ដោយ សុខុម
បាងកក: មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) របស់ថៃ បានទម្លាយឱ្យដឹងថា ហាងឆេងដីធ្លីក្នុងទីក្រុងបាងកក ប្រទេសថៃ នៅតែបន្តហក់ឡើងក្នុងត្រីមាសទី៣ ប៉ុន្តែមានសន្ទុះយឺតជាងអត្រាជាមធ្យមក្នុងរយៈពេល៥ឆ្នាំមកនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២៥ តុលា។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបានថ្លែងថា ហាងឆេងដីធ្លីបានហក់ឡើងតែ០.៥%ប៉ុណ្ណោះក្នុងត្រីមាសទី៣ គឺទាបជាងឆ្ងាយបើធៀបទៅនឹងអត្រាកំណើនជាមធ្យម៤,១%សម្រាប់រយៈពេល៥ឆ្នាំអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។
លោកបានបន្ថែមទៀតថា “តម្លៃដីធ្លីនៅតែបន្តហក់ឡើងទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក្ដី។ ប៉ុន្តែអត្រាកំណើនទាបជាងអត្រាជាមធ្យមរយៈពេល៥ឆ្នាំសម្រាប់រយៈពេល៣ត្រីមាសជាប់ៗគ្នា ឬចាប់តាំងពីត្រីមាសទី១ ដើមឆ្នាំ២០២១ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ច”។
ទន្ទឹមនឹងនេះដែរ ការហក់ឡើងប្រចាំឆ្នាំនៃសន្ទស្សន៍តម្លៃដីនៅកណ្ដាលក្រុងបាងកក គឺ៧,៦%ក្នុងត្រីមាសទី៣ ដែលស្ទើរតែពាក់កណ្តាលនៃអត្រាកំណើនជាមធ្យម១៤,៨%សម្រាប់រយៈពេល៥ឆ្នាំនៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩។
លោក Vichai Viratkapan បានគូសបញ្ជាក់ថា មូលហេតុចម្បងមួយនៅពីក្រោយកំណើនយឺតនៃសន្ទស្សន៍តម្លៃដីនេះ គឺមកពីម្ចាស់ដីមួយចំនួនផ្អឹបដីទុកមិនព្រមលក់ចេញ ដោយរង់ចាំសេដ្ឋកិច្ចងើបឡើងវិញ ខណៈអ្នកខ្លះទៀតបង្ខំចិត្តលក់ដីចេញដើម្បីយកលុយទៅទ្រទ្រង់ដល់អាជីវកម្មស្នូលរបស់ពួកគេដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។
ដីធ្លីដែលហាងឆេងហក់ឡើងខ្ពស់ជាងគេគឺនៅដែលស្ថិតនៅក្នុងទីតាំងជិតបណ្ដាញផ្លូវដែក តំបន់ជុំវិញស្ថានីយផ្លូវដែកជាពិសេសក្នុងសង្កាត់ Nong Khaem និងសង្កាត់ Bang Kae។ តម្លៃដីនៅក្នុងតំបន់ទាំងនេះបានហក់ឡើងខ្ពស់ជាងគេរយៈពេល៤ត្រីមាសជាប់ៗគ្នា៕ Bangkok Post ៕