ដោយៈ សុធារី
ភ្នំពេញៈ លោកតា លូ បានហាប គឺជាបិតាស្ថាបត្យករដ៏ចំណានម្នាក់ ក្នុងចំណោមស្ថាបត្យករជាច្រើន របស់ប្រទេសកម្ពុជានៅអំឡុងឆ្នាំ១៩៥៣ ដល់១៩៧០។
នៅក្នុងរយៈពេលជាងម្ភៃឆ្នាំនោះ ប្រទេសកម្ពុជាបានសម្រេចបានឡើងនូវហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើន ក្នុងនោះវិស័យសំណង់ គឺត្រូវបានរីកដុះដាលគួរឱ្យកត់សម្គាល់ជាខ្លាំង។ នៅក្នុងចំណោមស្នាដៃ របស់ស្ថាបត្យករចំណានៗរបស់ខ្មែរនាពេលនោះ លោកតា លូ បានហាប បានបង្កើតឡើងនូវស្នាដៃប្រវត្តិសាស្រ្ត ផ្នែកសំណង់ស្ថាបត្យកម្មធំៗមួយចំនួនរួមមាន ដូចជា សណ្ឋាគារខាំបូឌីយ៉ាណា វិទ្យាល័យទួលស្វាយព្រៃ (សារមន្ទីរគុកទួលស្លែង) រោងកុនចេនឡា សួនច្បារវិមានឯករាជ្យ និងពិសេសជាងគេនោះ គឺអគារ “ស”ដែលបានហៅថាជាអគារប៊ូឌីង (អគារប៊ូឌីងដែលនឹងត្រូវបាត់រូបរាង ទៅជាអគារណាហ្គាវើល៣ អគារសនេះដែលគឺសាងសង់ មានការចូលរួមពីវិស្វករជនជាតិ អ៊ុយក្រែនម្នាក់ ឈ្មោះ វ្លាឌីមៀ បូឌៀនស្គី ក្នុងឆ្នាំ១៩៦៣)។
លោកតា លូ បានហាប មានស្រុកកំណើតនៅឯ ខេត្តកំពង់ចាម និងជាបងប្អូនជីដូនមួយជាមួយ លោកវណ្ណ មូលីវណ្ណ។
នៅពេលដែលលោកមានអាយុបាន១៤ឆ្នាំ លោកតាបានផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញ ដើម្បីសិក្សានៅថ្នាក់អនុវិទ្យាល័យ ដោយលោកតាត្រូវរស់ពឹងនឹងទីវត្តអារាម។ លោកតា ជាសិស្សឧស្សាហ៍ក្នុងការសិក្សារៀនសូត្រ រហូតលោកតាត្រូវបានសម្តេច ប៉ែន នុត យកទៅរស់នៅជាមួយនិងឧបត្ថម្ភគាំទ្រ ដល់ក្នុងការរស់នៅនិងសិក្សាផងដែរ។
នៅឆ្នាំ១៩៤៩ លោកតាត្រូវបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំង សិក្សាខាងផ្នែកវិស្វករសំណង់ ប៉ុន្តែក្រោយមកបន្តិចគាត់ត្រូវបានគេប្តូរ ទៅសិក្សាខាងផ្នែកស្ថាបត្យកម្មវិញ។ សិក្សានៅប្រទេសអ៊ីរ៉ុប លោកតាបានធ្វើដំណើរទៅជាច្រើនប្រទេស ដែលធ្វើឱ្យលោកទទួលបាន បទពិសោធ និងចំណេះដឹងជាច្រើន ។
លុះលោកតាបានត្រលប់មកមាតុប្រទេសវិញ លោកតាបានទទួលកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងផ្នែកសំណង់។ នៅក្នុងរយៈកាលដែលលោកតា ធ្វើការទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ពន័្ធក្រុងនោះ លោកតាបានបង្កើតស្នាដៃធំៗ ជាច្រើនដូចដែលបានរៀបរាប់នៅខាងលើជាដើម។
បច្ចុប្បន្ននេះ លោកតានៅមានព្រះជន្មាយុនៅឡើយទេ ហើយលោកតាគាត់កំពុងតែរស់នៅឯប្រទេសបារាំង៕