ក្រោយភ្លៀងមេឃស្រឡះ! ក្រុមហ៊ុនចិនដែលជំពាក់បំណុលរុំកោះ Evergrande ដំណើរការគម្រោងជាង១០ឡើងវិញ

0

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ប្រកាសដំណឹងដ៏ល្អគួរឱ្យអបអរសាទរ កាលពីថ្ងៃអាទិត្យ ២៤ តុលា ថា ខ្លួនបានចាប់ផ្ដើមដំណើរការគម្រោងជាង១០ ក្នុងទីក្រុងចំនួន៦រួមទាំងទីក្រុងស៊ឹនជិន (Shenzhen) ឡើងវិញហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ដំណឹងដ៏គួរឱ្យរីករាយ ទាំងសម្រាប់វិស័យអចលនទ្រព្យទូទាំងប្រទេសចិន ក៏ដូចទីផ្សារក្នុងតំបន់ផងដែរនេះ កើតមានឡើងក្រោយពីក្រុមហ៊ុននេះ បានបង់ការប្រាក់ចំនួន៨៣.៥លានដុល្លារអាមេរិក លើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលរបស់ខ្លួននៅនាទីចុងក្រោ​យដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីជាងមួយសប្តាហ៍មុន។

ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande ដែលមានវិបត្តិបំណុលធ្ងន់ធ្ងរជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក មិនបានទម្លាយឱ្យដឹងឡើយថា តើគម្រោងប៉ុន្មានក្នុងចំណោមគម្រោងអចលនទ្រព្យ រហូតដល់ទៅ១.៣០០គម្រោងរបស់ខ្លួននៅទូទាំងប្រទេសចិន ត្រូវផ្អាកដំណើរការដោយសារវិបត្តិបំណុល។

ក្រុមហ៊ុននេះ បានបញ្ជាក់កាលពីថ្ងៃទី៣១ សីហា ថា គម្រោងមួយចំនួនរបស់ខ្លួនត្រូវបានផ្អាក ដោយសារតែការពន្យារពេល ក្នុងការទូទាត់ឱ្យទៅក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនម៉ៅការ ហើយថាខ្លួនកំពុងចរចាដើម្បីបន្តដំណើរការសាងសង់ឡើងវិញ។

កាលពីថ្ងៃអាទិត្យ ទី២៤ តុលា ក្រុមហ៊ុននេះបានប្រកាសតាមរយៈផូស (Post) មួយបង្ហោះលើគណនីបណ្ដាញ ទំនាក់ទំនងសង្គម WeChat របស់ខ្លួនថា គម្រោងមួយចំនួនដែលខ្លួនបានចាប់ផ្ដើមដំណើរឡើវិញ បានឈានចូលដល់ដំណាក់កាលដេគ័រ ឬតុបតែងខាងផ្ទៃខាងក្នុងហើយ ខណៈអគារជាច្រើនផ្សេងទៀតទើបតែបញ្ចប់ការសាងសង់។

ក្រុមហ៊ុននេះបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការធានាការសាងសង់បន្តដំណើរការឡើងវិញ នឹងស្ដារទំនុកចិត្តរបស់ទីផ្សារមកលើខ្លួន។ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ខ្លួនពិតជាបានដំណើរការសាងសង់ឡើងវិញប្រាកដមែន ក្រុមហ៊ុននេះបានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពកម្មករ ធ្វើការនៅលើគម្រោងផ្សេងៗ អមជាមួយការបោះត្រាបញ្ជាក់ពីពេលវេលា និងកាលបរិច្ឆេទទៀតផង។

កាលពីខែមុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន ក៏បានសន្យាជាមួយអ្នកទិញផងដែរថា ខ្លួននឹងបញ្ចប់ការសាងសង់ផ្ទះរបស់ពួកគេ ហើយថាការងារសាងសង់កីឡដ្ឋានបាល់ទាត់ ដ៏ធំបំផុតមួយរបស់ពិភពលោ​កក្នុងទីក្រុងគ័ងចូវ (Guangzhou) ក៏កំពុងដំណើរការដូចការគ្រោងទុកផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here