តើអ្នកត្រូវដឹងអ្វីខ្លះ មុននឹងសម្រេចចិត្តទិញដីឡូតិ៍នៅកម្ពុជា?

0

ដោយៈ វ៉ាត វិន

         ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដីឡូតិ៍បានក្លាយជាអាជីវកម្មគួរឱ្យទាក់ទាញបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ដែលអាចរកប្រាក់ចំណេញបានច្រើន។

ដើម្បីទទួលបានប្រាក់ចំណេញក្នុងវិស័យនេះ អ្នកវិនិយោគិនក្នុងស្រុកភាគច្រើនបានសហការគ្នាទិញដីមួយដុំធំ ហើយបន្ទាប់មកបែងចែកជាចំណែកតូចៗដើម្បីលក់ឱ្យទៅគ្រួសារដែលមានចំណូលទាប និងមធ្យម។ នៅពេលពួកគេទិញដីបានកាន់តែធំ តម្លៃដីនឹងកាន់តែធូរថ្លៃ ដែលអាចយកមកអភិវឌ្ឍន៍ និងលក់ដើម្បីទទួលបានប្រាក់ចំណេញ

ដោយគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញផ្ទះតម្លៃថ្លៃ នៅក្នុងគម្រោងបុរី គ្រួសារដែលមានចំណូលទាប និងមធ្យមភាគច្រើនមិនមានជម្រើសអ្វីផ្សេង ក្រៅពីទិញដីឡូតិ៍ដែលមានតម្លៃទាប ដោយរំពឹងថានឹងអាចសាងសង់ផ្ទះតូចមួយ សម្រាប់ការរស់នៅនាពេលអនាគត។ ដូច្នេះ ពួកគាត់សម្រេចចិត្តវិនិយោគលើដីឡូតិ៍ឥឡូវនេះ ដោយមានការបារម្ភណ៍ថាប្រសិនបើរង់ចាំទិញនៅពេលក្រោយ ពួកគាត់អាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញនោះទេ ព្រោះថាអចលនទ្រព្យនោះ អាចនឹងឡើងថ្លៃលើសថិវិការរបស់ពួកគាត់។

ទោះបីជាយ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តវិនិយោគ លើគម្រោងដីឡូតិ៍ណាមួយនៅក្នុងប្រទេសកម្ពុជា អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍ដីឡូតិ៍នោះ អាចទុកចិត្តបាន ដោយមានកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ និងមានការទទួលស្គាល់ និងគាំទ្រពីអាជ្ញាធរមូលដ្ឋានដើម្បីអភិវឌ្ឍគម្រោងនោះ។ កន្លងមកធ្លាប់មានអ្នកអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា ធ្លាប់បោកប្រាស់អតិថិជនរបស់ខ្លួនដូចជា បន្ទាប់ពីពួកគេបានលក់ដីឡូតិ៍ឱ្យទៅអតិថិជនរួចហើយ ពួកគេបែរជាគ្មានដីសម្រាប់អភិវឌ្ឍន៍ (គម្រោងខ្យល់)។

ដូចនេះ ពេលខ្លះវាជារឿងចាំបាច់ ដែលអ្នកទិញត្រូវសួរអាជ្ញាធរមូលដ្ឋានអំពីគម្រោ​ងរបស់អ្នកអភិវឌ្ឍន៍ និងកម្មសិទ្ធិដីធ្លីស្របច្បាប់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីគាំទ្រគម្រោងដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធលូ  និងប្រព័ន្ធទឹកភ្លើងជាដើម។

ម្យ៉ាងទៀត អ្នកវិនិយោគដីឡូតិ៍ត្រូវសិក្សា ដោយយកចិត្តទុកដាក់អំពីទីតាំងគម្រោង ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងប្រើប្រាស់រួមដែលមានស្រាប់ ពីព្រោះទីតាំងខ្លះត្រូវបានអភិវឌ្ឍយឺត ឬរហ័ស អាស្រ័យលើផែនការមេរបស់រដ្ឋាភិបាល ឬគម្រោងក្បែរនោះ។ ប្រសិនបើអ្នកទិញដីឡូតិ៍ ដែលនៅជិតគម្រោងរដ្ឋាភិបាល ឬគម្រោងទីក្រុងរណបណាមួយ នោះដីធ្លីនៅក្បែរគម្រោងនោះ នឹងមានឱកាសខ្ពស់ក្នុងការឡើងថ្លៃ នាពេលអនាគត។

គម្រោងដីឡូតិ៍ដែលល្អ គឺជាគម្រោងដែលស្ថិតនៅក្នុងតំបន់សក្ដានុពល មានទីតាំងស្ថិតនៅជិត ផ្សារ សាលារៀន មន្ទីពេទ្យ និងសេវាសាធារណៈ និងមានហេដ្ឋារចនាសម្ព័ន្ធជុំវិញល្អប្រសើរ។ ដូច្នេះ ក្នុងនាមជាអ្នកទិញ ឬអ្នកវិនិយោគ អ្នកគួរតែមើលលើចំណុចទាំងអស់នេះ មុននឹងសម្រេចចិត្តបោះទុនវិនិយោគលើគម្រោងណាមួយ។

ក្នុងករណីដែលវិនិយោគិន ឬអ្នកទិញដីចង់ស្វែងយល់ព័ត៌មានលម្អិត អំពីគម្រោង ទីតាំងសក្តានុពល និងឯកសារច្បាប់ចាំបាច់ផ្សេងទៀត ពួកគេអាចប្រឹក្សាយោបល់ជាមួយភ្នាក់ងារអចលនទ្រព្យអាជីពក្រុមហ៊ុនអចលនទ្រព្យណាមួយដែលមានវិជ្ជាជីវៈត្រឹមត្រូវ។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនង តាមរយៈ096 7876 902 (Telegram)/ 066 886633៕

ប្រភព៖ Harbor Property

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here