប្រទេសកម្ពុជា គឺមានកម្រិតខ្ពស់ បើធៀបនឹងបណ្តាមួយចំនួននៅតំបន់អាស៊ាន និងលើពិភពលោក”។

លោកបន្ថែមទៀត ក្រុមហ៊ុន Lucky  Real estate មានស្តង់ដារវាយតម្លៃតាមអង់គ្លេសដែរ ព្រមទាំងអ្នកជំនាញ ដែលបណ្តុះបណ្តាលក្នុងស្រុក នៅបរទេស ដែលមានបទពិសោធន៍ជាង១០ឆ្នាំផងដែរ។ ក្រុមហ៊ុនបានសហការជាមួយនឹង ធនាគារពាណិជ្ជ និងធនាគារឯកទេស និងមីក្រូហិរញ្ញវត្ថុនានា។ បច្ចេកទេសក្នុងការវាយតម្លៃ ដែលមានរូបមន្តប្រើប្រាស់ទូទាំងសកលលោក គឹ ប្រើប្រាស់ដូចគ្នាប្រកបដោយ គុណភាព ហើយរបាយការណ៍វាយតម្លៃគឺ ក្រុមហ៊ុនក្នុងស្រុកធ្វើបានក្នុងកម្រិតខ្ពស់៕

រដ្ឋាភិបាលចុះហត្ថលេខាជាមួយក្រុមហ៊ុនកូរ៉េដើម្បីពង្រីកផ្លូវជាតិលេខ៤៨

ដោយៈសុខ ហេង

ភ្នំពេញៈ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ​កុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។

ពិធីចុះហត្ថលេខាដែលបានធ្វើនៅថ្ងៃទី២៣ សីហានេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លងប្រវែ​ង២៥,១គីឡូម៉ែត្រមាន ចំនួន៤ គន្លងលើទីតាំងចំនួនបួនគឺ៖ ១). ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+០០០) ២). ប្រវែង៣,៤ គីឡូម៉ែត្រ  (គ.ម ៥៧+៧០០ – គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី១(Realignment) ៣). ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ – គ.ម  ១២៨+៦០០)ចំណុច ចំណោតតាតៃ និងជាកន្លែង ប្តូរ ខ្សែផ្លូវថ្មីទី២(Realignment) និង៤). ប្រវែង៥,៥  គីឡូម៉ែត្រ(គ.ម ១៤២+៥០០ – គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុង កៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។

ជាងនេះទៅទៀត ផ្លូវនេះមានការកែសម្រួល ចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង ១). ចំការហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែកចូលទៅគីរីសាគរ ៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥).ផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង (ប្រវែង១១៣ម) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង) រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយទឹកប្រាក់សរុបជាង៧៨លានដុល្លារអាមេរិក ក្នុងនោះ តម្លៃគម្រោងសាងសង់ចំនួនជាង៥៩ លានដុល្លារអាមេរិក តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន៦,០០០,០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួនជាង១៣ លានដុល្លារអាមេរិក សម្រាប់ការងារដោះស្រាយផល ប៉ះពាល់ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL  Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា។ តាមបណ្តោយផ្លូវជាតិលេខ៤៨នេះ មានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ចំនួន០៤កន្លែង៖ ១). តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ) ២). តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) ៣). តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និង៤). តំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។

លោកស៊ុន ចាន់ថុលបានថ្លែងអណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលសាធា​រណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទាន ប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF) និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្ត គម្រោងសាងសង់ផ្លូវនេះ ប្រកបដោយគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់ និងតាម បទដ្ឋាបច្ចេកទេស ជាពិសេសត្រូវតាមដាន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ ឱ្យបាន ខ្ជាប់ ខ្ជួនដើម្បីធានាថាផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេក​ទេសសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពល រដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ និងត្រូវធានាថាគ្មានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនេះ តាមរយៈការបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ និងមានភ្លើងបំភ្លឺនៅពេលយប់ផងដែរ។

គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូច តទៅ៖ ១) ធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរ តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើ ដំណើរនិងដឹកជញ្ជូន ២). បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿង បរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោ​ង និងចំណោតខ្លាំងរបស់ផ្លូវ ៣). ជំរុញសក្តានុពល តំបន់ទេសចរណ៍ ៤). បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង៕

