ដោយៈ ជេស៊ីកា
ភ្នំពេញៈ មានស្ថាបត្យករមិនច្រើនទេនៅលើពិភពលោក ដែលទទួលបានការស្ញប់ស្ញែង ក្នុងនោះក៏មានស្ថាបត្យករកម្ពុជាមួយរូបដែរ ដែលទទួលបានការទទូលស្គាល់ជាអន្តរជាតិ។
ក្នុងចំណោមស្ថាបត្យកម្មជាច្រើន ដែលបានបន្សល់ទុកនៅរាជធានីភ្នំពេញ យើងសូមលើកយកស្ថាបត្យកម្មសាលសន្និសីទចតុមុខមួយ ដែលជាស្នាដៃល្អឯក កើតចេញពី Criticalthinking របស់លោកវណ្ណ ម៉ូលីវណ្ណមកសិក្សាស្វែងយល់ទាំងអស់គ្នា។
សាលសន្និសីទចតុមុខ (Chaktomuk Conference Hall) គឺជាស្នាដៃស្ថាបត្យកម្មមួយដែលមានរចនាបថយ៉ាងល្អ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ តិរវិថីព្រះស៊ីសុវត្តិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ អគារនេះត្រូវបានគូរប្លង់ដោយស្ថាបត្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ ដែលប្រជាជនខ្មែរចាត់ទុកលោកជាបិតាស្ថាប ត្យករកម្ពុជា ហើយសាលនេះ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់នៅថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ១៩៦១។
សាលសន្និសីទចតុមុខត្រូវបានបើកដំបូងនៅឆ្នាំ ១៩៦១ ក្នុងនាមជា “La Salle de Conférence Chaktomuk”។ កិច្ចប្រជុំសំខាន់ៗរបស់រដ្ឋាភិបាលភាគច្រើន តែងតែប្រព្រឹត្តទៅនៅក្នុងសាលនេះ ក្នុងគោលបំណងជាសន្និសីទ។ អគារនេះត្រូវបានប្រែក្លាយជាភោជនីយដ្ឋាននៅក្នុងឆ្នាំ១៩៩១ ហើយត្រូវបានផ្លាស់ប្តូរ ទៅជារោងល្ខោននៅក្នុងឆ្នាំ ១៩៩៤ ។
សាលសន្និសីទចតុមុខ ត្រូវបានកែលម្អឡើងវិញទាំងស្រុង នៅក្នុងឆ្នាំ ២០០០ គឺដើម្បីបំពាក់នូវគ្រឿងបរិក្ខារស្តង់ដារអន្តរជាតិ ដែលប្រើប្រាស់ជាចម្បងសម្រាប់សន្និសីទ សិក្ខាសាលា និងការបង្រៀនហើយបច្ចុប្បន្ន នៅតែត្រូវបានគេប្រើជាសាលមហោស្រពសម្រាប់កម្មវិធីពិសេស និងការប្រគុំតន្រ្តី ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិ ល្បៈនៅកម្ពុជា។
ការសាងសង់សាលសន្និសីទចតុមុខនេះ គឺត្រូវបានរួមបញ្ចូលគ្នានូវរចនាបថសំណង់បែបបុរាណខ្មែរ និងការដាក់ចូលនូវរចនាបថខ្មែរថ្មី។ លើសពីនេះទៅទៀតអគារនេះមានប្លង់រាងស៊ីមេទ្រី និងមានរាងដូចជាផ្លិតពេលមើលចំពីលើ ដែលឈរសំកាំងដូចបក្សីនៅចំណុចប្រសព្វនៃទន្លេបួនមុខ (ចតុមុខ)។
សាលសន្និសីទចតុមុខ បានបង្កប់នូវភាពទំនើប ដោយបានបង្ហាញសោភ័ណភាពផ្នែកខាងមុខនៃអគារជាមួយផ្ទាំងកញ្ចក់ (glass facades) និងយ៉ដែលលយចេញ (cantilevered balconies) ព្រមទាំងការសង់អគារខ្ពស់ផុតពីដី ដែលមានតែសសរនិងលំហឥតជញ្ជាំងនៅជាន់ផ្ទាល់ដី (pilotis)។
ចំណែកឯដំបូល រចនាដោយពណ៌មាសដែលធ្វើពីអាលុយមីញ៉ូម និងមានហោជាងដែលមានរាងដូចដំបូលផ្ទះឈើខ្មែរ។ ហើយសាលសន្និសីទចតុមុខមាន “ប្រាង្គ”ដែលត្រូវបានយកគំរូតាមដំបូលព្រះបរមរាជវាំង ដែលស្ថិតនៅកំពូលនៃដំបូលរាងផ្លិត នៃអគារផងដែរ។
សាលសន្និសីទចតុមុខ អាចផ្ទុកមនុស្សបានចំនួន៨៥០នាក់។ នៅក្នុងសាលសម្រាប់លំហូរខ្យល់ គឺជាលក្ខណៈសំខាន់បំផុតមួយ ដែលត្រូវបានបិតាស្ថាបត្យករកម្ពុជាលោក វណ្ណ ម៉ូលីវណ្ណ រចនាផ្តល់ជូនអោយមានលំហូរខ្យល់ ពីជាន់ផ្ទាល់ដីទៅខាងក្រោយឆាកនៅក្នុងសាល។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងសាលសន្និសីទចតុមុខនេះ មានកៅអីសរុបចំនួន៥៩២កៅអី ហើយសាលសន្និសីទចតុមុខ មានច្រកចេញចូលនៅសងខាង ដើម្បីអាចឲ្យអ្នកទស្សនាងាយស្រួលចេញ និងចូលក្នុងសាល ដោយមិនសូវរំខានដល់អ្នកទស្សនាផ្សេងទៀត នេះជាគំនិតដ៏អស្ចារ្យមួយ ក្នុងការរចនាដែលគិតគូដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ផងដែរ។
លើសពីនេះទៅទៀត ចំពោះកន្លែងអង្គុយរបស់អ្នកទស្សនា មានភាពងាយស្រួលអាចឲ្យអ្នកទស្សនា មើលមកឆាកបានពេញលេញ ដោយមិនបាច់ក្រោកឈរឡើយទោះជាមានមនុស្សច្រើនយ៉ាងណាក្ដី៕