ដោយ ៖ វឌ្ឍនៈ
ភ្នំពេញ៖ ស្រុកអង្គស្នួលជាទីតាំងមានសក្ដានុពលដ៏ទាក់ទាញមួយនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ និងកំពុងទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស ដោយក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះស្រុកអង្គស្នួលទទួលបានគម្រោងវិនិយោគច្រើនជាងគេក្នុងសំណោមស្រុកទាំងអស់នៃខេត្តកណ្ដាល ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញក្នុងរយៈពេល៩ខែដើមឆ្នាំ ស្រុកអង្គស្នួលទទួលបានគម្រោងវិនិយោគចំនួន១៣គម្រោង ក្នុងចំណោមគម្រោងវិនិយោគចំនួន២៤គម្រោងនៅក្នុងខេត្តកណ្ដាល ដោយសារតែស្រុកនេះស្ថិតនៅតំបន់ដែលមានផ្លូវគមនាគមន៍សំខាន់ៗឆ្លងកាត់ដូចជាផ្លូវជាតិលេខ៤ ដែលជាផ្លូវសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងដឹកចេញពីកំពង់ផែទៅកាន់ បណ្ដាខេត្តនិងតំបន់ឧស្សាហកម្មដទៃទៀត ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងថា តំបន់ប៉ែកខាងលិចជាតំបន់ដែលមានសក្ដានុពលវិនិយោគខ្ពស់ ហើយតំបន់នេះ ក៏កំពុងតែមានការអភិវឌ្ឍជាបន្តបន្ទាប់ទៅលើតំបន់ឧស្សាហកម្មនិងលំនៅឋាន ។ម្យ៉ាងទៀតតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញក៏មានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ជាហូរហែផងដែរ ដែលជំរុញឱ្យតំបន់ខាងលិចកាន់តែទាក់ទាញបន្ថែមទៀត ។
លោកបន្តថា តាមពិតទៅតំបន់ជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពល និងការទាក់ទាញសម្រាប់វិនិយោគ គ្រាន់តែតំបន់នៅជាយៗរាជធានីភ្នំពេញនីមួយៗមានសក្ដានុពលខុសៗគ្នា តំបន់ខ្លះមានសក្ដានុពលទៅលើការអភិវឌ្ឍលំនៅឋាន តំបន់ខ្លះទៀតក៏មានសក្ដានុពលលើការអភិវឌ្ឍឧស្សាហកម្មជាជាដើម ។
សូមរំលឹកថារដ្ឋាភិបាលបានមានផែនការក្នុងការពង្រីករាជធានីភ្នំពេញមានអង្កត់ផ្ចិត រហូតដល់១០០គីឡូម៉ែត្រ ដូច្នេះវិធីដែលអាចពង្រីកផ្ទៃរាជធានីទៅបាន គឺការកាត់យកដីខេត្តជាប់រាជធានី ចូលមកក្នុងរដ្ឋបាលរបស់រាជធានី ហើយខេត្តដែលជាប់រាជធានី មានតែខេត្តកណ្ដាលប៉ុណ្ណោះ ក្នុងនោះមានស្រុកអង្គស្នួលផងដែរ ។
ស្រុកអង្គស្នួលក៏ទើបតែទទួលបានគម្រោងវិនិយោគផ្សារទំនើបធំមួយមានតម្លៃប្រមាណ៣០០លានដុល្លារអាមេរិក ហើយនៅពេលផ្សារទំនើបនេះសាងសង់រួចវានឹងជំរុញសក្ដានុពលវិនិយោគក្នុងស្រុកនេះកាន់តែទាក់ទាញខ្លាំងឡើងបន្ថែមទៀត ៕