ខណ្ឌដង្កោគ្រប់គ្រងទីផ្សារលំនៅឋានតម្លៃទាបច្រើនជាងគេនៅភាគខាងត្បូងក្រុងភ្នំពេញ

ដោយៈសហការី

ភ្នំពេញៈ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ខណ្ឌដង្កោគឺជាទីតាំងដ៏ល្អមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ សម្រាប់សាងសង់លំនៅឋានតម្លៃទាប ក្នុងចំនួនយ៉ាងច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន។

យោងតាមរបាយការណ៍សិក្សា ទីតាំងភូមិសាស្រ្តនៅភាគខាងត្បូង រាជធានីភ្នំពេញរបស់ក្រុមហ៊ុន CBRE បានឲ្យដឹងថា ដង្កោគឺជាខណ្ឌមួយ ដែលមានការផ្គត់ផ្គង់លំនៅឋានតម្លៃទាបច្រើនជាងគេចំនួន៥៥% នៃចំណែកទីផ្សារសរុប ខណៈ​ដែលខណ្ឌមានជ័យ​មានចំណែកទីផ្សារ៣២% និងស្រុកកណ្ដាលស្ទឹងចំនួន១៣%។ ដោយឡែកសម្រាប់គម្រោងលំនៅឋានតម្លៃមធ្យមវិញ​ ខណ្ឌមានជ័យមានការផ្គត់ផ្គង់រហូតទៅដល់៥៣% ខណៈ​ខណ្ឌដង្កោមានចំនួន​៤២% និងក្រុងតាខ្មៅចំនួន៥%។​​​

ការកើនឡើងនៃគម្រោងលំនៅឋាន តម្លៃទាបនៅក្នុងស្រុងកណ្ដាលស្ទឹង ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ​ កំពុងបង្ហាញអំពីសក្ដានុពល ​ទៅកាន់អ្នកអភិឌ្ឍន៍ជាតិ​​​ និងអន្តរជាតិ ឱ្យយល់ដឹងកាន់តែច្បាស់ អំពីតម្រូវការរបស់ប្រជាជន នៅក្នុងតំបន់មួយនេះ។

នៅក្នុងពេលអនាគតដ៏ខ្លី​ ដីធ្លី​ដែលមានតម្លៃទាប រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ នឹងទាក់ទាញវិនិយោគិនជាច្រើន មកអភិវឌ្ឍន៍គម្រោងលំនៅឋាន​​ជាបន្តបន្ទាប់​នៅភាគខាងត្បូង។​ បច្ចុប្បន្ន គម្រោង R&F City Mansion ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ គឺជាគម្រោងអភិវឌ្ឍលំនៅឋានធំជាង ដែលក្នុងនោះមានគម្រោងអភិវឌ្ឍពាណិជ្ជកម្ម និងលំនៅឋាន ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧.៧ ហិកតា​ ដោយផ្ទៃសាងសង់មានទំហំ៥៦០.០០០ ម៉ែត្រការ៉េ​។

របាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២១​ របស់ CBRE បានលើកឡើងថា គម្រោ​ងលំនៅឋាន ក្នុងតំបន់ភាគខាងត្បូង នឹងកើនឡើងច្រើនថែមទៀត ដោយសារតម្លៃដីធ្លីក្នុងតំបន់នោះនៅទាបនៅឡើយ។ គម្រោងលំនៅឋាន ដែលស្ថិតនៅក្នុង​ខណ្ឌដង្កោ ខណ្ឌមានជ័យ​ ស្រុកកណ្តាលស្ទឹង​ និ​ងក្រុងតាខ្មៅ រហូតមកដល់ពេលនេះបានបញ្ចប់ការសាងសង់ចំនួន៥៤​គម្រោង ខណៈដែលគម្រោង​ចំនួន៣០ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ។​​

ទន្ទឹមគ្នានេះ នៅភាគខាងត្បូង ក៏មានគម្រោងអភិវឌ្ឍលំនៅឋានខុនដូ មួយចំនួនផងដែរ ក្នុងនោះ​គម្រោងខុនដូចំនួន៣ ដែលមានលំនៅឋានសរុបជាង១០០០ យូនីត បានបញ្ចប់ការសាងសង់ជាស្ថាពរ។​ នាពេលអនាគត ​តំបន់នេះ​នឹងមានចំនួនលំនៅឋានប្រមាណ ៣.៦០០យូនីតបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ នៅក្នុងឆ្នាំ២០២៣​​​ ខាងមុខ៕

https://www.harbor-property.com/km/wiki/detail/232

ក្រុមការងាររាជរដ្ឋាភិបាល និងឯកជននឹងដាក់សំណើរទៅសម្តេចតេជោដើម្បីបើកទទួលភ្ញៀវទេសចរណ៍សុវត្ថិភាព

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមការងារដ្ឋាភិបាល និងវិស័យឯកជននឹងបើកកិច្ចប្រជុំជាមួយ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគោរពស្នើសុំការអនុម័តពីសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីឈានទៅបើកទទួលភ្ញៀវទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ។

ក្នុងស្មារតីអង្គប្រជុំ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ក្រុមការងាររដ្ឋាភិបាល និងវិស័យឯកជនបានឯកភាព យកសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះ ដាក់ឆ្លងក្នុងកិច្ចប្រជុំរួមគ្នា រវាងគណៈកម្មាធិការគោលនយោបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេស​ចរណ៍ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឈានទៅគោរពស្នើសុំការសម្រេច និងអនុម័តយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីឈានទៅការប្រកាសបើកទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ។

កិច្ចប្រជុំកាលពីសប្តាហ៍មុន បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក-សមាជិកាក្រុមការងារ និងតំណាងវិស័យឯកជន សរុបប្រមាណ១៣២នាក់។

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន ការរៀបចំផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន និងការពិភាក្សាលើសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព” ដែលជាឯកសារដ៏មានសារៈសំខាន់ ចាំបា​ច់ និងចំពេលវេលាសម្រាប់ពិនិត្យលទ្ធភាព ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី”នៃសកម្ម​ភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការបើកទទួលទេសចរណ៍សុវត្ថិភា ពនឹងត្រូវធ្វើឡើងតាមដំណាក់កាលជាជំហានៗ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាព រវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” ព្រមទាំងការចាប់យកឱកាសធ្វើកំណែទម្រង់វិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព៕

 

វិបត្តិកូវីដ-១៩ បង្ហាញសញ្ញាថមថយ ធ្វើឲ្យការនាំចេញរបស់កូរ៉េខាងត្បូងហក់ឡ់ងខ្ពស់

ដោយៈសុខុម

សេអ៊ូល: ទិន្នន័យរបស់ទីភ្នាក់ងារគយ បានបង្ហាញនៅថ្ងៃច័ន្ទ ទី២៣ សីហា នេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែសីហា នេះបានកើនឡើងខ្ពស់រហូតដល់ទៅ៤០,៩%។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដែលដកស្រង់ប្រភពពីទភ្នាក់ងារព័ត៌មាន Reuters។

កំណើនខ្ពស់នៅក្នុងការនាំចេញនេះ បានកើតមានឡើង ស្របពេលការនាំចូលក៏បានកើនឡើងខ្ពស់ដល់ទៅ៥២,១% ដែលនាំឱ្យមានឱនភាពពាណិជ្ជកម្ម (ការនាំចូលច្រើនជាងការនាំចេញ) បណ្តោះអាសន្នចំនួន៣,៥១ពាន់លានដុល្លារអាមេរិក។

ក្រុមអ្នកជំនាញលើកឡើងថា កំណើនខ្ពស់នៃការនាំចេញ និងនាំចូលរបស់ប្រទេសនេះឆ្លុះបញ្ចាំងថា វិបត្តិកូវីដ-១៩ នៅទូទាំងពិភពលោកបានបង្ហាញសញ្ញាថមថយ ឆ្ពោះទៅរកភាពស៊ាំក្នុងសហគមន៍ ក្នុងពេលដ៏ខ្លីខាងមុខនេះគួរឱ្យអបអរសាទរ។

ការបំបែកទិន្នន័យបានបង្ហាញថា ការនាំចេញផលិតផលបន្ទះឈីបបានកើនឡើង៣៩,៨% ខណៈការនាំចេញផលិតផលប្រេងកាត បានកើនឡើង៥៥,៣% ហើយការនាំចេញរថយន្តបានកើនឡើង៣៧,០%។

ទិន្នន័យដដែលក៏បានបង្ហាញផងដែរថា ការនាំចេញរបស់ប្រទេសនេះទៅកាន់ប្រទេសចិន បានកើនឡើង៣៧,៣% ខណៈការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង៥០,១% ហើយការនាំចេញទៅកាន់សហភាពអឺរ៉ុប បានកើនឡើង៤២,៧%៕